សូ សាវឿន
អ្នកស្រីសូ-សាវឿន (កើត ១ មិថុនា ១៩៤៥-បច្ចុប្បន្ន) ជាតារាចម្រៀងខ្មែរមួយរូបដែលមានកេរ្តិ៍ឈ្មោះក្នុងសម័យមុនអាពត។
ឈ្មោះពេញ | សូ-សាវឿន |
---|---|
ថ្ងៃខែឆ្នាំកំណើត | ០១ មិថុនា ១៩៤៥ |
ទីកន្លែងកំណើត | ឃុំបឹងងោង ស្រុកគងពិសី ខែត្រកំពង់ស្ពឺ |
បិតានាម | សូ-ប៉ុក |
មាតានាម | តាត-វិល |
បងប្អូនបង្កើត | ២ នាក់ |
ការងារ | តារាចម្រៀង |
ជីវប្រវត្តិសង្ខេប
កែប្រែអ្នកស្រីសូ-សាវឿន ជាអតីតអ្នកចម្រៀងដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងប្រទេសកម្ពុជា កាលពីអំឡុងទសវត្សរ៍ទី៦០និងដើមទសវត្សរ៍ទី៧០។ អ្នកស្រីកើតនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៤៥ ក្នុងឃុំបឹងងោក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឪពុកឈ្មោះសូ-ប៉ុក ជាទាហានសម័យខ្មែរឥស្សរៈ ម្តាយឈ្មោះតាត-វិល។ អ្នកស្រីមានបងប្អូនបង្កើតតែ២នាក់ប៉ុណ្ណោះ។ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកកែវ-ឯម ដែលជាតន្រ្តីករដ៏ល្បីម្នាក់ប្រចាំក្រុមតន្រ្តីយោធាភិរម្យ។ អ្នកទាំងពីរទទួលបានចំណងដៃបុត្របីនាក់ក្នុងនោះមានស្រី ១ នាក់ និង ប្រុស ២ នាក់ ។ ក្នុងសម័យប៉ុលពត គឺនៅចុងឆ្នាំ១៩៧៦ អ្នកស្រីមានភ័ព្វសំណាងបានភៀសខ្លួនពីមាតុភូមិទៅរស់នៅប្រទេសបារាំង។ សព្វថ្ងៃនេះ អ្នកស្រីសូ-សាវឿន កំពុងរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ជីវិតសិល្បៈ និង ស្នាដៃ
កែប្រែអ្នកស្រីបានចាកចេញពីស្រុកកំណើតមករស់នៅទីក្រុងភ្នំពេញជាមួយឪពុកធំដែលនៅដំណាក់លោកឃុន តាត។ ដើមឡើយ អ្នកស្រីបានចូលច្រៀងនៅក្នុងក្រុមល្ខោនផ្សារស៊ីលិប។ លុះក្រោយមក លោក កែវ ឯម ដែលត្រូវជាស្វាមីអ្នកស្រីបានមកឃើញអ្នកស្រីច្រៀងហើយចាប់អារម្មណ៍ពេញចិត្តចំពោះទឹកដមសម្លេងរបស់អ្នកស្រីក៍បានយកអ្នកស្រីមកបង្ហាត់បង្រៀនឱ្យចេះច្រៀងរហូតទាល់តែមានឈ្មោះបោះសម្លេងទទួលការគាំទ្រពីសំណាក់មហាជន។ កាលពីសម័យទៅដល់សង្គមរាស្រ្តនិយម អ្នកស្រីសូ សាវឿន បានច្រៀងនៅក្នុងក្រុមតន្រ្តីយោធាភិរម្យដង្ហែអង្គព្រះករុណាដំណាលនឹងអ្នកចម្រៀងស្រីដទៃទៀតដូចជា អ្នកម្នាងសៀង ឌី, អ្នកស្រីម៉ៅ សារ៉េត ,អ្នកស្រីឈុន វណ្ណា និងអ្នកស្រីឈួន ម៉ាឡៃ។ គេតែងឃើញវត្តមានអ្នកស្រីឡើងច្រៀងជាកិត្តិយសក្នុងការប្រគំតន្រ្តីរបស់ក្រុមយោធាភិរម្យនៅពេលសមាជជាតិនៅវាលមេរុម្ដងៗ ដែលមាន កវីសេកមាសម៉ា ឡៅពី ជាអ្នកធ្វើអត្ថាធិប្បាយយ៉ាងពិរោះរណ្ដំ។ អ្នកស្រីសូ សាវឿនត្រូវបានកវីសេកមាសម៉ា ឡៅពីប្រសិទ្ធិនាមឱ្យថាជាតារាចម្រៀងសម្លេងរៃកណ្ដឹង ដោយសារអ្នកស្រីមានអំណោយផលទឹកដមសម្លេងពិរោះគ្រលួចស្រួយស្រេះដែលពិបាកឱ្យអ្នកចម្រៀងដទៃទៀតត្រាប់តាមអ្នកស្រី ។ គួរបព្ជាក់ផងដែរថា អ្នកស្រីសូ សាវឿន ជាតារាចម្រៀងដំបូងបង្អស់ដែលច្រៀងបទចង្វាក់សារ៉ាវ៉ាន់នៅប្រទេសកម្ពុជាគឺបទឱពពេជចៀប ដែលជាស្នាដៃនិពន្ធរបស់កវីវ៉ែន សុនថតផ្សាយដោយក្រុមតន្រ្តី រាជតម្រួតភិរម្យ នៅពេលដង្ហែព្រះករុណាព្រះប្រមុខរដ្ឋទៅដល់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។កវីដែលធ្លាប់និពន្ធបទចម្រៀងឱ្យតារាចម្រៀងរៃកណ្ដឹងរូបនេះមានដូចជាកវីម៉ា ឡៅពី,កវីគង្គ ប៊ុនឈឿន,កវីវ៉ែន សុន,កវីស្វាយ សំអឿ ជាដើម។ទន្ទឹមនឹងជោគជ័យក្នុងអាជីពជាតារាចម្រៀង អ្នកស្រីសូ សាវឿន ធ្លាប់បានចូលរួមសម្ដែងជាតារាកិត្តិយសក្នុងរឿងស្លៀកខ្យល់ដណ្ដប់មេឃ របស់ផលិតកម្មឃ្លាំងមឿងភាពយន្តដែលដឹកនាំរឿងដោយលោកគង្គ ប៊ុនឈឿន ដាក់បញ្ចាំងនៅឆ្នាំ១៩៧៤ និងរឿងមួយទៀតគឺរឿងមុខមួយភ្នែកបួន របស់ផលិតកម្មឃ្លាំងមឿងភាពយន្តដែលដឹកនាំរឿងដោយលោកគង្គ ប៊ុនឈឿនដដែលតែរឿងនេះមិនទាន់បានបញ្ចាំងនៅឡើយទេ ព្រឹត្តិការណ៍ថ្ងៃទី១៧ មេសា ១៩៧៥ បានចូលមកដល់។ដោយឡែកក្រោយពេលដែលអ្នកស្រីភៀសខ្លួនទៅរស់នៅប្រទេសបារាំង អ្នកស្រីបានចាប់អាជីពជាតារាចម្រៀងឡើងវិញបំពេរអារម្មណ៍អាណិកជនខ្មែរគ្រប់រូបដែលរស់នៅទីនោះគឺនៅឆ្នាំ១៩៧៨ ពីរឆ្នាំក្រោយពេលទៅដល់ទីនោះ។ លុះដល់ឆ្នាំ១៩៨២ ទើបអ្នកស្រីចូលច្រៀងតាមភោជនីយដ្ឋាន និង កម្មវិធីប្រគំតន្រ្តីនានានៅក្នុងទីក្រុងប៉ារីស។ ក្រោយរបបប៉ុលពតដួលរលំ អ្នកស្រីសូ សាវឿនបានមកប្រទេសកម្ពុជាជាលើកដំបូងនៅឆ្នាំ១៩៨៦ នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក។ បទចម្រៀងល្បីៗរបស់អ្នកស្រីសូ សាវឿន មានដូចជាបទ៖
បទចម្រៀងទោល(បទមនោសញ្ចេតនា)
កែប្រែ- បទកំពង់ហ្លួងដួងចិត្ត (ស្ពានកំពង់ហ្លួង)
- បទស្ទឹងសែនប៉ារីស
- បទអ្នកបំរើតាមយន្តហោះ
- បទវិញ្ញាណផ្នូរខ្ញុំ
- បទនេះឬចិត្តប្រុស
- បទថ្ពាល់និងច្រមុះ
- បទក្លិនស្នេហ៍ (ព្រៃល្បាស់ខៀវខ្ចី)
- បទសង្ស័យមិនទាន់មានគូ
- បទជ្រោះទារុណកម្ម
- បទចំណងដៃទឹកភ្នែក
- បទសុវិទ្យា
- បទវាលវែងឆ្ងាយ
- បទម្ចាស់ចិត្តបរយ៉ាខា
- បទអនុស្សាវរីយ៍កំពង់ហ្លួង
បទចម្រៀងទោល(បទប្រជាប្រិយ)
កែប្រែ- បទឱពពេជចៀប
- បទឱផ្កាយលើមេឃ
- បទឱដើមគគីរ
- បទសារ៉ាវ៉ាន់ស្លៀកខ្យល់
- បទលលកវាយំ
- បទលលកចុងត្រស់
- បទម្លប់ដូង
- បទស្នេហាក្នុងពេលរាត្រី
- បទធ្វើម្ដេចនឹងបានគូរាំ
- បទស្ងោរស៊ុបមាន់ញី
- បទគេលេងភ្លេងហើយ
- បទឃ្មុំឡើងក្បាលទឹក
- បទអូនចូលចិត្តបងញញឹម
- បទច្រូចទឹកចោលទៅ
- បទបងអើយស្ដាប់ផ្គរ
- បទកន្តុបម៉ែមួយ
- បទផ្ញើសារតាមសត្វ
- បទល្ងាចអូនទៅដល់
- បទជូនអូនទៅម៉ែ
- បទអូននាំបងរត់
- បទមិនគួរឃ្លាតឆ្ងាយពីស្រី
- បទចាបពូកចំពុះខៀវ
- បទកង្កែបរាំវង់
- បទទឹកលិចភូមិអូន
- បទភ្លៀង១០០មេ
- បទផ្កាក្រវ៉ាន់ព្រៃ
- បទអូនយំស្ដាយស្រូវ
- បទមាន់ធ្នាក់ទាក់មាន់ព្រៃ
- បទដឹកគោទៅចង
- បទរាត្រីរាំវង់
- បទបងមិនអាណិត
- បទរំពេរហើរមក
បទចម្រៀងឆ្លងឆ្លើយ
កែប្រែ- បទក្រមុំជនបទ ច្រៀងដោយអ្នកស្រី ប៉ែន រ៉ន និង សូ សាវឿន
- បទក្អែកបូល ច្រៀងដោយលោក មាស សាម៉ន និង សូ សាវឿន
- បទត្រូវនឹងថ្នាំអូនស្រី ច្រៀងដោយលោក មាស សាម៉ន និង សូ សាវឿន
- បទអាគកខ្នាយវែង ច្រៀងដោយលោក មាស សាម៉ន និង សូ សាវឿន
- បទក្រសារហូតដាវ ច្រៀងដោយលោកមាស សាម៉ន និង សូ សាវឿន
- បទកឺការ៉ូប៊ិចជួង ច្រៀងដោយលោក មាស សាម៉ន និង សូ សាវឿន
- បទផ្ដាំបងឱ្យរែកទឹក ច្រៀងដោយលោកមាស សាម៉ន និង សូ សាវឿន
- បទទឹកដក់បាតព្រែក ច្រៀងដោយលោកមាស សាម៉ន និង សូ សាវឿន
- បទជាតិខ្មែរមិនមែនល្ងង់ខ្លៅ ច្រៀងដោយលោកមាស សាម៉ន និង សូ សាវឿន
- បទរលឹមតក់ៗ ច្រៀងដោយលោក មាស សាម៉ន និង សូ សាវឿន
- បទដេកថ្ងៃសំចៃទុកយប់ ច្រៀងដោយលោក ឡឹក សាវ៉ាត និង សូ សាវឿន
- បទផ្កាសារ៉ាយ ច្រៀងដោយលោកជា សាវឿន និង សូ សាវឿន
- បទទិញស្រាឱ្យឪ ច្រៀងដោយលោក តូច តេង និង សូ សាវឿន
- បទភួងស្នេហ៍កម្រង ច្រៀងដោយលោក តូច តេង និង សូ សាវឿន
- បទលាបងចូលម្លប់ ច្រៀងដោយលោក សុះ ម៉ាត់ និង សូ សាវឿន
- បទប៉ាឡេឡៃ ច្រៀងដោយលោក ស៊ីន ស៊ីសាមុត និង សូ សាវឿន
- បទឱ្យតែបាន ច្រៀងដោយលោក ស៊ីន ស៊ីសាមុត និង សូ សាវឿន
- បទបងឯងជាព្រាននារី ច្រៀងដោយលោក ស៊ីន ស៊ីសាមុត អ្នកស្រី រស់ សេរីសុទ្ធា ប៉ែន រ៉ន និង សូ សាវឿន
- បទមិនជឿទេចិត្តប្រុសសម័យ ច្រៀងដោយលោក ស៊ីន ស៊ីសាមុត និង សូ សាវឿន
- បទកូនអ្នកណា ច្រៀងដោយលោក មាស សាម៉ន និង សូ សាវឿន
- បទម៉ែអូននៅផ្ទះ ច្រៀងដោយលោក ថេត សម្បត្តិ និង សូ សាវឿន