បុរេប្រវត្តិកម្ពុជា

បុរេប្រវត្តិខ្មែរ គឺជាសម័យកាលដ៏យូរលង់ណាស់មកហើយ ដែលពេលនោះ មនុស្សពុំទាន់ចេះបង្កើតតួអក្សរសម្រាប់កត់ត្រាហេតុការណ៍អ្វីឡើយ។ ដើម្បីសិក្សាអំពីបុរេប្រវត្តិខ្មែរ​ យើងក៏ត្រូវសិក្សាអំពីទឹកដីខ្មែរដែរ។ នៅភូមិភាគអាស៊ីអាគ្នេយ៍កាលពីមុនធ្លាប់មានពំនើងផ្នត់កាឡេដូយាង រឺ កាឡេដុង (Plissement calédonien) និង ពំនើងផ្នត់អែរស៊ីនញាង (Plissement hercynienne) ដែលធ្វើឲ្យផុសឡើងនៅខ្ពង់រាប និង ជួរភ្នំនានាពាសពេញប្រទេសខ្មែរសព្វថ្ងៃនេះ។ បន្ទាប់មកក៏បានលិចទៅវិញដោយទឹកសមុទ្រនៅស័កទី៣។ នៅស័កទី៤ដីក៏ផុសចាប់ពីភូមិភាគហេមពាន្តរហូតដល់អាស៊ីអាគ្នេយ៍ទាំងមូល។ ដីខ្មែរក៏ដុះឡើងពី ៧០០ ទៅ ៨៨០ មាត្រ។ ក្នុងស័កទី៤ មានលំនាចនិងជំនោរទឹកសមុទ្រ ដែលជាមូលហេតុធ្វើឲ្យដីលិចហើយផុសឡើងវិញសាជាថ្មីម្ដងទៀត។ នៅចន្លោះពី ៦០០០០០ ដល់ ៥០០០ ឆ្នាំ មុ.គ. ទឹកសមុទ្របាននាចថយទៅពី ១៣០ ដល់ ១៨០ មាត្រ (បើប្រៀបទៅនឹងកំពស់ទឹកសមុទ្រសព្វថ្ងៃនេះ)។ អ្នកភូគព្ភវិទូខ្លះបានយល់ថា កាលណោះគ្មានសមុទ្រខណ្ឌភូមិភាគឥណ្ឌូចិន និង ប្រជុំកោះទ្វីបឥណ្ឌា (Insulinde) ស្ថិតនៅជាប់គ្នារហូតគ្មានសមុទ្រខណ្ឌដូចយើងសព្វថ្ងៃនេះទេ។ នៅប្រមាណ ១៥០០០ ឆ្នាំមុ.គ. ទឹកសមុទ្រជោរបានកំពស់ ១៥ មាត្រ ដែលបណ្ដាលឲ្យទឹកដីកម្ពុជាក្រោម និងវាលទំនាបប្រទេសខ្មែរបានលិចទៅក្នុងទឹកវិញ។ នៅសតវត្សទី៣ មុ.គ. ទឹកសមុទ្របាននាចទៅវិញបន្តិចៗម្ដង។ ឯពេលនោះ ទន្លេមេគង្គបាននាំដីល្បាប់មកចាក់បំពេញបន្តិចៗម្ដង ក្លាយជាដីសណ្ដបន្តដេញតាមទឹកសមុទ្រស្រក។[] គេអាចដឹងព្រឹត្ដិការណ៍ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស ប្រដាប់ប្រដា សំភារៈ កំទេចសំណល់គ្រប់បែបយ៉ាង ដែលមនុស្សជំនាន់មុនបានបន្សល់ទុក។ នៅប្រទេសកម្ពុជាយើង មានស្ថានីយ៍បុរេប្រវត្ដិសំខាន់ៗដូចជា៖ -ស្ថានីយ៍បុរេប្រវត្ដិសំរោងសែន និង អន្លង់ផ្តៅ (កំពង់ឆ្នាំង) -ស្ថានីយ៍បុរេប្រវត្ដិម្លូព្រៃ (ព្រះវិហារ) -ស្ថានីយ៍បុរេប្រវត្ដិល្អាងស្ពាន (បាត់ដំបង) នៅក្នុងស្ថានីយ៍បុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីកកាយដីរកឃើញប្រដាប់ប្រើប្រាស់របស់មនុស្សជំនាន់មុនដូចជា៖ ពូថៅ ញញួរ ពន្លាកធ្វើពីថ្ម ផ្លែព្រួញ ផ្លែសន្ទូច ច្បូក ផ្លែកណ្ដៀវ ធ្វើពីឆ្អឹងសត្វ ក្អម ឆ្នាំង ចាន ធ្វើពីដីដុត។ ក្រៅពីនេះ គេនៅឃើញមានត្រល់សម្រាប់ត្បាញសំពត់ឧបករណ៍ដែលធ្វើពីលង្ហិនពុំសូវសំបូរទេ។ ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិ ដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយ៍បុរេប្រវត្ដិ គេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពុជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យយុគថ្មរំលីងម៉្លេះ ពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុ ហើយយកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវ ហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។ គេចេះត្បាញសំពត់បិទបាំងរាងកាយ។ គេចេះរកស៊ីដោយ បរបាញ់ និង នេសាទ។ តែការដាំដំណាំ និង ចិញ្ចឹមសត្វគឺតិចតួច ណាស់។ រីឯប្រពៃណី គេពុំមានសាសនាជំនឿអាទិទេពណាមួយទេ។ គេជឿថា ខ្មោចលង ហើយជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់ គេយកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស់ និង គ្រឿងអលង្ការ

អរិយធម៌ទក្សិណាស៊ី (អូស្ត្រូអាស៊ី)

កែប្រែ

តាមការសិក្សាបុរេប្រវត្តិខ្មែរគេអាចដឹងថាអរិយធម៌ខ្មែរជាប់ទាក់ទងនឹងអរិយធម៌ទក្សិណាស៊ី។ តើអ្វីទៅជាអរិយធម៌ទក្សិណាស៊ី?

អរិយធម៌ពិសេសនេះមានតាំងពីចិននិងឥណ្ឌាមិនទាន់មកដល់ទៅទៀត អាស៊ីអាគ្នេយ៍បានស្គាល់អរិយធម៌នេះរួចទៅហើយ។ អរិយធម៌នេះបានលាតសន្ធឹងពីអាស៊ីខាងត្បូង ប្រទេស ឥណ្ឌា ហ្គីណេថ្មី និងចិនខាងត្បូង (ចាប់ពីទន្លេឆាងជាំងចុះក្រោម)។ ដោយសារតែអរិយធម៌ទាំងនេះមានលក្ខណៈដូចគ្នាគេក៏ឲ្យឈ្មោះថា អរិយធម៌ទក្សិណាស៊ី រឺ អាស៊ីខាងត្បូង រឺ អរិយធម៌ខ្យល់រដូវ។ ដោយលោកអេម.ហូកាត និងលោក P.Mus (ភីម៉ុស) ឃើញដូចគ្នានៃជំនឿនិងពិធីជាមូលដ្ឋានក្នុងភូមិភាគអាស៊ីខ្យល់រដូវនេះ។ ដោយគេមិនដឹងថាវាមកពីណាគេក៏បានឲ្យសម្មតិកម្មពីរ៖

  • អ្នកខ្លះយល់ថាមានអំបូរមនុស្សមួយ រឺ ច្រើនដែលនៅឥណ្ឌូចិន និងលើកោះបានហូរចូលប្រទេសឥណ្ឌាមុនពួកអារ្យមកដល់។
  • ខ្លះទៀតយល់ថាពួកទ្រវិឌ រឺ អារ្យបានរុញច្រាន ពួកអ្នកស្រុកដើមមកកាន់ទិសខាងត្បូង រឺ ខាងកើត ហើយបានធ្វើដំណើរទៅកាន់ឥណ្ឌូចិននិងប្រជុំកោះអាំងសូលីន (Insulinde)។ គោលសំខាន់នៃអរិយធម៌ទក្សិណាស៊ីគឺ៖

សំភារៈ

កែប្រែ

ជនជាតិ​ខ្មែរ​នៅ​សម័យ​បុរេប្រវត្តិ អនុវត្ត​ជំនឿ​គោរព​បុព្វបុរសដូនតា ហើយ​ធ្វើ​សក្ការៈបូជា​អ្នក​តា​ម្ចាស់​ទឹក​ម្ចាស់​ដី ជា​ទង្វើ​ដែល​អាច​អោយ​យល់​បាន​ថា នៅ​ក្នុង​ប្រទេស​មួយ​ដែល​ទឹក និង​ដី មិន​អាច​កាត់​ផ្តាច់​ពី​គ្នា​បាន ហើយ​ហាក់​ដូច​ជា​ច្រឡូក​លាយ​ឡំ​ភ្ជាប់​គ្នា​ទៅ​នឹង​មេឃ ក្នុង​គំនិត​ចក្រវាឡ​ដ៏​អស្ចារ្យ​មួយ។ មនុស្សជាន់ដើមយល់ថាមនុស្សស្លាប់ទៅមិនសូន្យទេ គឺនឹងទៅចាប់ជាតិថ្មីទៀត។ ពួកខ្មែរលើនៅតំបន់ខ្ពង់រាបក៏មានជំនឿបែបនេះដែរ គេចែកព្រលឹងជាបីគឺព្រលឹងធំចេញពីខ្លួនមនុស្សមុនស្លាប់៦ខែ ព្រលឹងតូចចេញពីខ្លួនមនុស្សពេលស្លាប់ និងព្រលឹងខ្លះទៀតចេញពីខ្លួនមនុស្សពេលស្លាប់ហើយ៦ខែ។ ពេលគេកប់គេតែងដាក់ប្រដាប់ប្រដារបស់មនុស្សស្លាប់ឲ្យទៅ ជាមួយដើម្បីឲ្យប្រើប្រាស់របស់ទាំងនោះតទៅទៀត។ ដូចខ្មែរសម័យឥឡូវដែរ នៅពេលមានមនុស្សស្លាប់គេតែងរៀបបន្លុង ដើម្បីប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់អ្នកស្លាប់។ បើតាមការស្រាវជ្រាវរបស់អ្នកបុរេប្រវត្តិវិទូ គេថាមនុស្សជាន់នោះចូលចិត្តដាក់បញ្ចុះខ្មោចក្នុងក្រឡ រឺ ក្រោមថ្មដុល (dolmen រឺ menhir) ដោយដាក់ឲ្យសពអង្គុយ។ ទំលាប់នេះឃើញមានមកដល់សព្វថ្ងៃនេះតែកាលណាមានអ្នកស្លាប់ គេតែងយកធាតុនោះដាក់ក្នុងកោដិ ទំនងជាកោដិនេះក្លាយពីក្រឡនោះហើយមើលទៅ បន្ទាប់មកគេយកបញ្ចុះក្នុងចេតិយ។ ជំនឿមនុស្សស្លាប់មិនសូន្យនេះបានដិតដាមមកដល់សង្គមខ្មែរសម័យឥឡូវ ដូចជាការធ្វើបុណ្យឡើងអ្នកដូន អ្នកតានេះ ដោយគេមានជំនឿថាអ្នកដែលស្លាប់អស់ទាំងនោះ នៅចាំថែរក្សាកូនចៅជានិច្ចគេឃើញជំនឿបែបនេះនៅមានក្នុងសង្គមខ្មែរ តាមជនបទស្រុកស្រែចំការនៅឡើយ។ ពួកខ្មែរលើក៏មានជំនឿបែបនេះដែរ តែគេហៅ អ្នកតា ថា ព្រះ វិញ។ ជំនឿនេះក៏ត្រូវគ្នានឹងសាសនាដែលបានមកដល់អំពីការស្លាប់ ហើយកើតឡើងវិញ ប៉ុន្តែជំនឿព្រលឹង និងវិញ្ញាណវាមិនដូចគ្នាបេះបិតទេ តែវាអាចសំរបទៅជាមួយអ្នកស្រុកដើមខ្មែរបាន។ ដូចតួយ៉ាងពិធីបុណ្យភ្ជុំបិណ្យគឺជាការសំយោគគ្នារវាងជំនឿខ្មែរដើម និងពុទ្ធសាសនា។ មនុស្សជំនាន់ដើមយល់ថាកន្លែងគោរពបូជាតែងតែនៅទីខ្ពស់ដូចជាភ្នំជាដើម។ ដោយសារតែទស្សនៈបែបនេះហើយទើបឲ្យមានកសាងប្រាសាទភ្នំ ជាតិពន្ធុវិទូ ដូចលោកខ្វារីត-ឆេះ-វ៉ាតេស (Quarit Ches Wates) យល់ថាប្រាសាទភ្នំគឺតំណាងឲ្យភ្នំ ឯលិង្គតំណាងឲ្យអ្នកតានេះឯង។ ជំនឿមួយទៀតរបស់ខ្មែរដើមគឺការគោរពទេព្ដាដី ពីព្រោះដីបានផ្ដល់នូវស្រូវអង្ករជាអាហារសំខាន់។ ដូច្នេះគេឃើញរំលឹកឡើងតាមរយៈពិធីបុណ្យច្រត់ព្រះនង្គ័ល

ភាសាគេបង្កើតពាក្យដោយប្រើ បទដើម រឺ ផ្នត់ដើម រឺ បុព្វបទ (prefixes), បទជ្រែក រឺ ផ្នត់ជែក រឺ អព្វាបទ (infixes) និង បទចុង រឺ ផ្នត់ចុង រឺ បច្ច័យបទ (suffixes)។ ចំពោះខ្មែរយើងបទដើម និង បទជ្រែកឃើញមានប្រើមកដល់សព្វថ្ងៃនេះ ដែលប្រកបដោយក្បួនច្បាប់ច្បាស់លាស់ណាស់។ ភាសាមនក៏មានលក្ខណៈបែបនេះដូចខ្មែរយើងដែរ៖

  • ភាសាខ្មែរ
    • ពន + យល់ > ពន្យល់
    • បណ + ដើរ > បណ្ដើរ
    • គិត > គំនិត (គ + ន + ិ + ត)
    • កាយ > កំណាយ (ក + ណ + ា + យ)
  • ភាសាមន
    • គេត (វិល) > បៈគេត (បង្វិល)
    • គើ (ឆេះ) > ពគើ (បញ្ឆេះ)
    • ក្លូន (ធ្វើការ) > កម្លូន (កិច្ចការ)
    • ក្លូត (លួច) > កម្លូត (ចោរ)[]

ឝ្រីគោត្របូរ

កែប្រែ

ឝ្រីគោត្របូរក្នុង​ព្រះរាជ​ពង្សាវតារ​ថៃ​ ប្រហែលទាក់ទង​នឹង​ភូមិសាស្ត្រ​មួយ មុន​ការបង្កើត​នគរភ្វូណាននា​ដើម​សតវត្ស​ទី​១​នៃ​គ្រិស្តសករាជ។ ​​នគរ​នេះ​​ស្ថិតក្នុង​សម័យបុរេប្រវត្តិ ស.វ​ទី​១ មុ.គ.។ អាណាចក្រ​នេះ គឺ​ប្រហែលជា​ស្ថិតនៅ​ចុង​សម័យ​លោហធាតុ ដែល​មានការ​ដុះដាល​នូវ​ក្រុង​ជាច្រើន កើតឡើងដោយ​ការប្រមូលផ្ដុំ នៃ​សហគមន៍​មនុស្ស​យ៉ាង​កុះករ ជាង​ពេលណាៗ​ទាំងអស់​ដោយសារ​វឌ្ឍនភាព​របស់​កសិក​ម្ម រួមផ្សំនិង​​ការចិញ្ចឹម​សត្វ និង​ភាព​រីកចម្រើននៃ​​កុលសម្ព័ន្ធ​នានា បង្កើតបានជា​ភូមិ ស្រុក ឬ​សហគមន៍​​។ ​បរិបទ​វប្បធម៌​នេះ បាន​បង្កើតឡើង​នូវ​រឿងព្រេងបែប​ប្រវត្តិសាស្ត្រ។​​ ប្លែកពីនគរភ្វូណាន នគរ​គោកធ្លក រឺ នគរឝ្រីគោត្រ​បូរ គឺជា​ឈ្មោះ​នគរ​តែមួយដែល​ជា​ទេវ​កថា​បែប​ខ្មែរ​សុទ្ធសាធ។ ពង្សាវតារ​ខ្មែរ មិនបាន​និយាយ​ដល់​នគរខាងលើនេះ​ទាល់តែសោះ? ច្បាប់​ព្រះរាជ​ពង្សាវតារ​ខ្មែរ តាមពិត​ទើបតែ​ត្រូវបាន​ចារ​ឡើងជា​ថ្មី នៅ​រវាង​សតវត្ស​ទី​១៧ និង​នៅ​ដើម​សតវត្ស​ទី​១៩ នៃ​គ្រិស្តសករាជ​តែប៉ុណ្ណោះ ហើយ​ក្នុងការ​ចារ​សាជាថ្មី​ឡើងវិញ​នេះ ស្មេរ​ខ្មែរ​ពុំបានចម្លងឡើងវិញ ដោយ​រំលង​បញ្ហា​ពាក់ព័ន្ធ​នឹង​នគរឝ្រី​គោត្រ​បូរ ដោយ​យល់ថាគ្មានប្រយោជន៍​ ផ្ទុយ​ពី​ស្មេរ​សៀម ដែល​ក្នុង​ច្បាប់​ព្រះរាជ​ពង្សាវតារ​របស់​គេ​នៅ​រក្សា​រឿងព្រេង​ខ្មែរ​ ជាច្រើន​ដូចជា នគរ​គោកធ្លក និង​ព្រះថោង នាងនាគ ជាដើម។​ មូលហេតុ​បណ្តាលមកពី​សង្គ្រាម​ឆាបឆេះ​មិន​ឈប់ឈរ​ហើយ​បាន​បំផ្លាញ​នូវ​ឯកសារ​ ក្នុង​អតីត​ព្រះបរមរាជវាំង​ខ្មែរ។ នេះ​ក៏​ជា​ហេតុ ឲ្យ​មានការ​ចងក្រង​ឡើងវិញ ដោយ​ពឹងពាក់​លើ​ការចងចាំ​​ផ្តេកផ្តួល​លើ​ភាពអច្ឆរិយៈ​ ដើម្បី​បំពេញ​កង្វះខាត​នានា។

កាលបើ​បាន​អាន​រឿងព្រេងនេះហើយ ​យើងឃើញ ពាក្យ​ថា ព​ញា​គោត្ត​ម ព្យា​គោត្រ​បង ឬ​គោ​ដំបង​ ពាក្យ​ពី​ម៉ាត់​នេះ ដែលមាន​នៅក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ ពង្សាវតារ​ថៃ​ក្បាល​ទី​១ ទំព័រ​៣១ ផ្សព្វផ្សាយ​ដោយ​រោង​ពុម្ព កាវ​ណា ខែវិច្ឆិកា ពុទ្ធសករាជ ២៥០៦ ហើយនឹង​ព្រះរាជ​ព​ង្សា​តាវរ​ខ្មែរ ប្រែជា​ភាសា​ថៃ ដោយ​ប្រៃ​ពី​ឡា នៅ​ពុទ្ធសករាជ ២៥៦០ ទំព័រ​ទី​៥០ មានន័យ​ដូចម្តេច ? ឈ្មោះ​នេះជា​ឈ្មោះ​សក្តិសិទ្ធិ​ណាស់ ហើយ​ទាក់ទិន​ទៅនឹង​របប​រាជនិយម។ ការ​ប្រៀបផ្ទឹម​ព្រះរាជា​ខ្មែរទៅនឹង​ព្រះពុទ្ធ​អង្គជា​រឿង​ធម្មតា​ក្នុង​ជំនាន់​នោះ ហើយ​ការគោរពពុទ្ធសាសនាមានជាទូទៅ។ ដោយយោង​លើ​ទស្សនៈ​នេះ ទើបក្នុង​ព្រះរាជ​ពង្សាវតារ​ខ្មែរ​បានចារអំពី​ការយាង​មកដល់​នគរ​គោកធ្លករបស់​ព្រះ​ពុទ្ធអង្គ និង​អានន្ទ។ កាលពីដើម គេ​មាន​ទំលាប់​យកឈ្មោះ​តាមទីក្រុង​នៅ​ឥណ្ឌាជា​ភាសាសំស្ក្រឹតដូចជា​ ឥន្ទ្រប្រស្ថបុរ ចន្ទ្រ​បុរ អយុធ្យា នគរ​ឝ្រីធម៌រាជ។ល។​ ខ្លឹមសារ​ដែលមាន​ក្នុង​គម្ពីរ​ជិន​កាល​មា​លិ​នី តែង​ពី​ពុទ្ធសករាជ​ ១១០០ ជា​ភាសាបាលីបានចែងថានា​សម័យ​នោះគឺ​ខ្មែរ​យើង​មាន​បុព្វបុរស​ជា​ជន​អ្នក​ចិញ្ចឹម​សត្វ​គោ។ ​ការដែល​គេ​បាន​រកឃើញ​ក្នុង​ស្ថានីយ៍​បុរេប្រវត្តិនូវ​រូប​គោ​ធ្វើ​អំពី​ដី​ដុត និង​សំ​រិ​ទ្ធិ​ជាច្រើនបញ្ជាក់​ថាខ្មែរ​យើង​ចេះ​ផ្សាំង​សត្វ​គោ​តាំងពី​ជំនាន់​នវសិលា (ថ្មរំលីង) និង​លោហធាតុដោយមាន​កសិកម្ម​ជា​អត្ថិភាពជា​មូល​ដ្ឋានគ្រឹះសេដ្ឋកិច្ច។ ក្នុងករណី​នេះហើយដែល​ខ្មែរសុរិន្ទ បុរីរម្យ ឧប្បល បាន​និយាយ​តៗ​គ្នា​ថា ដូនតា​គេ​ដែលជា​ពូជខ្មែរចេះ​ចិញ្ចឹម​គោ​នៅតាម​វាល​នានា​លើ​សុវណ្ណ​ភូមិ ដែលជាច្រក​មាន​ដើមឈើ​ដល់​ទៅ ១០១ ច្រកមួយ​រយ​មួយ​វាល។​ ​រីឯ​ក្នុង​ដំណាល​ព្រះ​ឧរង្គ​ធាតុ គេ​ហៅថា ទ្វារ​ទាំង ១០១ ទៅវិញ។ តាម​ប្រភពឯកសារ​មានការ​គូសបញ្ជាក់ថានៅក្នុង​វាល​នីមួយៗ គេ​ឃើញ​មាន​អ្នក​ឃ្វាលគោ ឬ​គៀងគោ​ជា​ហ្វូងៗ។ ត​មក​អ្នក​ឃ្វាលគោ​ទាំងនោះកាន់តែ​មានអំណាច​ធំ​ឡើងៗ ហើយ​រីឯ​ចំនួន​កូនចៅ​របស់​អ្នក​គង្វាល​ទាំងនោះ ក៏​កាន់​តែមាន​ចំនួន​ច្រើនឡើងៗ​ដែរ។ ពួកគេ​ស្ថិតនៅក្រោម​ការត្រួតត្រា របស់​មេ​គង្វាល​ម្នាក់​ឈ្មោះ កុ​ហេ (ឈ្មោះស្រដៀង តាគហេ ដែលនាំបក្សីចាំក្រុងរត់ក្នុងពង្សាវតារ) ដោយ​យូរ​តម​កទៀត វាលស្រែ​ទាំងនោះ​ក៏បាន​ក្លាយទៅជា​ជំរំ ស្រុក នគរ តាម​លំដាប់លំដោយ។ ប៉ុន្តែមេ​គង្វាល​ធំ ឬ​គោ​វាល​ធំ​ទាំងនោះ សុទ្ធសឹងតែ​ជា​ស្រុក​ចំណុះ​របស់ មហានគរ ទីក្រុង​នេះ ឬ ឥន្ទបត្ត​បុរី​ទៅវិញ។ ទាំងនេះ​ជា​ខ្លឹមសារ​នៃ​រឿងនិទាន ដែល​ចាស់​ៗបាន​ចងចាំ​ជា​ហូរហែរ​មក។ ចំណែក​ព្រះរាជ​ពង្សាវតារ​ខ្មែរ​វិញ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ដើមឡើយ​ប្រទេស​កម្ពុជា មាន​ឈ្មោះថា ស្រុក​គោកធ្លក ឬក៏កោះ​គោកធ្លក។ ដោយហេតុថាមាន​ដើម​ធ្លក​ធំ​មួយ​ដុះ​នៅ​ចំ​កណ្តា​លកោះ​នោះ ដែលជា​លំនៅស្ថាន​របស់​ភុជង្គនាគ និង នាងនាគ។ ​បើតាម​ចាស់​បុរាណ​ខ្មែរ​នៅ​ខេត្តតាកែវ ឈ្មោះ គោកធ្លក ដែលមាន​ទីតាំង​នៅក្នុង​ស្រុក​អង្គ​របុរីស្ថិតក្នុង​ខេត្តតាកែវ​បច្ចុប្បន្ននេះ​បាន​ក្លាយជា​កម្ពុជា។ នៅមាន​ឈ្មោះ​មួយទៀតដែល​យើង​បាន​ជួបប្រទះ​ក្នុង​ព្រះរាជ​ពង្សាវតារ​ខ្មែរគឺ​ជម្ពូទ្វីប។ តាមពិតវា​ជា​ឈ្មោះ​របស់​ឥណ្ឌា​ទេ ដែលមាន​ក្នុង​គម្ពីរ​សាសនាឥណ្ឌា​ផងដែរ។ ប៉ុន្តែសម្រាប់ស្មេរ​បុរាណ ជម្ពូទ្វីប គឺជា​ឈ្មោះ​របស់​នគរ​គោកធ្លក​ទៅវិញ។ ដោយហេតុថា ក្នុងសម័យ​នោះ ខ្មែរ​មាន​ទស្សនៈ​ថា ដែនដី​ខ្មែរគឺជា​ដែនដី​ព្រះដែលមាន​ភូមិ​របង​ជាប់​ជាមួយ​ខ្មែរ ហើយ​ព្រះរាជា​ខ្មែរ​សុទ្ធសឹងតែ​ជា​អ្នក​មានបុណ្យ ព្រោះថាជា​ពូជ​ព្រះ។​ នៅមាន​ចំណុច​មួយទៀតដែល​គួរ​ឲ្យ​កត់សម្គាល់​ផងដែរគឺ​ចំពោះ ក្លិង្គ​បុរាណ ដើម្បី​ហៅ​ប្រទេស​ខ្មែរ​គេ​ប្រើពាក្យ សក្ក​ទ្វីប ឬ​ទ្វីប​នៃ​ដើមឈើ​សក្ក ឬ​ម៉ៃសក្ក ដែល​ពាក្យ​ខ្មែរ​ផ្សំ​នឹង​ពាក្យ​សៀម លោកអាដឺម៉ាឡឺក្លេរបាននិយាយថា ដើមម៉ៃសក្ក និងដើមធ្លក មានសណ្ឋានដូចគ្នា។ ហេតុការណ៍​ខាងលើនេះចង្អុល​ប្រាប់​យើង​ឲ្យ​ដឹងថា​រុក្ខជាតិ​បាន​ដើរតួនាទី​យ៉ាងសំខាន់់ក្នុង​ទេវ​កថា​បុរាណដែល​ស្តីពី​ភូមិសាស្ត្រ ហើយ​ប្រកបដោយ​ភាព​សក្តិសិទ្ធិ មហិទ្ធិឫទ្ធិ​ខ្លាំងក្លា​អស្ចារ្យ។ មួយវិញទៀតពីព្រោះ​ខ្មែរ​មាន​ទំលាប់ធ្វើ​សក្ការៈបូជា​ដើមឈើបានជា​ក្រុង​មហានគរ​យើង​កាលណោះ ត្រូវគេ​ឲ្យ​ឈ្មោះថា ពោធិ​សារ គឺ​ទី​ក្រុងមាន​ដើម​ពោធិតំណាង​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ ឬ​ពុទ្ធិ ដែល​ចិន​ហៅថា ភ្វូណាន ទៅវិញ។ ​ដូចនេះ​អាណាចក្រ​ដែលមាន​វាលស្រែ មួយរយ​មួយ​ស្រែ​សម្រាប់ឃ្វាលគោ ឬ​អាណាចក្រ​គោត្រ​បូរ កោះ​គោកធ្លក ឬក៏​អាណាចក្រភ្វូណាន គឺជា​ឈ្មោះ​តែមួយគត់ សំដៅ​ភូមិសាស្ត្រ​ដើម​របស់​ជនជាតិខ្មែរ។​ ​ដោយឡែក តាម​ពង្សាវតារកាល​ពុទ្ធសករាជ ២២១ តែបើ​តាម​សេចក្តី​ក្នុង​ដំណាល ព្រះ​ឧរង្គ​ធាតុ​ថា​កាល​ពុទ្ធសករាជ​ទី​៨ មាន​ព្រះមហាក្សត្រ​ខ្មែរ បាន​នាំ​ឆ្អឹង​ដើមទ្រូង​ព្រះពុទ្ធ មក​ទុក​ក្នុង​ឥន្ទបត្ត ដោយ​ស្តេចយាង​ចូលរួម​ផ្ទាល់​ក្នុង​ពិធី​ដង្ហែ​នេះ។ បើតាម​ន័យ​នេះ​គេ​ឃើញថារាជធានី​ឥន្ទបត្ត ឬ​អាណាចក្រ​គោត្រ​បូរត្រូវបាន​សាង​ឡើង​មុន​គ្រិស្តសករាជ​មកម្ល៉េះ។​ ​តាម​ព្រះរាជ​ពង្សាវតារ​ខ្មែរ ដើមឡើយ​នគរ​ខ្មែរ ត្រូវបាន​សោយរាជ្យដោយ​ស្តេច​ចាម​ទាំង​ប្រាំ​ព្រះអង្គដែល​នៅ​ទីនោះគឺ​ជ្វា​ព្រាហ្មណ៍​ទៅវិញ ហើយ​ក្នុងចំណោម​ស្តេច​ជ្វា​ទាំងនោះ មាន​ស្តេច​១​ព្រះអង្គ​ព្រះនាម​ថា អា​ទិ​ច្ចវ​ង្ស (អាទិត្យវង្ស) បាន​គ្រងរាជសម្បត្តិ​នៅ​ឥន្ទបត្ត ឬ​ឥន្ទបត្ត​បុរី នៅ​ខេត្ត​ឧ​ត្ត​រ​ទិស​ភាគ។​ ​ម្យ៉ាងវិញទៀត​មាន​ដំណាល​ថាប្រុសៗពេលនោះត្រូវ​ហៅថា គោ ដែលជា​ពាក្យ​សំ​ស្រឹ្ក​ត ប្រភព​រឿងព្រេង​និទាន​ក៏បាន​ឲ្យ​ដឹង​ទៀតថា ព្រោះ​មនុស្ស​ប្រុស​គឺជា​អ្នក​ឃ្វាលគោនៅតាម​ទីវាល​នានា។ ដូច្នេះ​ពាក្យ ឃ្វាល អាច​នឹង​កើត​មកពី​ពាក្យ "​មេ​ដេញគោ​វាល ហៅថា​ម្រេញគង្វាល​" គឺ​អ្នក​ឃ្វាលគោ។ ឯ​ស្រីៗ ហៅថា កុ ដូចជា​ឈ្មោះ សំ ហៅថា កុ​សំ​-​ក្សំ​, កុ​អី​-​ក្អី ទាំងអស់ ដែលមាន​នៅក្នុង​សិលាចារឹក​ទេ​ដឹង? ដូចនេះហើយ បានជា​រាជធានី​ឥន្ទបត្ត​នេះ កាលដើមឡើយ​ជា​ជំរំ ទីប្រជុំ​អ្នក​ឃ្វាលគោ សម្រាប់មក​ប្រជុំ​ក្រោម​ដើម​ពោធិ ព្រោះ​ខ្មែរ​ព្រេងនាយ​គោរព​ដើមឈើ ដូច្នេះ​ទើប​ហៅថា ពោធិ​សារ ដែល​គេ​អាចជា​ទីពឹង​ជ្រកកោន​បាន។ បន្ទាប់ពី​តាំង​ក្រុង​រួច​ទើប​ឲ្យ​ឈ្មោះថា ពោធិ​សារ​ដូច្នេះ។​ ទីក្រុង​ពោធិ​សារ​នេះ តាម​ការស្រាវជ្រាវ​រប​ស់​សាស្ត្រ​ចា​រ្យ​ពញា​អនុមាន​រាជធន ជនជាតិ​ថៃដែល​បាន​កត់​ត្រាទុកនៅក្នុង​សៀវភៅ​របស់លោក​ឈ្មោះឡែ​ម​ឥណ្ឌូចិន។ លោក​បាន​កត់ត្រា​ថា ក្រុង​ពោធិ​សារ​ស្ថិតនៅ​ខាងជើង កេង​លី​ភី ក្នុងប្រទេស​លាវសព្វថ្ងៃនេះ។ ឯ​លោក​បរិហារ​ទេព​ធានី អ្នកស្រាវជ្រាវ​ថៃ​ផ្សេង​ម្នាក់ទៀតបាន​បន្ថែមថា ក្រុង​ពោធិ​សារ ស្ថិតនៅតាម​មាត់ទន្លេអូរ​ហិន​បូរ ខាងជើង​ស្រុក​ទា​ខែ​ក ឆ្នេរ​ឆ្វេង​នៃ​ទន្លេមេគង្គ។ តាម​កំណត់ហេតុ​របស់​ចិន​ឈ្មោះមាំ​ង​ស៊ុយ ដែល​លោក​ហ្ស​ក-សឺ​ដេ​ស (Cf. The Indianized State of South-East Asia) ដកស្រង់នៅ​ទំព័រ ៩៤ បានសរសេរថាឯកអគ្គរាជទូតបានមក​ស្រុក​ឥន្ទបត្ត​នេះ កាល​គ្រិស្តសករាជ​៧៩៩។ ទីក្រុង​នេះ​តាំងនៅ​ប៉ាក​ហិន​បូរ មាត់ទន្លេ​មេគង្គ​ប៉ែក​កណ្តាលស្រប​សំដី​គ្នា​នឹង​ការស្រាវជ្រាវនៃ​លោកបរិហារ​ទេព​ធានី​ដែរ។​ អញ្ជឹង​ទីតាំងនៃពោធិសារ​ស្ថិតនៅ​ម្តុំ​ចម្ប៉ា​សក្ដិ​ប្រទេស​លាវ​បច្ចុប្បន្ន និង​ប្រទេស​ថៃ​ភាគឦសាន គឺ​ចង្វាតឧត្តរ​ ឧប្បលធានី​ជាដើម ដែល​ផ្ទុក​នូវ​លំនៅឋាន ឬ​ទីប្រជុំជន​ធំៗ​ជាច្រើននា​សម័យ​លោហធាតុ​ដ៏​ល្បីល្បាញធំជាងគេ​បំផុត។​ មាន​ហេតុ​ធំៗ​ជាច្រើន បាន​ឲ្យ​ដឹងថាភាសា​ខ្មែរ​ដែល​និយម​នៅ​កាលណោះ​ជា​ភាសា​ខ្មែរ​ស្ថិតនៅក្នុង​អំបូរខ្មែរ​-​មន។ ដោយហេតុ​នៅពេលនោះ ខ្មែរ​ទើប​និយម​ភាសា​ដែលមាន​វិក​ត្តិ​ការន្តរ។​ សូម​មើល​បញ្ជាក់​ក្នុង សៀវភៅ Linguistic Survey of India របស់លោក G.A. Grierson ភាគ​២ ដែល​មានការ​ផ្តល់នូវ​ឧទាហរណ៍​ជាច្រើនស្តីអំពី​ភាសា​ដែល​ប្រើដោយមាន​វិធី​ដូចតទៅ​នេះ៖

  • ប្រុស​ម្នាក់ = អ៊ូ​ប្រូ​វ​
  • ប្រុស​ច្រើន​នាក់ = គិ​ប្រូ​វ​
  • នូវ​ប្រុស​ម្នាក់ = អៀ​អ៊ូ​ប្រូ​វ​
  • នូវ​ប្រុស​ទាំងឡាយ = អៀ​-​គិ​-​អ៊ូ​ប្រូ​វ​
  • ដោយ​ប្រុស​ម្នាក់ = ជា​អ៊ូ​ប្រូ​វ​
  • ដោយ​ប្រុស​ទាំងឡាយ = ជា​-​គិ​-​អ៊ូ​ប្រូ​វ​
  • ដើម្បី​ប្រុស​ម្នាក់ = ជា​អ៊ូ​ប្រូ​វ​
  • ដើម្បី​ប្រុស​ច្រើន = ជា​-​គិ​-​អ៊ូ​ប្រូ​វ​
  • នា​ប្រុស​ម្នាក់ = នា​អ៊ូ​ប្រូ​វ​
  • នា​ប្រុស​ច្រើន = នា​-​គិ​-​អ៊ូ​ប្រូ​វ​
  • នៃ​ប្រុស​ម្នាក់ = ផង​អ៊ូ​ប្រូ​វ​
  • នៃ​ប្រុស​ច្រើន = ផង​-​គិ​-​អ៊ូ​ប្រូ​វ ដូច្នេះ​ជាដើម។​

​ ​ អ្វីដែល​ពោល​ខាងលើនេះ វា​សមស្រប​ទៅនឹង​ព្រឹត្តិការណ៍​បច្ចុប្បន្នដោយហេតុថា​ក្នុងចំណោម​អំបូរខ្មែរ​-​មនទាំងឡាយ ដែលមាន​ចំនួន​ប្រមាណ​ជា​១៣០​កុលសម្ព័ន្ធ មានតែ​ខ្មែរ​មួយ​ទេដែល​បាន​រក្សា​នូវ​បូរណភាព​ទឹកដី​របស់ខ្លួន​បាន ទោះបី​ជនជាតិ​នេះបាន​បន្សល់​ពលរដ្ឋរ​បស់​ខ្លួន​នៅ​សេសសល់​នៅក្នុង​ប្រទេស​លាវ យួន​ខាង​ត្បួ​ង និង​សៀមចំនួន​ច្រើន​លាន​នាក់ ដែល​កំពុងតែ​បាត់បង់​នូវ​អត្តសញ្ញាណ​ជាតិ​ដើម​របស់ខ្លួន​ក៏ដោយ។​ ​ទីក្រុង​គោត្រ​បូរ​នេះ បើ​មាន​អាច​នឹង​ស្ថិតនៅ​ចុង​សម័យ​លោហធាតុកើត​ឡើងដោយ​ការប្រមូល​ផ្គុំ​គ្នា​នូវ​សហគមន៍មនុស្ស ជុំវិញ​ស្តេចត្រាញ់​តូច ឬ​ធំ​ទាំងឡាយតាម​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​បុរាណដូច​ខ្លឹមសារ​នៃ​ដំណើររឿង​បានចែង។ គប្បី​រំលឹកថា តាម​ព្រះរាជ​ពង្សាវតារ​លាវ នគរ​នេះ​ស្ថិតនៅក្នុង​ទឹកដី​របស់​ប្រទេស​លាវ​ទៅវិញ​ហើយ ដោយ​ស្តេច​លាវ​ជាច្រើន​អង្គក្នុងសម័យ​កាល​មួយ​កំណត់​ពុំបាន (Cf. Ch. Archaimbault, Le Traibhumi)។​ ទាំង​ឈ្មោះ ក្រុង​ពោធិ​សារ ទាំង​ឈ្មោះ​គោកធ្លក និង​គោត្រ​បូរ សុទ្ធសឹង​ពាក់ព័ន្ធ​ទៅនឹង​ទេវ​កថា​ទាំងអស់ ព្រោះ​ស្ថិតក្នុង​បុព្វ​សម័យ ហើយ​វា​ក៏​ជា​កត្តា​បង្ហាញ​នូវ​ចំណាស់​នៃ​ខឿនវប្បធម៌​-​អារ្យធម៌​ខ្មែរ​ចាប់បដិសន្ធិ​ឡើងមុន​សម័យ​ប្រវត្តិសាស្ត្រ។ ទេវ​កថា​នៃ​អាណាចក្រ​គោត្របូរ ដែលមាន​ភូមិសាស្ត្រ​ដ៏​ធំ​ល្វឹងល្វើយហើយ​ថែមទាំង​បាន​គ្របដណ្តប់​លើ​ទីតាំង​ប្រជុំជន ឬ​ក្រុង​ធំៗ ដែល​សុទ្ធតែជា​បុរាណ​ស្ថាន​សំខាន់ៗ ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ប្រហែលជា​មិនមែន​រឿងប្រឌិត​ទាំងស្រុង​ទេ​ដឹង ។ អាណាចក្រ​គោត្រ​បូរ គឺជា​ភស្តុតាង​នៃ​ការ​លេចធ្លោ​នូវ​អត្តសញ្ញាណទីក្រុង​ខ្មែរ​ដំបូងបង្អស់នា​ចុង​សម័យ​លោហធាតុ​យ៉ាង​ប្រាកដដោយ​ឥត​ប្រកែក។ ដូច្នេះហើយ បានជា​ក្នុងបរិបទនេះ យើង​ឃើញ​មាន​វត្តមាន​របស់​រឿង​ព្រេង​និទាន​ខ្មែរ​មួយចំនួន ដែលមាន​លក្ខណៈ​ជា​ទេវ​កថា​វិទ្យា​និយម បែប​ខ្មែរ​ត្រូវបាន​បង្កើតឡើងដោយបាន​បន្សល់ទុក​គ្រាន់តែ​ស្លាកស្នាម​រហូតដល់​បច្ចុប្បន្ន។​[]

ស្ថានីយ៍បុរេប្រវត្តិ

កែប្រែ

តាមរយៈបុរេប្រវត្តិខ្មែរគេពុំទាន់រកឃើញអ្វីឲ្យដិតដល់ខ្លាំងទេ។ ចំពោះយុគថ្មគេរកឃើញដានខ្លះៗដែរ នៅឆ្នាំ ១៩៦៣ លោកអឺ.ស៊័ររីន (E.Saurin) បានរកឃើញថ្មចាំងនៅចន្លោះ ខេត្តក្រចេះ និង ស្ទឹងត្រែង ក្រៅពីនោះគេរកឃើញនៅតំបន់អង្គរខ្លះដែរ។ ហើយគេរកឃើញស្ថានីយ៍ចំនួន ៦ ទៀត ដែលទាក់ទងនឹងយុគថ្មរំលីងលាយលោហធាតុមកទល់សព្វថ្ងៃ។

 
ពូថៅថ្មរំលីងមានពន្លួញ

ស្ថានីយ៍សំរោងសែន-អន្លង់ផ្ដៅ-ម្លូព្រៃ សំរោងសែនជាស្ថានីយ៍ស្ថិតនៅកំពង់ឆ្នាំងខាងជើងបឹងទន្លេសាប ស្ថានីយ៍នេះមានកំពស់​ ៥ មាត្រ ផ្ទៃក្រឡា ៦០០០ មាត្រក្រឡា។ រកឃើញដោយលោករ៉ូខ្វេស (Roques) នៅឆ្នាំ ១៨៧៦ ហើយបោះពុម្ពផ្សាយនៅឆ្នាំ ១៨៧៩។ ហើយបន្តមកមានបីនាក់ទៀតគឺលោកមូរ៉ា (Moura) ១៨៨២ លោកអាយម៉ូនីញ៉េ (Aymonier) ១៩០១ និង លោកម៉ង់ស៊ុយ (Mansuy) ១៩០២ និង ១៩២៣ បានធ្វើការុករកនៅទីនោះ។ ការរកឃើញនេះគឺជាជំហានដំបូងនៃបុរេប្រវត្តិអាស៊ីអាគ្នេយ៍

អន្លង់ផ្ដៅគឺជាស្ថានីយ៍នៅចំងាយ ៣០ គ.ម ភាគអាគ្នេយ៍ពីសំរោងសែនមានប្រដាប់ប្រដាដូចស្ថានីយ៍ខាងលើដែរ។ លោកម៉ង់ស៊ុយជាអ្នករកឃើញស្ថានីយ៍នេះនៅឆ្នាំ ១៩០២។ ម្លូព្រៃស្ថិតនៅខាងជើងខេត្តព្រះវិហារដែលរកឃើញដោយលោកប៉េ-ឡឺវី (P.le vy) នៅឆ្នាំ ១៩៤៣ ស្ថានីយ៍នេះថ្មីជាងស្ថានីយ៍ខាងលើពីរ ព្រោះគេរកឃើញឧបករណ៍ធ្វើពីលោហៈ

ក្រសួង​វប្បធម៌ និង​សាកលវិទ្យាល័យ​ស៊ីតនីនៃប្រទេសអូស្ត្រាលីបានធ្វើ​កំណាយ​សង្គ្រោះ ២ ​លើក​។ ការសិក្សា​សរីរ​​វិទ្យា បង្ហាញថា ផ្នូរ​បញ្ចុះសព​មនុស្ស​ជំទង់ និង​កូនក្មេងរួម​និងសំណែន​បន្លុង​សព​ដូចជា ឆ្អឹង​សត្វ អង្កាំ អលង្ការ សំរឹទ្ធិ ចង្ក្រង់ ខ្នារ​អំបោះ វត្ថុ​ធ្វើ​ពី​ដែក និង​ភាជន៍​។​ល​។​ ឯ​ស្ថានីយ៍គោក​ទ្រាស ភូមិ​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួកស្ថិតនៅ ៥ គ.ម ឦសាន​ប្រាសាទបន្ទាយឆ្មាររកឃើញ​ឆ្នាំ ២០០៦ ហើយ​ក្រសួង​វប្បធម៌បានធ្វើ​កំណាយ​ផ្លូវការនៅ​ឆ្នាំ ២០១២ ពេល​រាជរដ្ឋាភិបាល សា្ថបនា​ផ្លូវជាតិ​លេខ​៥៦ វាងហើយ​ចំ​លើ​ផ្នូរ​សពដែល​រកឃើញ ៦ មាន​បញ្ចុះ​សំណែន ស្រដៀង​នៅ​ភូមិ​សូ​ភី​ដែរ តែ​ថែម​មាន​វត្ថុ​ធ្វើ​ពី​មាស និង​រកឃើញ​កាកសំណល់ ពពួក​ខ្យង ​ខ្ចៅ គ្រំ។​ល​។

​បុរាណវត្ថុ​ខ្មែរ​ដែល​ពួក​ឈ្មួញ​ទុច្ចរិត​បាន​ជីក​យក​ពី​ផ្នូរ​កប់ស​ពនៅ​ភូមិ​ស្នាយ ខេត្តបន្ទាយមានជ័យ ត្រូវបាន​យកទៅលក់​នៅតាម​ទីផ្សារ​នានា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​យកទៅលក់​នៅ​ប៉ោយប៉ែត និង​ប្រទេស​ថៃ​។ សកម្មភាព​នេះ​មិន​ត្រូវបាន​អាជ្ញាធរខេត្ត​ឈឺឆ្អាល ឬ​ចាត់វិធានការ​ហាមឃាត់​ឡើយ​។(២០០៧ ​ឯកសារ​ក្រសួង​វប្បធម៌ និង​អង្គការ​ជប៉ុន​)

ស្ថានីយ៍​ប្រវត្តិសាស្ត្រ​ភូមិ​ស្នាយ​ស្ថិត​ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជា​កន្លែង​លក់​សព​មួយ​យ៉ាង​ធំធេង​បំផុត​ក្នុងព្រះរាជាណាចក្រ​ខ្មែរ​បច្ចុប្បន្ន​។ សារៈសំខាន់​នៃ​ស្ថានីយ៍​នោះគឺ​ស្ថិតក្នុង​អន្តរកាល​ចន្លោះ​រវាង​សម័យកាល​បុរេប្រវត្តិសាស្ត្រ និង​ប្រវត្តិសាស្ត្រ ពោលគឺ​សតវត្សរ៍​ទី​៣-៤ មុន​គ្រិ​ស្ត​សករាជ ដូច​ករណី​ពូថៅ​ថ្ម​រំលីង​មួយ ដែល​គេ​បាន​រកឃើញ​ជា​ភស្តុតាង​ស្រាប់ (​មើលរូប​ភាព​) និង​សតវត្សរ៍​ទី​៤-៥ ក្រោយ​គ្រិ​ស្ត​សករាជ​។ វត្ថុ​បុរាណ​ទាំងអស់​នៅ​ទីនោះ ដែល​មកពី​រណ្តៅ​កំណាយ​ទាំង​៥ (A, B, C, D និង E) ជា​ស្លាកស្នាម​វប្បធម៌​ខ្មែរ ហើយ​គេ​ពុំ​អាច​ស្វែងយល់​ពី​ឫសកែវ​របស់​ជនជាតិ​ខ្មែរ​យើង​បានទេ​បើ​គ្មាន​វត្ថុ​ទាំងនោះ​។​ (២០០៨ ឯកសារ​ក្រសួង​វប្បធម៌ និង​អង្គការ​ជប៉ុន​) ​ នៅ​ឆ្នាំ ២០០៧-២០០៨ និង ២០០៩ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដោយមាន​ការសហការ​ជាមួយ International Research Center for Japanese Studies, 3-2 Oeyama-cho, Goryo, Nishikyo-ku, Kyoto 610-1192, Japan បានធ្វើ​កំណាយ​តាម​វិធីសាស្ត្រ​យ៉ាង​ហ្មត់ចត់ ផ្នូរ​សព​មួយចំនួន​នៅលើ​ហើយ​ថែមទាំង​បាន​កសាង​សារមន្ទីរ​មួយ​ដែល​ក្បែរ​ស្ថានីយ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នេះ​។ ​ក៏ប៉ុន្តែ​ជា​អកុសលអ្វីៗ​ដែល​ត្រូវបាន​គេ​យកទៅតំកល់ក្នុង​សារមន្ទីរ​នេះ​មាន​ចំនួន​តិចតួចស្តួចស្តើង​ពេក បើ​ប្រៀបធៀប​ទៅ​នឹងបុរាណវត្ថុ​ទាំង​តូច​ទាំង​ធំ គ្រប់​ប្រភេទ​និង​ខ្នាត ដែល​គេ​យកទៅលក់​នៅលើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ។ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ពី​សៀមរាប​ទៅកាន់​បន្ទាយមានជ័យ ស្ថានីយ៍​ទេព​កូ​សា​ស្នាយ គឺជា​ភូមិតូច​មួយ​ដែល​សព្វថ្ងៃនេះ​នៅក្នុង​ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយ​មាន​ចំងាយ​ប្រមាណ​ជាង ៧១ ​គ.ម នៅ​ខាងលិច​នៃ​ខេត្តសៀមរាប​តែប៉ុណ្ណោះ​។[]

ស្ថានីយ៍កោះ​តា​មាស ស្រាវជ្រាវដោយសាលាបារាំងចុងបូព៌ាប្រទេសនៅឆ្នាំ ២០០៧ និងក្រុមឯកសារខ្មែរដែល​បង្ហាញ​នូវ​ឫសកែវវប្បធម៌​ខ្មែរ ដែល​ស្ថិតរវាង​ចុង​សម័យ​ថ្ម​រំលីង និង​សម័យដែក។​ ស្ថានីយ៍​នេះស្ថិតនៅ​ផ្ទៃ​ខាងក្នុង​នៃ​បារាយណ៍​ខាងលិច​ ដែលសាងសង់ឡើងនាស.វទី១១ នៃគ.ស មានចំងាយ​ប្រមាណ​ជា ១៣០០​ មាត្រ ពី​ប្រាសាទ​មេបុណ្យ។ ​ស្ថានីយ៍នេះជា​ទួល​កប់​សព​មួយ​ដែល​ពិបាក​នឹង​សន្ម​ត ដោយសារ​មានទឹក​លិចនៅ​រដូវវស្សា ក្នុង​កំពស់ ​២ មាត្រ។ របកគំហើញ​ខាង​បុរាណវិទ្យា​បាន​ឲ្យ​ដឹងថា ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រដែលរួមមានផ្នូរកប់សពមួយ​មាន​អាយុកាល​ចន្លោះ​ ១៨០០ ទៅ​ ៩០០ ឆ្នាំមុន​គ​.​ស ដែលជាយុគសំរិទ្ធិ។ (Cf. Pottier, 2004, Koh Ta Meas, Un site inedit dans le Baray Occidental, Siem Reap, EFEO) រីឯយុគដែកក្នុងតំបន់វិញគឺស្ថិតក្នុងសម័យកាល ៥០០ ឆ្នាំមុនគ.ស បើយោងលើលទ្ធផលនៃការវិភាគវត្ថុបុរាណនៅស្ថានីយ៍ព្រៃក្មេង ដែលស្ថិតក្បែរនោះ។ ការតាំង​កាលបរិច្ឆេទ​នេះ​គឺ សំអាង​លើ​លទ្ធផល​នៃ​ការធ្វើ​តាំង​អាយុកាល តាម​វិធី​ប្រើប្រាស់​កាបូន​១៤ សម្រាប់វាស់​ជាតិ​វិទ្យុសកម្ម​លើសំភារៈ​វប្បធម៌ ដែល​គេ​បាន​រកឃើញ​ក្នុង​រណ្តៅ​ចំនួន​ ៣ មាន​ទំហំ​ត្រឹមតែ​ ១០០ មាត្រក្រឡា​ប៉ុណ្ណោះ។​ ស្រទាប់ដី​ខាងលើ​នៃ​ស្ថានីយ៍​កោះ​តា​មាស គឺជា​ស្រទាប់ដី​ដែលមាន​អាយុ​តិច​បំផុត រីឯ​ស្រទាប់ដី​នៅ​ខាងក្រោម គឺជា​ស្រទាប់ ដី​ដែលមាន​អាយុ​ចាស់​ជាងគេ​បំផុត។​ គេ​បាន​រកឃើញ​នូវ​ឧបករណ៍ប្រើប្រាស់ និង​គ្រឿងអលង្ការ​ជាច្រើន ដែល​អាច​ឆ្លុះបញ្ចាំង​នូវ​ប្រពៃណី​ទំនៀម​ទំលាប់ ប្រព័ន្ធ​ជំនឿ​សាសនា និង​ជីវភាព​ប្រចាំថ្ងៃ ពោលគឺ​អារ្យធម៌​របស់​ប្រជាជន​ខ្មែរ ដែល​ទើបបាន​តាំង​លំនៅស្ថាន​ក្នុង​តំបន់​សៀមរាប​អង្គរ​នេះ រវាងប្រហែលជាត្រូវបានធ្វើឡើងចាប់តាំងពី​ប្រមាណ​ជា​ ១៨០០ ឆ្នាំមុន​គ​.​ស។ ​ការផ្លាស់ប្តូរ ប្រែប្រួល​សង្គម​វប្បធម៌ នឹង​ផ្នត់គំនិត​ពី​ជី​វច​ល​និយម​ទៅជា​ឥណ្ឌូ​និយមក្នុងតំបន់ប្រហែលជាត្រូវបានធ្វើឡើងចាប់តាំងពីដើមស.វទី១នៃគ.ស។​

  • ​ក​. សំភារៈប្រើប្រាស់​ធ្វើ​អំពី​ថ្ម​ ឆ្អឹង និង​ឈើ​ គេ​បាន​រកឃើញ​នូវពូថៅ​ធ្វើ​អំពី​ថ្មភក់ ថ្ម​សម្រាប់​រំលីង​មួយចំនួនព្រមទាំង​ឧបករណ៍ប្រើប្រាស់​ធ្វើ​អំពី​ឆ្អឹង និង​ឈើ ឬ​មាន​ដង​ធ្វើ​អំពី​ឈើ។ ម្យ៉ាងវិញទៀត​មាន​ឧបករណ៍​ខ្លះ​ធ្វើ​អំពី​ថ្ម ដែល​ត្រូវគេ​រំលីង​ឲ្យ​រលោង​ទាំងសងខាងប្រហែលជាសម្រាប់ជាទីគោរព​សក្ការៈ។ វត្តមាន​របស់​ឧបករណ៍​ធ្វើ​អំពី​ថ្ម​រំលីងបង្ហាញថា យើង​កំពង់ស្ថិត​ក្នុងសម័យ​ចុង​យុគ​ថ្ម​រំលីង ហើយ​កំពុង​ឈានចូល​សម័យ​សំ​រិ​ទ្ធិ។​
  • ខ​. គ្រឿងអលង្ការ​ធ្វើ​អំពី​សំ​រិ​ទ្ធិ និង​មាស​នៅ​ស្ថានីយ៍​បុ​រ​ប្រវត្តិសាស្ត្រខាងលើនេះ នៅ​ស្រទាប់ដី​ផ្នែក​ខាងលើ ដែលមាន​ចំណាស់​ប្រមាណ​ជា​ពី​៨០០ ឆ្នាំ មុន​គ​.​ស ដល់​៥០០ ឆ្នាំ គ​.​ស គេ​បានឃើញ​នូវ​វត្ថុ​ប្រើប្រាស់​ធ្វើ​អំពី​សំ​រិ​ទ្ធិ។ ថ្វីត្បិតតែ​វត្ថុ​ធ្វើ​អំពី​លោហៈ​មាន​ចំនួន​តិចតួចស្តួចស្តើង​ក្តី ក៏ប៉ុន្តែ​វត្តមាន​របស់​វា សបញ្ជាក់​ឲ្យ​ឃើញថាសំ​រិ​ទ្ធិ​ត្រូវបាន​គេ​និយម​រួចមកហើយក្នុង​តំបន់​សៀមរាប​អង្គរ។ ឧទាហរណ៍​ជាក់ស្តែង គេ​បាន​រកឃើញ កងដៃមួយធ្វើ​អំពី​សំ​រិ​ទ្ធិ ដែល​ពាក់​នៅលើ​ដៃ​សព​ស្ត្រី​ម្នាក់​ដែលមាន​ក្បាច់​រំយោល​វៀន​ជា​គូថ​ខ្យង។​
  • ​គ​. ឧស្សាហកម្ម​ភាជន៍​នៅ​ស្ថានីយ៍​កោះ​តា​មាសកុលា​ល​ភាជន៍​ធ្វើ​អំពី​ដី​ដុតខ្លះមានគំរប ហើយខ្លះទៀតមានផាត់ពណ៌ក្រហមផង ដែល​ត្រូវបាន​គេ​បញ្ចុះ​ជាមួយ​សព ភាគច្រើន​មាន​ទំហំ​ធំ ហើយ​ខ្លះទៀត​ថែមទាំង​មាន​ពណ៌​ផាត់​ពីលើ​ផង។ ម្យ៉ាងវិញទៀត​គេ​ក៏បាន​ជួបប្រទះ​នូវ​ភាជន៍​មួយចំនួន​ត្រួត​លើ​គ្នា ដែលជា​ទំនៀមទំលាប់​ប្រជាប្រិយ៍ ដែលមាន​លក្ខណៈ​ជាទូទៅ​ក្នុងសម័យ​កាលនោះ។ ព្រោះថាមាន​តឹកតាង​ប្រវត្តិសាស្ត្រ​ជាច្រើន​ដែល​បង្ហាញថា នៅ​ផែន​ដីសណ្ត​កម្ពុជា​ក្រោម ក៏​ដូច​នៅលើ​ខ្ពង់រាប​នគររាជ​សីមា គឺស​ហគ​មន៍​មន​-​ខ្មែរ ដែលជា​បុព្វបុរស​ខ្មែរ មាន​ទំលាប់​ដាក់​ភាជន៍​ត្រួត​លើ​គ្នា ហើយ​កប់​ជាមួយ​សាកសព។​

​សារមន្ទីរ​ជាតិ​ភ្នំពេញបាន​ជួសជុល​ភាជន៍​យ៉ាងតិច​ក៏​មួយរយ​ដែរ ដែល​មកពី​តំបន់​អង្គរជាពិសេស​ស្ថានីយ៍កោះ​តា​មាស ព្រៃ​ក្មេង និង ភូមិ​ស្នាយ និងល្អាងស្ពាន ដែល​ភាគច្រើន​ត្រូវបាន​បែកបាក់​ជា​បំណែក​តូចៗ ដោយ​សម្ពាធ​ដី​សង្កត់ពីលើ។​ ការជួសជុល​ដោយ​ផ្គុំ​ឲ្យ​ចេញ​ជា​រូបរាង​ដើម​ឡើងវិញគូសបញ្ជាក់​ឲ្យ​ដឹងថានា​ដើម​សម័យ​ប្រវត្តិសាស្ត្រ​ជនជាតិខ្មែរ​ដែល​រស់នៅ​ក្នុងភូមិ​ភាគ​នេះមាន​ទេពកោសល្យ​យ៉ាងខ្ពស់ក្នុង​ការផលិត​ភាជន៍ដើម្បី​យកមកប្រើ​ប្រាស់​ក្នុង​ជីវិត​ប្រចាំថ្ងៃ ដូចជា​ឆ្នាំង​, ច​ន្ក្រា​ន​, ថូ​, និង​ថូ​ទឹក​មាន​ចំ​ពួច ដើម្បី​ផ្ទុក​នូវ​ម្ហូបអាហារ ជា​សំណែន​ដូចជា ស្រូវ អង្ករ បាយ ទឹក ស្រា ចំណីសម្រាប់បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ។​ ប្រពៃណី​កប់​សព​ដោយ​បញ្ចុះ​នូវ​របស់​ប្រើប្រាស់​គ្រប់​ប្រភេទ កន្ទេល​សម្រាប់​ក្រាល ឬ​រុំ​សព កុលា​ភាជន៍ គ្រឿង​សំលៀកបំពាក់ ម្ហូបអាហារ ពោលគឺ​អ្វីៗ​ដែលជា​ទ្រព្យសម្បត្តិ​របស់​សព​នោះ ត្រូវបាន​ប្រារព្វ​រហូតដល់​សព្វថ្ងៃ ដោយ​កុលសម្ព័ន្ធ​ព្នង ដែល​រស់នៅក្នុង​ភូមិភាគ​ឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ មាន​សញ្ញាណ​ជាច្រើន​ដែល​ចង្អុល​បង្ហាញថា ពិធី​កប់​សព​ខាងលើនេះត្រូវបាន​ឈប់​ប្រតិបត្តិ នៅពេលដែល​សហគមន៍​មនុស្ស ក្នុងភូមិ​ភាគ​នេះ​ទទួល​ឥទ្ធិពល​វប្បធម៌​ពី​ឥណ្ឌា ចាប់​តាំងពីដើម​សតវត្ស​ទី​៧ មក។ មុន​ការ​លេចធ្លោ​ឡើង​នៃ​វប្បធម៌​បុ​រេ​អង្គរ និង​អង្គរ ដ៏​មហា​រុងរឿង រវាង​ចុង​ស​.​វ​ទី​៧ ទី​១៣-១៤​នៃ​គ​.​ស តំបន់​សៀមរាប​អង្គរ ដែល​ស្ថិតនៅ​ខាងជើង ហើយ​មិន​ឆ្ងាយ​ពី​ដង​ទន្លេសាប ធ្លាប់ជា​ទីតាំង​មួយ​ដែលមាន​ប្រជាជន​រស់នៅ​យ៉ាង​កុះករ​រួចមកហើយ​។ ក្នុង​តំបន់​នេះ សហគមន៍​មន​-​ខ្មែរ ដែលជា​បុព្វការី​ជន​របស់​ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ និង​អង្គរបាន​បន្សល់​នូវ​ស្លាកស្នាម​វប្បធម៌​ដ៏​ច្រើន​លើសលុប ដែល​បង្ហាញថា ពួកគេ​មានការ​រីកចម្រើន​គ្រប់​វិស័យ​រួចទៅហើយ​។ បុព្វការី​ជន​ខ្មែរ​ទាំងនោះ ដែល​រស់នៅ​ដោយ​ការធ្វើ​ស្រែចំការ ចេះ​ផលិត​វត្ថុ​ធ្វើ​អំពី​លោហធាតុ សូន​ធ្វើ​កុលាលភាជន៍ សម្រាប់​យកមកប្រើ​ប្រាស់​ក្នុង​ជីវិត​ប្រចាំថ្ងៃ ព្រមទាំង​ចេះ​គោរពបូជា​ដូនតា ចែក​ឋាន តាមរយៈ​ពិធី​បូជាសព​។ ពួកគេ​ក៏​ចេះ​ផ្សាំង​សត្វ​រួចមកហើយ​ដែរ ដូចជា​សត្វ​ជ្រូក ក្របី គោ និង​ឆ្កែ​ជាដើម​។ ជាទូទៅ​សហគមន៍​ទាំងនោះ​ក៏មាន​ទំនាក់ទំនង​ជាមួយ​សហ​គម​ន៍​ដទៃៗ​ទៀត ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​ផងដែរ​។ ហេតុ​ដូចនេះហើយ ទើប​គ្រឿងអលង្ការ​ដែល​ពួកគេ​ប្រើប្រាស់ សម្រាប់តុបតែង​រូបរាងកាយ ដូចជា​ត្បូងថ្ម​អ​ហ្គា​ត ន័​រណា​លិ​ន និង​កែវ​ជាដើម​។ ក្រៅពី​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​តំបន់​ផ្សេងៗ​ឯទៀត​ក្នុងសម័យ​នោះ មាន​គុណភាព​ខ្ពស់​ល្អឥតខ្ចោះ បើ​និយាយ​ពី​បច្ចេកទេស​ផលិត ឬ​ដំណើរ​ផលិតកម្ម​។​ ការ​ផលិត​នូវ​គ្រឿងអលង្ការជា​គ្រាប់អង្កាំ​ទាំងនោះ វា​ជាការ​លំបាក​ណាស់ក្នុង​ការរក​ប្រភពដើម​នៃ​អង្កាំ​ទាំងនោះ​។ អ្វីដែល​យើង​អាចសន្និដ្ឋាន​ជា​បណ្តោះអាសន្ន គឺ​គ្រាប់អង្កាំ​ទាំងនោះ ប្រហែលជា​ត្រូវបាន​នាំចូល​ពី​ស្ថានីយ៍​ភូមិ​ស្នាយ ស្ថិត​មិន​ប្រមាណ​ជា ៦០​ គ​.​ម ពី​នោះ ហើយ​ដែលជា​ទីប្រជុំជន​សំខាន់​ផង​។ ពីព្រោះ​បរិមាណ​នៃ​ផ្នូរ​កប់​សព មាន​ចំនួន​ច្រើន អាច​ដល់​ច្រើន​រយ​ពាន់​ផ្នូរ​។ កត្តា​ជាក់ស្តែង​មួយទៀត គឺ​ភាពសម្បូ​ណ៍​បែប​ខាង​បុរាណវត្ថុ ដែល​គេ​បាន​ជួបប្រទះ ហើយ​ដែល​ត្រូវបាន​គេ​យកទៅ​ជួញដូរ​ដោយ​ខុសច្បាប់​នៅលើ​ទីផ្សារ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ថៃ​បច្ចុប្បន្ន​។​[]

ព័ត៌មាន​ដែល​ទទួលបាន​ពី​ការស្រាវជ្រាវ​របស់លោក​ម៉ា​ល្លើ​រេ ឃុ​ត-សុ​ខាន និង​លោកស្រីម៉​របាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​ក៏​ចាប់តាំងពី ១០០០ ​ឆ្នាំមុន​គ​.​ស បុព្វការី​ជន​ខ្មែរ​បានមក​តាំងទី​លំនៅដ្ឋាន​នៅក្នុង​ភូមិភាគ​នេះ​មកហើយ ជាពិសេស​នៅតាម​ដងស្ទឹង​តូចធំ​ទាំងឡាយដូច​នៅ​ស្រុក​រលួស បន្ទាយស្រី និង​ជីក្រែង​ជាដើម ហើយ​ថ្មីៗ​នេះ យើង​ក៏បាន​ឃើញ​នូវ​ពូថៅ ពន្លួញ​ថ្ម និង​សំរិទ្ធិ​មួយចំនួន​មកពី​ម្តុំ​ជ្រីវ​ថ្មី ក្បែរ​ភ្នំ​ក្រោម ដែល​គេ​ដាក់លក់​នៅ​ទីផ្សារ​ខេត្តសៀមរាប​ដែរ​។​ ម្យ៉ាងវិញទៀត បើ​យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​នៅ​ស្ថានីយ៍​ព្រៃ​ក្មេង និង​កោះ​តា​មាស​នៅ​បារាយណ៍ទឹកថ្លា យើង​ក៏​អាច​សន្និដ្ឋានបានថា ទឹកដី​សៀមរាប​អង្គរ​ដ៏​បវរ​នេះ​ពិតជា​ទឹកដី​ចាស់​មែន​។ តាមពិតទៅ​ស្លាកស្នាម​វប្បធម៌​បុរាណ​ទាំងនោះ បាន​លាតសន្ធឹង​រហូត​ដល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ​បាត់បង់ ហើយ​គ្របដណ្តប់​លើ​ខ្ពង់រាប​នគររាជ​សីមា​ទាំងមូល ដែល​ធ្លាប់ជា​មជ្ឈមណ្ឌល​វប្បធម៌​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​របស់​បុព្វបុរស​ខ្មែរ តែ​សព្វថ្ងៃ​ស្ថិតក្នុង​បង្គោល​សីមា​របស់​ព្រះរាជាណាចក្រ​ថៃ​

​ភាពសម្បូណ៍​បែបនៃ​កុលាលភាជន៍ ដែល​គេ​ជួប​នៅ​តាម​ស្ថានីយ៍​ទាំង​នោះជា​សក្ខីកម្ម​នៃ​ភាព​រីកចម្រើន​ខាង​សិល្បៈ​កុលាលភាជន៍ ក៏ប៉ុន្តែ​លក្ខណៈ​ពិសេស​មួយ​គប្បី​យើង​ត្រូវ​កត់​សំគាល់​គឺអវត្តមាន​របស់​ដៃ​សម្រាប់កាន់មិន​ដូច​កុលាលភាជន៍​ចិន​នោះទេ។​ ​វត្តមាន​របស់​វត្ថុ​សំរិទ្ធ​ក៏​ត្រូវបាន​ជួប​ក្នុង​ស្ថានីយ៍​ បុរេប្រវត្តិសាស្ត្រ​ទាំងនោះ​ដែរ ជា​ហេតុ​ដែល​បណ្តាលឲ្យ​មាន​ការសន្និដ្ឋា​ន​ថា វប្បធម៌​នា​សម័យ​នោះ​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​យុគ​ថ្ម​រំ​លីង ក៏​ប៉ុន្តែ​តាមពិតទៅ​ការអះអាង​ខាងលើ​នេះ ពុំទាន់​មាន​លក្ខណៈ​ត្រឹមត្រូវ​នៅឡើយ​ទេព្រោះ​ស្រទាប់ដី​នៃ​ស្ថានីយ៍ទាំងនោះ​មិនទាន់​ត្រូវបាន​កំណត់​បាន​ត្រឹមត្រូវមួយវិញទៀត​ស្ថានីយ៍​ទាំងនោះ ត្រូវបាន​បំផ្លិញបំផ្លាញ​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ​។

បន្ទាប់ពី​បាន​ពិនិត្យ​សិក្សា​វិភាគ​នូវ​រាល់​ទិន្នន័យ​ថ្មីៗ អស់​រយៈពេល​ជាង​ ៣៥​ ឆ្នាំ​មកទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ជាពិសេស​នៅ​ប្រទេស​ថៃ លាវ វៀតណាម​កណ្តាល និង​វៀតណាម​ខាងត្បូង​អតីត​លំនៅដ្ឋាន​រប​ស់បុ​ព្វ​ការី​ជន​ខ្មែរ យើង​អាចធ្វើ​សេចក្តី​សរុប​ចំណេះ​ចេះដឹង​ដូចខាងក្រោម​នេះ: បើ​ពិនិត្យ​លទ្ធផលនៃការវិភាគ​របកគំហើញ​ទាំងនោះ យើង​អាច​កំណត់​សំគាល់ថា រហូតដល់​ពេលនេះមិនទាន់មាន​សញ្ញា​អ្វីមួយ​ដែល​បង្ហាញថារាល់​សមិទ្ធិផលសង្គម ត្រូវបាន​ផលិតឡើង​ដោយ​អំបូរ​ចិន​នៅក្នុង​ភូមិភាគ​ខាងត្បូងនៃអាស៊ីអាគ្នេយ៍​នៅឡើយ​ទេ។ បើទោះបី​អ្នកស្រាវជ្រាវ ឬ ប្រវត្តិវិទូ​មួយចំនួន​បាន​អះអាងថា សំណល់​វប្បធម៌​នា​សម័យ​បុរេប្រវត្តិសាស្ត្រគឺជា​កម្មសិទ្ធិ​របស់​ដូនតា​ខ្លួន​ក៏ដោយ។​

​​ទាក់ទង​ទៅនឹង​បញ្ហា​នេះ យើង​សូមបញ្ជាក់​ជាមួយ​លោកហ្សក-ស៊ឺ​ដេ​ស និង​លោកហ្កេ​ស-ឡាំង ថាជនជាតិ​អំបូរ​ចិន​ដែលមាន​ប្រភព​ចេញពី​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន​ ជាពិសេស​នៅ​តំបន់​យូ​ណាន​បានធ្វើ​ដំណើរ​ឆ្ពោះទៅ​ទិស​ខាងលិច ដែល​ត្រូវបាន​អនុវត្ត​ជាច្រើន​ដំណាក់កាល ជួនកាល​ធ្វើឡើង​ដោយ​សង្គ្រាម​វាតទី​និយម ជួនកាល​ដោយ​សន្តិវិធី មិនមែនជា​ស្ថាបនិក​នៃ​សម្បត្តិ វប្បធម៌​នា​សម័យ​បុរេប្រវត្តិសាស្ត្រនៅក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​នៅឡើយ។ ដូច្នេះមរតក​វប្បធម៌​រូបិយ និងអ​រូបិយ​ទាំងឡាយ​ដែល​គេ​បាន​ជួបប្រទះ​នៅតាម​ស្ថានីយ៍​នានា ត្រូវ​បញ្ចូល​ក្នុង​ខឿនវប្បធម៌​នៃ​ជនជាតិ​ដែល​ស្ថិតក្នុងអំបូរមន​-​ខ្មែរ ថ្វីត្បិតតែ​ស្ថានីយ៍​ទាំងនោះត្រូវបាន​ផ្តាច់​ចេញពី​ទឹកដី​កំណើតនៃ ជនជាតិ មន និង ខ្មែរ តាមរយៈ​ការ​រំកិលនៃជនជាតិ​អន្តោប្រវេសន៍ដែល​បាន​កាន់កាប់​ទឹកដី​ដូនតា​របស់​អ្នកស្រុក​អាយ​ជាអាទិ៍ មាន​កុលសម្ព័ន្ធ​ជនជាតិភាគតិចរស់​នៅតាម​តំបន់​ខ្ពង់រាប ព្រៃភ្នំ និង​ប្រជាជន​ខ្មែរ ព្រមទាំង​មន។​ ហេតុផល​មួយ​ដែល​គួរ​ឲ្យ​កត់សំគាល់គឺថាមុន​ឥទ្ធិពល​ឥណ្ឌា​និង​ចិនបុព្វបុរស​មន​-​ខ្មែរ បាន​ស្គាល់​នូវវឌ្ឍនភាព​សង្គម វប្បធម៌​របស់ខ្លួន​រួចស្រេច​ទៅហើយ ដូច​ការ​លេចធ្លោ​ឡើង​នូវ​បន្ទាយ​គូ​ជា​សក្ខីកម្ម​ស្រាប់។ ព្រោះថាការសាងសង់​សំណង់​ស្ថាបត្យកម្ម​ទាំងនោះ ដែល​ធ្វើឡើង​អំពី​ដី​លើកមាន​ទ្រង់ទ្រាយ​ធំគឺ​ដោយសារ​ការ​អំណោយផល​នៃ​ធម្មជាតិ​ក៏​មែនពិត ក៏ប៉ុន្តែ​វា​ក៏​ជា​សញ្ញា​បង្ហាញ​បញ្ជាក់ថាសង្គម​នា​សម័យ​នោះបាន​ស្គាល់​នូវ​ស្ថេរភាព​និង​វឌ្ឍនភាព​យ៉ាងពិត​ប្រាកដ។ ដោយសារតែ​អត្ថិភាព​នៃ​កសិកម្ម ប្រមាណ​ជា​ ២០០០ ឆ្នាំមុន​គ​.​ស ប្រជាជន​ខ្មែរដែលជា​កសិករ ហើយ​ជា​អ្នក​ស្ល​លោហធាតុ​ផងមានការ​រីកចម្រើន​គ្រប់​វិស័យ​គួរ​ឲ្យ​កត់សំគាល់។ ដូច្នោះ​ហើយក្នុង​បរិបទ​នេះ​ចំនួន​មនុស្ស​ក្នុង​សហគមន៍​នានា​ត្រូវបាន​កើនឡើង​ជា​លំដាប់ ហើយ​កំណើន​នេះ ក៏​ដោយសារតែ​បុព្វការី​ជន​នា​ជំនាន់​នោះ​ដែលមានវិស័យ​កសិកម្ម​ជា​មូលដ្ឋាន​ សេដ្ឋកិច្ចសង្គម ចេះ​គ្រប់គ្រង​ធម្មជាតិ​ជា​វិជ្ជមាន។ តាមរយៈ​ការស្រាវជ្រាវ យើង​ក៏​ដឹង​ទៀតថា​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​សង្គម ដូចជា​ផ្លូវ​សហគមន៍​ខ្វាត់ខ្វែង​ដែល​បាន​ផ្តល់នូវ​ភាពងាយស្រួល​ដល់​ទំនាក់ទំនង​ពី​តំបន់មួយ​ទៅ​តំបន់​មួយទៀតក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​នេះជាពិសេស​ការផ្សារភ្ជាប់​តំបន់​ខ្ពង់រាប​ទៅនឹង​វាលទំនាប ឬ​ឆ្នេរសមុទ្រមាន​ភាពល្អប្រសើរ​ជឿនលឿន​រួចទៅហើយ​ដែរ។ កំណើនសេដ្ឋកិច្ច ផ្តើមចេញពី​ការប្រើ​ឧបករណ៍​សំរិទ្ធ និង​ដែក​សម្រាប់​កសិកម្ម​និង​ចំនួន​ប្រជាជនក៏​តម្រូវឲ្យ​មានការ​ផ្តុំ​ផ្គុំ​ក្រុមមនុស្ស ជា​សហគមន៍​ដោយ​ទន្ទឹមនឹងនេះ ក៏មាន​ការកសាង​នូវ​ទីប្រជុំជន ឬ​ក្រុង​តូចធំទាំងឡាយ​រាប់រយ​កន្លែង ដែលមាន​ឈ្មោះថា ភូមិ​មូល ឬ​បន្ទាយ​គូព្រមទាំង​សំណង់ស្ថាបត្យកម្ម​ធ្វើ​អំពី​ថ្ម​សម្រាប់​មូលហេតុ​សាសនា ដូចជា​ករណី​ពាង​ថ្ម ថ្ម​បញ្ឈរ និង​រណ្តៅ​បញ្ចុះសព​ដោយ​ចោះ​ភ្នំ​នៅ​តំបន់​ខ្ពង់រាប​នៃ​ប្រទេស​លាវ បច្ចុប្បន្ន​ជាដើម។ យ៉ាងណាមិញ បុព្វការី​ជន​ខ្មែរ​នា​សម័យមុន​ឥណ្ឌូប​នីយកម្ម​ក៏បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​វប្បធម៌ពាក់ព័ន្ធ​ទៅនឹង​ការបញ្ចុះសពដោយ​ប្រើ​ពាង​ដី​ដុត​ធំៗនៅ​សា​វិញ (​វៀតណាម​កណ្តាល​) នៅ​ភូមិ​បាន​ឈៀង (​ថៃ​) និង ជ្រោ​យម៉ាឡេយូផងដែរ។

ទំរង់រដ្ឋ

កែប្រែ

បុព្វការី​ជន​ខ្មែរ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​ជាពិសេស​យុគ​លោហធាតុចូលចិត្ត​កសាង​ទីប្រជុំជនរាង​មូល​ដូច​ក្បាច់គូថ​ខ្យងភាគច្រើន​នៅ​លើ​ទី​ដី​ខ្ពស់ ឬ​ទួល ហើយ​មាន​គូទឹក​ហ៊ុំ​ព័ទ្ធ​ជុំវិញសំរាប់​ការពារ​ជ្រកកោន​ក្នុង​គ្រា​មាន​ភ័យ​អាសន្ន​អន្តរាយ ឬចំបាំងរាំងជល។ ប្រជុំជន​បុរាណ​ទាំងនោះមានរាង​ជា​រង្វង់​មូល និង​គូ​ទឹកជុំវិញដែលគេបាន​ជួបប្រទះ​ក្នុង​តំបន់​នានា​នៃ​ឥណ្ឌូចិនក្នុង​ភូមិភាគ​កណ្តាល។​ ​ការស្រាវជ្រាវ​របស់​អ្នកឯកទេស​ថៃនៅលើដែនដី​ខ្មែរ​បុរាណដែល​ស្ថិតនៅ​ម្ខាង​ទៀត​នៃជួរ​ភ្នំ​ដងរែកបាន​ពង្រីកនូវការយល់ដឹង​បន្ថែមអំពី​អតីតកាល​​ខ្មែរ។ ទី​ក្រុង​បុរាណ​ទាំងនោះជា​គ្រឹះ​មាំមួន​សម្រាប់​ស្វែងយល់​ការអភិវឌ្ឍ​សង្គម​ខ្មែរ។​ រវាង​ ១០០០​ ឆ្នាំមុន ​គ​.​ស មុន​ការផ្សព្វផ្សាយ​វប្បធម៌​ឥណ្ឌា ជនជាតិខ្មែរ​បាន​កសាង​ពេញ​ភូមិភាគនេះ​នូវ​ទីក្រុង​តូចធំ​ជាច្រើនហើយ​ទីក្រុង​ដើម​ទាំងនោះ​ក៏បាន​ក្លាយទៅជា​បុរី​នា​សម័យ​ឥណ្ឌូ​បនីយកម្ម។ ការសិក្សា​អំពី​ទីប្រជុំជន ឬ​ក្រុង​បុរាណ​មុន​សម័យ​ប្រវត្តិសាស្ត្រ​មាន​ផលប្រយោជន៍​ជាច្រើនព្រោះ​បាន​ជួយ​ឲ្យ​ដឹងដល់​ការ​គ្រប់គ្រង​រៀបចំ​ស្រុកភូមិ​តាមបែប​ជំនឿ​ជី​វច​ល​និយម ដូច​ជា​ទីក្រុង​រាងជា​ក្បាច់​គូថ​ខ្យង​ជាដើម និង​ការវិវត្ត​របស់​វា​ក្នុង​អតីតកាល។​ វាបាន​ឲ្យ​យើង​ស្វែងយល់​អំពី​ទំនាក់ទំនង​រវាង​ទីក្រុង​ទាំងនោះ នឹង​តំបន់​មួយចំនួនទៀតនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន។ ក្នុងចង្វាតបុរីរម្យនៃ​ប្រទេស​ថៃ គេ​តែង​ជួប​ទីប្រជុំជន​ដែលមាន​លក្ខណៈ​ជា​រង្វង់​មូល ហើយ​ជួនកាល មាន​រង្វង់​ជាច្រើន​ជាន់​ដោយមាន​គូ​ទឹកហ៊ំ​ព័ទ្ធ​ជុំវិញ​ថែមទៀត​ផង។ ទំរង់ក្រុង​បុរាណ​ខ្មែរ​មួយ​ប្រភេទ​ទៀត ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ គឺ​រាង​ជា​ពងក្រពើ ស្ថិតនៅលើ​ទួល​មាន​រាង​រាបស្មើ​បែប​ខ្សែកោង ភ្ជាប់​គ្នា​ដូច​រាង​ពងក្រពើ​អញ្ចឹង។​ ​​វត្តមាន​របស់​ទីប្រជុំជន​ជាច្រើន​ដែលមាន​រូបរាង​ជា​ រង្វង់​មូល​ដោយ​ស្ថិត​លើ ទួល​រាបស្មើ​បែប​ខ្សែកោង ជាប់​គ្នាតែ​អ្វីដែល​គួរ​ឲ្យ​កត់ត្រា​គឺទីតាំង​នេះ​មាន​រាង​រង្វង់​មូល​ជាច្រើន​ជាន់ ឬ​ថ្នាក់។ ​ទីក្រុង​ច្រើន​ប្រភេទ​ទៀតដូចជា​ទីក្រុង​ដែលមាន​រាង​មូល ហើយ​មាន​ជ្រុង​មូល ដែល​គេ​ឃើញ​គូ និង​ទួល​មាន​រាង​ជា​ខ្សែ​ត្រង់ ហើយ​ភ្ជាប់​គ្នា​ជា​មុំ​រង្វង់។ នៅមាន​ទីប្រជុំជន​បុរាណ​មួយ​ប្រភេទ​ទៀត ដែលមាន​ជ្រុង​នៅ​មុំ គូទឹក​មាន​លក្ខណៈ​ត្រង់ ភ្ជាប់​គ្នា​ជា​មុំ​ជ្រុង​គួរ​ឲ្យ​ចាប់អារម្មណ៍។​ មិនតែប៉ុណ្ណោះ​សោត ការវិភាគ​រូបថត​លើ​អាកាស បង្ហាញថា មាន​ទីក្រុង​ដែលមាន​លក្ខណៈ​សេរី​ ខុសប្លែក​ពី​ទំរង់​ដែល​បាន​ជួប​នៅ​ខាងលើ។ គូទឹក និង​ទួល​មាន​លក្ខណៈ​កោង​ភ្ជាប់​គ្នា​បែប​សេរី។ ជនជាតិខ្មែរ​ដើម​បានបន្សល់ក្រុងមួយចំនួន ដែលមាន​រូបរាង​ប្រហាក់ប្រហែល​នឹង​ទីក្រុង​ខាងលើ តែមាន​ទ្រង់ទ្រាយ​ជួនកាលស្របគ្នា ជួនកាល​មិន​ស្របគ្នាអាស្រ័យលើទីតាំងភូមិសាស្ត្រជំនាន់នោះ។​ ​ស្ថាបត្យកម្ម​ចុង​សម័យ​លោហធាតុ​ខាងលើនេះ​ជាការ​ណ៍​មួយ​យ៉ាងសំខាន់​ណាស់​ សឱ្យឃើញថា​មានការ​កាន់កាប់​រៀបចំ​គ្រប់គ្រង​ភូមិភាគ​នេះ ​ដែល​សព្វថ្ងៃ​ជានគរូបនីយកម្មនៃសមិទ្ធផលវប្បធម៌​សង្គម យ៉ាងសំខាន់​ជាងគេស្របតាម​ការវិវឌ្ឍ​​របស់​សហគមន៍​មន​-ខ្មែរ​មុន​ការ​ហូរចូលឥទ្ធិពល​ឥណ្ឌា​ក្នុងភូមិ​ភាគ​នេះ នា​សម័យ​ស​.​តទី​១ នៃ​គ​.​ស។​ []

ទាំងនេះ​ជា​ភស្តុតាង​បញ្ជាក់ពី​សណ្ឋាន​នៃ​ការបង្កើត​រដ្ឋ​ខ្មែរ​មុនដំបូង​បង្អស់នា​សម័យ​បុរេប្រវត្តិសាស្ត្រនៅក្នុង​តំបន់​ដីក្រហមភាគ​ខាងកើត​ទន្លេមេគង្គ​នៃ​ខ្ពង់រាបពី​រតនគិរី​ចុះមក​ខេត្តកំពង់ចាមលាតសន្ធឹង​ទៅដល់​ខេត្ត​មួយចំនួននៃ​អតីត​កម្ពុជា​ក្រោម​ដូចជា ខេត្ត​ឡុ​ក​និ​ញ​ (រោងដំរី)។ ទីប្រជុំជនដែលមាន​រាង​មូល ឬ​ពងក្រពើ​នោះ គេ​អាច​គូសបញ្ជាក់ថាចំនួន​ស្ថានីយ៍​នៅ​ប្រទេសថៃមាន​រហូតដល់​ច្រើន​រយ​កន្លែងជាពិសេស​នៅខ្ពង់រាប​នគររាជ។ ប៉ុ​ន្តេ​អ្វីដែល​យើង​អាច​ផ្តល់​ជា​ចំលើយគឺ​ដូច​នៅ​ប្រទេស​អ៊ឺរ៉ុប សហគមន៍​ខ្មែរ ដែល​ត្រូវបាន​សាងសង់ឡើងដោយមាន​រូបរាងមូល ឬ​គូថ​ខ្យងនា​សម័យ​បុរេប្រវត្តិសាស្ត្រគឺជា​សណ្ឋាន​នៃ​រដ្ឋ​ខ្មែរ​ដំបូង​យ៉ាងពិត​ប្រាកដ។ ទំរង់នៃ​ទីក្រុង​ទាំងនោះ ​ជួនកាល​គេ​ហៅ​ឈ្មោះថាបន្ទាយ​គូក្នុង​ករណីខ្លះ​ត្រូវបាន​បន្ត​ការកាន់កាប់រហូតដល់​សម័យ​ប្រវត្តិសាស្ត្រក៏សឹងមានក្រោយពី​ឆ្លងកាត់​សម័យកាល​មួយចំនួន។​ ទឹកដី​កំណើត​នៃ​ទីប្រជុំជន​ខ្មែរ​ដែលមាន​ទីតាំង​ស្ថិត​លើ​តំបន់​ខ្ពង់រាប ដែល​បាន​ទាក់ទាញ​មនុស្សឲ្យ​មក​រស់នៅ​យ៉ាង​កុះករ​ហើយ​អ្នកស្រុក​ហៅថាភូមិ​មូល ឬ​បន្ទាយ​គូ។ អំណោយផល​ធម្មជាតិ ឬ​ភូមិសាស្ត្រ​បូករួម​ជាមួយ​អត្ថិភាព​នៃ​កសិកម្ម ការ​លេច​ឡើង​នូវ​ទីក្រុង​ទាំងនោះអាស្រ័យ​ដោយសារ​អំណោយផល​នៃ​ភូមិសាស្ត្រ ដែល​សំបូរដោយ​ធនធានធម្មជាតិ​គ្រប់បែបយ៉ាង។ [] ភូមិ​មូល​នៅ​វត្ត​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ជិត​រាជធានី​ភ្នំពេញ។ ភស្ដុតាង​ដ៏​វិសេសវិសាល គឺ​វត្ត​មាននៃភូមិ​មូល​មួយ​មាន​អង្កត់ផ្ចិត ១​គ​.​ម ដែលជា​សំណង់ស្ថាបត្យកម្ម​ធ្វើ​អំពី​ដី​លើក​នា​សម័យ​បុរេប្រវត្តិសាស្ដ្រ​ដែលមាន​រាង​មូល។ ​វត្តមាន​របស់​ស្ថាបត្យកម្ម​ប្រាសាទ​នា​សម័យ​បុ​រេ​អង្គរ​ជាច្រើន ជាពិសេស​ឧបករណ៍ប្រើប្រាស់ ដូចជា​បំណែក​កុលាលភាជន៍ ចំលាក់បុរាណ​ដែល​បុព្វការី​ជន​ខ្មែរ​បាន​បន្សល់ទុក​នៅលើ​ទីតាំង​ទាំងនោះ។ ទិន្នន័យ​ខាង​បុរាណវិទ្យា​ខាងលើនេះ​បញ្ជាក់ថា មានការ​រីកចំរើន​ខា​ង​វប្បធម៌​ជុំវិញ និង​នៅក្នុង​បរិវេណ​នៃ​ទីក្រុង​ភ្នំពេញ ដូច​ករណី​នៃ​សំណង់​ប្រាសាទ​នា​សម័យអង្គរ​នៅក្នុង​បរិវេណ​នៃ​វត្ត​ឧណ្ណាលោម​បច្ចុប្បន្ន​ជា​សក្ខីកម្ម​ស្រាប់។ ​​ដូច្នេះ បើ​យោង​លើ​ភាពស្របគ្នា និង​ការ​រួមគ្នា​នៃ​ប្រភព​ទិន្នន័យ​ជាច្រើន​មុខវិជ្ជា​ដូច​បាន​រៀបរាប់​ខាងលើនេះ យើង​អាច​ឆាប់​យល់​ស៊ីជម្រៅ​នូវ​លក្ខណៈ​នៃ​តំបន់​រាជធានី​ភ្នំពេញ​ទាំងមូល ដែល​បាន​រីកដុះដាល​ជា​បន្តបន្ទាប់​គ្នា​តាំងពី​សម័យ​បុរេប្រវត្តិសាស្ដ្រ​ដល់​បច្ចុប្បន្នភាព ក្រោយពី​បាន​ឆ្លងកាត់​សម័យ​បុ​រេ​អង្គរ និង​អង្គរ។​ ​ក្នុងន័យនេះ ក្រោយពី​ការវិភាគ​ទិន្នន័យ​ទាំងនោះ ដែលមាន​លំនាំចម្រុះ​គ្នា យើង​អាច​អះអាងថាសម្មតិកម្ម​ដែលថា មុន​ស​.​វ​ទី ១៥ តំបន់​ទីក្រុង​ភ្នំពេញ គឺជា​តំបន់​គ្មាន​វប្បធម៌ ជាការ​ខុសឆ្គង​ទាំងស្រុង ពីព្រោះ​ចំណុច​ចាប់ផ្ដើម​នៃ​ការវិវត្ត​របស់​រាជធានី​ភ្នំពេញ ត្រូវបាន​ផ្ដើមឡើង​តាំងពី​ចុង​សម័យ​ថ្ម​រំលីង ដើម​សម័យ​លោហធាតុ​ម្ល៉េះ។ ទាំងនេះ​ជា​សារៈសំខាន់​ក្នុង​វិស័យ​ស្រាវជ្រាវ​ស្ដីពី​ប្រវត្តិ​របស់​ទីក្រុង​ភ្នំពេញ ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​នឹង​សម័យ​នគរ​វ្នំ​ដែល​បាន​ត​វេន​ពី​សម័យ​បុរេប្រវត្តិសាស្ដ្រ​យ៉ាង​ប្រាកដ។​ ផ្ដោត​ការយកចិត្តទុកដាក់​លើ​វិស័យ​បុរាណវិទ្យា ជាពិសេសឡ​សម្រាប់ផលិត​កុលា​ល​ភាជន៍​តាំងពីដើម​សម័យប្រវត្តិសាស្ដ្រដែល​កំពុង​ទទួល​នូវ​ការបំផ្លិចបំផ្លាញ​យ៉ាងដំណំដោយ​ទំនើបកម្មគួបផ្សំជាមួយ​លំហូ​រមនុស្ស​ថ្មី​ក្នុង​តំបន់ និង​ការ​ទិញដូរ​ដី​ពី​ឈ្មួញ​ធំៗ យើង​បាន​បំរែបំរួលនូវ​ទិន្នន័យ​ខាង​បុរាណវិទ្យា​មួយចំនួនដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវប្រយោជន៍​នឹង​ថែរក្សា​ស្លាកស្នាម​វប្បធម៌​បុរាណ​ដែលជា​ឫសកែវ​នៃ​ប្រវត្តិ​របស់​ទីក្រុង​ភ្នំពេញ។​ []

តួនាទី​ជា​ប្រវត្តិសាស្ដ្រ​របស់​តំបន់​ជើងឯក​មក​បង្ហាញដោយ​ផ្ដើមចេញពី​ការរកឃើញ​ឡ​ដុតកុលា​ល​ភាជន៍​នា​សម័យ​នគរ​វ្នំដោយ​លោកផុន-កា​សិ​កាកន្លងមកនេះ។ ​ទិន្នន័យ​ខាង​បុរាណវិទ្យា​នេះមាន​សារៈសំខាន់​ណាស់ពីព្រោះ​លោក​គឺជា​អ្នក​ដែល​បានធ្វើ​កំណាយ​ក្នុង​បរិវេណ​នៃ​ភូមិដែលមាន​សណ្ឋាន​ដី​រាង​មូលខាងលើនេះមុនគេ​បង្អស់។ មួយវិញទៀតការរកឃើញ​នូវ​កុលា​ល​ភាជន៍​នា​សម័យ​នគរ​វ្នំ​របស់លោក ក៏បាន​បញ្ជាក់​យ៉ាង​ជាក់ច្បាស់​ផងដែរ វា​ជាការ​ប៉ាន់ស្មាន​របស់​យើងដែល​ធ្លាប់មាន​ពីមុនគឺមាន​ភាពត្រឹមត្រូវ​មែន។​ សំណល់​វប្បធម៌​បុរាណ​ដ៏​ក្រាស់ក្រែល ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​ក្នុង​ស្ថានីយ៍បុរេប្រវត្តិសាស្ដ្រ​ដ៏​សំខាន់​នេះរួមមាន​គ្រឿងតុបតែងប្រាង្គ​ប្រាសាទក្នុង​រចនា​ប​ថ​កំពង់ព្រះ សិលាចារឹកនិង​ឡ​ដុត​កុលា​ល​ភាជន៍​សម័យ​ចេនឡា អង្គរ និង ក្រោយ​អង្គរ​ជាដើម។ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាងគេគឺ​វត្តមានរបស់​ឡ​ចំនួន ៥៩ ដែល​ក្នុងនោះមាន​ឡ​នា​សម័យ​នគរ​វ្នំ​ផងដែរ។​​ ​កន្លងមក​ការធ្វើ​កំណាយ​ឡ​ដុត​កុលា​ល​ភាជន៍ក្នុង​បរិវេណ​វត្ត​ភូមិ​ជើងឯក​សព្វថ្ងៃ ដែល​ធ្លាប់ជាវាលពិឃាតក្នុង​របបប៉ុល ពត​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ បាន​ឲ្យ​ដឹង​អំពី​វត្តមាន​របស់​ភាជន៍​ឈ្មោះ​កុណ្ឌី​មួយចំនួន ប្រភេទ​កំសៀវ​ទឹកមាន​ចំពួយ មាន​ប្រភព​ចេញពី​ឥណ្ឌា ភាជន៍​ទាំងនោះស្ថិត​ក្នុងសម័យ​វប្បធម៌​នគរ​វ្នំ​ស្ថិតក្នុង ស​.​វ ទី​៤ និង​៥ នៃ​គ​.​ស។ បើ​យើង​យក​ប្រភេទ​ក​ណ្ឌី​នៅ​ភូមិ​ជើងឯក​ទៅ​ប្រៀបធៀប ទៅនឹង​ភាជន៍​ដែល​គេ បាន​រកឃើញ នៅ​ភូមិ​ស្នាយ​នៅ​ខេត្តបន្ទាយមានជ័យ និង​ស្រុក​អង្គរបុរី នៅ​ខេត្តតាកែវ ឬក៏​នៅ​ម្ដុំ​អូរ​កែវជា​ដើម យើង​ពិតជា​ឃើញ​ភាពស្រដៀងគ្នា​ពុំខាន។ ហើយ​គឺ​ប្រការ​នេះហើយ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​កាន់តែច្បាស់​នូវ​ចំណាស់​នៃ​ស្ថានីយ៍​របស់​យើង។​ យោងតាម​ចំនួន​ឡ​ដុត​កុលា​ល​ភាជន៍​បុរាណ​ខាងលើ​ទាំងនោះស​ឲ្យ​ឃើញថាតំបន់​ជើងឯកគឺជា​មជ្ឈមណ្ឌល​វប្បធម៌ និង សេដ្ឋកិច្ច​យ៉ាងសំខាន់ ចាប់ពី​ដើម​សម័យ​ប្រវត្តិសាស្ត្រ​រហូតដល់​សម័យ​ក្រោយ​អង្គរដោយបាន​ឆ្លងកាត់​សម័យ​ចេនឡា និង​អង្គរ​ដ៏​រុងរឿងដូច​វត្តមាន​របស់​សំណល់ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ និង​សិលាចារឹក​របស់​បុព្វការី​ជន​ខ្មែរ ដែល​បាន​រស់ក្នុង​តំបន់​នេះបាន​បន្សល់​ទុកជា​សក្ខី​កម្ម។​ ក្រោយពី​ធ្វើការ​សិក្សា​អំពី​ប្រភេទ​នៃកុលា​ល​ភាជន៍​នៅ​ភូមិ​ជើងឯក យើង​ឃើញថាតំបន់​នេះត្រូវ​ផ្សាភ្ជាប់​ទៅនឹង​អង្គរបុរី​យ៉ាង​ប្រាកដ។​

​ក្រៅពីនេះ វត្តមាន​នៃ​កុលា​ល​ភាជន៍​បុរាណ​ទាំងនោះដែលជា​ប្រភពព័ត៌មាន​ដ៏​សំខាន់ ក៏​ជា​ប្រការ​បញ្ជាក់កាន់តែច្បាស់​ថាតំបន់​វត្ត​ជើងឯក​ដែលជា​ផ្នែក​មួយ​នៃ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្នគឺជា​តំបន់​មានការ​អភិវឌ្ឍដោយបាន​មានការ​វិវត្ត​ជា​បន្តបន្ទាប់​មិន​ដាច់​ពី​សម័យ​បុរេប្រវត្តិសាស្ត្ររហូតដល់​សម័យ​ទំនើប​នេះក្រោយពី​បាន​ឆ្លងកាត់​សម័យ​ក្រោយ​អង្គរ ដែលមាន​ការសាងសង់​កន្លែង​យ៉ាង​ធំ​មួយ ដែល​ផលិត​កុលា​ល​ភាជន៍​ប្រភេទ​កុណ្ឌីគឺ​ម្តុំ​វត្ត​ជើងឯក​ក្នុងសម័យ​វ្នំ។ តាមពិតទៅរាជធានី​ភ្នំពេញ​ត្រូវបាន​សាងសង់ឡើង​នៅលើ​ទីប្រជុំជន​មួយដែលមាន​ការរីកដុះដាល​គ្រប់​វិស័យ​ទៅហើយ។​ ជាការ​ពិត ចំណាស់​នៃ​ខឿនវប្បធម៌​ក្នុង​បរិវេណ​នៃ​វត្ត​ជើងឯក​នោះត្រូវបាន​បង្ហាញ​រួចមកហើយ ការរកឃើញ​នៃ​ផ្ទាំង​សិលាចារឹកព្រមទាំង​ស្ថាបត្យកម្ម​ប្រាសាទនៅ​ទសវត្សរ៍ឆ្នាំ​១៩២០ ម្ល៉េះ។ ក៏ប៉ុន្តែ​គេ​មិនបាន​នឹកស្មានថាតំបន់​នេះ​មិន​ត្រូវបាន​កាន់កាប់​តាំងតែ​សម័យ​បុរេប្រវត្តិសាស្ត្រ​ទេដូច​វត្តមាន​របស់​ឧបករណ៍ប្រើប្រាស់​ដូចជា​ពូថៅ​ថ្ម​រំលីង ក្រវិល​ត្រចៀក ជួង​ កណ្តឹង កងដៃ​សំរិទ្ធ​ជាដើម។ ម្យ៉ាងទៀត​ពីមុនគេ​ក៏​ពុំបាន​ដឹង​ដែរ​ថាមាន​ស្លាកស្នាម​វប្បធម៌​នា​សម័យ​វ្នំនៅក្នុង​ភូមិភាគ​ខា​លើ​នេះដែរ។ []

​នៅក្នុង​បណ្តា​ចង្វាត​មួយចំនួន​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ជាពិសេស​ចង្វាត​បុរីរម្យ ក៏​ដូច​នៅ​ភូមិភាគ​កណ្តាល និង​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​បច្ចុប្បន្ន គេ​តែង​ជួបប្រទះ​ទីប្រជុំជន​ដែលមាន​លក្ខណៈ​ជា​រាង​រង្វង់ ហើយ​ជួនកាល​មាន​រង្វង់​ជាច្រើន​ជាន់ ដោយមាន​គូ​ទឹក​ហ៊ុំព័ទ្ធជុំវិញ​ថែម​ទៀតផង។ ទំរង់​ក្រុង​បុរាណ​ខ្មែរ​មួយ​ប្រភេទ​ទៀត​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរគឺមាន​រា​ពងក្រពើ ហើយ​ទីប្រជុំជន​ប្រភេទ​នេះ​ស្ថិតនៅលើ​ទួល​មាន​រាង​រាបស្មើ​បែប​ខ្សែកោង​ភ្ជាប់​គ្នាដែល​គួរ​ឲ្យ​កត់ត្រា​នោះគឺ​ទីតាំង​នោះមាន​រាង​រង្វង់​មូល​ជាច្រើន​ជាន់ ឬ​ថ្នាក់។ នៅមាន​ទីក្រុង​ច្រើន​ប្រភេទ​ទៀតដូចជា​ទីក្រុង​ដែលមាន​រាង​មូល ហើយ​មាន​ជ្រុង​មូលដែល​គេ​ឃើញ​គូ​ទឹក​ដែលជា​ស្នាមភ្លោះ​ព័ទ្ធជុំវិញ និង​ទួល​មាន​រាង​ជា​ខ្សែ​ត្រង់ហើយ​ភ្ជាប់​គ្នា​ជា​មុំ​រង្វង់។ នៅមាន​ទីប្រជុំជន​មួយ​ប្រភេទ​ទៀត ដែលមាន​ជ្រុង​នៅ​មុំ​គូ​ទឹក​មាន​លក្ខណៈ​ត្រង់​ភ្ជាប់​គ្នា​ជា​មុំ​ជ្រុង​គួរ​ឲ្យ​ចាប់អារម្មណ៍។​ មិនតែប៉ុណ្ណោះ​សោត ការវិភាគ​រូបថត​លើ​អាកាស ក៏បាន​ឲ្យ​ដឹង​ជា​បន្ថែមទៀតថាមាន​ទីក្រុង​ដែលមាន​រាង​លក្ខណៈ​សេរី ខុសប្លែក​ពី​ទំរង់​ដែល​បាន​ជួបប្រទះ​នៅ​ខាងលើ។ ជនជាតិខ្មែរ​ដើមដែល​រស់នៅក្នុង​តំបន់​នេះ ក៏បាន​បន្សល់ទុក​ទីប្រជុំជន​មួយចំនួន​ផ្សេងទៀត​ដែរ ដែលមាន​រូបរាង​ប្រហាក់ប្រហែល​នឹង​ទីក្រុង​ទើបតែ​អធិប្បាយ​ខាងលើតែមាន​ទ្រង់ទ្រាយ​ជួនកាល​ស្រប​គ្នាជួនកាល​មិន​ស្របគ្នាតាម​លក្ខណៈ​ភូមិសាស្ត្រព្រោះ​កើតចេញពី​សេចក្តីត្រូវការ​នា​ជំនាន់​នោះ។​ ស្លាកស្នាម​នៃ​ស្ថាបត្យកម្ម​បុរាណ​នា​ចុង​សម័យ​លោហធាតុ​ខាងលើនេះ ជា​ការណ៍​មួយ​យ៉ាងសំខាន់​ណាស់ដែល​បង្ហាញ​ឲ្យ​យើង​ឃើញ​មានការ​កាន់កាប់​រៀបចំ​គ្រប់គ្រង​ភូមិភាគ​នេះ។ អ្វីមួយ​ដែល​គេ​ឲ្យ​ឈ្មោះថានគរូបនីយកម្ម ដែលជា​សមិទ្ធិផល​វប្បធម៌​សង្គម​យ៉ាងសំខាន់​ជាងគេ​សម​ស្របតាម​ការវិវត្ត​របស់​សហគមន៍​មន​-​ខ្មែរ មុន​ការ​ជ្រួតជ្រាប​នៃ​ឥទ្ធិពល​ឥណ្ឌា​ក្នុងភូមិ​ភាគ​នេះ​នា​ដើម​ស​.​វ​ទី ១ នៃ​គ​.​ស។​

វត្ត​មាននៃ​ទីប្រជុំជន​ជាច្រើន នា​សម័យ​បុរេប្រវត្តិសាស្ត្រ ដែល​ត្រូវបាន​សិក្សា​ស្រាវជ្រាវ​ដោយ​ក្រុម​អ្នក​បុរាណ​វិទូ​ថៃ នៅ​ពុទ្ធសករាជ ២៥២៦ ជាពិសេស​នៅ​ខេត្ត​សុ​រិ​ន្ទ្រ​។ អត្ថប្រយោជន៍​នេះហើយដែល​បង្ខំចិត្ត​យើង​ឲ្យ​ខិតខំ​រាវរក​ឫសកែវ​នៃ​វប្បធម៌​ដូនតា​នៅក្នុង​ភូមិភាគ​ខាងលើនេះ​។ ក្នុងចំណោម​ទីប្រជុំជន ឬ​ក្រុង​ខ្មែរ​ជាច្រើន នៅ​ខេត្ត​សុ​រិ​ន្ទ្រ យើង​គ្រាន់តែ​សូម​លើកយក​ទីប្រជុំជន​ចំនួន ៤ ​តែប៉ុណ្ណោះ​មក​ធ្វើការ​អធិប្បាយ​។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាង​បុរាណវិទ្យា​បាន​ឲ្យ​ដឹងថាទីក្រុង​ទាំងនោះ​មាន​អាយុប្រមាណ​ជា ៤០០០​ ឆ្នាំ​មកហើយ​។​ ដោយ​មូលហេតុ​ប្រវត្តិសាស្ត្រ អ្វីដែល​មាននៅ​ក្នុង​ខេត្ត​សុ​រិ​ន្ទ្រ ក៏មាន​ក្នុង​អាណាខេត្ត​ផ្សេងៗ​ឯទៀត​នៃ​ព្រះរាជណាចក្រ​ថៃ និង​កម្ពុជា​បច្ចុប្បន្ន​ដែរ​។ ប្រការ​នេះហើយ ដែល​យើង​ត្រូវផ្តោត​ការយកចិត្តទុកដាក់ដោយ​បកស្រាយ​ថា ទីប្រជុំជន​បុរេប្រវត្តិសាស្ត្រ​ទាំងនោះត្រូវបាន​សាងសង់ឡើង​ដោយ​ដូនតា​ខ្មែរ។ ​​ជារួមក្នុងករណីនេះ យើង​អាច​បំភ្លឺ​នូវ​ប្រភព​មន​-​ខ្មែរ​នៃ​ទីប្រជុំជន​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​ទាំងនោះ ដែលមាន​ពាសពេញ​ដេរដាស​នៅ​ទូទាំង​ព្រះរាជាណាចក្រ​ថៃ និង​កម្ពុជា​បច្ចុប្បន្ន ហើយ​ជា​ផ្នែក​មួយ​នៃ​ខឿនវប្បធម៌​ខ្មែរ​មុន​ឥណ្ឌូ​បនីយកម្ម​។ ​ទីប្រជុំជន​បុរេប្រវត្តិសាស្ត្រ​ដែល​សំខាន់​ជាងគេ​នៅក្នុង​ខេត្ត​សុ​រិ​ន្ទ្រ និង​មាន​រាង​ជា​ពងក្រពើ ដែល​គេ​អាច​សង្កេតឃើញ​រចនាសម្ព័ន្ធ​ជាក់លាក់ដោយ​រូបភាព​តែ​ពីលើ​អាកាសគឺ​ប្រជុំជន​នៅ​ភូមិ​កៃ​យ៉ៃ ភូមិ​ព្រះ​បិត ភូមិ​ស្លែង​ផាន់ និង​ភូមិ​ស្លាក់​ដៃ​ក្នុង​ទី​រួម​ខេត្ត​សុ​រិ​ន្ទ្រ​។​ តាម​ឯកសារ​រូបភាព ដែល​បានមកពី​ការស្រាវជ្រាវ​នេះ បានចង្អុលបង្ហាញ​ឲ្យ​យើង​ឃើញ​អំពី​ស្លាកស្នាម​វប្បធម៌​ខ្មែរ ដែលមាន​អាយុប្រមាណ​ជា ៥០០០​ ឆ្នាំ​មកហើយ​។ វា​គឺជា​ភស្តុតាង​យ៉ាងសំខាន់​មួយ​បញ្ជាក់​ឲ្យ​យើង​ដឹង​អំពី​ស្ថានភាព​នៃ​ការរៀបចំ​ស្រុកភូមិ ឬ​សហគមន៍​ជនជាតិខ្មែរ​យើង មុន​ការទទួល​ឥទ្ធិពល​ឥណ្ឌា ដែល​បានធ្វើ​ឲ្យ​ទីតាំង​នៃ​ក្រុង (​ពាក្យ​ខ្មែរ​) តូច​-​ធំ​ទាំងនោះ​ឲ្យ​ក្លាយទៅជា​បុរ (បុរៈ) (​ពាក្យ​សំស្ក្រឹត​) តាម​លំនាំ​ឥណ្ឌា​។​ ស្ថានីយ៍​បុរេប្រវត្តិ​នៅ​ខេត្ត​សុ​រិ​ន្ទ្រ ដែលមាន​រាង​ដូច​ពងក្រពើ គឺ​ដូចគ្នា​នឹងស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​មេមត់ ខេត្តកំពង់ចាម​ដែរ​។​ ស្ថាន​ភាពជា​ក្រុង​បែប​ខ្មែរ​ទៅជា​បុរី ឬ​បុ​រៈ បែប​ឥណ្ឌាការផ្លាស់ប្តូរ​ទំរង់ត្រូវបាន​ធ្វើឡើង​យ៉ាង​ងាយស្រួល​ជាទីបំផុត​។ នេះ​ក៏​ជា​ចំណុច​យ៉ាង​ប្រសើរ ដែលជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មីធ្វើ​ឲ្យ​មានការ​រីកចំរើន​យ៉ាង​ឆាប់រហ័សដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ឥណ្ឌា​។​ ក្នុង​បរិវេណ​នៃ​ទីក្រុង​បុរាណ​ទាំងនេះ គេ​បាន​រកឃើញ​ឧបករណ៍​ធ្វើ​អំពី​ថ្ម​រំលីង ដូចជា​ពូថៅ ឬ​ពន្លួញ កុល​លា​ភាជន៍ផាត់​ពណ៌ និង​ឥតមាន​ពណ៌​មួយចំនួន និង​របស់​ប្រើប្រាស់​ជាច្រើន​ទៀត​។ [១០]

ក្នុងប្រទេស​វៀតណាម​សព្វថ្ងៃ ជាពិសេស​នៅ​តំបន់​ខ្ពង់រាប ដែល​ពី​ដើម​ធ្លាប់ជា​ផ្នែក​មួយ​នៃ​ចក្រភព​កម្ពុជទេស គេ​ក៏បាន​ជួបប្រទះ​នូវ​ទីប្រជុំជន​ដែលមាន​លក្ខណៈ​ដូចគ្នា​ដែរ។ ការរកឃើញ​នូវ​ភូមិ​មូល​ទាំងនោះ ដែល​ពី​សម័យមុន​សង្គ្រាម​លោក​លើក​ទី២ ត្រូវ​អ្នកស្រាវជ្រាវ​បារាំង​ឲ្យ​ឈ្មោះថា បន្ទាយ​ព្នងម៉​យ (Forteresse mor) ឬក៏​ខ្មែរ​ដើម (Proto-Khmer)។​ តាមរយៈ​ការសិក្សា​ស្ថាបត្យកម្ម​ឥណ្ឌា​បានកើត​ចេញពី​ឥទ្ធិពល​លោកធាតុ​វិទ្យា ដែល​ចាត់ទុក​ដែនដី​មាន​រាង​បួន​ជ្រុង ដែល​ជ្រុង​នីមួយៗ​តំណាង​ឲ្យ​ទិស​ធំៗ​ទាំង​បួន​ចំ​កណ្តាល​គឺ ភ្នំ​ព្រះ​សុមេរុ រឺ​ឋាន​ត្រៃ​ត្រឹ​ង្គ និង​មាន​ទឹកសមុទ្រ​ព័ទ្ធជុំវិញ។ ជនជាតិ​ឥណ្ឌា​ក៏​ដូច​ជនជាតិខ្មែរ​បាន​យក​ទ្រឹស្តី​លោកធាតុ​វិទ្យាទៅ​កសាង​ទីក្រុងក៏ដូចជា​ប្រាសាទ​ថ្ម​ផងដែរ។[១១] មុន​ឥណ្ឌូ​ប​នីយក​ម្ម បុព្វបុរស​ខ្មែរ​បាន​ស្គាល់​នូវ​វិស័យ​ស្ថាបត្យកម្ម​មួយ​រួចមកហើយដូច​ករណី ភូមិ​មូល ឬ ក្រុង​រាង​មូល ឬ​ពងក្រពើ ដែល​គេ​បាន​ជួបប្រទះ​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​ជា​ភស្តុតាង​ស្រាប់។ ទីប្រជុំជន​បុរាណ​ទាំងនោះ​ដែល​ធ្វើឡើង​ដោយ​ដី​លើក ដំណើរ​មិនមែនជា​ចៃដន្យ ក៏ប៉ុន្តែ​ជាស​ញ្ញាណ​នៃ​ការ​លេចធ្លោ​ឡើង​នូវ​អំណាចកណ្តាលដែលជា​សណ្ឋាន ឬ​នៃ​រដ្ឋ​ខ្មែរ​ដំបូងបង្អស់។ គឺ​លើ​មូលដ្ឋានគ្រឹះ​នេះហើយ​ដែល​ហេ​ដ្ឋា​រចនាសម្ព័ន​ឥណ្ឌា​បាន​ចាប់​ពន្លក ហើយ​ឲ្យ​បង្កើត​ឲ្យ​ទៅជា​អាណាចក្រ​វ្នំ និង​ចេនឡាដោយ​ការ​ផ្តុំ​ផ្គុំ​នូវ​ក្រុង​តូច ធំ ទាំងនោះ​ឲ្យ​ក្លាយទៅជា​ទឹកដី ឬ​ប្រទេស​តែមួយ រវាង​សតវត្ស​ទី១ និង ទី៧ នៃគ​.​ស។ ការ​លើកយក​លក្ខណៈផ្សេងៗ​នៃ​ទីក្រុង​សម័យ​បុរេប្រវត្តិសាស្ដ្រ​ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន មក​អធិប្បាយមាន​គោលដៅ​រួមចំណែក និង​ជួយ​ដល់​ការស្វែងយល់​អំពី​ឫសកែវ​ខ្មែរ​ក្នុង​ភូមិភាគ​នេះដែល​ដើមឡើយទីនោះ​ជា​ភាគ​មួយ​នៃ​ទឹកដី​កំណើត​របស់​ពូជសាសន៍​ខ្មែរ។​ ដូនតា​ខ្មែរ​ក្នុងសម័យ​បុរាណ​បាន​បាត់បង់​ភូមិភាគ​នេះ​ដោយ​ចាញ់​សង្គ្រាម។ នៅក្នុង​រវាង ១០០០​ឆ្នាំមុន​គ​.​ស មុន​ការផ្សព្វផ្សាយ​វប្បធម៌​ឥណ្ឌា ជនជាតិខ្មែរ​បាន​កសាង​ពេញ​ភូមិភាគ​នេះនូវ​ទីក្រុង​តូចធំ​ជាច្រើន ហើយ​ទីក្រុង​ដើម​ទាំង​នោះបាន​ក្លាយទៅជា​បុរី​នា​សម័យ​ឥណ្ឌូ​បនីយកម្ម។ ការណ៍​នេះ​មាន​សារៈសំខាន់​ណាស់​ដល់​ប្រវត្តិសាស្ដ្រ​ខ្មែរ ហើយ​មានន័យថាក្រុង​ខ្មែរ​ទាំងនោះបានកកើតឡើង​មុន​វប្បធម៌​បុរី​បែប​ឥណ្ឌា។​ [១២]

ជនជាតិ

កែប្រែ

ពលរដ្ឋ​កម្ពុជា ដែល​សម្គាល់ ឬ​ហៅ​ខ្លួន​ឯង​ថា​ជា​ជនជាតិ​ខ្មែរ​នោះគឺ​ជា​មនុស្ស​មួយ​ក្រុមក្នុង​ចំណោម​ពូជសាសន៍​ទក្សិណាស៊ី ហើយ​ដែល​បាន​មក​តាំង​ទី​រស់​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន នេះ​តាំង​ពី​សម័យ​យុគថ្ម​រំលីងគឺ​ប្រមាណ ១៥ ​សតវត្ស​មុន​គ្រិស្តសករាជ។ ឯកសារ​ខ្លះ​បញ្ជាក់​ថាមាន​ស្លាក​ស្នាម​តាំង​លំនៅ​នៅ​តំបន់​នេះ​ប្រមាណ ៥​ ពាន់​ឆ្នាំ​មុន​គ្រិស្តសករាជ​ឯណោះ។ ក្រុម​មនុស្ស​ទាំង​ឡាយ​ក្នុង​អំបូរ​អូស្ត្រូអាស៊ី នេះ​នៅ​មាន​រស់​រាន​រហូត​ដល់​សព្វថ្ងៃ​នៅ​ប្រទេស​ភូមា​ភាគ​ខាង​ក្រោមហើយ​និង​នៅ​តាម​ជួរ​ភ្នំ​អណ្ណាម។ ឯ​លក្ខណៈ​កាត់​ជាមួយ​ធាតុ​ម៉ុងហ្គោលគឺ​ជា​ការ​កើត​ឡើង​ថ្មីៗ​ខាង​ក្រោយ។ ក្នុង​ចំណោម​ជនជាតិ​ឥណ្ឌូចិន គឺ​ពួក​មនុស្ស​រស់​នៅ​ត្រង់​ចន្លោះ​ប្រទេស​ចិន និង​ឥណ្ឌា ប្រជាពលរដ្ឋ​ខ្មែរ​ជា​ជនជាតិ​ចាស់​ជាង​គេ ដែល​បាន​តាំង​ទី​លំនៅ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​សព្វថ្ងៃ​នេះគឺ​រហូត​មក​ដល់​សតវត្ស​ទី​១៣ នៃ​គ្រិស្តសករាជទាក់ទាញ​ដោយ​ដែន​ដីសណ្ដ​មាន​ជីជាតិ វាល​ទំនាប និង​សមុទ្រ​ផង ព្រម​ដោយ​ការ​រុញ​ច្រាន​របស់​ពួក​ម៉ុងហ្គោល​ពី​ប្រទេស​ចិនមក​ផងទើប​ជនជាតិ​យួន ជនជាតិ​សៀម និង​ភូមាបាន​លេច​មុខ​មក​នៅ​ក្នុង​តំបន់​ឥណ្ឌូចិននេះដោយ​ពួក​នេះ​បាន​វាយ​រុញ​ច្រាន​ជនជាតិ​ខ្មែរ និង​បង​ប្អូន​របស់​ខ្លួន គឺ​ជនជាតិ​មន អោយ​ខ្ទាត​ពី​តំបន់​វាល​ទំនាប​មេណាម និង​ពី​តំបន់​វាល​ទំនាប​ទន្លេ​ឥរាវតី

​ចំពោះ​ទឹកដី​កំណើត​និង​ជាតិ​សាសន៍ ដោយយោង​លើ​ទិន្នន័យ​មួយ​ចំ​នួន ដូចជា​កំណត់ហេតុ​ចិន និង​រឿងព្រេង​ខ្មែរ ពួក​ចិនដែល​ស្គាល់​ឥណ្ឌូចិន​តាំងតែ​ពី ២០០០​ ឆ្នាំមុន ដោយមាន​ពួក​អ្នកដើរ​សំពៅ​មក​ចុះចត​ជា​ញឹក​ញយផង​នោះ បាន​ហៅ​ទឹកដី​នៃ អាង​ទន្លេមេគង្គ​ខាងក្រោម​រហូតដល់​មាត់​ត្បូង​ថា វ្នំ។ បើតាម​ប្រជាជន​កម្ពុជា និង​តាម​រឿងព្រេងអ្នកស្រុក​បាន​ហៅ​ចំណែក​ដែល​ត្រូវ​នឹង​កម្ពុជា​សព្វថ្ងៃ​ថា គោកធ្លក ឬ​នគរ​គោកធ្លក។​ គឺ​ពេល​ក្រោយ​យូរ​មកទៀត ទើប​អ្នកស្រុក​ប្រែ​ហៅថា ស្រុក​ខ្មែរ​វិញ រួច​ក្រោយៗ​មកទៀត​ហៅ​កម្ពុជា​ជា​សំ​ស្ត្រឹ​ត​ថា កម្ពុជា ជា​ឈ្មោះ​ដែល​ជ្រើសរើស​ដោយ​ពួក​អ្នក​មក​ច្បាំង​ដណ្តើម​ស្រុក និង​អ្នក​ដែល​នាំ​អារ្យធម៌​ហិណ្ឌូ​មក​ផ្តល់​ឲ្យ។​ ​ប៉ុន្តែបើទោះជា​ឈ្មោះ​នោះ​ជា​ពាក្យ​ចិន ជា​ពាក្យ​របស់​អ្នកស្រុក ឬក៏​ជា​ពាក្យ​សំស្ក្រឹត​ក្តី ក៏​នៅ​ឥណ្ឌា​ភាគ​ខាងជើង​គេ​ស្គាល់​ប្រទេស​ខ្មែរក្រោម​ឈ្មោះថា សក្ក​ទ្វីប ឬ​ទឹកដី​របស់​ដើម​សកៈ គឺ​ដើម​ម៉ៃសាក់។ ដើម​ម៉ៃសាក់​ខុសគ្នា​ពី​ដើម​ធ្លក ក៏ប៉ុន្តែ​ដើមឈើ​ទាំង​២​មាន​ផ្លែ​ដូចគ្នា ដែល​ពួកក្មេងៗ តែងតែ​យកមក​កកេរ ហើយ​គេ​អាច​យកមក​ចម្រាញ់យកប្រេង​បាន។ បើ​ដូច្នេះគេ​អាច​ទទួលស្គាល់ថា ឈ្មោះ​ដែល​គេ​ដាក់​ឲ្យ​កម្ពុជា ទោះជា​ដាក់​ឲ្យ​ដោយ​ប្រជាជន​ខ្លួនឯង ឬក៏​ដាក់​ដោយ​ពួក​ហិណ្ឌូ​ក្តី គឺ​ពាក្យ​តែមួយ ហើយដោយ​ហេតុនេះ ប្រពៃណី​របស់​ប្រជាជន គឺ​ពិតជា​ត្រូវ​នឹង​សញ្ញាណ​របស់​ហិណ្ឌូ​ដែរ។ គួរ​កត់សំគាល់ថា នៅ​សតវត្ស​ទី​២ នៃ​គ្រិស្តសករាជ ពួក​ក្រិ​ក និង​រ៉ូ​ម ស្គាល់​ស្រុក​ខ្មែរដោយ​ផែនទី​របស់​ផ្តូ​លេ​មេ ដែល​គូសឡើង​តាម​ការនិទាន​របស់​អ្នកធ្វើដំណើរ​តាម​សមុទ្រ ផែន​ទីនោះ​ដាក់ឈ្មោះ​ឲ្យ​ថា ជា​ស្រុក​របស់​ពួក​លេ​ស្តៃ ដែល​ខុសគ្នា​ឆ្ងាយ​ណាស់​នឹង​ពាក្យ​កម្ពុជា។ លោក​វរសេនីយ៍ឯកហ្សេ​រី​នីបាន​សន្និដ្ឋានថា ឈ្មោះ​នេះ​មិនមែនជា​ឈ្មោះ​ដែលថា​តាម​ពាក្យ​អ្នកស្រុក​ដើម​នោះទេ តែ​គឺជា​ពាក្យ​ប្រែ​ទៅវិញ។ បើ​និយាយ​ដូច្នេះ លេ​ស្តៃ ជា​ពាក្យ​ក្រិ​ក​ដែល​មានន័យថា ចោរ ឬ​ចោរ​សមុទ្រ។ តែ​លោក​វរសេនីយ៍ឯកបាន​រំលឹកថាពាក្យ ​កម្ពុ ដែលមាន​នៅក្នុង​សិលាចារឹក​ជា​ឈ្មោះ​របស់​ទេវៈ​បុព្វបុរសរបស់ ​កម្វុស្វយម្ភុវ ដែល​មានន័យថា កម្វុកើតមានឡើង​ដោយ​ខ្លួន។ ហើយ​ពាក្យ​នេះ​ជា​ភាសា​សំ​ស្រឹ្ត​ត​មានន័យថា ចោរ ឬ​ចោរ​សមុទ្រ។ ដោយហេតុនេះ​លោក​វរសេនីយ៍​សន្និដ្ឋានថា ពាក្យ​ក្រិ​កថា លេ​ស្តៃ ត្រូវ​គ្នា​នឹង​ពាក្យ​ កម្ពុ ពាក្យ​ទាំងពីរ​ម៉ាត់​នេះ​មានន័យថា ចោរ​, ចោរ​សមុទ្រ ឬ​បើ​ហោចណាស់ ក៏​សំដៅយក​ពួក​អ្នក​ដែល​រស់នៅ​ជា​ក្រុម​ប្រដាប់​ដោយ​អាវុធ​ដែរ។ លោក​សន្និដ្ឋាន​បន្តទៀត​ថា នៅ​ស្រុក​នេះ អ្នកស្រុក​ប្រកបមុខរបរ​ជា​ចោរ​សមុទ្រ ឬ​បើ​ពុំ​នោះទេ ក៏ត្រូវ​ជា​កូនចៅ​របស់​មេចោរ​សមុទ្រ ឬ​ចោរប្លន់​តាម​សមុទ្រ​ណា​ម្នាក់ ដែល​បុគ្គលិកលក្ខណៈ បាន​រលុប​បាត់​តាម​វេលា​ទៅហើយនៅ​សតវត្សរ៍​ទី​៥។​ ទាំង​រឿងព្រេង ទាំងតាមទំនៀមទំលាប់ខ្មែរ និយាយថា ពួក​អ្នក​រស់នៅក្នុង​នគរ​គោកធ្លក​មានឈ្មោះ​ថា នាគ ដែល​ក្រោយមក​ដូរ​ជា​ខ្មែររួច​ជា​កម្ពុជា​វិញ។ តែ​វា​មាន​មូលហេតុ​ដែល​អាច​ឲ្យ​ជឿ បាន​ថា ពាក្យ នាគ នេះ មិនមែនជា​ឈ្មោះ​ដើម​ដែល​គេ​ហៅ​ខ្លួនគេ​នោះទេ ប៉ុន្តែ គឺជា​ពាក្យ​ដែល​ពួក​និ​រ​ប្រវេសន៍​ហិណ្ឌូ​ដាក់​ឲ្យ។ ពាក្យ​ដែល​គេ​ហៅ​ខ្លួនគេ​នោះគឺ​ប្រហែលជា​ពាក្យ​ដែល​មាននៅ​រហូតដល់​ស​ព្វ​ថ្ងៃ គឺ​ខ្មែរ​នេះឯង គ្រាន់តែ​ពាក្យ​នេះ មាន​សរសេរ​ប្លែកៗ​គ្នា ទៅតាម​ពេលវេលា ទីកន្លែង និង​តាម​គ្រាមភាសា​របស់​អ្នកស្រុក​នីមួយៗ គឺមាន​ពាក្យ ខម​, កៅ​មេ​, ក្មេ​ន​, ក្មី​, គិ​មី​, គួរ​, ក្មៀ​រ​, កុមារ ដែលជា​ពាក្យ​តាម​ភាសា​អ្នក​វិប្រជា​ដើម។​(ស្រដៀងខ្មែរហៅពួកអឺរ៉ុប ថាបារាំងៗដូច្នេះដែរ) នៅ​ចំពោះមុខ​ពួក​បរទេស​ហិណ្ឌូ ដែលមាន​អារ្យធម៌​ជឿនលឿន​ជាង​ពួក​អ្នក​រដ្ឋវាសី (​អ្នក​នៅក្នុង​រដ្ឋ​) ដែល​មិនសូវមាន​អាវុធ​ផង ហើយក៏​អាចជា​អ្នក​ចូលចិត្ត​សន្តិភាព​ជាង​ផង មិនបាន​វាយតប​ទេ គេ​ដកថយ​ទុក​កន្លែង​ឲ្យ​ពួក​នោះ តាំងទី​លំនៅ​កសាង​បានជា​ក្រុម​ឧ​ប​និវេសន៍​ពាណិជ្ជករ ដែល​ធ្វើដំណើរ​ចេញចូល​ស្រុក​ដោយ ស្ថិតនៅ​ដាច់ស្រឡះ​ពី​អ្នកស្រុក​ដើម តែ​ក្រោយមក​បានក្លាយ​ទៅជា​មេដឹកនាំ​ស្រុក​វិញ។​

​ក្រុម​ឧ​ប​និវេសន៍​ដំបូងៗ ជា​ក្រុម​ឧ​ប​និវេសន៍​ពួក​ជ្វា​មកពី​កោះ​ជ្វា ឬ​ពួក​ម៉ា​ឡេ​មកពី​កោះ​សមុទ្រៈ ដែល​បានទទួល​អារ្យធម៌​ហិណ្ឌូ​រួចមកហើយ។ ពួក​ឧ​ប​និវេសន៍​ដែល​មក​បន្ទាប់​ទៀត គឺ​ពួក​ហិណ្ឌូ​មកពី​រដ្ឋ​កលិង្គ។​ គេ​អាចនឹងទទួល​ស្គាល់​បាន​ដូចដែល​គេ​បានឃើញ​ពី​ខាងលើ រួចមកហើយ​ថា ពួក​ចាម​បាន​មកដល់​កម្ពុ​ជាមុន​កម្ពុ​ជៈ ដោយ​គ្មាន​ប៉ះពាល់​អ្វី​ដល់​ប្រវត្តិសាស្ត្រដែល​ផ្អែកទៅលើ​កំណត់ត្រា​របស់​ពួក​ចិនពីព្រោះថាកំណត់ត្រា​ទាំងនោះ មិនមែន​សុទ្ធតែ​រៀបរាប់​ប្រាប់​យើង​ទាំងអស់អំពី​អ្វីដែល​ចិន​បានដឹង​ពី​ប្រជាជន​ដែល​គេ​លើកឡើង​នោះទេ។​ ការដែល​ចង់​អះអាងថា ប្រវត្តិសាស្ត្រ​ដែល​ទាក់ទង​ទៅនឹង​រឿងព្រេង​ពីរ ដែល​យើង​បានដឹង គឺ​រឿង​ជ្វា​ព្រាហ្មណ៍ និង​រឿង ព្រះថោង​នាងនាគ ដែល​ខ្ញុំ​នឹង​រៀបរាប់​ខាងក្រោម គឺជា​រឿង​ដែល​កើតឡើង​បន្តបន្ទាប់​គ្នា នៅក្នុង​ក្សត្រ​ប្រទេស​តែមួយគឺ​ព្រះរាជាណាចក្រ​ខ្មែរពីព្រោះថានៅពេលនោះ​មាន​ក្សត្រ​ប្រទេស​ជាច្រើន​ទៀត​ក្រៅពីវ្នំ។ ជា​អវសាន ចំពោះ​យើង បញ្ហា​មហស្ចារ្យ​នៃ​ស្តេច​ចាម ដែល​ជនជាតិខ្មែរ​បាន​ចងចាំ​នោះ ដែលជា​រឿង​ហួស​និ​ស្ស័​យ​ក៏​មែនពិត ព្រោះ​ពុំមានភស្តុតាង​ច្បាស់លាស់​ណាមួយ​បញ្ជាក់​ពី​ភាពត្រឹមត្រូវ ក៏ប៉ុន្តែ​អ្វីដែល​សំខាន់​នោះគឺ​វា​ប្រហែលជា​ព័ត៌មាន​ជា​ប្រយោល​មួយខាង​ប្រវត្តិសាស្ត្រ ដែល​បង្ហាញ​នូវ​ទំនាក់ទំនង​វប្បធម៌​ដ៏​យូរលង់​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​រវាង​នគរ​វ្នំ និង​ជ្រោយ​មល​យូ និង​កោះ​ជ្វា​តែប៉ុណ្ណោះ​។​ ក្រោយពី​បាន​សិក្សា​ប្រព័ន្ធ​នៃ​ការរាប់​ចំនួន​ខ្មែរ លោក​ អាដេម៉ាដ៍​​​ ឡឺក្លែរ បាន​សន្និដ្ឋានថា ជនជាតិខ្មែរ និង​ព្នង គឺ​ក្នុង​អំបូរ​មនុស្ស​ខាង​ជាតិ​ពន្ធុ គឺ​អំបូរ​មន-ខ្មែរ ឬ​អូ​ស្ត្រូអាស៊ី​។ ក្នុង​អត្ថបទ​មួយ។[១៣] លោក​បាន​បញ្ជាក់ថា : ពួក​ខ្មែរគឺជា​សាសន៍​មួយ​មាន​ខ្សែស្រឡាយ​ជាមួយ​កុលសម្ព័ន្ធ​ព្រៃភ្នំ ហើយ​ជា​រដ្ឋវាសី ហើយ​រស់នៅ​ទឹកដី (​កំណើត​) របស់ខ្លួន​តាំងតែ​សម័យ​បុរេប្រវត្តិសាស្ត្រ​ម្ល៉េះ​។ ចំណែក​ពួក​មន​ដែល​បាន​បង្កើត​អាណាចក្រ​ទ្វារ​វតី ពួកគេ​បាន​បែក​ចេញពី​ខ្មែរដែលបាន​បង្កើត​រដ្ឋ​នគរ​វ្នំ ក្រោយពី​ការបែកបាក់​នៃ​រដ្ឋ​នេះ​នៅ​សតវត្ស​ទី​៦។ នេះ​បើ​សំអាង​លើ​ការសន្និដ្ឋាន​របស់លោកណៃ-ប៉ា​ហ្លា ក្នុង​អត្ថបទសរសេរ​នៅ​ឆ្នាំ​១៨៧២​ មួយ (Cf. Nai Pan Hla, The Khmer Bronze figurines in Burma, in The Guardian, Jan 25, Rangoon, 1972)។​ មុន​ការ​មក​នៃ​ជាតិ​ឥណ្ឌា​ដែល​បាន​ពាំ​នាំមក​ជាមួយ​នូវ​ការ​សាបព្រោះ​វប្បធម៌ លើ​ប្រជាជន​ខ្មែរ​នៅ​ភ្វូណាន ឬ​នគរ​វ្នំ។​ [១៤]

យោង​លើ​របកគំហើញ​ខាង​បុរាណវិទ្យា នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យកន្លងមកនេះនិង​ការសិក្សា​ប្រៀបធៀប​ខាង​ជាតិ​ពន្ធុវិទ្យា​បានបង្ហាញ​ថាវប្បធម៌​ខ្មែរ​មាន​ឫសគល់​ចាស់ជរាមាន​អាយុ​រាប់ពាន់​ឆ្នាំ​មុន​ការប្រាស្រ័យ​ទាក់ទងជាមួយ​ចិន និង​ឥណ្ឌា។​ជនជាតិ​ខ្មែរ​ ​ដែលរួម​ឈាមជ័រ​ជាមួយ​ជនជាតិដើម​ភាគតិច​ (បច្ចុប្បន្ន​នេះ​គេ​ហៅថា កុលសម្ព័ន្ធមន​-​ខ្មែររស់នៅ​តាម​តំបន់ខ្ពង់រាប) មាន​អត្ដ​សញ្ញាណ​របស់ខ្លួន​​ដូចជា លក្ខណៈ​រូបរាងកាយលំនៅដ្ឋាន ទំនៀម​ទំលាប់​ (ការ​ស្លៀកពាក់​ប៉ឹង និង​ការគោរព​ដូនតា ឬ​អ្នកតា) ក៏ដូចជា​វិស័យ​សិប្បកម្ម​ផងដែរ។ អ្វីៗ​ទាំងនេះ​ខុសពី​លក្ខណៈ​របស់​មនុស្សអំបូរ​ផ្សេងៗ។​ [១៥]


ជីវភាពមនុស្ស

កែប្រែ

បើតាមលោកអាយម៉ូនីញ៉េរកឃើញ នៅឆ្នាំ ១៩០១ បានឲ្យដឹងថាមនុស្សនៅសម័យសំរោងសែន គឺជាបុព្វបុរសខ្មែរសព្វថ្ងៃនេះ។ ដោយសិក្សាតាមបំណែកឆ្អឹងទាំងនោះ គេដឹងថាមនុស្សសម័យនោះមាឌមធ្យមតែមាំហើយមានចិញ្ចើមលយទៀតផង។

នៅយុគថ្មរំលីងគេដឹងថាមនុស្សចូលចិត្តរស់នៅក្នុងរូងភ្នំ (ភ្នំក្បាលរមាស-ភ្នំទាកទ្រាំង) រឺ លើខ្ពង់រាប (មនុស្សសម័យមេមត់)។ ក្រោយមកទៀតក៏មករស់នៅខាងជើងបឹងទន្លេសាប (សំរោងសែន-អន្លង់ផ្ដៅ) រឺ ខាងជើងបន្តិចទៀត (ម្លូព្រៃ)។ មនុស្សទាំងនេះសង់ខ្ទមពីឈើផុតដីដើម្បីចៀសសត្វសាហាវ និង ទឹកជំនន់។ ឈើដែលគេសង់ផ្ទះបានមកពីយកពូថៅថ្មធំៗកាប់។ ស្ថានីយ៍ជាច្រើនគេរកឃើញសំណល់ផ្ទះបាយដូចជា ខ្ចៅ ឆ្អឹងសត្វ ឆ្អឹងត្រី អំបែងក្អមឆ្នាំង។ល។ ប្រដាប់ប្រើប្រាស់វិញមាន ក្អម ចាន ឆ្នាំង ពូថៅថ្ម ប្រដាប់សំរាប់ដំស្បែកសត្វ

មនុស្សចេះធ្វើស្រែចាប់ពីទន្លេសាបរហូតដល់ម្លូព្រៃ ព្រោះគេបានរកឃើញកណ្ដៀវខ្លះធ្វើពីឆ្អឹងសត្វខ្លះពីលង្ហិន។ ពួកគេចិញ្ចឹមសត្វគោនិងជ្រូកសាច់សត្វក៏ជាអាហារចាំបាច់ដែរ ព្រោះគេរកឃើញចុងព្រួញ (១ធ្វើពីដែក ច្រើនទៀតធ្វើពីឆ្អឹង) និងការនេសាទត្រី (ផ្លែសន្ទូចធ្វើពីឆ្អឹង និងលង្ហិន)។

មនុស្សចេះត្បាញ គេរកឃើញត្រល់តែមិនដឹងពីវត្ថុធាតុដើមយកមកត្បាញទេ បើតាមប៉ាន់ស្មានគេថាជាកប្បាស

គេមិនដឹងពីជំនឿនៅជំនាន់នោះច្បាស់លាស់ទេ តែបើតាមការរំលាយសព គេស្មានមើលថាប្រហែលគេដាក់សពអង្គុយចោងហោង ហើយគេបំពាក់គ្រឿងអលង្ការឲ្យមាន កងដៃ និង ខ្សែក ជាដើម។[១៦]

វប្បធម៌

កែប្រែ

​​មុន​ឥទ្ធិពល​ឥណ្ឌានា​ដើម​ស​.​វ​ទី​១​នៃ​គ​.​ស ជនជាតិខ្មែរដែល​ស្ថិតក្នុង​អំបូរ​មន​-​ខ្មែរ ដែល​រស់នៅក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ខាងលើនេះ បាន​ស្គាល់​រួចមកហើយ​នូវ​ការសាងសង់​ផ្ទះសំបែង ភូមិ​ស្រុក ទីក្រុង (​ភូមិ​មូល​) ស្ថាបនា​ថ្ម​បញ្ឈរ និង​ថ្ម​ផ្តេក ពាក់ព័ន្ធ​ទៅ​និង​ជំនឿ​សាសនាបែប​ជី​វច​ល​រួចទៅហើយ​។ ហើយ​វិស័យ​ស្ថាបត្យកម្ម​ខាងលើ​នោះមាន​អាយុប្រមាណ​ជា ៣៥០០​ ឆ្នាំ​មកហើយ​។​ យ៉ាងណាមិញ ជនជាតិខ្មែរ​ក៏មាន​ភាសា​ប្រចាំ​ជាតិ​របស់ខ្លួន​រួចហើយ​ដែរ​។ មិនតែប៉ុណ្ណោះ ខ្មែរ​ក៏​ចេះ​បង្កើត​របាំ​ប្រជាប្រិយ​ដូចជា របាំ​ត្រុដ របាំ​ទន្សោង​៘ សំរាប់​ថ្វាយ​ដល់​វត្ថុ​សក្តិសិទ្ធិ ដូចជា​អារក្ស អ្នកតា ដែលជា​អ្នកថែរក្សា​ភូមិ​ស្រុក​ផងដែរ​។ ក្រៅពីនេះ ខ្មែរ​ក៏​ចេះ​បង្កើត​ភូមិ​ស្រុក​ដោយ​សង់ផ្ទះ​ខ្ពស់​ផុតពី​ដី សម្រាប់​ការពារ​សត្វ​សាហាវ និង​ទឹកជំនន់ ចេះ​ធ្វើ​ស្រែវស្សា និង​ចេះ​បញ្ចូល​ទឹក​ក្នុង​ស្រែ ចេះ​ប្រើគោ ក្របី​ជាយា​ន​ជំនិះ និងភ្ជួរស្រែ ចេះ​ធ្វើ​គ្រឿង​ភ្លេង ចេះ​ប្រើ​ទូក និង​ចេះ​ផ្សាំង​សត្វព្រៃ​អោយ​ក្លាយទៅជា​សត្វស្រុកដូចជា គោ ក្របី ដំរី ឆ្កែ មាន់​ជាដើម​។ ទន្ទឹមនឹងនេះ ក៏មាន​ការបូជា​សព​នៅ​ក្រោម​ផ្ទាំង​ថ្ម​ធំៗ ឬ​ដាក់​ក្នុង​ក្តារ​មឈូស​ឈើ និង​ក្នុង​ពាង ឬ​ក្រឡ​ធ្វើ​អំពី​ដី​ដុត​។ ដូចនេះ ខ្មែរ​មាន​វប្បធម៌ អារ្យធម៌​របស់ខ្លួន​រួចទៅហើយ​មុនពេល​ដែល​វប្បធម៌​ឥណ្ឌា​ហូរ​ចូលមក​។ ប៉ុន្តែ​ដោយ​ពុំទាន់​ស្ថិតក្រោម​ឥទ្ធិពល​សាសនា​ឥណ្ឌា ខ្មែរ​មិនទាន់មាន​ប្រាង្គ​ប្រាសាទ​បែប​ឥណ្ឌា​នៅឡើយ​។ ជា​ឧទាហរណ៍ ដូច​នៅ​ប្រទេស​ខ្មែរ នៅក្នុង​ភូមិភាគ​ខាងជើង​នៃ​ប្រទេស​លាវ និង​ថៃ​បច្ចុប្បន្ន ដែល​ពី​ដើម​ជា​ទឹកដី​ខ្មែរ យើង​ឃើញ​មាន​ថ្ម​បញ្ឈរ​ធំៗ​ដែល​បុព្វការី​ជន បាន​លើក​បញ្ឈរ​សំរាប់​តំណាង​ឲ្យ​ដួងព្រលឹង​ដូនតា ដែល​សណ្ឋិត​នៅ​។ នៅ​ទីនោះ យើង​បានឃើញ​មានការ​ចាំង​ថ្ម​ធ្វើជា​ពាង​ធំៗ សំរាប់​បញ្ចុះសព ព្រមទាំង​ក្តារ​មឈូស​ថ្ម​ផងដែរ​។​ ក្រៅពីនេះ ក៏មាន​ការ​ចោះ​ភ្នំ​ដើម្បី​ធ្វើជា​កន្លែង​បញ្ចុះសព​ផងដែរ​។ នេះ​ស​ឲ្យ​ឃើញ​ជា​ប្រយោល​ថា មានការ​ប្រើប្រាស់​នូវ​ឧបករណ៍​ធ្វើំ​ពី​ដែកនា​សម័យ​នោះដើម្បី​កិច្ចការ​ខាងលើ​ដោយ​ឥត​ប្រកែក​បាន​។ ប៉ុន្តែ​សំណង់​ស្ថាបត្យកម្ម​សំខាន់​ជាងគេ​គួរ​ឲ្យ​កត់សំគាល់​នោះគឺ​ទីក្រុង​ដែលជា​ទីប្រជុំជន​ធំៗ ដែលមាន​អង្កត់ផ្ចិត​ជិត ១០០០ មាត្រ ធ្វើ​អំពី​ដី​លើកនៅក្បែរ​ទីក្រុង​ភ្នំពេញ និង​នៅ​ខេត្តកំពង់ចាម ឬ​នៅ​ខ្ពង់រាប​នគររាជ​បច្ចុប្បន្ន​ជាដើមដែល​ឆ្លុះបញ្ចាំង​នូវ​ភាព​បរម​បុរាណ​របស់​ខឿនវប្បធម៌​ខ្មែរ​សុទ្ធសាធនា​សម័យមុន​ប្រវត្តិសាស្ត្រ​។​ ​ទោះបី​ខ្មែរ​បាន​យក​ទ្រឹស្តី​លោកធាតុ​វិទ្យា​ឥណ្ឌា​មក​ធ្វើជា​រូបមន្ត សំរាប់​ស្ថាបនា​ប្រាង្គ​ប្រាសាទ​យ៉ាងណាក៏ដោយ ក៏​ខ្មែរ​យើង​បា​នប​ញ្ជូ​ល​នូវ​ទស្សនវិជ្ជាដូនតាបែប​ជី​វច​ល​និយមក្នុង​សំណង់​ស្ថាបត្យកម្ម​ដែរ​។ មានន័យថាសំណង់​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ​ដែល​ធ្វើតាម​រូបមន្ត​ឥណ្ឌាមិនបាន​បាត់បង់​នូវ​លក្ខណៈ​ខ្មែរ​ទាំងស្រុង​ទេ​។ ស្ថាបត្យករ​ខ្មែរ​បាន​បញ្ចូល​នូវក្នុង​មូលនិធិ​សាសនា​នូវ​ព្រលឹង​របស់ខ្លួន​ថែមទៀត​ផង​។ គឺ​លើ​មូលដ្ឋាន​នៃ​លោកធាតុ​វិទ្យា​នេះហើយ ដែល​បុព្វការី​ជន​ខ្មែរ​គ្រប់​សម័យកាល​បាន​សាងសង់​ប្រាង្គ​ប្រាសាទ​ជាទីគោរព​សក្ការៈ ដើម្បី​តំកល់​ព្រះ​ទេវរូប​តូច ធំ ទាំងឡាយ​នៃ​ទេវ​កថា​វិទ្យា​ឥណ្ឌា ឬក៏​បុព្វការី​ជន​របស់ខ្លួន​ដែល​តំណាង​ក្រោមរូបភាព​នៃ​ចំលាក់​អាទិទេព​ឥណ្ឌា​។​ ដូចនេះ ពី​ការ​គោរពបូជា​ថ្ម ភ្នំ​ធម្មជាតិ ដែល​គេ​ជឿថាមាន​បារមី ឬ​ព្រលឹង​សណ្ឋិត​នៅ ឬ​កាន់ឥឡូវនេះ “​ថ្មដុះ​” ឬ​ថ្មអ្នកតា​ទាំងនោះ បានក្លាយ​ទៅជា​ព្រះ​សិវលិង្គ ដែលជា​អង្គ​ជាតិ​ព្រះ​សិវ​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា (​សាសនា​ចំណូល​ថ្មី​)​។ ហើយ​ដើម្បី​រក្សា​នូវ​ថាមពល ឬ​មហិទ្ធិឫទ្ធិ​អរូបី​ទាំងនោះ ដែលជា​ប្រភព​នៃ​ជីវិត គេ​ក៏​សាងសង់​ប្រាសាទ​បែប​ឥណ្ឌា ហ៊ុំព័ទ្ធ​ជុំវិញ​ដូច​ករណី ប្រាសាទ​ថ្មដុះ នៅ​ខេត្តតាកែវ ឬ​ប្រាសាទភ្នំ​ប្រ​សិ​ទ្ធិ នៅ​ខេត្តកណ្តាល​ជាដើម​។ នេះ​ស​ឲ្យ​ឃើញ​នូវ​ឯកភាព​ផ្នែក​និមិត្តរូប​រវាង​ថ្មភ្នំ​ធម្មជាតិ និង​ព្រះ​សិវលិង្គ ដែល​គេ​តំកល់ក្នុង​ប្រាសាទ​ឥដ្ឋ ឬ​ថ្ម​។ [១៧]

យើង​ក៏បាន​រកឃើញ​ជា​លើកដំបូង​បង្អស់​ថា គេ​ពុំ​អាច​ផ្តាច់​ខឿនវប្បធម៌​ខ្មែរ ទាំង​រូបី​ និង​អរូបី​ ចេញពី​ខឿនវប្បធម៌​នៃ​សហគមន៍​មន​-​ខ្មែរ ឬ​ខ្មែរ​ដើម (Proto-Khmer) ជាដាច់ខាត​។ ព្រោះ​មូលហេតុ​ជាតិពន្ធុ​។ ពាក្យ​ខ្មែរ​ដើម​នេះត្រូវបាន​មានន័យ​ប្រ​​ហាក់​ប្រហែល​នឹង​ពាក្យ​បារាំង Khmer des origines ដែល​មានន័យ​ខុសគ្នា​ទាំងស្រុង​ទៅនឹង​ពាក្យ Pré-Khmer ដែល​មានន័យថា មុន​-​ខ្មែរ​។ យើង​មិន​យល់ស្រប​នឹង​មតិ​របស់​អ្នកស្រាវជ្រាវ​ខ្លះ ដែលថា បុព្វការី​ជន​ខ្មែរ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ មិនមែនជា​ជនជាតិខ្មែរ​ដើម (Proto-Khmer) ព្រោះថា ពាក្យ​ខ្មែរ​ដើម គឺជា​ពាក្យ​ប្រឌិត​។ ចំពោះ​យើង យើង​នៅតែ​ជឿថាកុលសម្ព័ន្ធ​មន​-​ខ្មែរ នា​សម័យ​បុរេប្រវត្តិសាស្ត្រ ក៏​ដូច​នា​សម័យ​ទំនើប គឺជា​ខ្មែរ​ដើម ទោះបី​ពួកគេ​មិនបាន​ទទួល​ឥទ្ធិពល​មកពី​ក្រៅ​ក្តី​។​ ការ​រំឭក​ប្រភព​នៃ​ជនជាតិខ្មែរមាន​សារៈសំខាន់​ណាស់ដោយហេតុថាជនជាតិខ្មែរ​សព្វថ្ងៃនេះ ពិតជា​បាន​បន្តវេន​ពី​សហគមន៍​មន​-​ខ្មែរ នា​សម័យ​បុរេប្រវត្តិសាស្ត្រ​យ៉ាង​ប្រាកដ ពោលគឺមិនមែនជា​អន្តោប្រវេសន៍ ហើយ​កំពុង​រស់នៅ​លើទឹក​ដី​ដូនតា​តាំងពី​សម័យមុន​ឥណ្ឌូ​រូបនីយកម្ម​ម្ល៉េះ​។ ហេតុដែល​យើង​លើក​បញ្ហា​នេះ​ឡើងគឺមាន​គោលដៅតែមួយគត់ គឺ​ធ្វើ​ឲ្យ​ការស្រាវជ្រាវ​អំពី​ប្រភព​នៃ​ជំនឿ​សាសនា​ខ្មែរ​ដើមនិង​ខ្មែរ​ឥណ្ឌា​និយមឲ្យ​មាន​សន្ទុះ​ថ្មី​ឡើងវិញ​។ យោងតាម​និយមន័យ​ដែល​យើង​ទើបតែ​លើក​ខាងលើនេះ ពាក្យ​ខ្មែរ​ដើម (Proto-Khmer) ពិតជា​សមស្រប​តាម​បរិបទ​សង្គម​វប្បធម៌​ខ្មែរ និង​ជាតិពន្ធុ​។ កុំភ្លេចថា ពួក​កុលសម្ព័ន្ធ​មន​-​ខ្មែរ​ទាំងនោះ ពិត​ជារួម​ឈាមជ័រ​ជាមួយ​ខ្មែរ​យ៉ាងពិត​ប្រាកដ ដូច​ករណី​ប្រភេទ​ឈាមអេម៉ូក្លូប៊ីន-E ជា​សក្ខីភាព​ស្រាប់​។ ម្ល៉ោះហើយ គេ​ពិតជា​ពិបាក​បែងចែក​ឲ្យ​ដាច់ពីគ្នា​រវាង​ជំនឿ​ជនជាតិភាគតិច ដែល​រស់នៅក្នុង​ឧបទ្វីប​ឥណ្ឌូចិន និង​ជនជាតិខ្មែរ​។ ខឿនវប្បធម៌​ទាំងពីរ មន​-​ខ្មែរ និង​ខ្មែរនាគ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ តែងតែ​ជាប់​ពាក់ព័ន្ធ​គ្នា​ជានិច្ចកាលព្រោះ​មាន​ប្រភព​តែមួយ បើទោះបីជា​ត្រូវបាន​ឃ្លាត​ពីគ្នា​ដោយ​ព្រឹត្តិការណ៍ឥណ្ឌូ​បនីយកម្ម​យ៉ាងណាក៏ដោយ​។ ជាក់ស្តែងហើយ​ជាស​កម្ម​ផង យើង​សូម​ពិនិត្យក្រៅពី​ភាសា ទំនៀមទំលាប់​មួយចំនួន ដូចជាការប្រើ​បំពង់​បឺត​ស្រា ឬ​ទឹក​ ការកាប់​ក្របី​ថ្វាយ​អ្នកតា​ ការប្រើ​ឧបករណ៍​ភ្លេង​ម៉ឹម​ ការនិយម​ប៉ឹង និង​សំពត់ ការលែង​ខ្លួនប្រាណ​នៃ​ភេទ​ទាំងពីរ​៘ ​គួរ​កត់សំគាល់ថា ទស្សនៈ​របស់​ខ្មែរ និង​ខ្មែរ​ដើម ឬ​ខ្មែរលើទាក់ទង​និង​វិស័យ​ជំនឿគឺ​ពិត​ជាមាន​លក្ខណៈ​ជា​ជំនឿ​បែប​ជី​វច​ល ឬ​ព្រលឹង​និយមដែល​គេ​ពុំ​អាច​ផ្តាច់​ចេញពី​ជំនឿ​លើ​បុព្វការី​ជន និង​ការ​ចាប់ជាតិ​ឡើងវិញ​ជាដាច់ខាតព្រោះ​វា​ជា​ជំនឿ​របស់​អ្នក​ម្ចាស់​ស្រុក​ផ្ទាល់ ដែលមាន​លក្ខណៈ​ធម្មជាតិ​។ ដោយ​មូលហេតុ​ខាងលើ​នេះហើយបានជា​វប្បធម៌​មូល​ដ្ឋា​នគ្រឹះ​របស់​ជនជាតិខ្មែរ​ដើម និង​ជនជាតិខ្មែរ​ត្រូវបាន​ផ្តើមចេញពី​ទស្សន​វិជ្ជា​ខាងលើនេះ ដែលមាន​ជំនឿ​លើកំលាំងធម្មជាតិ និង​ព្រលឹង​ដូនតា ដែលជា​ជំនឿ​តរបស់​អ្នកស្រុក​អាយ​ជា​មូលដ្ឋាន​ដ៏​រឹងមាំ​។​ ជនជាតិ​មន​-​ខ្មែរ ដូចជា ជងព្នងរដែកួយ​ ព័របា​ណា​៘ និង​ខ្មែរ ក្នុង​ឧបទ្វីប​ឥណ្ឌូ​-​ចិន គឺជា​ជនជាតិ ដែល​ស្ថិតក្នុង​អំបូរតែមួយ ទាំង​ភាសា ទាំង​ជំនឿ​សាសនា ទោះបី​មាន​លក្ខណៈ​ខុសប្លែក​ពីគ្នា​ជាច្រើន​អន្លើ​ក្តី តាម​ស្ថានភាព​ភូមិសាស្ត្រ សង្គម​ជាក់ស្តែង របស់​តំបន់​នីមួយៗ​ក៏ដោយ​។ ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការស្រាវជ្រាវ​ខាង​ជាតិពន្ធុវិទ្យា មិន​ដូច​នឹង​សម័យមុន​ទេ ដោយ​មិន​គាំទ្រ​ទស្សនទាន​របស់​អ្នកស្រាវជ្រាវដែល​ជឿថាមាន​វប្បធម៌​ខ្ពស់ និង​វប្បធម៌​ទាប ជំនឿ​ល្អ និង ជំនឿ​អាក្រក់​នោះទេ​។ លទ្ធផល​ស្រាវជ្រាវ​នាបច្ចុប្បន្ន​ភាព​បានទទួល​ស្គាល់​នូវ​លក្ខណៈសម្បត្តិ​បុគ្គល​នៃ​វប្បធម៌​នីមួយៗ ឬ​សមភាព​រវាង​វប្បធម៌​ទាំងឡាយ ដែល​ត្រូវបាន​ប្រសូត្រ​ឡើង​នៅលើ​ដែនដី​យើង​នេះ​។ ឧទាហរណ៍ ជនជាតិ​មួយដែល​ខ្សត់​ផ្នែក​សំភារៈអាចមាន​ឧ​ត្ត​ម​គតិ សីលធម៌ មេត្តាធម៌​យ៉ាង​ខ្ពង់ខ្ពស់​ជាទីបំផុត ជាង​ប្រទេស​ឧស្សាហកម្ម​។​ ​ ​ ​បើ​និយាយ​មួយបែប​ទៀត ពិនិត្យ​លើ​និមិត្ត​រូបភាព​ដែល​យើង​បាន​វិភាគ​ទិដ្ឋភាព​រួម​ជាទូទៅ​ពីមុន ជំនឿទាំងពីរ​នេះ​អាច​ប្រៀបផ្ទឹម​ទៅនឹង​ភាព​ផ្ងា និង​ផ្កាប់​នៃ​កាក់​តែមួយ​ទេ​។ យើង​ចង់​និយាយ​បញ្ជាក់ថា មូលហេតុ​ពិត​នៃ​ជំនឿ គឺ​កើតចេញពី​កត្តា​សីលធម៌ ដែល​ធ្វើ​ឲ្យ​ជីវិត​មានន័យ សង្គម​មាន​សណ្តាប់ធ្នាប់​។ ដូច្នេះ សំរាប់​យើង​ពាក្យ​ជំនឿ​អកុសល ឬ​អ​បី​ជំនឿ មិនមាន​ភាពត្រឹមត្រូវ ឬ​មាន​ភាពសមស្រប​ប៉ុន្មាន​ទេ​។​ [១៨]

​ក្នុង​ដំណើរ​ចុះទៅ​សិក្សា​ស្រាវជ្រាវ​អំពី​កេរ្តិ៍ដំណែល​វប្បធម៌​ដែល​ស្ថិតក្នុង​តំបន់​ជើងឯក​ក្បែរ​រាជធានី​ភ្នំពេញកាលពី​ខែ វិច្ឆិកា​ ឆ្នាំ ២០០៨ យើង​ក៏បាន​ជួប​នូវ​វត្តមាន​របស់​គ្រឿង​ប្រើប្រាស់​ធ្វើ​អំពី​ថ្ម ដែល​អ្នកស្រុក​បាន​រក​ឃើញ​ក្នុងពេល​ភ្ជួរស្រែ​។ ឧបករណ៍ប្រើប្រាស់​ទាំង​នោះ រួមមាន​ពូថៅ​ធ្វើ​អំពី​ថ្មរំលីង​ចំនួន​ ៥ ដែល​ស្ថិត​ក្នុងសម័យ​បុរេប្រវត្តិសាស្ត្រព្រមទាំង​កុលា​ល​ភាជន៍​មួយដែលជា​កុណ្ឌី​នា​សម័យ​វប្បធម៌​នគរ​វ្នំ រវាង​ស​.​វ​ទី​៤-៥​នៃ​គ​.​ស​។​ ទន្ទឹមនឹង​នេះដែរ យើង​បានឃើញ​ចំលាក់យោនី​នាង​ឱ​មា​មួយ​នៅ​ខ្ទម​អ្នកតា​ដែល​អ្នកស្រុក​ចាត់ទុកថាជា​វត្ថុ​សក្តិ​សិទ្ធិជាទី​សក្ការៈបូជា​។ តាមពិតទៅ​ចំលាក់​ថ្ម​នេះ​ត្រូវបាន​គេ​រកឃើញ​នៅលើ​ទួលប្រាសាទ​ឥដ្ឋ​មួយ​បាក់បែក​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​នោះ ក៏ប៉ុន្តែ​ឥឡូវ​ត្រូវគេ​បំផ្លាញ​ដើម្បី​យក​ទីធ្លា​ធ្វើ​ចំការ​។ យើង​បាន​ជួប​បំណែក​កុលា​ល​ភាជន៍​ជាច្រើន​ឥត​គណនា ក៏ប៉ុន្តែ​យើង​ពុំ​អាច​សន្ម​ត​ថា មួយណា​នា​សម័យ​បុរេប្រវត្តិសាស្ត្រ ហើយ​មួយណា​ទៀត​ស្ថិតក្នុង​យុគ​វប្បធម៌​វ្នំ​ចេនឡា​។ យ៉ាងណាមិញ យើង​ក៏បាន​ជួប​បំណែកចានឆ្នាំងនា​សម័យអង្គរព្រមទាំង​ឡ​បុរាណ​មួយចំនួន​ផងដែរ​។ ដោយ​ដំណើរ​របស់​យើង ដែល​អមដោយ​លោកតែ​ល-ពិសិដ្ឋ និង​លោកសិង្ហ​គា មាន​រយៈពេល​ខ្លី​ពេក យើង​ពុំ​អាច​ទៅ​មើល​ទីតាំង​ឡ​បុរាណ​មួយចំនួន ដែល​លោកផុន-កសិកា បានធ្វើ​កំណាយ​តាម​វិធីសាស្ត្រ​កន្លងមក​។​ បើ​យើង​សម្អាង​លើ​វត្តមាន​របស់​អាវុធ​ធ្វើ​អំពី​ថ្ម​រំលីង ទោះបីជា​មិនបាន​ស្គាល់​ស្រទាប់ដី​វប្បធម៌​យ៉ាង​ប្រាកដ​ក៏ដោយ យើង​អាច​អះអាង​យ៉ាង​ត្រឹមត្រូវ​ថា ភូមិ​មូល​នៅ​ម្តុំ​វត្ត​ជើងឯក​ខាងលើនេះ មិនមែន​ត្រូវបាន​ស្ថាបនា​ឡើង​នា​សម័យវ្នំ ពីស​.​វ​ទី​១ ដល់​ដើមទី​៧ នៃ​គ​.​ស​នោះទេ​។ ក៏ប៉ុន្តែ​រវាង​៤០០ ដល់ ១០០​ឆ្នាំ មុន​គ​.​ស​។ មានន័យថា អាយុកាល​នៃ​មូលនិធិ​សង្គម​ដ៏​ធំ​នេះ ត្រូវបាន​កំណត់​បាន​ដោយ​ការសិក្សា​ប្រៀបធៀប​ទៅនឹង​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ពីមុនដោយ​លោកហ្គ្រោ​លី​យេ​។ រីឯ​វ័យ​ចំណាស់​នៃ​កុលា​ល​ភាជន៍​មួយចំនួន យើង​ពុំ​អាច​កំណត់​បាន​ទៅឡើយទេ លើកលែងតែ​ករណី​កុណ្ឌី​ចេញ ដែលជា​ឥទ្ធិពល​មកពី​អង្គរបុរី ហើយ​ត្រូវបាន​ផលិត​តាម​លំនាំ​ឥណ្ឌា​។ បើ​និយាយ​ឲ្យ​ចំ​ទៅយើង​អាច​សន្មត​អាយុកាល​បាន លុះត្រាតែ​មានការ​សិក្សា​ស៊ីជំរៅ​នៅ​ថ្ងៃក្រោយ​បន្ថែមទៀត​។ ព្រោះថាស្លាកស្នាម​វប្បធម៌​ទាំងនោះ​មិនបាន​ស្ថិតនៅក្នុង​ស្រទាប់ដី​វប្បធម៌ ពោលគឺ​នៅ​រាយប៉ាយ​លើដី ក្រៅ​បរិបទ​វប្បធម៌​។​ ​ទោះបីជា​ពូថៅ​ថ្ម​រំលីង​ខាងលើនេះ ស្ថិតក្នុង​បរិវេណ​នៃ​ភូមិ​មូល​ក្តី ក៏ប៉ុន្តែ​ដោយសារ​ឧបករណ៍ប្រើប្រាស់​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​ទាំងនោះ ស្ថិត​ក្រៅ​បរិបទ​វប្បធម៌ ពោលគឺ​ពុំ​ត្រូវបាន​រកឃើញ​ក្នុង​ស្រទាប់ដី​វប្បធម៌ ដោយ​ការធ្វើ​កំណាយ​បែប​វិធីសាស្ត្រ យើង​ពុំទាន់​មានលទ្ធភាព​នឹង​កំណត់​ចំណាស់​នៃ​ភូមិ​មូល​នៅ​ម្តុំ​វត្ត​ជើងឯក​នៅឡើយ​។ អ្វីដែល​យើង​អាច​ប៉ាន់​ស្មានថាគឺ​ស្ថានីយ៍​ជើងឯក​ខាងលើនេះ ដែល​ប្រហែលជា​ត្រូវបាន​ប្រសូត​ចេញ​យ៉ាងហោចណាស់​ក៏​រវាង​ស​.​វ​ទី​៣ និង​ទី​២​មុន​គ​.​ស បានអូសបន្លាយ​រហូត​ដល់​ដើម​សម័យ​ប្រវត្តិសាស្ត្រ ដែល​ធាតុ​ឥណ្ឌា​បាន​ចាក់​ឫសកែវ​យ៉ាង​ផូរផង់​។[១៩]

ឧបករណ៍ប្រើប្រាស់

កែប្រែ

យើងឃើញថាវត្ថុទាំងនោះធ្វើពីថ្មរំលីងលាយនិងវត្ថុធ្វើពីលោហធាតុ

 
ផ្លែសន្ទូចធ្វើពីលង្ហិន

ដូច្នេះយើងអាចសន្និដ្ឋានថាខ្មែរយើងមិនមានព្រំដែនច្បាស់លាស់ រវាងយុគថ្ម និងយុគលោហៈទេ។ ចំណែកដែកគឺមានតែពន្លាកមួយគត់ ដូច្នេះគេអាចសន្និដ្ឋានមនុស្សនៅជំនាន់នោះមិនទាន់ចេះស្លដែកទេ ហើយបានរៀនបច្ចេកទេសពីឥណ្ឌា ដោយសង្កេតឃើញពួកកួយនៅចេះប្រើប្រាស់ស្នប់ស្លដែក ដូចគេឃើញមានប្រើក្នុងរដ្ឋឧរិស្សរបស់ឥណ្ឌានៅឡើយ។ គេឃើញវិធីសែនព្រេនរបស់ពួកកួយគេធ្វើតាមបែបសាសនាព្រាហ្មណ៍ដែរ។ នៅឆ្នាំ ១៩០១ គេរកឃើញលលាដ៍ក្បាល ១ នៅសំរោងសែន ដែលអ្នកវិទ្យាសាស្ត្របានអះអាងថាមានរាងមូល ដូចជាលលាដ៍ក្បាលមនុស្សខ្មែរសព្វថ្ងៃ ដែលមានសន្ទស្សន៍លលាដ៍ ៨៣,៦... ហើយដែលជាមនុស្សដែលមិនទាន់ទទួលឥទ្ធិពលបូជាសពតាមបែបឥណ្ឌានៅឡើយ។ បើតាមកំពស់ដីល្បប់ ៥ ម គ្របលើស្ថានីយ៍សំរោងសែនអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាមានអាយុកាលប្រហែល ១០០ រឺ ២០០ ឆ្នាំមុនគ.ស។

ស្ថានីយ៍ព្រែកឆ្លូង (ស្រុកមេមត់ ខេត្តកំពង់ចាម) គេរកឃើញនៅឆ្នាំ ១៩២០ ដោយលោក B.P.Groslier លោកបានសិក្សាពីលើអាកាសតាមយន្តហោះលើដីរាងមូលចាប់ ពីខេត្តឡុកនិញ វៀតណាមមកកាន់ឡាបានសៀក លោកសង្កេតមានឃើញរាយប៉ាយមកដល់តំបន់ដីក្រហមនៃចំការកៅស៊ូធំៗ។

 
ចានជើងធ្វើពីឥដ្ឋ

លោកបានចាត់ទុកថាទីនោះជាទីលំនៅរបស់ជនជាតិខ្មែរដើម។ ដូច្នេះដើម្បីបញ្ជាក់នៅអំណះអំណាងនេះ លោកក៏ជ្រើសរើសព្រែកឆ្លូង ជាការធ្វើកំណាយ។ លោកបានរកឃើញវត្ថុធ្វើពីថ្មនិងគ្រឿងចានឆ្នាំង។ លោកថានេះគឺជាជំរុំដែលមានការការពារយ៉ាងម៉ត់ចត់មាំមួន។ លោកបានវាស់កំពែងព័ទ្ធជុំវិញ (មានវិជ្ឈមាត្រ ២០០ ម) មានច្រកផ្លូវចូលពីរ ដែលមានអាយុកាលពី ១៥០០ ដល់ ៥០០ ឆ្នាំមុនគ.ស។ ប្រដាប់ប្រដាដែលធ្វើពីថ្មរំលីងមានរាងជាពងខ្លះជាចតុមុំខ្លះ យកតាមរបស់ធ្វើពីលង្ហិនគ្រឿងចានឆ្នាំងមានក្បាច់ល្អវិចិត្រ ក្រោយមកបែរជាគ្មានក្បាច់លំអអ្វីសោះ។ វត្ថុទាំងនេះជាស្នាដៃខ្មែរដើមដែលមិនទទួលឥទ្ធិពលពីឥណ្ឌា

ល្អាងស្ពានគឺស្ថិតនៅខេត្តបាត់ដំបងនៅឆ្នាំ ១៩៦៦ ដល់ ១៩៦៩ លោក និង លោកស្រី Mourer ជាសាស្ត្រាចារ្យ មហាវិទ្យាល័យបុរាណវត្ថុវិទ្យា និង និស្សិតបានចូលរួមធ្វើកំណាយនៅរូងភ្នំល្អាងស្ពាន នៅភ្នំទាកទ្រាំងចម្ងាយពីអណ្ដើកហើប បាត់ដំបង ៥ គ.ម។ គេរកវត្ថុជាច្រើនមានប្រមាណចំនួន ២០០០ រួមមាន គ្រឿងធ្វើពីថ្ម សំណល់ផ្ទះបាយ សាកសពសត្វល្អិត បំណែកគ្រឿងចានឆ្នាំង ឆ្អឹងសត្វ (Rhinoceros Sondaicusm Desm) និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃ និង ដងកាំបិត)។ វត្ថុទាំងនេះត្រូវបានបញ្ជូនទៅបារាំងដើម្បីធ្វើការសិក្សា។ ដុំធ្យូងជាច្រើនរកឃើញនៅស្រទាប់លើគេបានកំណត់កាលបរិច្ឆេទដោយវិធីវិទ្យុសកម្ម (C ១៤) ៖

  • ស្រទាប់ទី១ = ១ ២០០ BP (៧៥០ ក្រោយគស.)
  • ស្រទាប់ទី២ = ៤ ២០០ BP (២០៥០ មគ.ស)
  • ស្រទាប់ទី៣ = ៦ ២៥០ BP (៤២៩០ មគ.ស)

ភ្នំក្បាលរមាសជាលំនៅរបស់មនុស្សបុរេប្រវត្តិ ដែលមានអ្នកវិទ្យាសាស្ត្រពីរនាក់ធ្វើការរុករកក្នុងរូងភ្នំនេះ នៅខេត្តបាត់ដំបងគឺលោក (កាបូណេល) Carbonnel និង (ដាលីប្រ៊ីយ៉ាស) Dalibrias នៅចន្លោះឆ្នាំ ១៩៦៦ និង ១៩៦៩។ នៅទីនោះពួកគាត់បានរកឃើញគ្រឿងចានឆ្នាំងដែលមានអាយុ ៣៤២០ ឆ្នាំមគ.។[២០]

នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​ក្នុង​ការ​កាប់​ឆ្ការ​ព្រៃ​ស្បាត រាន​ដី​ធ្វើចំការ ដើម្បី​ពង្រីក​ដំណាំ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា គេ​បាន​រក​ឃើញ​ភូមិ​មូល ជា​ភូមិ​សម័យ​បុរេប្រវត្តិ ដែល​មាន​គ្រឹះ​នៅ​សល់​ដែល​យើង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់។ ក្នុង​ចំណោម​ភូមិ​ទាំង​នោះ ភូមិ​មួយ​ត្រូវ​គេ​បាន​រក​ឃើញ​នៅ​មេមត់ ដែល​យើង​អាច​ឃើញ​ច្បាស់​នូវ​កំពែង ឬ​ជញ្ជាំង​ក្រាស់ ហើយ​ខ្ពស់ ធ្វើ​អំពី​ដី​មាន​រាង​ជា​រង្វង់​មូល ដែល​មាន​វិជ្ឈមាត្រ​ខាង​ក្រៅ​រហូត​ដល់ ២០០​ម៉ែត្រ ហើយ​មាន​ផ្លូវ​ចូល​ពីរ។ ភូមិ​មូល​ពី​សម័យ​បុរេប្រវត្តិ​នេះ ការពារ​ដោយ​គូ​ទឹក​សង​ខាង ហើយ​គូ​ទឹក ឬ​រណ្ដៅ​នោះ មានជំរៅរហូត​ដល់ ៦​ម៉ែត្រ​នៅ​ឡើយ​សព្វថ្ងៃ​នេះ។ គេ​បាន​រក​ឃើញ​រោង​ជាង ឬ​កន្លែង​កាត់​បំបែក​ថ្ម និង​ដុស​រំលីង ឬ​ខាត់​ថ្ម ដែល​មាន​សំណល់​វត្ថុ​ផ្សេងៗ​យ៉ាង​ច្រើន​សន្ធឹក​ធ្វើ​អំពី​ថ្ម​រំលីង ព្រម​ទាំង​មាន​បំណែក​ចាន ឬ​ក្រឡ ឬ​ហៅ​ម៉្យាង​ទៀត​ថា កុលាលភាជន៍​យ៉ាង​ច្រើន​នៅ​ទី​នោះ។ តាម​ការ​ស្រាវជ្រាវ​ថ្មីៗ​បន្ថែម​ទៀត ដោយ​ប្រើ​ប្រព័ន្ធ​ផ្កាយ​រណប​ថត​ពី​ទី​អវកាស​មក មន្ទីរ​ពិសោធន៍ណាសា (NASA) នៃ​សហរដ្ឋ​អាមេរិកបាន​ប្រកាស​ថាបាន​រក​ឃើញ​ភូមិ​មូល​សម័យ​បុរេប្រវត្តិ​យ៉ាង​ច្រើន​នៅ​តំបន់​សៀមរាប​អង្គរផង​ដែរ។ ថ្វី​ត្បិត​ថាការស្រាវជ្រាវលើ​សិល្បៈ​គំនូរតាម​ច្រាំង​ថ្ម ឬ​គុហាពុំទាន់​ត្រូវបាន​អនុវត្ត​នៅឡើយ ប៉ុន្ដែ​មាន​ព័ត៌មាន​ខ្លះបញ្ជាក់​ថា នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ បុព្វការី​ជន​ខ្មែរ​បាន​បន្សល់ទុក​នូវ​ទំរង់​រូបភាពបែប​ខាងលើ​នេះ​មួយចំនួនដូច​នៅ​ប្រទេស​ថៃ និង​លាវ​អញ្ចឹង​ដែរ។ យើង​សង្ឃឹមថាអត្ថបទ​នេះ​នឹង​ជួយ​ជំរុញ​ការស្រាវជ្រាវ​រាវរ​កនូវ​ផ្ទាំងគំនូរ​ទាំងនោះក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ។​ បច្ចេកទេស​គំនូរ​ពណ៌​ផាត់​លើ​ច្រាំង​ថ្ម ដូចនៅប្រទេសអឺរ៉ុប ដែល​គេ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន​មាន​ជា​អា​ទិ៍: គូរ​ដោយយក​ដៃ​ធ្វើជា​ពុម្ព​ដោយ​សង្កត់​លើ​ផ្ទាំង​ថ្ម ក្រោយ​ពី​ដៃ​ជ្រលក់​ថ្នាំ ប្រើ​សំភារៈ​អ្វីមួយ​ដោយ​ដាប់​ជា​រាង ដែល​គេ​ចង់​ផ្ដាម​លើ​ថ្មសម្រក់​ទឹក​ថ្នាំ​ជា​តំណក់​​ពីលើ និង​ប្រើ​ពណ៌​ស្ងួត​ដែល​មាន​ប្រភព​ចេញពី​រុក្ខជាតិ។​ ​យោង​តាម​ការស្រាវជ្រាវ​របស់​បុរេប្រវត្តិ​វិទូ​ថៃ ដែល​បាន​សិក្សា​លំអិត​បាន​បង្ហាញ​ឲ្យដឹងថា ក្នុងចំណោម​គំនូរ​ជាច្រើន នៅក្នុង​ភូមិភាគ​ឦសាន​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន មាន​គំនូរផាត់ពណ៌​ចំនួន​ត្រឹមតែ ២ ប៉ុណ្ណោះ​ទេ ដែល​បញ្ជាក់​អំពី​ការប្រើ​ធ្នូ​។ ផ្ទាំង​រូប​ទី​១ គឺ​ស្ថិតនៅ​ស្ថានីយ​ភូមិ​បាន​ភូ​តា​គា​ម ស្រុក​ភើ​សង​ដាវ ក្នុងចង្វាតសកលនគរ​ និង​ផ្ទាំង​រូប​ទី​២ គឺ​ស្ថិតនៅ​ស្ថានីយ៍​គុហារ​ភ្នំ​ចន្ទ​ងា​ម ក្នុង​ចង្វាត​នគរ​រាជសីមា។ ដូចនេះ​ភស្តុតាង​នៃ​ការប្រើ​ធ្នូ​ ត្រូវ​បាន​បញ្ជាក់​យ៉ាង​ជាក់ច្បាស់​ដោយ​ឥត​សង្ស័យ តាមរយៈ​សិល្បៈ​គំនូរ​លើ​ច្រាំង​ថ្ម​ខាងលើនេះ។ ការ​ដែលតំរូវ​ឲ្យ​បុព្វការីជន​ខ្មែរនា​សម័យ​លោហធាតុ​ប្រើ​ធ្នូគឺ​អាស្រ័យ​លើ​របៀបរបប​រកស៊ី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​យ៉ាង​ប្រាកដដោយ​មូលដ្ឋាន​សេដ្ឋកិច្ច​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​បរបាញ់​សត្វ​ដោយ​ធ្នូ ការនេសាទ និង​កសិកម្ម។ ទាំងនេះជាអ្វី​ដែល​កុលសម្ព័ន្ធ​ខ្មែរ​ដើម​មួយ​ចំនួន​មិនទាន់​បោះបង់ចោល​នៅឡើយនា​ដើម​សតវត្ស​ទី​២១ នេះ។​ ម្យ៉ាងវិញទៀត កុំ​ភ្លេច​ថា​គឺដោយ​មូលហេតុ​សាសនា​ផងដែរ ដែល​បាន​ជំរុញ​ឲ្យ​ដូនតា​ខ្មែរ​នា​ជំនាន់​នោះពោល​គឺ​នៅ​ចុង​សម័យ​លោហធាតុ ផលិត​គំនូរ​ទាំងនោះ​ឡើង ហើយ​ការផលិត​នេះ​ក៏​ដើម្បី​ធ្វើឲ្យ​ការបរបាញ់​របស់​ពួកគេប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​ដូច​ក្ដី​ប៉ងប្រាថ្នា។ [២១]

នៅក្នុងឧ​ប​ទី្វ​ប​ឥណ្ឌូចិន​ដែលជា​ទឹកដី​កំណើត​របស់​អំបូរ​ខ្មែរ-មន ឬ មន-ខ្មែរ ការប្រើ​ឧបករណ៍​ថ្ម​ត្រូវបាន​ផ្តើមឡើង​តាំងពី ១ លាន​ឆ្នាំ​តែប៉ុណ្ណោះ (ឡាំ​ប៉ាង​ប្រទេស​ថៃ) រហូតដល់​សម័យ​លោហធាតុ​ប្រមាណ ១៥០០-១០០០ ឆ្នាំមុន​គ.ស។ គេ​កំណត់​អាយុ​តាមរបៀប ( K40/Ar40 )។ ការស្រាវជ្រាវ​ឱ្យដឹងថានៅ​កម្ពុជា​ក្រោម ឧស្សាហកម្ម​ថ្ម​មាន​អាយុ​ពី ៥៦០០០០ ឆ្នាំទៅ ៦៥០០០០ ឆ្នាំ។ រីឯ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ឧស្សាហកម្ម​ថ្ម​នៅ​វាល​ស្បូវ​រវាង​ខេត្តក្រចេះ និង​សឹ្ទ​ង​ត្រែង​មាន​អាយុ​ពី ៥១០០០០ ទៅ ៦៩០០០០ ឆ្នាំមុន​គ.ស។ ទិន្នន័យខាង​បុរេប្រវត្តិ​​ទាំងនោះ​បង្ហាញ​ឱ្យ​យើង​ស្វែងយល់​អំពី​ចំណាស់​នៃសំណង់​ គ្រឹះ​របស់​វប្បធម៌-អរិយធម៌​ខ្មែរ​ដែលមាន​អាយុ​ដ៏​យូរលង់​ណាស់​មកហើយ មុន​ការបង្កើត​អាណាចក្រ​វ្នំ​នា​ដើម​ស.វ​ទី ១ នៃ​គ.ស ក្រោម​ឥ​ទិ្ធ​ពល​វប្បធម៌​ឥណ្ឌា។

​​មុន​ឥណ្ឌូ​រូបនីយកម្មអង្គរបុរី​គឺ​គ្រាន់តែ​ទី​ភូមិ​ដ៏​ធំ​មួយ ដែលមាន​រាង​ជា​ពងក្រពើ ដែលមាន​មនុស្ស​តាំង​លំនៅស្ថាន​រួចទៅហើយ​។ ដូច្នេះហើយ បានជា​យើង​រកឃើញ​នូវ​ស្លាកស្នាម​វប្បធម៌​មួយចំនួនដូចជា ពូថៅ ធ្វើ​អំពី​ថ្ម​រំលីងភាជន៍កងដៃដឹង និង​គ្រឿងអលង្ការ​ធ្វើ​អំពី​ថ្ម និង​សំ​រិ​ទ្ធិ​ជាដើមដែល​ត្រូវបាន​ផលិតឡើង​ក្នុងអំឡុង ៥០០​ ឆ្នាំមុន​គ​.​ស ដោយ​អ្នកស្រុក​ដើមដើម្បី​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​។​​ ការលើក​ស្លាកស្នាម​វប្បធម៌​នា​សម័យ​បុរេប្រវត្តិសាស្ត្រ នៅ​អង្គរបុរី​មក​បង្ហាញស​ឲ្យ​ឃើញថាកាលដើមឡើយគឺ​កាលដែល​ស្ថានីយ៍​អង្គរបុរី​មិនទាន់​ក្លាយទៅជា​បុរី​នោះក្រោម​ឥទ្ធិពល​ឥណ្ឌា បុព្វការី​ជន​ខ្មែរ​មាន​វប្បធម៌​របស់ខ្លួន​រួចមកហើយ​។ ថ្វីត្បិតតែ​គេ​ពុំទាន់​ដឹង​ច្បាស់​ទេ​ថាអាវុធ និង​គ្រឿង​ប្រើប្រាស់​ទាំងនោះ មាន​អាយុកាល​ប៉ុន្មាន​ទៅហើយ​ក៏ដោយ ក៏ប៉ុន្តែ​ពាក់ព័ន្ធ​ទៅនឹង​ឧស្សា​កម្ម​កុលា​ល​ភាជន៍ពិតជា​ស្ថិតក្នុង​ចុង​យុគ​លោហៈ ពោលគឺ​រវាង​ស​.​វ​ទី​៥​មុន​គ​.​ស និង ១០០ ​មុន​គ​.​ស​។ ក្នុងការ​ផលិតកុ​លា​ល​ភាជន៍​ទាំងនេះ ដូនតា​ខ្មែរ​ពុំទាន់​ប្រើ​បច្ចេកទេស​ថ្មី​នៅឡើយគឺ​ធ្វើ​ដោយ​សូន​ដី​។ ម្យ៉ាងវិញទៀត ចានក្បាន​ខ្លះ​ក៏មាន​ផាត់​ពណ៌​ក្រហមឆ្អៅ​ដូច​ឈាម​ដែរ ហើយ​ប្រកបដោយ​ក្បាច់​គូថ​ខ្យង​។ កុលា​ល​ភាជន៍​ប្រភេទ​នេះ ប្រហែលជា​ត្រូវបាន​ប្រើប្រាស់​ក្នុង​ពិធី​សាសនា ជាពិសេស​ក្នុង​ពិធី​បុណ្យសព​។​ ប៉ុន្តែ​ក្រោយមកចាប់តាំងពី​ខ្មែរ​បាន​មាន​ទំនាក់ទំនង​ផ្នែក​វប្បធម៌​ជាមួយ​ឥណ្ឌានា​ដើម​គ្រិស្តសករាជ​មកផលិតកម្ម​ភាជន៍​ខ្មែរ​បានក្លាយ​ទៅជា​ឧស្សាហកម្ម​យ៉ាងសំខាន់​មួយ​នៅ​ទីក្រុង​អង្គរបុរី​។ នេះ​ក៏​អាស្រ័យទៅលើ​ការនាំ​ចូល​នូវ​បច្ចេកទេស​ឥណ្ឌា ផលិត​ដោយ​ប្រើ​កង់​វិល​តាម​លំនាំ​ឥណ្ឌា និងគំរូ​ភាជន៍​ថ្មី​ដ៏​ល្អៗ​មួយចំនួន ដូចជា​ប្រភេទ​ភាជន៍​ឥណ្ឌាឈ្មោះ កុណ្ឌី ឃ​តៈ លោ​តៈ ភ៌្រ​ន្ត​រៈ និង​ប្រភេទ​ចង្កៀង​សំប៉ែត​ជាដើម ដែល​បាន​ឲ្យ​កំណើត​ទៅ​ភាជន៍​នា​សម័យ​ចេនឡា​។ គេ​អាច​នាំ​ភាជន៍​ទាំងនោះ​ទៅ​ជួញដូរដោយ​ប្រើ​ទូក ឬក៏​រទេះគោ​ដូច​សព្វថ្ងៃនេះ​។​ ផ្អែក​តាម​លទ្ធផល​នៃ​ការវិភាគ​ដោយ​កាបូន​វិទ្យុសកម្ម (C14) លើ​ស្រទាប់ដី​មាន​វប្បធម៌ដើម្បី​កំណត់​កាលបរិច្ឆេទ យើង​អាច​កំណត់​ការតាំង​ទីលំនៅ​របស់​ម​នុស្ស ពោលគឺចំណាស់​របស់​វប្បធម៌​អង្គរបុរី​។ ស្រទាប់ដី​ដែលមាន​វប្បធម៌​ក្រោម​បំផុត ពោលគឺ​ចាស់​បំផុត​នៃ​ស្ថានីយ៍​អង្គរបុរីដែល​បានមកពី​រណ្តៅ​មួយ ដែល​គេ​បានធ្វើ​កំណាយ​កាលពី​ឆ្នាំ ១៩៩៥ បាន​ឲ្យ​ដឹងថាទីតាំង​ស្ថិតក្នុង​ឆ្នាំ ៤០០​មុន​គ​.​ស ជា​ចុង​សម័យ​លោហធាតុ (​ដែក​)​។ តាមរយៈ​ការតាំង​កាលបរិច្ឆេទ​កុលាលភាជន៍​តាមទំរង់ យើង​អាច​ដឹងថាឧស្សាហកម្ម​កុលាលភាជន៍​នៅ​អង្គរបុរីបាន​ឆ្លងកាត់​នូវ​ការវិវត្ត​ជាច្រើន​សម័យកាល ពី​សម័យ​បុរេប្រវត្តិសាស្ត្រ ដល់​សម័យ​ប្រវត្តិសាស្ត្រ នេះ​បើ​យោងតាម​ការស្រាវជ្រាវរ​បស់​យើង​ផ្ទាល់ ដែល​បញ្ជាក់​ដោយ​លោក (Y. Yasuda, 2008. Preliminary report for the excavation in Phum Snay, 2007) ដូចខាងក្រោម​នេះ៖

  • ១-សម័យកាល​ទីមួយ ពី ៤០០​មុន​គ​.​ស - ២០០ មុន​គ​.​ស​ ​
  • ២-សម័យកាល​ទី​ពីរ (​ក​) ពី ២០០ មុន​គ​.​ស - ២០០ នៃ​គ​.​ស​

តាម​ការបង្ហាញ​អំពី​លទ្ធផល​នេះ ធ្វើ​ឲ្យ​មានការ​យល់ឃើញ​ដោយ​ភាន់ច្រឡំ​ថា មុននេះ​គ្មាន​មនុស្ស​រស់​នៅលើ​ស្ថានីយ៍​នេះ​ទេ ហើយ​រាល់​ស្លាកស្នាម​វប្បធម៌​មុន​ការមកដល់​នៃ​វប្បធម៌​ឥណ្ឌាគឺ​ស្ថិតក្នុង​យុគ​ដែក​ទាំងអស់​។ តែបើ​យើង​យក​ឧបករណ៍ប្រើប្រាស់​ធ្វើ​អំពី​ថ្ម​រំលីង​នៃ​ស្ថានីយ៍​នេះ​ទៅ​ប្រៀបធៀប​នឹង​ឧបករណ៍​នៅ​អាណាខេត្ត​ផ្សេងៗ​ទៀត ទើប​ថា​ទស្សនៈ​នេះ ត្បិតតែ​ត្រឹមត្រូវ ក៏ប៉ុន្តែ​ពុំទាន់​ពេញលេញ​នៅឡើយ​។ ហេតុផល គឺ​ការសិក្សា​ស្រាវជ្រាវ ដោយ​ការជីក​រណ្តៅ​សំរាប់ធ្វើ​កំណាយ តាមរយៈ​គំរោងការ​ស្រាវជ្រាវ​បុរាណវិទ្យានៅ​តំបន់​ទន្លេមេគង្គ​ក្រោមរវាង​ភាគី​សកល​វិទ្យាល័យ​ហា​វ៉ៃ និង​ក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ ពី​ឆ្នាំ ១៩៩៥ ដល់ ២០០០ ពុំទាន់​មាន​លក្ខណៈ​ជាទូទៅ ឬ​សំយោគ​នៅឡើយ​។ មានន័យថា គេ​ត្រូវ​បន្ត​ការធ្វើ​កំណាយដើម្បី​ស្វែងរក​ទិន្នន័យ​បន្ថែម​ពាក់ព័ន្ធ​និង​ចំណាស់​នៃ​ឧបករណ៍​ធ្វើ​អំពី​ថ្ម​រំ​លីង និង​លោហៈ​មួយចំនួនដូចជា​ដឹង និង​អង្ក្រង​ធ្វើ​អំពី​សំ​រឹ​ទ្ធិ​ជាដើម​។​ ជាទូទៅ កុលាលភាជន៍​នៅ​ទីក្រុង​អង្គរបុរីមាន​លក្ខណៈផ្សេងៗ​ពីគ្នា យ៉ាងតិចណាស់​ក៏​ ៣០ ប្រទេស​ដែរ ហើយ​ត្រូវបាន​ចែកចេញជា​ពីរ​សម័យកាល​ធំៗគឺ​សម័យ​បុរេប្រវត្តិសាស្ត្រ និង​សម័យ​ប្រវត្តិសាស្ត្រ ពោលគឺ​សម័យ​នគរវ្នំ​។​

  • ៣- សម័យកាល​ទី​ពីរ (​ខ​) ពី ២០០ មុន​គ​.​ស - ២០០ នៃ​គ​.​ស​ ​ ​
  • ៤- ដំណាក់កាល​ទី​បី ពី ២០០ - ៣០០ នៃ​គ​.​ស - (?) ៦០០ គ​.​ស​

​បើសិនជា​គេ​ធ្វើ​ការសរុប​បញ្ចូល​គ្នា​នូវ​រាល់​ទិន្នន័យ​បុរាណវិទ្យា រវាង​ឆ្នាំ ១៩៩៥-២០០០ (Cf. ពេជ្រ​ធីតា ការសិក្សា​កុលាលភាជន៍​នៅ​អង្គរបុរី ស្រទាប់ដី​ទី​៨-៩ និង​១០, និក្ខេបបទ​បញ្ចប់​បរិញ្ញាបត្រ​បុរាណវិទ្យា​, ភ្នំពេញ ២០០១) យើង​អាច​ចែក​ឧស្សាហកម្ម​ភាជន៍នៅ​អង្គរបុរីជា​៥​ដំណាក់កាល:

  • ១- ពី​៤០៦ ដល់ ១៧៤ ឆ្នាំ មុន​គ​.​ស​
  • ២- ពី ៣៧៨ ដល់ ១០០ មុន​គ​.​ស​
  • ៣- ពី ១៩៦ ឆ្នាំ មុន គ​.​ស ដល់ ១២៤ ក្រោយ គ​.​ស​
  • ៤- ពី ១០០ មុន គ​.​ស ដល់ ២០០-៣០០ នៃ​គ​.​ស​
  • ​៥- ពី ២០០-៣០០ ឆ្នាំ​នៃ​គ​.​ស ដល់ ៣០០-៦០០ ឆ្នាំ​នៃ​គ​.​ស​

ភាជន៍​ដែល​ស្ថិតក្នុង​ដំណាក់កាល​ចាស់​ជាងគេ ស្ថិត​រវាង​ស​.​វ​ទី​៥ ដល់ទី​២ មុន​គ​.​ស គឺ​នៅក្នុង​ស្រទាប់ដី​នៅ​ខាងក្រោម​គេ​។ ភាជន៍​ទាំងនោះភាគច្រើន​មាន​ពណ៌​ខ្មៅលំអ​ដោយ​ស្នាម​ឆ្កូត ហើយ​ស្នាម​ប្រថាប់​សណ្ឋាន​មាន​លក្ខណៈ​ជា​ខ្សែពួរជាង​ភាគ​ដែលមាន​ផ្ទៃ​រលីង​។ រីឯ​ភាជន៍​ដែល​នៅក្នុង​ស្រទាប់ដី​ថ្មី​ជាងគេគឺ​ពី ២០០ ​ឆ្នាំ​នៃ​គ​.​ស រហូតដល់ ៦០០ ​ឆ្នាំ​នៃ​គ​.​ស ដែល​ត្រូវជា​សម័យ​វប្បធម៌​នគរ​វ្នំ​។​ ដើម្បី​បែងចែក​ភាជន៍ ឬ​អំបែង​ភាជន៍ ជា​ប្រភេទ​ផ្សេងៗ ដែល​តាមពិតទៅ​មាន​យ៉ាងតិច​ក៏ ៤០ ​ប្រភេទគេ​ត្រូវ​ពិនិត្យ​រូបរាង​របស់​មាត់​ ពំនុះ​កាត់​បណ្តោយ​របស់​មាត់ និង​រូបរាង​របស់​គែម​ភាជន៍​។ ពាក់ព័ន្ធ​នឹង​ពណ៌​ភាជន៍ ខ្លះ​មាន​ពណ៌​ក្រហម​លឿង (5YR 6/6) ហើយ​ភាគច្រើន​មានប្រើ​ពណ៌​បាន​ពី​ម្សៅ​ឥដ្ឋ ក្រហម​ខ្មៅ និង​លឿង​បន្ថែម លឿង​ក្រហម (7.5YR 8/6), លឿង (5YR 7/6), ពណ៌​ត្នោត​, ពណ៌​ប្រផេះ​ភ្លឺ និង​ប្រផេះ​ស្រអាប់​, ពណ៌​ទឹកក្រូច (5YR 6/6), ពណ៌​ក្រហម​ភ្លឺ (2.5YR 7/6), ពណ៌​ត្នោត​ស្លេក (2.5YR 7/6), ពណ៌​ក្រហម​ស្រាល​, ពណ៌​ផ្កាឈូក​, ពណ៌​ខ្មៅ​, ពណ៌​លឿង​ត្នោត​ចាស់​, ពណ៌​ប្រផេះ​ភ្លឺ (10YR 7/2), ពណ៌​ត្នោត (2.5YR 5/4), ពណ៌​ខ្មៅ (2N), ប្រផេះ​ចាស់​, ពណ៌​ប្រផេះ​ទឹកក្រូច​, ពណ៌​ក្រហម​លឿង (5YR 6/6), ពណ៌​ត្នោត​, ពណ៌​ខ្មៅ (25N), ពណ៌​ប្រផេះ​ខ្មៅ​, ប្រផេះ​លឿង​, ពណ៌​ខ្មៅ (2.5YR 25/1), ពណ៌​ត្នោត (10YR 5/3), ពណ៌​ប្រផេះ​ចាស់ (5YR 4/1), ពណ៌​ក្រហម​លឿង​, ពណ៌​ទឹកក្រូច​ស្រអាប់ (5YR 7/4), ពណ៌​ប្រផេះ (2.5YR 5/1), ពណ៌​ទឹកក្រូច (5YR 6/4), ពណ៌​ក្រហម​ភ្លឺ (2.5YR 6/6), ពណ៌​ក្រហម​ស្រាល (10R 6/4), ប្រផេះ និង​ត្នោត​, ពណ៌​ក្រហម​ប្រផេះ (10YR 6/4), ពណ៌​ក្រហម (2.5YR 5/8) និង ពណ៌​លឿង (5YR 5/6)​៘​ តាម​ការវិភាគ​នូវ​ប្រភេទ​វត្ថុ​វប្បធម៌​ទាំងនោះដោយ​ត្រួសៗ យើង​ក៏​ឃើញ​ន​វា​នុ​វត្តន៍​វប្បធម៌​ខ្មែរ ពោលគឺ​ការផ្លាស់ប្តូរ​លក្ខណៈ ឬ​ទំរង់​នៃ​កុលាលភាជន៍​ខ្លះៗ​ដែល​បណ្តាលមកពី​លំហូរ​វប្បធម៌​ឥណ្ឌា ជាហេតុ​ដែល​ធ្វើ​ឲ្យ​ចានក្បាន ប្រកបដោយ​ភាពសំបូរ​បែប​អស្ចារ្យ​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​មាន​ភាព​រីកចំរើន​លើស​ដើម​។​ នៅទីនេះ គប្បី​ត្រូវ​រាប់បញ្ចូល​បន្ថែម​ក្នុង​ឧស្សាហកម្ម​ភាជន៍​អង្គរបុរី​នូវ​រាល់​ចានក្បាន ដែល​ត្រូវបាន​រកឃើញ​នៅតាម​ទីប្រជុំជន ដែ​ល​មជ្ឍមណ្ឌល​វប្បធម៌​បុរាណ​រណប​និង​អង្គរបុរី​ផងដែរ ដូច​ជាទី​កំពង់ផែអូរ​កែវ ព្រមទាំង​ស្ថានីយ៍​មួយចំនួនទៀត​នៅក្នុង​ខេត្តស្វាយរៀង ព្រៃវែង កណ្តាល ភ្នំពេញ និង នៅ​ទីក្រុង​ចាន់​សែន ព្រមទាំង​ឧទង ចង្វាតសុពណ៌​បុរី ប្រទេស​ថៃ​ជាដើម​។​ បើ​និយាយ​ម្យ៉ាងទៀត ឯកភាព​នៃ​ក្បូរ​ក្បាច់រចនា ឬក៏​ប្រភេទ​នៃ​កុលាលភាជន៍​មួយចំនួន បាន​អនុ​ញ្ញា​ត្តិ​ឲ្យ​យើង​គិតថា វប្បធម៌​អង្គរបុរី ឬ​នគរ​វ្នំ ពិតជា​បាន​លាតសន្ធឹង​ដល់​អាណាខេត្ត​ផ្សេងៗ​រួមមាន​ទីក្រុង​ភ្នំពេញ​នេះ​ផងដែរ ដូច​ករណី​ប្រភេទ​កុណ្ឌី ដែល​គេ​បាន​ជួបប្រទះ​នៅ​ម្តុំ​វត្ត​ជើង​ឯក និង​នៅ​ភូមិ​ព្រែក​តា​គង់​ជាដើម​ជា​ភស្តុតាង​។​ ចង់ ឬ​មិន​ចង់ កុលាលភាជន៍​ខ្មែរ​គ្រប់​យុគ​គ្រប់​សម័យ សុទ្ធសឹងតែ​លាតត្រដាង​អំពី​បរិបទ​វប្បធម៌​ខ្មែរ​យ៉ាង​ប្រាកដ ព្រោះ​វា​ជា​ជ្រុង​មួយ​នៃ​ខឿនវប្បធម៌​របស់​ជនជាតិ​ខ្មែរ​។ មានន័យថា ចានក្បាន​ខ្មែរ ដែល​គេ​បាន​ផលិតឡើង​ក្នុង​អតីត​កាលនោះ មិន​ត្រឹមតែ​សំរាប់​ដាំ​ស្ល ឬ​ផ្ទុកស្រូវ​អង្ករ ម្ហូបអាហារ ដូចជា​ប្រហុក ទឹកត្រី ឬ​ស្រា​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ស្មូន​ឡើង​សំរាប់​ប្រើប្រាស់​ក្នុង​ពិធី​សាសនា ដូចជា​ការបូជា​ព្រះអាទិទេព ឬក៏​ជំនឿ​បញ្ចុះ​សាកសព ឬ​អដ្ឋិធាតុ​ផងដែរ​។ [២២]

យើង​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង ដែល​ភាជន៍​ទាំងពីរ​នេះ​ជា​ភាជន៍​មាន​ពណ៌​ខ្មៅ​រលោង និង​មាន​គំនូរ​ជា​ពណ៌​ក្រហមព្រឿងៗ​ប្រកបដោយ​ក្បាច់​ជាប់​មកជា​មួយ​ផង។​ លក្ខណៈ​ក្នុងការ​ប្រៀបធៀបដោយសារ​ភាជន៍​ទាំងពីរ​នេះមាន​លក្ខណៈពិសេសខុសពី​ភាជន៍​ទូទៅ​ដែល​ធ្លាប់​បានឃើញ​នៅក្នុង​ខេត្ត​សុ​រិ​ន្ទ្រ ដែល​មួយ​ភាគ​ធំ​ជា​គ្រឿង​ស្មូន ហើយ​ក្រោយពី​ការសិក្សា​ប្រៀបធៀប យើង​ក៏បាន​ដឹងថាភាជន៍​ដូចដែល​យើង​បាន​រៀបរាប់​ខាងលើគឺ​ស្ថិតនៅ​យុគ​មុន​ប្រវត្តិសាស្ដ្រ ឬ​សម័យ​បុរេប្រវត្តិសាស្ត្រដែលមាន​អាយុ​មិនតិចជាង ៤០០០ ឆ្នាំ​ទេ។​ ​ភាជន៍​គោក​ខាំ​ទី១របស់​យើង​មាន​លក្ខណៈ​ជា​ក្អម​ទឹកក​តូច មាត់​មាន​រាង​ជាសាជី។ រីឯ​តួ​ភាជន៍​វិញ​ដែលមាន​រាង​មូល​មាន​ជើងទ្រ ឬ​ជើង​ដែល​បាន​ជ្រុះ​បាត់​ទៅនោះមាន​សំបូរ​ពណ៌​ខ្មៅ​រលោងសាច់​រឹង។ សាច់​ខាងក្នុង​ភាជន៍​មាន​លក្ខណៈ​ខុសពី​ផ្នែក​ដែល​បាន​បែក​ជ្រុះ​ចេញ មាន​ពណ៌​ក្រហម ហើយ​មាន​ក្បាច់​គូសវាស​នៅត្រង់​មាត់​ភាជន៍​ផ្នែក​ខាងក្រៅ ព្រមទាំង​មាន​ស្នាម​ជា​ក្បាច់​ឆ្នូតៗ​នៅត្រង់​ក​ភាជន៍ ជា​រង្វង់​ជុំវិញ​រៀង​គ្នា​បី​ជួរ៖ ពីរ​ជួរ​នៅត្រង់​ក​ភាជន៍​ទាំង​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម។ នៅ​ចន្លោះ​ស្នាម​ខ្សែ​ឆ្នូត​ជា​រង្វង់​នេះ​មាន​ស្នាម​ចុច​តូចៗ​រៀង​គ្នា​ជុំវិញ។ ​ដូច​ភាជន៍​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​ជាពិសេស​ភាជន៍​នា​សម័យ​ថ្ម​រំលីងនៅ​ចន្លោះ​ស្នាម​ឆូតគេ​ឃើញ​រង្វង់​ពីរ​ជាន់​ស្ថិតនៅត្រង់​ក​ភាជន៍ជា​ក្បាច់​ឆូត​ជា​ខ្សែបន្ទាត់​គូ​កោង​ឡើង​កោង​ចុះ​ស្រដៀងនឹង​ទឹករលក។ តួ​ភាជន៍​ផ្ទាល់​មាន​ស្នាម​ឆូត​ជា​បន្ទាត់កោង​ក្រវិច​ក្រវៀន។ លក្ខណៈ​នៃ​ការគូសវាស​នេះ​ត្រូវបានធ្វើ​ដោយ​ប៉ិនប្រសប់​ដែល​តៗ​គ្នា​ជា​រង្វង់​ជុំវិញ​ស្ទើរតែ​រក​ចំណុច​ចាប់ផ្ដើម និង​ចំណុច​បញ្ចប់​មិនឃើញ។ សំបូរ​ភាជន៍​មួយចំនួន​តុ​ប​តែង​ដោយ​ស្នាម​គូសវាស​ដែលមាន​លក្ខណៈ​គ្រវាសៗ មួយចំនួនទៀត​មាន​លក្ខណៈ​រលោង​ស្មើ។ ជើងទ្រ​ភាជន៍​បាន​ជ្រុះ​បាត់​បើតាម​ការ​ស្មាន គឺមាន​លក្ខណៈ​ស្រដៀង​នឹង​ជើង​បាត។ ទាំងនេះ​ក៏​ព្រោះតែ​សង្កេតឃើញ​ស្នាម​ដែល​ជ្រុះ​បាត់​ទៅជា​រង្វង់​ព័ទ្ធជុំវិញ​ត្រង់​គូថ​ភាជន៍។ ភាជន៍​មួយ​នេះ​មិនឃើញ​មាន​ស្នាម​គូស​ពណ៌​យ៉ាងណាទេ។​ ​បន្ទាប់ពី​ធ្វើការ​ពិចារណា​ប្រៀបធៀប​នឹង​ភាជន៍​វប្បធម៌​ភូមិ​បាន​ឈៀង នៅ​ចង្វាតឧត្តរធានី ដែលជា​ភាជន៍​ពណ៌​ខ្មៅ​រលោង​មាន​ជើង​តូច មាន​ក្បាច់​គូសវាស​ជា​បន្ទាត់កោង​ឡើង​ចុះ ដែល​មួយចំនួន​តុបតែង​ដោយ​ស្នាម​គ្រវាស និង​មាន​លក្ខណៈ​ជា​មាត់ធំ​ទូលាយ​នៅឡើយ ហើយ​ភាជន៍​វប្បធម៌​ភូមិ​បាន​ឈៀង ដែលមាន​ជើង​ធំ​ឡើង​លើក​ភាជន៍​ស្ដួច​ចុះ​មាន​ស្នាម​គូសវាស​ជា​បន្ទាត់​គូ​ត្រង់​ផ្ទៃ​ភាជន៍​ក្រវិច​ក្រ​វក់​ជុំវិញ​មួយចំនួនទៀត​ជា​ស្នាម​គ្រវាស​រួមទាំង​លក្ខណៈ​គ្រវាស​ត្រង់​មាត់​ភាជន៍​ផ្នែក​ខាងក្រៅ​ផងដែរ។ ក្រោយពី​ការប្រៀបធៀប​ដូចដែល​បាន​ពោល​គួរ​នឹងមាន​អាយុ​ស្មើគ្នា​នឹង​ភាជន៍​ភូមិ​បាន​ឈៀងមុន​សម័យកាល​ទី២ដែលមាន​អាយុ​ពី ៤៥០០ ដល់ ៣៥០០​ឆ្នាំ។ ភាជន៍​គោក​ខាំ​ទី២ មាន​លក្ខណៈ​ជា​ក្អម​ក​តូច​គូទ​កោង​មាត់​រាង​សាជី​មាន​ស្នាម​ឆូត​ជា​ក្បាច់​ឆូត​ជុំវិញ ២,៥ ស​.​ម នៅ​ចន្លោះ​ស្នាម​ឆូត​ទាំងពីរ​បន្ទាត់​នេះ​អាចបង្កើត​បាន​ក្បាច់​គ្រវាស​ជុំវិញ​រួមទាំង​ក្បាច់​គ្រវាស​ត្រ​ង់ក​ភាជន៍​ផ្នែក​ខាងក្រៅ ព្រមទាំង​គូទ​មាន​លក្ខណៈ​កោង​ស្រួច។ នៅត្រង់​គូទ​ភាជន៍ និង​ផ្នែក​កោង​របស់​តួ​ភាជន៍​ផ្ទាល់​ដែល​មក​ប្រសព្វ​គ្នា ផ្នែក​ភាជន៍​រលោង និង​ពណ៌​ខ្មៅ​មាន​ស្នាម​គូសវាស​ជា​ក្បាច់ និង​គូរ​ពណ៌​នៅ​ចន្លោះ​ស្នាម​ឆូត​ដោយ​ពណ៌​ក្រហមព្រឿងៗ សាច់​ភាជន៍​មាន​លក្ខណៈ​រឹង​ពណ៌​ខ្មៅ​សុទ្ធ។ លក្ខណៈ​ដ៏​សំខាន់​មួយទៀតគឺ​ក្រឡ​ទាំងនោះ ផ្ទុក​នូវ​ធាតុ​របស់​សព​ដែលជា​ភស្តុតាង​ប្រយោល​ទាក់ទង​នឹង​ការបូជា​សព​លើក​ទី២។​ ក្រោយពី​ការវិភាគ​សិក្សា​ដោយ​ប្រៀបធៀប​មក យើង​អាច​សន្និដ្ឋានបានថា ខាង​ក្បាច់ក្បូរ​រចនា​ភាជន៍​នៅ​ភូមិ​គោក​ខាំ​របស់​យើង​មាន​លក្ខណៈ​ដូចគ្នា​នឹង​ភាជន៍​វប្បធម៌​នៅ​ភូមិ​បាន​ឈៀង ពោល​គឺជា​ប្រភេទ​ភាជន៍​ដែលមាន​លក្ខណៈ​ស្ថិត​នៅមុន​សម័យកាល​ទី២ អាយុ​កាលពី ៤៥០០ ដល់ ៣៥០០ ឆ្នាំ។ នេះ​ជា​លទ្ធផល​ជា​វិជ្ជមាន​នៃ​ការស្រាវជ្រាវ​ក្នុងដំណាក់កាល​ដំបូង គួរឱ្យ​មោទនភាព។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​យើង​សង្ឃឹម​យ៉ាង​មាំ​ដែរ​ថា ក្រុម​បុរាណ​វិទូ​ថៃ​នឹងធ្វើ​កំណាយ​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​នឹង​ស្វែងយល់​ស៊ីជំរៅ​នូវ​ឫសកែវ​នៃ​វប្បធម៌ អរិយធម៌​របស់​បុព្វ​ការី​ជន​ខ្មែរ​ក្នុង​តំបន់ ហើយ​យើង​ជឿជាក់ថា គេ​ពិតជា​នឹង​រកឃើញ​នូវ​ស្លាកស្នាម​របស់​វប្បធម៌​-​អារ្យធម៌​ខ្មែរ​ថ្មីៗ​ទៀត ដែលមាន​អាយុកាល​ច្រើនជាង​នេះ​ជាមិនខាន​។ [២៣]

សំលៀកបំពាក់

កែប្រែ

​មាស​ត្រូវបាន​អ្នកស្រុក​ចាត់ទុកថាជា​វត្ថុ​សក្តិ​សិទ្ធិពាក់ព័ន្ធ​ទៅនឹង​ឈាម ឬ​ព្រះអាទិត្យ ដោយហេតុថា ដូច​ព្រះអាទិត្យ​ដែល​បញ្ចេញ​កាំរស្មី​ក្រហមឆ្អៅ ដែលជា​ប្រភព​នៃ​ជីវិតមាស​ពណ៌​ក្រហមត្រូវបាន​ប្រៀបផ្ទឹម​ទៅនឹង​ព្រះអាទិត្យ​។ រីឯ​ប្រាក់​វិញ វត្ថុធាតុដើម​នេះ រមែងតែ​គេ​ប្រដូច​ទៅនឹង​ព្រះ​ចន្ទ ដែលមាន​លក្ខណៈ​ស​ថ្លា​។ បើ​និយាយ​ម្យ៉ាងទៀត លោហធាតុ​ទាំងពីរ​ប្រភេទ​ខាងលើនេះ ត្រូវបាន​ចាត់ទុកថា​ជាវ​ត្ថុ​សក្តិ​សិទ្ធិ ពោលគឺ​សុទ្ធសឹង​តែមាន​បារមី​កាន់​។ ដោយ​មូលហេតុ​នេះហើយ ប្រភេទ​លោហៈ​ទាំងនោះ​មានតំលៃជាង​អ្វីៗ​ទាំងអស់​ក្នុង​លោក ក្នុង​ក្រសែភ្នែក​របស់​បុព្វការី​ជន​ខ្មែរនា​គ្រប់​សម័យកាល​ទាំងអស់​។ ពីមុន​សម័យ​ប្រវត្តិសាស្ត្រ​រហូតដល់​បច្ចុប្បន្ន​ភាព មាស និង​ប្រាក់​ត្រូវបាន​គេ​យកមក​ផលិត​ធ្វើជា​រូបសំណាកតំណាង​ឲ្យ​ព្រះអាទិទេព ព្រមទាំង​គ្រឿងអលង្ការ​សំរាប់តុបតែង​រូបរាងកាយ​របស់​មនុស្ស​ទាំង​ពីរភេទ​។ នៅពេលដែល​ពាក់​គ្រឿងអលង្កា​ធ្វើ​អំពី​មាស ឬ​ប្រាក់ គេ​មាន​អារម្មណ៍​ថា មាន​សារជាតិ​ពិសិដ្ឋ​ម្យ៉ាង​ជ្រួតជ្រាប​តាម​កោសិកា ធ្វើ​ឲ្យ​គេ​រឹង​មាំ ខ្លាំងក្លា អង់អាច ក្លាហាន ហើយ​រូបរាងកាយ​ចែងចាំង​ខុសពី​ប្រក្រតី​។ បើ​និយាយ​ម្យ៉ាងទៀត មាស និង​ប្រាក់​អាចជួយ​យកអាសារ​មនុស្ស​បាន​យ៉ាង​ប្រាកដ​។​ នៅ​ស្ថានីយ៍​ភូមិ​ព្រ​ហារ ខេត្តព្រៃវែង និង​នៅ​ភូមិ​ស្នាយ ខេត្តបន្ទាយមានជ័យ មាស និង​ប្រាក់ ត្រូវបាន​គេ​យកមក​ធ្វើជា​គ្រឿងលំអ​រូបរាងកាយ​មនុស្ស​ទាំង​ពីរភេទ ដូចជា​ក្រវិល​ត្រចៀក បន្តោង​ខ្សែក ចិញ្ចៀន និង​សន្លឹក​មាស​ស្តើងៗ​ដែល​គេ​រមូរ​ឲ្យ​មូល​ដើម្បី​ពាក់​នៅ​ចង្កេះលើក ឬក៏​ប្រើ​ជា​ត្រសាល់​ត្រចៀក​ជាដើម​។ យ៉ាងណាមិញ​នៅ​ស្ថានីយ​គោក​អូរ​ជួនៅ​ដែនដី​សណ្ត​ឯណោះ​វិញ គេ​ក៏បាន​រកឃើញ​គ្រឿងអលង្ការ​ធ្វើ​អំពី​មាស ដែល​ស្ថិតក្នុង​បរិបទ​វប្បធម៌​មន​-​ខ្មែរ ហើយ​ដែលមាន​អាយុកាល​ដូចគ្នា​។​ តាមរយៈ​លទ្ធផល​នៃ​ការវិភាគ​រក​កាលបរិច្ឆេទ​ដោយ​ប្រើ​បច្ចេកទេស​វិទ្យុសកម្ម​ C14 យើង​អាច​ដឹងថាគ្រឿងអលង្កា​រទាំងនោះដែល​ពាក់ព័ន្ធ​ទៅនឹង​អំពី​ពិធី​កប់​សព ត្រូវបាន​ផលិតឡើង​ប្រមាណ​ជា ១៥០/១០០​ឆ្នាំ មុន​គ​.​សទៅ ១០០ ​ឆ្នាំ​នៃ​គ​.​ស​។ ជាទូទៅដោយសារតែត្រូវបាន​កប់​ទៅ​ជាមួយនឹង​សពបុរាណវត្ថុ​ទាំងនោះមិន​គ្រាន់តែ​ត្រូវបាន​ប្រើប្រាស់​ជា​គ្រឿង​លំអតុបតែង​ខ្លួនប្រាណ ឬក៏​បញ្ជា​ក់នូវ​ឋានៈ​ក្នុងសង្គម​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​រមែងតែ​ពាក់ព័ន្ធ​ទៅនឹង​ជំនឿ​សាសនា​ផងដែរ ដូច​ករណី​របាំងមុខ (​មនុស្ស​) ធ្វើ​អំពី​សន្លឹក​មាស​ស្តើង​ដែល​គេ​រកឃើញ​នៅ​ខេត្ត​ប៉ា​រៀ​-​វុង​តាវនៅឯ​វៀតណាម​ខាងត្បូងជា​សក្ខីកម្ម​ស្រាប់​។ ដូចនេះ មាស និង​ប្រាក់ មិន​គ្រាន់តែ​តំណាង​ឲ្យ​ភាព​ស្តុកស្តម្ភ ទ្រព្យសម្បត្តិ ឬក៏​ឋានៈ​ក្នុងសង្គម​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ភាព​បរិសុទ្ធភាព​អមតៈ​ផងដែរ ដោយហេតុថាគុណសម្បត្តិ​ដ៏​វិសេសវិសាល​មួយទៀត​នៃ​លោហធាតុ​នេះ គឺ​ភាព​មិនចេះ​ពុកផុយ ឬ​សាបសូន្យ​។ ដូច្នេះហើយ​បានជា​គេ​ផលិត​ព្រះអាទិទេព​ធ្វើ​អំពី​មាស​។ ហើយ​ការគោរពចំលាក់​តំណាង​ព្រះអាទិទេព​ធ្វើ​អំពី​មាសត្រូវបាន​បន្ត​រហូតដល់​សម័យ​ទំនើប​យើង​នេះ​។ [២៤]

ទំនៀមទំលាប់​ប្រពៃណីចោះត្រចៀក​នេះ ពុំ​មាន​ជា​ការ​ពាក់​ដើម្បី​លំអ​រូប​រាង​កាយ​ប៉ុណ្ណោះ​ទេវា​ថែម​ទាំង​មាន​អត្ថន័យ​ពាក់​ព័ន្ធ​នឹង​ជំនឿ​សាសនា។ ចំពោះ​មនុស្ស​បុរាណ ​ការ​ចោះ​ត្រចៀកយល់​ឃើញ​ថានាំ​មក​នូវ​សិរី​សួស្តី និង​បុណ្យ​បារមី​បង្ការ​នូវ​រាល់​ឧបទ្រ​ព​ចង្រៃ ដែល​យាយី​មនុស្ស និង​សង្គម។ ជារួម​ក្រវិល​ត្រចៀក ឬ​ត្រសាល់​ខ្មែរ និង​ជន​ជាតិ​ខ្មែរ​ដើម​ភាគ​តិចនៅ​ភូមិ​ភាគឦសាននៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្នគឺ​ស្ថិត​ក្នុង​រង្វង់​គ្រួសារ​វប្បធម៌​តែ​មួយ​ទេ ពោល​គឺ​វា​បាន​ប្រសូត្រ​ចេញពី​ខឿន​វប្បធម៌នា​សម័យ​បុរេប្រវត្តិ​សាស្ត្រ។ ភស្តុតាង​ចាំបាច់​ដើម្បី​បង្ហាញ និរន្តរភាព​នៃ​ប្រពៃណី​ខាង​លើ​នេះគឺ​របក​គំហើញ​ខាង​បុរាណ​វិទ្យា​ខ្មែរ​នា​សម័យ​បុរេប្រវត្តិ​សាស្ត្រ។ ក្នុង​ចំណោម​គ្រឿង​អលង្ការនៅ​ស្ថានីយ៍​សំរោង​សែន ដែល​សិក្សា​ដោយ​លោកម៉ុង​ស៊ុយនៅ​ឆ្នាំ​១៩២៣ យើង​បាន​ឃើញ​ក្រវិល និង​ត្រសាល់​ត្រចៀក កងដៃ ធ្វើ​អំពី​ថ្ម និង​ខ្យង។ វត្តមាន​របស់​គ្រឿង​អលង្ការ​ខាង​លើ​នេះ ក៏​ត្រូវ​បាន​លើក​ឡើង​ក្នុង​របាយ​ការ​ណ៍​របស់​លោកអៃម៉ូ​នី​យេ​ផងដែរ។ ក្រៅពី​នេះប្រភព​ព័ត៌មាន​គួរឲ្យ​ទុក​ចិត្ត​បាន​បញ្ជាក់​ថា ការ​ប្រើ​អលង្ការ​នេះ ក៏​ពេញ​និយម​នៅ​ម្លូព្រៃ​​ផង​​ដែរ។ ទន្ទឹម​នឹង​នោះ ថ្មីៗ​នេះ​នៅ​ស្ថានីយ៍​ភូមិ​ស្នាយ ​និងស្វាយចេក យើង​ក៏​បាន​រក​ឃើញ​នូវ​ត្រ​សាល់ត្រចៀក​ធ្វើ​អំពី​សំរិទ្ធិ និង​ថ្ម​ថែម​ទៀត។ ចុង​ក្រោយ​បង្អស់ យើង​ក៏​បាន​ជួប​នូវ​ក្រវិល និង​ត្រសាល់​ត្រចៀក នៅ​ក្នុង​ស្ថានីយ៍​មួយ​ចំនួននៅ​សៀម និងលាវ។ ប្រពៃណី​ខាង​លើនេះដែល​មាន​កំណើត​ឡើង​នា​សម័យនវ​សិលា ឬ​ថ្ម​រំ​លីងគឺជា​ប្រពៃណី​ជាតិពោល​គឺ​ទាំង​ស្ដេចទាំង​រាស្ត្រ​រមែង​តែង​និយម​ដូចគ្នា។ [២៥]

សឹងតែ​មិន​នឹកស្មាន​ដល់ គំនូរ​លើ​ច្រាំង​ថ្ម​ដ៏​កម្រ​មួយ​ ត្រូវបាន​គេ​រកឃើញ ដែល​អនុញ្ញាត​ឲ្យ​យើង​ទទួលបាន​ទិន្នន័យ​ថ្មីពាក់ព័ន្ធ​នឹង​ការ​បរបាញ់ជាពិសេស​ការពាក់​ស្នែង​ប្រើស​នៅពេល​បរបាញ់ដែលមាន​អាយុប្រមាណ​ជា ២៥០០ ឆ្នាំ​មកហើយ។ នៅ​ស្រុក​ស៊ី​គី​វ ចង្វាត​នគររាជ​សីមាក្រៅពី​គំនូរ​លើ​ច្រាំង​ថ្ម ឬ​គុហា​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​មួយចំនួនពាក់ព័ន្ធ​ទៅនឹង​ជំនឿ​សាសនា​ចុង​សម័យ​វប្បធម៌យើង​ក៏បាន​ឃើញ​នូវ​គំនូរ​មួយទៀត ដែល​គេ​តែងតែ​ហៅ​ឈ្មោះថា ធ្មប់ កំពុង​ធ្វើ​ពិធី​កម្មដោយ​លើ​ក្បាលមាន​ពាក់​ស្នែង​ប្រើស​មួយគូរ។ ការពាក់​ស្នែង​ប្រើស​បែបនេះក្នុង​ពិធី​កម្ម​សាសនា​ដោយ​មេ​ព្រានព្រៃគឺធ្វើឡើង​ដើម្បី​ឲ្យ​សត្វ​ប្រើស​ចូលក្នុង​ល្បិចកល​របស់​អ្នក​បរបាញ់អាច​ឲ្យ​អ្នក​បរបាញ់​លូន​ខិតចូល​ជិតដើម្បី​បាញ់​សម្លាប់សត្វ​ម្រឹគ ដែល​រួមមាន ប្រើស ក្ដាន់ ឈ្លូស ទន្សោង​ជាដើមបានដោយងាយ។​ ​នេះ​ជា​ទិដ្ឋភាពដែល​បង្ហាញ​ឲ្យ​ឃើញ​ពីវិធីរ​កសាច់​សំរាប់​ផ្គត់ផ្គង់​ដល់​សេដ្ឋកិច្ចគ្រួសារក្នុង​សហគមន៍​មន​-​ខ្មែរនា​សម័យ​បុរេប្រវត្តិសាស្ត្រហើយ​ម្យ៉ាងទៀត វា​ក៏​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​បរិបទសង្គម​មួយ ដែល​សំបូរ​ទៅដោយ​ព្រៃព្រឹក្សា​ដែលជា​អនុផលព្រមទាំង​លក្ខណៈ​ជីវ​ច​ល​និយម​នៃ​ទំនៀមទំលាប់ក្នុងសង្គម​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​ផងដែរ។ នោះ​ជា​រូប​ព្រានព្រៃ​នា​សម័យ​អតីតកាលកំពុង​បំពេញ​ពិធី​កម្ម​សាសនា​អ្វីមួយ​យ៉ាង​ប្រាកដមុននឹង​ចេញទៅ​បរបាញ់ក្នុង​គោលបំណង​ពិសិដ្ឋ​មួយ គឺ​ធ្វើយ៉ាងណា​ឲ្យ​ការ​បរបាញ់​បាន​ជោគជ័យ។​ យើង​អាច​កត់សំគាល់ថា ការប្រើ​ស្នែង​ប្រើសក្នុងការ​បរបាញ់​សត្វព្រៃបាន​ផ្ដើមឡើង​នា​សម័យ​បុរេប្រវត្តិសាស្ត្រ ដោយ​ប្រជាជន​នៅ​តំបន់​ខ្ពង់រាប​នគររាជ​សីមា ដែលជា​ចំណែក​យ៉ាងសំខាន់​ខាង​សេដ្ឋកិច្ច​គ្រួសារ​នា​សម័យ​នោះសំរាប់​មនុស្ស​រស់នៅ​តាម​ដងព្រៃ​ភ្នំ។ ទង្វើ​នេះ​បាន​បន្ត​រហូតដល់​សម័យ​វប្បធម៌​បាយ័នគឺ​ចំណុច​ដ៏​សំខាន់​នេះហើយ​ដែល​ធ្វើ​ឲ្យ​ឃើញ​នូវប្រភព​បុរេប្រវត្តិសាស្ត្រនៃ​ការបំពាក់​ស្នែង​ប្រើស​ដោយ​ព្រានព្រៃក្នុងពេលបរបាញ់។ [២៦]

មុន​ការទទួល​វប្បធម៌​ក្លិង្គ ពោលគឺ​តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ​ម្ល៉េះ​ដូច​បងប្អូនខ្មែរលើ​ សព្វថ្ងៃនេះជនជាតិខ្មែរ​យើង​បាន​ចេះ​និយម​សំលៀកបំពាក់​រួចជាស្រេច​ទៅហើយ ដូចជា​ការប្រើប្រាស់​ប៉ឹង​វែងឬ​ខ្លី និង​សំពត់ដើម្បី​បិទបាំង​កេរ្តិ៍ខ្មាស់ និង​លំអ​រូបរាងកាយឬក៏​គ្រាន់តែ​ដើម្បី​ការពារ​អាកាសធាតុ​តែ​ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត​គួរ​គូសបញ្ជាក់​ផងដែរ​ថានៅ​ដើម​ស.វ​ទី ១ នៃ​គ.ស ទើប​មាន​ការនិយម​ក្បិន​តាមរបៀប​ពួក​ព្រាហ្មណ៍​ឥណ្ឌា ដែលមាន​ប្រភព​ចេញពី​ឥណ្ឌា​ខាងត្បូងហើយ​វា​ក៏​ជា​ប្រពៃណី​មួយ​នៅរស់​រវើក​រហូតមក​ដល់​សព្វថ្ងៃ​នេះដែរ​នៅ​ប្រទេស​ឥណ្ឌា​ខាងត្បូងក៏​ដូច​នៅ​ប្រទេស​កម្ពុជា។ ដូច្នេះការដែល​និយាយថា ជនជាតិខ្មែរ​យើង​មិនចេះ​ស្លៀកពាក់​មុន​ឥទ្ធិពល​ឥណ្ឌា​នោះ ពំនោល​នេះ​គឺជា​រឿង​មិន​ពិត​ទាល់តែសោះ។ ការដែល​ជនជាតិខ្មែរ​កាន់​ទំនៀមទំលាប់​តាមបែប​ឥណ្ឌាពុំមែន​មានន័យថា​ ខ្មែរ​គ្មាន​សំលៀកបំពាក់​ប្រចាំ​ជាតិ​របស់ខ្លួន​នោះទេ។ ក្រោម​មេឃ​លើដី​នេះ គ្មាន​ជនជាតិ​ណា​ដែល​ដើរ​ស្រាត​ទេ ឬក៏​បាន​បង្កើតឡើង​នូវ​វប្បធម៌​របស់ខ្លួន​ដោយ​គ្មាន​ការទទួល​ឥទ្ធិពលមកពី​ខាងក្រៅ​នោះទេ។ ចំលាក់​នៃ​ប្រាសាទបុរាណ​ខ្មែរដូចជា​ចំលាក់​នៅលើ​ប្រាសាទបាយ័ន បន្ទាយឆ្មារ និង​អង្គរវត្ត អាចជា​កញ្ចក់​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​សំលៀកបំពាក់​ខ្មែរ​បុរាណ​រវាង​ស.វ​ទី ១២-១៣ នៃ​គ.ស ដែល​ក្នុងនោះ​មានការ​ប្រើ​ប៉ឹង និង​សំពត់​ជាដើម ក៏​ជា​សក្ខីកម្ម​មួយ​គួរឱ្យកត់សំគាល់​ដែរ។ ឆ្លងតាម​ការវិភាគ​ខាងលើនេះ​បានឱ្យដឹងថា ជនជាតិខ្មែរ​យើង​ចេះ​ស្លៀកពាក់​យ៉ាងហោចណាស់​ក៏​ចាប់ពី​សម័យ​វប្បធម៌​លោហធាតុ​មក​ដែរ។ នេះ​ជា​លើកទីមួយ​ហើយ​ដែល​យើង​បាន​ប្រមូល​ឯកសារ​ស្តីពី​ការ​ស្លៀកពាក់​របស់​ខ្មែរ​នា​សម័យមុន​ប្រវត្តិសាស្ត្រ និង​ដើម​សម័យ​ប្រវត្តិសាស្ត្រ​មក​វិភាគ​សិក្សាដើម្បី​បង្ហាញ​នូវ​និរន្តរភាព​នៃ​សំលៀកបំពាក់​ខ្មែរតាម​បែប​ប្រពៃណី​ប្រចាំ​ជាតិ​របស់ខ្លួន។

ទាក់ទង​នឹង​បញ្ហា​ប្រើ​កែវ ថ្វីត្បិតតែ​យើង​ពុំទាន់​ដឹង​នៅឡើយថា​ តើ​សមិទ្ធិផល​កែវ​ត្រូវបាន​បង្កើត​នៅ​សម័យ​ណា​យ៉ាង​ប្រាកដ​នៅឡើយ​ទេ ក៏ប៉ុន្តែ​ទិន្នន័យ​ទាក់ទិន​ទៅនឹង​វត្ថុ​ធ្វើ​អំពី​កែវជាពិសេស​គ្រាប់អង្កាំ​ចាស់​ជាងគេ ដែល​គេ​បាន​រកឃើញ​នៅតាម​ស្ថានីយ៍​មួយចំនួនដូចជា​នៅ​ចង្វាតក្រៈប៊ី​ក្នុង​ឈូង​សមុទ្រ​សៀម​សព្វថ្ងៃ​ជាដើមគឺមាន​អាយុ​ចាស់​រវាង ៣០០​ឆ្នាំ និង ១០០​ឆ្នាំមុន​សម័យ​ប្រវត្តិសាស្ត្រ​។ ហើយ​ជា​អង្កាំ ដែលមាន​ប្រភព​ចេញពី​ចក្រភព​រ៉ូ​ម។ រីឯ​នៅតាម​ស្ថានីយ៍​មួយចំនួន ដែល​ស្ថិតក្នុង​បង្គោល​សីមា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​វិញ អង្កាំ​ធ្វើ​អំពី​កែវ ជួនកាល​មាន​អាយុកាល​ប្រហាក់ប្រហែលគ្នា ឬក៏​ត្រឹមតែ​ពីស​.​វ​ទី​១ ដល់​ស​.​វ​ទី​៤-៥​នៃ​គ​.​ស តែប៉ុណ្ណោះនេះ​បើ​យោងតាម​លក្ខណៈប្រភេទ​អង្កាំ​តាម​តំបន់ភូមិសាស្ត្រ​នីមួយៗ​ជាក់ស្តែង​។

ការរកឃើញ​នូវ​វត្ថុ​ធ្វើ​អំពី​កែវជា​ច្រើនថ្មីៗ​នេះ​នៅ​ភូមិ​ស្នាយ និង​នៅ​អង្គរបុរីបានផ្តល់​ចំពោះ​យើង​នូវ​ព័ត៌មាន និង​ភាពសំបូរ​ណ៍​បែប​នៃ​គ្រឿងអលង្ការ​ធ្វើ​អំពី​កែវ​ពណ៌​ដ៏​ច្រើន ដើម្បី​ចូលរួម​ក្នុងការ​សរសេរ​ខឿនវប្បធម៌​ខ្មែរ​បុរាណ​ឡើងវិញ​។ ការរកឃើញ​នូវ​វត្ថុ​វប្បធម៌​ធ្វើ​អំពី​កែវដូចជា ក្រវិល​ត្រចៀក ឬ​កាវ​ត្រចៀក​មាន​រូបរាង​ជា​សត្វ​ចាប ក្របី ផ្កា កងដៃ ចិញ្ចៀន អង្កាំ ទេវរូប ពុទ្ធរូប សត្វ​។​ល​។ ក៏បាន​ជះឥទ្ធិពល​យ៉ាងច្រើន​ចំពោះ​ការ​ចងក្រង​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​កម្ពុជា​ឡើងវិញ​ដែរ​។ ដោយ​បញ្ជាក់ថាជនជាតិខ្មែរ​បាន​មាន​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​អន្តរជាតិ និង​វប្បធម៌​ជាមួយ​ប​ស្ចឹម​ប្រទេស​ចាប់តាំងពី​ចុង​សម័យ​លោហធាតុពោលគឺ​ដើម​សម័យ​ប្រវត្តិសាស្ត្រ​ម្ល៉េះ​។ ព្រោះ​ក្នុងកំឡុង​អន្តរកាល​នេះហើយ ជនជាតិខ្មែរ​ក្នុងដំណាក់កាល​ដំបូង ហើយ​បន្ទាប់មក​ក៏បាន​ចេះ​ស្ល​ដោយ​ខ្លួនឯងនៅ​ដើម​ស​.​វ​ទី​១ តាម​បច្ចេកទេស​ដែល​បានមក​រស់នៅ​តាម​កំពង់ផែសមុទ្រ​ភ្វូណាន។[២៧]

ទីបំផុត​ទៅ​សម្ព័ន្ធភាព ឬ​បើ​និយាយ​ឲ្យ​ចំ​ទៅ​ប្រភព​រួម​រវាង​កងដៃ​រប​ស់មនុស្សនា​សម័យ​បុរេប្រវត្តិសាស្ត្រ និង​កងដៃ​ព្នង​ត្រូវបាន​បំភ្លឺ​ហើយ​។ នោះ​គឺដោយសារតែ​យើង​បាន​រកឃើញ​នូវ​លក្ខណៈ​ដូចគ្នាក្រោយពី​ការសិក្សា​ប្រៀបធៀប​ខាង​បុរាណវិទ្យា​។ ម្យ៉ាងវិញទៀត យើង​ក៏​អាច​ចាត់ទុក​យ៉ាង​ត្រឹមត្រូវ​ថា កងដៃ​ខ្មែរក៏មាន​កំណើត​ដូចគ្នា​ដែរ គ្រាន់តែ​ជនជាតិ​ខ្មែរក្រោម​ឥទ្ធិពល​វប្បធម៌​ខ្មែរហើយក៏​បែក​ចេញពី​ខឿន​រួម​មន​-​ខ្មែរ ចាប់​តាំងពីដើម​សតវត្ស​ទី​១ រហូតដល់​សព្វថ្ងៃ​។​ វត្ថុ​សិល្បៈ​ទាំងនោះគឺ​ត្រូវបាន​ទិញ​នៅ​ស្រុក​ខ្មែរដោយ​លោក អាដេម៉ាដ៍​​​ ឡឺក្លែរ (១៨៥៣-១៩១៧) ក្នុងខណៈ​គាត់​នៅ​ជា​រេ​ស៊ី​ដង់ នៅ​ខេត្តក្រចេះ និង​កំពង់ធំ​។​ បន្ទាប់ពី​បែងចែក​វត្ថុ​សិល្បៈ​ទាំងនោះ​ជាច្រើន​ក្រុម យើង​ក៏បាន​ឃើញ​មាន​វត្ថុ​ប្រើប្រាស់​របស់​បងប្អូន​ជនជាតិ​ព្នង​មួយចំនួន រួមមាន​កងដៃ កងជើង ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ជាច្រើន​ឆ្នាំកន្លងមក​យើង​ខិតខំ​សិក្សា​ស្រា​វ​ជ្រាវ​អំពី​គ្រឿងអលង្ការ​ព្នង​ទាំងនោះ ដោយ​ដេញដោល​សាកសួរ​អត្ថន័យ​។ ព្រោះថា ប្រជាជន​ខ្មែរ​ក៏​នៅ​ពេញនិយម​កងដៃ​ប្រភេទ​បែបនេះ​ដែរ ជាពិសេស​នៅ​ដើម​សម័យ​ប្រវត្តិសាស្ត្រ​។​ ​តាមពិតទៅ សំណួរ​គឺ​ស្ថិតនៅត្រង់​ចំណុច​ដែលថា ចុះ​ហេតុអ្វី​បានជា​ខ្មែរ និង​ព្នង​មាន​របស់​តុបតែង​ខ្លួនប្រាណ​ដូចគ្នា​?​

ជាការ​ពិតណាស់ យើង​អាច​ចាត់ទុក​ដោយ​ឥត​សង្ស័យ​ឡើយ​ថាកងដៃ​ខ្មែរ និង​ព្នងមាន​ប្រភព​រួម​តែមួយ​។ ខ្មែរ​មិនបាន​ខ្ចី​ពី​ព្នង ហើយ​ព្នង​ក៏​មិនបាន​ខ្ចី​ពី​ខ្មែរគឺមាន​ប្រភព​តែមួយ​យ៉ាង​ប្រាកដ ព្រោះ​ការនិយម​កងដៃ​ជា​វប្បធម៌​រួមដែល​ធ្លាប់មាន​តាំងពី​បុរាណកាល​ដ៏​យូរលង់​មកហើយ​។​ បើទោះបីជា​យើង​មិនបាន​សិក្សា​វិភាគ​ល្អិតល្អន់​ក៏ដោយ តាម​ការពិនិត្យ​ទីកន្លែង​ផ្ទាល់ និង​លក្ខណៈ​នៃ​ប្រពៃណី​ពាក់​កងដៃ​របស់​ប្រជាជន​ខ្មែរ និង​កុលសម្ព័ន្ធ​មន​-​ខ្មែរដែលជា​ជនជាតិខ្មែរ​ដើម​ភាគតិច មិន​បានទទួល​ឥទ្ធិពល​ឥណ្ឌា យើង​អាច​ឃើញ​ប្រភព​រួម​រវាង​កងដៃ​ខ្មែរ ព្នង ក្នុង​បច្ចុប្បន្នភាពក៏ដូចជា​ក្នុងសម័យ​ដ៏​យូរលង់គឺ​សម័យ​បុរេប្រវត្តិសាស្ត្រ​។​ ក្នុង​ការធ្វើ​កំណាយ​ខាង​បុរាណវិទ្យា ដែល​ត្រូវបាន​ធ្វើឡើង​នៅតាម​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​មួយចំនួននៅ​ប្រទេស​កម្ពុជា ប្រទេស​វៀតណាម​ខាងត្បូង ប្រទេស​ថៃ និង​លាវ​បច្ចុប្បន្ន យើង​បានឃើញ​ក្រុមមនុស្ស​ទាំងពីរ​ភេទដូច​នា​សម័យ​ប្រវត្តិសាស្ត្រ និង​ដើម​សម័យអង្គរបាន​និយម​នូវ​កងដៃ​ទាំងនោះ នេះ​បើ​យោង​លើ​លទ្ធផល​នៃ​ការធ្វើ​កំណាយ​តាម​រណ្តៅ​សព​។ ឧទាហរណ៍​ជាក់ស្តែង​មួយនៅ​ភូមិ​ស្នាយក៏​ដូច​នៅ​ភូមិ​បាន​ឈៀង ប្រទេស​ថៃ​បច្ចុប្បន្ន នៅលើ​ដៃ​របស់​សព​ជាច្រើនសុទ្ធសឹង​តែមាន​បំពាក់​កងដៃ​សំរឹទ្ធិ​។ គ្រឿងអលង្ការ​ទាំងនោះ ខ្លះ​មាន​ក្បាច់​ជា​គូថ​ខ្យង ខ្លះទៀត​រាង​ជា​រមួលៗ ទំហំ​គ្រប់​ខ្នាតពិត​ជាមាន​លក្ខណៈ​ដូចគ្នា​ពី​ស្ថានីយ៍​មួយ​ទៅ​ស្ថានីយ៍​ទៀតហាក់បី​កើតចេញពី​ពុម្ព​តែមួយ​។[២៨]

​ប្រពៃណី​ពាក់ឆៀងខ្វែង​ខ្មែរ ប្រៀបផ្ទឹមទៅនឹង​ប្រពៃណី​បងប្អូន​ខ្មែរ​ដើម​ភាគតិច (​ព្នង និង កា​ទុ​) ដែល​សម័យកាល​មិនទាន់​កែប្រែ​ទាំងស្រុង​នៅឡើយ​។ ជាបឋមត្រូវ​ជ្រាបថា ការ​លើកយក​ប្រធានបទ​នេះ​មក​ធ្វើការ​វិភាគហាក់បី​ជា​រឿងចំលែកមួយ ក៏ប៉ុន្តែ​ផ្អែកលើ​មូលដ្ឋាន​ជាតិពន្ធុ​ដ៏​ជាក់លាក់បញ្ហា​នេះមិនមាន​អាថ៌កំបាំង​អ្វី​សោះឡើយ​ទេ​។ ព្រោះ​ការនិយម​ឆៀង​ខ្វែងគឺជា​សម្បត្តិ​វប្បធម៌​របស់អំបូរមន​-​ខ្មែរ ដែល​ក្នុងនោះ​មាន​ជនជាតិខ្មែរ​ផងដែរ​។ ​ដូច្នេះរាល់​ការស្រាវជ្រាវដែល​មិនបាន​ផ្តើមចេញពី​កត្តា​នេះមិនអាច​នាំ​ឆ្ពោះទៅរក​លទ្ធផល​ជា​វិជ្ជមាន​បានឡើយ​។ ​បើ​សំលឹង​លើ​ទិន្នន័យ​វិទ្យាសាស្ត្រដែល​យើង​បាន​ប្រមែប្រមូល​មកដើម្បី​សិក្សា​វិភាគ យើង​អាច​ឃើញ​ប្រពៃណី​ពាក់ឆៀង​ខ្វែង​នេះបាន​ឆ្លងកាត់​នូវ​ដំណាក់កាល​វិវត្តន៍​ធំៗ​ពីរ គឺ សម័យ​បុរេប្រវត្តិសាស្ត្រ និង​សម័យ​ប្រវត្តិសាស្ត្រ​។​ ចំពោះ​ការតុបតែង​លំអ​រូប​រាងកាយក្នុងដំណាក់កាល​ទី​១ នេះ យើង​ពុំទាន់​រកឃើញ​នូវ​តឹកតាង​ណាមួយ​ឲ្យ​បានច្បាស់លាស់ស្តីពី​ការនិយម​ឆៀង​ខ្វែង​នេះ​នៅឡើយ​។ តែ​យើង​អាច​គិតថាវា​ពិត​ជាមាន​តាំង​ពីមុន​សម័យ​ប្រវត្តិសាស្ត្រ​យ៉ាង​ប្រាកដ​។ សម័យ​នគរវ្នំដែលជា​សម័យកាល​ទី​២​នៃ​សកលភាវូបនីយកម្ម​ឥណ្ឌូ​បនីយកម្ម វិស័យ​សិល្បៈ​ខ្មែរ​មាន​លក្ខណៈ​ច្បាស់លាស់​ជាង​សម័យមុន ដែលជា​សម័យ​បុរេប្រវត្តិសាស្ត្រ​។ ហើយ​ក្នុង​សម័យកាល​នេះហើយ ដែល​យើង​បានឃើញ​កេរ្តិ៍ដំណែលអរូបី​នា​សម័យ​បុរេប្រវត្តិសាស្ត្រ ដែល​ត្រូវ​កប់​យ៉ាងជ្រៅ​ក្នុង​ផ្នត់គំនិត​មនុស្សត្រូវបាន​ស្តែងចេញ​ជា​លើកដំបូង​បង្អស់នៅ​អង្គរបុរីតាមរយៈ​ចំលាក់​ពីរនា​សម័យ​នគរ​វ្នំមួយ​ជា​ត្បូងចិញ្ចៀនធ្វើ​អំពី​កែវ តំណាង​ឲ្យ​ហនុមានក្នុងឋានៈ​ជា​មេទ័ព និង​មួយទៀតធ្វើ​អំពី​ដី​ដុតតំណាង​ឲ្យ​ ខ្មោច​បិសាច ជា​ភស្តុតាង​ស្រាប់​។ សម័យ​វប្បធម៌​វ្នំ​ត្រូវបាន​គេ​ចាត់ទុកថា សម័យកាល​មួយ​ដែល​សិល្បៈ​ខ្មែរ​ត្រូវបាន​ចាប់កំណើត ឬ​បង្កើតឡើង ហើយ​ប្រកបដោយ​លក្ខណៈ​សំយោគ​រវាង​ធាតុ​ខ្មែរ និង​ឥណ្ឌា​។ ហើយ​ទោះបីជា​សម័យ​ទំនើប​នេះមាន​ភាពជឿនលឿនប្រែប្រួល​យ៉ាងណាក្តី ក៏ប៉ុន្តែការនិយម​ពាក់ឆៀង​ខ្វែងនៅតែ​ពេញនិយម​នៅតាម​តំបន់​ជនបទ​ខ្លះ​។​ ពាក់ព័ន្ធ​ទៅនឹង​សម័យអង្គរ អ្នកស្រាវជ្រាវ​ខាង​វប្បធម៌ អារ្យធម៌​ខ្មែរ​ជាច្រើន​ជំនាន់​មកហើយបាន​ចាប់អារម្មណ៍​លើ​ការនិយម​ឆៀង​ខ្វែង​នេះ ដោយ​មេទ័ព​ខ្មែរ​នា​សម័យ​វប្បធម៌​បាយ័ន ក៏ប៉ុន្តែ​ពួកគេ​គ្រាន់តែ​មិនបាន​នឹកស្មានថា ប្រពៃណី​នេះ​បាន​មានជីវិត​រស់នៅ​រហូត​ដល់​សព្វថ្ងៃនេះ ដោយសារតែ​ពួកគេ​មិនបាន​ធ្វើការ​ពិចារណា​ស៊ីជំរៅលើ​ខឿនវប្បធម៌​ខ្មែរ​ប៉ុណ្ណោះ​។ ឧទាហរណ៍​ជាក់ស្តែង​មួយ យើង​តែងតែ​សង្កេតឃើញ​ដោយ​សេចក្តី​រន្ធត់ចិត្ត​នូវ​និរន្តរភាព​ព្រះ​ពោធិសត្វ​ស្រី​អារ្យ​មេ​ត្រៃ ខ្មែរ​សព្វថ្ងៃនេះទ្រង់​គ្រង​ឆៀង​ខ្វែងដែល​ធ្វើតាម​លំនាំ​បែប​មេទ័ព​ខ្មែរ​នា​សម័យអង្គរ​។​ ឆៀង​ខ្វែង សព្វថ្ងៃដែល​ប្រើប្រាស់ដោយ​សហគមន៍​មន​-​ខ្មែរ​មួយចំនួនដូច​ពួក​កា​ទុនៅ​ប្រទេស​វៀតណាម​ខាងត្បូង ត្រូវបាន​ចាត់ទុកថាជា​សំលៀកបំពាក់​ការពារ​មួយ ប្រកបដោយ​មហិទ្ធិឫទ្ធិ​អា​ស្ចា​រ្យ។ គឺ​គំនិត​ការពារ និង​ឧបទ្រពចង្រៃ និង រាល់​កំលាំង​អវិជ្ជមានដែល​អាច​យាយី​ដល់​អាយុជីវិត​នេះហើយ ដែលជា​មូលដ្ឋាន​ក្នុងការ​បង្កើតឡើង​នូវ​វត្ថុ​សិល្បៈ​គ្រប់​ប្រភេទដូចជាចំលាក់​ស្មិតតំបាញ​ជាដើមសំរាប់​ប្រើប្រាស់​ហើយ​ក្លាយទៅជា​ប្រពៃណី​ប្រជាប្រិយ​។​ ​ការយក​ឆៀង​នេះ​មក​តុបតែង ឬ​ធ្វើជា​សំលៀកបំពាក់ ក្រៅពី​សោ​ភ័ណ​ភាពក៏​បង្កប់​នូវ​ជំនឿ​លើ​អច្ឆរិយភាព​បន្ថែមទៀត ដែលជា​តថភាព​របស់​ប្រព័ន្ធ​មនោគមវិជ្ជា​សាសនា​របស់​សហគមន៍​មន​-​ខ្មែរ និង​ខ្មែរ​។​ សព្វថ្ងៃនេះ ដូច​ទើប​ពោល​នៅ​ខាងលើ ក្រោយពី​សម័យអង្គរការនិយម​ឆៀង​ខ្វែង​ត្រូវបាន​ឈប់​ពេញនិយមដោយសារតែ​ការប្រែប្រួល​របស់​សង្គម ក៏ប៉ុន្តែ​មិនទាន់​រលត់​សាប​សូន្យទាំងស្រុង​នៅឡើយ​ដែរ​។ ហើយ​ដោយសារតែ​ការកំណត់​ក្នុង​ផ្នត់គំនិត​របស់​មនុស្ស​ខ្មែរបានជា​សិប្បករ​ខ្មែរ​បាន​ឆ្លាក់​ពុទ្ធបដិមា​តំណាង​ឲ្យ​ព្រះ​ស្រី​មេ​ត្រៃ​គ្រង​ឆៀង​ខ្វែង​។ មានន័យថា ដូច​សម័យមុនៗ សិល្បករ​ខ្មែរ​សព្វថ្ងៃ​បាន​ផ្សាភ្ជាប់​អតីតកាល​ទៅ​និង​បច្ចុប្បន្នភាព ពោលគឺ វិ​រ​បុរស​ខ្លាំងពូកែ អង់អាច ក្លាហាន និង​ព្រះអាទិទេព មាន​ប្រភពពី​ឥណ្ឌា​តាមរបៀប​ខ្មែរ​។ ហើយ​ខាងលើនេះ គឺជា​ទស្សនទាន​របស់​យើង​ដោយផ្ទាល់​។[២៩]

សិល្បៈ

កែប្រែ

នា​សម័យ​បុរេប្រវត្តិសាស្ត្រ ក្រៅពី​គំនូរ​រូប​សត្វ គេ​ក៏បាន​សង្កេតឃើញ​មាន​គំនូរ​ពណ៌​តំណាង​បុព្វការី​ជន​ផងដែរ។ តាមពិតទៅ គោលដៅ​នៃ​គំនូរជីវចល​ទាំងនោះ ​ហើយ​អ្វីដែល​ជាការ​ប៉ងប្រាថ្នា​ចំបង​របស់​មនុស្ស នា​ចុង​សម័យ​វប្បធម៌​សំរឹទ្ធ​នោះគឺ​ការស្វែងរក​នូវ​សេចក្ដីសុខ​សប្បាយ និង​សិរី​មង្គល​ក្នុង​លោក​នេះ ក៏​ដូច​ក្នុង​លោក​ខាងមុខ។ ដោយហេតុថា គំនូរ​ទាំងនោះ​ដែល​ប្រកប​លក្ខណៈ​សក្តិសិទ្ធិ ហើយ​លក្ខណៈ​សក្តិសិទ្ធិ​នោះ​បញ្ជាក់​តាមរយៈ​ពណ៌​ក្រហមឆ្អៅ​នៃ​ល័ក្តអាច​នឹងធ្វើ​ឱ្យគេ​មាន​អារម្មណ៍​ស្ងប់ និង​សុខក្សេមក្សាន្ត​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។ បើ​និយាយ​ម្យ៉ាងទៀត គំនូរ​បុព្វការី​ជន​ទាំងនោះ ដែល​គូរ​ដោយ​ល័ក្ត​ពណ៌​ក្រហមឆ្អៅ ជា​និមិត្តសញ្ញា​នៃ​ស​រសៃ​ឈាម​ទ្រទ្រង់​ជីវិតបង្កប់​នូវ​សារធាតុ ឬ​ថាមពល​មួយ​ដ៏​ពិសិដ្ឋ អមតៈ មិន​គ្រាន់តែ​អាច​នឹង​បញ្ចៀស​នូវ​គ្រប់​អំពើ​ឧបទ្រពចង្រៃ​ទាំងឡាយ​ដែល​យាយី​មនុស្ស​តែប៉ុណ្ណោះ​ទេ ថែមទាំង​អាចជួយ​ធ្វើឱ្យ​មនុស្ស​រស់​ឡើងវិញ​ទៀតផង។ ខាងលើនេះគឺជា​ទស្សនវិជ្ជា​បែប​ជីវ​ច​ល​និយម​របស់​ដូនតា​ខ្មែរនា​ជំនាន់​នោះ​យ៉ាង​ប្រាកដ ដែល​ចិញ្ចឹមជីវិត​ដោយ​ការធ្វើ​ស្រែចំការ និង​បរបាញ់​សត្វ។​ ដូចនេះគឺ​ជំនឿ​លើ​បុព្វការី​ជន​ដែលជា​មូលដ្ឋាន​បង្អែក​នៃ​សិល្បៈ ក៏​អាច​ពន្យល់​បញ្ជាក់​ជា​ប្រយោល​នូវ​ជំនឿ​លើ​ការ​ចាប់ជាតិ​សារជាថ្មី​ឡើងវិញ​ផងដែរ។ ឈាមគឺជា​ប្រភព​នៃ​ជីវិតព្រោះថា​នៅពេលដែល​ឈាម​ឈប់​ដើរជីវិត​ក៏ត្រូវ​រលត់​ដែរ។​ គំនូរ​បុព្វការី​ជន​ទាំងនោះ ឆ្លុះបញ្ចាំង​ចក្ខុវិស័យ​ស្ដីពី​ជីវិត​របស់​មនុស្ស​បុរាណ ហើយ​ម្យ៉ាងវិញទៀតវា​ក៏​ជា​សក្ខីកម្ម​បង្ហាញឱ្យឃើញ​នូវ​អត្ថិភាព​នៃ​វិស័យ​កសិកម្ម​ផងដែរ ដែលជា​មូលដ្ឋាន​សេដ្ឋកិច្ច ហើយ​បានឱ្យ​កំណើត​ទៅ​សិល្បៈ​អរូបី​ទាំងនោះ។ ​ការប្រើ​ក្រឡ​ដី​ដុត​សំរាប់​ផ្ទុក​នូវ​អដ្ឋិធាតុ ឬ​ធញ្ញជាតិដែលជា​ម្ហូបអាហារ​ចាំបាច់​សំរាប់​សព​ក្នុង​ដំណើរ​ទៅកាន់​បរ​លោក​នៅតែ​បន្ត​រហូតដល់​បច្ចុប្បន្ន​ភាព​ដោយ​ពុទ្ធសាសនិកជន។ ដូចនេះ ជានិច្ចកាល សិល្បៈ​រមែងតែងតែ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ជំនឿ​សាសនា ទំនៀមទំលាប់ ប្រពៃណី និង​របប​រស់នៅ ដែលជា​ត្រីវិស័យ​នាំមុខ។[៣០]

​ដោយ​កត្តា​ភូមិសាស្ត្រ និង​ជាតិពន្ធុវិទ្យា លក្ខណៈ​វប្បធម៌​នៅ​ភូមិ​ព្រ​ហារ មិនមាន​លក្ខណៈ​ខុសប្លែក​គ្នា​ប៉ុន្មាន​ពី​ស្ថានីយ៍​ផ្សេងៗ​ឯទៀត​ក្នុង​តំបន់​។ នេះ​ជា​សក្ខីកម្ម​ជា​ប្រយោល​បង្ហាញ​ឲ្យ​ដឹងថាមានការ​ផ្លាស់ប្តូរ​ខាង​វិស័យ​វប្បធម៌តាមរយៈ អលង្ការ អង្កាំ​ថ្ម អាវុធ និង​កុលាលភាជន៍​យ៉ាង​ប្រាកដ​។ ក្នុងចំណោម​វត្ថុ​ប្រើប្រាស់​ជាច្រើន ដែល​កប់​ជាមួយ​សព​ក្នុង​ផ្នូរមាន​វត្ថុ​មួយចំនួនដូចជា​កុលាលភាជន៍ អង្កាំកែវ ថ្ម និង ស្គរ​មហោរធឹក ដែល​គប្បី​យើង​ត្រូវ​យកចិត្តទុកដាក់​។ ព្រោះថាសមិទ្ធិធផល​ទាំងនោះ​ឆ្លុះបញ្ចាំង​ឲ្យ​ដឹង​អំពី​ជីវភាព​ប្រចាំថ្ងៃ ព្រមទាំងសង្គមមនុស្សនា​សម័យ​នោះ​យ៉ាង​ប្រាកដ​។ ឧទាហរណ៍ ប្រភេទ​កុលាលភាជន៍នៅ​ភូមិ​ព្រ​ហារ​ដូចជាជើងពាន​ខ្លះ​មាន​លក្ខណៈ​ដូចគ្នា​បេះបិត​ជាមួយនឹង​កុលាលភាជន៍នៅ​អង្គរបុរី (​តាកែវ​) នៅ​ហ្គោអូ​ជួនៅ​ខេត្ត​ឡុង​អាង និង នៅ​ភូមិ​ព្រែក​តា​គាំ ជ្រោយចង្វារ ឬក៏​នៅ​ម្តុំ​វត្ត​ជើងឯក នៅ​រាជធានី​ភ្នំពេញ​ជាដើម​។ នៅក្នុង​រណ្តៅ​សព​ខ្លះ យើង​ក៏បាន​ឃើញ​មាន​គ្រឿងអលង្ការ​ដូចគ្នា​ដែរ ដូចជា​ក្រវិល​ត្រចៀក និង​អង្កាំ ធ្វើ​អំពី​ថ្ម កែវ និង​មាស​។ ក្រៅពីនេះ យើង​ក៏បាន​ជួបប្រទះ​វត្ត​មាន​ស្គរ​សំរឹទ្ធ​មួយចំនួន ដែល​អ្នកស្រុក​បាន​រក​ឃើញ។ ​បើតាម​យោបល់​របស់​យើង ស្គរ​ទាំងនោះ​មាន​ប្រភព​មកពី​ប្រទេស​ចិន​។ មួយវិញទៀត ស្គរ​ទាំងនោះ​ក៏​បង្ហាញ​ឲ្យ​យើង​ឃើញ​អំពី​ទំនាក់ទំនង​វប្បធម៌ជាពិសេស​វិស័យសេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន​។​ យ៉ាងណាមិញ វត្តមាន​របស់​ចំលាក់​សត្វ​សេះដែល​ឆ្លា​ក់លើ​ចិញ្ចៀនមាស​មួយចំនួន ក៏​ជា​ភស្តុតាង​បង្ហាញ​នូវ​ការផ្លាស់ប្តូរ​វប្បធម៌​ខាងលើ​នេះដែរ​។ ដោយហេតុថា សត្វ​នេះ​ពិតជា​ត្រូវបាន​នាំចូល​ពី​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ចិនដូចជា​តំបន់​យូ​ណាន​ជាដើមមកកាន់​ឥណ្ឌូចិន​។ តាម​ការសង្កេត យើង​បាន​ប្រទះ​ឃើញថាសត្វ​នេះ​ត្រូវបាន​ប្រើ​ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​របស់​ព្រះមហាក្សត្រនៅ​សម័យ​វ្នំ​។ ក៏ប៉ុន្តែនៅ​ភូមិ​ព្រ​ហារ យើង​គ្មាន​ភស្តុតាង​ច្បាស់លាស់​ណាមួយ​ដែល​អាច​បញ្ជាក់​ពី​បញ្ហា​នេះ​បានទេ​។ ចិញ្ចៀនមាស​ខាងលើគ្រាន់តែ​ជាដ​ង្វា​យ ដែល​គេ​បាន​កប់​ជាមួយ​សព​តែប៉ុណ្ណោះ​។ ដូចនេះយើង​អាច​សន្និដ្ឋានបានថា សេះ​ត្រូវបាន​ប្រើប្រាស់​ជា​យានជំនិះ​សំរាប់​ពួក​អភិជន​តែប៉ុណ្ណោះជាង​មូលហេតុ​សាសនា​។​ នៅ​ភូមិ​ព្រ​ហារ ប្រពៃណី​កប់​អលង្ការ​ជាមួយ​សពដោយមាន​កន្ទេល​រុំ ក៏​ត្រូវបាន​ជួបប្រទះ​នៅ​កោះ​គោក​តា​មាស ខេត្តសៀមរាប​ផងដែរ​។​ នៅ​ទីបញ្ចប់ យើង​ក៏​សូមបញ្ជាក់​ម្តង​ទៀតថា ការ​ដែលថាស្គរ​សំរឹទ្ធនៅ​ស្ថានីយ​ដុងសឿង និងនៅ​ព្រ​ហារគឺជា​សមិទ្ធិផល​របស់​អ្នកស្រុក​អាយពោលគឺ​មិនបាន​មាន​ប្រភពពី​ចិន​នោះ គឺជា​ការបកស្រាយ​លំអៀង​។ ព្រោះថាប្រសិនបើ​ដូច្នោះ​មែន ហេតុដូចម្តេច​បានជា​ទំរង់​នៃ​ស្គរ​សំរឹទ្ធ​ក្នុង​វប្បធម៌​ដៀ​ននៅ​យូ​ណាន មាន​លក្ខណៈ​ដូចគ្នាទៅនឹង​ស្គរ​នៅក្នុង​ភូមិភាគ​ខាងត្បូង​នៃ​ឧបទ្វីប​ឥណ្ឌូចិន​ទាំងមូល​។ ម្យ៉ាងវិញទៀតផ្អែកលើ​ការកំណត់​កាលបរិច្ឆេទ​តាម​កាបូន១៤ (C14) គេ​ក៏​អាច​កត់សំគាល់ថា ស្គរ​សំរឹទ្ធ នៅក្នុង​ប្រទេស​ចិនមាន​ចំណាស់​ចាស់​ជាង​ស្គរ​ទាំងឡាយ ដែល​គេ​បាន​ជួបប្រទះ នៅក្នុង​ភូមិភាគ​ឥណ្ឌូ​​ចិន​សព្វថ្ងៃ​។ ​មានន័យថាមជ្ឈមណ្ឌល​លោហៈ​នានា នៅ​យូ​ណានដែលមាន​លក្ខណៈ​ចាស់​ជាងហើយ​សំខាន់​ជាងគេ ពិតជា​បាន​ចែកចាយ​ផ្សព្វផ្សាយ​នូវ​ប្រភេទ​ស្គរ​មហោរធឹក​សំរឹទ្ធ​ទាំងនោះចូលកាន់​ភូមិភាគ​នានា ដែល​ស្ថិតនៅ​ក្នុងភូមិ​ភាគខាងត្បូង​។ ដូច្នេះការ​សាយភាយ​នៃ​ស្គរ​សំរឹទ្ធិ ក៏ដូចជា​បច្ចេកវិទ្យា​ផលិតធ្វើ​ឲ្យ​គ្រឿងអលង្ការ អំពី​មាស ប្រាក់ និង​សំរឹទ្ធិ ដែល​យើង​ទើបតែ​អធិប្បាយ​ខាងលើ គឺជា​ភស្តុតាង​នៃ​ការទំនាក់ទំនង​របស់​សហគមន៍​មន​-​ខ្មែរ ជាមួយ​វប្បធម៌​ចិន ចាប់តាំងពី​ស​.​វ​ទី​៣-២ មុន​គ​.​ស​.​យ៉ាងពិត​ប្រាកដ​។ ទោះបីយ៉ាងណា​ក៏ដោយ ក៏​យើង​នៅតែ​មិនមាន​លទ្ធភាព​សន្និដ្ឋាន​បាន​ថា លក្ខណៈ​ស្គរ និង​គ្រឿងអលង្ការ​ធ្វើ​អំពី​លោហៈ មិន​មែនមាន​ទ្រង់ទ្រាយ​រូបរាង​ដូចគ្នា​ទាំងស្រុង​ទៅនឹង​បុរាណវត្ថុ​ចិន​ដែរ ជាពិសេសក្នុងដំណាក់កាល​ទី​២​នៃ​ការវិវត្តដែល​ស្ថិតក្នុង​សម័យ​កាលពី​ឆ្នាំ ១៥០ ​មុន​គ​.​ស​ ដល់ ១០០​ឆ្នាំ​នៃ​គ​.​ស​​។ ហេតុនេះហើយបានជា​នៅលើ​ស្គរ​ខ្លះ​មាន​រូប​មនុស្ស​ស្លៀក​ប៉ឹងខុសពី​ស្គរ​ដំណាក់កាល​ទី​១​ដែរ ដែលមាន​អាយុកាល​ចាស់​ជាង​នេះ​បន្តិចពោលគឺ ១៥០​ ឆ្នាំមុន​គ​.​ស​។​ ទាំងនេះហើយ​ជាហេតុ​នាំ​ឲ្យ​យើង​មិនអាច​បដិសេធ​នូវ​ឥទ្ធិពល​នៃ​សិល្បៈ​ចិន ក្នុង​តំបន់​ភូមិភាគ​ខាងត្បូង​នៃ​ព្រំប្រទល់​ដែន​ចិន​សព្វថ្ងៃ​ជាដាច់ខាតក្នុងខណៈ​មួយ​ដែល​ទឹកដី​កុលសម្ព័ន្ធ​មន​-​ខ្មែរ​មាន​ព្រំប្រទល់​ជាប់​នឹង​ចិន​នៅឡើយ ហើយ​កុំភ្លេចថា រហូតដល់​សព្វថ្ងៃកុលសម្ព័ន្ធ​ចិន​ក្នុង​តំបន់​នៅតែ​ផលិត​ស្គរ​មហោរធឹក​ខាងលើ សំរាប់​មូលហេតុ​សាសនា​តាម​ប្រពៃណី​ដូនតា​របស់ខ្លួន។ [៣១]

ស្ថិតក្នុង​អំបូរ​មន​-​ខ្មែរ ដូនតា​របស់​ជាតិ​សាសន៍​នេះ​បាន​បន្សល់ទុក​គំនូរផាត់ពណ៌​ជា​រូប​សត្វ នៅ​ក្នុងសម័យ​បុរេប្រវត្តិសាស្ត្រ​ជាច្រើន​កន្លែង​ទូទាំង​ភូមិភាគ​ខាងលើនេះ ដូចជា​នៅ​កម្ពុជា​ក្រោម នៅ​លាវ​ និង​ថៃ មាន​វត្ថុ​សិល្បៈ​ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​ជំនឿ​សាសនា និង​ជីវភាព​ប្រចាំថ្ងៃ​ក្នុងសង្គម​ខ្មែរ​ដើម​។​ ក្នុងសម័យ​នោះ មនុស្ស​ស្ថិតក្រោម​ឥទ្ធិពល​ធម្មជាតិ ម្ល៉ោះហើយមានការ​គោរពបូជាកំលាំង​ធម្មជាតិ​ក្រោមរូបភាព​នានាដូចជា ទឹក ដី ភ្លើង ខ្យល់ ព្រះអាទិត្យ​ជាដើម​។ ជំនឿ​សាសនាមាន​លក្ខណៈ​ជា​ជីវ​ច​ល​និយម យើង​អាច​សង្កេត​ថាមាន​ភស្តុតាង​ជាច្រើន​នៅក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ដែល​សហគមន៍មន​-​ខ្មែរបាន​បន្សល់ទុក ហើយ​ដែល​ភាគច្រើន​មាន​អាយុកាល​ប្រហែល​គ្នា​ផង​។​ ប្រព័ន្ធ​គំនិត​មនុ​ស្សបុ​រាណ​អនុលោម​តាម​ការប្រដូច​គ្នា ហើយ​ទស្សនៈ​នេះ​មាន​លក្ខណៈ​ជាស​កល​។ ឧទាហរណ៍បើ​គេ​ចង់​ដាក់​ផ្តាស​សា ឬ​សម្លាប់​នរណា​មួយ គេ​សូ​នរូ​បតុក្កតា​មួយ​តំណាង​ឲ្យ​មនុស្ស​នោះ ហើយ​គេ​យក​ម្ជុល ឬ​អាវុធ​ទៅ​ចាក់ ឬក៏​កាត់​ដៃ​កាត់​ជើង​។ ធ្វើ​ដូច្នោះ គេ​ជឿជាក់ថាសត្រូវ​របស់គេ​នឹង​ទទួល​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពុំខាន​។ ផ្ទុយទៅវិញ បើ​គេ​ចង់បាន​នូវ​វត្ថុបំណង​អ្វីមួយ​ដូច​សេចក្តីប៉ងប្រាថ្នាដូចជា ​ត្រី សាច់ ស្រូវ អង្ករ៘ ដើម្បី​ត​ពូជពង្សវង្សត្រកូល គេ​ត្រូវបំពេញ​នូវ​ពិធី​កម្ម​មួយចំនួន​ដូចជាការ​បួងសួងអង្វ​ករ​ដល់​វត្ថុ​សក្តិសិទ្ធិ​រួមមាន ព្រលឹង​ដូនតា និង​សត្វ​ពិសិដ្ឋ​ប្រចាំត្រកូល (​តូតែម​) អ្វីមួយ​ដែល​អាច​គូរ​បញ្ជាក់​តាមរយៈ​សញ្ញា​និមិត្ត​មួយចំនួន ដូចជា​គំនូរ​លើ​ជញ្ជាំង ឬ​ពើង​ថ្ម​ជាដើម​។ យើង​អាច​ស្មានថា នៅ​ជំនាន់​ចុង​យុគសម័យ​លោហធាតុ ឬ​នៅ​សម័យមុន ដើម​សម័យ​ប្រវត្តិសាស្ត្រ​បន្តិច ហើយ​ជួនកាល​សម័យនេះ​បានអូសបន្លាយ​យ៉ាងយូរ​នៅក្នុង​សហគមន៍​មន​-​ខ្មែរ រហូតដល់​ដើម​សម័យ​នគរ​វ្នំ គំនូរផាត់ពណ៌​ទាំងនោះត្រូវបាន​ប្រព្រឹត្តិ​ទៅ​ដោយសារតែ​មូលហេតុ​ខាងលើនេះ​។ បើ​និយាយ​មួយបែប​ទៀតគឺ​ដោយសារតែ​ចង់បាន​ត្រី​សាច់​បរិបូរណ៍ ទើប​បុព្វបុរស​ទាំងនោះ​បាន​គូរ​ផ្ទាំងគំនូរ​ទាំងនោះ​ឡើង ដែល​ចង់ ឬ​មិន​ចង់ រមែងតែ​ពាក់ព័ន្ធ​ទៅនឹង​បរិស្ថានសង្គម​វប្បធម៌​របស់ខ្លួន​។​ បើទោះបីជា​ស្នាដៃ​ទាំងនោះ​ស្ថិតក្នុង​បង្គោល​ខណ្ឌ​សីមា​នៃ​ព្រះរាជាណាចក្រ​ថៃ ឬ​លាវ​ក្តី ក៏ប៉ុន្តែ​ពុំមែន​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ពួកគេ​ឡើយ ដូច​ការបញ្ជាក់​ម្តង​ហើយ​ម្តងទៀត​របស់លោកហ្ស​ក-សឺ​ដេ​ស ដែលថា​ជនជាតិ​អំបូរថៃ​-​លាវគឺ​មនុស្ស​ចំណូល​ថ្មី​ក្នុង​ជ្រោយ​ឥណ្ឌូចិន​យើង​នេះ​។​ តាមរយៈ​ទស្សនៈ​ខាងលើ​នេះហើយ យើង​អាច​ដឹង​អំពី​ប្រភព និង​អត្ថន័យ​របស់​រូបគំនូ​រ សត្វ មនុស្ស និង រុក្ខជាតិ ព្រមទាំង​ឧបករណ៍ប្រើប្រាស់​មួយចំនួន ដែល​ភាគច្រើន​ស្ថិតក្នុង​តំបន់​ខ្ពង់រាប នៃ​អតីត​ប្រទេស​កម្ពុជា គឺ​ខ្ពង់រាប​នគររាជ និង​ម្តុំ​ភ្នំ​ក្រ​វ៉ាន់ ឬ​គូលែន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ថ្ងៃ​ជាដើម​ដែល​ទើបតែ​ត្រូវបាន​សិក្សា​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​ដោយ [www.khmerenaissance.info​]។ យើង​អាច​និយាយបានថា ដើម្បី​ឲ្យ​ការ​បរបាញ់ ឬ​នេសាទ សំរាប់​បំពេញ​សេចក្តីត្រូវការ​ខាង​ស្បៀងអាហារ​ប្រចាំថ្ងៃពួកគេ​មក​បន់ស្រន់​នៅមុខ​ផ្ទាំងគំនូរ​ទាំងនោះ ដែល​គេ​ចាត់ទុកថាពោរពេញ​ទៅដោយ​បារមី​ល្អៗ​អាច​នាំមក​នូវ​ភព្វសំណាង។ វត្តមាន​របស់​គំនូរ​សត្វ​ត្រី​ក៏ដូចជា ​ដំរី ឆ្កែ គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​ពី​ទស្សនៈ​ពិសិដ្ឋ​របស់​សត្វ​ទាំងនោះ និង​ការទទួលស្គាល់​ជា​ប្រយោល​ថាសត្វ​ទាំងនោះគឺជា​វត្ថុ​សក្តិសិទ្ធិតំណាង​ឲ្យ​ជោគ​លាភក្នុងការ​ទាក់ ឬ​ចាប់​សត្វ ដែល​គេ​ប៉ងប្រាថ្នា​។​ ​កុំភ្លេចថាការ​បរបាញ់ ឬ ការនេសាទគឺជា​បញ្ហា​ធំ​បំផុត​។ ហេតុ​ដូច្នេះហើយពួកគេ​ត្រូវ​បន់ស្រន់​ព្រលឹង​ត្រី​ទាំងនោះ​ឲ្យ​មកជួយ​។ ត្រូវ​ជ្រាប​ផងដែរ​ថាសំរាប់មនុស្ស​បុរាណ រូងភ្នំ ពើង ឬ​ជញ្ជាំង​ភ្នំ​សុទ្ធសឹងតែ​ត្រូវបាន​ចាត់ទុកថាជា​កន្លែង​អាថ៌កំបាំង​បង្កប់​នូវ​បារមី​ខ្លាំងក្លា ដែល​ជាទីគោរព​សក្ការៈ​។ ជាមួយនឹង​អច្ឆរិយៈ​ភាព​នៃ​គំនូរ​ទាំងនោះ ទីតាំង​ទាំងនោះ​ក៏​អាច​ការពារ​សុវត្ថិភាព​ពួកគេ​ក្នុង​គ្រាអាសន្ន​ផងដែរ​។​ តាម​ការសិក្សា និង​វិភាគ​រូបគំនូរ​សត្វ​នៅក្នុង​ភូមិ​បាន​ឈាងនៅចង្វាតឧត្តរធានីក្នុងប្រទេស​ថៃ​បច្ចុប្បន្នរវាង ៥០០-២០០​ ឆ្នាំមុន​គ្រិស្តសករាជ​បាន​ឲ្យ​ដឹងថានា​ចុង​សម័យ​វប្បធម៌​បុរេប្រវត្តិសាស្ត្រ សត្វចតុប្បាទដូចជា​ គោ ដំរី និង​ក្របីបាន​បំពេញ​តួនាទី​យ៉ាងសំខាន់​បំផុត​ក្នុងសង្គម​គ្រួសារ​ខ្មែរ​នា​ជំនាន់​ដើម​យ៉ាង​ប្រាកដ​។ អំពី​ការ​ផ្សាំង​សត្វ​គោ ក្របី ដំរី និង​ឆ្កែ​ជាដើម យើង​អាច​និយាយបានថាព្រឹត្តិការណ៍​នេះពិតជា​ត្រូវបានធ្វើ​ជាច្រើន​ពាន់​ឆ្នាំមុន​វត្តមាន​របស់​គំនូរ​ទាំងនេះ​ទៅទៀត​។ ក៏ប៉ុន្តែ អ្វីដែល​សំខាន់​នៅទីនេះ​គឺ លក្ខណៈ​ជា​សត្វស្រុក​ទាំងនោះ ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​វត្តមាន​របស់​មនុស្ស​ដែលជា​ម្ចាស់របស់ខ្លួនដូច​ករណី​មនុស្ស​ម្នាក់​កំពុង​ដឹកគោ​ដោយ​ប្រើ​ខ្សែ ឬក៏​ជា​ព្រានព្រៃស្លៀក​ប៉ឹង ដែល​កំពុង​បរបាញ់​ជា​ឧទាហរណ៍​ស្រាប់​។​ ម្យ៉ាងវិញទៀត ការអះអាង​នេះ ក៏​អាច​គូសបញ្ជាក់​យ៉ាងច្បាស់​តាមរយៈ​រូបគំនូរ​ដែល​គេ​បាន​គូរ​លើ​ក្រឡ​ឆ្នាំងដី​ដុតនៅក្នុង​ភូមិ​បាន​ឈាង (​ចង្វាតឧត្តរធានី ប្រទេស​ថៃ​បច្ចុប្បន្ន​) និង គំនូរ​លើ​ពើងភ្នំ​នៅ​កម្ពុជា​ផងដែរ ដែលជា​សមិទ្ធិ​ផលរប​ស់​សហគមន៍​មន​-​ខ្មែរ​នា​សម័យមុន​ឥណ្ឌូ​បនីយកម្ម​។ ​លើសពីនេះទៅទៀត វត្តមាន​របស់​កុលាលភាជន៍​ទាំងនោះ ក៏​ជា​កត្តា​មួយ​យ៉ាង​សំខាន់បំផុត ដែល​បាន​ជួយ​យើង​ឲ្យ​ស្គាល់​យល់ដឹង​អំពី​វិស័យ “​វប្បធម៌​” ខ្មែរ​ផងដែរ​។ ផ្អែកលើ​វប្បធម៌​នា​សម័យ​នោះ យើង​អាច​កត់សំគាល់នូវ​ការ​សែនព្រេន​ចំពោះ​បុព្វការី​ជន ដោយ​កប់​សំណែន​ជាមួយ​សព​ក្នុង​ផ្នូរ​បុរាណ​៘​ ការ​បញ្ចុះសព​ដោយមាន​គ្រឿង​សំណែន ឬ​ឧបករណ៍ប្រើប្រាស់​សំរាប់​ជីវិត​ទៅកាន់​បរលោក ត្រូវបាន​ថែរក្សា​រហូតដល់​សព្វថ្ងៃ​នៅក្នុង​ក្រុម​កុលសម្ព័ន្ធ​ខ្មែរលើ​នៅក្នុង​ខេត្ត​មួយចំនួន​នៃ​ប្រទេស​កម្ពុជា​ផងដែរ​។ ទន្ទឹមនឹង​នេះដែរ យើង​ក៏បាន​ឃើញ​មាន​វត្តមាន​របស់​សត្វ​ប្រើស និង​ដំរី​ឆ្លាក់​លើ​ស្គរ​សំ​រិ​ទ្ធិ​មួយចំនួន ដែលមាន​ប្រភព​មកពី​ភូមិភាគ​ខាងត្បូង​ប្រទេស​ចិន​។​ ​ដោយឡែក ក្រៅពី​ការបញ្ជាក់​អំពី​ការ​ផ្សាំង​សត្វ​ដំរី គោ ក្របី និង​ឆ្កែ ដែលជា​សមិ​ទ្ធិ​ផល​សង្គម​របស់​មន​-​ខ្មែរ យើង​ក៏​ឃើញ​មាន​វត្តមាន​របស់​សត្វ​ព្រៃ​មួយចំនួន​ដែរ ដូចជា ត្រកួត ឬ​ទន្សង និង​ជី​ងចក់​គូរ​លើ​ជញ្ជាំង​គុហា ឬក៏​កុលាលភាជន៍​។ [៣២] គំនូរ​ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន ដែល​ដើមឡើយ​ជា​ភាគ​មួយ​នៃ​ទឹកដី​ជា​ប្រវត្តិសាស្ត្រ​របស់​ជនជាតិខ្មែ​រ​។ ជាមួយគ្នានេះដែរ យើង​ក៏​ខិតខំ​បង្ហាញ​នូវ​សារៈសំខាន់​នៃ​គំនូរ​ទាំងនោះដែល​គូរ​ដោយ​ដីលែង​ពណ៌​ស្អាប់តែមួយ​មុខ​ឆ្លុះបញ្ចាំង​នូវ​លក្ខណៈ​សង្គម​វប្បធម៌​របស់​បុព្វការី​ជន​ខ្មែរនា​សម័យមុន​ប្រវត្តិសាស្ត្រ​។​ ខឿនវប្បធម៌​សម័យ​បុរេប្រវត្តិសាស្ត្រដែល​យើង​ទើបតែ​លើកឡើង​នៅ​ខាងលើនេះ សព្វថ្ងៃ​ត្រូវបាន​បន្ត​ដោយ​ជនជាតិខ្មែរ​ដើម​ភាគតិច​នៅក្នុង​ប្រទេស​ខ្មែរដូចជា ​ព្នងលុន ក្រឹ​ង​ ទំពួនប្រូ​វ​ កា​វែ​តគ្រឹ​ងកាចក់ជាដើម និង​នៅ​ប្រទេស​វៀតណាម​កណ្តាល និង​ខាងត្បូងព្រមទាំង​នៅ​ប្រទេស​លាវ ភូមា និង​ម៉ាឡេស៊ីដែល​ស្ថិតក្នុង​អំបូរ​មន​-​ខ្មែរ​។​ ​តាមរយៈ​ការសិក្សា​វិភាគដោយ​ការប្រៀបធៀប​ទៅនឹង​គំនូរ​មួយចំនួនទៀត​នៅលើ​ខ្ពង់រាប​នគររាជ ឬក៏​នៅក្នុង​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន យើង​អាចធ្វើ​ការកត់សំគាល់​ដូចតទៅ៖

  • ទី ១- ដូច​ក្រុម​កុលសម្ព័ន្ធ​បច្ចុប្បន្ន នៅ​ភូមិភាគ​ឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ថ្ងៃនេះដែរ មនុស្ស​ខ្មែរ​នា​សម័យ​នោះ​រស់នៅ​ដោយ​ប្រមូលផ្តុំ​គ្នា​ជា​ក្រុម​តូចៗ ឬ​កុលសម្ព័ន្ធដឹកនាំ​ដោយ​មេកន្ទ្រាញ​ដែលជា​ចាស់ទុំ​។​
  • ទី ២- បុព្វបុរស​ទាំងនោះ ក្នុង​ជីវភាព​ប្រចាំថ្ងៃ បរបាញ់​សត្វ ដោយ​ប្រើ​ធ្នូ និង​ផ្លែ​ព្រួញ​ជា​អាវុធ​។​

គំនូរ​បង្ហាញ​ពី​ជីវភាព​ប្រចាំថ្ងៃ​ ការ​បរបាញ់ ការដាំ​ស្រូវ និង ការចិញ្ចឹម​សត្វ (​ឯកសារនាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​)

  • ទី ៣- មនុស្ស​បុរាណ​នា​សម័យ​នោះ ចេះ​ត្បាញ​កញ្ជើ និង កន្ទេល​ជាដើម​។​
  • ទី ៤- យោងតាម​ការសិក្សា​វិភាគ​នូវ​ផ្ទាំងគំនូរ​ទាំងអស់នោះ យើង​ក៏​ដឹង​ទៀតថាបុព្វការី​ជនយើងដើម្បី​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃក៏​ចេះ​កាច់​ត្រួយ និងជីក​មើម​រុក្ខជាតិ​នានាដើម្បី​ធ្វើជា​ចំណីអាហារ​ថែម​ទៀតផង​។​
  • ទី ៥- ក្នុង​វិស័យ​កសិកម្មមនុស្ស​ទាំងនោះ​ក៏​ចេះ​ផលិត​នូវ​ឧបករណ៍​ធ្វើ​អំពី​លោហៈ​ដូចជា ផ្លែ​ផាល សំរាប់​ភ្ជួរស្រែព្រមទាំង​អាវុធ​ផ្សេងៗ​ដូចជា ពូថៅ ពន្លៀក ដឹង ស្ន ជាដើម​។​

គំនូរ​បង្ហាញ​ពី​ជីវភាព​ប្រចាំថ្ងៃ ដោយមាន​វត្តមាន​នៃ​សត្វ​គោ និង​ឆ្កែ (​ឯកសារ នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​) ​ក្រៅពីនេះ ពួកគេ​ក៏​ចេះ​ធ្វើ​ស្រែចំការ​ផងដែរ ហើយ​ថែមទាំង​ចេះ​ចិញ្ចឹមសត្វ ដោយ​យក​សត្វព្រៃ​មក​ផ្សាំង​ឲ្យ​ក្លាយជា​សត្វស្រុកដូចជាសត្វ​ គោ ក្របី ដំរី ឆ្កែ មាន់ ជាដើមដើម្បី​បរិភោគ ឬ​យកទៅ​ភ្ជួរស្រែ​ចំការ ឬក៏​សំរាប់សែនព្រេន អារក្ស ខ្មោច​ដូនតា ព្រៃភ្នំ ដែលជា​វត្ថុ​សក្តិ​សិទ្ធិ​នៅ​ជុំវិញខ្លួន​។​ មិនតែប៉ុណ្ណោះ​សោត ដើម្បី​ចាប់​ត្រី​នៅតាម​បឹងបួ ឬ​ដង​ទន្លេ គេ​ចេះ​ប្រើ​ឧបករណ៍​នេសាទដូចជា លប និង​ប្រើ​ផ្លែ​សន្ទូច​ជាដើម​។ ម្យ៉ាងវិញទៀត ក្នុង​ពិធីសែនព្រេន​បួងសួង សូម​សេចក្តីសុខ​សប្បាយ​ពី​អា​រ័ក្ស​អ្នកតា នៅពេល​ជួប​គ្រោះភ័យ​ម្តងៗ ពួកគេ​ចេះ​ប្រើ​ឧបករណ៍​ភ្លេង ដូចជា​ស្គរហើយ​មានការ​រាំ​រែក​ក្នុង​ពិធី​កម្ម​ទាំងនោះ​។​ ​នៅក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន គេ​ពុំទាន់​រកឃើញ​គំនូរ​ពាក់ព័ន្ធ​ទៅនឹង​សំលៀកបំពាក់​នា​សម័យ​នោះទេ ក៏ប៉ុន្តែ​យើង​ដឹង​ច្បាស់​ថា ដូនតា​ខ្មែរចំពោះ​បុរសគឺ​ស្លៀក​ប៉ឹងឯ​ស្ត្រី​ស្លៀកសំពត់ដើម្បី​បិទបាំង​កេរ្តិ៍ខ្មាស់ ដូច​ករណី​ចំលាក់​ឆ្លាក់​លើ​ស្គរ​សំ​រឹទ្ធិ នៅ​ភូមិ​ព្រ​ហារ ខេត្តព្រៃវែង និង ចំលាក់ដី​ដុត​នៅ​ភូមិ​ស្នាយ​ជាដើម​។ នៅ​សម័យ​នោះ​វិញ មនុស្ស​ទាំង​ពីរភេទ​ចូលចិត្ត​ចោះត្រចៀក ដើម្បី​ពាក់​ត្រសាល់​ត្រចៀក ធ្វើ​អំពី​ឈើ​ភ្លុក ឆ្អឹង និង​លោហៈ​។ ម្យ៉ាងវិញទៀត​ពួកគេ​ទាំង​ក្មេង ទាំងចាស់ ទាំងប្រុស ស្រី សុទ្ធសឹងតែ​ចូលចិត្ត​ជក់បារី ហើយ​ប្រើ​ខ្សៀ​។ បុព្វការី​ជន​ខ្មែរ​ទាំងនោះ នា​សម័យ​បុរេប្រវត្តិសាស្ត្រ ក៏​ដូច​នៅ​សម័យ​បុ​រេ​អង្គរ និង​អង្គ​រដែរ ដើម្បី​បិទបាំង​រាងកាយ​បុរស និង​ស្ត្រី​និយម​ប្រើ​ប៉ឹង តែ​ភាគច្រើន​ស្ត្រី​និយម​ស្លៀកសំពត់​។ បើ​និយាយ​ម្យ៉ាងទៀត ពួកគេ​ដែល​ស្ថិតក្នុង​អំបូរមន​-​ខ្មែរ ឬ​ខ្មែរ​-​មន ចេះ​ស្លៀកពាក់តុបតែង​ខ្លួនប្រាណ​ដោយ​គ្រឿងអលង្ការ​ទៅហើយព្រមទាំង​ចេះ​សាក់​ខ្លួន​ផងដែរ​។ ស្នាម​ក្រណាត់ ឬ​សំពត់​ដែល​ជាប់​នៅលើ​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ផ្លែ​ត្រល់​នៅតាម​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ ជាពិសេស​នៅ​ភូមិ​ស្នាយ និងភូមិ​បាន​ឈៀង (​ប្រទេស​ថៃ​) គឺជា​ភស្តុតាង​យ៉ាង​ប្រាកដ​។​ ​ស្តីពី​ចំណាស់​នៃ​គំនូរ​ពណ៌​ក្រហម​ទាំងនោះ ​ដែលប្រើ​វត្ថុធាតុដើមដី ដែល​បារាំង​ហៅថា អូ​ក្រើ (Ocre) តាមការសិក្សា​ស្រាវជ្រាវពី​សំណាក់​អ្នក​បុរាណ​វិទូ​ថៃ​បានបង្ហាញ​យ៉ាងច្បាស់​ថាគឺ​ស្ថិតក្នុង​ចុង​យុគ​សំ​រិ​ទ្ធិដើម​យុគ​ដែកពោលគឺ​មុន​សម័យ​ប្រវត្តិសាស្ត្រ​បន្តិច​។​ ខាងលើនេះគឺជា​លក្ខណៈ​សង្គម​វប្បធម៌​របស់​បុព្វបុរស​ខ្មែរមុន​ឥណ្ឌូ​ប​នី​យក​ម្ម ដែល​អាច​គូសបញ្ជាក់​តាមរយៈ​គំនូរ និង​បុរាណវត្ថុ​មួយចំនួនដែល​គេ​បាន​ជួបប្រទះ​នៅលើ​ទឹកដី​ដើមកំណើត​របស់​មនុស្សខ្មែរ​។ កុំភ្លេចថាបុរេប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា​បច្ចុប្បន្ន​ផ្សាភ្ជាប់​ទៅនឹង​បុរេប្រវត្តិសាស្ត្រ​ដែនដី​គោកនៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍យើង​នេះ​។​ សិល្បៈ​គុហា​ទាំងនោះ ដែល​ភាគច្រើន​ត្រូវបាន​ផលិតឡើង​ដោយ​ការ​ផាត់​ពណ៌​ទៅលើ​គំនូរ​ដែល​គេ​បាន​គូរ ឬក៏​ជា​គំនូស​លើ​ថ្ម​ដែល​គ្មាន​ពណ៌គឺជា​សិល្បៈ​មួយ​ប្រភេទ​ប្រកបដោយ​លក្ខណៈ​ពិសិដ្ឋដែល​ត្រូវបាន​ធ្វើឡើង​ដើម្បី​មូលហេតុ​ជំនឿ​។[៣៣]

ស្ថាបត្យកម្ម

កែប្រែ

នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ ក៏​ដូច​នៅលើ​ទឹកដី​កំណើត​របស់ពូជសាសន៍​ខ្មែរ​ដែរ មុន​ការ​លេចធ្លោ​ឡើង​នូវ​ប្រាង្គ​ប្រាសាទ និង​ទីក្រុង​បែប​ឥណ្ឌា ឬ​អឺរុ​ប វិស័យ​ស្ថាបត្យកម្ម​នា​សម័យ​បុរេប្រវត្តិសាស្ត្រត្រូវ​ចែកចេញជា​ពីរ​ប្រភេទ​ធំៗគឺ​ថ្ម និង ឈើ​។​ ស្ថាបត្យកម្ម​ថ្មមានដូចជា ថ្ម​ធម្មជាតិដែល​គេ​បញ្ឈរ (menhir) សំរាប់សំគាល់ថាជាទី​សក្ការៈបូជាដែលមាន​លក្ខណៈ​សក្តិសិទ្ធិព្រមទាំង​ថ្ម​ដេក (dolmen) ដូចជា​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​លាវ​បច្ចុប្បន្នដែល​តាមពិតទៅ​គឺ​គេ​ដាក់​គងលើគ្នា (​មួយ​ផ្ទាំង​នៅ​ពីលើ និង​ពីរ​ទៀត​នៅ​ខាងក្រោម​ជា​ទំរ​) ដើម្បី​បញ្ចុះសព​។ ទន្ទឹមនឹងនេះ យើង​ក៏បាន​ឃើញ​ដែរ​នូវ​រណ្តៅ​កប់​សពដែល​គេ​បាន​ចោះ​ក្នុង​ថ្ម និង​វត្ត​មាននៃ​ក្តា​រមឈូស​ថ្ម និង​ឈើ ដូច​ករណី​ក្តារ​មឈូស​នៅ​ស៊ុន​ឡុ​ក (​កម្ពុជា​ក្រោម​) និង​ក្តារ​មឈូស​នៅ​ចង្វាតកញ្ចន​បុរី (​ប្រទេស​សៀម​)​។ ប្រភេទ​ស្ថាបត្យកម្ម​ទី​២ គឺ​ផ្ទះសំបែង និង​ភូមិ​រាង​មូល ឬ​ដែលមាន​រាង​ជា​ពងក្រពើដែលជា​ទីប្រជុំជន ឬ​ទីក្រុង​បុរាណធ្វើ​អំពី​ដី​លើកហើយ​មាន​គូ​ទឹក​ហ៊ុំព័ទ្ធ​ជុំវិញ ដែល​លោក​ភី​លិ​ប-ហ្គ្រោ​លី​យេបាន​ឲ្យ​ឈ្មោះថាវប្បធម៌​ភូមិ​មូល​នៅ​មេមត់​។​ ក្នុងសម័យ​បុរេប្រវត្តិសាស្ត្រ យ៉ាងហោចណាស់​ក៏​ចាប់តាំងពី ១៥០០ ​ឆ្នាំមុន​គ​.​ស ពោលគឺ​ក្នុងដំណាក់កាល​បុព្វបុរស​ខ្មែរបាន​ចេះ​ប្រើ​ផ្ទាំង​ថ្ម​ធម្មជាតិ​ធំៗដើម្បី​ធ្វើជា​និមិត្តសញ្ញា​ផ្សេងៗ និង​ដើម្បី​មូលហេតុ​ជំនឿ​សាសនា​។ ហើយ​ទន្ទឹមនឹងនេះ ពួកគេ​ក៏​ចេះ​យក​ថ្ម​ធម្មជាតិ​ទាំងនោះមក​កែច្នៃ​ប្រឌិត​នូវ​សំណង់​ស្ថាបត្យកម្ម​ដំបូងបង្អស់​ដែរ​។ នៅទីនេះយើង​ចង់​និយាយ​ដល់​ថ្ម​បញ្ឈរ និង​ដេក ដែលមាន​លក្ខណៈ​ជាស​កល ហើយ​ដែលជា​សមិទ្ធិផល​ឲ្យ​ក្លាយទៅជា​របស់​មនុ​ស្សសុ​ទ្ធ​សាធខុសពី​ថ្ម​ធម្មជាតិ​ធំៗ និង​ពើង ឬ​ពយ ដែលជា​ថ្ម​ធម្មជាតិ តែ​ផ្នែក​ខាងលើ​លយ​ចន្លោះ​មួយ ល្មម​សមរម្យ​ធ្វើជា​ជំរក​។​​ ​​ខាងលើនេះស​ឲ្យ​ឃើញថា សមត្ថភាព​សាងសង់​របស់​បុព្វការី​ជន​ខ្មែរ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ មាន​កំរិត​ខ្ពស់​រួចទៅហើយ ហើយ​នា​សម័យ​នោះពួកគេ​ក៏​ពិត​ជាមាន​ទំនាក់ទំនង​ផ្នែក​វប្បធម៌​ជាមួយនឹង​តំបន់​ផ្សេងៗ​ឯទៀតក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​។ បើ​យើង​ពិនិត្យមើល​សំណង់​ស្ថាបត្យកម្ម​ទាំងនោះ ដែលមាន​លក្ខណៈ​សកល យើង​នឹង​ដឹងថានៅ​ប្រទេស​អឺរ៉ុប គេ​ឲ្យ​ឈ្មោះថា វប្បធម៌​ថ្ម (Culture megalithique)​។​​​ ផ្ទាំង​ថ្ម​ធម្មជាតិ និង​ពើង ជាទី​សក្ការៈហៅ​ ខ្លាហោះ មាន​សិលាចារឹក Ka 726 និង ថ្មដា ឈ្មោះ​ថ្ម​កំរើក មាន​សិលាចារឹក Ka 725 ត្រង់ចំណុច​ថ្ម​បី​ដុំ ភ្នំ​ត្បែងមានជ័យ ខេត្តព្រះវិហារ (​ម​.​ត ២០១២)។​ មុន​ឆ្នាំ ១៩៨១ គ្មាន​ការសិក្សា​ស្រាវជ្រាវ​អំពី​វប្បធម៌​ថ្ម (Culture megalithique) ស៊ីជំរៅ​ណាមួយ​នៅ​ប្រទេស​កម្ពុជា​នៅឡើយ ទោះជា​គេ​ដឹងថា មូលដ្ឋានគ្រឹះ​នៃ​ប្រព័ន្ធ​គំនិត​ខ្មែរគឺ​ស្ថិត​លើ​ជំនឿ​បែប​ជី​វច​ល​និយមជាពិសេសជំនឿ​លើ​ថ្ម​ធម្ម​ធម្មជាតិដូចជា​ការគោរព​បូជា​ថ្ម អ្នកតា​ភ្នំ​ជាដើម ដែល​តំណាង​ឲ្យ​បុព្វការី​ជន (Cf. ម​.​ត្រា​ណេ​, ១៩៨១ ប្រភព​នៃ​វប្បធម៌​អារ្យធម៌ និង​ជំនឿ​ខ្មែរ​)​។​ គឺ​ប្រការ​នេះហើយ ដែលជំរុញឲ្យ​យើង​យល់ឃើញថា គេ​ត្រូវតែ​បញ្ចូល​រាល់​ទិន្នន័យ​បុរាណវិទ្យា​ពាក់ព័ន្ធ​នឹង​វប្បធម៌​ថ្មដែល​គេ​បាន​រកឃើញ​ក្នុងប្រទេស​ទាំងពីរ​ខាងលើនេះក្នុង​ខឿនវប្បធម៌​ខ្មែរ​បុរាណមុន​ការបង្កើត​រដ្ឋ​វ្នំ ឬ​រដ្ឋ​ខ្មែរ​ដំបូងបង្អស់​។ ក្នុងន័យ​នេះហើយ ការមើលរំលង​នូវ​សំណង់​ស្ថាបត្យកម្ម សក្ការៈ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​ទាំងនោះ ដែល​បណ្តាលមកពី​ការផ្លាស់ប្តូរ​ទំរង់ ឬ​ទំហំ​នៃ​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ ឬ​ប្រព័ន្ធ​ជំនឿ​សាសនារបស់​អតីត​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវតែ​កែតំរូវ​។ ការដែល​សំណង់​ស្ថាបត្យកម្ម មានការ​ប្រែប្រួល​លក្ខណៈដោយបាន​ឆ្លងកាត់​នូវ​ច្រើន​សម័យកាលតែ​ទោះជា​យ៉ាងណាក៏ដោយសមិទ្ធិផល​ទាំងនោះ គឺជា​តឹកតាង​វប្បធម៌​ដែល​យើង​មិនត្រូវ​បំភ្លេច​ក្នុងការ​ស្វែងយល់​អំពី​ អតីតកាល​របស់​មនុស្ស​ខ្មែរ​ដែរ​។ ខាងលើនេះ គឺជា​គុណបំណាច់​ដ៏​ធំធេង​របស់​និក្ខេបបទ​ថ្នាក់បណ្ឌិត​របស់​យើង​នៅ​ខាងលើ​។ ម្យ៉ាងវិញទៀត ត្រូវ​ជ្រាបថាវប្បធម៌​ថ្ម​សម័យ​បុរេប្រវត្តិសាស្ត្រ​ក៏​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការសាងសង់​ សំណង់​ថ្ម​ធំៗ​សំរាប់​បញ្ចុះ​សាកសព​ដែរ ដែល​គេ​បាន​មើលរំលង​។​ ​ក្នុងការ​ស្រាវជ្រាវ​រប​ស់​យើង ក៏បាន​ឃើញ​ដែរ​នូវ​ថ្ម​សក្ការៈ​មួយចំនួន ដែល​បុព្វបុរស​ខ្មែរ​មិនបាន​ស្ថាបនា​ទេ ហើយ​ការ​គោរពបូជា​ត្រូវបាន​បន្តវេន​ពី​សម័យ​បុរេប្រវត្តិសាស្ត្រ​រហូតដល់​ បច្ចុប្បន្ន​ភាពដូច​ករណី​ថ្ម​នៅលើភ្នំ​ត្បែងមានជ័យ​ក្នុង​ខេត្តព្រះវិហារ​ជា​ឧទាហរណ៍​ស្រាប់​។​ ព្រោះ​ជា​ថ្ម​ធម្មជាតិនៅតាម​ជំរាល ឬ​លើ​ខ្នងភ្នំ ដូច​ករណី​ផ្ទាំង​ថ្មដា នៅចង្វាតឧត្តរធានី ប្រទេស​ថៃ​បច្ចុប្បន្ន​ជា​សក្ខីកម្ម​ស្រាប់ រមែងតែ​ទទួល​នូវ​ការ​គោរពបូជា​ជានិច្ចកាល​។ ទន្ទឹមនឹងនេះ យើង​ក៏បាន​ឃើញ​មាន​ផ្ទាំង​ថ្ម​ធម្មជាតិ​ខ្លះទៀត​ដែរ ដែល​ត្រូវបាន​កែច្នៃ​ដោយ​ទេពកោសល្យ​ខ្ពស់ ដើម្បី​ជាទីគោរព​សក្ការៈ ឬក៏​ដើម្បី​តំណាង​ឲ្យ​អង្គ​ប្រាណ​ដូនតា ដូច​ករណី​ផ្ទាំង​ថ្ម​ដេក និង​ថ្ម​បញ្ឈរ​នៅ​តំបន់​បាន​អាង នៅ​ភូមិភាគ​ខាងជើង​នៃ​ប្រទេស​លាវ បច្ចុប្បន្ន​ជា​តឹកតាង​រឹង​មួយ​ដោយ​ឥត​ប្រកែក​បាន​។ តែ​អ្វីដែល​យើង​កត់សំគាល់​នៅទីនេះគឺ​ក្នុង​វប្បធម៌​មន​-​ខ្មែរ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ ក៏​ដូច​បច្ចុប្បន្នភាព​ដែរ ជំនឿ​លើ​ថ្ម​ធម្មជាតិ និង ជំនឿ​លើ​ភ្នំ ដែលមាន​លក្ខណៈ​ជា​ជីវ​ច​ល​និយម នោះ​ជំនឿ​នេះ​បាន​បន្តវេន​ពី​អតីតកាល​ដ៏​យូរលង់ រហូតដល់​បច្ចុប្បន្នភាព ហើយ​ឧត្តមភាព​នៅ​ត្រូវបាន​ថែរក្សា​ដដែល​។ ហើយ​ការ​គោរពបូជា​នេះ ក៏​ដោយសារតែ​គេ​ជឿថាថ្ម​ទាំងនោះ​មាន​បារមី​កាន់ ឬ​វត្ថុ​សក្តិ​សិទ្ធិ ពោលគឺ ព្រលឹង ឬ​វិញ្ញាណ​បុព្វការី​ជន​សណ្ឋិត​នៅក្នុង​ថ្ម​ទាំងនោះធ្វើ​ឲ្យ​ថ្ម​ទាំងនោះ​ប្រកបដោយ​អច្ឆរិយ​ភាពដោយ​ចេះ​ជួយសង្គ្រោះ​មនុស្ស​ឲ្យ​ផុតពី​ទុក្ខភ័យ​ទាំងឡាយ​។ ក្តារ​មឈូស​ឈើ​នៅ​ក​ញ្ច​នបុរី ថៃ​បច្ចុប្បន្ន​ ក្តារ​មឈូស នា​សម័យ​ក្រោយ​អង្គររបស់​ជនជាតិភាគតិចស្អូចនៅ​ខេត្តកោះកុង។ លក្ខណៈ​ជាស​កល ករណី​ថ្ម​បញ្ឈរ និង​ដេក ដែល​សុទ្ធសឹងតែ​ជា​កត្តា​អាច​តំណាង​ឲ្យ​វិស័យ​ស្ថាបត្យកម្ម​ដំបូងបង្អស់​របស់​មនុស្ស​ខ្មែរតំរូវ​ឲ្យ​យើង​អធិប្បាយ​អំពី​និមិត្ត​រូបភាព​មួយកំរិតទៀត​។ នៅ​ប្រទេស​លាវ​ ដែលជា​ទឹកដី​កំណើត​របស់​អំបូរ​មន​-​ខ្មែរ ថ្ម​បញ្ឈរ​គឺ​តំណាង​ឲ្យ​លិង្គ​របស់​ភេទ​ប្រុស​ដែល​គេ​បញ្ឈរ ដើម្បី​ជាទីគោរព​សក្ការ​:​។ បង្គោល​ថ្ម​ទាំងនោះ​ត្រូវបាន​គេ​ចិត​ចេញពី​ស្រទាប់​ថ្មដា (mica-schiste)​។ រីឯ​ពាង​ថ្ម​ខ្លះ​សំរាប់បញ្ចុះសព​វិញមាន​បណ្តោយ​រហូតដល់​ ៣ ​មាត្រ និង​កំពស់់ ​៣​មាត្រ ​២០ តំណាង​យោនី ឬ​ផ្ទៃ​របស់​ស្ត្រី​ទៅវិញ​។ រីឯ​រណ្តៅ​បញ្ចុះសព​វិញ ដែល​គេ​ចោះ​លើ​ថ្ម ខ្លះ​មាន​ជំរៅ​រហូតដល់​ ២ ​មាត្រនិង​បណ្តោយ​ប្រវែង ២​ មាត្រ ​១៥ ក៏មាន​អត្ថន័យ​ដូចគ្នា​។ ជា​ឧទាហរណ៍: ដី ឬ​ព្រះធរណី​ត្រូវបាន​គេ​ចាត់ទុកថាជា​ដៃ ឬ​ទ្វារមាស​សំរាប់​ទទួល​សាកសព​កូន ហើយ​ដោយសារ​ហេតុផល​នេះ ទើប​គេ​កប់​សព​ក្នុង​ដីសំរាប់​​ឲ្យ​ចាប់ជាតិ​ឡើងវិញ​ទៅ​អនាគត​។ នេះ​ជាការ​យល់ឃើញ​របស់​ពួកគេ ហើយ​រូបារម្មណ៍​នេះ នៅតែ​ស្ថិតក្នុង​ផ្នត់គំនិត​របស់​មនុស្ស​ខ្មែរ​ផងដែរ​។ ​ប្រការ​មួយទៀត​ដែល​គួរ​កត់ត្រា​ដែរគឺ​វត្តមាន​របស់​ថ្ម​ផ្តេក​មួយ (dolmen) នៅបាន​ណា​សែ​វ ប្រទេស​​លាវ ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល​និង​ថ្ម​ផ្តេក​នៅ​ប្រទេស​បារាំងជាពិសេស​នៅ​ន័​រ​ម៉ុង​ឌី​។​ ដូនតា​ខ្មែរ​នា​សម័យ​នោះ ដែលមាន​លក្ខណៈ​ជា​កុល​ស​ម្ព័​ន្ធ​នៅឡើយ​។ ហើយ​សហគមន៍​មន​-​ខ្មែរ​ដើម​ទាំងនោះ​ក្នុងភូមិ​ភាគ​នេះ​។ សង្គមដូចជា​ពួក​ខា និង​ល្មេ​ត​ជាដើម រួមទាំង​ប្រទេស​កម្ពុជា វៀតណាម​កណ្តាល និងត្បូង ប្រទេស​ថៃ ភូមា និង​ម៉ាឡេស៊ីសុទ្ធសឹងតែ​បាន​បន្សល់ទុក​នូវ​តឹកតាង​ដ៏​សំខាន់​ពាក់ព័ន្ធ​ទៅ នឹង​វិស័យ​ស្ថាបត្យកម្ម​ថ្ម និង​ឈើ​ដែល​មិនមែនជា​របស់​ឥណ្ឌា ឬ​ចិន​ឡើយ​។ ​ទោះបី​ យ៉ាងនេះ​ក្តីដូច​ពោល​ខាងលើ សមិទ្ធិ​ផល​សង្គម​សំខាន់​ជាងគេគឺ​ការស្ថាបនា​នូវ​ភូមិ​មូល ឬ​បន្ទាយ​គូ​ក្នុង​ភូមិភាគ​នេះដែល​បាន​គ្របដណ្តប់​ទូទាំង​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង​នេះ​។ សរុបមកខ្មែរ​មុន​ឥណ្ឌា​ចូល​ស្រុកបាន​ស្គាល់​នូវ​វិស័យ​ស្ថាបត្យកម្ម​ឈើ​រួចមកហើយ​។ ដូច្នេះ​យើង​អាច​សន្និដ្ឋានបានថា យោងតាម​ឯកសារ និង​ការស្រាវជ្រាវ យើង​អាច​យល់ដឹង​អំពី​ស្ថាបត្យកម្មដែល​ពាក់ព័ន្ធ​ទៅនឹង​ជំនឿ​លើ​ភាព​អមតៈ និង​ជំនឿលើ​ការ​ចាប់ជាតិ​ឡើងវិញ​ក្រោយពី​ស្លាប់។ ទាំងនេះគឺជា​មែកធាង​មួយ​នៃ​វប្បធម៌​ខ្មែរ​យ៉ាង​ប្រាកដ ទោះជា​យ៉ាងណាក៏ដោយយើង​មិនអាច​រាប់បញ្ចូល​ក្នុង​វិស័យ​ស្ថាបត្យកម្ម​ដែរ​។​ ក្នុង​បរិវេណ​នៃ​ភូមិ​មូល ឬ​បន្ទាយ​គូ​នីមួយៗ ដែល​ធ្វើ​អំពី​ដី​លើក​មាន​រាង​មូល ឬ​ពងក្រពើ ដោយមាន​គូទឹក​ជុំវិញនោះគេ​ឃើញ​ស្លាកស្នាម​នៃ​ផ្ទះសំបែង​ដែល​បាន​ផ្គុំ​គ្នា​ឲ្យ​ក្លាយទៅជា​ភូមិរោង ​សិប្បកម្ម​ព្រមទាំង​ស្រែចំការ​។ ទំហំ​នៃ​ភូមិ​ទាំងនោះ មិន​ស្មើគ្នា​ទេ រួច​មាន​ទំហំ (​វិជ្ឈមាត្រ​) ជិត​ដល់ ១​គីឡូម៉ែត្រ ដូច​ករណី​ភូមិ​មូល​នៅ​ម្តុំ​ជើងឯក រាជធានី​ភ្នំពេញ​បច្ចុប្បន្ន ហើយ​ខ្លះទៀត​មាន​ទំហំ​ត្រឹមតែ ១០០​ មាត្រ​ប៉ុណ្ណោះ​។ ជាមួយ​ភូមិ​មូល ដែលជា​ទីប្រជុំជន​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​នោះ យើង​ក៏បាន​ឃើញ​មាននូវ​គូ​ទឹក​ហ៊ុំព័ទ្ធ​នៅ​ជុំវិញ​នៃ​សំណង់​ស្ថាបត្យកម្ម​ទាំងនោះ​ដែរ ដូច​ករណី​គូទឹក​ខាងក្នុងនិង​គូ​ទឹក​ខាងក្រៅ​ហ៊ុំព័ទ្ធ​ទីក្រុង​សុ​រិ​ន្ទ្រ ដែលមាន​ប្រវែង​ជាច្រើនសហាតិមាត្រ​។ រាល់​ស្ថាបត្យកម្ម​ខ្មែរ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ ក៏មាន​ការវិវត្ត​ផ្សេងៗ​ទៅតាម​តំបន់​នីមួយៗ​ផងដែរ​។ ដូច្នេះហើយ​បានជា​នៅ​តំបន់​ខ្ពង់រាប​ខ្លះ គេ​ឃើញ​មានការ​ប្រើ​ក្តារ​មឈូស​ឈើ សម្រាប់​បញ្ចុះសព​ដូនតា ដូចជា​កញ្ចន​បុរី​ជាដើម​។ ក្រៅពី​ក្តារ​មឈូស​ថ្ម ឬ​ឈើ ដែល​បុព្វបុរស​មន​-​ខ្មែរបាន​បន្សល់​ជា​ស្នាដៃ​ដ៏​សំខាន់ប្រពៃណី​ប្រើ​ក្តា​រម​ឈូសឈើ​ខាងលើនេះ ក៏ត្រូវ​បាន​បន្ត​រហូត​ដល់​សព្វថ្ងៃ​ដែរ ជាពិសេស​នៅតាម​តំបន់​ព្រៃភ្នំ​ក្នុង​ឧបទ្វីប​ឥណ្ឌូចិន​។​ មានន័យថាការដែល​សហគមន៍​មន​-​ខ្មែរ​នៅ​ប្រទេស​កម្ពុជា និង លាវក៏​ដូច​នៅ​ប្រទេស​វៀតណាម​កណ្តាល និង​ត្បូង​បច្ចុប្បន្ន នៅតែ​ប្រើ​ក្តារ​មឈូស​ឈើ ដើម្បី​បញ្ចុះសព​ដូច​នៅ​សម័យមុន​ឥណ្ឌូ​បនីយកម្ម មិន​គ្រាន់តែ​ធ្វើ​ឲ្យ​ឃើញ​នូវ​ចំណាស់​នៃ​ខឿនវប្បធម៌​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​ឃើញ​និរន្ត​ភាព​នៃ​វិស័យ​ស្ថាបត្យកម្ម​ផងដែរ​។​ ការ​ខ្វះខាត​ច្រើនក្នុងការ​ស្រាវជ្រាវ​ដំបូង​នេះ ប៉ុន្តែ​គប្បី​យើង​ត្រូវ​បញ្ចូល​ក្នុង​អត្ថបទ​នេះ​នូវ​ស្លាកស្នាមពាក់ព័ន្ធ​ទៅ​នឹង​ផ្ទះសំបែង​នា​សម័យ​នោះដែរ​។ ព្រោះថាលំនៅស្ថាន សំរាប់​មនុស្សក៏​ដូច​លំនៅស្ថាន​ជាទី​សក្ការៈ​របស់​ពពួក​អា​រុក្ខ​អារក្សដូចជា​ខ្ទម​អ្នកតា​ជាដើមគឺ​ត្រូវបាន​បង្កើតឡើង​ដោយ​បុព្វការី​ជន​ខ្មែរ​សុទ្ធសា​ធពោលគឺ​មិនមែនជា​កំចី​បរទេស​នោះទេ។ [៣៤]

បច្ចេកទេស

កែប្រែ

ដោយសារ​កំណាយ​នៅ​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​មួយចំនួន យើង​អាច​និយាយបានថាបច្ចេកទេស​ស្មិត​ត្រូវបាន​អនុវត្តឡើង​ដោយ​សហគមន៍មន​-​ខ្មែរ​តាំងតែ​ដើម​សម័យ​លោហធាតុ​ម្ល៉េះ​។ ដោយហេតុថាក្នុងចំណោម​វត្ថុ​បុរាណ​ដែល​គេ​បាន​រកឃើញ គេ​បានឃើញ​មាន​ពុម្ព​សំរាប់ធ្វើ​ផ្លែ​ ដឹង​ មុខព្រួញ​ ចិញ្ចៀន​ ពូថៅដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​។ ហើយ​ការប្រើ​ពុម្ព​នេះត្រូវបាន​បន្ត​រហូតដល់​សម័យ​ប្រវត្តិសាស្ត្រ​។​ សម័យ​បុរេប្រវត្តិសាស្ត្រ គេយក​ដីឥដ្ឋ​ដែល​ធន់​នឹង​ភ្លើងលើកលែងតែ​ចំពោះ​គ្រឿងអលង្ការ​លំអរ​បស់​ព្រះអាទិទេព ឬ​មនុស្ស​ទាំង​ពីរភេទ​ដែល​គេ​ប្រើ​ពុម្ព​ថ្មដូចជា ថ្មថ្លើមអណ្តើក​មក​ធ្វើ​ស្នូល ចាក់​ក្រមួន​ពី​ក្រៅហើយ​ឆ្លាក់​រូប​លើ​ក្រមួន​។ បន្ទាប់មក​ជាង​ស្មិត​ក៏​យក​ដី​មកចាក់​រុំ​ពី​ក្រៅ​ទៀតដើម្បី​ធ្វើជា​ពុម្ព​។ ដំណាក់កាល​ទី​ពីរ គឺ​ក្រោយពី​ពុម្ព​ទាំងពីរគឺ​ពុម្ព​មុខ និង​ក្រោយ​ត្រូវបាន​ផលិត​រួចមកហើយ គេ​យក​លោហធាតុ​ដែល​រលាយ​ដោយ​កំដៅភ្លើង ដែល​គេ​ដាក់​ក្នុង​ក្រឡ​មួយ ដើម្បី​ចាក់បង្ហូរ​ក្នុង​ពុម្ព​នោះ ដែល​គេ​រឹ​ប​ឲ្យ​ជាប់​គ្នា​។ ក្រមួន​ប៉ះ​នឹង​លោហធាតុ​ក៏​រលាយ​អស់​ទៅ ហើយ​លោហធាតុ​ក៏​ហូរ​ទៅ​បំពេញ​ជំនួស​ដោយ​រក្សា​នូវ​រូប​ដែល​គេ​បាន​ឆ្លាក់​ពីលើ​។ ដំណាក់កាល​ទី​៣ គឺ​ក្រោយពី​លោហធាតុ​រលត់​ក្តៅ គេ​ក៏​យក​រូប​ចេញពី​ពុម្ពហើយ​យក​រូប ឬ​វត្ថុ​ដែល​គេ​បាន​ស្មិត​នោះ​ទៅ​លាង​ដុសខាត់​ឲ្យ​ស្អាត ហើយ​យកទៅ​ប្រើប្រាស់​។​ ​ខាងលើនេះគឺជា​បច្ចេកទេស​ស្មិត​ទេវរូប​ រូប ឬ​វត្ថុ​ផ្សេងៗ​ដូចជា សញ្ញា​និមិត្ត​ពិសិដ្ឋ និង កាក់​ជាដើម ដែលមាន​លក្ខណៈ​តូច​។ រីឯ​រូបចំលាក់​ដែលមាន​ខ្នាត​ធំ​វិញ គេ​ត្រូវ​ប្រើពេល​វេលា និង​សំភារៈ​ច្រើនជាង​។ ពោលគឺ គេ​ត្រូវ​ស្មិត​ផ្នែក​នីមួយៗ​នៃ​រូបនោះ ហើយ​ក្រោយពី​ចាក់ពុម្ព​ធ្វើ​អំពី​ថ្ម រួច​គេ​ក៏​យក​បំណែក​ផ្សេងៗ​មក​ផ្គុំ​គ្នា ទើបបាន​រូប​ទាំងមូល​។​ ​នៅលើ​ទីតាំង​នៃ​ទីក្រុង​អង្គរបុរី យើង​បានឃើញ​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​មួយចំនួន ព្រមទាំង​ទេវរូប​ធ្វើ​អំពី​លោហៈ​ប្រកបដោយ​ក្បាច់រចនា​យ៉ាង​ផ្ចិតផ្ចង់ និង​លំអិត​ឆ្មារ ដែល​សិប្បករ​ខ្មែរ​នា​ជំនាន់​នោះបាន​ផលិត​ដោយបាន​ប្រើប្រាស់​ពុម្ព​ចាក់​។ វត្តមានរ​បស់ពុម្ព​ទាំងនោះ ដែល​នៅ​សេសសល់​ពិតជា​បង្ហាញ​បញ្ជាក់​ឲ្យ​យើង​ដឹង​អំពី​បច្ចេកទេស​ស្មិត​នា​សម័យមុន​អង្គរ​។ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏មាន​ទេវរូប និង​ពុទ្ធរូប​ដែល​គេ​ផលិត​ដោយ​មិនបាន​ប្រើ​ពុម្ព​ឡើយ ព្រោះ​គេ​បាន​ឆ្លា​ក់ដោយ​ដៃ​ផ្ទាល់​។​ បច្ចេកទេស​ស្មិត​នៅ​អង្គរបុរី​ក៏ដូចជា​នៅ​ដែនដី​សណ្តនៃ​ដង​ទន្លេមេគង្គ ឬក៏​នៅ​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ដែល​ឋិត​ក្នុង​សម័យកាល​វប្បធម៌វ្នំ រវាង​ស​.​វ​ទី​៣ និង​ទី​៥​នៃ​គ​.​ស គឺជា​តឹកតាង​បង្ហាញ​នូវ​ភាពរុងរឿង ថ្កើងថ្កាន​នៃ​ខឿនវប្បធម៌​នៃ​ជនជាតិខ្មែរនា​ដើម​សម័យ​ប្រវត្តិសាស្ត្រ​យ៉ាង​ជាក់ច្បាស់។ [៣៥]

ឧស្សាហកម្ម

កែប្រែ

ឧស្សាហកម្ម​ឆ្អឹងប្រកបដោយ​ភាពសំបូរ ដែលយើង​បាន​ឃើញ ដង​កាំបិត គ្រឿងអលង្ការ អ​ង្កាំ ត្រសាល់​ត្រចៀក ចិញ្ចៀន ផ្លែ​សន្ទូច ហើយ​ក្នុងចំណោម​កុលាលភាជន៍​ខ្មែរ​នា​សម័យ​នោះ យើង​បាន​ជួប​វត្ថុ​សិល្បៈ​មួយចំនួន​តូច​ដូចជា​ ក្របី ជ្រូក គោ ជាដើម។ ឥឡូវ​នេះ​ច្បាស់​ហើយ​ថា ដូនតា​ខ្មែរ​នា​សម័យ​បុរេប្រវត្តិសាស្ត្រ​ចេះ​ផលិត​រូប​សត្វ​រួចទៅហើយ សំរាប់​មូលហេតុ​សាសនា។ ប៉ុន្តែ​នៅ​មាន​វត្ថុ​ផ្សេងៗ​ទៀត​ដូចជា លិង្គ និង​យោនី ជាដើមដែល​គួរឲ្យ​កត់សំគាល់​ផង​ដែរ។​ លក្ខណៈ​ពិសេស​នៃ​ឧស្សាហកម្ម​យុគ​ថ្ម​រំលីង គឺ​ការផលិត​ពូថៅ​ធ្វើ​អំពី​ថ្ម មាន​រាង​ប្លែកៗ​ពីគ្នា ហើយ​ដែល​ត្រូវបាន​គេ​រកឃើញ​នៅ​ស្ថានីយ៍​នានា ជាពិសេស​នៅ​តំបន់​បឹង​ទន្លេសាប ចំពោះ​អាវុធ​យើង​រក​បាន​ដូច​ជា​ពូថៅ​សំប៉ែត​មាន​មុខ​ជា​បួន​ជ្រុង​ទ្រវែង មាន​ពន្លួញ​សម្រាប់​ដាក់​ដង​ជា​ឈើ៘ ចំពោះ​ឧបករណ៍ប្រើប្រាស់ យើង​ឃើញ​មាន​ពុម្ព​ថ្ម​សំរាប់ចាក់​តឹង​ចង្កៀង និង​កាវ​ត្រចៀក​ជាដើម។ ​ក្រៅពីនេះ​គេ​ក៏​បាន​រកឃើញ​នូវ​សំណល់​ធ្យូង ដែល​ជា​ភស្តុតាង​នៃ​ការធ្វើ​ម្ហូបអាហារ ដើម្បី​ជីវិត​ប្រចាំថ្ងៃ។ វឌ្ឍនភាព​នៃ​ឧស្សាហកម្ម​ភាជន៍ គឺជា​សញ្ញា​នៃ​កំណើន​អ​ត្រា​របស់​ប្រជាជន​ខ្មែរ រស់​នៅក្នុង​ភូមិភាគ​នេះ​យ៉ាង​ប្រាកដ​បន្ទាប់​ពី​ស្តែង​ឲ្យឃើញ នូវ​ភាព​សំខាន់​ពាក់ព័ន្ធ​ទៅ​នឹង​ការរស់នៅ។[៣៦]

មើលផងដែរ

កែប្រែ

កំណត់ត្រានានា

កែប្រែ
  1. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២១
  2. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ២៦-៣១
  3. "ស្រីគោត្របូរណ៍ដោយលោកបណ្ឌិត មីសែល-ត្រាណេ". Archived from the original on 2016-03-11. Retrieved 2015-02-18.
  4. "ស្ថានីយ៍ភូមិស្នាយ ដោយមីសែល ត្រាណេ". Archived from the original on 2016-03-12. Retrieved 2015-02-18.
  5. "កុលាលភាជន៍បុរេប្រវត្តិ ដោយមីសែល ត្រាណេ". Archived from the original on 2016-03-11. Retrieved 2015-02-18.
  6. "ដោយមីសែល-ត្រាណេ". Archived from the original on 2016-03-04. Retrieved 2015-02-18.
  7. "ដោយមីសែល-ត្រាណេ". Archived from the original on 2016-03-04. Retrieved 2015-02-18.
  8. "ដោយមីសែល-ត្រាណេ". Archived from the original on 2016-03-06. Retrieved 2015-02-18.
  9. "ដោយមីសែល-ត្រាណេ". Archived from the original on 2016-03-07. Retrieved 2015-02-18.
  10. "ដោយមីសែល-ត្រាណេ". Archived from the original on 2014-10-16. Retrieved 2015-02-18.
  11. "ដោយមីសែល-ត្រាណេ". Archived from the original on 2015-03-03. Retrieved 2015-02-18.
  12. "ដោយមីសែល-ត្រាណេ". Archived from the original on 2016-03-07. Retrieved 2015-02-18.
  13. La numération chez les Khmers ou Cambodgiens, Societe d'Ethnographie de Paris, No 1, 15 octobre, 1914)
  14. "ដោយមីសែល-ត្រាណេ". Archived from the original on 2016-03-04. Retrieved 2015-02-18.
  15. "ដោយមីសែល-ត្រាណេ". Archived from the original on 2016-03-07. Retrieved 2015-02-18.
  16. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២៥-២៦
  17. "ជំនឿជីវចលនិយម ដោយលោកមីសែល-ត្រាណេ". Archived from the original on 2014-11-07. Retrieved 2015-02-18.
  18. "ជំនឿព្រលឹងនិយម ដោយលោកមីសែល-ត្រាណេ". Archived from the original on 2014-11-09. Retrieved 2015-02-18.
  19. "ស្ថានីយ៍ជើងឯក ដោយលោកបណ្ឌិតមីសែល-ត្រាណេ". Archived from the original on 2016-03-09. Retrieved 2015-02-18.
  20. ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២២-២៥
  21. "ស្លាកស្នាមការប្រើធ្នូ ដោយលោកបណ្ឌិតមីសែល-ត្រាណេ". Archived from the original on 2016-03-12. Retrieved 2015-02-18.
  22. "កុលាលភាជន៍ ដោយបណ្ឌិតមីសែល-ត្រាណេ". Archived from the original on 2016-03-13. Retrieved 2015-02-18.
  23. "កុលាលភាជន៍ ដោយបណ្ឌិតមីសែល-ត្រាណេ". Archived from the original on 2014-05-01. Retrieved 2015-02-18.
  24. "មាស ដោយបណ្ឌិតមីសែល-ត្រាណេ". Archived from the original on 2014-07-31. Retrieved 2015-02-18.
  25. [welcambodia.wordpress]
  26. "ទំនៀមពាក់ស្នែង ដោយមីសែល-ត្រាណេ". Archived from the original on 2016-03-08. Retrieved 2015-02-18.
  27. "ផលិតផលកែវដោយមីសែល-ត្រាណេ". Archived from the original on 2014-09-13. Retrieved 2015-02-18.
  28. "កងដៃមន-ខ្មែរដោយមីសែល-ត្រាណេ". Archived from the original on 2014-04-06. Retrieved 2015-02-18.
  29. "ទំនៀមទំលាប់ពាក់ឆៀងខ្វែងដោយមីសែល-ត្រាណេ". Archived from the original on 2015-02-17. Retrieved 2015-02-20.
  30. "គំនូរជីវចលដោយមីសែល-ត្រាណេ". Archived from the original on 2015-03-03. Retrieved 2015-02-18.
  31. "ស្គមហោរធឹកដោយមីសែល-ត្រាណេ". Archived from the original on 2014-03-27. Retrieved 2015-02-18.
  32. "គំនូរបុរេប្រវត្តិដោយលោកមីសែល-ត្រាណេ". Archived from the original on 2016-03-05. Retrieved 2015-02-18.
  33. "គំនូរនៅប្រទេសថៃដោយលោកមីសែល-ត្រាណេ". Archived from the original on 2016-03-05. Retrieved 2015-02-18.
  34. "ស្ថាបត្យកម្មទាក់ទងនឹងព្រលឹង ដោយបណ្ឌិតមីសែល-ត្រាណេ". Archived from the original on 2016-03-04. Retrieved 2015-02-18.
  35. "បច្ចេកទេសបុរេប្រវត្តិ ដោយមីសែល-ត្រាណេ". Archived from the original on 2014-11-01. Retrieved 2015-02-18.
  36. "ឧស្សាហកម្មបុរេប្រវត្តិ ដោយលោកមីសែល-ត្រាណេ". Archived from the original on 2016-03-05. Retrieved 2015-02-18.

ឯកសារយោង

កែប្រែ
  • ប្រវត្ដិសាស្រ្ដខ្មែរ និពន្ធ​ដោយត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី
  • មណ្ឌលវប្បធម៌ខ្មែរនៅស្វីស Archived 2011-11-04 at the វេយប៊ែខ ម៉ាស៊ីន.
  • ៨ = បែបរៀនសង្គមសិក្សា វិជ្ជាប្រវត្ដិសាស្រ្ដថ្នាក់មធ្យមសិក្សាឆ្នាំទី១ របស់ក្រុមវិជ្ជាការក្រសួងសិក្សាធិការ (ភាសា

ថៃ) បឹងកកព.ស. ២៥១២ គ.ស. ១៩៦៨។

  • Adhémard Leclère, le Sdach Kân, Imprimerie coloniale, Saigon,1911
  • Henri Russier, Histoire sommaire du royaume du Cambodge des origines à nos jours (broch-ure ronéotypé 1929?
  • Adhémard leclère, ke Sdach Kân, Imprimerie coloniale, Saigon 1911
  • Lê Thanh Khôi,Histoire del l'Asie du Sud - est PUF. Que sais-je? Paris, 1959
  • ១៦ = ពង្សាវតារប្រទេសលាវ គឺក្រុងហ្លួងព្រះបាង ក្រុងវៀងចន្ទ ក្រុងជូន និងក្រុងចំប៉ាសាក់ ជាភាសាលាវ វៀង

ចន្ទ គ.ស. ១៩៦៧។ Annales de Laos-Luang Prabang- vein tiane Tranninh et Bassac, Publiées la 22e année du régne de S.M. Sisavang Vong du Luang Prabang.1926