ពិម្ពិសារ
ព្រះបាទពិម្ពិសារ (Bimbisara, born c. 543—died 491 BCE) គឺជាព្រះមហាក្សត្រសោយរាជក្នុងនគររាជគ្រឹះ (Rājagṛiha, Rajgir) ក្នុងដែនមគធៈ (Magadha) ។ ព្រះអគ្គមហេសី ទី ១ ព្រះនាម កោសលទេវី ឬហៅម្យ៉ាងទៀតថា វេទេហី ជាបុត្រីរបស់ព្រះបាទមហាកោសល និងជាអនុជត្រីរបស់ព្រះបាទបសេនទិកោសល។ ព្រះមហេសី ទី ២ ព្រះនាមចេលៈ ជាក្សត្រីរបស់ពួកលិច្ឆវី ក្នុងក្រុងវេសាលី ។ ព្រះបាទពិម្ពិសារ មានបុត្រាមួយព្រះអង្គជាមួយនឹងព្រះនាងវេទេហី។ ដោយហេតុថាព្រះនាងវេទេហីចាញ់គភ៌ប្រាថ្នានឹងសោយព្រះលោហិតរបស់ព្រះរាជា នេមិត្តកាចារ្យទាំងឡាយ នាំគ្នាព្យាករណ៍ថា ព្រះឱរសនេះនឹងជាសត្រូវដល់ព្រះរាជា ហេតុនោះទើបបានថ្វាយព្រះនាមថា អជាតសត្តុ (Ajātaśatru, Ajātasattu) មានសេចក្តីថា មិនមែនសត្រូវ។
ពុទ្ធសាសនា
កែប្រែនៅមុនពេលដែលព្រះពោធិសត្វបានត្រាស់ ព្រះសិទ្ធត្ថ (Siddhattha Gotama, Siddhārtha Gautama) បានយាងកាត់ដែនមគធៈនេះ ដែលជាដែនស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះបាទពិម្ពិសារ ។ ព្រះបាទពិម្ពិសារបានឃាត់ព្រះពោធិសត្វដើម្បីសោយរាជក្នុងដែននេះ ដោយថ្វាយរាជសម្បត្តិដល់ព្រះពោធិសត្វ ។ ដោយសារមិនអាចឃាត់ព្រះពោធិសត្វបាន ព្រះបាទពិម្ពិសារក៏សូមប្រាថ្នាថា ពេលណាព្រះពោធិសត្វសម្រេចការត្រាស់ដឹង សូមព្រះពោធិសត្វយាងមកដែននេះដើម្បីនឹងសម្តែងធម៌ទេសនា ។ ក្រោយពីបានសណ្តាប់ព្រះធម៌ទេសនារបស់ព្រះពុទ្ធរួច ព្រះបាទពិម្ពិសារក៏មានចិត្តជ្រះថ្លាក្រៃលែង ថែមទាំងបានសម្រេចគុណវិសេស គឺបានជាសោតាបន្នបុគ្គលទៀតផង ។ ព្រះបាទពិម្ពិសារគឺជាបុគ្គលសំខាន់មួយក្នុងការជួយជ្រោមជ្រែងរួមចំណែកផ្គត់ផ្គង់ពុទ្ធសាសនា ហើយក៏ជាឧបដ្ឋាកផ្ទាល់របស់ព្រះពុទ្ធដែរ ។
មរណភាព
កែប្រែក្រោយពីព្រះបាទពិម្ពិសារបានប្រគល់រាជសម្បត្តិទៅឲ្យព្រះរាជបុត្រា អជាតសត្តុ ព្រះរាជកុមារមិនបាននៅជាសុខឡើយ ព្រោះភ័យខ្លាចបិតារបស់ខ្លួនដណ្តើមរាជវិញ ។ ដោយបានស្តាប់យោបល់ពីព្រះទេវទត្ត ព្រះរាជកុមារ ក៏បានបង្គាប់ឲ្យគេយកព្រះបិតាដាក់ក្នុងគុក បង្អត់អាហារ ហើយបញ្ជាមិនឲ្យនរណាចូលសួរសុខទុក្ខឡើយ ក្រៅពីព្រះមាតារបស់ទ្រង់ ។ ដោយព្រះនាងទេវីចេះតែលួចយកអាហារទៅថ្វាយព្រះរាជា អជាតសត្តុកុមារ ក៏បានហាមព្រះទេវីចូលសួរសុខទុក្ខ ។ ព្រះទេវីបានឈរប្រថាប់ទៀបទ្វារ ទ្រង់ព្រះកន្សែងទួញយំថា "បពិត្រព្រះស្វាមី វេលាដែលគេនេះជាក្មេង ព្រះអង្គមិនឲ្យឱកាសសម្លាប់គេ ទ្រង់ចិញ្ចឹមសត្រូវរបស់ព្រះអង្គទុកដោយព្រះអង្គឯងពិតៗ ឥឡូវនេះ ការឃើញព្រះអង្គលើកនេះ ជាលើកចុងក្រោយបង្អស់ តពីនេះទៅ ខ្ញុំព្រះអង្គនឹងមិនបានឃើញព្រះអង្គទៀតឡើយ បើទោសរបស់ខ្ញុំម្ចាស់មាននៅ សូមបានមេត្តាព្រះរាជទានអភ័យទោសផងចុះព្រះអង្គ " ហើយក៏ស្តេចត្រឡប់ទៅវិញ ។ តាំងពីនោះមក ព្រះរាជាក៏មិនមានអាហារសោយ ទ្រង់នៅមានព្រះជន្មដោយសេចក្តីសុខប្រកបដោយមគ្គផល ទ្រង់បានដើរចង្ក្រម ព្រះវរកាយក៏ស្រស់បស់ក្រៃលែង ។ ព្រះរាជកុមារឆ្ងល់ ក៏សួរថា បិតាយើងនៅមានព្រះជន្មបានយ៉ាងណា ។ កាលទ្រង់ជ្រាបថា បិតាមានព្រះជន្មដោយវិធីចង្រ្កម ព្រះកុមារបានឲ្យជាងកោរកាត់ទាំងឡាយ ចូលទៅវះព្រះបាទព្រះរាជា ហើយបង្គាប់ឲ្យយកប្រេងផ្សំជាមួយអំបិលលាប ហើយឲ្យរោលដោយរងើកភ្លើងគគី ដែលឆេះមិនមានអណ្តាត ។
បុព្វកម្ម
កែប្រែបានឮមកថា ក្នុងកាលមុន ព្រះរាជាពិម្ពិសារទ្រង់បានពាក់ស្បែកព្រះបាទចូលទៅក្នុងលានព្រះចេតិយ និងយកព្រះបាទដែលមិនបានជម្រះជាន់កន្ទេលកក់ ដែលគេក្រាលទុកសម្រាប់អង្គុយ កម្មនេះក៏ឲ្យផលដល់ព្រះអង្គឲ្យរងទុក្ខវេទនាយ៉ាងខ្លាំងក្លា នៅមុនពេលសោយទីវង្គត់ ។
អនាគតជាតិ
កែប្រែក្រោយពីអស់ព្រះជន្មាយុ (តាមរយៈការអធិប្បាយ អដ្ឋកថា សុមង្គលវិលាសិនី) ទ្រង់បានកើតជាយក្ខឈ្មោះជនវសភៈ ជាអ្នកបម្រើរបស់ស្តេចវេស្សវ័ណ ក្នុងទេវលោកជាន់ចាតុម្មហារាជ។
ឯកសារយោង
កែប្រែអដ្ឋកថា សុមង្គលវិលាសិនី ព.ស.២៥៥៣