យជ្ញវរាហ

(ត្រូវបានបញ្ជូនបន្តពី យជ្នវរហ)

ព្រាហ្មណ៍យជ្ញវរាហ (អានថា:យាំជ-ញាក់-វ-រា-ហាក់) រជ្ជកាល (រាជេន្ទ្រវម៌្មទី២) កាលពីនៅ​ឆ្នាំ​ ៩៦៧ ចាប់​ផ្ដើម​សាង​ប្រាសាទ​បន្ទាយស្រី ត្រីភូវនមហេស្វរ ស្ថិត​ខាង​ជើង​ក្រុង​យសោធបុរ។ រាជគ្រូយជ្ញវរាហជារាជគ្រូព្រះបាទជយវម៌្មទី៦ ទ្រង់ក៏ជាព្រះនត្តានៃព្រះបាទហឝ៌វម៌្មទី២ និងព្រះនាងកម្ពុជរាជលក្ស្មីទី២។ ហើយព្រះអង្គមានព្រះអនុជមួយអង្គ ​របស់ទ្រង់ព្រះនាមវិឝ្ណុកុមារ ជា​អ្នក​ជួយ​ការងារបន្ថែម​។ ព្រះរាជ​គ្រូ​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​ព្រះមហាក្សត្រ​ព្រះបាទ​រាជេន្ទ្រវម៌្ម​ទី២ ​(៩៤៤-៩៦៨)​ បន្ទាប់​មក​ក្លាយ​ជា​ព្រះរាជ​គ្រូ​របស់​ក្សត្រ​ព្រះបាទ​ជយវម៌្ម​ទី​៦ (៩៦៨-១០០១)​ ដែល​ព្រះអង្គ​ត្រូវជា​បុត្រ​ព្រះបាទ​រាជេន្ទ្រវម៌្ម​ទី​២​។ ប្រាសាទ​នេះ​ ត្រូវ​បាន​គ្រប់គ្រង​ ដោយ​ផ្ទាល់​ពី​សំណាក់​ព្រះរាជ​គ្រូ​ «យ​ជ្ញ​វរា​ហ​» ដែល​គាត់​មាន​ចំណេះដឹង ​យ៉ាង​ជ្រៅ​ជ្រះ​ផ្នែក​គម្ពីរ​បូរាណ ​វិទ្យាសាស្ត្រ ​បូរាណ ​ទស្ស​ន​វិជ្ជា​ អភិសមាចារ​ (​កា​ប្រព្រឹត្ត​ទៅ​ដោយ មាយា​ទ​ល្អ​) នឹង​ហោរាសាស្ត្រ​។ ​ថ្វីត្បិតតែ​លោកជា​អ្នក​ជឿ​ស៊ុប​ទៅលើ​ព្រហ្មញ្ញ​សាសនា​ ប៉ុន្តែ​គាត់​ក៏​មាន​ការ​យល់ដឹង​បែប​ព្រះពុទ្ធសាសនា​ផងដែរ​។ ​ដោយ​គាត់​បាន​បង្រៀន នូវ​មុខវិជ្ជា បុរាណ មួយ​ចំនួន ​ដូចជា បតញ្ជកិ កណ្ណទ គៅតម និង កបិល ​ទន្ទឹមនឹង​នោះ​លោក​ក៏​ធ្លាប់បាន​បង្រៀន ដល់​ព្រះ​រាជគ្រូ​ទាំងឡាយ ​នៅក្នុង​ប្រាសាទ​នេះ ហើយ​លោកចេះ​ភាសា​សម័យ​បុរាណ​ជាច្រើន​ភាសាក្រៅពីនោះ​លោក ក៏​មាន​ជំនាញ​ខាង​របាំ​និង​ភ្លេង​ផងដែរ​។

យោង​តាម​សិលាចារឹករបស់​ប្រាសាទ​នេះ​បានបញ្ជាក់​បន្ថែមទៀតថា​ជា​រៀង​រាល់ខែ​នៅ​ថ្ងៃបុណ្យ​សំខាន់ៗព្រះរាជ​គ្រូ «យ​ជ្ញ​វរា​ហ​» ​តែងតែ​ផ្ដល់​នូវ​ជំនួយ​មនុស្ស​ធម៌​ជូន​ដល់​ពពួក​ព្រាហ្មណ៍ ​ទាំងឡាយ​ដូចជា ​មាស ប្រាក់ សំលៀកបំពាក់​នឹង​សត្វ​ជាដើម​។ ​ហើយ​លោកមាន​គ្រែស្នែង​ធ្វើ​ពី​មាស​ នឹង​មាន​ជក់​បក់​មួយ​ដែល ដែល​ប្រទាន​ដោយ​ព្រះមហាក្សត្រដើម្បី​បញ្ជាក់​ពី​តួនាទី​នឹង​មុខងារ នឹង​កិត្តិយស​ដ៏​ឧត្តម​របស់​លោក។​ លើសពីនេះ ទៅ​ទៀត​លោក​ក៏​បាន​ផ្ដល់​ជា​ជំនួយ​ថ្នាំសង្កូវ​សំរាប់​ព្យាបាល​ដល់​ពួក​អ្នកមាន​ជំងឺ​ទាំងឡាយ​ហើយ​ក៏​បាន​អប់រំ​ដល់​ជន​ដែល​មាន​ទុក្ខទោស ឯទៀត​ផង​ដែរ​ហើយក៏​មាន​ក្មេង​កំព្រា​ជន​ចាស់ជរា​ និងក្រីក្រ​តែងតែ​មក​រក​លោកដើម្បី​សុំ​ជំនួយ​ពី​លោក​ហើយ​លោក​ក៏​បាន​សាងសង់​ជំរក​តូចៗ​ (​អាឝ្រម​) ​នៅ​ក្បែរ​ប្រាសាទ​នេះ​ផងដែរ​ សំរាប់​ជន​ទាំង​អស់នោះ​ស្នាក់​នៅ​ទទួល​ការ​ព្យាបាល​ពី​គាត់​។