ល្បើកក្រើនជាតិ

ល្បើកក្រើនជាតិ តែងជាបទពាក្យ៧តាមលំដាប់អក្សរ ឃុនបណ្ណានុរក្ស ប៊ូ- ប៉ូ នៅពុទ្ធសាសនបណ្ឌិត្យ រៀបរៀង

ក - កបកើតមកជាកូនខ្មែរ
ខ - ខំគិតបែរប្រែគំនិត
គ - គួរសេពគប់លោកបណ្ឌិត
ឃ - ឃើញត្រូវពិតរួចសឹមថា ។
ង - ងើបមើលជាតិខ្មែរដូចគ្នា
ច - ចូរសមគ្គាជួយរដ្ឋា
ឆ - ឆបប្រកបដោយបញ្ញា
ជ - ជួយស្តីថាតឿនកូនចៅ ។
ឈ - កុំឈប់ស្ងៀមមើលបំណាំ
ញ - ញឹកខាងចាំពាក្យប្រដៅ
ដ - ដឹងឲ្យគ្រប់កុំល្ងង់ខ្លៅ
ឋ - កុំដុកដាន់ដោលគ្នាឯង
ឍ - ធើឫកខែងចង់ស្រណុក
ណ - ណាត់ញុះញង់ឲ្យអុកឡុក
ត - តោងសំកុកគិតឲ្យជ្រៅ ។
ថ - ថប់ទៅមុខក្រែងវិនាស
ទ - កុំទីសទាសចោលលំនៅ
ធ - ធៀបដូចទូក ឬ សំពៅ
ន - នៅមិននឹងមួយកន្លែង
ប - បើបានធំកុំស្អប់តូច
ផ - ផាត់កាត់ខូចចេញឲ្យស្ដែង
ព - ពិតជាប្រុសខំប្រឹងប្រែង
ភ - ភ័យខ្លាចក្រែងជាតិខ្ញុំគេ ។
ម - មកពិខិតខំរៀនសូត្រ
យ - យោងឲ្យរបូតប្រឹងរិះរេ
រ - រកឧបាយកលគ្នាន់គ្នេរ
ល - លើកជាតិគេជាតួយ៉ាង ។
វ - កុំវិលវល់ទៅតាមខ្យល់
ស - សូមកុំឆ្ងល់នឹងសំណាង
ហ - ហាមចិត្តខ្លួនកុំឲ្យអាង
ឡ - កុំឡូងឡាងទាស់ទែងគ្នា ។
អ - អងស្នងជាតិចាស់បុរាណ
អា - អាងភូមិឋាននៃវិជ្ជា
ឥ - ឥតប្រយោជន៍កុំនឹកនា
ឦ - ឲ្យភាវនាតែចំរើន ។
ឧ, ឪ - ឧស្សាហ៍តែងក្បួនច្បាប់
ឫ, ឬ - កាន់កាប់ឲ្យច្រើន
ឭ, ឮ - ត្រូវខំធ្វើឲ្យកើន
ឯ, ឰ - ចំរើនប្រទេសជាតិ ។
ឱ - ឲ្យសុខាដល់គ្នីគ្នា
ឨ - ឱបរាំងរាកុំឲ្យឃ្លាត
អុំ, អំ - ចូរខំកុំវិវាទ
អាំ, អះ - ទើបជាតិខ្មែរថ្កើងអើយ ! ។
ដកស្រង់ចេញពី៖ វ៉ិបសាយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត