សុភសូត្រ

កែប្រែ

រឿង​សុភ​មាណព

កែប្រែ

[១១៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ កាលព្រះមានព្រះភាគ ទ្រង់បរិនិព្វានទៅហើយ មិនទាន់យូរប៉ុន្មានព្រះអានន្ទមានអាយុ គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកគហបតី ជិតក្រុងសាវត្ថី ។

[១១៧] សម័យនោះឯង សុភមាណព ជាកូននៃតោទេយ្យព្រាហ្មណ៍ នៅអាស្រ័យក្នុងក្រុងសាវត្ថី ដោយកិច្ចឯណានីមួយ ។ លំដាប់នោះ សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ ហៅមាណពម្នាក់មកថា ម្នាលមាណព ឯងចូរមកនេះ ឯងចូរទៅរកព្រះសមណៈ ឈ្មោះអានន្ទ លុះចូលទៅដល់ហើយ ចូរសួរនូវអាការមានអាពាធតិច មានរោគតិច ក្រោកទៅមកបានរហ័សរហួន មានកម្លាំង នៅជាសុខសប្បាយ នឹងព្រះសមណៈ ឈ្មោះអានន្ទ តាមពាក្យរបស់អញថា សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ ផ្តាំឲ្យសួរនូវអាការមានអាពាធតិច មានរោគតិច ក្រោកទៅមក បានរហ័សរហួន និងកម្លាំង និងអាការនៅជាសុខសប្បាយ ចំពោះព្រះអានន្ទដ៏​ចម្រើន​ រួចហើយ ឯងចូរនិមន្តថា សូមព្រះអានន្ទជាម្ចាស់ អាស្រ័យនូវសេចក្តីអនុគ្រោះ និមន្តមកកាន់ទីលំនៅរបស់សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ឲ្យទាន ។ មាណពនោះ ទទួលពាក្យសុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ថា បាទ អ្នកម្ចាស់ ហើយក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីដ៏សមគួរ ។ លុះមាណពនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានទូលស្នើសេចក្តីនេះ នឹងព្រះអានន្ទមានអាយុថា សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ សួរនូវអាការមិនមានអាពាធ មិនមានរោគ ក្រោកទៅមកបានរហ័សរហួន កម្លាំង និងអាការនៅជាសុខសប្បាយ ចំពោះព្រះអានន្ទជាម្ចាស់ រួចហើយឲ្យនិមន្តយ៉ាងនេះថា សូមព្រះអានន្ទដ៏​ចម្រើន​ អាស្រ័យនូវសេចក្តីអនុគ្រោះ និមន្តទៅកាន់លំនៅរបស់សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ឲ្យទាន ។

[១១៨] កាលមាណព ពោលពាក្យយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏មានថេរវាចាដូច្នេះ ទៅនឹងមាណពនោះថា ម្នាលមាណព កាលនេះមិនគួរ (នឹងទៅទេ) ដ្បិតថ្ងៃនេះ យើងបានឆាន់ថ្នាំខ្លះទៅហើយ បើដូច្នោះ ចាំយើងពិចារណា នូវកាល និងសម័យសិន ហើយសឹមទៅក្នុងថ្ងៃស្អែក ។ មាណពនោះ ទទួលពាក្យព្រះអានន្ទមានអាយុថា ករុណាលោកម្ចាស់ ហើយក្រោកចាកអាសនៈ ចូលទៅរកសុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងសុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ថា ខ្ញុំបាននិយាយនឹងព្រះអានន្ទដ៏​ចម្រើន​នោះ តាមពាក្យរបស់អ្នករួចហើយថា សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍សូរនូវអាការមិនមានអាពាធ មិនមានរោគ ក្រោកទៅមកបានរហ័សរហួន និងកំឡាំង និងអាការនៅជាសុខសប្បាយ ចំពោះព្រះអានន្ទដ៏​ចម្រើន​ ហើយនិមន្តយ៉ាងនេះថា សូមព្រះអានន្ទដ៏​ចម្រើន​ អាស្រ័យនូវសេចក្តីអនុគ្រោះ និមន្តទៅកាន់លំនៅសុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ឲ្យទាន បពិត្រអ្នកម្ចាស់ កាលដែលខ្ញុំពោលយ៉ាងនេះហើយ ព្រះសមណៈអានន្ទ បានពោលពាក្យនេះ នឹងខ្ញុំថា ម្នាលមាណព កាលនេះមិនគួរ (នឹងទៅទេ) ដ្បិតថ្ងៃនេះ យើងបានឆាន់ថ្នាំខ្លះទៅហើយ បើដូច្នោះ ចាំយើងពិចារណា នូវកាល និងសម័យសិន ហើយសឹមទៅក្នុងថ្ងៃស្អែក បពិត្រអ្នកម្ចាស់ ព្រះអានន្ទដ៏​ចម្រើន​នោះ បានធ្វើឱកាស ដើម្បីនិមន្តមកឆាន់ក្នុងថ្ងៃស្អែក ដោយកិច្ចណា កិច្ចនេះ ខ្ញុំបានធ្វើសម្រេចហើយ ដោយហេតុមានប្រមាណប៉ុណ្ណេះ ។

សុភសូត្រ អរិយខន្ធ ៣ - អរិយសីលក្ខន្ធ

កែប្រែ

[១១៩] លុះកន្លងរាត្រីនោះហើយ ព្រះអានន្ទមានអាយុ​ទ្រង់ស្បង់ និងបាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ មានភិក្ខុ​មួយ​រូប​ឈ្មោះចេតកៈ ជាបច្ឆាសមណៈ ក៏ចូលសំដៅទៅត្រង់ទីលំនៅ​របស់សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលបម្រុងទុក ។

លំដាប់នោះ សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល នឹងព្រះអានន្ទមានអាយុ លុះបញ្ចប់នូវពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះសុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ។ បានទូលស្នើរឿងនេះ នឹងព្រះអានន្ទមានអាយុថា ព្រះអានន្ទដ៏​ចម្រើន​ ជាឧបដ្ឋាក ជាអ្នកនៅជិតដិត ជាអ្នកបម្រើជិត នៃព្រះគោតមដ៏​ចម្រើន​នោះ អស់កាលជាអង្វែង ព្រះអានន្ទដ៏​ចម្រើន​ គួរនឹងដឹងរឿងនុ៎ះ ព្រះគោតមដ៏​ចម្រើន​នោះ បានពោលសរសើរធម៌ទាំងឡាយណា ទាំងណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋានក្នុងធម៌ទាំងឡាយណា បពិត្រព្រះអានន្ទដ៏​ចម្រើន​ ព្រះគោតមដ៏​ចម្រើន​នោះ បានពោលសរសើរធម៌ទាំងឡាយនោះ ដូចម្តេចខ្លះ ? ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន ក្នុងធម៌ដូចម្តេចខ្លះ ?

អរិយខន្ធ ៣

កែប្រែ

អរិយសីលក្ខន្ធ

កែប្រែ

ព្រះអានន្ទតបថា ម្នាលមាណព ព្រះមានព្រះភាគនោះ ព្រះអង្គបានពោលសរសើរខន្ធ ៣ យ៉ាង ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន ក្នុងខន្ធទាំង ៣ យ៉ាងនុ៎ះ ខន្ធទាំង ៣ យ៉ាងនោះ តើដូចម្តេចខ្លះ ? គឺអរិយសីលក្ខន្ធអរិយសមាធិក្ខន្ធអរិយបញ្ញាខន្ធ១ ម្នាលមាណព ព្រះមានព្រះភាគនោះ ព្រះអង្គបានពោលសរសើរ​ខន្ធទាំង ៣ យ៉ាងនេះឯង ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន ក្នុងខន្ធទាំង ៣ យ៉ាងនេះ ។

[១២០] សុភមាណពទូលសួរថា បពិត្រព្រះអានន្ទដ៏​ចម្រើន​ ចុះអរិយសីលក្ខន្ធ ដែលព្រះគោតមដ៏​ចម្រើន​នោះ ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាននោះ តើដូចម្តេច ?

ព្រះអានន្ទតបថា ម្នាលមាណព ព្រះតថាគតកើតឡើង ក្នុងលោកនេះ ជាបុគ្គលឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់​យ៉ាង ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ បរិបូណ៌​ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គល​គប្បីប្រព្រឹត្ត មានដំណើរល្អ ជ្រាប​ច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាអ្នក​ទូន្មាន​នូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ច​ធម៌ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ បានត្រាស់ដឹង បានធ្វើឲ្យ​ជាក់​ច្បាស់ដោយព្រះអង្គឯង ហើយញុំាង​លោកនេះ ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និង​មនុស្ស​ដ៏សេស ឲ្យ​ត្រាស់ដឹងផង ។ ព្រះអង្គទ្រង់សំដែង​ធម៌ មានលំអបទដើម លំអបទកណ្តាល និងលំអបទចុង ជាធម៌បរិបូណ៌​ដោយអត្ថ និងព្យញ្ជនៈ ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ដ៏​បរិសុទ្ធបរិបូណ៌គ្រប់គ្រាន់ទាំងអស់ ។ គហបតីក្តី កូនរបស់គហបតីក្តី ឬបុគ្គល កើតក្នុងត្រកូលឯណានីមួយ ជាខាងក្រោយក្តី ស្តាប់នូវធម៌នោះ លុះបុគ្គលនោះ ស្តាប់នូវធម៌នោះហើយ រមែងបាននូវសទ្ធា ក្នុងព្រះតថាគត លុះបុគ្គលនោះ ប្រកបដោយការបាននូវសទ្ធានេះហើយ រមែងពិចារណាឃើញច្បាស់ថា ឃរាវាសចង្អៀតចង្អល់ ជាផ្លូវហូរមកនៃធូលី គឺកិលេស បព្វជ្ជា ទើបមានឱកាសទំនេរ បុគ្គលដែលនៅជាគ្រហស្ថ គ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ ពេញលេញ ឲ្យបរិសុទ្ធពេញលេញ ដូចស័ង្ខដែលគេខាត់ហើយនោះទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្ការួចហើយ ស្លៀកដណ្តប់នូវសំពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ។ លុះកាលជាខាងក្រោយមក បុគ្គលនោះ លះបង់គំនរភោគៈតិចក្តី លះបង់គំនរភោគៈច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិវង្សច្រើនក្តី កោរសក់ និងពុកមាត់ ពុកចង្ការួចហើយ ស្លៀកដណ្តប់សំពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ។ កាលបើបុគ្គលនោះបួសយ៉ាងនេះហើយ ក៏សង្រួមក្នុងបាតិមោក្ខសំវរសីល ប្រកបដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ប្រកបដោយកាយកម្ម និងវចីកម្មជាកុសល មានអាជីវៈដ៏បរិសុទ្ធ បរិបូណ៌ដោយសីល រក្សានូវទ្វារ​ក្នុងឥន្ទ្រិយទាំងឡាយ​ប្រកបដោយសតិសម្បជញ្ញៈ ជាអ្នកសន្តោស ។

ចូឡសីល
កែប្រែ

[១២១] ម្នាលមាណព ចុះភិក្ខុជាអ្នកបរិបូណ៌ដោយសីល តើដូចម្តេច ?

១. ភិក្ខុក្នុងសាសនានេះ លះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត ជាអ្នកមានគ្រឿងវាយសំពង ដាក់ចុះហើយ មានគ្រឿងសស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានចិត្តអាណិតអាសូរ ជាអ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ។ នេះ​ជាសីលរបស់ភិក្ខុនោះ ។

២. ភិក្ខុលះបង់អទិន្នាទាន ជាអ្នកវៀរស្រឡះ​ចាកអទិន្នាទាន កាន់​យកតែ​វត្ថុ​ដែលគេឲ្យ ចង់បានតែវត្ថុដែលគេឲ្យ មានខ្លួន​ដ៏ស្អាត មិនមែនជា​មនុស្ស​ល្មួច ។ នេះជាសីលរបស់ភិក្ខុនោះ ។

៣. ភិក្ខុលះបង់អព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តធម៌ដ៏​ប្រសើរ ជាអ្នកប្រព្រឹត្តឆ្ងាយ ជាអ្នកវៀរចាកមេថុនធម្ម ដែលជាធម៌​របស់អ្នកស្រុក ។ នេះជាសីលរបស់ភិក្ខុនោះ ។

៤. ភិក្ខុលះបង់មុសាវាទ ជាអ្នកវៀរស្រឡះ​ចាកមុសាវាទ ពោលតែពាក្យពិត តនូវពាក្យពិត ដោយពាក្យពិត ជាអ្នកមានសំដីនឹង មានពាក្យដែលគេ​គប្បីជឿ មិនបានពោល​បំភ្លាត់​សត្វលោក ។ នេះជាសីលរបស់ភិក្ខុនោះ ។

៥. ភិក្ខុលះបង់បិសុណាវាចា ជាអ្នកវៀរស្រឡះ​ចាកបិសុណាវាចា ឮអំពីទីនេះ មិនបានយក​ទៅ​ប្រាប់​ក្នុងទីឯណោះ ដើម្បីបំបែក​នូវជនទាំងឡាយនេះ ឬឮក្នុងទីឯណោះ មិនបាន​យក​មកប្រាប់ដល់ជនទាំងឡាយនេះ ដើម្បី​បំបែកនូវ​ជនទាំងឡាយឯណោះ ជាអ្នក​ផ្សះផ្សានូវជនទាំងឡាយ ដែលបែកគ្នាហើយ ឬឲ្យកម្លាំងថែម​ដល់ពួកជន ដែលជា​នឹងគ្នា​ហើយ មានសេចក្តីព្រមព្រៀងគ្នាជាទីត្រេកអរ ត្រេកអរតែក្នុងសេចក្តីព្រមព្រៀងគ្នា រីករាយ​តែក្នុងសេចក្តីព្រមព្រៀងគ្នា ជាអ្នកនិយាយតែវាចាដែល​ជាគ្រឿង​ធ្វើនូវ​សេចក្តី​ព្រមព្រៀងគ្នា ។ នេះជាសីលរបស់ភិក្ខុនោះ ។

៦. ភិក្ខុលះបង់ផរុសវាចា ជាអ្នកវៀរស្រឡះ​ចាកផរុសវាចា ក៏វាចាណាដែលមិនមានទោស នាំមកនូវសេចក្តីសុខដល់ត្រចៀក (អ្នកដទៃ) ជាពាក្យគួរឲ្យកើតសេចក្តីស្រឡាញ់ ជាពាក្យគួរ​តម្កល់​ទុកក្នុងហឫទ័យ ជាសំដី​របស់អ្នកក្រុង ជាពាក្យជាទីត្រេកអរនៃជនច្រើនគ្នា ជាទីគាប់ចិត្ត​នៃជនច្រើនគ្នា តែងពោល​នូវវាចាមានសភាពដូច្នោះ ។ នេះជាសីលរបស់ភិក្ខុនោះ ។

៧. ភិក្ខុលះបង់​សម្ផប្បលាបៈ ជាអ្នកវៀរស្រឡះ​ចាកសម្ផប្បលាបៈ ជាអ្នកពោលនូវពាក្យ​ក្នុង​កាលគួរ ពោល​នូវពាក្យពិត ពោលនូវអត្ថ ពោលនូវ​ធម៌ ពោលនូវ​វិន័យ ពោលនូវ​ពាក្យ​គួរតម្កល់​ទុក​ក្នុងហឫទ័យ ជាពាក្យ​ប្រកបដោយ​គ្រឿង​អាង ជាពាក្យ​មានកំណត់ ជាពាក្យ​ប្រកប​ដោយ​ប្រយោជន៍ តាមកាលដ៏គួរ ។ នេះជាសីលរបស់ភិក្ខុនោះ ។

៨. ភិក្ខុវៀរស្រឡះ​ចាក​ការធ្វើ​ពីជគាម និងភូតគាម [វត្ថុដែល​មានពូជដុះឡើងបាន តែមិនដុះ​ជាប់នឹង​ផែនដី មានគ្រាប់ឈើជាដើម ហៅថាពីជគាម, ឈើ ស្មៅជាដើម ដែលដុះ​ជាប់នឹងផែនដី ហៅថា ភូតគាម ។] ឲ្យវិនាស ។

៩. ជាអ្នកបរិភោគ​ភត្តតែ១ពេល វៀរបរិភោគ​ក្នុងរាត្រី វៀរបរិភោគ​ក្នុងកាលខុស ។

១០. វៀរចាកការមើលនូវរបាំ និងស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែល​ជា​សត្រូវ​ដល់កុសលធម៌ ។

១១. វៀរចាកការទ្រទ្រង់​និងការប្រដាប់​ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿង​ក្រអូប និងគ្រឿង​លាបផ្សេងៗ ។

១២. វៀរចាក​ទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយ​ដ៏​ប្រសើរ ។

១៣. វៀរចាក​ការទទួល​នូវមាស និងប្រាក់ ។

១៤. វៀរចាកការទទួល​នូវធញ្ញជាតិឆៅ ។

១៥. វៀរចាកការទទួល​នូវសាច់ឆៅ ។

១៦. វៀរចាកការទទួល​នូវស្រី និងកុមារី ។

១៧. វៀរចាកការទទួល​ខ្ញុំស្រី និងខ្ញុំប្រុស ។

១៨. វៀរចាកការទទួល​នូវពពែ និងចៀម ។

១៩. វៀរចាកការទទួល​នូវ​មាន់ និង​ជ្រូក ។

២០. វៀរចាកការទទួល​នូវដំរី គោ សេះឈ្មោលញី ។

២១. វៀរចាកការទទួល​នូវ​ស្រែ និងចម្ការ ។

២២. វៀរចាកការប្រកប​នូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងទៅ​ដោយ​គេប្រើអំពី​ផ្ទះមួយ ទៅផ្ទះមួយ ។

២៣. វៀរចាកការទិញ និងលក់ ។

២៤. វៀរចាកការបញ្ឆោត ឬបន្លំដោយជញ្ជីង និងបញ្ឆោត ដោយភាជន៍កាឡៃមាស (ជាដើម) និងបញ្ឆោត​ដោយ​រង្វាល់រង្វាស់ ។

២៥. វៀរចាកការ​ប្រកបនូវអំពើ​វៀច គឺបង្ខុសបំភាន់ [បានខាង​ចៅក្រមស៊ីសំណូក​គេ ហើយកាត់ក្តីវៀច ធ្វើអ្នកចាញ់ឲ្យទៅជាឈ្នះ អ្នកឈ្នះឲ្យទៅជាចាញ់​វិញ ។] និងបញ្ឆោត​បោកប្រាស និងបន្លំដោយរបស់ក្លែង ។

២៦. វៀរចាកការ​កាត់ (នូវអវយវៈ មានដៃជាដើម) ការសម្លាប់ ការចង ការលាក់ខ្លួន ពួនចាំ​ធ្វើអំពើអាក្រក់ និងការប្លន់​ការកំហែងយកទ្រព្យ ។ នេះជាសីលរបស់ភិក្ខុនោះ ។

ចប់​ចូឡសីល

មជ្ឈិមសូត្រ
កែប្រែ

១. មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវភោជនទាំងឡាយ ដែលទាយកឲ្យដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ រមែងប្រកបរឿយៗនូវការធ្វើពីជគាម និងភូតគាម​ឲ្យ​វិនាស មានសភាពដូច្នេះ ។ ពីជគាម និង​ភូតគាមនោះ តើដូចម្តេចខ្លះ ? គឺមើម ឬឫសជាពូជ១ ដើមជាពូជ១ ថ្នាំងជាពូជ១ ចុង ឬត្រួយជាពូជ១ គ្រាប់ជាពូជ១ ជាគំរប់៥ ។ ភិក្ខុជាអ្នកវៀរចាកការធ្វើពីជគាម និង​ភូតគាម​ឲ្យ​វិនាស មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

២. ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវ​ភោជន​ទាំងឡាយ ដែលទាយក​ឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ រមែង​ប្រកប​រឿយ​ៗនូវការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពដូច្នេះ ។ ការសន្សំទុកនោះ តើដូច​ម្តេច​ ? គឺសន្សំបាយទុក១ សន្សំទឹកទុក១ សន្សំសំពត់ទុក១ សន្សំយានទុក១ សន្សំទីដេកទុក១ សន្សំ​គ្រឿង​ក្រអូបទុក១ សន្សំគ្រឿងអាមិសៈទុក១ ។ ភិក្ខុជាអ្នកវៀរចាកការ​បរិភោគវត្ថុ ដែល​សន្សំទុក មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

៣. ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជន​ទាំងឡាយ ដែលទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ រមែង​ប្រកប​រឿយ​ៗនូវការមើល ការស្តាប់នូវល្បែង ដែលជាសត្រូវ​ដល់​កុសលធម៌ មានសភាពដូច្នេះ ។ ល្បែង​ជា​សត្រូវ ដល់​កុសលធម៌នោះ តើដូចម្តេច ? គឺល្បែងរាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ មហោស្រពខ្លះ ចម្បាំងមហា​ភារតៈ និងរាមកេរ្តិ៍ជាដើមខ្លះ គងខ្លះ រគាំងខ្លះ ស្គរមានជ្រុង ៤ ខ្លះ គូរគំនូររូបរបាំខ្លះ ល្បែងដុំដែកខ្លះ ល្បែង​រ៉ាវ​ខ្លះ ល្បែង​លាងឆ្អឹងខ្លះ ដំរីជល់គ្នាខ្លះ សេះប្រខាំគ្នាខ្លះ ក្របីជល់គ្នាខ្លះ គោជល់គ្នាខ្លះ ពពែជល់​គ្នាខ្លះ កែះជល់​គ្នាខ្លះ មានជល់​គ្នាខ្លះ ចាបជល់​គ្នាខ្លះ ល្បែង​គុណ​ដំបង​ខ្លះ ប្រដាល់ខ្លះ ចំបាប់ខ្លះ ចម្បាំងខ្លះ ទីគេរាប់ពលខ្លះ ទីលំនៅកងទ័ពខ្លះ ទីមើល​ពួក​សេនា​ដែល​ប្រកបដោយអង្គ ៤ ​ខ្លះ ។ ភិក្ខុជាអ្នក​វៀរចាកការមើល ការស្តាប់នូវល្បែង ដែលជាសត្រូវ​ដល់​កុសលធម៌ មានសភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

៤. ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវ​ភោជន​ទាំងឡាយ ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ រមែង​ប្រកបរឿយ​ៗ​នូវ​ល្បែងបាស្កា ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ មានសភាពដូច្នេះ ។ ល្បែងបាស្កានោះ តើដូចម្តេចខ្លះ ? គឺបាស្កា​មានក្រឡា​៨ [ចត្រង្គមានក្រឡា៨ ។]ខ្លះ បាស្កា​មានក្រឡា១០ [ចត្រង្គ​មានក្រឡា១០ ន័យខ្លះថា បាយខុំ ។]ខ្លះ បាស្កាដែលលេង​ឰដ៏អាកាស [ចត្រង្គឥតក្តារ លេង​តែមាត់​ទទេ ។]ខ្លះ ល្បែងវាងផ្លូវ​ដែលគួរវាង [ប្រហែល​ជាបិទមុខ បិទពួន ។]ខ្លះ ល្បែងផ្ទាត់គ្រាប់​មានគ្រាប់​ក្រួស​ជាដើមខ្លះ លេងបាស្កាក្នុងទីលាន​សម្រាប់​លេងខ្លះ ល្បែងហ៊ឹង ឬកូនគោលខ្លះ ល្បែង​រលាស់​ទឹក​លាក់ឲ្យទាយរូបខ្លះ ល្បែង​អង្គញ់ខ្លះ ល្បែងផ្លុំ​ប៉ីស្លឹកខ្លះ ល្បែង​នង្គ័លតូចខ្លះ ល្បែងដាំដូងខ្លះ ល្បែង​កង្ហារខ្លះ ល្បែង​វាល់ដីខ្សាច់ (បាយឡុកបាយឡ)ខ្លះ ល្បែង​រថតូចខ្លះ ល្បែងធ្នូតូចខ្លះ ល្បែង​សរសេរ​អក្សរខ្យល់ឲ្យទាយខ្លះ ល្បែង​ទាយចិត្ត (ស្តេច​ចង់)​ខ្លះ ល្បែងកំប្លែង​ត្រាប់គេខ្លះ ។ ឯភិក្ខុ​ជាអ្នក​វៀរចាក​ល្បែង​បាស្កា ដែលជា​ហេតុ ជាទីតាំង​នៃសេចក្តីប្រមាទ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។

៥. មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជន​ទាំងឡាយ​ដែលទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែង​ប្រកប​រឿយ​ៗ​នូវឧច្ចាសយនមហាសយនៈ (ទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក​ទីអង្គុយ​ដ៏ប្រសើរ) មាន​សភាព​ដូច្នេះ ។ ឧច្ចាសយនមហាសយនៈនោះ តើដូចម្តេច ? គឺអាសនៈ​ដែលខ្ពស់​ហួស​ប្រមាណ​ខ្លះ គ្រែ​ដែល​មានជើងវិចិត្រ ​ដោយរូបសត្វសាហាវខ្លះ ព្រំដែលមានរោមវែងជាង​បួន​ធ្នាប់​ខ្លះ កម្រាល​ដែល​ធ្វើដោយរោម វិចិត្រដោយរូបសត្វ​សាហាវខ្លះ កម្រាលមានពណ៌ស ដែល​ធ្វើ​ដោយរោម​សត្វខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ មាន​ផ្កាដេរដាសខ្លះ កម្រាលដែលញាត់​ដោយសំឡីជា​ប្រក្រតីខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ វិចិត្រដោយរូប​សត្វសាហាវ មានសីហៈ និង​ខ្លាធំជាដើមខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ​មានរោមច្រាង​ឡើងតែម្ខាងខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ មានរោមច្រាងឡើង​ទាំងសងខាងខ្លះ កម្រាល​ដែល​ធ្វើដោយឌិនខ្សែសយមាស និងសូត្រ ចាក់ស្រែះ​ដោយរតនវត្ថុ មានមាសជាដើមខ្លះ កម្រាល​ដែល​ធ្វើដោយសរសៃសូត្រ ចាក់​ស្រែះ​ដោយរតនវត្ថុខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ ល្មម​ចុះពួកស្រីរបាំ១៦នាក់ ឈរ​រាំ​បាន​ខ្លះ កម្រាលសម្រាប់​ក្រាលលើខ្នងដំរីខ្លះ កម្រាល​សម្រាប់ក្រាលលើខ្នងសេះខ្លះ កម្រាលសម្រាប់​ក្រាលលើរថខ្លះ កម្រាល​ដែល​ធ្វើដោយស្បែក​ខ្លាខ្លះ កម្រាល​ដ៏ឧត្តម ដែល​ធ្វើដោយស្បែក​សត្វ​ឈ្មុស​ខ្លះ ខ្នើយ​មានពណ៌​ក្រហមទាំងពីរខាង គឺខ្នើយ​ក្បាល និងខ្នើយជើង ព្រមទាំងពិតាន មាន​ពណ៌​ក្រហមខ្លះ ។ ភិក្ខុ​ជាអ្នក​វៀរចាកឧច្ចាសយនមហាសយនៈ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

៦. ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជន​ទាំងឡាយ ដែលទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែង​ប្រកប​រឿយ​ៗ​នូវវត្ថុ​ជាទីតាំងនៃ​ការប្រដាប់ស្អិតស្អាង​រាងកាយ មានសភាពដូច្នេះ ។ វត្ថុជាទីតាំង​នៃការ​ប្រដាប់ស្អិតស្អាងរាងកាយនោះ តើដូចម្តេច ? គឺការដុសខាត់ បំបាត់ក្លិនអាក្រក់ (គ្រឿងអប់)ខ្លះ ការច្របាច់រឹតខ្លះ ការផ្ងូតទឹកខ្លះ ការគក់ច្របាច់ខ្លះ កញ្ចក់ខ្លះ វត្ថុសម្រាប់​លាបគ្រឿងប្រដាប់ខ្លះ ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបខ្លះ គ្រឿងលំអិតសម្រាប់​ប្រោះមុខខ្លះ វត្ថុសម្រាប់​លាប​មុខ​ខ្លះ គ្រឿងប្រដាប់ដៃខ្លះ ចំណង​ផ្នួងសក់ខ្លះ ដំបងខ្លះ បំពង់ថ្នាំខ្លះ ដាវខ្លះ ព្រះខាន់ខ្លះ ឆត្រខ្លះ ស្បែក​ជើងដ៏វិចិត្រខ្លះ មកុដ ឬក្បាំងមុខ(ស្នៀតសក់)ខ្លះ កែវមណីខ្លះ ផ្លិតធ្វើដោយ​រោម​កន្ទុយ​សត្វ​ខ្លះ សំពត់សខ្លះ សំពត់​មាន​ជាយ​វែងខ្លះ ។ ភិក្ខុជាអ្នក​វៀរចាកការប្រកបរឿយៗ នូវ​វត្ថុជាទីតាំង​នៃការប្រដាប់​ស្អិតស្អាង​រាងកាយ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

៧. មួយទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជន​ទាំងឡាយ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែង​ប្រកបរឿយៗ​នូវ​តិរច្ឆានកថា (ពាក្យ​និយាយទទឹងផ្លូវសួគ៌ និងផ្លូវព្រះនិព្វាន) មានសភាព​យ៉ាងនេះ ។ តិរច្ឆាន​កថា​នោះ តើ​ដូចម្តេច ? គឺការនិយាយអំពីស្តេចខ្លះ និយាយអំពី​ចោរខ្លះ និយាយអំពី​អាមាត្រធំខ្លះ និយាយអំពី​សេនាទាហាន​ខ្លះ និយាយអំពីភ័យខ្លះ និយាយអំពីចម្បាំងខ្លះ និយាយ​អំពី​បាយ​ម្ហូប​ចំណី​ខ្លះ និយាយអំពី​ទឹកផឹកខ្លះ និយាយ​អំពីសំពត់ខ្លះ និយាយអំពី​ទីដេកខ្លះ និយាយ​អំពី​ផ្កា​កម្រង​ខ្លះ និយាយ​អំពី​គ្រឿង​ក្រអូបខ្លះ និយាយអំពីញាតិខ្លះ និយាយ​អំពីយានខ្លះ និយាយ​អំពី​ស្រុក​ខ្លះ និយាយ​អំពី​និគមខ្លះ និយាយ​អំពី​នគរខ្លះ និយាយ​អំពីជនបទខ្លះ និយាយ​អំពីស្ត្រីខ្លះ និយាយ​អំពី​បុរសខ្លះ និយាយអំពីយោធាដែលក្លៀវក្លាខ្លះ និយាយអំពីច្រកផ្លូវខ្លះ និយាយ​អំពី​កំពង់​ទឹកខ្លះ និយាយអំពីញាតិ (ដែលទៅកាន់​បរលោកហើយ)ខ្លះ និយាយអំពីពាក្យ​ឥត​ប្រយោជន៍ មានសភាពផ្សេងៗខ្លះ និយាយអំពី​លោកខ្លះ និយាយអំពី​សមុទ្រខ្លះ និយាយ​អំពី​សេចក្តី​ចម្រើន និង​មិន​ចម្រើនខ្លះ ។ ភិក្ខុជាអ្នកវៀរចាកតិរច្ឆានកថា មាន​សភាព​ដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

៨. មួយទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវ​ភោជន​ទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែងប្រកប​រឿយ​ៗ​នូវ​ពាក្យ​ប្រណាំង​ប្រជែង មានសភាព​ដូច្នេះ ។ ពាក្យប្រណាំងប្រជែង​នោះ តើ​ដូចម្តេចខ្លះ ? គឺនិយាយថា អ្នកមិនមែន​ចេះដឹងនូវ​ធម៌ និងវិន័យនេះទេ ខ្ញុំទើបដឹងនូវ​ធម៌ និងវិន័យនេះ អ្នក​នឹង​បាន​ឈ្មោះថាចេះ​ដឹង នូវ​ធម៌ និងវិន័យនេះ ដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំ​ទើបជាអ្នក​ប្រតិបត្តិត្រូវល្អ ពាក្យ​របស់ខ្ញុំ ទើបប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នក មិន​ប្រកប​ដោយ​ប្រយោជន៍​ទេ សំដី​ដែល​គេត្រូវនិយាយមុន អ្នកត្រឡប់​ជានិយាយក្រោយវិញ សំដី​ដែលគេត្រូវ​និយាយក្រោយ អ្នកត្រឡប់​ជា​និយាយមុនវិញ ពាក្យផ្ទុយអ្នកប្រព្រឹត្តមកជាយូរអង្វែងហើយ ទោស​ក្នុងសំដីរបស់អ្នក ខ្ញុំបាន​លើកឡើងហើយ អ្នកជាមនុស្ស ត្រូវខ្ញុំ​សង្កត់​សង្កិនបាន អ្នកចូរទៅសិក្សា ដើម្បីដោះស្រាយនូវទោសក្នុងសំដី ឬបើអ្នកអាច ចូរ​អ្នកដោះស្រាយ​ឲ្យរួច​ទោស​ចុះ ។ ភិក្ខុជាអ្នក​វៀរចាកពាក្យ​ប្រណាំង​ប្រជែង មាន​សភាព​ដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

៩. ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវ​ភោជន​ទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែង​ប្រកប​រឿយ​ៗ​នូវទូតកម្ម គឺការនាំ​សំបុត្រ ឬពាក្យបណ្តាំ​របស់គ្រហស្ថ និងការទៅដោយ​គេបញ្ជូន​អំពី​ផ្ទះ​មួយ ទៅផ្ទះមួយ មានសភាព​យ៉ាងនេះ ។ ទូតកម្មជាដើមនោះ តើ​ដូចម្តេចខ្លះ ។ គឺពាក្យដែលស្តេច មហាមាត្យរបស់ស្តេច ​ក្សត្រិយ៍ ​ព្រាហ្មណ៍ គហបតិ ឬ​កុមារក្តី បញ្ជូន​ទៅថា លោកចូរទៅក្នុងទីនេះ ដូច្នេះក្តី លោកចូរទៅក្នុងទីឯណោះ ដូច្នេះក្តី លោកចូរនាំយក​របស់នេះទៅ ដូច្នេះក្តី លោកចូរ​នាំយក​របស់នេះ មកអំពីទីឯណោះមក ដូច្នេះក្តី ។ ភិក្ខុជាអ្នក​វៀរ​ចាកការប្រកបរឿយៗ នូវទូតកម្ម គឺការនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងការទៅដោយ​គេ​បញ្ជូន​អំពីផ្ទះមួយ ទៅផ្ទះមួយ មាន​សភាព​ដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

១០. ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវ​ភោជន​ទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ជាអ្នកកុហក គឺញុំាងសត្វលោក​ឲ្យកោត ឲ្យស្ងើច (ឲ្យ​ជ្រះ​ថ្លា ដោយការប្រើប្រាស់បច្ច័យជាដើម)ខ្លះ ជាអ្នក​និយាយរាក់ទាក់ (នឹងគ្រហស្ថ)ខ្លះ ជាអ្នក​ធ្វើ​និមិត្ត គឺពោល​បញ្ឆិតបញ្ឆៀងខ្លះ ជាអ្នក​ជេរ​ប្រទេច​ខ្លះ ជាអ្នកស្វែងរក​នូវលាភ ដោយលាភខ្លះ ។ ភិក្ខុ​ជាអ្នកវៀរ​ចាកការកុហក និងការនិយាយ​រាក់​ទាក់ មាន​សភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

ចប់ មជ្ឈិមសីល

មហាសីល
កែប្រែ

១. ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយ​មិច្ឆាជីវៈ គឺចិញ្ចឹមជីវិតខុស ព្រោះ​តិរច្ឆាន​វិជ្ជា មាន​សភាព​ដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេចខ្លះ ? គឺសាស្ត្រា (ក្បួន) និយាយអំពីអវយវៈខ្លះ ទាយនិមិត្ត គឺហេតុ​ខ្លះ ឧត្បាត គឺ​ការធ្លាក់​ចុះ​នៃហេតុធំៗ មានរន្ទះបាញ់ជាដើមខ្លះ ទាយយល់សប្តិខ្លះ ទាយ​លក្ខណៈ​ខ្លះ ទាយវត្ថុ ដែល​កណ្តុរ​កាត់ (មានសំពត់ជាដើម)ខ្លះ និយាយអំពីការបូជាដោយភ្លើង​ខ្លះ និយាយអំពី​ការបូជា​ដោយ​វែកខ្លះ និយាយអំពីការបូជាដោយ​អង្កាម​ខ្លះ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ និយាយអំពីការបូជាដោយអង្ករខ្លះ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ និយាយ​អំពី​ការ​បូជា​ដោយប្រេងខ្លះ និយាយអំពីការបូជាដោយមាត់ [អដ្ឋកថា ថា យកមាត់ខាំវត្ថុមានគ្រាប់ស្ពៃ​ជាដើម យកទៅដាក់​ក្នុង​ភ្លើង ឬសូត្ររបៀនបូជាដោយមាត់ ។]ខ្លះ និយាយ​អំពីការ​បូជា​ដោយ​ឈាម​ខ្លះ វិជ្ជាសម្រាប់​ទាយ​នូវអវយវៈខ្លះ វិជ្ជាសម្រាប់​ទាយភូមិឋានខ្លះ វិជ្ជាសម្រាប់​ទាយទីស្រែ​ចម្ការ​ខ្លះ វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ វិជ្ជាចាប់ខ្មោចខ្លះ វិជ្ជាសម្រាប់ការពារ​រក្សាភូមិផ្ទះខ្លះ វិជ្ជា​ស្តោះ​ពស់ [វិជ្ជាមើលសត្វ​ដែល​ពស់ខាំ ឬហៅពស់ ។]​ខ្លះ វិជ្ជារក្សាពិសខ្លះ វិជ្ជាស្តោះខ្ទួយ​ទិចខ្លះ វិជ្ជា​ស្តោះ​កណ្តុរខាំខ្លះ វិជ្ជាសម្រាប់​ទាយសម្រែក​សត្វស្លាបខ្លះ វិជ្ជាសម្រាប់​ទាយសម្រែកក្អែកខ្លះ វិជ្ជាសម្រាប់​ទាយ​អាយុខ្លះ វិជ្ជាសម្រាប់​រារាំងនូវសរខ្លះ វិជ្ជាសម្រាប់​មើលនូវ​ស្នាមជើងម្រឹគ គឺ​សត្វ​ជើង​ ៤ ទាំងអស់​ខ្លះ ។ ភិក្ខុជាអ្នក​វៀរចាកការចិញ្ចឹមជីវិត ដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

២. ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយ​មិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា មាន​សភាព​យ៉ាងនេះ ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេចខ្លះ ? គឺការ​ទាយ​លក្ខណៈកែវមណីខ្លះ ទាយលក្ខណៈសំពត់ខ្លះ ទាយលក្ខណៈដម្បង ឬឈើច្រត់ខ្លះ ទាយលក្ខណៈគ្រឿងសស្ត្រាខ្លះ ទាយលក្ខណៈដាវខ្លះ ទាយលក្ខណៈសរខ្លះ ទាយលក្ខណៈធ្នូខ្លះ ទាយលក្ខណៈអាវុធខ្លះ ទាយលក្ខណៈស្រីខ្លះ ទាយលក្ខណៈបុរសខ្លះ ទាយលក្ខណៈ​ក្មេង​ប្រុស​ខ្លះ ទាយលក្ខណៈ​ក្មេង​ស្រីខ្លះ ទាយលក្ខណៈខ្ញុំប្រុសខ្លះ ទាយលក្ខណៈខ្ញុំស្រីខ្លះ ទាយ​លក្ខណៈ​ដំរីខ្លះ ទាយលក្ខណៈ​សេះ​ខ្លះ ទាយលក្ខណៈក្របីខ្លះ ទាយលក្ខណៈគោឧសភខ្លះ ទាយ​លក្ខណៈ​គោ​ខ្លះ ទាយលក្ខណៈ​ពពែខ្លះ ទាយលក្ខណៈកែះខ្លះ ទាយលក្ខណៈមាន់ខ្លះ ទាយលក្ខណៈចាប ឬក្រួច​ខ្លះ ទាយលក្ខណៈរូបគំនូរ ឬគ្រឿងប្រដាប់ធ្វើដោយរូបទន្សងខ្លះ ទាយលក្ខណៈ​គ្រឿង​ប្រដាប់ ឬកំពូលផ្ទះខ្លះ ទាយលក្ខណៈរូបគំនូរ ឬគ្រឿង​ប្រដាប់ធ្វើ​ដោយរូបអណ្តើកខ្លះ ទាយ​លក្ខណៈ​ម្រឹគ គឺសត្វជើង ៤ ទាំងអស់ខ្លះ ។ ភិក្ខុជាអ្នក​វៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

៣. ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយមិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា មាន​សភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេច ? គឺការ​ទាយ​អំពីការ​លើកទ័ពថា ព្រះរាជា គួរស្តេច​ចេញទៅ (ក្នុងថ្ងៃនោះ) ព្រះរាជា គួរស្តេច​ត្រឡប់​មក​វិញ (ក្នុងថ្ងៃនោះ) ព្រះរាជាខាងក្នុង នឹងរុក​រានចូលទៅ ព្រះរាជាខាងក្រៅ នឹងថយចេញទៅ ព្រះរាជា​ខាងក្រៅ នឹងរុករានចូលមក ព្រះរាជាខាងក្នុង នឹងថយចេញទៅ ព្រះរាជាខាងក្នុង នឹងមានជ័យជំនះ ព្រះរាជាខាងក្រៅ នឹង​បរាជ័យ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ព្រះរាជា​ខាង​ក្នុង នឹងបរាជ័យ ព្រះរាជា​អង្គនេះ នឹងមានជ័យជំនះ ព្រះរាជាអង្គនេះ នឹងបរាជ័យ ។ ភិក្ខុ​ជាអ្នក​វៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

៤. មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា មាន​សភាព​យ៉ាងនេះ ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេចខ្លះ ? គឺការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមាន​ចន្ទគ្រាស នឹងមានសូរ្យគ្រាស នឹង​មាន​នក្សត្រគ្រាស គឺផ្កាយ​ព្រះគ្រោះ ដើររួមចូលគ្នា ឬដើរ​រំលងព្រះ​អាទិត្យ ព្រះចន្ទ្រ ឬផ្កាយ​ណា​មួយ ។ ព្រះចន្ទ ព្រះអាទិត្យ នឹងដើរតាមផ្លូវត្រូវគ្នា ព្រះ​ចន្ទ ព្រះអាទិត្យ នឹងដើរខុសផ្លូវគ្នា ផ្កាយ​ទាំងឡាយ នឹងដើរ​តាមផ្លូវត្រូវគ្នា ផ្កាយ​ទាំងឡាយ​នឹងដើរ​ខុសផ្លូវគ្នា នឹងមានឧក្កាបាត [ក្នុងលីនត្ថប្បកាសនាដីកាថា កាល​បើអាកាសមានខ្យល់ទង្គិចគ្នាខ្លាំង ក៏កើតមាន​ពន្លឺរស្មី ដូច​ជា​ពន្លឺ​ប្រទីប ធ្លាក់ចុះមកអំពីអាកាស ហៅថា ឧក្កាបាត ។] នឹងកើតមានកំដៅក្នុងទិស នឹង​មាន​កម្រើក​ផែនដី នឹងមានផ្គរលាន់ (ឥត​មាន​ភ្លៀង) ព្រះចន្ទ ព្រះអាទិត្យ ផ្កាយ នឹងរះឡើង ឬលិចទៅវិញ នឹងសៅហ្មង ឬ​ផូរ​ផង់ ចន្ទគ្រាស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ សូរ្យគ្រាស នឹង​បណ្តាល​ឲ្យមានសុខទុក្ខយ៉ាងនេះ នក្សត្រគ្រាស នឹង​បណ្តាល​ឲ្យ​មាន​សុខ​ទុក្ខ​យ៉ាង​នេះ ព្រះចន្ទ និងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ និងព្រះអាទិត្យដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ពួកផ្កាយ ដើរ​តាម​ផ្លូវ​ត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ពួកផ្កាយដើរខុសផ្លូវគ្នា នឹង​បណ្តាល​ឲ្យមាន​សុខ​ទុក្ខ​យ៉ាងនេះ ឧក្កាបាត នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ កំដៅក្នុង​ទិស នឹង​បណ្តាល​ឲ្យ​មានសុខទុក្ខយ៉ាងនេះ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ផ្គរលាន់ (ឥត​មានភ្លៀង) នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ ព្រះអាទិត្យ និងផ្កាយ រះឡើង ឬ​លិច​ទៅវិញ សៅហ្មង ឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ភិក្ខុជាអ្នកវៀរ​ចាកមិច្ឆាជីវៈ ព្រោះ​តិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។

៥. មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយ​មិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា មាន​សភាព​ដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេចខ្លះ ? គឺការ​ទាយ​ថា (ក្នុងឆ្នាំនេះ) នឹងមានភ្លៀង​ធ្លាក់ស្រួល នឹងមានភ្លៀងធ្លាក់មិនស្រួល នឹងមានបាយ​សម្បូណ៌ នឹងមានបាយក្រ នឹងមានសេចក្តី​ក្សេម​ក្សាន្ត នឹងមានភ័យ នឹងមានរោគ នឹងមិនមានរោគ ការរាប់ដោយដៃទទេ ការរាប់​ដោយវិធី​នព្វន្ត រាប់បូក [អដ្ឋកថា ថា ការរាប់នេះ បើ​ស្ទាត់ដល់បុគ្គលណា បុគ្គលនោះ កាលបើឃើញ​ដើមឈើ ក៏អាចនឹងដឹងថា ឈើនេះ មាន​ស្លឹក​ប៉ុណ្ណេះៗបាន ។] កាព្យឃ្លោង គម្ពីរលោកាយតៈ ។ ភិក្ខុជាអ្នក​វៀរ​ចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។

៦. មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយ​មិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា មាន​សភាព​ដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេចខ្លះ ? គឺ​វិធី​រៀប​អាវាហមង្គលខ្លះ វិធីរៀប​វិវាហមង្គលខ្លះ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍)ខ្លះ វិធីធ្វើ​ឲ្យព្រាត់ប្រាស​គ្នា (បង់ចំណែង)​ខ្លះ វិធីប្រមូលទ្រព្យខ្លះ វិធីប្រកបជំនួញខ្លះ វិធីធ្វើឲ្យចូល​ចិត្តស្រឡាញ់​គ្នា ឬ​ធ្វើ​ឲ្យ​មានសិរីខ្លះ វិធីធ្វើ​ឲ្យស្អប់គ្នាខ្លះ វិធីធ្វើ​គភ៌ដែល​បំរុងនឹងវិនាស មិនឲ្យវិនាសខ្លះ វិធីចងអណ្តាត​ឲ្យរឹង​ដោយមន្តខ្លះ វិធីចង​ចង្កា​ឲ្យរឹងខ្លះ វិធីសូត្ររបៀន ដើម្បីផ្លាស់ប្តូរដៃខ្លះ វិធីសូត្រ​របៀន​ដើម្បី​មិន​ឲ្យឮសំឡេងដោយត្រចៀកខ្លះ ប្រស្នា​កញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយ​សួរ​ប្រស្នាខ្លះ ប្រស្នាកុមារី គឺមន្ត​បញ្ចូលទេវតា​ក្នុងសរីរៈនៃកុមារី ហើយសួរប្រស្នាខ្លះ ប្រស្នាទេវតា គឺមន្តបញ្ចូល​ទេវតា ក្នុងសរីរៈនៃ​ទាសី ហើយសួរ​ប្រស្នាខ្លះ វិធីបម្រើព្រះអាទិត្យខ្លះ វិធីបម្រើ​មហាព្រហ្មខ្លះ វិធីបញ្ចេញភ្លើង​អំពីមាត់​ដោយ​មន្តខ្លះ វិធីហៅ​សិរីឲ្យមកឋិតក្នុងសរីរៈខ្លះ ។ ភិក្ខុ​ជាអ្នក​វៀរចាក​មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។

៧. ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជន​ទាំងឡាយ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយ​មិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា មាន​សភាព​ដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេច ? គឺការបន់​ស្រន់​ខ្លះ ការលាបំណន់ខ្លះ ធ្វើមន្ត​សម្រាប់ការពារបិសាចខ្លះ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ ធ្វើ​ខ្ទើយ​ឲ្យដូចជាបុរសខ្លះ ធ្វើបុរស​ឲ្យដូច​ជាខ្ទើយខ្លះ ធ្វើពីធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ ធ្វើពលិកម្មនៅទីដីដែលសង់ផ្ទះខ្លះ ជំរះ​មុខ​ឲ្យស្អាតដោយទឹក​ឲ្យគេខ្លះ បង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ បូជា​ភ្លើង​ឲ្យគេខ្លះ ធ្វើថ្នាំសម្រាប់​ឲ្យ​ក្អួតខ្លះ ធ្វើថ្នាំបញ្ចុះខ្លះ ធ្វើថ្នាំ​កំចាត់បង់​នូវទោស​ខាងលើខ្លះ ធ្វើថ្នាំ​កំចាត់បង់​នូវទោសខាង​ក្រោម​ខ្លះ ធ្វើថ្នាំ​កំចាត់បង់​នូវទោសក្នុងក្បាលខ្លះ ស្លប្រេងសម្រាប់បន្តក់​ត្រចៀកខ្លះ ធ្វើថ្នាំ​សម្រាប់​ស្អំ​ភ្នែកខ្លះ ធ្វើថ្នាំ​សម្រាប់ហិតខ្លះ ធ្វើថ្នាំសម្រាប់លាបបង្កាត់ខ្លះ ធ្វើថ្នាំត្រជាក់សម្រាប់​លាបស្រលាប​ខ្លះ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ ធ្វើពេទ្យវះខ្លះ ធ្វើពេទ្យ​រក្សា​ក្មេង​ខ្លះ ដាក់ថ្នាំ​ក្រោយ​ឲ្យជួយ​កំឡាំង​ថ្នាំមុនខ្លះ លាងថ្នាំដើមចេញខ្លះ [អដ្ឋកថា ថា កាលបើ​មាន​ដម្បៅ ដាក់ថ្នាំ មានថ្នាំផ្សាជាដើម ក្នុងដម្បៅនោះ កាលបើដម្បៅស្រួលសមគួរហើយ ក៏នាំយក​ថ្នាំនោះចេញ ។] ។ ភិក្ខុជាអ្នក​វៀរ​ចាក​មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។

[១២២] ម្នាលមាណព ភិក្ខុនោះឯង បានបរិបូណ៌ដោយសីលយ៉ាងនេះហើយ រមែងមិនឃើញនូវភ័យ អំពីទីណាមួយ ដែលកើតអំពីសេចក្តីសង្រួមក្នុងសីលឡើយ ។ ម្នាលមាណព ប្រៀបដូចព្រះបរមក្សត្រិយ៍ ដែលបានមុទ្ធាភិសេក [ ព្រះរាជាដែលគេបានអភិសេក​ស្រោចទឹកលើ​ព្រះសិរ្ស ឲ្យសោយរាជ្យរួចហើយ ។ ] ជាស្តេចហើយ បានកំចាត់បង់នូវសត្រូវអស់ហើយ រមែងមិនឃើញនូវភ័យ អំពីទីណាមួយ ដែលកើតអំពីសត្រូវឡើយ ដូចម្តេចមិញ ។ ម្នាលមាណព ភិក្ខុដែលបានបរិបូណ៌ដោយសីលយ៉ាងនេះហើយ រមែងមិនឃើញនូវភ័យ អំពីទីណាមួយឡើយ ដែលកើតអំពីសេចក្តីសង្រួម ក្នុងសីល ដូច្នោះឯង ។ ភិក្ខុនោះ ប្រកបព្រមដោយអរិយសីលក្ខន្ធនេះហើយ រមែងទទួលសេចក្តីសុខ ឥតមានទោស ក្នុងសន្តាននៃខ្លួន ។ ម្នាលមាណព ភិក្ខុជាអ្នកបរិបូណ៌ដោយសីល យ៉ាងនេះឯង ។

ចប់​មហាសីល

ម្នាលមាណព នេះឯងជាអរិយសីលក្ខន្ធ ដែលព្រះមានព្រះភាគ ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន កិច្ចដែលគួរធ្វើតទៅ ក្នុងសាសនានេះ នៅមានទៀត ។ សុភមាណព ពោលសរសើរថា បពិត្រព្រះអានន្ទដ៏​ចម្រើន​ ហេតុនេះជាអស្ចារ្យណាស់ បពិត្រព្រះអានន្ទដ៏​ចម្រើន​ ហេតុនេះមិនធ្លាប់មាន បែរជាមានបាន បពិត្រព្រះអានន្ទដ៏​ចម្រើន​ ក៏អរិយសីលក្ខន្ធនោះ បរិបូណ៌ហើយ មិនមែនជាមិនបរិបូណ៌ទេ ។

បពិត្រព្រះអានន្ទដ៏​ចម្រើន​ ខ្ញុំព្រះករុណា មិនដែលឃើញនូវអរិយសីលក្ខន្ធ ដែលបរិបូណ៌ហើយយ៉ាងនេះ ក្នុងពួកសមណៈដទៃ ខាងក្រៅព្រះពុទ្ធសាសនានេះទេ ។ បពិត្រព្រះអានន្ទដ៏​ចម្រើន​ ពួក​សមណព្រាហ្មណ៍​ដទៃ ខាងក្រៅព្រះពុទ្ធសាសនានេះ គង់បានឃើញអរិយសីលក្ខន្ធ ដែលបរិបូណ៌ហើយ យ៉ាងនេះក្នុងខ្លួនដែរ តែសមណព្រាហ្មណ៍ទាំងនោះ ពេញចិត្តដោយគុណ ត្រឹមតែសីលក្ខន្ធប៉ុណ្ណោះថា ល្មមហើយដោយគុណ មានប្រមាណប៉ុណ្ណោះ សម្រេចហើយដោយគុណ មានប្រមាណប៉ុណ្ណេះ ប្រយោជន៍នៃសាមញ្ញគុណ យើងបានដល់ដោយលំដាប់ហើយ កិច្ចនីមួយ ដែលយើងទាំងឡាយ គប្បីធ្វើតទៅ មិនមានឡើយ ។ ចំណែកព្រះអានន្ទដ៏​ចម្រើន​ ពោលយ៉ាងនេះថា កិច្ចដែលគួរធ្វើតទៅ ក្នុងសាសនានេះ នៅមានទៀត ។

អរិយសមាធិក្ខន្ធ

កែប្រែ

[១២៣] បពិត្រព្រះអានន្ទដ៏​ចម្រើន​ ចុះអរិយសមាធិក្ខន្ធ ដែលព្រះគោតមដ៏​ចម្រើន​ ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាននោះ តើដូចម្តេច ? ម្នាលមាណព ចុះភិក្ខុជាអ្នករក្សានូវទ្វារ​ក្នុងឥន្ទ្រិយទាំងឡាយ តើដូចម្តេច ? ម្នាលមាណព ភិក្ខុក្នុងសាសនានេះ បានឃើញនូវរូបារម្មណ៍​ដោយចក្ខុហើយ តែមិនបានកួចកាន់នូវនិមិត្ត មិនបានកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងជាប់តាមនូវបុគ្គល ដែលមិនសង្រួមនូវចក្ខុន្ទ្រិយនោះ ព្រោះហេតុមិនសង្រួមនូវចក្ខុន្ទ្រិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវការសង្រួមក្នុងចក្ខុន្ទ្រិយ ។ បានឮសម្លេងដោយត្រចៀកហើយ ។បេ។ បានធំក្លិនដោយច្រមុះហើយ ។ បានទទួលរសដោយអណ្តាតហើយ ។ បានពាល់ត្រូវនូវផោដ្ឋព្វារម្មណ៍​ដោយកាយហើយ ។ បានដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ តែមិនកួចកាន់នូវនិមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងជាប់តាមនូវបុគ្គល ដែលមិនសង្រួមនូវមនិន្ទ្រិយនោះ ព្រោះហេតុមិនសង្រួមនូវមនិន្ទ្រិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវមនិន្ទ្រិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងមនិន្ទ្រិយ ។ ភិក្ខុនោះ បានប្រកបព្រមដោយឥន្ទ្រិយសំវរៈដ៏ប្រសើរនេះហើយ រមែងទទួលនូវអធិចិត្ត សុខដែលមិនបានច្រឡូកច្រឡំដោយកិលេស ក្នុងសន្តាននៃខ្លួន ។ ម្នាលមាណព ភិក្ខុជាអ្នករក្សានូវទ្វារក្នុងឥន្ទ្រិយទាំងឡាយ យ៉ាងនេះឯង ។

[១២៤] ម្នាលមាណព ភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ តើដូចម្តេច ? ម្នាលមាណព ភិក្ខុក្នុងសាសនានេះ កាលដើរទៅមុខ ឬថយក្រោយ ក៏មានសេចក្តីដឹងខ្លួន កាលក្រឡេកមើលទៅមុខ ឬក្រឡេកមើលទៅទិសផ្សេងៗ (ឆ្វេងស្តាំ) ក៏មានសេចក្តីដឹងខ្លួន កាលបត់ដៃជើង ឬលាដៃជើង ក៏មានសេចក្តីដឹងខ្លួន កាលទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ក៏មានសេចក្តីដឹងខ្លួន កាលបរិភោគភោជន ឬផឹកទឹក ទំពាស៊ីខាទនីយៈ លិទ្ធភ្លក់នូវភេសជ្ជៈ មានសប្បិជាដើម ក៏មានសេចក្តីដឹងខ្លួន កាលបន្ទោង់នូវឧច្ចារៈ និងបស្សាវៈ ក៏មានសេចក្តីដឹងខ្លួន កាលដើរ ឬឈរ អង្គុយ ជិតដេកលក់ ភ្ញាក់ឡើង និយាយ ស្ងៀម ក៏មានសេចក្តីដឹងខ្លួន ម្នាលមាណព ភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ យ៉ាងនេះឯង ។

[១២៥] ម្នាលមាណព ចុះភិក្ខុជាអ្នកសន្តោស តើដូចម្តេច ? ម្នាលមាណព ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ ភិក្ខុនោះ កាលបើចៀសចេញទៅក្នុងទិសណាៗ តែងកាន់យក (នូវគ្រឿងបរិក្ខារតែ ៨ ប៉ុណ្ណោះ) ជាប់ជាមួយនឹងខ្លួន ចេញទៅ ម្នាលមាណព ប្រៀបដូចជាសត្វសកុណជាតិ ដែលមានស្លាប កាលហើរទៅក្នុងទិសណាៗ រមែងមានតែទម្ងន់ស្លាបរបស់ខ្លួនប៉ុណ្ណោះ ហើរទៅ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុជាអ្នកសន្តោសដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ ភិក្ខុនោះ កាលបើចេញទៅទិសណាៗ តែងកាន់យក (នូវគ្រឿងបរិក្ខារតែ៨ប៉ុណ្ណោះ) ជាប់ជាមួយនឹងខ្លួន ចេញទៅ ក៏ដូច្នោះឯង ។ ម្នាលមាណព ភិក្ខុជាអ្នកសន្តោស យ៉ាងនេះឯង ។

[១២៦] ភិក្ខុនោះ ប្រកបដោយអរិយសីលក្ខន្ធនេះផង ប្រកបដោយឥន្ទ្រិយសំវរៈដ៏ប្រសើរនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈដ៏ប្រសើរនេះផង ប្រកបដោយសេចក្តីសន្តោសដ៏ប្រសើរនេះផង តែងគប់រកនូវសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ជ្រោះភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃស្បាត ទីវាល គំនរចំបើង ឬស្លឹកឈើ ។ ភិក្ខុនោះ លុះ ត្រឡប់ពីបិណ្ឌបាត ក្នុងវេលាខាងក្រោយនៃភត្តហើយ ក៏អង្គុយពត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតី ឲ្យមានមុខចំពោះ (ទៅរកកម្មដ្ឋាន) ។ ភិក្ខុនោះ ក៏លះបង់នូវអភិជ្ឈាក្នុងលោក គឺបញ្ចុបាទានក្ខន្ធ មានចិត្តប្រាសចាកអភិជ្ឈា ជំរះចិត្តឲ្យស្អាត ចាកអភិជ្ឈា លះបង់នូវព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្តមិនព្យាបាទ មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជំរះចិត្តឲ្យស្អាត ចាកព្យាបាទ និងសេចក្តីប្រទូស្ត លះបង់នូវថីនមិទ្ធៈ គឺសេចក្តីងងុយ និងងោកងក់ ជាអ្នកប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់នូវពន្លឺ ជាអ្នកបរិបូណ៌ ដោយសតិ និងសម្បជញ្ញៈ ជំរះចិត្តឲ្យស្អាត ចាកថីនមិទ្ធៈ លះបង់ នូវឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយ និងសេចក្តីរសាយចិត្ត មានចិត្តមិនរាយមាយ ជាអ្នកមានចិត្តស្ងប់ស្ងាត់ក្នុងសន្តានរបស់ខ្លួន ជំរះចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់ នូវវិចិកិច្ឆា គឺសេចក្តីសង្ស័យ ជាអ្នកឆ្លងផុតវិចិកិច្ឆាហើយ មិនមានសេចក្តីងឿងឆ្ងល់ ក្នុងកុសលធម៌ទាំងឡាយទេ ជំរះចិត្តឲ្យស្អាតចាកវិចិកិច្ឆា

ឧបមានិវរណៈ
កែប្រែ

[១២៧] ម្នាលមាណព ដូចជាបុរស ដែលយកទ្រព្យជាបំណុលគេ ទៅប្រកបការងារទាំងឡាយ ឯការងារទាំងនោះ របស់បុរសនោះក៏បានសម្រេច ។ បុរសនោះ បានសងទ្រព្យជាដើមបំណុលចាស់រួច ឯទ្រព្យដែលចំណេញរបស់បុរសនោះ ក៏មានសល់នៅច្រើន ល្មមចិញ្ចឹមប្រពន្ធ (កូន)បាន ។ ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីមុន អាត្មាអញ បានយកទ្រព្យជាបំណុល មកប្រកបការងារទាំងឡាយ ឯការងារទាំងនោះ របស់អាត្មាអញ បានសម្រេច អាត្មាអញសោត ក៏បានសងទ្រព្យជាដើមបំណុលចាស់អស់ហើយ ទាំងទ្រព្យដែលចំណេញរបស់អាត្មាអញ ក៏មានសល់នៅច្រើន ល្មមចិញ្ចឹមប្រពន្ធ (កូន)បាន ។ បុរសនោះ គប្បីបាននូវបាមោជ្ជៈ គឺសេចក្តីរីករាយ គប្បីបាននូវសេចក្តីសោមនស្ស មានទ្រព្យដែលចំណេញនោះជាហេតុ ។

ម្នាលមាណព មួយទៀត ដូចជាបុរសដែលមានអាពាធ ដល់នូវសេចក្តីទុក្ខវេទនា មានជំងឺធ្ងន់ បរិភោគអាហារក៏មិនបាន ទាំងកម្លាំងក្នុងខ្លួន ក៏មិនមាន ។ លុះសម័យជាខាងក្រោយមក បុរសនោះឯង បានជាសះស្បើយ អំពីអាពាធនោះ បរិភោគអាហារក៏បាន ទាំងកម្លាំងក្នុងខ្លួនក៏មាន ។ ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីមុន អាត្មាអញ មានអាពាធ ដល់នូវសេចក្តីទុក្ខ វេទនា មានជម្ងឺធ្ងន់ បរិភោគអាហារ ក៏មិនបាន ទាំងកម្លាំងក្នុងខ្លួន ក៏មិនមាន ឥឡូវនេះ អាត្មាអញ បានជាសះស្បើយ អំពីអាពាធនោះហើយ បរិភោគអាហារ ក៏បាន ទាំងកម្លាំងក្នុងខ្លួន ក៏មាន ។ បុរសនោះ គប្បីបាននូវបាមោជ្ជៈ គប្បីបាននូវសេចក្តីសោមនស្ស មានជាអំពីអាពាធនេះជាហេតុ ។

ម្នាលមាណព មួយទៀត ដូចជាបុរសដែលជាប់គុក លុះសម័យខាងក្រោយមក បុរសនោះ បានរួចពីគុកនោះដោយសួស្តី ឥតមានភិតភ័យ ទាំងសេចក្តីបង់ខាតនៃភោគៈ របស់បុរសនោះ សូម្បីបន្តិចបន្តួច ក៏មិនមាន ។ ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីមុន អាត្មាអញ ជាប់គុក ឥឡូវនេះ អាត្មាអញបានរួចអំពីគុកនោះដោយសួស្តី ឥតមានភិតភ័យ ទាំងសេចក្តីបង់ខាតនៃភោគៈ របស់អាត្មាអញ សូម្បីបន្តិចបន្តួច ក៏មិនមាន ។ បុរសនោះ គប្បីបាននូវបាមោជ្ជៈ គប្បីបាននូវសេចក្តីសោមនស្ស មានការរួចអំពីគុកនោះ ជាហេតុ ។

ម្នាលមាណព មួយទៀត ដូចជាបុរស ដែលជាទាសៈគេ តែងមិនបានធ្វើការអ្វីមួយ តាមអំពើចិត្តរបស់ខ្លួន ប្រព្រឹត្តទៅតាមអំពើចិត្តរបស់បុគ្គលដទៃ ទៅទីណា តាមសេចក្តីពេញចិត្តខ្លួន មិនបានទេ ។ លុះសម័យជាខាងក្រោយមក បុរសនោះ បានរួចអំពីភាវៈនៃខ្លួន ជាទាសៈគេនោះ ជាអ្នកធ្វើការងារអ្វីមួយ តាមអំពើចិត្តរបស់ខ្លួនបាន មិនប្រព្រឹត្តទៅតាមអំពើចិត្តរបស់បុគ្គលដទៃ បានរួចជាអ្នកជា ទៅទីណា តាមសេចក្តីពេញចិត្តរបស់ខ្លួនក៏បាន ។ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីមុន អាត្មាអញ ជាទាសៈគេ មិនបានធ្វើការអ្វីមួយតាមអំពើចិត្តរបស់ខ្លួន ប្រព្រឹត្តទៅតាមអំពើចិត្តរបស់បុគ្គលដទៃ ទៅទីណា តាមសេចក្តីពេញចិត្តខ្លួនមិនបានឡើយ ឥឡូវនេះ អាត្មាអញ រួចអំពីភាវៈនៃខ្លួនជាទាសៈគេហើយ ជាអ្នកធ្វើការងារអ្វីមួយ តាមអំពើចិត្តរបស់ខ្លួនបាន មិនប្រព្រឹត្តទៅតាមអំពើចិត្តរបស់បុគ្គលដទៃ បានជាអ្នកជា ទៅទីណា តាមសេចក្តីពេញចិត្តខ្លួនក៏បាន ។ បុរសនោះ គប្បីបាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស មានការរួចអំពីភាវៈនៃខ្លួនជាទាសៈគេនោះ ជាហេតុ ។

ម្នាលមាណព មួយទៀត ដូចជាបុរសមានទ្រព្យ មានភោគៈ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ដែលជាផ្លូវរកអាហារបានដោយក្រ ជាផ្លូវប្រកបដោយភ័យចំពោះមុខ ។ លុះសម័យខាងក្រោយមក បុរសនោះ ក៏បានឆ្លងផុត អំពីផ្លូវដាច់ស្រយាលនោះ បានដល់ទៅខាងក្នុងស្រុក ដែលជាទីក្សេម ឥតមានភិតភ័យ ដោយសួស្តី ។ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីមុន អាត្មាអញសោត ជាអ្នកមានទ្រព្យ មានភោគៈ បានដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ដែលជាផ្លូវរកអាហារបានដោយក្រ ជាផ្លូវប្រកបដោយភ័យចំពោះមុខ ឥឡូវនេះ អាត្មាអញ បានឆ្លងផុតអំពីផ្លូវឆ្ងាយដាច់ស្រយាលនោះហើយ បានចូលមកដល់ខាងក្នុងស្រុក ដែលជាទីក្សេម ឥតមានភិតភ័យ ដោយសួស្តី ។ បុរសនោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស មានការដល់មកខាងក្នុងស្រុក ជាទីក្សេមនោះ ជាហេតុ យ៉ាងណាមិញ ។

ម្នាលមាណព ភិក្ខុពិចារណាឃើញនូវនីវរណៈទាំង ៥ ប្រការនេះ ក្នុងខ្លួន ដែលមិនទាន់លះបង់បាន ដូចជាបំណុល ដូចជារោគ ដូចជាគុក ដូចជាអ្នករួចជាអ្នកជា ឬដូចជាផ្លូវឆ្ងាយដាច់ស្រយាល ដូច្នោះឯង ។ ម្នាលមាណព ភិក្ខុដែលពិចារណាឃើញ នូវនីវរណៈធម៌ទាំង ៥ ប្រការនេះក្នុងខ្លួន ដែលលះបង់បានហើយ ដូចជាមិនជំពាក់បំណុល ដូចជាមិនមានរោគ ដូចរួចអំពីគុក ដូចជាអ្នករួចជាអ្នកជា ដូចជាទីដ៏ក្សេម ដូច្នោះឯង ។

រូបជ្ឈាន ៤
កែប្រែ

កាលបើភិក្ខុនោះ ពិចារណាឃើញនូវនីវរណៈទាំង ៥ ប្រការនេះក្នុងខ្លួន ដែលលះបង់បានហើយ បាមោជ្ជៈ គឺសេចក្តីរីករាយ រមែងកើតឡើង កាលបើភិក្ខុនោះ មានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើភិក្ខុមានចិត្តប្រកបដោយបីតិហើយ កាយ រមែងស្ងប់រម្ងាប់ កាលបើភិក្ខុមានកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលមានសេចក្តីសុខ រមែងតាំងខ្ជាប់ ។ ភិក្ខុនោះ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកពូកអកុសលធម៌ហើយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងាត់ សម្រាន្តឥរិយាបថនៅ ។ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ មិនមានឡើយ ។ ម្នាលមាណព ដូចជាអ្នកផ្ងូតទឹកក្តី កូនសិស្សរបស់អ្នកផ្ងូតទឹកក្តី ដែលជាអ្នកឈ្លាសវៃ រោយរាយនូវលំអិតសម្រាប់ងូត ក្នុងភាជន៍សម្រិទ្ធិ ហើយស្រោច ប្រស់ព្រំដោយទឹក ឯដុំលំអិត សម្រាប់ងូតនោះ ក៏រលាយទៅដោយទឹក ជ្រួតជ្រាបទៅក្នុងទឹក ច្រឡូកច្រឡំទៅដោយទឹក ទាំងខាងក្នុង ខាងក្រៅ មិនបានខ្ចាត់ខ្ចាយពីគ្នាឡើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុបានសម្រេចបឋមជ្ឈាន ក៏ដូច្នោះឯង ។បេ។

ម្នាលមាណព ភិក្ខុស្ងាត់ចាកកាមទាំងឡាយហើយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងាត់ សម្រាន្តឥរិយាបថនៅ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់ មិនមានឡើយ ដោយអំពើណា ។ អំពើនេះឯង ជាសមាធិរបស់ភិក្ខុនោះ ។

[១២៨] ម្នាលមាណព មួយវិញទៀត ភិក្ខុបានរម្ងាប់វិតក្កៈ វិចារៈហើយ ក៏បានចូលដល់ទុតិយជ្ឈាន ជាធម្មជាតជាក់ច្បាស់ក្នុងខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯង គ្មានវិតក្កៈ វិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន សម្រាន្តឥរិយាបថនៅ ។ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ មិនមានឡើយ ។ ម្នាលមាណព ដូចជាអន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង ប្រឡាយជាទីហូរនៃទឹក ក្នុងទិសខាងកើត នៃអន្លង់ទឹកនោះ ក៏មិនមានឡើយ ប្រឡាយជាទីហូរនៃទឹកក្នុងទិសខាងត្បូង ក៏មិនមាន ប្រឡាយជាទីហូរនៃទឹកក្នុងទិសខាងលិច ក៏មិនមាន ប្រឡាយជាទីហូរនៃទឹក ក្នុងទិសខាងជើង ក៏មិនមាន បើមានភ្លៀងបង្អុរចុះនូវធារទឹកដោយប្រពៃ សព្វៗកាល ធារទឹកត្រជាក់ ក៏ស្រាប់តែជោរឡើងអំពីអន្លង់ទឹកនោះ ហើយញុំាងអន្លង់ទឹកនោះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយទឹកត្រជាក់នោះឯង ប្រទេសបន្តិចបន្តួចនៃអន្លង់ទឹកទាំងអស់នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយទឹកត្រជាក់ មិនមានឡើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុដែលបានទុតិយជ្ឈាន ដ៏ដូច្នោះឯង ។បេ។ ម្នាលមាណព ភិក្ខុបានរម្ងាប់វិតក្កៈ និងវិចារៈហើយ ។បេ។ បានដល់នូវទុតិយជ្ឈាន សម្រាន្តឥរិយាបថនៅ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យឆ្អែតស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ ប្រទេសបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ មិនមានឡើយ ដោយអំពើណា ។ អំពើនេះឯង ជាសមាធិរបស់ភិក្ខុនោះដែរ ។

[១២៩] ម្នាលមាណព មួយវិញទៀត ភិក្ខុនឿយណាយ ចាកបីតិ ហើយប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបានតតិយជ្ឈានថា បុគ្គលដែលបាននូវតតិយជ្ឈាន មានចិត្តប្រកបដោយឧបេក្ខា មានស្មារតី នៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាននោះ សម្រាន្តឥរិយាបថនៅ ។ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យឆ្អែតស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ មិនមានឡើយ ។ ម្នាលមាណព ដូចជាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងត្រពាំង ព្រលិតក្តី ក្នុងត្រពាំងឈូកក្រហមក្តី ក្នុងត្រពាំងឈូកសក្តី ដុះក្នុងទឹក ​ចម្រើន​ក្នុងទឹក លូតលាស់តាមទឹក លិចនៅក្នុងទឹក ឯជលជាតិទាំងនោះ តែងជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយទឹកត្រជាក់ រហូតដល់ចុង រហូតដល់គល់ អវយវៈបន្តិចបន្តួច នៃជលជាតិទាំងអស់ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយទឹកត្រជាក់ មិនមានឡើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុដែលបានតតិយជ្ឈាន ក៏ដូច្នោះឯង ។បេ។ ម្នាលមាណព ភិក្ខុនឿយណាយចាកបីតិហើយ ។បេ។ ក៏បានដល់នូវតតិយជ្ឈាន សម្រាន្តឥរិយាបថនៅ ភិក្ខុនោះញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ មិនមានឡើយ ដោយអំពើណា ។ អំពើនេះ ជាសមាធិរបស់ភិក្ខុនោះឯងដែរ ។

[១៣០] ម្នាលមាណព មួយវិញទៀត ព្រោះលះបង់នូវសុខ ព្រោះលះបង់នូវទុក្ខ ព្រោះរំលត់នូវសោមនស្ស និងទោមនស្ស ក្នុងកាលមុនហើយ ភិក្ខុក៏បានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍ មិនជាទុក្ខ មិនជាសុខ គឺជាឧបេក្ខា មានសតិដ៏បរិសុទ្ធ ដែលកើតអំពីឧបេក្ខា សម្រាន្តឥរិយាបថនៅ ។ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យផ្សព្វផ្សាយ ដោយចិត្តបរិសុទ្ធ ផូរផង់ អង្គុយនៅ ឯប្រទេសបន្តិចបន្តួច នៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ ។ ម្នាលមាណព ដូចបុរសយកសំពត់សស្អាត ដណ្តប់កាយ ព្រមទាំងក្បាល អង្គុយនៅ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់បុរសនោះឯង ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសំពត់សស្អាត មិនមានឡើយ ដូចម្តេចមិញ ម្នាលមាណព ។បេ។ ម្នាលមាណព ភិក្ខុ ព្រោះលះបង់នូវសុខៈ ។បេ។ ក៏បានដល់នូវចតុត្ថជ្ឈាន សម្រាន្តឥរិយាបថនៅ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯប្រទេសបន្តិចបន្តួច នៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ ដូច្នោះឯង ដោយអំពើណា អំពើនេះឯង ជាសមាធិ របស់ភិក្ខុនោះ ។

ម្នាលមាណព នេះឯង ជាអរិយសមាធិក្ខន្ធនោះ ដែលសម្តេចព្រះមានព្រះភាគ ទ្រង់បានពោលសរសើរហើយ ទាំងទ្រង់ណែនាំប្រជុំជននេះ ឲ្យប្រតិបត្តិ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន ឯកិច្ច ដែលគួរធ្វើតទៅ ក្នុងសាសនានេះ នៅមានទៀត ។

សុភមាណព ពោលសរសើរថា បពិត្រព្រះអានន្ទដ៏​ចម្រើន​ ហេតុនេះអស្ចារ្យណាស់ បពិត្រព្រះអានន្ទដ៏​ចម្រើន​ ហេតុនេះ មិនធ្លាប់មាន បែរជាមានបាន បពិត្រព្រះអានន្ទដ៏​ចម្រើន​ ក៏អរិយសមាធិក្ខន្ធនោះ បរិបូណ៌ហើយ មិនមែនមិនបរិបូណ៌ទេ បពិត្រព្រះអានន្ទដ៏​ចម្រើន​ ខ្ញុំព្រះករុណា មិនដែលឃើញនូវអរិយសមាធិក្ខន្ធ ដែលបរិបូណ៌ហើយយ៉ាងនេះ ក្នុងពួកសមណព្រាហ្មណ៍ដទៃ ខាងក្រៅពុទ្ធសាសនានេះឡើយ បពិត្រព្រះអានន្ទដ៏​ចម្រើន​ ឯពួកសមណព្រាហ្មណ៍ដទៃ ខាងក្រៅពុទ្ធសាសនានេះ គង់បានឃើញអរិយសមាធិក្ខន្ធ ដែលបរិបូណ៌ហើយយ៉ាងនេះ ក្នុងខ្លួនដែរ តែសមណព្រាហ្មណ៍ទាំងនោះឯង ពេញចិត្តដោយគុណ ត្រឹមតែសមាធិក្ខន្ធប៉ុណ្ណោះថា ល្មមហើយដោយគុណ មានប្រមាណប៉ុណ្ណេះ សម្រេចហើយដោយគុណ មានប្រមាណប៉ុណ្ណេះ ប្រយោជន៍នៃសាមញ្ញគុណ យើងបានដល់ហើយដោយលំដាប់ កិច្ចនីមួយ ដែលយើងទាំងឡាយគប្បីធ្វើតទៅ មិនមានឡើយ ។ ចំណែកព្រះអានន្ទដ៏​ចម្រើន​ ពោលយ៉ាងនេះថា កិច្ចដែលគួរធ្វើតទៅ ក្នុងសាសនានេះ នៅមានទៀត ។

អរិយបញ្ញាខន្ធ

កែប្រែ

[១៣១] មាណពសួរថា បពិត្រព្រះអានន្ទដ៏​ចម្រើន​ ចុះអរិយបញ្ញាខន្ធ ដែលព្រះគោតមដ៏​ចម្រើន​ ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន នោះ តើដូចម្តេច ?

វិជ្ជា ៨
កែប្រែ
វិបស្សនាញ្ញាណ
កែប្រែ

ព្រះអានន្ទតបថា កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែងផ្ចង់តម្រង់ បង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា កាយរបស់អាត្មាអញនេះឯង មានរូបប្រកបដោយមហាភូតរូប ៤ កើតមកអំពីមាតា បិតា មានសេចក្តី​ចម្រើន​ ដោយជាតិបាយ និងនំ មានការលាប ដុសខាត់ បំបាត់ក្លិនអាក្រក់ និងការគក់ច្របាច់ជានិច្ច និងការបែកធ្លាយ ខ្ចាត់ខ្ចាយទៅជាធម្មតា ក៏វិញ្ញាណរបស់អាត្មាអញនេះ អាស្រ័យនៅក្នុងកាយនេះ ជាប់នៅក្នុងកាយនេះ ។ ម្នាលមាណព ដូចកែវពិទូរ្យដ៏ល្អ មានជាតិដ៏បរិសុទ្ធ មានជ្រុង ៨ ដែលជាងបាន​ច្នៃ​​ល្អហើយ មានសម្បុរភ្លឺថ្លា ជ្រះថ្លាដោយវិសេស បរិបូណ៌ដោយអាការទាំងពួង (មានដុសលាងជាដើម) ប្រសិនបើគេដោតអំបោះទៅក្នុងកែវនោះ ជាអំបោះមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សសុទ្ធក្តី សស្រទន់ក្តី បុរសដែលមានភ្នែកភ្លឺ គប្បីយកកែវនោះ មកដាក់លើដៃ ហើយពិចារណាមើលថា នេះជាកែវពិទូរ្យដ៏ល្អ មានជាតិដ៏បរិសុទ្ធ មានជ្រុង ៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរភ្លឺថ្លា ជ្រះថ្លាដោយវិសេស បរិបូណ៌ដោយអាការទាំងពួង អំបោះដែលគេដោតក្នុងកែវនោះ ជាអំបោះមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សសុទ្ធក្តី សស្រទន់ក្តី យ៉ាងណាមិញ ម្នាលមាណព ភិក្ខុដែលបានញាណទស្សនៈ ក៏យ៉ាងនោះឯង ។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាវពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍យ៉ាងនេះហើយ តម្រង់ផ្ចង់ បង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ គឺវិបស្សនាញាណ ភិក្ខុ ក៏ដឹងច្បាស់យ៉ាងនេះថា កាយរបស់អាត្មាអញនេះឯង មានរូបប្រកបដោយមហាភូតរូប៤ កើតអំពីមាតា បិតា មានសេចក្តី​ចម្រើន​ដោយជាតិបាយ និងនំ មានការលាប ដុសខាត់ បំបាត់ក្លិនអាក្រក់ និងការគក់ច្របាច់ជានិច្ច និងការបែកធ្លាយ ខ្ចាត់ខ្ចាយទៅជាធម្មតា ក៏ឯវិញ្ញាណរបស់អាត្មាអញនេះ អាស្រ័យនៅក្នុងកាយនេះ ជាប់នៅក្នុងកាយនេះ ដោយអំពើណា ។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ ។

មនោមយិទ្ធិញាណ
កែប្រែ

[១៣២] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹងមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីនិមិ្មតនូវកាយ ដែលសម្រេចអំពីចិត្ត ។ ភិក្ខុនោះ ក៏និម្មិតនូវកាយដទៃ ចេញអំពីកាយនេះ មានរូបសម្រេចអំពីចិត្ត មានអវយវៈតូចធំ សព្វគ្រប់ មានឥន្ទ្រិយមិនថោកថយ ។ ម្នាលមាណព ដូចជាបុរសដកបណ្តូលចេញ អំពីស្មៅយាប្លង បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាស្មៅយាប្លង នេះជាបណ្តូល ឯស្មៅយាប្លងដទៃ បណ្តូលដទៃ តែថាបណ្តូលដែលអាត្មាអញដកចេញមក គឺដកអំពីស្មៅយាប្លងហ្នឹងឯង ។ ម្នាលមាណព មួយទៀត ដូចជាបុរសហូតដាវចេញអំពីស្រោម បុរសនោះរមែងមានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាដាវ នេះជាស្រោម ឯដាវដទៃ ស្រោមដទៃ តែថាដាវដែលអាត្មាអញហូតចេញ គឺហូតចេញមកអំពីស្រោមហ្នឹងឯង ។ ម្នាលមាណព ពុំនោះសោត ដូចបុរស ទាញយកពស់ចេញអំពីស្រោម បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាពស់ នេះជាស្រោម ឯពស់ដទៃ ស្រោមដទៃ តែថាពស់ដែលអាត្មាអញ ទាញចេញពីស្រោមហ្នឹងឯង ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ ដែលបានញាណទស្សនៈ ក៏ដូច្នោះឯង ។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន ។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់ បង្អោនចិត្តទៅ ដើម្បីនិមិ្មតនូវកាយ ដែលសម្រេចមកអំពីចិត្ត ដោយអំពើណា ។បេ។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ ។

ឥទ្ធិវិធញាណ
កែប្រែ

[១៣៣] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹងមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់ បង្អោនចិត្តទៅ ដើម្បីតាក់តែងឫទ្ធិ (ឥទ្ធិវិធី) ។ ភិក្ខុនោះ រមែងបាននូវការតាក់តែងឫទ្ធិជាច្រើនប្រការ គឺថាមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន ដើរទៅមិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងទីខាងក្រៅភ្នំ ដូចជាដើរទៅក្នុងអាកាសក៏បាន ។ ភិក្ខុនោះ ធ្វើនូវការងើបឡើង ឬមុជចុះក្នុងផែនដី ដូចជាងើបឡើង ឬមុជចុះក្នុងទឹកក៏បាន ដើរលើទឹក ក៏មិនបែកធ្លាយទឹក ហាក់ដូចជាដើរលើផែនដីក៏បាន ទៅឯអាកាសទាំងភ្នែន ដូចជាសត្វសកុណជាតិ ដែលមានស្លាបក៏បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់ព្រះចន្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនោះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ។ ម្នាលមាណព មួយទៀត ដូចជាស្មូនឆ្នាំងក្តី កូនសិស្សរបស់ស្មូនឆ្នាំងក្តី ដែលឈ្លាសវៃ កាលបើដីស្អិតដែលគេធ្វើបរិកម្មល្អហើយ បើប្រាថ្នានឹងធ្វើភាជន៍ដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចនូវភាជន៍នោះៗបាន ម្នាលមាណព ពុំនោះសោត ដូចជាងភ្លុកក្តី កូនសិស្សរបស់ជាងភ្លុកក្តី ដែលឈ្លាសវៃ កាលបើភ្លុកដែលគេធ្វើបរិកម្មល្អហើយ បើចង់ធ្វើនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃភ្លុកដ៏ប្លែកណាៗ គប្បីធ្វើឲ្យសម្រេចនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃភ្លុកដ៏ប្លែកនោះៗបាន ម្នាលមាណព ពុំនោះសោត ដូចជាជាងមាសក្តី កូនសិស្សរបស់ជាងមាសក្តី ដែលឈ្លាសវៃ កាលបើមាសដែលគេធ្វើបរិកម្មល្អហើយ បើចង់ធ្វើគ្រឿងប្រើប្រាស់ ជាវិការៈនៃមាសដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃមាសដ៏ប្លែកនោះៗបាន ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹងមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីតាក់តែងឫទ្ធិបាន ភិក្ខុនោះ រមែងបាននូវការតាក់តែងឫទ្ធិ ជាច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន ។បេ។ ញុំាងអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ ។

ទិព្វសោតធាតុញាណ
កែប្រែ

[១៣៤] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីទិព្វសោតធាតុ (ត្រចៀកទិព្វ) ។ ភិក្ខុនោះ រមែងឮនូវសម្លេងពីរយ៉ាងបាន គឺសម្លេងជាទិព្វ១ សម្លេងជារបស់មនុស្សធម្មតា១ ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដោយទិព្វសោតធាតុ ដ៏បរិសុទ្ធ កន្លងបង់នូវសោតធាតុ ជារបស់មនុស្សធម្មតា ។ ម្នាលមាណព ដូចបុរស អ្នកដើរទៅកាន់ផ្លូវឆ្ងាយ បុរសនោះ ឮសម្លេងស្គរធំក្តី សម្លេងសំភោរក្តី សម្លេងស័ង្ខក្តី សម្លេងស្គរជ័យក្តី សម្លេងស្គរតូចក្តី បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា សម្លេងស្គរធំដូច្នេះក្តី សម្លេងសំភោរដូច្នេះក្តី សម្លេងស័ង្ខដូច្នេះក្តី សម្លេងស្គរជ័យដូច្នេះក្តី សម្លេងស្គរតូចដូច្នេះក្តី ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ ដែលបានទិព្វសោតធាតុ ក៏ដូច្នោះឯង ។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន ។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងឮសម្លេងពីរយ៉ាងបាន គឺសម្លេងជាទិព្វ១ សម្លេងជារបស់មនុស្សធម្មតា១ ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដោយទិព្វសោតធាតុ ដ៏បរិសុទ្ធស្អាត កន្លងបង់នូវសោតធាតុ ជារបស់មនុស្សធម្មតា ។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ ។

ចេតោបរិយញ្ញាណ
កែប្រែ

[១៣៥] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីចេតោបរិយញ្ញាណ គឺការកំណត់ដឹងនូវចិត្តនៃសត្វដទៃ ។ ភិក្ខុនោះ ក៏កំណត់ដឹងនូវចិត្តរបស់ពួកសត្វដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្តដែលរួញថយក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺចិត្តដល់នូវភាវៈជាធំ បានខាងរូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈ គឺកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលជាសឧត្តរៈ គឺកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺ រូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាអនុត្តរៈ ចិត្តដែលតាំងខ្ជាប់ខ្ជួនក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងខ្ជាប់ខ្ជួន ចិត្តដែលមិនទាន់បានតាំងខ្ជាប់ខ្ជួនក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់បានតាំងខ្ជាប់ខ្ជួន ចិត្តដែលរួចស្រឡះ (ចាកកិលេស) ហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ ។ ម្នាលមាណព ដូចស្ត្រីក្តី បុរសក្តី ដែលនៅក្មេង ជាក្រមុំ កម្លោះ នៅកំពុងចូលចិត្ត នឹងគ្រឿងប្រដាប់តាក់តែងរាងកាយ កាលឆ្លុះមើលស្រមោលមុខ របស់ខ្លួននៅក្នុងកញ្ចក់ ដ៏ស្អាត ផូរផង់ក្តី ក្នុងភាជន៍ដ៏ពេញដោយទឹកថ្លាក្តី បើស្រមោលមុខរបស់ខ្លួន ប្រកបដោយទោស មានមុន (ជាដើម)ក្តី ក៏ដឹងថា ប្រកបដោយទោស បើស្រមោលមុខរបស់ខ្លួន មិនប្រកបដោយទោសក្តី ក៏ដឹងថា មិនប្រកបដោយទោស ដូចម្តេចមិញ ម្នាលមាណព ភិក្ខុដែលបានចេតោបរិយញ្ញាណ ក៏ដូច្នោះឯង ។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន ។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីចេតោបរិយញ្ញាណ ។ ភិក្ខុនោះ ក៏កំណត់ដឹងនូវចិត្តរបស់ពួកសត្វដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ។បេ។ ចិត្តមិនទាន់បានរួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់បានរួចស្រឡះ ដោយអំពើណា ។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ ។

បុព្វេនិវាសានុស្សតិញ្ញាណ
កែប្រែ

[១៣៦] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ ។ ភិក្ខុនោះ ក៏រលឹកនូវខន្ធ ដែលសត្វអាស្រ័យនៅ ក្នុងកាលមុនជាច្រើនប្រការ រលឹកខន្ធដូចម្តេច គឺរលឹកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកនូវសំវដ្តកប្បជាច្រើនក៏បាន វិវដ្តកប្បជាច្រើនក៏បាន សំវដ្តវិវដ្តកប្បជាច្រើនក៏បានថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើតក្នុងភពនេះ ។ ភិក្ខុនោះ រលឹកបាននូវខន្ធ ដែលខ្លួនអាស្រ័យនៅ ក្នុងកាលមុនជាច្រើនប្រការ ព្រមទាំងអាការ គឺសម្បុរ និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រយ៉ាងនេះ ។ម្នាលមាណព ដូចបុរស ចេញអំពីស្រុករបស់ខ្លួន ហើយទៅកាន់ស្រុកដទៃ ចេញអំពីស្រុកនោះ ហើយទៅកាន់ស្រុកដទៃទៀត បុរសនោះឯង ក៏ត្រឡប់មកពីស្រុកនោះ ហើយមកកាន់ស្រុករបស់ខ្លួនវិញ ហើយបុរសនោះ ក៏នឹងរលឹកឃើញយ៉ាងនេះថា អាត្មាអញ បានចេញអំពីស្រុករបស់ខ្លួន ហើយទៅកាន់ស្រុកឯណោះ ដែលទៅដល់ស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ នៅស្ងៀមយ៉ាងនេះ លុះអាត្មាអញ ចេញអំពីស្រុកនោះហើយ ទៅកាន់ស្រុកឯណោះ ដែលទៅដល់ស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ នៅស្ងៀមយ៉ាងនេះ ឥឡូវនេះ អាត្មាអញ ត្រឡប់មកពីស្រុកនោះ មកកាន់ស្រុករបស់ខ្លួនវិញហើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុដែលបានបុព្វេនិវាសានុស្សតិញ្ញាណ ក៏ដូច្នោះឯង ។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន ។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ ក៏រលឹកនូវបុព្វេនិវាសជាច្រើនប្រការ រលឹកបានដូចម្តេច គឺរលឹកបាន១ជាតិ ២ជាតិ ។បេ។ ភិក្ខុនោះ រលឹកបាននូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះ ដោយអំពើណា ។ អំពើនេះឯង ជាបញ្ញារបស់បុរសនោះ ។

ចុតូបបាតញ្ញាណ
កែប្រែ

[១៣៧] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន ។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីសត្តានំចុតូបបាតញ្ញាណ គឺសេចក្តីដឹងនូវចុតិ និងបដិសន្ធិនៃសត្វទាំងឡាយ ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់នៃមនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកដៀលព្រះអរិយៈបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់អំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះរំលាងកាយទៅបន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មួយសោត អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលនូវព្រះអរិយបុគ្គលទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់នូវអំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះដល់រំលាងកាយទៅ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងលោក គឺមនុស្ស សុគតិ និងសួគ៌ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វទាបថោក ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះឯង ។ ម្នាលមាណព ដូចជាប្រាសាទ ដែលតាំងនៅក្បែរផ្លូវត្រឡែងកែង ជាកណ្តាលក្រុង បុរសដែលមានភ្នែក (ភ្លឺ) ឈរនៅលើប្រាសាទនោះ គប្បីឃើញនូវមនុស្សទាំងឡាយ ដែលចូលទៅកាន់ផ្ទះក្តី ចេញអំពីផ្ទះក្តី ត្រាច់សញ្ចរអំពីច្រកផ្លូវ ទៅកាន់ថ្នល់ក្តី ដែលអង្គុយក្បែរផ្លូវត្រឡែងកែង នាកណ្តាលក្រុងក្តី បុរសនោះ គប្បីដឹងច្បាស់ យ៉ាងនេះថា មនុស្សទាំងនុ៎ះ ដើរចូលមកកាន់ផ្ទះ មនុស្សទាំងនុ៎ះ ចេញមកអំពីផ្ទះ មនុស្សទាំងនុ៎ះ សញ្ចរអំពីច្រកផ្លូវ ទៅកាន់ថ្នល់ មនុស្សទាំងនុ៎ះ អង្គុយនៅក្បែរផ្លូវត្រឡែងកែង នាកណ្តាលក្រុង ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ ដែលបានសត្តានំចុតូបបាតញ្ញាណ ក៏ដូច្នោះឯង ។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន ។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ ផ្ចង់បង្អោនចិត្តទៅ ដើម្បីសត្តានំចុតូបបាតញ្ញាណ ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វទាបថោក ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវសត្វ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន ដោយអំពើណា ។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ ។

អាសវក្ខយញ្ញាណ
កែប្រែ

[១៣៨] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បី​អាសវក្ខយញ្ញាណ គឺសេចក្តីដឹងនូវធម៌ ជាគ្រឿងអស់ទៅនៃអាសវៈ ។ ភិក្ខុនោះ ក៏ដឹងតាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងតាមពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងតាមពិតថា នេះជាបដិបទា នាំឲ្យបានដល់នូវសេចក្តីរលត់ទុក្ខ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា ធម៌នេះ ជាហេតុនាំឲ្យកើតអាសវៈ ដឹងតាមពិតថា នេះជាសេចក្តីរលត់អាសវៈ ដឹងតាមពិតថា នេះជាបដិបទា នាំឲ្យបានដល់នូវសេចក្តីរលត់អាសវៈ ។ កាលបើភិក្ខុនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះ ចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង ។ កាលបើចិត្តផុតស្រឡះហើយ សេចក្តីដឹងក៏កើតឡើងថា ចិត្តផុតស្រឡះហើយ ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា កំណើតអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ ករណីយកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលមាណព ដូចជាអន្លង់ទឹក លើកំពូលភ្នំ ដែលថ្លាឈ្វេង ឥតមានកករល្អក់ បុរសដែលមានភ្នែកភ្លឺ ឈរទៀបមាត់នៃអន្លង់ទឹកនោះ គប្បីឃើញនូវខ្យង និងគ្រំក្តី ដុំក្រួស និងបំណែកក្តី ហ្វូងត្រីដែលហែលទៅមក ឬឋិតនៅក្តី បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អន្លង់ទឹកនេះឯង ថ្លាឈ្វេង ឥតមានកករល្អក់ ខ្យង និងគ្រំទាំងឡាយនេះក្តី ដុំក្រួស និងបំណែកទាំងឡាយនេះក្តី ហ្វូងត្រីទាំងឡាយនេះ ដែលកំពុងហែលទៅមក ឬកំពុងឋិតនៅក្តី ក្នុងអន្លង់ទឹកនោះ យ៉ាងណាមិញ ម្នាលមាណព ភិក្ខុ ដែលបានអាសវក្ខយញ្ញាណ ក៏យ៉ាងនោះឯង ។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន ។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ។ ភិក្ខុនោះ ក៏ដឹងតាមពិតថា នេះជាទុក្ខ ។បេ។ ដឹងតាមពិតថា នេះជាបដិបទា នាំឲ្យបានដល់នូវសេចក្តីរលត់អាសវៈ ។ ភិក្ខុនោះ កាលបើដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង ។ កាលបើចិត្តផុតស្រឡះហើយ សេចក្តីដឹងក៏កើតឡើងថា ចិត្តផុតស្រឡះហើយ ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា កំណើតនៃអាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ ករណីយកិច្ចដទៃ នៃអាត្មាអញ ដែលប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ដោយអំពើណា ។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ ។

សុភមាណពសំដែង​ខ្លួន​សុំ​ជា​ឧបាសក

កែប្រែ

[១៣៩] ម្នាលមាណព នេះឯងជាអរិយបញ្ញាខន្ធ ដែលព្រះមានព្រះភាគអង្គនោះ ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន កិច្ចដែលគួរធ្វើតទៅទៀត ក្នុងសាសនានេះ មិនមានឡើយ ។ សុភមាណព ពោលសរសើរថា បពិត្រព្រះអានន្ទដ៏​ចម្រើន​ អស្ចារ្យណាស់ បពិត្រព្រះអានន្ទដ៏​ចម្រើន​ ហេតុនេះ មិនធ្លាប់មាន បែរជាមានបាន បពិត្រព្រះអានន្ទដ៏​ចម្រើន​ អរិយបញ្ញាខន្ធនោះ បរិបូណ៌ហើយ មិនមែនមិនបរិបូណ៌ទេ បពិត្រព្រះអានន្ទដ៏​ចម្រើន​ ខ្ញុំព្រះករុណា មិនដែលឃើញនូវអរិយបញ្ញាខន្ធ ដែលបរិបូណ៌យ៉ាងនេះ ក្នុងសមណព្រាហ្មណ៍ទាំងឡាយដទៃ ខាងក្រៅពុទ្ធសាសនានេះឡើយ កិច្ចនីមួយ ដែលយើងទាំងឡាយ គប្បីធ្វើតទៅទៀត មិនមានឡើយ ។ បពិត្រព្រះអានន្ទដ៏​ចម្រើន​ ពីរោះណាស់ បពិត្រព្រះអានន្ទដ៏​ចម្រើន​ ពីរោះណាស់ បពិត្រព្រះអានន្ទដ៏​ចម្រើន​ ធម៌ដែលលោកម្ចាស់ សំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាគេផ្ងារនូវភាជន៍ ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញរបស់ដែលកំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាគេបំភ្លឺប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុ (ភ្លឺ) នឹងមើលឃើញរូបទាំងឡាយ បពិត្រព្រះអានន្ទដ៏​ចម្រើន​ ខ្ញុំព្រះករុណានេះ សូមដល់នូវព្រះគោតមដ៏​ចម្រើន​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូមព្រះអានន្ទដ៏​ចម្រើន​ ជ្រាបនូវខ្ញុំព្រះករុណាថា ជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ។

ចប់ សុភសូត្រ ទី១០ ។

ឯកសារ​យោង

កែប្រែ
  1. ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ > ទុតិយភាគ > សីលក្ខន្ធវគ្គ >​ សុភសូត្រ (សៀវភៅ​ភាគ១៥ ទំព័រ​ទី ១៦៦)
  2. พระไตรปิฎก เล่มที่ ๙ > พระสุตตันตปิฎก เล่มที่ ๑ > ทีฆนิกาย > สีลขันธวรรค สุภสูตร
  3. Subha Sutta: About Subha (DN10)