យជ្ញវរាហ
ព្រាហ្មណ៍យជ្ញវរាហ (អានថា:យាំជ-ញាក់-វ-រា-ហាក់) រជ្ជកាល (រាជេន្ទ្រវម៌្មទី២) កាលពីនៅឆ្នាំ ៩៦៧ ចាប់ផ្ដើមសាងប្រាសាទបន្ទាយស្រី ត្រីភូវនមហេស្វរ ស្ថិតខាងជើងក្រុងយសោធបុរ។ រាជគ្រូយជ្ញវរាហជារាជគ្រូព្រះបាទជយវម៌្មទី៦ ទ្រង់ក៏ជាព្រះនត្តានៃព្រះបាទហឝ៌វម៌្មទី២ និងព្រះនាងកម្ពុជរាជលក្ស្មីទី២។ ហើយព្រះអង្គមានព្រះអនុជមួយអង្គ របស់ទ្រង់ព្រះនាមវិឝ្ណុកុមារ ជាអ្នកជួយការងារបន្ថែម។ ព្រះរាជគ្រូជាទីប្រឹក្សាជាន់ខ្ពស់របស់ព្រះមហាក្សត្រព្រះបាទរាជេន្ទ្រវម៌្មទី២ (៩៤៤-៩៦៨) បន្ទាប់មកក្លាយជាព្រះរាជគ្រូរបស់ក្សត្រព្រះបាទជយវម៌្មទី៦ (៩៦៨-១០០១) ដែលព្រះអង្គត្រូវជាបុត្រព្រះបាទរាជេន្ទ្រវម៌្មទី២។ ប្រាសាទនេះ ត្រូវបានគ្រប់គ្រង ដោយផ្ទាល់ពីសំណាក់ព្រះរាជគ្រូ «យជ្ញវរាហ» ដែលគាត់មានចំណេះដឹង យ៉ាងជ្រៅជ្រះផ្នែកគម្ពីរបូរាណ វិទ្យាសាស្ត្រ បូរាណ ទស្សនវិជ្ជា អភិសមាចារ (កាប្រព្រឹត្តទៅដោយ មាយាទល្អ) នឹងហោរាសាស្ត្រ។ ថ្វីត្បិតតែលោកជាអ្នកជឿស៊ុបទៅលើព្រហ្មញ្ញសាសនា ប៉ុន្តែគាត់ក៏មានការយល់ដឹងបែបព្រះពុទ្ធសាសនាផងដែរ។ ដោយគាត់បានបង្រៀន នូវមុខវិជ្ជា បុរាណ មួយចំនួន ដូចជា បតញ្ជកិ កណ្ណទ គៅតម និង កបិល ទន្ទឹមនឹងនោះលោកក៏ធ្លាប់បានបង្រៀន ដល់ព្រះរាជគ្រូទាំងឡាយ នៅក្នុងប្រាសាទនេះ ហើយលោកចេះភាសាសម័យបុរាណជាច្រើនភាសាក្រៅពីនោះលោក ក៏មានជំនាញខាងរបាំនិងភ្លេងផងដែរ។
យោងតាមសិលាចារឹករបស់ប្រាសាទនេះបានបញ្ជាក់បន្ថែមទៀតថាជារៀងរាល់ខែនៅថ្ងៃបុណ្យសំខាន់ៗព្រះរាជគ្រូ «យជ្ញវរាហ» តែងតែផ្ដល់នូវជំនួយមនុស្សធម៌ជូនដល់ពពួកព្រាហ្មណ៍ ទាំងឡាយដូចជា មាស ប្រាក់ សំលៀកបំពាក់នឹងសត្វជាដើម។ ហើយលោកមានគ្រែស្នែងធ្វើពីមាស នឹងមានជក់បក់មួយដែល ដែលប្រទានដោយព្រះមហាក្សត្រដើម្បីបញ្ជាក់ពីតួនាទីនឹងមុខងារ នឹងកិត្តិយសដ៏ឧត្តមរបស់លោក។ លើសពីនេះ ទៅទៀតលោកក៏បានផ្ដល់ជាជំនួយថ្នាំសង្កូវសំរាប់ព្យាបាលដល់ពួកអ្នកមានជំងឺទាំងឡាយហើយក៏បានអប់រំដល់ជនដែលមានទុក្ខទោស ឯទៀតផងដែរហើយក៏មានក្មេងកំព្រាជនចាស់ជរា និងក្រីក្រតែងតែមករកលោកដើម្បីសុំជំនួយពីលោកហើយលោកក៏បានសាងសង់ជំរកតូចៗ (អាឝ្រម) នៅក្បែរប្រាសាទនេះផងដែរ សំរាប់ជនទាំងអស់នោះស្នាក់នៅទទួលការព្យាបាលពីគាត់។