វិគីភីឌាភាសាខ្មែរណ្ណយុត្តិ​គឺ​ជា​សញ្ញា​ទាំង​ឡាយ​ដែល​បង្កើត​ឡើង ដើម្បី​កែ​ប្រែ​ ផ្តួល​សំឡេង​ព្យញ្ជនៈ ឬ​ពាក្យ​ពេចន៍​ខ្លះ ឲ្យ​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​ប្រើ​ប្រាស់ ​ក្នុង​ភាសា​ខ្មែរ ។ មិន​តែ​ប៉ុណ្ណោះ​ សញ្ញា​ទាំង​នេះ ក៏​អាច​ជួយ​បំប្លែង​​សំឡេង​នៃ​ពាក្យ​ខ្លះ ដែល​មាន​ប្រភព​មក​ពី​ភាសា​បាលី​ ឬ​សំស្ក្រឹត​ផង​ដែរ ។

វណ្ណយុត្តិ​ទាំង​ឡាយ​ចែក​ចេញ​ជា​ពីរ​ពួក​គឺ ៖

ក/ វណ្ណយុត្តិ​ដែល​បន្ថែម​លើ​ព្យញ្ជនៈ ដើម្បី​លម្អៀង​ស័ព្ទ​ឲ្យ​ខ្លី​ឲ្យ​មាន​សូរ​ផ្សេង​ ឲ្យ​ប្លែក​ពី​សំឡេង​ដើម (Signes diacritiques) ។

ខ/ វណ្ណយុត្តិ​ ដែល​ប្រើ​ជា​មួយ​នឹង​ពាក្យ​ ក្នុង​ឃ្លា​ប្រកប ដើម្បី​កាត់​ឃ្លា​ជា​ប្រយោគ​ជា​សង្កាត់ ដើម្បី​សម្គាល់​ន័យ​សេចក្តី​ផ្សេងៗ​ ។ វណ្ណយុត្តិ​ពួក​នេះ​ហៅ​ថា “ ខណ្ឌសញ្ញា ”( Signe de ponctuation ) ។

ចុចច្រើនឬពងត្រី(...)

កែប្រែ

មូសិកទន្ត​ ឬ​ធ្មេញ​កណ្តុរ " ៉ "

កែប្រែ

ធ្មេញ​កណ្តុរជា​សញ្ញា​ប្រើ​សម្រាប់​សម្លាប់, បំបែរ​សំឡេង​ព្យញ្ជនៈ ​៧​ តួ ដែល​មាន​សំឡេង​ឃោសៈ ឲ្យ​ទៅ​ជា​អឃោសៈ គឺ ង, ញ, ប(ឞ), ម, យ, រ, វ, ឲ្យ​ទៅ​ជា​សំឡេង​អឃោសៈ​វិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែក​តែ​តួ “ ប ” មួយ ដែល​មាន​សំឡេង​អឃោសៈ​ស្រាប់ ប៉ុន្តែ​គ្រាន់​តែ​លម្អៀង​សូរ​ពី ប ទៅ ប៉ (ឞ)ប៉ុណ្ណោះ ។ អក្សរ​ប្តូរ​សំឡេង​ទាំង​នេះ ត្រូវ​បាន​ប្រើ​ក្នុង​ពាក្យ ង៉ក់ង, ញ៉ែង​ញ៉ង, ប៉ប៉ាច់​ប៉ប៉ោច, ម៉ែឪ, យ៉ាប់​យ៉ឺន, រឿង​រ៉ាវ, វ៉ូង​វ៉ាង ។

ចំណាំ ៖ កាល​ណា​ពាក្យ​ទាំង​នេះ​ទៅ​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះ​ប៉ិត យាប់​យ៉ឺន, ល្បែង​ចាប៉ឹក... ។ គេ​ត្រូវ​យក​សញ្ញា (ុ) មក​ជំនួស​ធ្មេញ​កណ្តុរ​ ដែល​ដាក់​ពី​លើ ដើម្បី​កុំ​ឲ្យ​វណ្ណយុត្តិ​នេះ ទើស​ទែង​គ្នា​ជា​មួយ​ស្រៈ​ខាង​លើ ។ ឧទាហរណ៍ ប៉ើង រឹងប៉ឹង ។

ត្រីស័ព្ទ ( ៊)

កែប្រែ

ត្រីស័ព្ទ[]​ជា​សញ្ញា​សម្រាប់​ដាក់​លើ​ព្យញ្ជនៈ​ ៤ ​តួ ជា​អឃោសៈ ប, ស, ហ, អ, ឲ្យ​ទៅ​ជា​ឃោសៈ​វិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈ​ប្តូរ​សំឡេង​ទាំង​នេះ ត្រូវ​បាន​យក​ទៅ​ប្រើ​ក្នុង​ពាក្យ សាប៊ូ, សម្ល​ស៊ុប, ហ៊ាន, ទ្រអ៊ូ... ។ កាល​ណា​សញ្ញា​ត្រីស័ព្ទ​នេះ​ជួប​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ក៏​ត្រូវ​ប្រែ​ប្រួល​រូប​មក​ជា (ុ) ដូច​ករណី​ខាង​លើ​ដែរ ឧទាហរណ៍ ស៊ីបាយ, លេង​ហ៊ី... លើក​លែង​តែ​ពាក្យ ប៊ិច, អ៊ីចុះ​អ៊ីចឹង... ។

រស្សសញ្ញា​ ឬ​បន្តក់ (់)

កែប្រែ

រស្សសញ្ញា​ ឬ​បន្តក់ (់) សម្រាប់​ប្រើ​ដាក់​ថែម​លើ​តួ​ប្រកប​នៃ​ពាក្យ​ ដែល​កើត​ឡើង​ពី​ស្រៈ “ អ ” និង​ស្រៈ “ អា ” ហើយ​កាត់​ស័ព្ទ​វែង​ឲ្យ​ទៅ​ជា​ខ្លី ដែល​ត្រូវ​អាន​លឿន​រហ័ស​។ ឧទាហរណ៍ ៖ កាត = ស័ព្ទ​វែង, កាត់ = ស័ព្ទ​ខ្លី, ចប = ស័ព្ទវែង, ចប់ = ស័ព្ទខ្លី ។

ចំណាំ

ក/ ចំពោះ​តួ​ព្យញ្ជនៈ​ប្រកប​នឹង​អក្សរ “ ម ” ត្រង់​សំឡេង​ប្រកប​លំដាប់​ទី​២​នោះ មិន​បាច់​ប្រើ​សញ្ញា “រស្សៈ” ឬ​បន្តក់ទេ ឧទាហរណ៍ ៖ ចាម់ ។ ក្នុង​ករណី​នេះ គេ​ប្រើ​និគ្គហិត( ៓) ឬស្រៈ “ ាំ” “ ចាំ ” ជំនួស​វិញ ។

ខ/ រីឯតួព្យញ្ជនៈ​ប្រកប​នឹង​អក្សរ “ យ ” ត្រង់​សំឡេង​ប្រកប​លំដាប់​ទី​២​នោះ ក៏​មិន​បាច់​ប្រើ “ រស្សសញ្ញា ” ឬបន្តក់ដែរ, ដូច​ជា​ពាក្យ “ ចាយ់ ” ក្នុង​ករណី​នេះ​គេ​យក​ស្រៈ​ “ ៃ ” មក​ជំនួស​វិញ ព្រោះ​មាន​សំឡេង​ដូច​គ្នា ។

គ/ ចំពោះ​ពាក្យ​ទាំង​ឡាយ​ណា ដែល​ក្លាយ​មក​ពី​ភាសា​បាលី​ឬ​សំស្ក្រឹត មិន​ត្រូវប្រើ​សញ្ញា (់) នេះ​ឡើយ ដូច​ជា​ពាក្យ បទ, សព, ភព, កុសល, ផល កិច្ចកល អ្នក ធនធាន រសជាតិ លាមក ប្រជាជន, ... ពាក្យ​ទាំង​នេះ​មាន​សំឡេង​ខ្លី​ស្រេច​ហើយ តាម​ទម្លាប់​អាន​បែប​បាលី​និង​សំស្ក្រឹត ។ ៤-សំយោគ​សញ្ញា (័)។


ឃ/សញ្ញាផាត់លើមានព្យញ្ជន:ចំនួន៩តួរគឺជាអក្សរ ក់-ង់-ច់-ញ់-ត់-ន់-ប់-ស់និងល់។ ពាក្យដែលមានសញ្ញា(់)គឺជា សម្គាល់=ស្គាល់, កាត់ត, បាញ់, កាច់កុង, គ្រាន់តែ, សម្រាប់=ស្រាប់,លូតលាស់, កង់ជិះ, ចង្កឹះមួយបាច់, កាក់...។ល។។


ង/ចំពោះអក្សរ(ម)មិនដែលប្រើសញ្ញាបន្តក់នោះទេ។ ឧទាហរណ៍:កាំ✓កាម់(មិនត្រឹមត្រូវ) (កាម់)អត់មានគេប្រើពាក្យនេះទេជំនួសស្រ:(ាំ)វិញ(កាំ)គេប្រើពាក្យនេះតំណាងឱ្យកាំកង់កាំម៉ូតតូ...។ល។។ (កម្ម)អត់មានសញ្ញា(់)មានដូចជា: កម្មវិធី, កម្ពុជា, កម្មករ,ពលកម្ម, ពាណិជ្ជកម្ម....។ ឧទាហរណ៍:ពាក្យ(ទាង់)ទាំង,(របាង់)របាំង (ទាំង)គេប្រើ(ទាង់)គ្មានគេប្រើ (របាំង)គេប្រើ(របាង់)គ្មានគេប្រើ...។

សំយោគ​សញ្ញា រឺផាត់លើ (័)

កែប្រែ

ក/ គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់​លម្អៀង​ស័ព្ទ​របស់​ពាក្យ​ក្លាយ​មក​ពី​ភាសា​បាលី ឬសំស្ក្រឹត ដូច​ជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ[], អាលយ > អាល័យ ។

ខ/ សញ្ញា​នេះ​ក៏​ប្រើ​លើ​ពាក្យ​ខ្មែរ​ខ្លះ​ ដែល​មាន​សំឡេង​ស្ទើរ​ស្រៈ “​ អ ” និង ស្រៈ “ អា ” ដើម្បី​ឲ្យ​មាន​សូរ​សំឡេង​មួយ​ត្រូវ​ចំនឹង​សំឡេង​ពិត​នៃ​ពាក្យ​នោះ គឺ ញ័រ, ជ័រ, ទំព័រ... ។

គ/ សម្រាប់​ប្រើ​សម្រួល​សំឡេង​ក្លាយ​ពី​ពាក្យ​បរទេស​ខ្លះ​ៗ ដូច​ជា ដុក​ទ័រ, ប៉ាស្ទ័រ, អាំង​ហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ[]

របាទ (៌)

កែប្រែ

វណ្ណយុត្តិ​នេះ ជា​តំណាង​អក្សរ “ រ ” ដែល​គេ​កាត់​យក​ក្បាល​ខាង​លើ​របស់​វា​ មក​រក្សា​ទុក​ធ្វើ​ជា​សញ្ញា​របាទ (៌) ។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សសម្រួលសំឡេងអានតាមបែបសំឡេងខ្មែរ ។ គេ​កត់​សម្គាល់​ថា ពាក្យ​បាលី​ណា ដែល​សរសេរ​តម្រួត​នោះ កាល​ណា​យើង​សរសេរ​ជា​ពាក្យ​សំស្ក្រឹត​ក្លាយ​ខ្មែរ គេ​ត្រូវ​ដាក់ (៌) របាទ​នេះ​ជំនួស​វិញ ។

អស្តា (៏)

កែប្រែ

វណ្ណយុត្តិ​នេះ គឺ​មាន​ទ្រង់​ទាយ​ជា​លេខ ៨ ប៉ុន្តែ​បង្រួញ​ឲ្យ​តូច​ ដើម្បី​ងាយ​យក​មក​ដាក់​លើ​ព្យញ្ជនៈ “ ក ” និង “ ដ ”(ហ៏-ន៏) ដែល​ជា​និបាត​ស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំ​ក៏​ទៅ, អ្នក​ក៏​ទៅ, ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ...។ ក្រៅ​ពី​នេះ​គេ​ប្រើ​លេខ​អស្តា សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លះ ជា​ពាក្យ​ភ្ញាក់​ ស្ងើច​ រំភើប​... ឱហ្ន៏ នុ៎ះហ្ន៏ ។

ទណ្ឌឃាត ឬ​បដិសេធ (៍)

កែប្រែ

វណ្ណយុត្តិ​នេះ មាន​រូបសណ្ឋាន​ដូច​សក់​លេខ “ ៩ ” ។ គេ​ប្រើ​ទណ្ឌឃាត ដើម្បី​ដាក់​លើ​អក្សរ​ព្យញ្ជនៈ​ណា​ ដែល​គេ​មិន​អាន ប៉ុន្តែ​គេ​ត្រូវ​តែ​រក្សា​ទុក​ព្យញ្ជនៈ​នោះ​ជា​ចាំ​បាច់ ក្នុង​ន័យ​រក្សា​អក្ខរា​វិរុទ្ធ​របស់​ពាក្យ និង​ជា​គ្រឿង​សម្គាល់​ជាតិ​ស័ព្ទ​របស់​ពាក្យ ។ ឧទាហរណ៍ ៖ ​ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យ​ពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។​ គេ​ច្រើន​ប្រើ​ទណ្ឌឃាត​លើ​ពាក្យ​ក្លាយ​ពី​បាលី​និង​សំស្ក្រឹត ។ សញ្ញា​នេះ ក៏​យក​មក​ប្រើ​ចំពោះ​ពាក្យ​ខ្ចី​ពី​បរទេស​ខ្លះ សម្រាប់​រក្សា​លំនាំ​អក្ខរាវិរុទ្ធ​ដើម​របស់​ពាក្យ​ទាំង​នោះ ដូច​ជា ស៊ីម៉ងត៍, អេដស៍, អាល់​ប៊ែរត៍...។

ពាក្យព្រហស្បតិ៍, វល្លិ៍...។

វិសជ៌នី ឬរះមុខ (ះ)

កែប្រែ

គេ​ប្រើ​សញ្ញា​នេះ សម្រាប់​ប្រកប​ជំនួស​ខ្យល់ “ ហ​ ” ជា​ពាក្យ​កាត់​កំបុត​ខ្លី ហើយ​អាន​ដោយ​បើក​ចំហមាត់​ដូច​ជា ​តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ, ទះ, ដោះ​ដូរ, លោត​ផ្លោះ ។ល។ វា​មាន​សូរ​សំឡេង​ស្រដៀង​នឹង​ពាក្យ​ដែល​ប្រកប​នឹង​ព្យញ្ជនៈ “ ស ” ដែរ ។

យុគលពិន្ទុ ឬចុចពីរ (ៈ)

កែប្រែ

យុគលពិន្ទុឬ​ហៅថា “ ចុចពីរ ” []គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់ ៖​ ដាក់​នៅ​ចុង​ពាក្យ​មាន​កំណើត​ពី​បាលី ​ឬ​សំស្ក្រឹត ដែល​មាន​សូរ “ អាក់ ” ឬ “​ អ៊ាក់ ” ដូច​ជា លោភៈ, មោហៈ, ទោសៈ...

ចំណាំ ៖ បើ​ពាក្យ​ទាំង​នេះ​នៅ​ខាង​ដើម​គេ ដូច​ជា ពលកម្ម, វណ្ណកម្ម​ សច្ចភាព, ខេមរភាសា នោះ​គេ​មិន​ចាំ​បាច់​ដាក់​យុគល​ពិន្ទុ​ទេ ព្រោះ​ពាក្យ​ទាំង​នេះ​ជា​សមាសនាម ។

លើក​លែង​តែ​ពាក្យ​ ៖ គណៈ ដែល​ទោះ​បី​វា​នៅ​ដើម​គេ ឬ​កណ្តាល​គេ​ក្តី ក៏​ត្រូវ​តែ​ប្រើ​យុគលពិន្ទុ​ជា​ដរាប ឧទាហរណ៍ គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ, គណៈរដ្ឋមន្រ្តី, គណៈប្រធាន​រដ្ឋ... ព្រោះ​ថា​ក្នុងពាក្យ​ទាំង​នេះ​ “គណៈ” មិន​ចូល​ក្នុង​សមាសនាម​តាម​ក្បួន​ខ្នាត​វេយ្យាករណ៍​បាលី ។

លើក​លែង​តែ​ពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ...​ ដែល​គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ទេ ។

រីឯពាក្យ ៖ កាលៈ​ទេសៈ គេ​ត្រូវ​ប្រើ​យុគលពិន្ទុក​ទាំង​ពីរ​ម៉ាត់​តែ​ម្តង​ ។ ក៏ប៉ុន្តែ បើ​គេ​សរសេរ​ពាក្យ​នេះ “ បញ្រ្ចាស ” មក​វិញ “ ទេសកាល ” នោះ គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ឡើយ ។

ក្នុង​សម័យ​នេះ គេ​យក​យុគលពិន្ទុ​មក​ ប្រើ​ក្លាយ​ក្នុង​ឃ្លា​ប្រយោគ​ខ្លះ​ដែរ សម្រាប់​រាប់​រាយ​ឈ្មោះ​អ្វីៗ​ ដូច​ពាក្យ​ថា ទង់​ជាតិ​បារាំង​មាន ៣​ ពណ៌គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែ​ជា​ទូទៅ អ្នក​និពន្ធ​ទាំង​ឡាយ​តែង​តែ​ប្រើ “ទ្វិពិន្ទុ​លេខ” ក្នុង​ករណី​រៀប​រាប់, ឧទ្ទេស បង្ហាញ... ព្រោះ​ការ​ប្រើ​សញ្ញា​ខណ្ឌបែប​នេះ​ត្រឹម​ត្រូវ និង​សម​ហេតុ​សម​ផល​ជាង ។ យើង​នឹង​បាន​ឃើញ​ព្រម​ទាំង​អធិប្បាយ​ពន្យល់ អំពី​ខណ្ឌ​សញ្ញា​នេះ​នៅ​ទំព័រ​ខាង​មុខ ។

រជ្ជុស​ញ្ញា ឬ​សហសញ្ញា (-)

កែប្រែ

រជ្ជុស​ញ្ញា ឬ​សហសញ្ញា (-)ជា​សញ្ញា​បន្ទាត់​ផ្ដេក​ខ្លីសម្រាប់​ប្រើ​ប្រាស់​បាន​ច្រើន​យ៉ាង​នៅ​ក្នុង​ការ​សរសេរ​អត្ថបទ ​ឬ​តែង​និពន្ធជា​ដើម ។

ក/សម្រាប់​បំបែក​ព្យាង្គ​នៃ​ពាក្យ​មួយ​ កុំ​ឲ្យ​អាន​ច្រឡំ​ជា​ប្រកប ​នាំ​ឲ្យ​ខុស​ពាក្យ​ដូច​ជា ទូក-ង, ​កុក-ស,​ សម្បុរ-ស,​ខ្សែ-ក​...។

ខ/សម្រាប់​ត​ភ្ជាប់​ពាក្យ​មួយ ដែល​សរសេរ​មិន​ទាន់​ចប់​នៅ​ចុង​ទំព័រ ហើយ​ត្រូវ​ត្រឡប់​មក​សរសេរ​នៅ​ដើម​បន្ទាត់​វិញ ។

គ/ សម្រាប់​ភ្ជាប់​ពាក្យ​មួយ​ដែល​ដាច់​គ្នា ដើម្បី​តម្រូវ​ចាប់​ចុង​ចួន​ក្នុង​កំណាព្យ ។

ឃ/ សម្រាប់​បញ្ជាក់​អំពី​ការ​ផ្លាស់​ប្តូរ​ឃ្លា​សន្ទនា​នៃ​តួ​ពីរ ឬ​ច្រើន​នាក់ ។

ង/ សម្រាប់​សម្គាល់​នូវ​ការ​រៀបរាប់ ជា​លំដាប់​លំដោយ អំពី​គំនិត ​ឬ​ចំណុច​ប្លែកៗ​ ។

កាក​បាទ ឬ​ជើង​ក្អែក (+)

កែប្រែ

កាក​បាទ ឬ​ជើង​ក្អែក (+) គឺ​ជា​បន្ទាត់​ខ្លី​ពីរ ​មួយ​ផ្តេក​មួយ​ទៀត​បញ្ឈរ គូស​កាត់​ខ្វែង​គ្នា​ចំពាក់​កណ្តាល ។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លីៗ​មួយ​ចំនួន​ ដែល​មាន​សូរ​សៀង​បង្អូស ​ឬ​ត្អូញ​ថ្ងូរ ដូច​ជា​ពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎... ។ ខាង​ផ្នែក​នព្វន្ត គេ​ប្រើ​សញ្ញា​ជើង​ក្អែក​ជា​សញ្ញា​បូក, ឧទាហរណ៍ ៖ ១៥+៣៨ ។ == កាក់បាទ ឬជើងក្អែក (+) == កាកបាទឬជើងក្អែកមានព្យញ្ជនៈចំនួន៤+២=៦តួរ(ច៎,ណ៎,ន៎,អ៎,ហ្ន៎,ប៎)។

លេខ​ទោ (ៗ)

កែប្រែ

សញ្ញា​នេះ​គេ​ប្រើ​សម្រាប់

ក/- ផ្ទួន​ពាក្យ​ដែល​តម្រូវ​ឲ្យ​ថា ឬ​អាន​ពីរ​ដង,

ខ/- សម្រាប់​បញ្ជាក់​អំពី​ចំនួន​ច្រើន ឬ ពហុវចនៈ​ ។

ចំណាំ ៖ មិន​មែន​កំណត់​ថា គ្រប់​តែ​ពាក្យ​ដែល​ត្រូវ​ថា​ឬ​អាន​ពីរ​ដង​នោះ ត្រូវ​តែ​ដាក់​លេខ​ទោ​ទាំង​អស់​នោះ​ ទេ ។ ពាក្យ​បាលី​ខ្លះ​ដែល​យក​មក​ប្រើ​ក្នុង​ភាសា​ខ្មែរ ដូច​ជា នានា ​ធម្មសង្វេគ គេ​ត្រូវ​សរសេរ​ពាក្យ “នានា” នេះ​ត្រួត​គ្នា​ពីរ​ដង ដោយ​គោរព​ទៅ​តាម​វិធាន​បាលី ។ ដូច​ជា​ពាក្យ​ថា ឯហិមម...? ។ បើ​ប្រើ​ជា​មួយ​គុណនាម ​និយាយ​អំពី​ពណ៌​នោះ​ ពាក្យ​ស្ទួន​ដោយ​ប្រើ​លេខ​ទោ​ ចង់​បញ្ជាក់​អំពី​ប្រភេទ​ពណ៌ ដោយ​ឡែកៗ​របស់​វត្ថុ ។

ចំពោះ​ពាក្យ​ខ្មែរ​ខ្លះ ដែល​មាន​សំឡេង​ដដែលៗ​ពីរ​ដង​ដូច​ជា​បបរ កករ ត្រូវ​តែ​សរសេរ​ពីរ​ដង​ជាន់​គ្នា​ដូច្នេះ​ជា​ដរាប ។ ហាម​ដាច់​ខាត មិន​ឲ្យ​សរសេរ បរៗ, ករៗ, បែប​នេះ​ឡើយ ។

  • លេខ​ទោ​ប្រើ​ក្នុង​ករណី​បញ្ជាក់​ និង​ប្រៀប​ធៀប​ ។
  • លេខ​ទោ​ប្រើ​ជា​មួយ​ពាក្យ​មួយ​ព្យាង្គ​ ។
  • លេខ​ទោ​ប្រើ​ជា​មួយ​ពាក្យ​ពីរ​ម៉ាត់​ ។
  • លេខ​ទោ​ប្រើ​ជំនួស​ពាក្យ​បី​ម៉ាត់​ឬ​ច្រើន​ព្យា
  1. ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ​ ត្រីស័ព្ទ ខ្ញុំ​បាទ​យល់​ស្រប​ជា​មួយ​លោក តែ​ក្នុង​វចនានុក្រម​ខ្មែរ សរសេរ​ថា ត្រីសព្ទ វិញ ។ តែ​ត្រង់​មេ​ពាក្យ​ សព្ទ សរសេរ​ថា សព្ទ ឬ ស័ព្ទ ។ ខ្ញុំ​បាទ​មិន​ដឹង​ជា​អក្ខរាវិរុទ្ធ​ណាត្រូវ​ជាង ។
  2. ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ “អាសយ” ជា​ពាក្យ​បាលី ក្លាយ​​ជា​ “អាស័យ” តាម​​អក្ខរាវិរុទ្ធ​ខ្មែរ ។ រី​ឯ “អាស្រ័យ” វិញ ជា​ពាក្យ​ក្លាយ​មក​ពី​សំស្ក្រឹត “អាឝ្រយ” (និង​តួ ឝ ដែល​ខ្មែរ​យើង​ហៅ​ថា ស-គ)
  3. ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ័រ ក្នុង​ភាសា​ខ្មែរ​មាត្រដ្ឋាន (ភាសា​ខ្មែរ​ស្តង់ដារ) មាន​តែ​ជា​មួយ​នឹង​ព្យញ្ជនៈ​ឃោសៈ ដូច​លោក​បាន​សរសេរ ។ តែ​ខ្ញុំ​បាទ​ឃើញ​ថា សព្វ​ថ្ងៃ​នេះ (តាម​ពិត គឺ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៦០) គេ​ច្រើន​សរសេរ​នឹង​ព្យញ្ជនៈ​អឃោសៈ​វិញ ។ ឧ. ប័រ (ខ្លាញ់​ទឹក​ដោះ​គោ) ទោះ​ជា​ក្នុង​វចនានុក្រម​ខ្មែរ លោក​ថា​ ត្រូវ​សរសេរ ប៊័រ ; បៀរ​ម៉ាក​អានឆ័រ ; សារព័ត៌មាន​កំបូដ​ស័រ ។ ខ្ញុំ​បាទ​គិត​ថា គួរ​តែ​រំឭក​កូន​ខ្មែរ​ឲ្យ​សរសេរ ប៊័រ អានឈ័រ និង​កំបូដ​ស៊័រ​ វិញ ព្រោះ​ថា ក្នុង​គ្រាមភាសា​ខ្មែរ​មួយ​ចំនួន ឧទាហរណ៍​នៅ​ស្រុក​រវៀង​ក្នុង​ខេត្ត​ព្រះ​វិហារ ឬ​នៅ​ខេត្ត​សុរិន្ទ ខ្ញុំ​បាទ​បាន​ឮ​បង​ប្អូន​ខ្មែរ មិន​ច្រឡំ ័រ និង ៊័រ ឡើយ ។ ឧទាហរណ៍ គេ​ថា « អ័រ-​ក » (អារ់​ក គឺ អារ-ក) ហើយ​ពាក្យ​ថា​ អ័រ គេ​បញ្ចេញ​សម្លេង​ខ្លី (អារ់) ខុស​ពី​ “អារ” (ឧ. ប្រពន្ធ​អារ) មាន​សូរ​សម្លេង​វែង ។ ពាក្យ​ទាំង​នេះ ឮ “រ” ប្រកប​យ៉ាង​ច្បាស់ ។ « ធ្វើ​ការ » គេ​និយាយ​ថា « ធ្វើ​ការ » (ឮ​ទាំង​ស្រៈ​អា​វែង និង​ រ ប្រកប) ខុស​ពី « មេ​ឆ្កែ​ក័រ​ (ការ់) កូន » (គឺ មេ​ឆ្កែការ​កូន) ហើយ​ខុស​ពី « ម៉ែ​មាន​គ័ភ៌ » (ឮ​ថា គ័រ) គឺ​ថា “ការ” “ក័រ” និង “គ័រ” មាន​សំឡេង​ខុស​គ្នា​នៅ​ក្នុង​ខេត្ត​ទាំង​នោះ ។
  4. ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ យុគលពិន្ទុ មាន​ប្រើ​ក្នុង​ពាក្យ​ខ្មែរ​មួយ​ចំនួន​តូច ដូច​ជា រយៈ ហេៈ ឬ ហែៈ (សូរ​លាន់​មាត់) អ៊ីថាៈ វូម​វៈ ! អ្ហាៈ !​ និង​ពាក្យ​មួយ​មក​ពី​ចិន ៖ ប៉ិកួៈ (ដំឡូង​រលួស) (នេះ​គឺ​ជា​អក្ខរាវិរុទ្ធ​របស់​វចនានុក្រម​ខ្មែរ តែ​ខ្ញុំ​បាទ​ឃើញ​ថា គេ​ច្រើន​សរសេរ ប៉ិគក់ វិញ ក្នុង​សៀវភៅ​ធ្វើ​ម្ហូប) ។ ក្នុង​វចនានុក្រម​ខ្មែរ លោក​ហៅ​យុគលពិន្ទុ​ថា ជា​វណ្ណយុត្តិ តែ​ក្នុង​វិស័យ​ភាសាសាស្ត្រ ខ្ញុំ​បាទ​យល់​ថា ​អាច​ទុក​ថា នៅ​ក្នុង​ចំណោម​ស្រៈ​ ឬ ស្រៈ​និង​ ក ប្រកប វិញ ។