សម្ដេចព្រះមហាឃោសានន្ទ

មហា​ឃោសានន្ទ (ព្រះ​នាម​ពេញ សម្តេច​ព្រះ​មហា​ឃោសានន្ទ) ​(២៣ ឧសភា ១៩១៣ - ១២ មីនា ២០០៧) ជា​សម្តេច​សង្ឃរាជ​ដែល​ទទួល​ស្គាល់​ដោយ​ប្រជាជន​​កម្ពុជា​និរទេស​ ដោយ​ព្រះ​អង្គ​​បាន​​គង់​នៅ​ក្រៅ​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល​​សម័យ​ខ្មែរ​ក្រហម ​និង​សម័យ​កុម្មុយនិស្ត​នៅ​ប្រទេសកម្ពុជា ។

សម្តេច​ព្រះ​មហា​ឃោសានន្ទ

ព្រះ​នាម​របស់​ព្រះ​អង្គ​ជា​ភាសា​បាលី គឺ « ឃោសានន្ទ » ដែល​មាន​ន័យ​ថា ជា​ « អ្នក​ឃោសនា​ដោយ​រីក​រាយ » (ឃោស ៖ សំឡេង​ប្រកូក, សម្រែក​ខ្លាំង, ការ​បន្លឺ​សំឡេង + អានន្ទ ៖ សេចក្តី​សប្បាយ, សេចក្តី​រីក​រាយ, សេចក្តី​សុខ​សាន្ត, ប្រាមោទ្យ[])  ។ ព្រះ​អង្គ​ប្រសូត​​នៅខេត្ត​តាកែវ នៅប្រទេសកម្ពុជានាឆ្នាំ ១៩១៣ នៅ​ក្នុង​គ្រួសារ​អ្នក​ស្រែ​នៅ​ទន្លេ​ចតុមុខ  ។ កាលនៅ​ពី​ក្មេង ព្រះអង្គ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះ​ពុទ្ធសាសនា​ និង​​បាន​ចូល​បម្រើ​ជា​ក្មេង​វត្ត កាល​ពី​អាយុ ៨ ឆ្នាំ ។ ​​ព្រះ​សង្ឃ​ក្នុង​វត្ត​​ស្ងើច​ក្មេង​វត្តរូប​​នោះ​ណាស់ ហើយ​នៅ​អាយុ ១៤ ឆ្នាំ ព្រះ​អង្គ​បាន​បួស​ជា​លោក​នេន[]  ។ ព្រះ​អង្គ​បាន​សិក្សា​ភាសា​បាលី​នៅ​ពុទ្ធិកសាលា​ក្នុង​វត្ត ហើយ​បន្ទាប់​មក​ទៀត បាន​និមន្ត​ទៅ​បំពេញ​​ការ​សិក្សា​​នៅ​​ពុទ្ធិកវិទ្យាល័យ នៅ​ភ្នំ​ពេញ​និង​ខេត្ត​បាត់ដំបង មុន​នឹង​និមន្ត​ទៅ​​ប្រទេស​ឥណ្ឌា ដើម្បី​ស្វែង​រក​ការ​សិក្សា​បន្ថែម​ទៅ​លើ​ភាសា​បាលី​នៅ​​​វិទ្យស្ថាន « នវនាលន្ទា​មហាវិហារ » ​ឯ​រដ្ឋ​ពិហារ ប្រទេស​ឥណ្ឌា[]  ។

ការអប់រំ

កែប្រែ

  ព្រះ​មហាឃោសានន្ទ​ បាន​ទទួល​ការ​ហ្វឹក​ហាត់​ពី​គ្រូ​ជា​ច្រើន​អង្គ​ក្នុង​សាសនា​ព្រះ​ពុទ្ធ ដូច​ជា​​ព្រះ​សង្ឃ​ ១ អង្គ​ពី​ប្រទេស​ជប៉ុន ព្រះ​នាម ហ៊្វូជិអ៊ិ និឈិដាត់ស៊ឺ (藤井 日達)[] និង​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ជា​ដើម  ។

នៅ​ឆ្នាំ ១៩៦៥ ព្រះ​មហា​ឃោសានន្ទ​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ភាវនា​ធម៌​នៅក្នុង​វត្ត​របស់​ព្រះ​អាចារ្យ​ ប៉ែន ធម្មធរោ (พระอาจารย์แป้น ธมฺมธโร) គឺ​ វត្ត​ឆាយ​ណា (วัดชายนา) នៅ​ក្នុង​ព្រៃ​មួយ ​ជិត​​ទី​រួម​ខេត្ត​​នគរ​ស្រី​ធម្មរាជ នៅ​ភាគ​​ខាង​​ត្បូង​នៃ​​ប្រទេស​ថៃ[]  ។ បួន​ឆ្នាំ​ក្រោយ​មក ពោល​​គឺ​​ក្នុង​អំឡុង​ពេល​ដែល​ព្រះ​​អង្គនៅ​តែ​​កំពុង​សិក្សា​នៅ​ក្នុង​វត្ត​ព្រៃ​​របស់​ព្រះ​អាចារ្យ​ធម្មធរោ​នោះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បាន​​ចាប់​ផ្តើម​​ទម្លាក់​​គ្រាប់​បែក​​នៅ​ប្រទេស​កម្ពុជា ​ក្នុង​​គោល​បំណង​​កាត់​ផ្ដាច់​​ផ្លូវ​​លំ​​ហូ​ជី​មិញ និង​​បញ្ចប់​សង្គ្រាម​វៀតណាម  ។ ប្រទេស​កម្ពុជា​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទី ហើយ​ប្រជាជន​ត្រូវ​បែក​ខ្ញែក​ព្រាត់​ប្រាស​គ្នា  ។

សម័យខ្មែរក្រហម

កែប្រែ

ពួក​ខ្មែរ​ក្រហម​​បាន​​​រឹប​​អូស​​​យក​​​ប្រទេស​​ទាំង​មូល ហើយ​​​​វាសនា​នៃ​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ ត្រូវ​ស្ថិត​ក្នុង​ភាព​មិន​ទៀង  ។ ប៉ុល ពត ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​វត្ត​អារាម​កាល​នៅ​ក្មេង បាន​ប្រកាស​ថា ព្រះ​សង្ឃ ​ជា​បញ្ញើ​ក្អែគ ​គ្មាន​​ប្រយោជន៍​​អ្វី​នោះទេ ហើយ​ជា​វណ្ណៈ​មួយ​ក្នុង​របប​សក្តិភូមិ​ចាស់  ។ ដោយ​សារ​ការ​ឃោសនា​​ដ៏​​គួរ​ឲ្យ​រន្ធត់​បែប​នោះ ពួក​ខ្មែរ​ក្រហម​​បាន​ផ្សឹក​ព្រះ​សង្ឃ​ ហើយ​បញ្ជូន​ទៅ​ធ្វើ​ស្រែ​ចម្ការ​ដូច​ប្រជាជន​ដទៃ​ទៀត​ដែរ ឬ​ក៏​ពួក​ខ្មែរ​ក្រហម​បាន​​ធ្វើ​ទារុណកម្ម​លើ​ព្រះ​សង្ឃ​ ឬ​​​បញ្ជូន​ទៅ​រៀន​សូត្រ និង​ធ្វើ​គត់​ចោល​​ទៀត​ផង ។ ព្រះ​សង្ឃ​​ខ្លះ​ទៀត ​ត្រូវ​បាន​បង្ខំឲ្យ​​ប្រព្រឹត្ត​ខុស​នឹង​​វិន័យ​​របស់​ព្រះ​សង្ឃ ដោយ​​ត្រូវ​បាន​គេ​ភ្ជង់​កាំភ្លើង  ។ ចាប់​តាំង​ពី​ពេល​នោះ​មក រហូត​ដល់​ពេល​របប​ខ្មែរ​ក្រហម​ត្រូវ​រលំ លែង​មាន​ព្រះ​សង្ឃ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​និង​វត្ត​ជា​ច្រើន បាន​ត្រូវ​គេ​កម្ទេច​ចោល  ។

នៅ​​គ្រា​នោះ មាន​ជន​ជាតិ​ខ្មែរ​ជា​ច្រើន ​​បាន​ចាប់​ផ្តើម​​រត់​ចេញ​​ពី​ប្រទេស​កម្ពុជា ទៅ​ផ្តុំ​គ្នា​តាម​បណ្តោយ​ព្រំ​ប្រទល់​ប្រទេស​ថៃ ដោយ​តំណាល​ទាំង​រឿង​រ៉ាវ​ដែល​អ្នក​ក្រៅ​ ពិបាក​ជឿ ស្តី​ពី​របប​ប្រល័យ​ពូជ​សាសន៍​ដ៏​គួរ​ឲ្យ​ភ័យ​​រន្ធត់​នោះ  ។

នៅ​ឆ្នាំ ១៩៧៨ ព្រះ​មហាឃោសានន្ទ​ បាន​ចាក​ចេញ​ពី​អាស្រមបទ​ក្នុង​ព្រៃ ហើយ​បាន​និមន្តទៅ​ដល់ជំរំ​ជន​ភៀស​ខ្លួន​នៅ​តាម​​ព្រំ​ប្រទល់​ប្រទេស​ថៃ​និង​ខ្មែរ ​និង​​បាន​ចាប់​ផ្តើម​​ជួយ​ផ្គត់​ផ្គង់​​ដល់​​ជន​​ភៀស​​ខ្លួន​ដែល​រត់​មក​ប្រទេស​ថៃ​នោះ  ។ នៅ​តាម​ជំរំ​នានា ជន​ភៀស​ខ្លួន ដែល​ខាន​បាន​ជួប​ព្រះ​សង្ឃ​ជា​ច្រើន​ឆ្នាំ​មក​នោះ ពេល​ឃើញ​មុខ​ព្រះ​មហាឃោសានន្ទ ក៏​រំភើប​ចិត្ត​យ៉ាង​ក្រៃ​លែង ហើយ​ក៏​ស្រក់​ទឹក​ភ្នែក​ស្រែក​យំ កាល​ណា​ព្រះ​មហា​ឃោសានន្ទ​សូត្រ​មន្ត្រ ដែល​ជន​ជាតិ​ខ្មែរ​ធ្លាប់​ឮ​ធ្លាប់​សូត្រ​ជា​ច្រើន​ជំនាន់​ច្រើន​តំណ​មុន​ឆ្នាំ​សូន្យ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម  ។ ព្រះ​អង្គ​បាន​ចែក​រំលែក​នូវ​អត្ថបទ​ព្រះ​ធម៌​ដល់​ជន​ភៀស​ខ្លួន​ជា​ធម្មទាន សម្រាប់​ចម្រើន​ព្រះ​បរិត្ត និង​បំផុសគំនិត​ ដើម្បី​លើក​ទឹក​ចិត្ត​របស់​ជន​ភៀស​ខ្លួន​ដ៏​វេទនា​ទាំង​នោះ[]  ។

ការស្ថាបនាឡើងវិញ

កែប្រែ

ព្រះ​មហាឃោសានន្ទ​ បាន​ជួយ​ដល់​ប្រទេស​ជាតិ​ និង​ជួយ​ឲ្យ​ព្រះ​ពុទ្ធសាសនា​ខ្មែរ ​កើត​ឡើង​​វិញ ​នៅ​ឆ្នាំ ១៩៨០  ។ ព្រះ​អង្គ​បាន​ធ្វើ​​​ជា​អ្នក​តំណាង​ប្រជាជន​ខ្មែរ​ក្នុង​​ជំរំ​ជន​ភៀស​ខ្លួន និង​តំណាង​រដ្ឋាភិបាល​ខ្មែរ​និរទេស​កម្ពុជា នៅ​ឯ​​អង្គការ​សហប្រជាជាតិ  ។

នៅ​ពេល​ដែល​របប ប៉ុល ពត រលំ​នា​ឆ្នាំ ១៩៧៩ ​ព្រះ​មហា​ឃោសានន្ទ គឺ​ជា​ព្រះ​សង្ឃ​ ១ ​អង្គ ក្នុង​ចំណោម​ព្រះ​សង្ឃ​ខ្មែរ ៣០០០ អង្គ ដែល​បាន​ផុត​ពី​ស្លាប់​ ក្នុង​ចំណោម​​ព្រះ​សង្ឃ​ចំនួន ៦ ម៉ឺន​អង្គ​នៅ​ប្រទេស​កម្ពុជា​​មុន​ឆ្នាំ ១៩៧៦  ។ ក្នុង​ឆ្នាំ ១៩៧៩ នៅ​តាម​ជាយ​ដែន​ខ្មែរ-ថៃ ព្រះ​អង្គ​បាន​កសាង​វត្ត​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ទាំង​ឡាយ ហើយ​បាន​បំបួស​ព្រះ​សង្ឃ​ជាតិ​ខ្មែរ ទោះ​បី​ជា​​មាន​ការ​ហាម​ប្រាម​ពី​អាជ្ញាធរ​យោធា​ថៃ​ក៏​ដោយ[]  ។

នៅ​ឆ្នាំ ១៩៨០ ព្រះ​មហា​ឃោសានន្ទ និង​​បព្វជិត​សាសនា​គ្រីស្ទាន ១ រូប គឺ​គ្រូ​គង្វាល ភីធ័រ ឡរ៉ែន្ស ផនដ៍ (Peter L. Pond) បាន​បង្កើត​ « បេសកកម្ម​អន្តរសាសនា​ដើម្បី​សន្តិភាព​នៅ​កម្ពុជា »  ។ លោក​ទាំង​ពីរ បាន​រក​ឃើញ​អតីត​ព្រះ​សង្ឃ​និង​ដូន​ជី​ រាប់​រយ​អង្គ និង​រាប់​រយ​នាក់ ដែល​បាន​រួច​ពី​ស្លាប់ ដើម្បី​ឲ្យ​ពួក​អតីត​សង្ឃ​និង​ដូន​ជី​ទាំង​នោះ អាច​បួស​​ឬ​កាន់​សីល​ ១០ ឡើង​វិញ និង​កាន់​កាប់​មុខ​ងារ​​ឡើង​វិញ ​ក្នុង​វត្ត​អារាម​ខ្មែរ​ទូទាំង​ពិភព​លោក​ផង​ដែរ  ។ នៅ​ខែ​មិថុនា ឆ្នាំ ១៩៨០ រដ្ឋាភិបាល​ថៃ​សម្រេច​ចិត្ត​បង្ខំ​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​ឲ្យ​ធ្វើ​មាតុភូមិនិវត្តន៍  ។ លោក​គ្រូ​គង្វាល ផនដ៍ និង​ព្រះ​មហា​ឃោសានន្ទ ក៏​បាន​រៀប​ចំ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ទាំង​បង្ខំ​នូវ​ជន​ភៀស​ខ្លួន​ពី​ជំរំ​ស្រះ​កែវ (សាកែវ)[]  ។

នៅ​ឆ្នាំ ១៩៨៨ ព្រះ​សង្ឃ​ខ្មែរ​មួយ​ក្រុម ដែល​បាន​និរទេស​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា បាន​ជ្រើស​​តាំង​ព្រះ​មហា​ឃោសានន្ទ ​​​​ជា​​សង្ឃរាជ  ។ ព្រះ​មហាឃោសានន្ទ​ បាន​យល់​ព្រម​ទទួល​ឋានៈ​នេះ​​​ជា​បណ្តោះ​អាសន្ន ដរាប​ដល់​ប្រទេស​កម្ពុជា​នឹង​មាន​សន្តិភាព​ឡើង​វិញ[]  ។ នៅ​ជំនាន់​នោះ គឺ​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០ សម្តេច​ព្រះ​មហា​សង្ឃរាជ​នៅ​ប្រទេស​កម្ពុជា គឺ សម្តេច ទេព វង្ស ដែល​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោម​ការ​គាំ​ទ្រ​ពី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​តែង​តាំង​កាល​ពី​ឆ្នាំ ១៩៨១[១០]  ។

ធម្មយាត្រា

កែប្រែ

នៅ​ឆ្នាំ ១៩៩២ ជា​ឆ្នាំ​ដំបូង ដែល​អង្គការ​សហប្រជាជាតិ​​បាន​អនុវត្ត​សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស​នៃ​ឆ្នាំ ១៩៩១ ទើប​ព្រះ​មហា​ឃោសានន្ទ ​​ដឹក​នាំ​ធម្មយាត្រា​នៅ​ថ្នាក់​ជាតិ​ជា​​លើក​ដំបូង​​ សម្រាប់​​ផ្តល់​នូវ​សន្តិភាព​ដល់​ប្រទេស​ខ្មែរ​​ទាំង​មូល ​ដើម្បី​ឲ្យ​ជន​ជាតិ​ខ្មែរ​​មាន​សេចក្តី​សង្ឃឹម​និង​សន្តិភាព​​ឡើង​វិញ[១១]  ។ ធម្មយាត្រា​នេះ​ បាន​ធ្វើ​ដំណើរ​​និង​ចំណាយ​ពេល​អស់​រយៈ​ពេល ​១៦ ​ថ្ងៃ ​និង​ ​២០០ គ.ម. ​ឆ្ពោះ​ទៅ​កាន់​​តំបន់​ខ្មែរ​ក្រហម ដោយ​ឆ្លង​កាត់​ដី ដែល​ពួក​ខ្មែរ​ក្រហម​បាន​បង្កប់​គ្រាប់​មីន  ។ បន្ទាប់​​មក ព្រះ​អង្គ​នាំ​​ធម្មយាត្រា​​ជា​ច្រើន ​ឆ្ពោះ​មក​ប្រទេស​កម្ពុជា​​ទាំង​មូល ជាមួយ​មនុស្ស​ចំនួន​ប្រមាណ​ ២០០ ទៅ ៣០០ នាក់​រៀង​រាល់​ឆ្នាំ (មាន​ទាំង​ព្រះ​សង្ឃ ដូន​ជី និង​ឧបាសក​ឧបាសិកា)  ។ នៅ​ឆ្នាំ ១៩៩៥ មាន​រហូត​ដល់ ៥០០ នាក់ ដែល​ធ្វើ​ធម្មយាត្រា  ។ នៅ​ឆ្នាំ ១៩៩៥ នោះ មាន​ពួក​ខាង​​ « បូជនីយេសចរណ៍​អន្តរជំនឿ​ដើម្បី​សន្តិភាព​និង​ជីវិត » បាន​ទៅ​ជួប​និង​រួប​រួម​គ្នា​ជា​មួយ​ពួក​អ្នក​ធ្វើ​ធម្មយាត្រា​នោះ  ។ ក្រុម​ទាំង ២ បាន​ដើរ​ឆ្លង​កាត់​ប្រទេស​កម្ពុជា ពី​ព្រំ​ប្រទល់​ថៃ រហូត​ដល់​ព្រំ​ប្រទល់​វៀតណាម ដោយ​បាន​ដើរ​កាត់​តំបន់​ដែល​ពួក​ខ្មែរ​ក្រហម​កាន់​កាប់ អស់​រយៈ​ពេល​ច្រើន​ថ្ងៃ  ។ ដោយ​ហេតុ​តែ​បាន​បង្រៀន​នូវ​ភាព​អហិង្សា និង​កសាង​វត្ត​អារាម​ខាង​ពុទ្ធសាសនា​ទូទាំង​ពិភព​លោក ដើម្បី​ជួយ​ជ្រោម​ជ្រែង​ដល់​ជន​ជាតិ​ខ្មែរ ដែល​ត្រូវ​និរទេស ឲ្យ​ឋិត​នៅ​ក្នុង​សាសនា​ប្រកប​ដោយ​សន្តិភាព​របស់​ខ្លួន​នេះ បាន​ជា​ព្រះ​មហា​ឃោសានន្ទ​ បាន​ទទួល​ « រង្វាន់​នៃ​​សេចក្តី​ក្លាហាន​និង​មនសិការ ពី​​មូលនីធិ​ ភីស ​អាប្បេយ៍ (អាស្រមបទ​សន្តិភាព) » (Peace Abbey Courage of Conscience Award)  ។

គេ​បាន​ដាក់​ឈ្មោះ​ព្រះ​អង្គ​ថា ជា « មហាត្មៈ​គន្ធី នៃ​ប្រទស​កម្ពុជា »[១២]  ។ លោក​ស្រី ឃ្លែរប៊ន ផិល្ល (Claiborne Pell) ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​ការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិកាំង បាន​ស្នើ​ឈ្មោះ​របស់​ព្រះ​អង្គ ចំពោះ​រង្វាន់​សន្តិភាព​ណូបែល[១៣]  ។ គេ​ក៏​បាន​ស្នើ​ព្រះ​នាម​ព្រះ​អង្គ ចំពោះ​រង្វាន់​នេះ នៅ​ឆ្នាំ ១៩៩៥, ១៩៩៦ និង ១៩៩៧ ដោយ​យល់​ឃើញ​សកម្មភាព​របស់​ព្រះ​អង្គ​ក្នុង​ការ​នាំ​សន្តិភាព​ដល់​ប្រទេស​កម្ពុជា  ។ ព្រះ​មហា​ឃោសានន្ទ ក៏​មាន​តួ​នាទី​ជា​ទី​ប្រឹក្សា​ឲ្យ​​​​ « ពុទ្ធសាសនិក​សម្ព័ន្ធ​ដើម្បីសន្តិភាព » (Buddhist Peace Fellowship) ហើយ​ព្រះ​អង្គ​គង់​ម្តង​ម្កាល​នៅ​វត្ត​អារាម​​បាលិលេយ្យ​ ដែល​កសាង​ដោយ​ជន​ភៀស​ខ្លួន​ខ្មែរ នៅ​ទី​ក្រុង​ហ្វ៊ីឡាឌែលហ៊្វីយ៉ា រដ្ឋ​ផេនស៊ីលវ៉ានីញ៉ា ស.រ.អា.  ។


សម្តេច​ព្រះ​មហា​ឃោសានន្ទ ​បាន​ទទួល​អនិច្ចធម្ម​នៅ​ក្រុង​ន័រធ៍​ហាំប៍តុន រដ្ឋ​ម៉ាស្សាឈូសេត្តស៍ នៃ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០០៧[១៤]  ៕

 

  1. វចនានុក្រម​បាលី-ខ្មែរ-អង់គ្លេស ដោយ​​បណ្ឌិត សួន ឱសថ, ការ​ផ្សាយ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ, បោះ​ពុម្ព​លើក​ទី ១, ព.ស. ២៥៥៥ គ.ស. ២០១១, ទំព័រ ៣២, ៣១៦  ។
  2. http://www.mahaghosananda.com/biography.html Archived 2007-06-26 at the វេយប៊ែខ ម៉ាស៊ីន.  ។
  3. http://www.nnm.ac.in/  ។
  4. https://ja.wikipedia.org/wiki/%E8%97%A4%E4%BA%95%E6%97%A5%E9%81%94 និង https://en.wikipedia.org/wiki/Nichidatsu_Fujii  ។
  5. http://www.watchaina.com/home/index.php/2014-12-05-14-50-19[តំណភ្ជាប់ខូច]  ។
  6. http://www.ghosananda.org/bio_book.html Archived 2016-01-17 at the វេយប៊ែខ ម៉ាស៊ីន.  ។
  7. John Amos Marston, Elizabeth Guthrie, History, Buddhism, and new religious movements in Cambodia, គ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​សាកលវិទ្យាល័យ​ហាវ៉ៃ (University of Hawaii Press), គ.ស. ២០០៤ ISBN 0-8248-2868-2, ទំព័រ​ ២០១  ។
  8. Brian Peter Harvey , An introduction to Buddhist ethics: foundations, values, and issues. គ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​សាកលវិទ្យាល័យ​ខេម​ប្រ៊ិដហ្សិ៍ (Cambridge University Press), គ.ស. ២០០០, ISBN 0-521-55640-6, ទំព័រ ២៨១  ។
  9. Harris, Ian (August 2001), "Sangha Groupings in Cambodia", Buddhist Studies Review (UK Association for Buddhist Studies) 18 (I): 70  ។
  10. Harris, Ian (August 2001), "Sangha Groupings in Cambodia", Buddhist Studies Review (UK Association for Buddhist Studies) 18 (I): 75  ។
  11. http://www.buddhanet.net/masters/maha-gosanada.htm  ។
  12. http://www.economist.com/node/8881498  ។
  13. http://www.mahaghosananda.com/biography.html Archived 2007-06-26 at the វេយប៊ែខ ម៉ាស៊ីន.  ។
  14. http://www.mahaghosananda.com/biography.html Archived 2007-06-26 at the វេយប៊ែខ ម៉ាស៊ីន.  ។