សទ្ធាក្នុងព្រះពុទ្ធសាសនា

ពាក្យ​ថា​​សទ្ធា​​មាន​ន័យច្រើនយ៉ាងអាស្រ័យទៅលើលទ្ធិសាសនានីមួយៗ ។ ​សទ្ធា​​ក្នុង​​ព្រះ​ពុទ្ធសាសនា​មាន​ន័យ​ថា​ ជំនឿ​​​ដែល​អាស្រ័យដោយការ​​ប្រើ​បញ្ញា​ពិចារណា រួចទើប​​ជឿ ។ ​ព្រះ​ពុទ្ធ​ត្រាស់​ថា​ ៖​ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកចូលមកស្តាប់ត​ថា​គតហើយពិចារណា រួចហើយប្រតិបត្តិ​ឲ្យ​ឃើញ​លទ្ធផល សឹមអ្នកទាំងឡាយជឿចុះ ។ អ្នកទាំងឡាយត្រូវយកបញ្ញាមករិះគិត​ឲ្យ​បានសព្វគ្រប់ចំពោះពាក្យ​​ដែល​អ្នកទាំងអស់គ្នាបានស្តាប់បានលឺពីសំណាក់បុគ្គលណាម្នាក់ ។ ប្រសិនបើអ្នក​ទាំងឡាយចេះតែជឿដោយគ្មាន​ការពិចារណា នោះលទ្ធផលនៃការជឿរបស់អ្នក​នឹង​ទៅជាអាសារឥតការ ។ ​ការ​​ដែល​អ្នកទាំងឡាយជឿខុស​នឹង​នាំមកនូវការយល់ខុសការយល់ខុស​ នឹង​នាំមកនូវការពិចារណាត្រិះរិះគិត​ក៏​ខុសផងដែរ​ ។ ការត្រិះរិះខុស​នឹង​នាំមកនូវការនិយាយខុស​ ការនិយាយខុស​នឹង​នាំមកនូវការធ្វើ​ក៏​ខុសដែរ​ ។ ការចិញ្ចឹមជីវិត​ក៏​ខុស ​ការព្យាយាម​ក៏​ខុស​ ការតាំងចិត្ត​ក៏​ខុស​ការធ្វើសមាធិ​ក៏​ខុស រហូតដល់ការប្រឹងប្រែរបស់អ្នកទាំងឡាយ​ក៏​ដល់នូវការខាតបង់ពេលវេលា និង​ធនធានទៀតផង ។ ​សទ្ធា​​ក្នុង​​ព្រះ​ពុទ្ធសាសនា​មាន​ន័យ​ថា​ ការជឿទៅលើហេតុផល​​ដែល​សមរម្យ​ មាន​តឹកតាងច្បាស់លាស់ មិនលាក់លៀមបន្លំផ្សំ និង​ការបោកប្រាស់ ។

តើ​សទ្ធា​នៅ​ក្នុង​​ព្រះ​ពុទ្ធសាសនា​​ត្រូវ​មាន​លក្ខណៈ​សម្គាល់​យ៉ាង​ណា​ខ្លះ ?​ សទ្ធា​​ក្នុង​​ព្រះ​ពុទ្ធសាសនា​មាន​​លក្ខណៈ ៤ យ៉ាង គឺ ៖​

១. ​កម្ម​សទ្ធា​​ គឺ​ការជឿទៅលើទង្វើសព្វ​យ៉ាងរបស់ខ្លួនឯង ទាំងខាងផ្លូវកាយ ផ្លូវវាចា និង​ផ្លូវចិត្ត ។ ទោះជាកម្មធ្វើនៅទីកំបាំង ឬទីវាល​ក៏​ដោយ ប៉ុន្តែ​កម្មទាំងនោះវាចូលទៅជ្រក​ក្នុង​មនោវិញ្ញាណរបស់​​យើង​ ហើយអាស្រ័យនៅ​ក្នុង​ខួរក្បាល​​យើង​រហូតដល់អសង្ខ័យជាតិ មិនបាត់បង់ទៅណា តាមរូបរាង្គកាយ​​យើង​ឡើយ ។ ​នៅ​ពេល​​មាន​​ឱកាស ​កម្មនោះ​ចេញមក​ឲ្យ​ផលតាមសមគួរ និង​ទង្វើររបស់​ខ្លួន​ ដោយគ្មាន​នរណាម្នាក់ប្រគល់​ឲ្យ​ឡើយ ។

២​. វិបាក​សទ្ធា​​​ គឺ​ការជឿទៅលើលទ្ថផល​​ដែល​​​យើង​ទទួលបានទោះជាអាក្រក់ល្អ​​មាន​ក្រ​ខ្វះខាត​ក៏​​​យើង​មិន​មាន​អាក់អន់ស្រពន់ចិត្តអ្វីចំពោះអ្នកណាដែរ​មាន​ឪពុក​ម្តាយ ឬ​ក៏​អាទិទេពណាមួយនោះទេ អ្វីៗគឺកើត​មាន​កំណើតអំពីខ្លួនឯងទាំងអស់ ​​មាន​តែការខំព្យាយាមបំពេញការងារ រៀនសូត្រ និង​សេចក្តីល្អ ដើម្បីកែច្នៃ និង​ត្រួសត្រាយផ្លូវទៅរកសេចក្តីល្អ ។

៣​. កម្មសកតា​សទ្ធា ​​គឺ​កម្មជារបស់ខ្លួនគ្មាន​នរណាចែក ឬផ្តល់​ឲ្យ​នោះទេ គឺ​ថា​ខ្លួន​​យើង​​ជា​អ្នកធ្វើ គឺខ្លួន​​យើង​អ្នកទទួល ។ មាតាបិតាគ្រាន់តែបានផ្តល់​ឲ្យ​​​យើង​បានត្រឹមតែរូបកាយ​ ប៉ុន្តែ​ចិត្ត វិញ្ញាណ វាសនា កម្មផ្សេងៗគឺជាកំណប់ព្រេង​​ដែល​​​យើង​បានសន្សំទុកអស់កាល​​ដ៏​យូរមកហើយបូកផ្សំ និង​បច្ចុប្បន្នកម្មរបស់​​យើង​ផង រួមបញ្ចូលគ្នាចេញជាលទ្ធផល​ឲ្យ​​​យើង​ឃើញ​ក្នុង​ពេលឥឡូវនេះ ។

៤. ​ត​ថា​គតពោធិសទ្ធា គឺ​​​ការជឿ​លើ​ការត្រាស់ដឹងរបស់​ព្រះ​ពុទ្ធ​ថា​ជាបុគ្គលឯក ជាបរមគ្រូ​ក្នុង​លោក រកបុគ្គលណាមួយមកប្រៀបពុំបាន ។

ដោយសារ​ព្រះ​អង្គទ្រង់ត្រាស់សំដែងនូវមគ្គបដិបទាជាផ្លូវឆ្លងចាកលោកទាំង ៣ គឺ កាមលោក (លោក​​ដែល​ជោគជាំទៅដោយ​កាមគុណទាំង ៦ ​​មាន​រូប​ សម្លេង ​ក្លិន ​រស ផោតព្វ​ និង​ ធម្មារម្មណ៍) ​រូបលោក (លោក​​ដែល​ជាប់ជំពាក់ដោយរូប​មាន​ព្រហ្មលោកជាដើម) អរូបលោក (សភាព ឬទីស្ថា​ន​​ដែល​មិន​មាន​រូប សំដៅដល់មនោគតិ​​ដែល​ត្រាច់​រង្គត់រកទីជំរកគ្មាន​ អរូបព្រហ្ម) ។ ​​ព្រះ​ពុទ្ធ​បានរកឃើញ​ផ្លូវ​​ដ៏​ប្រសើរឆ្ពោះទៅដល់ការអស់ទៅនូវកងកិលេសាសវកសព្វបែបយ៉ាងចំពោះ​ព្រះ​អង្គ ហើយសំដែងនូវមគ្គធម៌ទាំងធ្វើ​ឲ្យ​សត្វលោកមួយ​ភាគធំបានរួចចាកទុក្ខ និង​​មួយ​​ភាគធំទៀតកំពុងព្យាយាមតាម​មាគ៌ា​របស់​ព្រះ​អង្គហើយ និង​បានរួចចាកទុក្ខ​ក្នុង​ពេលបច្ចុប្បន្ន និង​អនាគត ។ អ្នកប្រាជ្ញពិភពលោកមួយចំនួនធំកំពុងតែស្រាវជ្រាវរាវរក និង​ដកពិសោធន៍ចំពោះពុទ្ធដីកា ​​ដែល​ជាបរមពុទ្ធោវាទ​​ដ៏​​មាន​អត្ថន័យខ្លឹមសារជាលក្ខណៈវិទ្យាសាស្រ្តនិយម និង​អត្ថដល់សត្វលោក​ក្នុង​ពេលបច្ចុប្បន្ន និង​ទៅអនាគតយ៉ាង​មាន​ប្រសិទ្ធិភាពបំផុតសម្រាប់សន្តិភាព និង​ស្ថិរភាព​ក្នុង​ពិភពលោក​​​ទាំងមូល ។

ឯកសារ​យោង

កែប្រែ

ព្រះ​ត្រៃបិដក > សុត្តន្តបិដក >