ទី ជីហួត
ទី ជីហួត កើតថ្ងៃទី១០ កុម្ភៈ ១៩៥២[១][២] នៅស្រុកបាទី ខេត្តតាកែវ ។ ពេលអាយុ ៦ ឆ្នាំ ឪពុករបស់លោកបាននាំគ្រួសារមករស់នៅក្នុងភ្នំពេញ ដោយ
មានមុខរបរជាជាងកាត់សក់ ។ ឯកសារខ្លះសរសេរថា លោកទី ជីហួត កើតនៅឆ្នាំ១៩៤៩ ។ លោកជាអ្នកនិពន្ធរឿងប្រលោមលោកក្រោយសម័យខ្មែរក្រហមដួលរលំ ។ ស្រុកកំណើតរបស់លោកគឺនៅភូមិត្រពាំងស្លា ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ នៅពេលអាយុ៦ឆ្នាំ ឪពុករបស់លោកបាននាំគ្រួសារមករស់នៅក្នុងភ្នំពេញ (ទីកន្លែងដូរថ្មីដើម្បីធ្វើការនៅភ្នំពេញ គឺកើតនៅសង្កាត់លេខ៥ រាជធានីភ្នំពេញ )[៣] ។
មុនឆ្នាំ១៩៧៥ លោកគឺជាជាងកាត់សក់ជិតផ្សារអូរឫស្សី ក្រុងភ្នំពេញ ។ នៅពេលសិក្សា ក្នុងវិទ្យាល័យ អនុវត្តដែលជាសាលាអមមហាវិទ្យាល័យគរុកោសល្យក្រុងភ្នំពេញ ។ លោកបានព្យាយាមតែងកំណាព្យនិងបានចុះផ្សាយតាមសារព័ត៌មាននានា ។ ឆ្នាំ១៩៦៩ លោកបានបញ្ចប់ការសិក្សា លោកបានចូលធ្វើជាអ្នកយកព័ត៌មាន តាមខេត្តសម្រាប់សារព័ត៌មាននៅភ្នំពេញ ។ ឆ្នាំ១៩៧១ លោកបានឈប់ធ្វើជាអ្នកយកព័ត៌មាន ហើយផ្ដើមសរសេរសៀវភៅប្រលោមលោក។
នៅពេលដែលខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញឆ្នាំ ១៩៧៥ គ្រួសាររបស់លោកត្រូវបានគេជម្លៀសទៅស្រុកខាងម្ដាយគឺនៅ ភូមិកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។ លោកបានរស់នៅទីនោះបាន ៦ ខែ ខ្មែរក្រហមបានបញ្ជូនគ្រួសារលោកឲ្យទៅនៅភូមិត្រពាំងថ្ម សង្កាត់ប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង ។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកបានចូលបម្រើរការងារជាប្រធានការិយាល័យនិពន្ធសិល្បៈ និងល្ខោននៅនាយកដ្ឋានវិទ្យុសម្លេងប្រជាជនកម្ពុជា នៃក្រសួងឃោសនាការវប្បធម៌សាព័ត៌មាននិងកីឡា។ ចាប់ពីពេលនេះ លោកបានសរសេរសិល្បៈគ្រប់រូបភាពដូចជាល្ខោនបាសាក់ យឺកេ ល្ខោននិយាយ អាយ៉ៃ អាយ៉ៃឆ្លើយឆ្លង ចម្រៀងបុរាណ ចម្រៀងសម័យ ។ល។ នៅឆ្នាំ ១៩៨៤ លោកបាននិពន្ធប្រលោមលោករឿង "វិលរកទ្រនំ" ។ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ១៩៨៧[៤] នៅរាជធានីភ្នំពេញ លោកបានទទួលមរណភាពដោយរោគគាពាធ ។
ស្នាដៃ
កែប្រែ- ឆ្នាំ១៩៦៨ លោកបានសរសេរកំណាព្យមួយឈ្មោះថា " ក្តីលំបាកវេទនារបស់កូនអ្នកក្រនិងការបែងចែកវណ្ណៈក្នុងសង្គមមនុស្ស"
- ឆ្នាំ១៩៧០ បានបានសរសេររឿងអ្នកលេងជាយសមុទ្រ ជាប្រភេទប្រលោមលោកដោយលោកបោះផ្សាយលក់តាមទីផ្សារ ។
- ឆ្នាំ១៩៧២ សរសេររឿងគុហារថ្មលឿងជាប្រលោមលោកលោកភាគ (៥ ភាគ) បានធ្វើឲ្យគាត់ល្បីឈ្មោះ ។
- ឆ្នាំ១៩៧២ លោកបានចូលជាសមាជិកក្រុមអ្នកនិពន្ធខ្មែរ។
- ក្រោយឆ្នាំ១៩៧៩ លោកបានសរសេររឿងបាន ១៧៦ ស្នាដៃដែលក្នុងនោះមានអត្ថបទល្ខោនបាសាក់ ល្ខោនយីកេប្រលោមលោក ចម្រៀងអាយ៉ៃជាដើម ។
- ស្នាដៃចុងក្រោយរបស់លោកគឺរឿងក្បូនជីវិត (២៣-០៣-១៩៨៧)
ឯកសារយោង
កែប្រែ- ↑ ថ្ងៃខែឆ្នាំមិនច្បាស់លាស់ទេ ឯកសារខ្លះដាក់ឆ្នាំ១៩៤៩
- ↑ Unknown (2017-07-29). "FOR YOU : ជីវប្រវត្តិសង្ខេបនៃអ្នកនិពន្ធ ទី ជាហួត (១៩៤៩-១៩៨៦)". FOR YOU. Retrieved 2023-03-28.
- ↑ តេជោយ៉ត រៀបរៀងដោយអ្នកស្រី ប៊ី គឹមសែន បោះពុម្ពលើកទី២ ដោយលោកស្រី ប៊ុន ដន ២០០៤ ទំំព័រទី១
- ↑ ឯកសារខ្លះទៀតនៅឆ្នាំ១៩៨៦