វត្តព្រះពុទ្ធឃោសាចារ្យ

វត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែក) គឺជាវត្តអារាមព្រះពុទ្ធសាសនាមួយដែលមានទីតាំងនៅ​ផ្លូវលេខ ៤៧ ភូមិ ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្តនេះជាវត្តដែលមានវ័យចំណាស់មួយក្នុងចំនោមវត្តដែលមានចំណាស់ដទៃទៀតដែលបានកសាងឡើងក្នុងរាជ្យព្រះបាទពញាយ៉ាត។

វត្តព្រះពុទ្ធឃោសាចារ្យ
ទិដ្ឋភាពព្រះវិហារវត្តព្រះពុទ្ធឃោសាចារ្យ
សាសនា
សាសនាព្រះពុទ្ធសាសនាថេរវាទ
Location
ទីតាំងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ប្រទេសកម្ពុជា
Website
ហ្វេសប៊ុក វត្តព្រះពុទ្ធឃោសាចារ្យ ចិនដំដែក

ក្នុងរាជ្យ ព្រះបាទពញាយ៉ាត ព្រះអង្គបានលើករាជធានីពីក្រុងអង្គរមកទួលបាសានក្នុងខេត្តស្រីសឈរ (ស្រីសន្ធរ) នៅឆ្នាំ ១៤១៣ តែដោយស្ថានភាពមិនល្អ ទួលបាសានទឹកជន់លិច ក៏ទ្រង់បានប្ដូររាជធានីពីស្រីសឈរ មកតាំងទីនៅចតុមុខមង្គល (ទន្លេច្រាបឈាម) វិញ។ ព្រះអង្គបានឲ្យគេជីកគូទឹកមានព្រែកតាកែវ (ខាងត្បួង) ព្រែកអូរគ (ខាងលិច) ព្រែកពោងពាយ (ខាងជើង) ឬព្រែកចិនដំដែក (ចិនរកសុីដំដែកនៅទីនោះ)។ ក្រោយពីសាងសង់រាជធានីរួចហើយ ព្រះអង្គបានប្រទានព្រះនាមព្រះនគរថា៖ ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរបវរ ឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ។ ឯទន្លេច្រាបឈាម ត្រូវបានប្ដូរឈ្មោះមកជាទន្លេចតុមុខវិញ។

ចេតិយ៍សម្រាប់តម្កល់អដ្ឋិធាតុនៅខាងជើងព្រះវិហារវត្តព្រះពុទ្ធឃោសាចារ្យ

នៅក្នុងវិស័យព្រះពុទ្ធសាសនាវិញ ព្រះអង្គបានរៀបចំឲ្យមានវត្តអារាមព្រះពុទ្ធសាសនាដូចជា៖​ វត្តធម្មលង្កា វត្តកោះ វត្តពាមថ្លុង វត្តឧណ្ណាលោម វត្តបទុមវតី និងវត្តព្រះពុទ្ធឃោសាចារ្យ។ ទីតាំងដើមរបស់ព្រះពុទ្ធឃោសាចារ្យ គឺស្ថិតនៅលើទួលខាងជើងព្រែកពាមថ្លុង ត្រង់មហាវិទ្យាល័យវវេជ្ជសាស្ត្របច្ចុប្បន្ន។ ប៉ុន្តែនៅក្នុងសម័យអាណានិគមបារាំង វត្តនេះត្រូវបានផ្លាស់ប្ដូរទីតាំង ក្រោមមូលហេតុប៉ះពាល់គម្រោងផែនការរៀបចំរាជធានីថ្មី។ ព្រះគ្រូចៅអធិការវត្តព្រះពុទ្ធឃោសាចារ្យសម័យនោះ ព្រះនាមថា ស្រី សេង បានព្យាយាមទាក់ទងជាមួយនឹងគ្រួសារឧកញ៉ា គហបតីឆ័យវ៉ារី លី ឯក កែ ដើម្បីរកទីតាំងថ្មីសម្រាប់វត្តព្រះពុទ្ធឃោសាចារ្យ។ ក្រោយចរចារគ្នារួច ឧកញ៉ា លី ឯក កែ ក៏ទទួលរាប់រង់ក្នុងការសាងសង់ និងបានជាវដីគ្រួសារចិន មកកសាងវត្តព្រះពុទ្ធឃោសាចារ្យនេះ។

ចេតិយ៍តម្កល់ព្រះសរីរិកធាតុនៅពីមុខព្រះវិហារវត្តព្រះពុទ្ធឃោសាចារ្យ

នៅខាងមុខព្រះវិហារវត្តព្រះពុទ្ធឃោសាចារ្យ សព្វថ្ងៃគេឃើញមានរូបសំណាក់ទ្វារបាលពីរនាក់ ដែលមានរចនាប័ទ្មបែបចិន ដែលគេអាចមើលស្គាល់យ៉ាងងាយតាមរយៈលក្ខណៈ មុខមាត់ សំលៀកបំពាក់ និងគ្រឿងអាវុធ។ រូបសំណាក់នេះ បានបង្ហាញពីទំនាក់ទំនងជនជាតិចិនដែលរស់នៅក្នុងតំបន់នេះ ជាមួយនឹងវត្តព្រះពុទ្ធឃោសាចារ្យយ៉ាងជាក់ប្រាកដ។

ទ្វារបាលនៅពីមុខព្រះវិហារវត្តព្រះពុទ្ធឃោសាចារ្យ