រឿងធម្មសោកណ្ឌក
កាលណោះ មានព្រះមហាក្សត្រាធិរាជមួយព្រះអង្គ ទ្រង់ព្រះនាមព្រះបាទ ធម្មសោណ្ឌករាជ គ្រងរាជ្យសម្បត្តិក្នុងនរគពារាណសី ទ្រង់ប្រកបដោយសក្តានុភាពថ្លៃថ្លាឧបមាដូចស្តេចចក្រពត្រាធិរាជ រុងរឿងដោយរាជសិរីគួរជាទីមនោរម្យដូចទេវនរគ ព្រះអង្គទើបតែនិងបានឡើងគ្រងរាជ្យបានមួយខែ ស្រាប់តែទ្រង់ភ្នកព្រះហឫទ័យមមៃចង់ស្តាប់ធម៌ពន់ពេក ប៉ុន្តែគ្មាននរណាមួយអាចសំដែងធម៌ថ្វាយបានសោះ ទើបទ្រង់ព្រះចិន្តាថា " រាជ្យសម្បត្តិនឹងព្រះរាជានុភាព របស់អាត្មាអញ ទូលំទូលាយគួរជាទីរីករាយពិតមែន ប៉ុន្តែប្រាសចាកធម៌ដូច្នេះ មិនល្អសោះ ហាក់ដូចអាកាសប្រាសចាកដួងអាទិត្យ ដូចរាត្រីងងឹតប្រាសចាកដួងចន្ទនឹងតារាករទាំងឡាយ"។
លុះទ្រង់ព្រះចិន្តាដូច្នោះហើយ ព្រះចក្រីទ្រង់បញ្ជាឲ្យយកប្រាក់ ១ សែនហាបណៈ ដាក់ប្រអប់មាសផ្ទុកលើពោងទីនាំងហត្ថី ទ្រង់ឲ្យគោះគងទូងភេរីប្រកាសឃោសនាតាមមហាវិថីនានាថា"នរណាចេះធម៌ ១ បទក្តី ២ បទក្តី ៣ បទក្តី ៤ បទក្តី យើងនឹងព្រះរាជទានទ្រព្យទាំងអស់នេះ ដល់អ្នកនោះ"។ បើទុកជាធ្វើដូច្នេះក៏ដោយ ក៏ឥតបានជួបប្រទះនឹងជនណាមួយ ដែលអះអាងថា ខ្លួនចេះសំដែងធម៌សោះ ។ ព្រះនរបតីទ្រង់ មានវិប្បដិសារីគឺក្តីសោកស្តាយក្តៅក្រហាយក្នុងព្រះហឫទ័យ ទើបទ្រង់ព្រះចិន្តាតទៅទៀតថា " មិនសមបើត្រូវការដោយរាជសម្បត្តិដែលប្រាសចាកធម៌ដូច្នេះសោះ " ។ តអំពីនោះ ទ្រង់បានប្រគល់រាជសម្បត្តិដល់សម្ដេចព្រះឧបយុវជន ហើយទ្រង់យាងចូលទៅស្នាក់ក្នុងព្រៃ ដើម្បីស្វែងរកធម៌។
ខណៈនោះ ពិភពព្រះឥន្ទ្រាធិរាជកើតរំជួលឡើងជាអស្ចារ្យទើបទ្រង់បើកទិព្វចក្ខុទតមកឋានមនុស្សលោក ទ្រង់បានជ្រាបហេតុភេទសព្វគ្រប់ហើយ ទើបស្តេចកាឡាជាយក្ខធំមួយរូប មកឋិតជិតព្រះបាទធម្មសោណ្ឌករាជៗ ទ្រង់ទតឃើញយក្ខនោះហើយទ្រង់ត្រាស់សួរយក្ខថា :
"បពិត្រមហាយក្ខ , អ្នកនៅនាដងព្រៃនេះ អ្នកបានចេះធម៌ខ្លះដែរឬទេ ? "
យក្ខក្រាបទូលថា " បពិត្រមហារាជ ខ្ញុំចេះធម៌ខ្លះដែរ " ។
" សូមអ្នកសំដែងធម៌ឲ្យខ្ញុំបានស្តាប់ផង" ។
" បើខ្ញុំសំដែងធម៌ឲ្យទ្រង់ស្តាប់ តើទ្រង់បូជាអ្វីដល់យើង?"។
" បើអ្នកត្រូវការ ដោយគ្រឿងសក្ការបូជា ខ្ញុំសុខចិត្តបូជាសាច់ឈាមរបស់ខ្ញុំ សុំឲ្យអ្នកសំដែងមកចុះ"។
" ខ្ញុំឃ្លានណាស់, សំដែងធម៌មិនកើតទេ សូមទ្រង់ប្រទានសាច់ឈាមមកសិន"។
" បើអ្នកបរិភោគសាច់ឈាមខ្ញុំមុនហើយ តើអ្នកសំដែងធម៌ឲ្យនរណាស្តាប់?"។
" បើដូច្នោះ សូមទ្រង់ឡើងទៅលើកំពូលភ្នំដ៏ខ្ពស់រួចលោតទម្លាក់ខ្លួនមកឲ្យចំមាត់ខ្ញុំៗសំដែងធម៌បានប៉ុន្មានម៉ាត់ សូមទ្រង់ព្រះសណ្ដាប់ប៉ុណ្ណោះចុះ ទាំងខ្លួនខ្ញុំបានសាច់បរិភោគភ្លាមក្នុងខណៈនោះដែរ"។
ព្រះបាទធម្មសោណ្ឌករាជ ស្តេចឡើងទៅលើកំពូលភ្នំធំខ្ពស់ហើយទ្រង់ប្រកាសដល់ទេវតាទាំងឡាយថា " បពិត្រទេវតាដ៏ចំរើនអើយ ខ្ញុំបានប្រគល់ខ្លួនជូនយក្ខ ដើម្បីស្តាប់ធម៌នេះ ខ្ញុំប្រាថ្នាឲ្យបានត្រាស់ជាព្រះពុទ្ធទៅអនាគតកាលប៉ុណ្ណោះ"។ ព្រះរាជាមានបន្ទូលដូច្នោះហើយ ក៏លោតហក់ចុះពីលើកំពូលភ្នំធំនោះដោយឥតរារង់ឡើង។ ព្រះឥន្ទ្រាធិរាជ ទ្រង់បានផ្សាយសម្ជស្សទិព្វទៅលើអាកាសឱបក្រសោបព្រះមហាក្សត្រពុំឲ្យអន្តរាយ ហើយនាំហោះទៅកាន់ឋានទេវលោក ទ្រង់បានបូជាដោយទិព្វមាលាផ្សេងៗ ហើយទ្រង់សំដែងធម៌ទេសនាថ្វាយព្រះមហាក្សត្រមានជាអាទិ៍ថា :
" សង្ខារទាំងឡាយមិនទៀងសោះឡើយ តែកើតឡើងហើយតែងរលត់សូន្យទៅវិញ ការរលត់បង់នូវសង្ខារទាំងនោះ ជាការនាំមកនូវសេក្តីសុខ"។ល។
លុះចប់ធម៌ទេសនាហើយ ព្រះឥន្ទ្រាធិរាជ ទ្រង់បាន ប្រសិទ្ធីពរផ្សេងៗ ថ្វាយព្រះបាទសោណ្ឌករាជ ហើយបាននាំទ្រង់មកកាន់មនុស្សលោក ទ្រង់បានអភិសេកឲ្យគ្រងរាជ្យសម្បត្តិនាក្រុងពារាណសីដូចដែលវិញ។[១]
ឯកសារយោង
កែប្រែ- ↑ ដកស្រង់ពីបញ្ញាសជាតកសង្ខេប ភាគទី១ និពន្ធដោយលោក ញ៉ុក ថែម នៅ មជ្ឈដ្ឋានផ្នែកសិក្សាស្រាវជ្រាវនឹងឯកសារនៃវិទ្យាស្ថានជាតិគរុកោសល្យ រឿង ធម្មសោណ្ឌក ( សេចក្តីសង្ខេប) ទី១៨ ទំព័រ ១៤៨-១៤៩-១៥០