វេឡុវ័ន គឺ​ជា​សួន​ឫស្សីរបស់​ព្រះបាទ​ក្រុង​រាជ​គ្រឹះ ឡោម​ព័ទ្ទ​ដោយ​កំពែង​កំពស់​១៨​ហត្ថ ជា​ទី​ស្ថាន​ដែល​ព្រះ​រាជ​ជា​ព្រះ​រាជ​ទាន​ចំណី​ដល់​សត្វ​កង្ហែន។ កាល​ត​មក​ព្រះ​បាទ​ពិម្ពិសារ ជា​បរម​ក្សត្រ​ក្នុង​ក្រុង​រាជ​គ្រឹះ បាន​ថ្វាយ​ចំពោះ​ព្រះ​ភិក្ខុ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ហើយ​ស្តេច​ទ្រង់​កសាង​ព្រះ​គន្ធកុដិ​ធំ និង​ប្រាសាទ និង​កុដិ​ដែល​ជា​ទី​ស្នាក់​អាស្រ័យ ទាំង​ពណ្ឌប និង​ទី​ចង្រ្កម​រហូត​ដល់​ក្លោង​ទ្វារ ប្រគេន​ដល់​ភិក្ខុ​សង្ឃ។

ប្រវត្តិ​នៃ​ការ​អោយ​ចំណី​សត្វកង្ហែន

កែប្រែ

ក្នុងកាល​មុន មាន​ព្រះ​មហា​ក្សត្រ​មួយអង្គ ដែល​សោយ​រាជ​ក្នុង​ក្រុង​រាជ​គ្រឹះនោះ បាន​យាង​ប្រពាត​ព្រះរាជ​ឧទ្យាននោះ។ វេលាដែល​ព្រះអង្គ​ទ្រង់​ស្រវឹង​សុរា ក៏​ផ្ទុំ​លក់​ទៅ ចំណែក​រាជ​បរិវារ​ឃើញថា ព្រះ​រាជាផ្ទុំ​លក់​ហើយ ក៏​នាំ​គ្នា​ដើរ​លេងក្នុង​ព្រះឧទ្យា​ បេះ​ផ្កាឈើ​ជាដើម។ គ្រានោះ​មាន​ពស់​វែក​ខ្មៅ​បាន​ធំ​ក្លិន​សុរា ក៏​លូន​ចេញ​មក​អំពី​រន្ធ​នៃ​ដើម​ឈើ​មួយ ដោយ​លូន​ឆ្ពោះ​មុខ​ត្រង់​ទៅ​រក​ព្រះ​រាជា​ដែល​ផ្ទុំ រុក្ខទេវតាមួយ​អង្គ​បាន​ឃើញ​ដូច្នេះ មាន​ចិត្ត​មេត្តា​ប្រាថ្នា​នឹង​អោយ​ជីវិត​ដល់​ព្រះ​មហា​ក្សត្រ ទើប​និមិ្មតកាយ​ជា​​សត្វ​កង្ហែន ទៅ​ស្រែក​នៅ​ជិត​ព្រះ​សោត​ព្រះ​មហាក្សត្រនោះ ព្រះ​មហា​ក្សត្រ​ក៏​ភ្ញាក់​ពី​ផ្ទុំឡើង​ភ្លាម ពស់​នោះ​ក៏​លូន​ត្រឡប់​ទៅ​កាន់​រន្ធ​ឈើ​វិញ ព្រះមហា​ក្សត្រ​ទ្រង់​ឃើញ​ហេតុការណ៍​ថា សត្វ​កង្ហែន​មាន​គុណ​ដល់​ព្រះ​អង្គ​ណាស់ ទើប​ប្រោស​អោយ​ព្រះ​រាជ​ទាន​ចំណី​ដល់​ហ្វូង​សត្វ​កង្ហែន ដែល​មាន​នៅ​ក្នុង​ព្រះ​រាជ​ឧទ្យា​នោះ ទាំង​បង្គាប់​អោយ​ប្រការ​ព្រះ​រាជ​ទាន​អភ័យ មិន​អោយ​អ្នក​ណា​មួយ​បៀត​បៀន​ដល់​ហ្វូង​សត្វ​កង្ហែន​នោះ​ឡើយ ព្រោះ​ដូច្នោះ ព្រះ​រាជ​ឧទ្យាន​នោះ​ ទើប​ឈ្មោះ​ថា កលន្ទកនិវាបស្ថាន ជា​ទី​ព្រះរាជ​ទាន​ចំណី​ដល់​សត្វ​កង្ហែន វេលាតមក មាន​ឈ្មោះ​ហៅរួម​ជាមួយ​ពាក្យថា ព្រះវេឡុវ័នកលន្ទកនិវាបស្ថាន