រឿង ក្បូនជីវិត គឺជាស្នាដៃរបស់លោក ទី ជីហួត ចុងក្រោយ

រឿង កែប្រែ

មាលាជាក្មេងកំព្រាម្តាយតាំងពីតូច។ ឪពុកនាងឈ្មោះ តេជ័យ ជា​មន្ត្រី​បម្រើការក្នុងវាំង​។ គាត់មានភរិយាក្រោយឈ្មោះ ចន្ទី និងមានកូនស្រីម្នាក់ ឈ្មោះ ពិសី។ ចន្ទីជាម្តាយចុងដែលមានចិត្តកំណាចឫស្យា គ្មានមេត្តាចំពោះនាង មាលាឡើយ។ ពេលដែលលោកតេជ័យទៅបំពេញការងារនៅរាជវាំង នាងចន្ទី តែងធ្វើទារុណកម្មលើរាងកាយមាលាឥតល្ហែល្ហើយ។ ដោយមិនអាចរស់នៅក្នុង ស្ថានភាពដ៏លំបាកឥតស្រាកស្រាន្តនេះបាន នាងមាលាក៏លួចរត់ទៅរស់នៅជា មួយលោកតាលោកយាយរបស់នាងនៅឯជនបទ។ ត្រឡប់មកផ្ទះវិញ ពុំឃើញ កូនសំណព្វ លោកតេជ័យភ័យស្លន់ស្លោរបញ្ជាឲ្យកូនចៅដើររកកូនសព្វទីកន្លែង តែរកពុំឃើញ។ លុះទទួលបានដំណឹងថាមាលានៅផ្ទះឪពុកម្តាយ លោកតេជ័យ ក៏តាមទៅយក ប៉ុន្តែត្រូវនាងបដិសេធ។ ដោយមានការពន្យល់ពីលោកឪពុកអ្នក ម្តាយផង លោកតេជ័យក៏យល់ព្រមឲ្យនាងមាលារស់នៅជាមួយលោកតាលោក​យាយ។

ដប់ឆ្នាំកន្លងផុតទៅ នាងមាលារស់នៅក្នុងទ្រនំដ៏សែនកក់ក្តៅ ក្រោម​ការ​ចិញ្ចឹមបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់ពីលោកតាលោកយាយ។  ក្នុង​វ័យ​១៨​ឆ្នាំ មាលា​ជាស្រីក្រមុំប្រកបចរិយាសម្បត្តិល្អប្រពៃ ​គួបផ្សំនឹងសម្រស់ដ៏​ស្រស់ស្អាតពី​ធម្មជាតិ ផង នាងក៏ក្លាយជាទីចាប់អារម្មណ៍នៃយុវជនទាំងឡាយ។

ថ្ងៃ​មួយ ចំរុង ជាវិចិត្រករដៃឯក ទើបនឹងត្រឡប់មកពីសិក្សារៀនសូត្រ​ក្នុង​សំណាក់លោកគ្រូអាចារ្យទិសាបាមោក្ខ បានធ្វើដំណើរទៅផ្ទះលោកតាទេព សិលាក្នុងបំណងឲ្យលោកតាឆ្លាក់រូបឲ្យ។ លោកតា​ទេពសិលាបានណែនាំរូប​ចម្លាក់​ជាច្រើនដល់ចំរុង ប៉ុន្តែយុវកំលោះពុំពេញចិត្តនឹងចម្លាក់មួយណាសោះ ក៏ស្នើសុំឲ្យលោកតាជួយឆ្លាក់រូបតាមរូបគំនូរដែលខ្លួនគូរដោយផ្ទាល់ដៃ ដែលរូប​នោះគឺជារូបរបស់មាលា។ លោកតាខឹងនឹងចំរុងយ៉ាងខ្លាំងដែលគាត់គិតថាចំរុង​មើលងាយគាត់។ ក្នុងខណៈដែលចំរុងទៅផ្ទះលោកតា ចំរុងបានជួបជំពាក់នឹង​សម្រស់ដ៏ស្រស់សោភារបស់មាលា ហើយក៏បានលេបខាយសំដីក្នុងស្នេហា។

ថ្ងៃមួយ ពេលនាងមាលាទៅបេះផ្កាតែម្នាក់ឯង នាយអួង​ដែលជា​មនុស្ស​ខិលខូច មានបំណងអាក្រក់លើរាងកាយនាង តែបានចំរុងទៅជួយ​ទាន់​ហើយប្រដៅ​ជននោះទៅ។ ចាប់តាំងពីថ្ងៃនោះមក អ្នកទាំងពីរក៏បានយល់ចិត្ត យល់ថ្លើមគ្នាកាន់តែខ្លាំង។ ក្នុងវ័យពេញក្រមុំនេះ នាងមាលាក៏ត្រូវបានលោក​តេជ័យតាមមកយកនាងទៅរស់នៅជាមួយវិញ។ នាងមាលាមិនចង់ ទៅ​ទេ ព្រោះ​ត្រូវឃ្លាតឆ្ងាយពីទ្រនំដែលផ្តល់សុភមង្គលផង ម្យ៉ាងត្រូវឃ្លាតពីសង្សារផង។

ថ្ងៃមួយព្រះមហា្សត្របានរៀបចំពិធីចម្រើនព្រះជន្មព្រះរាជបុត្រព្រះនាម ឆាយ៉ា ក៏បានប្រកាសឲ្យមន្ត្រីទាំងអស់នាំកូនស្រីក្រមុំទៅថ្វាយព្រះពរព្រះអង្គក្នុង​បំណងស្វែងរកស្រីម្នាក់ធ្វើជាមហេសី។ ព្រះរាជបុត្រឆាយាសព្វព្រះ​ទ័យនឹង​សម្រស់របស់មាលា ក៏បញ្ជាអាមាត្យនាំសារមកដល់គេហដ្ឋានលោកតេជ័យតែ​ម្តង។ លោកតេជ័យមន្ត្រីសប្បាយចិត្តយ៉ាងខ្លាំង ប៉ុន្តែត្រូវរលាយទៅវិញដោយ​សារ​មាលាបដិសេធដាច់អហង្ការមិនរៀបអភិសេកជាមួយព្រះរាជបុត្រាឡើយ គឺ ​​នាងស្មោះស្ម័គ្រតែជាមួយចំរុងម្នាក់គត់។ លោកតេជ័យខឹងយ៉ាងខ្លាំងក៏​បណ្តេញ​​មាលាចេញពីផ្ទះដោយគ្មានអាឡោះអាល័យ។ ចំរុងបានដឹងរឿង​ហើយក៏នាំ​មាលា​ទៅរស់នៅផ្ទះរបស់ខ្លួន។ ឪពុកចំរុងបដិសេធជាដាច់ខាត គឺចំរុងត្រូវបាន​ឪពុកម្តាយភ្ជាប់ពាក្យជាមួយនាងសុខារីកូនស្រីរបស់សេដ្ឋីម្នាក់រួចទៅហើយ។ នាងមាលាក៏ត្រូវគេបណ្តេញចេញពីផ្ទះម្តងទៀត។ ចំរុងក៏ចុះចេញពីផ្ទះទៅ​តាម​មាលាបណ្តូលចិត្ត ដោយមានប្រាក់កាសខ្លះដែលម្តាយលួចផ្តល់ឲ្យ​សម្រាប់​​ចាយ​វាយតាមផ្លូវ។ ចំរុង និងមាលា ត្រាច់ចរលីលារហូត​ទឹកដី​ឧត្តរបុរី ហើយ​រស់​នៅ​កសាងជីវិតនៅទីនោះ។

រួមរស់លើទឹកដីថ្មីនៃឧត្តរបុរីបានជាងមួយឆ្នាំ ចំរុងជួញដូរបានប្រាក់ ធូរធារគ្រាន់បើរហូតមានឈ្មោះជានាយពាណិជ្ជវ័យក្មេង។ ថ្ងៃមួយ ចំរុងក៏លា ប្រពន្ធទៅរកស៊ីផ្លូវឆ្ងាយជាមួយភូរិន្ទជាសម្លាញ់និងជាសិស្សរួមគ្រូទិសាបាមោក្ខ​ជាមួយគ្នា។ ចំរុង និង ភូរិន្ទធ្វើដំណើរតាមសំពៅនាំយកទំនិញទៅលក់នៅស្រុក​ក្រៅដោយបន្សល់ទុកនូវក្តីអាឡោះអាល័យដល់មាលា។ សំពៅ​បាន​នាំនាយ​ពាណិជ្ជជាច្រើននៅលើផ្ទៃសាគរអស់រយៈ៧ថ្ងៃ ស្រាប់តែជួបនឹងព្យុះ​សង្ឃរា​ កំណាចមួយយ៉ាងសាហាវ បណ្តាលឲ្យនាយភេត្រា និងនាយ​ពាណិជ្ជ​ទាំងឡាយ​បានស្លាប់បាត់បង់ជីវិតអស់លើកលែងតែភូរិន្ទម្នាក់គត់​ដែលរួចជីវិត ដោយសារ​បានតោងបន្ទះក្តារជាប់ ហើយត្រូវបានសំពៅមួយ​ទៀតជួយ​សង្គ្រោះ។ ភូរិន្ទរូតរះ​បន្តដំណើរមកប្រាប់ដំណឹងអកុសលនេះដល់​មាលា។ មាលាកើតទុក្ខ​ក្តុកក្តួល​ជា​ពន់ពេក នឹកអាល័យស្វាមីកម្សត់កម្រជាមួយ​គ្នារហូតសន្លប់បាត់​ស្មារតី និងធ្លាក់​ខ្លួនឈឺជាច្រើនថ្ងៃ តែបានភូរិន្ទ និងអ្នកភូមិ​ជួយ​យកអាសាហូត​ជាសះ​ស្បើយ។ ចាប់តាំងពីថ្ងៃនោះមក ភូរិន្ទតែងតែជួយមើលការខុស​ត្រូវ​សុខទុក្ខនាងមាលាជា​ប្រចាំរហូតក្លាយទៅជាសេចក្តីស្នេហា ហើយអ្នកទាំងពីរ​ក៏ទទួលយកគ្នា រៀប​ការ​ជាប្តី​ប្រពន្ធ។

ពីរឆ្នាំក្រោយមក ចំរុងដែលគេយល់ថាស្លាប់ទៅហើយនោះ  ក៏ត្រឡប់​មកផ្ទះវិញដោយក្តីនឹករលឹកប្រពន្ធជាពន់ពេក។ ចំរុងរៀបរាប់ពីហេតុការណ៍​ក្រោយពេលលិចសំពៅដែលធ្វើឲ្យខ្លួនឃ្លាតពីភរិយា គឺចំរុងបានតោងបន្ទះ​ក្តារ​មួយ ហើយរសាត់អណ្តែតទៅទើលើកោះខ្មោច។ នៅលើកោះខ្មោចនោះ ពួក​កុលសម្ព័ន្ធមិនឲ្យចំរុងត្រឡប់មកផ្ទះវិញទេ។ ច្រើនខែក្រោយមក ចំរុងរកល្បិច​ធ្វើក្បូនលាក់ទុកក្នុងព្រៃ ហើយមាន​ឱកាសល្អក៏លួចទម្លាក់ក្បូនចូលសមុទ្រ គេច​ខ្លួនមកផ្ទះវិញបានសម្រេច។

ក្តីសប្បាយរីករាយពេលបានជួបមុខប្តីមិនបានប៉ុន្មានផង មាលាក៏កើតទុក្ខក្តុកក្តួលឡើងវិញ ព្រោះនាងបានរៀបការ ជាថ្មីជាមួយភូរិន្ទរហូតមានផ្ទៃ ពោះជាងប្រាំខែ​ទៅហើយ។ ក្រោយពីដឹងការពិត ចំរុងខឹងក្រោធយ៉ាងខ្លាំង ក៏ ប្រុងប្រហារជីវិតភូរិន្ទ តែមាលាយំអង្វរយកខ្លួនទៅពាំង។ ចំរុងក៏ស្នើឲ្យ​មាលា​​លែងលះ​ពីភូរិន្ទវិញ ខ្លួននៅតែស្រឡាញ់ប្រពន្ធដូចដើម។ សំណើនេះ នាងមាលា បដិសេធ ព្រោះនាងផ្ទៃពោះជាមួយភូរិន្ទទៅហើយ ធ្វើឲ្យចំរុងផ្ទុះកំហឹងឡើង វិញ ហើយក៏បណ្តេញមាលា និងភូរិន្ទចេញពីផ្ទះដោយពាក្យសំដីដ៏គ្រោកគ្រាត។ មាលា និងភូរិន្ទក៏ដឹកដៃគ្នាចុះចេញពីផ្ទះទាំងក្តីសោកសង្រេងសង្រៃ ក្រោម​ក្រសែ​​ភ្នែកដ៏សែនឈឺចាប់របស់ចំរុង។ [១] [២]

ឯកសារយោង កែប្រែ

  1. ដកស្រង់ចេញពីយីកេ រឿងក្បូនជីវិតរបស់លោក ទី ជីហួត
  2. ដកស្រង់ចេញពីសៀវភៅភាសាខ្មែរថ្នាក់ទី១០ ទំព័រ ១៣៦-១៣៩