របាំទន្សោងគោព្រៃ
របាំទន្សោងគោព្រៃជាមរតកវប្បធម៌មន-ខ្មែរដែលបានប្រសូតឡើងនាសម័យ បុរេប្រវត្តិសាស្ត្រ ហើយត្រូវបានរក្សារហូតដល់សព្វថ្ងៃដោយអ្នកស្រុកខ្មែរនៅតំបន់ព្រៃភ្នំ នៅភូមិអញ្ចាញរូងនៅក្នុងខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន ។
របាំស្នែងទន្សោងរបស់ អ្នកស្រុកខ្មែរនៅតំបន់ព្រៃភ្នំនៅភូមិអញ្ចាញរូង នៅក្នុងខេត្តកំពង់ឆ្នាំង គឺធ្វើឡើងដើម្បី សុំសេចក្តីសុខ សេចកី្តចម្រើន ភាពត្រជាក់ត្រជុំពីវត្ថុស័កិ្តសិទ្ធិ ពោលគឺអារក្ខ អ្នកតា ម្ចាស់ទឹក ម្ចាស់ដី មា្ចស់ដងព្រឹក្សា ។
អ្នកស្រុកក្នុងភូមិនេះរមែងតែធ្វើឡើងនៅក្នុងពិធីបុណ្យធំៗដូចជានៅពេល ចូលឆ្នាំថី្មជាដើម ។ ប្រដាប់ប្រដា ឬលំដាប់លំដាដែលរៀបចំ មាននំអន្សមចេក ស្រាសំរាប់ ច្រូចសែន ឬស្រាចំណាយ ឬក៏ស្រាសម្រាប់ផឹក អង្ករជ័យ ឬអង្ករដាក់សែនក្នុងចាន ឬកែវ និងត្រួយថេរ ឬត្រួយម្លូ ស្លាជាដើម ។
ក្រោយពីរៀបចំលំដាប់ លំដាទាំងនោះដាក់លើកនេ្ទលរួចរាល់ហើយ អ្នកស្រុកប្រមូលផ្តុំ ឈរតមៀបគ្នា ហើយប្រគំភ្លេងច្រៀងអញ្ជើញព្រលឹងដូនតានៅតាមដងព្រៃភ្នំមកសេពសោយ នូវគ្រឿងសំណែនទាំងនោះ ។
បន្ទាប់មកគេក៏ ចាប់ផ្តើមសម្តែងរបាំស្នែងទន្សោងតែម្តង ។ ឈ្មោះទំនុករបាំបទទន្សោងគោព្រៃមានជាអាទិ៍ខ្លាក្រាប ល្បុក្កតោ ស្រងែពេន និងទន្សោងគោព្រៃ ។
គប្បីជ្រាបថាចម្រៀង ទាំងនោះមានលក្ខណៈលន្លង់លន្លោចគួរឱ្យរន្ធត់ចិត្តជាពន់ពេកដោយហេតុថា អ្នកដែលច្រៀងនោះមានទេពកោសល្យខ្ពស់ ។ ពេលស្តាប់ គេមានអារម្មណ៍ថា អ្នកដែលច្រៀងនោះតំណាងឱ្យអារក្ស ឬធ្មប់ ។ ទន្ទឹមនឹងនេះ អ្នករាំប្រុសដែលតំណាងឱ្យទន្សោងឈ្មោល និងអ្នករាំស្រី ដែលតំណាងឱ្យទន្សោងញី ពួកគេពាក់ស្នែងពិត ព្រោះតំណាងឱ្យសត្វព្រៃពិតៗឥតកែ្លងក្លាយ ។ បើយើងពិនិត្យកាយវិការដែលគេបានបញ្ចេញម្តងវិញនោះ យើងក៏សង្កេតឃើញភាពស្ទាត់ជំនាញរបស់គេដែរ ។ កាយវិការរបស់គេប្រៀបដូចជាកាយវិការរបស់សត្វទន្សោងគោព្រៃពិតៗ ។ ម្យ៉ាងវិញទៀតពេលដែលគេឃើញបងប្អូនខ្មែរកួយ សួយបញ្ចេញក្បាច់ទន្សោងព្រៃភ្នំម្តងៗ គេមានអារម្មណ៍ថា កំពុងសិ្ថតក្នុងបរិបទសង្គមមួយ ដែលអ្នកស្រុកមានជីវភាពជាអ្នកប្រមាញ់យ៉ាងជាក់លាក់ ។ ទាំងនេះសឱ្យឃើញនូវនិរន្តភាព ព្រមទាំងចំណាស់នៃប្រពៃណីនេះដែលជាមរតកវប្បធម៌មន-ខ្មែរមានតាំងពី យូរមកហើយ ។
លក្ខណៈមួយទៀត គួរឱ្យកត់សម្គាល់ដែលបង្ហាញនូវចំណាស់របស់របាំទន្សោងគោព្រៃនេះ គឺក្នុងពេលសំដែង គេមិនបាច់ផ្លាស់ប្តូរសម្លៀកបំពាក់ ។ ធម្មតាក្នុងពេលសំដែងរបាំបានបង្ហាញថា អ្នករបាំទាំងនោះសុទ្ធសឹងតែជាអ្នកស្រុករស់នៅតាមដងព្រៃភ្នំឆ្ងាយពី ទីប្រជុំជនដែលមានមនុស្សរស់នៅយ៉ាងកុះករចំណែកនៅតាមទីជនបទដាច់ស្រយាល កម្រមានទេសចរមកដល់ ។
ចំពោះឧបករណ៍តន្ត្រី ដែលពួកអ្នកស្រុកប្រើក្នុងការសម្តែងរបាំទន្សោងគោព្រៃនេះដែលយីង អាចចាត់ទុកថាជាតង្វាយសម្រាប់វត្ថុស័ក្តិសិទ្ធិ ម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃភ្នំក្រំថ្ម មានប៉ី ទ្រ ស្គរ និងពួយ ដែលជាប្រភេទគែនម្យ៉ាង ។
សូមបញ្ជាក់ផងដែរថា ឧបករណ៍ភេ្លងទាំងប៉ុន្មានខាងលើនេះ ក៏កំពុងពេញនិយមដោយពួកសម្រែនៅខេត្តពោធិ៍សាត់ក្នុងពិធីបេះក្រវាញ ផងដែរ ។
ជារួម មនុស្សរាំរបាំទន្សោងព្រៃមានចំនួនប្រមាណជា ១០ នាក់ ប្រុស ២ នាក់ គឺអ្នកច្រៀងទំនុកទន្សោង និងអ្នករាំស្រី ៨ នាក់កាន់ឧបករណ៍ភ្លេង តួទន្សោង ១ នាក់ និងអ្នករាំអមទន្សោង ២ នាក់ ។
កត្តាគួរកត់សម្គាល់ មួយទៀត ពួកអ្នករាំទាំងនោះស្ថិតក្នុងមធ្យមវ័យ ពោលគឺឆាប់មានការពិសោធក្នុងការបរបាញ់ ក៏ដូចជាជីវិតប្រចាំថ្ងៃដែរ ជាពិសេសស្គាល់នូវពិធីកម្មប្រជាប្រិយមួយចំនួនផង ។
ដូចពោលខាងលើ លក្ខណៈបរមបុរាណនៃរបាំទន្សោងគោព្រៃនេះអាចគូសបញ្ជាក់តាមរយៈកាយវិការ របស់អ្នករាំដែលមានវ័យចំណាស់ ហើយប្រកបដោយបទពិសោធ ។ ក្បាច់ដែលពួកគេរាំនោះមានលក្ខណៈយឺតៗមិនញាប់នោះទេ ដៃទាំងពីររបស់អ្នករាំមិនរាបស្មើ ពោលគឺរេចុះរេឡើង បត់ចុះបត់ឡើង មកលើត្រឹមចង្កេះ ត្រាប់តាមកាយវិការរបស់ទន្សោងគោព្រៃមើលទៅគួរឱ្យកោតសរសើរ ក្រៃលែង ។
ទេពកោសល្យរបស់ អ្នករាំប្រុសស្រីដែលដើរតួជាទន្សោងញីឈ្មោលសិ្ថតនៅត្រង់ចំណុច មួយទៀត គឺការរាំស៊ីចង្វាក់គា្ន ក្បាច់ជើង ក្បាច់ដៃ ដងខ្លួនរបស់ពួកគេរេរាំរំពើតរំពើនប្រកបដោយចរិតជាសត្វដែលកំពុង ចែចង់គ្នាពិតៗ ។
យោងលើឥរិយាបថនេះ យើងអាចកត់សម្គាល់ថា អត្ថន័យស៊ីជម្រៅ ឬនិមិត្តរូបពិតៗរបស់របាំនេះ គឺការតពូជពង្សវង្ស ត្រកូលពីសំណាក់អ្នកស្រុកភូមិព្រៃភ្នំទាំងនោះ ។ កុំភ្លេចថានាសម័យដើម របាំទន្សោងនេះជាពិធីស័ក្តិសិទិ្ធមួយដែលខកខានពុំបាន ។ អ្នកស្រុកព្រៃភ្នំត្រូវប្រារព្ធធ្វើមុននឹងទៅបរបាញ់សត្វក្នុងព្រៃ ។ ជ័យជោគ ឬបរាជ័យនៃការបរបាញ់ គឺសិ្ថតលើដំណើរការសម្តែងបាន ល្អ ឬមិនល្អនៃរបាំនេះចំតែម្តង ។ របាំនេះគឺជាតង្វាយ ឬពលិកម្មមួយធ្វើឡើងចំពោះព្រលឹងដូនតា ចាស់ស្រុក ដើម្បីធ្វើការបរបាញ់ ប្រកបដោយប្រសិទ្ធភាព ។
មួយវិញទៀត អ្នករាំទាំងពីរភេទក៏តំណាងឱ្យព្រលឹងដូនតា ឬក៏ព្រលឹងនៃសត្វទន្សោងគោព្រៃផ្ទាល់តែម្តងដែលតាមរយៈរបាំដ៏មានន័យ នេះ នឹងមកសណិ្ឋតក្នុងខ្លួនរបស់គេ ។ ដូចកាយវិការត្រាប់តាមចរិតសត្វរបស់អ្នករាំជាភស្តុតាងស្រាប់ ។ កុំភេ្លចថាក្នុងប្រព័ន្ធទស្សនវិជ្ជារបស់បងប្អួនខ្មែរលើដែល កើតចេញពីជំនឿជីវចល សត្វទាំងនោះគឺតំណាងឱ្យបុព្វការីជន ។ បុព្វការីជនជាសត្វ ហើយសត្វក៏ជាបុព្វការីជន ។
សរុបសេចកី្តមក របាំទន្សោងគោព្រៃជារមតកវប្បធម៌ដែលមានតម្លៃជាប្រវត្តិសាស្ត្រ កាត់ថ្លៃមិនបាន ។ របាំនេះឆ្លុះបញ្ជាំងឱ្យឃើញនូវសម្ព័ន្ធភាពយ៉ាងជិតសិ្នទ្ធរវាង សត្វ និងមនុស្ស ឬបរិស្ថាន និងជីវភាពរស់នៅរបស់មនុស្សនៅតាមព្រៃភ្នំដែលភាគច្រើនចិញ្ចឹមជីវិត ដោយការបរបាញ់សត្វ ។
អត្ថប្រយោជន៍មួយទៀត នៃការសិក្សារបាំនេះ គឺជនជាតិខ្មែរព្រៃភ្នំសុទ្ធសាធ អី្វដែលគេហៅថាមនុស្សភាគតិចដែលសិ្ថតក្នុងអំបូរមន-ខ្មែរ ហើយរបាំនេះ គឺជាមែកធាងមួយនៃខឿវប្បធម៌ខ្មែរយ៉ាងប្រាកដ ។ ការបាត់បង់នូវរបាំនេះ គឺពិតជាធ្វើឱ្យភាពសម្បូរបែបនៃវប្បធម៌ខ្មែរស្រុតចុះមួយកម្រិត ពុំខាន (ម.ត្រាណេ) ។
ឯកសារយោង
កែប្រែ- ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ Archived 2009-05-29 at the វេយប៊ែខ ម៉ាស៊ីន.