សោណទណ្ឌសូត្រ ទី ៤

កែប្រែ

[១៧៨] (សូត្រ​នេះ​) ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ​ ។ សម័យ​មួយ​ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ពុទ្ធដំណើរទៅកាន់ចារិក ​ក្នុង​អង្គ​ជនបទ ព្រម​ដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន ​៥០០ រូប ​បាន​ស្តេចទៅ​ដល់​ក្រុង​ចម្បា [ ដីកាពន្យល់ថា នគរ​នោះ​ ​បាន​ជា​ឈ្មោះ​ដូច្នោះ ព្រោះ​មាន​ដើមចម្បាដុះជា​ច្រើន​ តាំងពីកាល​ដែល​សាងនគរ​នោះ​មក​ ។ ] ។ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​គង់ទៀបឆ្នេរ​នៃ​ស្រះបោក្ខរណី ​ឈ្មោះ​គគ្គរា [​ អដ្ឋកថា​ ពន្យល់ថា ស្រះ​នោះ​ ​បាន​ជា​ឈ្មោះ​ដូច្នោះ ព្រោះ​ព្រះ​រាជមហេសី​ព្រះ​នាម គគ្គរា ​ឲ្យ​ជីកជិត​ក្រុង​ចម្បា​នោះ​ ​នៅ​ជុំវិញឆ្នេរស្រះ​នោះ​ ​មាន​ព្រៃចម្បា​ដ៏​ធំ ប្រដាប់​ដោយ​ដើមឈើ​មាន​ផ្កា ៥ ពណ៌ ​មាន​ពណ៌ខៀវជាដើម ។ ] ជិត​ក្រុង​ចម្បា​នោះ​ ។

ពុទ្ធគុណកថា

កែប្រែ

[១៧៩] សម័យ​នោះ​ឯង សោណទណ្ឌព្រាហ្មណ៍អាស្រ័យ​នៅ​ក្នុង​ក្រុង​ចម្បា ​ដែល​ជា​ក្រុង​កុះករ ​ដោយ​មនុស្ស​សត្វ បរិបូណ៌​ដោយ​ស្មៅ ឈើ ​និង​ទឹក ព្រម​ទាំង​ធញ្ញ​ជាតិ​ ជា​ព្រះ​រាជទ្រព្យ ​ដែល​ព្រះ​បាទ​មាគធសេនិយពិម្ពិសារ ​ទ្រង់​ប្រទាន ជារាជរង្វាន់​ដ៏​ប្រសើរ ។ ព្រាហ្មណ៍ ​និង​គហបតិ​ទាំង​ឡាយ​អ្នក​ក្រុង​ចម្បា ​បាន​ឮ​ថា ​ព្រះ​សមណគោតម ជាសក្យបុត្រ ចេញ​ចាក​សក្យត្រកូល ទៅ​ទ្រង់​ព្រះ​ផ្នួស​ហើយ​ ​ទ្រង់​ពុទ្ធដំណើរ​មក​កាន់ចារិក​ក្នុង​ដែនអង្គៈ ព្រម​ដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន ​៥០០ រូប ​ទ្រង់​ពុទ្ធដំណើរ ​មក​ដល់​ក្រុង​ចម្បា​ហើយ​ គង់​នៅ​ទៀបឆ្នេរស្រះបោក្ខរណី ​ឈ្មោះ​គគ្គរា ជិត​ក្រុង​ចម្បា កិត្តិសព្ទ ​ដ៏​ពីរោះ សរសើរ​ព្រះ​គោតម​ដ៏​ចម្រើន​នោះ​ ​ឮ​ខ្ចរខ្ចាយ សុសសាយ​យ៉ាង​នេះ​ថា ​ព្រះ​មាន​ព្រះ​ភាគ​អង្គ​នោះ​ ​ព្រះ​អង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មងគ្រប់​យ៉ាង​ ​ព្រះ​អង្គ​ត្រាស់ដឹងនូវញេយ្យធម៌​ទាំង​ពួង ​ដោយ​ប្រពៃចំពោះ​ព្រះ​អង្គ​ ​ព្រះ​អង្គ​បរិបូណ៌​ដោយ​វិជ្ជា ​និង​ចរណៈ គឺ​សេចក្តី​ចេះដឹង ​និង​ក្រឹត្យ ​ដែល​បុគ្គលគប្បីប្រព្រឹត្ត ​ព្រះ​អង្គ​មាន​ដំណើរល្អទៅកាន់​ព្រះ​និព្វាន ​ព្រះ​អង្គ​ជ្រាបច្បាស់នូវត្រៃលោក ​ព្រះ​អង្គ​ប្រសើរ​ដោយ​សីលាទិគុណ រកបុគ្គលណា​មួយ​ស្មើគ្មាន ​ព្រះ​អង្គ​ ជាសារថី ​អ្នក​ទូន្មាននូវបុរស​ដែល​គួរទូន្មាន​បាន​ ​ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ ​ព្រះ​អង្គ​បាន​ត្រាស់ដឹងនូវអរិយសច្ចធម៌ ​ព្រះ​អង្គ​លែងវិល​មក​កាន់ភពថ្មីទៀត ​ព្រះ​អង្គ​បាន​ត្រាស់ដឹង ​បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់នូវ​ព្រះ​និព្វាន ចំពោះ​ព្រះ​អង្គ​ ​ហើយ​ញុំាងលោក​នេះ​ ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ញុំាងប្រជាជន ព្រម​ទាំង​សមណព្រាហ្មណ៍ ​ទាំង​មនុស្ស​ជាសម្មតិទេព ​និង​មនុស្ស​ដ៏​សេស ​ឲ្យ​បាន​ត្រាស់ដឹងផង ​ទ្រង់​សំដែងធម៌ ​មាន​លំអបទដើម បទកណ្តាល ​និង​បទចុង ​ទ្រង់​ប្រកាសនូវព្រហ្មចរិយធម៌ ព្រម​ទាំង​អត្ថ ​និង​ព្យញ្ជនៈ ​ដ៏​ពេញបរិបូណ៌ បរិសុទ្ធ​ទាំង​អស់ ក៏ដំណើរ​ដែល​បាន​ឃើញ ​បាន​ជួបប្រទះ​ព្រះ​អរហន្ត​ទាំង​ឡាយ ​មាន​សភាពដូច្នេះ ជាការប្រពៃណាស់ ។ គ្រា​នោះ​ ​ពួក​ព្រាហ្មណ៍ ​និង​គហបតី​អ្នក​ក្រុង​ចម្បា នាំគ្នាចេញពី​ក្រុង​ចម្បា ជា​ពួក​ ជាកង ដើរត្រសង ​ចូល​សំដៅទៅ​ត្រង់​ស្រះបោក្ខរណី ​ឈ្មោះ​គគ្គរា​នោះ​ ។

និយាយ​អំពី​គុណ​របស់​សោណទណ្ឌព្រាហ្មណ៍

កែប្រែ

[១៨០] សម័យ​នោះ​ឯង សោណទណ្ឌព្រាហ្មណ៍ ​ចូល​ទៅកាន់ដំណេក​ក្នុង​វេលាថ្ងៃ ​ក្នុង​ប្រាសាទជាន់ខាងលើ ។ សោណទណ្ឌព្រាហ្មណ៍ ​បាន​ឃើញ​ពួក​ព្រាហ្មណ៍ គហបតី​អ្នក​ក្រុង​ចម្បា ចេញ​អំពី​ក្រុង​ចម្បា ជា​ពួក​ ជាកង ដើរត្រសង ​ចូល​សំដៅទៅ​ត្រង់​ស្រះបោក្ខរណី ​ឈ្មោះ​គគ្គរា លុះឃើញ​ហើយ​ ទើបហៅខត្តមហាមាត្យ [​ អដ្ឋកថា​ពន្យល់ថា អាមាត្យ​នេះ​ ជាអាមាត្យធំ ​អាច​ដោះសា អាថ៌ប្រស្នា ​ដែល​សោណទណ្ឌព្រាហ្មណ៍សួរ​បាន​ ។ ដីកាពន្យល់ថា បុរសណា ​ដែល​ជា​អ្នក​ប្រាជ្ញ ​ក្នុង​អាជ្ញា​របស់​ឥស្សរជន​ទាំង​ឡាយ ​មាន​ស្តេច​ទ្រង់​រាជ្យ ​និង​ស្តេច​ដែល​មិន​បាន​អភិសេកជាដើម ជា​អ្នក​រក្សា​អង្គ​នៃ​ឥស្សរជន​ទាំង​នោះ​ បុរស​នោះ​ ហៅថា ខត្តៈ ។ បុរស​នោះ​ បើឥស្សរជន ​មាន​ការប្រើ​ឲ្យ​ទៅទីណាៗ ចេះការពារទោស ​របស់​ឥស្សរជន​ទាំង​នោះ​ ​ក្នុង​ទី​នោះ​ៗ ។ (ហៅខ្លីថា អាមាត្យទូលឆ្លង) ] ​មក​សួរថា នែខត្តៈ​ដ៏​ចម្រើន​ ដូចម្តេចហ្ន៎ ក៏​បាន​ជា​ពួក​ព្រាហ្មណ៍ គហបតី​អ្នក​ក្រុង​ចម្បា ចេញ​អំពី​ក្រុង​ចម្បា ជា​ពួក​ ជាកង ដើរត្រសង ​ចូល​សំដៅទៅ​ត្រង់​ស្រះបោក្ខរណី ​ឈ្មោះ​គគ្គរា ។ ខត្តមហាមាត្យ​ឆ្លើយ​ថា បពិត្រលោក​ដ៏​ចម្រើន​ ដ្បិត​ព្រះ​សមណគោតម ជាសក្យបុត្រ ​ទ្រង់​ចេញ​ចាក​សក្យត្រកូល ទៅ​ទ្រង់​ព្រះ​ផ្នួស ​ហើយ​ទ្រង់​ពុទ្ធដំណើរទៅកាន់ចារិក ​ក្នុង​ដែនអង្គៈ ព្រម​ដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន​៥០០រូប ឥឡូវ ​ទ្រង់​ពុទ្ធដំណើរ​មក​ដល់​ក្រុង​ចម្បា​ហើយ​ ​ព្រះ​អង្គ​ គង់សម្រាន្ត​ព្រះ​ឥរិយាបថ​នៅ​ក្បែរឆ្នេរស្រះបោក្ខរណី ​ឈ្មោះ​គគ្គរា ជិត​ក្រុង​ចម្បា កិត្តិសព្ទ ​ដ៏​ពីរោះ សរសើរ​ព្រះ​គោតម​ដ៏​ចម្រើន​នោះ​ ​ឮ​ខ្ចរខ្ចាយ សុសសាយ​យ៉ាង​នេះ​ថា ​ព្រះ​មាន​ព្រះ​ភាគ​នោះ​ ​ព្រះ​អង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មងគ្រប់​យ៉ាង​ ​ព្រះ​អង្គ​ត្រាស់ដឹងនូវញេយ្យធម៌​ទាំង​ពួង ​ដោយ​ប្រពៃចំពោះ​ព្រះ​អង្គ​ ​ព្រះ​អង្គ​បរិបូណ៌​ដោយ​វិជ្ជា ​និង​ចរណៈ គឺ​សេចក្តី​ចេះដឹង ​និង​ក្រឹត្យ ​ដែល​បុគ្គលគប្បីប្រព្រឹត្ត ​ព្រះ​អង្គ​មាន​ដំណើរល្អទៅកាន់​ព្រះ​និព្វាន ​ព្រះ​អង្គ​ជ្រាបច្បាស់នូវត្រៃលោក ​ព្រះ​អង្គ​ប្រសើរ​ដោយ​សីលាទិគុណ រកបុគ្គលណា​មួយ​ស្មើគ្មាន ​ព្រះ​អង្គ​ ជាសារថី ​អ្នក​ទូន្មាននូវបុរស​ដែល​គួរទូន្មាន​បាន​ ​ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ ​ព្រះ​អង្គ​បាន​ត្រាស់ដឹងនូវអរិយសច្ចធម៌ ​ព្រះ​អង្គ​លែងវិល​មក​កាន់ភពថ្មីទៀត ​ពួក​ព្រាហ្មណ៍ គហបតី​ទាំង​នោះ​ ក៏នាំគ្នាទៅគាល់​ព្រះ​គោតម​ដ៏​ចម្រើន​អង្គ​នោះ​ ។ សោណទណ្ឌព្រាហ្មណ៍ ប្រើខត្តមហាមាត្យថា នែខត្តៈ​ដ៏​ចម្រើន​ បើដូច្នោះ ​អ្នក​ចូល​ទៅរក​ពួក​ព្រាហ្មណ៍ គហបតី​អ្នក​ក្រុង​ចម្បា លុះ​ចូល​ទៅ​ដល់​ហើយ​ ប្រាប់​ពួក​ព្រាហ្មណ៍ ​និង​គហបតី​អ្នក​ក្រុង​ចម្បា​យ៉ាង​នេះ​ថា នែ​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​ សោណទណ្ឌព្រាហ្មណ៍ និយាយ​យ៉ាង​នេះ​ថា ​ឲ្យ​ពួក​អ្នក​ដ៏​ចម្រើន​បង្អង់ចាំ​មួយ​រំពេចសិន ដ្បិតសោណទណ្ឌព្រាហ្មណ៍ ​នឹង​ចូល​ទៅគាល់​ព្រះ​សមណគោតម​ដែរ​ ។ ខត្តមហាមាត្យ​នោះ​ ក៏ទទួលពាក្យ​របស់​សោណទណ្ឌព្រាហ្មណ៍ថា បពិត្រលោក​ដ៏​ចម្រើន​ ​យ៉ាង​ហ្នឹង​ហើយ​ រួចក៏​ចូល​សំដៅទៅ ​ត្រង់​ទី​ដែល​ពួក​ព្រាហ្មណ៍ ​និង​គហបតី​អ្នក​ក្រុង​ចម្បា​នៅ​ លុះ​ចូល​ទៅ​ដល់​ហើយ​ ក៏​បាន​ប្រាប់ដំណើរនុ៎ះ ចំពោះ​ពួក​ព្រាហ្មណ៍ ​និង​គហបតី​អ្នក​ក្រុង​ចម្បាថា នែ​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​ សោណទណ្ឌព្រាហ្មណ៍ និយាយ​យ៉ាង​នេះ​ថា ​ឲ្យ​ពួក​អ្នក​ដ៏​ចម្រើន​ បង្អង់ចាំ​មួយ​រំពេចសិន ដ្បិតសោណទណ្ឌព្រាហ្មណ៍ ​នឹង​ចូល​ទៅគាល់​ព្រះ​សមណគោតម​ដែរ​ ។

[១៨១] ជួនជាសម័យ​នោះ​ឯង ព្រាហ្មណ៍​ទាំង​ឡាយ ​ដែល​មក​អំពី​រជ្ជសីមា ផ្សេងៗគ្នា (​មាន​ដែនកាសី ​និង​ដែនកោសលជាដើម) ​ចំនួន​៥០០នាក់ ​មក​នៅ​អាស្រ័យ​ក្នុង​ក្រុង​ចម្បា ​ដោយ​ករណីកិច្ច [​អដ្ឋកថា​ ថា ​ពួក​ព្រាហ្មណ៍​ដែល​មក​ប្រជុំគ្នា​នៅ​នគរ​នោះ​ ​ដោយ​មាន​ករណីកិច្ច ២ ​យ៉ាង​ គឺ​ដើម្បី​បរិភោគនូវ​គ្រឿង​បូជាយញ្ញ ​និង ដើម្បី​ស្វាធ្យាយនូវ​មន្ត​ ។ ឯ​ក្នុង​នគរ​នោះ​ ​នៅ​វេលា​នោះ​ ឥត​មាន​គ្រឿង​បូជាយញ្ញទេ តែព្រាហ្មណ៍​ទាំង​នោះ​ ទៅប្រជុំគ្នា បម្រុង​នឹង​ស្វាធ្យាយ​មន្ត​ ។ ព្រោះលោកសំដៅ​យក​កិច្ច​ទាំង​ ២ ​យ៉ាង​នោះ​ ទើប​ពោល​ថា ​ដោយ​មាន​ករណីកិច្ចឯណា​នីមួយ​ ។] ឯណា​នីមួយ​ ។ ​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ ​បាន​ឮ​ថា សោណទណ្ឌព្រាហ្មណ៍ ​នឹង​ចូល​ទៅគាល់​ព្រះ​សមណគោតម ។ លំដាប់​នោះ​ ​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ ក៏នាំគ្នា​ចូល​សំដៅទៅ​ត្រង់​ទី ​ដែល​សោណទណ្ឌព្រាហ្មណ៍​នៅ​ លុះ​ចូល​ទៅ​ដល់​ហើយ​ ក៏​បាន​សួរសោណទណ្ឌព្រាហ្មណ៍ដូច្នេះថា ​បាន​ឮ​ថា សោណទណ្ឌ​ដ៏​ចម្រើន​ ​នឹង​ទៅគាល់​ព្រះ​សមណគោតម ពិត​មែន​ឬ​ ?

សោណទណ្ឌព្រាហ្មណ៍​ឆ្លើយ​ថា (អើ ​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​) ​ខ្ញុំ​មាន​សេចក្តី​ត្រិះរិះ​យ៉ាង​ហ្នឹង​មែន​ ​ខ្ញុំ​នឹង​ចូល​ទៅគាល់​ព្រះ​សមណគោតម​ដែរ​ ។

ពួក​ព្រាហ្មណ៍​ទាំង​នោះ​ ក៏​ឃាត់​ថា សោណទណ្ឌ​ដ៏​ចម្រើន​ កុំ​ចូល​ទៅជួប​នឹង​ព្រះ​សមណគោតម​ឡើយ​ សោណទណ្ឌ​ដ៏​ចម្រើន​ ​មិន​គួរ​ចូល​ទៅជួប​នឹង​ព្រះ​សមណគោតមទេ ​ប្រសិន​បើ​សោណទណ្ឌ​ដ៏​ចម្រើន​ចចេសតែ​ចូល​ទៅជួប​នឹង​ព្រះ​សមណគោតម សោណទណ្ឌ​ដ៏​ចម្រើន​ ​នឹង​សាប​សូន្យយស ឯ​ព្រះ​សមណគោតម រឹងរឹតតែ​ចម្រើន​យសឡើង សោណទណ្ឌ​ដ៏​ចម្រើន​ ​នឹង​សាប​សូន្យយស ​ព្រះ​សមណគោតម ​នឹង​រឹងរឹតតែ​ចម្រើន​យសឡើង ហេតុ​នេះ​ ​បាន​ជាសោណទណ្ឌ​ដ៏​ចម្រើន​ ​មិន​គួរ​ចូល​ទៅជួប​នឹង​ព្រះ​សមណគោតមទេ ​ព្រះ​សមណគោតម​ទេ​តើ​ ទើបគួរ​ចូល​មក​ជួប​នឹង​សោណទណ្ឌ​ដ៏​ចម្រើន​វិញ ប្រការ​មួយ​ទៀត សោណទណ្ឌ​ដ៏​ចម្រើន​ ជាឧភតោសុជាត (​មាន​ជាតិ​ដ៏​ល្អ​ទាំង​ពីរចំណែក) គឺចំណែកខាងមាតា ​និង​ចំណែកខាងបិតា ​កើត​អំពី​ផ្ទៃ​ដ៏​បរិសុទ្ធស្អាត តាំង​អំពី​តំណ​នៃ​ជីដូនជីតា ៧ ជួរ [​ អដ្ឋកថា​ ថា មាតា ជីដូន ជីដូនទួត ជាព្រាហ្មណី បិតា ជីតា ជីតាទួត ជាព្រាហ្មណ៍ ជា ៦ (ជា​គម្រប់​ ៧ ជួរ​នឹង​ខ្លួន) ហៅថា ឧភតោសុជាត ។ ]​មក​ ​មិន​ដែល​នរណា​មួយ​ ​ពោល​ទោស តិះដៀល ​ដោយ​ពោល​ដល់​ជាតិ​កំណើត​ឡើយ​ ក៏ឯសោណទណ្ឌ​ដ៏​ចម្រើន​ ជាឧភតោសុជាត ខាងមាតា ​និង​ខាងបិតា ​កើត​អំពី​ផ្ទៃ​ដ៏​បរិសុទ្ធស្អាត តាំង​អំពី​តំណ​នៃ​ជីដូនជីតា ៧ ជួរ​មក​ ​មិន​ដែល​មាន​នរណា​មួយ​ ​ពោល​តិះដៀល ​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​ ហេតុ​នេះ​ ​បាន​ជាសោណទណ្ឌ​ដ៏​ចម្រើន​ ​មិន​គួរ​ចូល​ទៅជួប ​នឹង​ព្រះ​សមណគោតម​ឡើយ​ ​ព្រះ​សមណគោតម​ទេ​តើ​ ទើបគួរ​ចូល​មក​ជួបសោណទណ្ឌ​ដ៏​ចម្រើន​វិញ ប្រការ​មួយ​ទៀត សោណទណ្ឌ​ដ៏​ចម្រើន​ ជា​អ្នក​ស្តុកស្តម្ភ ​មាន​ទ្រព្យសម្បត្តិ​ច្រើន​ ​មាន​គ្រឿង​ប្រើប្រាស់​ច្រើន​ ។បេ។ ប្រការ​មួយ​ទៀត សោណទណ្ឌ​ដ៏​ចម្រើន​ ជា​អ្នក​រាយ​មន្ត​ ចេះចាំ​មន្ត​ ជា​អ្នក​ដល់​នូវត្រើយ​នៃ​ត្រៃវេទ ព្រម​ទាំង​គម្ពីរនិឃណ្ឌុ គម្ពីរកេតុភៈ ព្រម​ទាំង​អក្ខរប្បភេទ គឺសិក្ខា ​និង​និរុត្តិ ​ដែល​មាន​គម្ពីរឥតិហាសៈ ជា​គម្រប់​ ៥  ជា​អ្នក​ស្គាល់បទ ​និង​វេយ្យាករណ៍ ជា​អ្នក​មិន​ឱនថយ គឺជា​អ្នក​បច្ចេកទេស ស្ទាត់ជំនាញ ​ក្នុង​លោកាយតសាស្ត្រ ​និង​មហាបុរិសលក្ខណព្យាករណសាស្ត្រ ប្រការ​មួយ​ទៀត សោណទណ្ឌ​ដ៏​ចម្រើន​ ​មាន​រូបល្អ គួរពិតពិល រមិល​មើល​ គួរជ្រះថ្លា ប្រកប​ដោយ​សម្បុរល្អក្រៃលែង ​មាន​សម្បុរ​ដ៏​ប្រសើរ ​មាន​សរីរៈស្រដៀង​នឹង​ព្រហ្ម ​មាន​សព៌ាង្គរាងកាយ គួរ​ឲ្យ​ចង់​មើល​មិន​លែង ប្រការ​មួយ​ទៀត សោណទណ្ឌ​ដ៏​ចម្រើន​ ជា​អ្នក​មាន​សីលធម៌ ​មាន​សីលធម៌​ដ៏​ចម្រើន​ ប្រកប​ដោយ​សីលធម៌​ដ៏​ចម្រើន​ ប្រការ​មួយ​ទៀត សោណទណ្ឌ​ដ៏​ចម្រើន​ ​មាន​វាចា​សុភាព ​មាន​ពាក្យពីរោះក្បោះក្បាយ ប្រកប​ដោយ​សំដីជា​របស់​អ្នក​ក្រុង​ ជា​វាចា​ច្បាស់លាស់ ប្រាស​ចាក​ទោស ជា​វាចា​អាច​ញុំាង​អ្នក​ស្តាប់​ឲ្យ​ចូល​ចិត្ត​សេចក្តី​បាន​ជាក់លាក់ ប្រការ​មួយ​ទៀត សោណទណ្ឌ​ដ៏​ចម្រើន​ ជាអាចារ្យ ធំជាងអាចារ្យ​របស់​ជនជា​ច្រើន​ ​បាន​បង្រៀន​មន្ត​មាណព ៣០០ នាក់ មាណពជា​ច្រើន​ ​ដែល​មាន​សេចក្តី​ត្រូវការ​ដោយ​មន្ត​ ​មាន​ប្រាថ្នា​នឹង​រៀន​មន្ត​ក្នុង​សំណាក់​នៃ​សោណទណ្ឌ​ដ៏​ចម្រើន​ ​ហើយ​នាំគ្នា​មក​អំពី​ទិសផ្សេងៗ ​អំពី​ជនបទផ្សេងៗ ប្រការ​មួយ​ទៀត សោណទណ្ឌ​ដ៏​ចម្រើន​ ជា​មនុស្ស​ចាស់ព្រឹទ្ធាចារ្យ ​មាន​អាយុ​ច្រើន​ រស់​នៅ​បាន​យូរឆ្នាំ​មក​ហើយ​ ​មាន​អាយុ ក៏ជ្រុល​ចូល​មក​ក្នុង​បច្ឆិមវ័យ​ហើយ​ ឯ​ព្រះ​សមណគោតម ​នៅ​ក្មេងផង ទើប​នឹង​បួសថ្មីៗផង ប្រការ​មួយ​ទៀត សោណទណ្ឌ ជា​មនុស្ស​ ​ដែល​ព្រះ​បាទ​មាគធសេនិយពិម្ពិសារ ​ទ្រង់​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ប្រការ​មួយ​ទៀត សោណទណ្ឌ​ដ៏​ចម្រើន​ ជា​មនុស្ស​ដែល​បោក្ខរសាតិព្រាហ្មណ៍​បាន​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ប្រការ​មួយ​ទៀត សោណទណ្ឌ​ដ៏​ចម្រើន​ ​នៅ​គ្រប់គ្រង​ក្រុង​ចម្បា ​ដែល​ជា​ក្រុង​កុះករ ​ដោយ​ប្រជាជន ​និង​សត្វ សម្បូណ៌​ដោយ​ស្មៅ ឈើ ​និង​ទឹក បរិបូណ៌​ដោយ​ធញ្ញាហារ ជា​ព្រះ​រាជទ្រព្យ ​ដែល​ព្រះ​បាទ​មាគធសេនិយពិម្ពិសារ ​ទ្រង់​ព្រះ​រាជទាន​ឲ្យ​ ជា​ព្រះ​រាជបំណាច់​ដ៏​ប្រសើរ ប្រការ​មួយ​ទៀត សោណទណ្ឌ​ដ៏​ចម្រើន​ ​នៅ​គ្រប់គ្រង​ក្រុង​ចម្បា ​ដែល​ជា​ក្រុង​កុះករ ​ដោយ​ប្រជាជន ​និង​សត្វ ព្រម​ទាំង​ស្មៅ ឈើ ទឹក បរិបូណ៌​ដោយ​ធញ្ញាហារ ជា​ព្រះ​រាជទ្រព្យ ​ដែល​ព្រះ​បាទ​មាគធសេនិយពិម្ពិសារ ​ទ្រង់​ព្រះ​រាជទាន​ឲ្យ​ ជា​ព្រះ​រាជបំណាច់​ដ៏​ប្រសើរ ព្រោះហេតុ​នេះ​ ទើបថា សោណទណ្ឌ​ដ៏​ចម្រើន​ ​មិន​គួរ​ចូល​ទៅជួប​នឹង​ព្រះ​សមណគោតម​ឡើយ​ ​ព្រះ​សមណគោតម​ទេ​តើ​ ទើបគួរ​ចូល​មក​ជួប​នឹង​សោណទណ្ឌ​ដ៏​ចម្រើន​វិញ ។

ពុទ្ធគុណ​កថា

កែប្រែ

[១៨២] កាល​ដែល​ពួក​ព្រាហ្មណ៍ និយាយ​យ៉ាង​នេះ​ហើយ​ សោណទណ្ឌព្រាហ្មណ៍ ​បាន​និយាយ​នឹង​ព្រាហ្មណ៍​ទាំង​នោះ​ដូច្នេះថា នែ​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​ បើដូច្នោះ ចូរ​អ្នក​ទាំង​ឡាយស្តាប់​ខ្ញុំ​សិន ដូច​យ៉ាង​យើង​ គួរ​នឹង​ចូល​ទៅជួប​នឹង​ព្រះ​គោតម​ដ៏​ចម្រើន​នោះ​ដោយ​ពិត ឯ​ព្រះ​គោតម​ដ៏​ចម្រើន​នោះ​ ​មិន​គួរ​នឹង​ចូល​មក​ជួប​នឹង​យើង​ទេ ​បាន​ឮ​ថា ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ ជាឧភតោសុជាត ​អំពី​ខាង​ព្រះ​មាតា ​និង​ខាង​ព្រះ​បិតា ​កើត​អំពី​ផ្ទៃ​ដ៏​បរិសុទ្ធស្អាត តាំង​អំពី​តំណ​នៃ​ជីដូនជីតា ៧ ជួរ​មក​ដែរ​ ​មិន​ដែល​មាន​នរណា​មួយ​ ​ពោល​ទោស តិះដៀល ​ដោយ​ពោល​ដល់​ជាតិ​កំណើត​ឡើយ​ ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ ជាឧភតោសុជាត ​អំពី​ខាង​ព្រះ​មាតា ​និង​ខាង​ព្រះ​បិតា ​កើត​អំពី​ផ្ទៃ​ដ៏​បរិសុទ្ធស្អាត តាំង​អំពី​តំណ​នៃ​ជីដូនជីតា ៧ ជួរ​មក​ដែរ​ ​មិន​ដែល​មាន​នរណា​មួយ​ ​ពោល​តិះដៀល ​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​ ព្រោះហេតុ​នេះ​ ​បាន​ជា​ព្រះ​គោតម​ដ៏​ចម្រើន​នោះ​ ​មិន​គួរស្តេច​ចូល​មក​ជួប​នឹង​យើង​ទេ តាម​ដែល​ពិត​នោះ​ ​មាន​តែ​យើង​ទេ​តើ​ ទើបគួរ​ចូល​ទៅជួប​នឹង​ព្រះ​គោតម​ដ៏​ចម្រើន​នោះ​វិញ ​បាន​ឮ​ថា ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ ​ទ្រង់​លះបង់ព​ពួក​ញាតិ​ដ៏​ច្រើន​ ​ហើយ​ (ចេញទៅ) ​ទ្រង់​ព្រះ​ផ្នួស ។បេ។ ​បាន​ឮ​ថា ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ ​ទ្រង់​លះបង់ប្រាក់ ​និង​មាស​ដ៏​ច្រើន​ ​ដែល​ឋិត​នៅ​ក្នុង​ផែនដី ឋិត​នៅ​ឯអាកាស (ប្រាសាទជាន់លើ) ​ហើយ​ទ្រង់​ព្រះ​ផ្នួស ​បាន​ឮ​ថា ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ ​ទ្រង់​នៅ​ក្មេងកម្លោះ ​មាន​ព្រះ​កេសាខ្មៅស្រស់ ប្រកប​ដោយ​វ័យ​ដ៏​ចម្រើន​ តាំង​នៅ​ក្នុង​បឋមវ័យ​នៅ​ឡើយ​ ​ទ្រង់​ស្តេចចេញ​ចាក​គេហដ្ឋាន ​ហើយ​ទ្រង់​ព្រះ​ផ្នួស ​បាន​ឮ​ថា ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ កាល​ដែល​ព្រះ​មាតា ​និង​ព្រះ​បិតា​មិន​ពេញ​ព្រះ​ទ័យ (​នឹង​ឲ្យ​ទៅ​ទ្រង់​ព្រះ​ផ្នួស) កំពុង​មាន​ព្រះ​ភក្ត្រជោក​ដោយ​ទឹក​ព្រះ​នេត្រ ​ទ្រង់​ព្រះ​កន្សែងសោយសោក ​ព្រះ​អង្គ​ក៏​ទ្រង់​ដាក់​ព្រះ​កេសា ​និង​ព្រះ​មស្សុ ​ហើយ​ទ្រង់​ព្រះ​ពស្ត្រជ្រលក់ទឹកអម្ចត់ ​ទ្រង់​ចេញ​ចាក​គេហដ្ឋានទៅ​ទ្រង់​ព្រះ​ផ្នួស ​បាន​ឮ​ថា ​ព្រះ​សមណគោតម ​មាន​ព្រះ​រូបឆោមល្អ គួរពិតពិល រមិល​មើល​ គួរជ្រះថ្លា ប្រកប​ដោយ​ព្រះ​ឆវី​ដ៏​ល្អក្រៃលែង ​មាន​ព្រះ​ឆវី​ដ៏​ប្រសើរ ​មាន​ព្រះ​សរីរៈស្រដៀង​នឹង​ព្រហ្ម ​មាន​ព្រះ​សព៌ាង្គរាងកាយ គួរ​ឲ្យ​ចង់​មើល​មិន​លែង ​បាន​ឮ​ថា ​ព្រះ​សមណគោតម​ដ៏​ចម្រើន​មាន​សីល ​មាន​សីល​ដ៏​ប្រសើរ ​មាន​សីលជាកុសល ​ព្រះ​អង្គ​ប្រកប​ដោយ​សីលជាកុសល ​បាន​ឮ​ថា ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ ​មាន​ព្រះ​វាចា​សុភាព ​មាន​ពាក្យពីរោះក្បោះក្បាយ ​ព្រះ​អង្គ​ប្រកប​ដោយ​សំដីជា​របស់​អ្នក​ក្រុង​ ជា​វាចា​ច្បាស់លាស់ប្រាស​ចាក​ទោស ជា​វាចា​អាច​ញុំាង​អ្នក​ស្តាប់​ឲ្យ​ចូល​ចិត្ត ​សេចក្តី​បាន​ជាក់លាក់ ​បាន​ឮ​ថា ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ ជាអាចារ្យធំជាងអាចារ្យ​របស់​ជនជា​ច្រើន​ ​បាន​ឮ​ថា ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ អស់កាមរាគៈ​ហើយ​ ប្រាស​ចាក​សេចក្តី​ស្រើបស្រាល​ហើយ​ ​បាន​ឮ​ថា ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ ជាកម្មវាទី ជាកិរិយវាទី ធ្វើនូវលោកុត្តរធម៌​ឲ្យ​ជាប្រធាន​ដល់​ប្រជាជន​អ្នក​ដ៏​ប្រសើរ ​បាន​ឮ​ថា ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ ​ទ្រង់​ចេញ​ចាក​ត្រកូល​ដ៏​ខ្ពស់ខ្ពស់ ជាត្រកូលក្សត្រិយ៍ ​ដែល​មិន​បាន​លាយច្រឡំ​ដោយ​ត្រកូលដទៃ ​មក​ទ្រង់​ព្រះ​ផ្នួស ​បាន​ឮ​ថា ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ ​ទ្រង់​ចេញ​ចាក​ត្រកូល​ដ៏​ស្តុកស្តម្ភ មំាមួន​មាន​ទ្រព្យ​ច្រើន​ ​មាន​គ្រឿង​ប្រើប្រាស់​ច្រើន​ ​មក​ទ្រង់​ព្រះ​ផ្នួស ​បាន​ឮ​ថា ​ពួក​មនុស្ស​ដែល​នៅ​ក្នុង​ដែនដទៃ ​ក្នុង​ជនបទដទៃ នាំគ្នា​មក​សាកសួរ (ប្រស្នា) ​នឹង​ព្រះ​សមណគោតម ​បាន​ឮ​ថា ​ពួក​ទេវតា​ច្រើន​ពាន់ ​បាន​ដល់​នូវ​ព្រះ​សមណគោតម ជាសរណៈស្មើ​ដោយ​ជីវិត ​បាន​ឮ​ថា កិត្តិសព្ទ​ដ៏​ពីរោះ សរសើរ​ព្រះ​គោតម ​ឮ​ខ្ចរខ្ចាយ សុសសាយ​យ៉ាង​នេះ​ថា ​ព្រះ​មាន​ព្រះ​ភាគ​នោះ​ ​ព្រះ​អង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មងគ្រប់​យ៉ាង​ ​ព្រះ​អង្គ​ត្រាស់ដឹងនូវញេយ្យធម៌​ទាំង​ពួង ​ដោយ​ប្រពៃចំពោះ​ព្រះ​អង្គ​ ​ព្រះ​អង្គ​បរិបូណ៌​ដោយ​វិជ្ជា ​និង​ចរណៈ គឺ​សេចក្តី​ចេះដឹង ​និង​ក្រឹត្យ ​ដែល​បុគ្គលគប្បីប្រព្រឹត្ត ​ព្រះ​អង្គ​មាន​ព្រះ​ដំណើរល្អទៅកាន់​ព្រះ​និព្វាន ​ព្រះ​អង្គ​ជ្រាបច្បាស់នូវត្រៃលោក ​ព្រះ​អង្គ​ប្រសើរ​ដោយ​សីលាទិគុណ រកបុគ្គលណា​មួយ​ស្មើគ្មាន ​ព្រះ​អង្គ​ ជាសារថី ​អ្នក​ទូន្មាននូវបុរស​ដែល​គួរទូន្មាន​បាន​ ​ព្រះ​អង្គ​ជាគ្រូ​នៃ​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ ​ព្រះ​អង្គ​បាន​ត្រាស់ដឹងនូវអរិយសច្ចធម៌ ​ព្រះ​អង្គ​លែងត្រឡប់​មក​កាន់ភពថ្មីទៀត ​បាន​ឮ​ថា ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ ប្រកប​ដោយ​មហាបុរិសលក្ខណៈ ៣២ ប្រការ ​បាន​ឮ​ថា ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ រមែង​មាន​ព្រះ​វាចា​រាក់ទាក់ថា ​អ្នក​ចូរ​មក​ចុះ ​មក​ល្អ​ហើយ​ ​ទ្រង់​មាន​ព្រះ​វាចា​ទន់ ​ទ្រង់​ឈ្លាសវៃ​ក្នុង​ការទទួលរាក់ទាក់ ​ទ្រង់​មាន​ព្រះ​ភក្ត្ររីករាយ ​ទ្រង់​មាន​ព្រះ​ឱស្ឋរួសរាយ ​ទ្រង់​មាន​ព្រះ​វាចា​មុនគេ (តែ​ក្នុង​កាលគួរ) ​បាន​ឮ​ថា ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ ​មាន​បរិសទ្យ​ទាំង​៤​ពួក​ ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ​បាន​ឮ​ថា ​ពួក​ទេវតា ​និង​មនុស្ស​ជា​ច្រើន​ ជ្រះថ្លា​នឹង​ព្រះ​សមណគោតម ​បាន​ឮ​ថា (បើ) ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ ​នៅ​អាស្រ័យ​ក្នុង​ស្រុកណា ​ឬ​និគមណា ​ពួក​អ​មនុស្ស​មិន​ហ៊ានបៀតបៀន ​ដល់​មនុស្ស​ទាំង​ឡាយ​ក្នុង​ស្រុក ​ឬ​និគម​នោះ​ឡើយ​ ​បាន​ឮ​ថា ​ព្រះ​សមណគោតម ​មាន​ពួក​ ​មាន​ក្រុម ​និង​អាចារ្យ​នៃ​ពួក​ក្រុម (ជា​ច្រើន​) ប្រជុំជន តែង​ពោល​ថា ​ព្រះ​អង្គ​ប្រសើរជាង​ពួក​តិរ្ថិយ​ដ៏​ច្រើន​ នែ​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​ ក៏យស​របស់​សមណព្រាហ្មណ៍​ទាំង​នេះ​ តែ​ចម្រើន​រុងរឿងឡើង ​ដោយ​ហេតុតាមតែ​បាន​ ​យ៉ាង​ណាមិញ ឯយស​របស់​ព្រះ​សមណគោតម ​មិន​មែន​ចម្រើន​ រុងរឿងឡើង​យ៉ាង​នោះ​ទេ តាម​ដែល​ពិត​នោះ​ យស​របស់​ព្រះ​សមណគោតម ​ចម្រើន​រុងរឿងឡើង ព្រោះការបរិបូណ៌ ​ដោយ​វិជ្ជា ​និង​ចរណៈ​ដ៏​ប្រសើរ ​បាន​ឮ​ថា ​ព្រះ​បាទ​មាគធសេនិយពិម្ពិសារ ព្រម​ទាំង​ព្រះ​រាជបុត្រ ​ព្រះ​អគ្គមហេសី រាជបរិសទ្យ ​និង​រាជអាមាត្យ ​បាន​ដល់​នូវ​ព្រះ​សមណគោតម ជាសរណៈ ស្មើ​ដោយ​ជីវិត ​បាន​ឮ​ថា ​ព្រះ​បាទ​បសេនទិកោសល ព្រម​ទាំង​ព្រះ​រាជបុត្រ ​ព្រះ​អគ្គមហេសី រាជបរិសទ្យ ​និង​រាជអាមាត្យ ​បាន​ដល់​នូវ​ព្រះ​សមណគោតម​ដ៏​ចម្រើន​ ជាសរណៈ ស្មើ​ដោយ​ជីវិត ​បាន​ឮ​ថា បោក្ខរសាតិព្រាហ្មណ៍ ព្រម​ទាំង​បុត្រ ភរិយា បរិសទ្យ ​និង​អាមាត្យ ​បាន​ដល់​នូវ​ព្រះ​សមណគោតម ជាសរណៈ ស្មើ​ដោយ​ជីវិត ​បាន​ឮ​ថា ​ព្រះ​បាទ​មាគធសេនិយពិម្ពិសារ ​ទ្រង់​បាន​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង​ព្រះ​សមណគោតម ​បាន​ឮ​ថា ​ព្រះ​បាទ​បសេនទិកោសល ​ទ្រង់​បាន​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង​ព្រះ​សមណគោតម ​បាន​ឮ​ថា បោក្ខរសាតិព្រាហ្មណ៍ ​បាន​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង​ព្រះ​សមណគោតម ​បាន​ឮ​ថា ​ព្រះ​សមណគោតម ​ទ្រង់​ពុទ្ធដំណើរ​មក​ដល់​ក្រុង​ចម្បា​ហើយ​ ឥឡូវ​ទ្រង់​គង់ទៀបឆ្នេរស្រះបោក្ខរណី ​ឈ្មោះ​គគ្គរា ជិត​ក្រុង​ចម្បា នែគ្នា​យើង​ដ៏​ចម្រើន​ ​ពួក​សមណៈ ​ឬ​ព្រាហ្មណ៍ឯណា​នីមួយ​ ​ដែល​មក​ដល់​គាមក្ខេត្ត​របស់​យើង​ហើយ​ ​ពួក​សមណព្រាហ្មណ៍អម្បាល​នោះ​ សុទ្ធតែជាភ្ញៀវ​របស់​យើង​ ធម្មតា ភ្ញៀវ គួរតែ​យើង​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង នែគ្នា​យើង​ដ៏​ចម្រើន​ ​ព្រះ​សមណគោតម ​ទ្រង់​ពុទ្ធដំណើរ​មក​ដល់​ក្រុង​ចម្បា​ហើយ​ ឥឡូវ​ទ្រង់​គង់ទៀបឆ្នេរស្រះបោក្ខរណី ​ឈ្មោះ​គគ្គរា ជិត​ក្រុង​ចម្បា ​ព្រះ​សមណគោតម ​ឈ្មោះ​ថាជាភ្ញៀវ​របស់​យើង​ហើយ​ ធម្មតាភ្ញៀវ គួរតែ​យើង​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ព្រោះហេតុ​នេះ​ ​ព្រះ​សមណគោតម​ដ៏​ចម្រើន​នោះ​ ​មិន​គួរ​ចូល​មក​ជួប​នឹង​យើង​ទេ តាម​ដែល​ពិត​នោះ​ ​យើង​ទេ​តើ​ ទើបគួរ​ចូល​ទៅគាល់​ព្រះ​សមណគោតម​ដ៏​ចម្រើន​នោះ​វិញ ​ខ្ញុំ​រៀបរាប់គុណ​របស់​ព្រះ​គោតម​ដ៏​ចម្រើន​បាន​តែប៉ុណ្ណេះ ឯ​ព្រះ​គោតម​ដ៏​ចម្រើន​នោះ​ ​មិន​មែន​មាន​គុណត្រឹមប៉ុណ្ណេះទេ ព្រោះថា ​ព្រះ​គោតម​ដ៏​ចម្រើន​នោះ​ ​មាន​គុណ ​នឹង​ប្រមាណពុំ​បាន​ ។

[១៨៣] កាល​ដែល​សោណទណ្ឌព្រាហ្មណ៍និយាយ​យ៉ាង​នេះ​ហើយ​ ​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ ​បាន​និយាយទៅ​នឹង​សោណទណ្ឌព្រាហ្មណ៍ដូច្នេះថា អម្បាល​យ៉ាង​សោណទណ្ឌព្រាហ្មណ៍​ដ៏​ចម្រើន​ ម្តេចគង់​ពោល​សរសើរគុណ​ព្រះ​សមណគោតមទៅ​ហើយ​ ព្រោះហេតុ​នោះ​ បើទុកជា​ព្រះ​សមណគោតម​ដ៏​ចម្រើន​នោះ​ គង់​នៅ​ក្នុង​ទីឆ្ងាយ​មួយ​រយយោជន៍ ​អំពី​ទី​នេះ​ក្តី កុលបុត្រ​ដែល​មាន​សទ្ធា គួរណាស់តែរកស្បៀង​យក​ទៅ ​ដើម្បី​នឹង​ចូល​ទៅគាល់​ឲ្យ​បាន​ ។ សោណទណ្ឌព្រាហ្មណ៍និយាយថា នែ​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​ បើដូច្នោះ ​យើង​ទាំង​អស់គ្នា ​នឹង​ចូល​ទៅគាល់​ព្រះ​សមណគោតម ។ លំដាប់​នោះ​ សោណទណ្ឌព្រាហ្មណ៍ ព្រម​ទាំង​ពួក​ព្រាហ្មណ៍ជា​ច្រើន​ ​បាន​ចូល​សំដៅទៅ​ត្រង់​ស្រះបោក្ខរណី ​ឈ្មោះ​គគ្គរា ។ លុះសោណទណ្ឌព្រាហ្មណ៍ ​ចូល​ទៅ​ដល់​ខាងក្រៅដងព្រៃ [បើតាម​អដ្ឋកថា​ពន្យល់ថា ខាង​ក្នុង​ គឺព្រៃ​ដែល​នៅ​ត្រង់​ចន្លោះទី​ដែល​ព្រះ​អង្គ​គង់ ។] ក៏​កើត​សេចក្តី​ត្រិះរិះ​ក្នុង​ចិត្ត​យ៉ាង​នេះ​ថា ប្រសិនជាអាត្មាអញ សួរប្រស្នាចំពោះ​ព្រះ​សមណគោតម បើ​ព្រះ​សមណគោតម ​ពោល​យ៉ាង​នេះ​ ​នឹង​អាត្មាអញ ​ក្នុង​ប្រស្នា​នោះ​ថា ​ម្នាល​ព្រាហ្មណ៍ ប្រស្នានុ៎ះ ​អ្នក​មិន​ត្រូវសួរ​យ៉ាង​នេះ​ទេ ​ម្នាល​ព្រាហ្មណ៍ ធម្មតាប្រស្នាបែបនុ៎ះ គេគួរសួរ​យ៉ាង​នេះ​វិញ (បើដូច្នោះ) បរិសទ្យ​នេះ​ មុខជា​នឹង​មើល​ងាយ​អាត្មាអញ ​ដោយ​ហេតុ​នោះ​ ថាសោណទណ្ឌព្រាហ្មណ៍ ជា​មនុស្ស​ល្ងង់ខ្លៅ ​មិន​ឈ្លាសវៃ ​មិន​អាច​ដើម្បី​នឹង​សួរប្រស្នាចំពោះ​ព្រះ​សមណគោតម ​ដោយ​យោបល់​បាន​ បរិសទ្យ​នេះ​ បើ​មើល​ងាយ​បុគ្គលណា​ហើយ​ យស​របស់​បុគ្គល​នោះ​ គប្បី​សាប​សូន្យ យស​របស់​បុគ្គលណា ​ដែល​សាប​សូន្យ​ហើយ​ ភោគៈ​ទាំង​ឡាយ​របស់​បុគ្គល​នោះ​ គប្បី​សាប​សូន្យ​ដែរ​ ដ្បិតភោគៈ​ទាំង​ឡាយ​របស់​យើង​ សុទ្ធតែ​បាន​ដោយ​យស ​មួយ​ទៀត បើ​ព្រះ​សមណគោតម សួរប្រស្នា​នឹង​អាត្មាអញ ៗ មុខជា​នឹង​ធ្វើ​ព្រះ​ទ័យ​របស់​ព្រះ​អង្គ​ ​ឲ្យ​ត្រេកអរ​ដោយ​បញ្ហា​វេយ្យាករណ៍​នោះ​មិន​បាន​ទេ បើ​ព្រះ​សមណគោតម ​ពោល​នឹង​អាត្មាអញ​ក្នុង​ប្រស្នា​នោះ​ ​យ៉ាង​នេះ​ថា ​ម្នាល​ព្រាហ្មណ៍ ប្រស្នានុ៎ះ ​អ្នក​មិន​ត្រូវ​ឆ្លើយ​យ៉ាង​នេះ​ទេ ​ម្នាល​ព្រាហ្មណ៍ ធម្មតា ប្រស្នាបែបនុ៎ះ គេគួរ​ឆ្លើយ​យ៉ាង​នេះ​វិញ​ទេ​តើ​ (បើដូច្នេះ) បរិសទ្យ​នេះ​ មុខជា​នឹង​មើល​ងាយ​អាត្មាអញ ​ដោយ​ហេតុ​នោះ​ ថាសោណទណ្ឌព្រាហ្មណ៍ ជា​មនុស្ស​ល្ងង់ខ្លៅ ​មិន​ឈ្លាសវៃ ​មិន​អាច​ដើម្បី​ធ្វើ​ព្រះ​ទ័យ​របស់​ព្រះ​សមណគោតម ​ឲ្យ​ត្រេកអរ​ដោយ​បញ្ហា​វេយ្យាករណ៍ទេ បរិសទ្យ​នេះ​ បើ​មើល​ងាយ​បុគ្គលណា​ហើយ​ យស​របស់​បុគ្គល​នោះ​ គប្បី​សាប​សូន្យ យស​របស់​បុគ្គលណា ​សាប​សូន្យ​ហើយ​ ភោគៈ​ទាំង​ឡាយ​របស់​បុគ្គល​នោះ​ ក៏គប្បី​សាប​សូន្យ​ដែរ​ ដ្បិតភោគៈ​ទាំង​ឡាយ​របស់​យើង​ សុទ្ធតែ​បាន​ដោយ​យស ​មួយ​វិញទៀត បើអាត្មាអញ ​បាន​ទៅ​ដល់​ទីជិត​យ៉ាង​នេះ​ហើយ​ តែ​មិន​ទាន់​បាន​ឃើញ​ព្រះ​សមណគោតម​នៅ​ឡើយ​ ក៏ស្រាប់តែត្រឡប់​មក​វិញ បរិសទ្យ​នេះ​ មុខជា​នឹង​មើល​ងាយ​អាត្មាអញ ​ដោយ​ហេតុ​នោះ​ ថា សោណទណ្ឌព្រាហ្មណ៍ ជា​មនុស្ស​ល្ងង់ខ្លៅ ​មិន​ឈ្លាសវៃ ​មាន​មានះរឹងត្អឹង ខ្លាច ​មិន​ហ៊ាន​ចូល​ទៅគាល់​ព្រះ​សមណគោតមទេ ​មិន​សមបើសោណទណ្ឌព្រាហ្មណ៍ ​ចូល​មក​ដល់​ទីជិត​យ៉ាង​នេះ​ហើយ​ ​មិន​ទាន់​បាន​ឃើញ​ព្រះ​សមណគោតម​នៅ​ឡើយ​ ក៏ស្រាប់តែត្រឡប់​មក​វិញសោះ បរិសទ្យ​នេះ​ បើ​មើល​ងាយ​បុគ្គលណា​ហើយ​ យស​របស់​បុគ្គល​នោះ​ គប្បី​សាប​សូន្យ យស​របស់​បុគ្គលណា ​សាប​សូន្យ​ហើយ​ ភោគៈ​ទាំង​ឡាយ​របស់​បុគ្គល​នោះ​ ក៏គប្បី​សាប​សូន្យ​ដែរ​ ដ្បិតភោគៈ​ទាំង​ឡាយ​របស់​យើង​ សុទ្ធតែ​បាន​ដោយ​យស ។

[១៨៤] លំដាប់​នោះ​ សោណទណ្ឌព្រាហ្មណ៍ ដើរ​ចូល​សំដៅទៅ​ត្រង់​ទី ​ដែល​ព្រះ​មាន​ព្រះ​ភាគគង់ លុះ​ចូល​ទៅ​ដល់​ហើយ​ ក៏​ពោល​ពាក្យរាក់ទាក់ សំណេះសំណាល ទៅរក​ព្រះ​មាន​ព្រះ​ភាគ លុះបញ្ចប់ពាក្យ​ដែល​គួររីករាយ ​និង​ពាក្យ​ដែល​គួររលឹក ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ក៏អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ។ ចំណែកខាងព្រាហ្មណ៍ គហបតី​ទាំង​ឡាយ​អ្នក​ក្រុង​ចម្បា ​ពួក​ខ្លះក្រាបថ្វាយបង្គំ​ព្រះ​មាន​ព្រះ​ភាគ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ​ពួក​ខ្លះ​ពោល​ពាក្យរាក់ទាក់ សំណេះសំណាល ទៅរក​ព្រះ​មាន​ព្រះ​ភាគ លុះបញ្ចប់ពាក្យ​ដែល​គួររីករាយ ​និង​ពាក្យ​ដែល​គួររលឹក ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ក៏អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ​ពួក​ខ្លះប្រណម្យអញ្ជលី ឆ្ពោះទៅរក​ព្រះ​មាន​ព្រះ​ភាគ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ​ពួក​ខ្លះប្រកាសនាម ​និង​គោត្រ (​របស់​ខ្លួន) ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ​ពួក​ខ្លះអង្គុយស្ងៀម ​ក្នុង​ទី​ដ៏​សមគួរ ។ សោណទណ្ឌព្រាហ្មណ៍ អង្គុយត្រិះរិះនូវហេតុ​មាន​ប្រមាណ​ច្រើន​ ​ក្នុង​ទី​នោះ​ ដូច្នេះថា ​ប្រសិន​បើ​អាត្មាអញ សួរប្រស្នា​នឹង​ព្រះ​សមណគោតម បើ​ព្រះ​សមណគោតម ​ពោល​យ៉ាង​នេះ​ ​នឹង​អាត្មាអញ ​ក្នុង​ប្រស្នា​នោះ​ថា ​ម្នាល​ព្រាហ្មណ៍ ប្រស្នានុ៎ះ ​អ្នក​មិន​ត្រូវសួរ​យ៉ាង​នេះ​ទេ ​ម្នាល​ព្រាហ្មណ៍ ធម្មតាប្រស្នាបែបនុ៎ះ គេគួរសួរ​យ៉ាង​នេះ​វិញ​ទេ​តើ​ បរិសទ្យ​នេះ​ មុខជា​នឹង​មើល​ងាយ​អាត្មាអញ ​ដោយ​ហេតុ​នោះ​ថា សោណទណ្ឌព្រាហ្មណ៍ ជា​មនុស្ស​ល្ងង់ខ្លៅ ​មិន​ឈ្លាសវៃ ​មិន​អាច​នឹង​សួរប្រស្នា​នឹង​ព្រះ​សមណគោតម ​ដោយ​យោបល់​បាន​ បរិសទ្យ​នេះ​ បើ​មើល​ងាយ​បុគ្គលណា​ហើយ​ យស​របស់​បុគ្គល​នោះ​ គប្បី​សាប​សូន្យ យស​របស់​បុគ្គលណា ​សាប​សូន្យ​ហើយ​ ភោគៈ​ទាំង​ឡាយ​របស់​បុគ្គល​នោះ​ ក៏គប្បី​សាប​សូន្យ​ដែរ​ ដ្បិតភោគៈ​ទាំង​ឡាយ​របស់​យើង​ សុទ្ធតែ​បាន​ដោយ​យស ​មួយ​វិញទៀត បើ​ព្រះ​សមណគោតម សួរប្រស្នា​នឹង​អាត្មាអញ ៗ មុខជាធ្វើ​ព្រះ​ទ័យ​របស់​ព្រះ​អង្គ​ ​ឲ្យ​ត្រេកអរ​ដោយ​បញ្ហា​វេយ្យាករណ៍​មិន​បាន​ឡើយ​ បើ​ព្រះ​សមណគោតម ​ពោល​នឹង​អាត្មាអញ ​ក្នុង​ប្រស្នា​នោះ​ថា ​ម្នាល​ព្រាហ្មណ៍ ប្រស្នានុ៎ះ ​អ្នក​មិន​ត្រូវ​ឆ្លើយ​យ៉ាង​នេះ​ទេ ​ម្នាល​ព្រាហ្មណ៍ ធម្មតា ប្រស្នាបែបនុ៎ះ គេគួរ​ឆ្លើយ​យ៉ាង​នេះ​វិញ​ទេ​តើ​ បរិសទ្យ​នេះ​ មុខជា​នឹង​មើល​ងាយ​អាត្មាអញ ​ដោយ​ហេតុ​នោះ​ថា សោណទណ្ឌព្រាហ្មណ៍ ជា​មនុស្ស​ល្ងង់ខ្លៅ ​មិន​ឈ្លាសវៃ ​មិន​អាច​ធ្វើ​ព្រះ​ទ័យ​របស់​ព្រះ​សមណគោតម ​ឲ្យ​ត្រេកអរ​ដោយ​បញ្ហា​វេយ្យាករណ៍​បាន​ បរិសទ្យ​នេះ​ បើ​មើល​ងាយ​បុគ្គលណា​ហើយ​ យស​របស់​បុគ្គល​នោះ​ គប្បី​សាប​សូន្យ យស​របស់​បុគ្គលណា ​សាប​សូន្យ​ហើយ​ ភោគៈ​ទាំង​ឡាយ​របស់​បុគ្គល​នោះ​ គប្បី​សាប​សូន្យ​ដែរ​ ដ្បិតភោគៈ​ទាំង​ឡាយ​របស់​យើង​ សុទ្ធតែ​បាន​ដោយ​យស ឱធ្វើម្តេចហ្ន៎ ​នឹង​បាន​ព្រះ​សមណគោតម សួរប្រស្នា​នឹង​អាត្មាអញ ​ត្រង់​ត្រៃវេទ ​ដែល​អាត្មាអញ​បាន​សិក្សា​មក​ ​អំពី​សំណាក់អាចារ្យ​របស់​ខ្លួនអេះ អាត្មាអញ មុខជា​នឹង​ធ្វើ​ព្រះ​ទ័យ​នៃ​ព្រះ​សមណគោតម ​ឲ្យ​ត្រេកអរ​ដោយ​បញ្ហា​វេយ្យាករណ៍​បាន​ដោយ​ពិត ។

[១៨៥] គ្រា​នោះ​ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ជ្រាប​សេចក្តី​ត្រិះរិះ​ក្នុង​ចិត្ត​របស់​សោណទណ្ឌព្រាហ្មណ៍ ​ដោយ​ព្រះ​ហឫទ័យ​ហើយ​ ក៏​ទ្រង់​ព្រះ​តម្រិះ​យ៉ាង​នេះ​ថា សោណទណ្ឌព្រាហ្មណ៍​នេះ​ ចង្អៀតចង្អល់ ព្រោះតែគំនិត​របស់​ខ្លួន បើដូច្នោះ គួរតថាគត សួរប្រស្នា​នឹង​សោណទណ្ឌព្រាហ្មណ៍​ត្រង់​ត្រៃវេទ ​ដែល​គាត់​បាន​សិក្សា ​មក​អំពី​សំណាក់អាចារ្យ ​របស់​ខ្លួន (​ឲ្យ​ត្រូវតាមបំណងចុះ) ។ លំដាប់​នោះ​ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់សួរសោណទណ្ឌព្រាហ្មណ៍ថា ​ម្នាល​ព្រាហ្មណ៍ ចុះ​ពួក​ព្រាហ្មណ៍បញ្ញត្ត​មនុស្ស​ប្រកប​ដោយ​អង្គ​ប៉ុន្មាន ថាជាព្រាហ្មណ៍ (​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​ប៉ុន្មាន) កាលបើ​ពោល​ថា ខ្លួន​ខ្ញុំ​ជាព្រាហ្មណ៍ដូច្នេះ ​ឈ្មោះ​ថា និយាយ​ដោយ​ប្រពៃផង ​មិន​ត្រូវមុសាវាទផង ។ គ្រា​នោះ​ សោណទណ្ឌព្រាហ្មណ៍ ​មាន​សេចក្តី​ត្រិះរិះដូច្នេះថា ឱហ្ន៎ អាត្មាអញ ​មាន​សេចក្តី​ប្រាថ្នា ​សេចក្តី​ប៉ុនប៉ង ​សេចក្តី​ពេញចិត្ត ​សេចក្តី​ប្រុងទុកណា រួច​មក​ហើយ​ថា ឱធ្វើម្តេចហ្ន៎ ​នឹង​បាន​ព្រះ​សមណគោតម សួរប្រស្នា​នឹង​អាត្មាអញ ​ត្រង់​ត្រៃវេទ ​ដែល​អាត្មាអញ​បាន​សិក្សា​មក​ ​អំពី​សំណាក់អាចារ្យ​របស់​ខ្លួន អាត្មាអញ ​នឹង​ធ្វើ​ព្រះ​ទ័យ​នៃ​ព្រះ​សមណគោតម ​ឲ្យ​ត្រេកអរ ​ដោយ​បញ្ហា​វេយ្យាករណ៍​បាន​ដោយ​ពិត ក៏ឥឡូវ​នេះ​ ​ព្រះ​សមណគោតម សួរប្រស្នា​នឹង​អាត្មាអញ ​ត្រង់​ត្រៃវេទ ​ដែល​អាត្មាអញ​បាន​សិក្សា​មក​ ​អំពី​សំណាក់អាចារ្យ​របស់​ខ្លួន ត្រូវចំ​សេចក្តី​ប្រាថ្នាអញ​នោះ​ហើយ​ អាត្មាអញ មុខជាធ្វើ​ព្រះ​ទ័យ​នៃ​ព្រះ​សមណគោតម ​ឲ្យ​ត្រេកអរ ​ដោយ​បញ្ហា​វេយ្យាករណ៍​បាន​ដោយ​ពិត ។

បញ្ញត្តិ​របស់​ព្រាហ្មណ៍​

កែប្រែ

[១៨៦] លំដាប់​នោះ​ សោណទណ្ឌព្រាហ្មណ៍ ក៏បង្ហើបខ្លួន អើត​មើល​បរិសទ្យ ​ហើយ​ក្រាបបង្គំទូល​ព្រះ​មាន​ព្រះ​ភាគ ដូច្នេះថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ពួក​ព្រាហ្មណ៍ រមែងបញ្ញត្ត​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​ ៥  ថាជាព្រាហ្មណ៍ (​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​ ៥ ​នោះ​) កាលបើ​ពោល​ថា ខ្លួន​ខ្ញុំ​ជាព្រាហ្មណ៍ដូច្នេះ ​ឈ្មោះ​ថា និយាយ​ដោយ​ប្រពៃផង ​មិន​ត្រូវមុសាវាទផង ​អង្គ​ទាំង​ ៥ ​នោះ​ តើដូចម្តេច ? បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ព្រាហ្មណ៍​ក្នុង​លោក​នេះ​

១. ​មាន​ជាតិ​ដ៏​ល្អ​ទាំង​ពីរចំណែក គឺចំណែកខាងមាតា ​និង​ចំណែកខាងបិតា ​កើត​អំពី​ផ្ទៃ​ដ៏​បរិសុទ្ធស្អាត ដរាប​អំពី​តំណ​នៃ​ជីដូនជីតា ជា​គម្រប់​ ៧ ​មក​ ​មិន​ដែល​មាន​នរណា​ពោល​ទោស តិះដៀស ​ដោយ​ពោល​ដល់​ជាតិ​កំណើត

២. ជា​អ្នក​រាយ​មន្ត​ ចេះចាំ​មន្ត​ ជា​អ្នក​ដល់​នូវត្រើយ​នៃ​ត្រៃវេទ ព្រម​ទាំង​គម្ពីរនិឃណ្ឌុ គម្ពីរកេតុភៈ អក្ខរប្បភេទ គឺសិក្ខា ​និង​និរុត្តិ ​ដែល​មាន​គម្ពីរឥតិហាសៈ ជា​គម្រប់​ ៥  ជា​អ្នក​ស្គាល់បទ ​និង​វេយ្យាករណ៍ ជា​អ្នក​មិន​ឱនថយ គឺស្ទាត់ជំនាញ ​ក្នុង​លោកាយតសាស្ត្រ ​និង​មហាបុរិសលក្ខណព្យាករណសាស្ត្រ

៣. ជា​អ្នក​មាន​រូបល្អ គួរ​ឲ្យ​ពិតពិល រមិល​មើល​ គួរ​ឲ្យ​ជ្រះថ្លា ប្រកប​ដោយ​សម្បុរ​ដ៏​ស្អាតក្រៃលែង ​មាន​សម្បុរ​ដ៏​ប្រសើរ ​មាន​សរីរៈស្រដៀង​នឹង​ព្រហ្ម ​មាន​សព៌ាង្គរាងកាយគួរ​ឲ្យ​ចង់​មើល​មិន​លែង

៤. ជា​អ្នក​មាន​សីល ​មាន​សីល​ដ៏​ចម្រើន​ ប្រកប​ដោយ​សីល​ដ៏​ចម្រើន​

៥. ជា​អ្នក​ប្រាជ្ញ ​មាន​ប្រាជ្ញា ជាបុគ្គលទី១ ​ឬ​ទី២​របស់​ពួក​ព្រាហ្មណ៍ ​អ្នក​ទទួល​គ្រឿង​បូជា

បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ពួក​ព្រាហ្មណ៍ រមែងបញ្ញត្ត​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​ទាំង​ ៥ ​នេះ​ឯង ថាជាព្រាហ្មណ៍ (​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​ ៥ ​នេះ​) កាលបើ​ពោល​ថា ខ្លួន​ខ្ញុំ​ជាព្រាហ្មណ៍ដូច្នេះ ​ឈ្មោះ​ថា និយាយ​ដោយ​ប្រពៃផង ​មិន​ត្រូវមុសាវាទផង ។

[១៨៧] ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់ថា ​ម្នាល​ព្រាហ្មណ៍ បណ្តា​អង្គ​ទាំង​ ៥ ប្រការ​នេះ​ ​អ្នក​អាច​លើក​អង្គ​មួយ​ចេញ ​ហើយ​បញ្ញត្ត​មនុស្ស​ ​ដែល​ប្រកប​ដោយ​អង្គ​ត្រឹមតែ ៤ ថាជាព្រាហ្មណ៍វិញ (​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​ ៤ ​នោះ​) កាលបើ​ពោល​ថា ខ្លួន​ខ្ញុំ​ជាព្រាហ្មណ៍ដូច្នេះ ​ឈ្មោះ​ថា និយាយ​ដោយ​ប្រពៃផង ​មិន​ត្រូវមុសាវាទផង តើ​បាន​ឬ​ទេ ? សោណទណ្ឌព្រាហ្មណ៍ ទូលថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​អាច​បញ្ញត្ត​បាន​ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ក៏បណ្តា​អង្គ​ទាំង​ ៥  ​យើង​លើក​អង្គ​ គឺសម្បុរចេញ ដ្បិតសម្បុរ ​នឹង​យក​ជាការពុំ​បាន​ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ព្រាហ្មណ៍ (​ដែល​ប្រកប​ដោយ​អង្គ​ត្រឹមតែ ៤ ​នោះ​) គឺជា

១. ​អ្នក​មាន​ជាតិ​ដ៏​ល្អ ​ទាំង​ពីរចំណែក គឺចំណែកខាងមាតា ​និង​ចំណែកខាងបិតា ​កើត​អំពី​ផ្ទៃ​ដ៏​បរិសុទ្ធស្អាត ដរាប​អំពី​តំណ​នៃ​ជីដូនជីតា ជា​គម្រប់​ ៧ ​មក​ ​មិន​ដែល​មាន​នរណា​ពោល​ទោស តិះដៀស ​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​

២. ជា​អ្នក​រាយ​មន្ត​ ចេះចាំ​មន្ត​ ជា​អ្នក​ដល់​នូវត្រើយ​នៃ​ត្រៃវេទ ព្រម​ទាំង​គម្ពីរនិឃណ្ឌុ គម្ពីរកេតុភៈ ព្រម​ទាំង​អក្ខរប្បភេទ គឺសិក្ខា ​និង​និរុត្តិ ​ដែល​មាន​គម្ពីរឥតិហាសៈ ជា​គម្រប់​ ៥  ជា​អ្នក​ស្គាល់បទ ​និង​វេយ្យាករណ៍ ជា​អ្នក​មិន​ឱនថយ គឺស្ទាត់ជំនាញ ​ក្នុង​លោកាយតសាស្ត្រ ​និង​មហាបុរិសលក្ខណព្យាករណសាស្ត្រ

៣. ជា​អ្នក​មាន​សីល ​មាន​សីល​ដ៏​ចម្រើន​ ប្រកប​ដោយ​សីល​ដ៏​ចម្រើន​

៤. ជា​អ្នក​ប្រាជ្ញ ​មាន​ប្រាជ្ញា ជាបុគ្គលទី១ ​ឬ​ទី២ ​របស់​ពួក​ព្រាហ្មណ៍ ​អ្នក​ទទួលនូវ​គ្រឿង​បូជា

បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ពួក​ព្រាហ្មណ៍ បញ្ញត្ត​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​ត្រឹមតែ ៤ ​នេះ​ឯង ថាជាព្រាហ្មណ៍ (​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ ​៤ ​នេះ​) កាលបើ​ពោល​ថា ខ្លួន​ខ្ញុំ​ជាព្រាហ្មណ៍ដូច្នេះ ​ឈ្មោះ​ថា និយាយ​ដោយ​ប្រពៃផង ​មិន​ត្រូវមុសាវាទផង ។

[១៨៨] ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់សួរថា ​ម្នាល​ព្រាហ្មណ៍ បណ្តា​អង្គ​ទាំង ​៤ ​នេះ​ ​អ្នក​អាច​លើក​អង្គ​មួយ​ចេញ ​ហើយ​បញ្ញត្ត​មនុស្ស​ ​ដែល​ប្រកប​ដោយ​អង្គ​ត្រឹមតែ៣ ថាជាព្រាហ្មណ៍វិញ (​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​៣​នោះ​) កាលបើ​ពោល​ថា ខ្លួន​ខ្ញុំ​ជាព្រាហ្មណ៍ដូច្នេះ ​ឈ្មោះ​ថា និយាយ​ដោយ​ប្រពៃផង ​មិន​ត្រូវមុសាវាទផង តើ​បាន​ឬ​ទេ ? សោណទណ្ឌព្រាហ្មណ៍ទូលថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​អាច​បញ្ញត្ត​បាន​ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ក៏បណ្តា​អង្គ​ទាំង ​៤ ​នេះ​ ​យើង​លើក​អង្គ​ គឺ​មន្ត​ចេញ ដ្បិត​មន្ត​ ​នឹង​ធ្វើអ្វី​កើត​ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ព្រាហ្មណ៍ (​ដែល​ប្រកប​ដោយ​អង្គ​ត្រឹមតែ ៣ ​នោះ​) គឺជា

១. ​អ្នក​មាន​ជាតិ​ដ៏​ល្អ ​ទាំង​ពីរចំណែក គឺចំណែកខាងមាតា ​និង​ចំណែកខាងបិតា ​កើត​អំពី​ផ្ទៃ​ដ៏​បរិសុទ្ធស្អាត ដរាប​អំពី​តំណ​នៃ​ជីដូនជីតា ជា​គម្រប់​ ៧ ​មក​ ​មិន​ដែល​មាន​នរណា​ពោល​ទោស តិះដៀស ​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​

២. ជា​អ្នក​មាន​សីល ​មាន​សីល​ដ៏​ចម្រើន​ ប្រកប​ដោយ​សីល​ដ៏​ចម្រើន​

៣. ជា​អ្នក​ប្រាជ្ញ ​មាន​ប្រាជ្ញា ជាបុគ្គលទី១ ​ឬ​ទី២​របស់​ពួក​ព្រាហ្មណ៍ ​អ្នក​ទទួល​គ្រឿង​បូជា

បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ពួក​ព្រាហ្មណ៍ រមែងបញ្ញត្ត​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​ត្រឹមតែ ៣ ​នេះ​ឯង ថាជាព្រាហ្មណ៍ (​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​ ៣ ​នេះ​) កាលបើ​ពោល​ថា ខ្លួន​ខ្ញុំ​ជាព្រាហ្មណ៍ដូច្នេះ ​ឈ្មោះ​ថា និយាយ​ដោយ​ប្រពៃផង ​មិន​ត្រូវមុសាវាទផង ។

[១៨៩] ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់សួរថា ​ម្នាល​ព្រាហ្មណ៍ បណ្តា​អង្គ​ទាំង​ ៣ ​នេះ​ ​អ្នក​អាច​លើក​អង្គ​មួយ​ចេញ ​ហើយ​បញ្ញត្ត​មនុស្ស​ ​ដែល​ប្រកប​ដោយ​អង្គ​ត្រឹមតែ ២ ថាជាព្រាហ្មណ៍វិញ (​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​ ២​ នោះ​) កាលបើ​ពោល​ថា ខ្លួន​ខ្ញុំ​ជាព្រាហ្មណ៍ដូច្នេះ ​ឈ្មោះ​ថា និយាយ​ដោយ​ប្រពៃផង ​មិន​ត្រូវមុសាវាទផង តើ​បាន​ឬ​ទេ ? សោណទណ្ឌព្រាហ្មណ៍ទូលថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​អាច​បញ្ញត្ត​បាន​ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ក៏បណ្តា​អង្គ​ទាំង​ ៣ ​នេះ​ ​យើង​លើក​អង្គ​ គឺ​ជាតិ​ចេញ ដ្បិត​ជាតិ​នឹង​ធ្វើអ្វី​កើត​ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ព្រាហ្មណ៍ (​ដែល​ប្រកប​ដោយ​អង្គ​ត្រឹមតែ ២ ​នោះ​) គឺជា

១. ​អ្នក​មាន​សីល ​មាន​សីល​ដ៏​ចម្រើន​ ប្រកប​ដោយ​សីល​ដ៏​ចម្រើន

២. ជា​អ្នក​ប្រាជ្ញ ​មាន​ប្រាជ្ញា ជាបុគ្គលទី១ ​ឬ​ទី២​របស់​ពួក​ព្រាហ្មណ៍ ​អ្នក​ទទួល​គ្រឿង​បូជា

បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ពួក​ព្រាហ្មណ៍ រមែងបញ្ញត្ត​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​ត្រឹមតែ ២ ​នេះ​ឯង ថាជាព្រាហ្មណ៍ (​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​ ២​ នេះ​) កាលបើ​ពោល​ថា ខ្លួន​ខ្ញុំ​ជាព្រាហ្មណ៍ដូច្នេះ ​ឈ្មោះ​ថា និយាយ​ដោយ​ប្រពៃផង ​មិន​ត្រូវមុសាវាទផង ។

[១៩០] កាល​ដែល​សោណទណ្ឌព្រាហ្មណ៍​ពោល​យ៉ាង​នេះ​ហើយ​ ​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ ក៏​បាន​និយាយ​នឹង​សោណទណ្ឌព្រាហ្មណ៍ដូច្នេះថា សោណទណ្ឌ​ដ៏​ចម្រើន​ កុំនិយាយ​យ៉ាង​នេះ​ សោណទណ្ឌ​ដ៏​ចម្រើន​ កុំនិយាយ​យ៉ាង​នេះ​ឡើយ​ សោណទណ្ឌ​ដ៏​ចម្រើន​ និយាយបង្អាប់សម្បុរ និយាយបង្អាប់​មន្ត​ និយាយបង្អាប់​ជាតិ​ សោណទណ្ឌ​ដ៏​ចម្រើន​ បណ្តោយតាមវាទៈ​របស់​ព្រះ​សមណគោតម ​ដោយ​ចំណែក​មួយ​ហើយ​តើ ។ គ្រា​នោះ​ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​នឹង​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ដូច្នេះថា បើ​អ្នក​ទាំង​ឡាយជាព្រាហ្មណ៍ ​មាន​សេចក្តី​យល់ឃើញថា សោណទណ្ឌព្រាហ្មណ៍ ជា​មនុស្ស​ចេះដឹងតិចផង សោណទណ្ឌព្រាហ្មណ៍ ​ពោល​ពាក្យ​មិន​ពីរោះផង សោណទណ្ឌព្រាហ្មណ៍ ជា​អ្នក​ឥតប្រាជ្ញាផង សោណទណ្ឌព្រាហ្មណ៍ ​មិន​ល្មម​នឹង​និយាយ​ឆ្លើយ​ឆ្លងពាក្យ​នេះ​ ជា​មួយ​នឹង​ព្រះ​សមណគោតម​បាន​ផង សោណទណ្ឌព្រាហ្មណ៍ ចូរឈប់ចុះ ​អ្នក​ទាំង​ឡាយ ចូរនិយាយ​ឆ្លើយ​ឆ្លងជា​មួយ​នឹង​តថាគតវិញ តែបើ​អ្នក​ទាំង​ឡាយ ជាព្រាហ្មណ៍ ​មាន​សេចក្តី​យល់ឃើញ​យ៉ាង​នេះ​ថា សោណទណ្ឌព្រាហ្មណ៍ ជា​មនុស្ស​ចេះដឹង​ច្រើន​ផង សោណទណ្ឌព្រាហ្មណ៍ ​ពោល​ពាក្យពីរោះផង សោណទណ្ឌព្រាហ្មណ៍ ជា​អ្នក​ប្រាជ្ញផង សោណទណ្ឌព្រាហ្មណ៍ ល្មម​នឹង​និយាយ​ឆ្លើយ​ឆ្លងពាក្យ​នេះ​ ជា​មួយ​នឹង​ព្រះ​សមណគោតម​បាន​ផង ​អ្នក​ទាំង​ឡាយ ចូរឈប់ចុះ ចូរ​ឲ្យ​សោណទណ្ឌព្រាហ្មណ៍ និយាយ​ឆ្លើយ​ឆ្លងជា​មួយ​នឹង​តថាគតវិញ ។

[១៩១] កាល​ដែល​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ​ សោណទណ្ឌព្រាហ្មណ៍ ​បាន​ក្រាបបង្គំទូល​ព្រះ​មាន​ព្រះ​ភាគដូច្នេះថា សូម​ព្រះ​គោតម​ដ៏​ចម្រើន​ បង្អង់សិនចុះ សូម​ព្រះ​គោតម​ដ៏​ចម្រើន​គង់ស្ងៀមចុះ ​ខ្ញុំ​ព្រះ​អង្គ​ ​នឹង​ធ្វើនូវពាក្យតបត ប្រកប​ដោយ​ហេតុ ​ដល់​ព្រាហ្មណ៍​ទាំង​នោះ​វិញ ។ លំដាប់​នោះ​ សោណទណ្ឌព្រាហ្មណ៍ ​បាន​និយាយ​នឹង​ព្រាហ្មណ៍​ទាំង​នោះ​ដូច្នេះថា នែ​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​ ​អ្នក​ទាំង​ឡាយកុំ​ពោល​យ៉ាង​នេះ​ឡើយ​ នែ​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​ ​អ្នក​ទាំង​ឡាយកុំ​ពោល​យ៉ាង​នេះ​ថា សោណទណ្ឌព្រាហ្មណ៍​ដ៏​ចម្រើន​ និយាយបង្អាប់សម្បុរ និយាយបង្អាប់​មន្ត​ និយាយបង្អាប់​ជាតិ​ សោណទណ្ឌព្រាហ្មណ៍​ដ៏​ចម្រើន​ បណ្តោយតាមវាទៈ​របស់​ព្រះ​សមណគោតម ​ដោយ​ចំណែក​មួយ​ដូច្នេះ​ឡើយ​ ​ម្នាល​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ ​ខ្ញុំ​មិន​មែន​និយាយបង្អាប់សម្បុរ ​ឬ​មន្ត​ ​និង​ជាតិ​ទេ ។

គុណសម្បត្តិ​របស់​អង្គកៈ

កែប្រែ

[១៩២] សម័យ​នោះ​ឯង ​មាន​មាណព (​មនុស្ស​ជំទង់) ម្នាក់​ឈ្មោះ​អង្គ​កៈ ត្រូវជាក្មួយសោណទណ្ឌព្រាហ្មណ៍ អង្គុយ​ក្នុង​ពួក​បរិសទ្យ​នោះ​ដែរ​ ។ លំដាប់​នោះ​ សោណទណ្ឌព្រាហ្មណ៍ ​បាន​និយាយ​នឹង​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ដូច្នេះថា ​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ ​បាន​ឃើញមាណព ​ឈ្មោះ​អង្គ​កៈ​នេះ​ ជាក្មួយ​យើង​ដែរ​ឬ​ទេ ។ ព្រាហ្មណ៍​ទាំង​នោះ​ ក៏​ឆ្លើយ​ថា បពិត្រលោក​ដ៏​ចម្រើន​ ​បាន​ឃើញ​ដែរ​ បពិត្រលោក​ដ៏​ចម្រើន​ ​អង្គ​កមាណព ​មាន​រូបល្អ គួរពិតពិល រមិល​មើល​ គួរជ្រះថ្លា ប្រកប​ដោយ​សម្បុរ​ដ៏​ល្អក្រៃលែង ​មាន​សម្បុរ​ដ៏​ប្រសើរ ​មាន​សរីរៈស្រដៀង​នឹង​ព្រហ្ម ​មាន​សព៌ាង្គរាងកាយ គួរ​ឲ្យ​ចង់​មើល​មិន​លែង ​ក្នុង​បរិសទ្យ​នេះ​ រក​អ្នក​ណា​ឲ្យ​មាន​សម្បុរស្មើ​នឹង​អង្គ​កមាណព​នេះ​ គ្មាន​ឡើយ​ លើកលែងតែ​ព្រះ​សមណគោតមចេញ ។ សោណទណ្ឌព្រាហ្មណ៍​ពោល​ថា ​ម្នាល​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​ ​អង្គ​កមាណព ជា​អ្នក​រាយ​មន្ត​ ចេះចាំ​មន្ត​ ជា​អ្នក​ដល់​នូវត្រើយ​នៃ​ត្រៃវេទ ព្រម​ទាំង​គម្ពីរនិឃណ្ឌុ គម្ពីរកេតុភៈ អក្ខរប្បភេទ គឺសិក្ខា ​និង​និរុត្តិ ​ដែល​មាន​គម្ពីរឥតិហាសៈ ជា​គម្រប់​ ៥  ជា​អ្នក​ចាំស្ទាត់នូវបទ ​និង​វេយ្យាករណ៍ ជា​អ្នក​ស្ទាត់ជំនាញ ​ក្នុង​លោកាយតសាស្ត្រ ​និង​មហាបុរិសលក្ខណព្យាករណសាស្ត្រ ឯ​ខ្ញុំ​ជា​អ្នក​បង្រៀន​មន្ត​ ​ដល់​វា ​ម្នាល​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​ ឯ​អង្គ​កមាណព ​មាន​ជាតិ​ដ៏​ល្អ​ទាំង​ពីរចំណែក គឺចំណែកខាងមាតា ​និង​ចំណែកខាងបិតា ​កើត​អំពី​ផ្ទៃ​ដ៏​បរិសុទ្ធស្អាត ដរាប​អំពី​តំណ​នៃ​ជីដូនជីតាជា​គម្រប់​ ៧ ​មក​ ​មិន​ដែល​មាន​នរណា​មួយ​ពោល​ទោស តិះដៀល ​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​ ​ខ្ញុំ​ក៏ស្គាល់មាតាបិតា​របស់​វា ​ម្នាល​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​ តែ​អង្គ​កមាណពសម្លាប់សត្វខ្លះ ​យក​ទ្រព្យ​ដែល​គេ​មិន​បាន​ឲ្យ​ខ្លះ ប្រព្រឹត្តខុស​ក្នុង​ភរិយា​អ្នក​ដទៃខ្លះ និយាយកុហកខ្លះ ផឹកទឹកស្រវឹងខ្លះ ឥឡូវ បើលើក​យក​សេចក្តី​នេះ​មក​និយាយ វណ្ណៈ ​នឹង​យក​ជាការអ្វី​បាន​ ​មន្ត​ ​នឹង​យក​ជាការអ្វី​បាន​ ​ជាតិ​ ​នឹង​យក​ជាការអ្វី​បាន​ ​ម្នាល​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​ ព្រាហ្មណ៍ (​ដែល​ប្រកប​ដោយ​អង្គ​ ២) គឺជា​

១. អ្នក​មាន​សីល ​មាន​សីល​ដ៏​ចម្រើន​ ប្រកប​ដោយ​សីល​ដ៏​ចម្រើន

២. ជា​អ្នក​ប្រាជ្ញ ​មាន​ប្រាជ្ញា ជាបុគ្គលទី១ ​ឬ​ទី២ ​របស់​ពួក​ព្រាហ្មណ៍ ​អ្នក​ទទួល​គ្រឿង​បូជា

ម្នាល​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​ ​ពួក​ព្រាហ្មណ៍ រមែងបញ្ញត្ត​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​ត្រឹមតែ ២​ នេះ​ឯង ថាជាព្រាហ្មណ៍ (​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ ​២ ​នេះ​) កាលបើ​ពោល​ថា ខ្លួន​ខ្ញុំ​ជាព្រាហ្មណ៍ដូច្នេះ ​ឈ្មោះ​ថា និយាយ​ដោយ​ប្រពៃផង ​មិន​ត្រូវមុសាវាទផង ។

[១៩៣] ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់សួរថា ​ម្នាល​ព្រាហ្មណ៍ បណ្តា​អង្គ​ទាំង​ ២​ នេះ​ ​អ្នក​អាច​លើក​អង្គ​មួយ​ចេញ ​ហើយ​បញ្ញត្ត​មនុស្ស​ ​ដែល​ប្រកប​ដោយ​អង្គ​ត្រឹមតែ​មួយ ថាជាព្រាហ្មណ៍វិញ (​ទាំង​មនុស្ស​ដែល​ប្រកប​ដោយ​អង្គ​តែ​មួយ​នោះ​) កាលបើ​ពោល​ថា ខ្លួន​ខ្ញុំ​ជាព្រាហ្មណ៍ដូច្នេះ ​ឈ្មោះ​ថា និយាយ​ដោយ​ប្រពៃផង ​មិន​ត្រូវមុសាវាទផង តើ​បាន​ឬ​ទេ ?

សោណទណ្ឌព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​អង្គ​ទាំង​ ២ ​នេះ​ ​នឹង​លើក​អង្គ​ណា​មួយ​ចេញ​មិន​បាន​ទេ ។ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ដ្បិតប្រាជ្ញា រមែងជំរះសីល​ឲ្យ​បរិសុទ្ធ សីលសោត​ក៏រមែងជំរះប្រាជ្ញា​ឲ្យ​បរិសុទ្ធ​ដែរ​ ។ សីល​នៅ​ត្រង់​ណា ប្រាជ្ញាក៏​នៅ​ត្រង់​នោះ​ ប្រាជ្ញា​នៅ​ត្រង់​ណា សីលក៏​នៅ​ត្រង់​នោះ​ដែរ​ ។ ​អ្នក​មាន​សីល ក៏​មាន​ប្រាជ្ញា ​អ្នក​មាន​ប្រាជ្ញា ក៏​មាន​សីល ។ ឯសីល​និង​ប្រាជ្ញាប្រាកដ ជាគុណធម៌ប្រសើរ​ក្នុង​លោក ។ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ បុគ្គលលាងដៃ ​ដោយ​ដៃក្តី លាងជើង ​ដោយ​ជើងក្តី ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាង​ណាមិញ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ មាឧបមេយ្យដូចជា ប្រាជ្ញា​រមែងជំរះសីល​ឲ្យ​បរិសុទ្ធ សីលសោត​ក៏រមែងជំរះប្រាជ្ញា​ឲ្យ​បរិសុទ្ធ​ដែរ​ ។ សីល​នៅ​ត្រង់​ណា ប្រាជ្ញាក៏​នៅ​ត្រង់​នោះ​ ប្រាជ្ញា​នៅ​ត្រង់​ណា សីលក៏​នៅ​ត្រង់​នោះ​ដែរ​ ។ ​អ្នក​មាន​សីល ក៏​មាន​ប្រាជ្ញា ​អ្នក​មាន​ប្រាជ្ញា ក៏​មាន​សីល ។ ឯសីល​និង​ប្រាជ្ញា​នេះ​ ​អ្នក​ប្រាជ្ញតែង​ពោល​ថាជាគុណធម៌​ដ៏​ប្រសើរ​ក្នុង​លោក ។

[១៩៤] ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់តបថា ​ម្នាល​ព្រាហ្មណ៍ ​សេចក្តី​នុ៎ះ​យ៉ាង​ហ្នឹង​ហើយ​ ​ម្នាល​ព្រាហ្មណ៍ ​សេចក្តី​នុ៎ះ​យ៉ាង​ហ្នឹង​ហើយ​ ​ម្នាល​ព្រាហ្មណ៍ ដ្បិតប្រាជ្ញា រមែងជំរះសីល​ឲ្យ​បរិសុទ្ធ សីលសោត ក៏រមែងជំរះប្រាជ្ញា​ឲ្យ​បរិសុទ្ធ​ដែរ​ សីល​នៅ​ត្រង់​ណា ប្រាជ្ញាក៏​នៅ​ត្រង់​នោះ​ ប្រាជ្ញា​នៅ​ត្រង់​ណា សីលក៏​នៅ​ត្រង់​នោះ​ដែរ​ ​អ្នក​មាន​សីល ក៏​មាន​ប្រាជ្ញា ​អ្នក​មាន​ប្រាជ្ញា ក៏​មាន​សីល ឯសីល​និង​ប្រាជ្ញា ​អ្នក​ប្រាជ្ញ តែង​ពោល​ថាជាគុណធម៌​ដ៏​ប្រសើរ​ក្នុង​លោក ​ម្នាល​ព្រាហ្មណ៍ បុគ្គលលាងដៃ​ដោយ​ដៃក្តី លាងជើង​ដោយ​ជើងក្តី ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាង​ណាមិញ ​ម្នាល​ព្រាហ្មណ៍ ​មាន​ឧបមេយ្យដូចជាប្រាជ្ញា រមែងជំរះសីល​ឲ្យ​បរិសុទ្ធ សីលសោត ក៏រមែងជំរះប្រាជ្ញា​ឲ្យ​បរិសុទ្ធ​ដែរ​ សីល​នៅ​ត្រង់​ណា ប្រាជ្ញាក៏​នៅ​ត្រង់​នោះ​ ប្រាជ្ញា​នៅ​ត្រង់​ណា សីលក៏​នៅ​ត្រង់​នោះ​ដែរ​ ​អ្នក​មាន​សីល ក៏​មាន​ប្រាជ្ញា ​អ្នក​មាន​ប្រាជ្ញា ក៏​មាន​សីល ឯសីល​និង​ប្រាជ្ញា ​អ្នក​ប្រាជ្ញ តែង​ពោល​ថាជាគុណធម៌​ដ៏​ប្រសើរ​ក្នុង​លោក ​ម្នាល​ព្រាហ្មណ៍ ចុះសីល​នោះ​ដូចម្តេច ប្រាជ្ញា​នោះ​ដូចម្តេច ។ សោណទណ្ឌព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះ​អង្គ​គ្រាន់តែ​បាន​ដឹងថា សីល ​និង​ប្រាជ្ញាប៉ុណ្ណេះ ឯ​ត្រង់​សេចក្តី​អធិប្បាយ (​មិន​ដឹងថា) ដូចម្តេចទេ សូម​ព្រះ​គោតម​ដ៏​ចម្រើន​ ​ទ្រង់​ត្រាស់បំភ្លឺ​សេចក្តី​អធិប្បាយ ​នៃ​ភាសិតនុ៎ះ​ឲ្យ​ទាន ។

[១៩៥] ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់ថា ​ម្នាល​ព្រាហ្មណ៍ បើដូច្នោះ ចូរ​អ្នក​ប្រុងស្តាប់ ចូរ​អ្នក​យក​ចិត្តទុកដាក់​ឲ្យ​ប្រពៃចុះ តថាគត​នឹង​សំដែងប្រាប់ ។ សោណទណ្ឌព្រាហ្មណ៍ ទទួល​ព្រះ​ពុទ្ធដីកា​របស់​ព្រះ​មាន​ព្រះ​ភាគថា ​យ៉ាង​ហ្នឹង​ហើយ​ ​ព្រះ​អង្គ​ ។ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់ពាក្យ​នេះ​ថា ​ម្នាល​ព្រាហ្មណ៍ ​ព្រះ​តថាគត​បាន​កើតឡើង ក្នុងលោកនេះ ជាបុគ្គលឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់​យ៉ាង ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ បរិបូណ៌​ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គល​គប្បីប្រព្រឹត្ត មានដំណើរល្អ ជ្រាប​ច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាអ្នក​ទូន្មាន​នូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ច​ធម៌ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ បានត្រាស់ដឹង បានធ្វើឲ្យ​ជាក់​ច្បាស់ដោយព្រះអង្គឯង ហើយញុំាង​លោកនេះ ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និង​មនុស្ស​ដ៏សេស ឲ្យ​ត្រាស់ដឹងផង ។ ព្រះអង្គទ្រង់សំដែង​ធម៌ មានលំអបទដើម លំអបទកណ្តាល និងលំអបទចុង ជាធម៌បរិបូណ៌​ដោយអត្ថ និងព្យញ្ជនៈ ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ដ៏​បរិសុទ្ធបរិបូណ៌គ្រប់គ្រាន់ទាំងអស់ ។ បុគ្គលជាគហបតិក្តី ជាបុត្តនៃគហបតិក្តី បុគ្គល​ដែល​មកកើតខាងក្រោយ ក្នុងត្រកូល​ឯណានីមួយក្តី រមែង​ស្តាប់នូវធម៌នោះ ។ លុះបុគ្គលនោះ បានស្តាប់នូវធម៌នោះហើយ រមែងបាន​ចំពោះ​នូវជំនឿក្នុងព្រះតថាគត ។ លុះបុគ្គល​នោះ ប្រកបដោយ​កិរិយា​បានចំពោះ​នូវជំនឿដូច្នោះហើយ រមែងពិចារណាថា ការនៅគ្រប់គ្រង​ផ្ទះ ចង្អៀត (ពេកណាស់) ជាផ្លូវនៃធុលី គឺរាគាទិក្កិលេស (មានតែ) បព្វជ្ជា ទើបមានពេល​ទំនេរច្រើន ព្រហ្មចរិយធម៌នេះ បុគ្គល​ដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្ត​ឲ្យបរិបូណ៌គ្រប់គ្រាន់ ឲ្យបរិសុទ្ធស្អាតដូចជាស័ង្ខ ដែលគេខាត់ហើយទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់​សំពត់​កាសាយៈ​ចេញ​ចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ។ សម័យ​ខាង​ក្រោយមក បុគ្គលនោះ ក៏លះបង់​នូវ​គំនរ​នៃ​ភោគៈ​តិចក្តី លះបង់នូវ​គំនរនៃភោគៈ​ច្រើនក្តី លះបង់​នូវញាតិវង្ស​តិចក្តី លះបង់​នូវ​ញាតិ​វង្សច្រើនក្តី ហើយកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ។ លុះ​បុគ្គល​នោះ បានបួស​យ៉ាងនេះហើយ ក៏​សង្រួម​តាមបាតិមោក្ខសំវរៈ គ្រប់ឥរិយាបថ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នក​ឃើញភ័យ​ក្នុងទោសទាំងឡាយ ត្រឹមតែបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំង​ឡាយ ប្រកបដោយកាយកម្ម និងវចីកម្មជាកុសល មានអាជីវៈដ៏បរិសុទ្ធ ជាអ្នកបរិបូណ៌​ដោយសីល រក្សាទ្វារ​ក្នុងឥន្ទ្រិយទាំងឡាយ ប្រកបដោយ​សតិ និងសម្បជញ្ញៈ ជាអ្នក​សន្តោស ។

ចូឡសីល

កែប្រែ

ម្នាល​ព្រាហ្មណ៍ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល (នោះ) ដូចម្តេចខ្លះ ?

បពិត្រ​មហារាជ ភិក្ខុក្នុងសាសនានេះ លះបង់បាណាតិបាត ជាអ្នកវៀរស្រឡះ​ចាកបាណាតិបាត មានដំបងដាក់ចុះហើយ មានគ្រឿង​សស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាសបាប បរិបូណ៌​ដោយសេចក្តី​អាណិត ជាអ្នកអនុគ្រោះដោយប្រយោជន៍ ដល់សត្វ​មានជីវិតទាំងពួង ។ នេះ​ជាសីលរបស់ភិក្ខុនោះ ។

ភិក្ខុលះបង់អទិន្នាទាន ជាអ្នកវៀរស្រឡះ​ចាកអទិន្នាទាន កាន់​យកតែ​វត្ថុ​ដែលគេឲ្យ ចង់បានតែវត្ថុដែលគេឲ្យ មានខ្លួន​ដ៏ស្អាត មិនមែនជា​មនុស្ស​ល្មួច ។ នេះជាសីលរបស់ភិក្ខុនោះ ។ ភិក្ខុលះបង់អព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តធម៌ដ៏​ប្រសើរ ជាអ្នកប្រព្រឹត្តឆ្ងាយ ជាអ្នកវៀរចាកមេថុនធម្ម ដែលជាធម៌​របស់អ្នកស្រុក ។ នេះជាសីលរបស់ភិក្ខុនោះ ។

ភិក្ខុលះបង់មុសាវាទ ជាអ្នកវៀរស្រឡះ​ចាកមុសាវាទ ពោលតែពាក្យពិត តនូវពាក្យពិត ដោយពាក្យពិត ជាអ្នកមានសំដីនឹង មានពាក្យដែលគេ​គប្បីជឿ មិនបានពោល​បំភ្លាត់​សត្វលោក ។ នេះជាសីលរបស់ភិក្ខុនោះ ។

ភិក្ខុលះបង់បិសុណាវាចា ជាអ្នកវៀរស្រឡះ​ចាកបិសុណាវាចា ឮអំពីទីនេះ មិនបានយក​ទៅ​ប្រាប់​ក្នុងទីឯណោះ ដើម្បីបំបែក​នូវជនទាំងឡាយនេះ ឬឮក្នុងទីឯណោះ មិនបាន​យក​មកប្រាប់ដល់ជនទាំងឡាយនេះ ដើម្បី​បំបែកនូវ​ជនទាំងឡាយឯណោះ ជាអ្នក​ផ្សះផ្សានូវជនទាំងឡាយ ដែលបែកគ្នាហើយ ឬឲ្យកម្លាំងថែម​ដល់ពួកជន ដែលជា​នឹងគ្នា​ហើយ មានសេចក្តីព្រមព្រៀងគ្នាជាទីត្រេកអរ ត្រេកអរតែក្នុងសេចក្តីព្រមព្រៀងគ្នា រីករាយ​តែក្នុងសេចក្តីព្រមព្រៀងគ្នា ជាអ្នកនិយាយតែវាចាដែល​ជាគ្រឿង​ធ្វើនូវ​សេចក្តី​ព្រមព្រៀងគ្នា ។ នេះជាសីលរបស់ភិក្ខុនោះ ។

ភិក្ខុលះបង់ផរុសវាចា ជាអ្នកវៀរស្រឡះ​ចាកផរុសវាចា ក៏វាចាណាដែលមិនមានទោស នាំមកនូវសេចក្តីសុខដល់ត្រចៀក (អ្នកដទៃ) ជាពាក្យគួរឲ្យកើតសេចក្តីស្រឡាញ់ ជាពាក្យគួរ​តម្កល់​ទុកក្នុងហឫទ័យ ជាសំដី​របស់អ្នកក្រុង ជាពាក្យជាទីត្រេកអរនៃជនច្រើនគ្នា ជាទីគាប់ចិត្ត​នៃជនច្រើនគ្នា តែងពោល​នូវវាចាមានសភាពដូច្នោះ ។ នេះជាសីលរបស់ភិក្ខុនោះ ។

ភិក្ខុលះបង់​សម្ផប្បលាបៈ ជាអ្នកវៀរស្រឡះ​ចាកសម្ផប្បលាបៈ ជាអ្នកពោលនូវពាក្យ​ក្នុង​កាលគួរ ពោល​នូវពាក្យពិត ពោលនូវអត្ថ ពោលនូវ​ធម៌ ពោលនូវ​វិន័យ ពោលនូវ​ពាក្យ​គួរតម្កល់​ទុក​ក្នុងហឫទ័យ ជាពាក្យ​ប្រកបដោយ​គ្រឿង​អាង ជាពាក្យ​មានកំណត់ ជាពាក្យ​ប្រកប​ដោយ​ប្រយោជន៍ តាមកាលដ៏គួរ ។ នេះជាសីលរបស់ភិក្ខុនោះ ។

ភិក្ខុវៀរស្រឡះ​ចាក​ការធ្វើ​ពីជគាម និងភូតគាម [វត្ថុដែល​មានពូជដុះឡើងបាន តែមិនដុះ​ជាប់នឹង​ផែនដី មានគ្រាប់ឈើជាដើម ហៅថាពីជគាម, ឈើ ស្មៅជាដើម ដែលដុះ​ជាប់នឹងផែនដី ហៅថា ភូតគាម ។] ឲ្យវិនាស ។ ជាអ្នកបរិភោគ​ភត្តតែ១ពេល វៀរបរិភោគ​ក្នុងរាត្រី វៀរបរិភោគ​ក្នុងកាលខុស ។ វៀរចាកការមើលនូវរបាំ និងស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែល​ជា​សត្រូវ​ដល់កុសលធម៌ ។ វៀរចាកការទ្រទ្រង់​និងការប្រដាប់​ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿង​ក្រអូប និងគ្រឿង​លាបផ្សេងៗ ។ វៀរចាក​ទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយ​ដ៏​ប្រសើរ ។ វៀរចាក​ការទទួល​នូវមាស និងប្រាក់ ។ វៀរចាកការទទួល​នូវធញ្ញជាតិឆៅ ។ វៀរចាកការទទួល​នូវសាច់ឆៅ ។ វៀរចាកការទទួល​នូវស្រី និងកុមារី ។ វៀរចាកការទទួល​ខ្ញុំស្រី និងខ្ញុំប្រុស ។ វៀរចាកការទទួល​នូវពពែ និងចៀម ។ វៀរចាកការទទួល​នូវ​មាន់ និង​ជ្រូក ។ វៀរចាកការទទួល​នូវដំរី គោ សេះឈ្មោលញី ។ វៀរចាកការទទួល​នូវ​ស្រែ និងចម្ការ ។ វៀរចាកការប្រកប​នូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងទៅ​ដោយ​គេប្រើអំពី​ផ្ទះមួយ ទៅផ្ទះមួយ ។ វៀរចាកការទិញ និងលក់ ។ វៀរចាកការបញ្ឆោត ឬបន្លំដោយជញ្ជីង និងបញ្ឆោត ដោយភាជន៍កាឡៃមាស (ជាដើម) និងបញ្ឆោត​ដោយ​រង្វាល់រង្វាស់ ។ វៀរចាកការ​ប្រកបនូវអំពើ​វៀច គឺបង្ខុសបំភាន់ [បានខាង​ចៅក្រមស៊ីសំណូក​គេ ហើយកាត់ក្តីវៀច ធ្វើអ្នកចាញ់ឲ្យទៅជាឈ្នះ អ្នកឈ្នះឲ្យទៅជាចាញ់​វិញ ។] និងបញ្ឆោត​បោកប្រាស និងបន្លំដោយរបស់ក្លែង ។ វៀរចាកការ​កាត់ (នូវអវយវៈ មានដៃជាដើម) ការសម្លាប់ ការចង ការលាក់ខ្លួន ពួនចាំ​ធ្វើអំពើអាក្រក់ និងការប្លន់​ការកំហែងយកទ្រព្យ ។ នេះជាសីលរបស់ភិក្ខុនោះ ។

ចប់ ចូឡសីល ។

មជ្ឈិមសូត្រ

កែប្រែ

មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវភោជនទាំងឡាយ ដែលទាយកឲ្យដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ រមែងប្រកបរឿយៗនូវការធ្វើពីជគាម និងភូតគាម​ឲ្យ​វិនាស មានសភាពដូច្នេះ ។ ពីជគាម និង​ភូតគាមនោះ តើដូចម្តេចខ្លះ ? គឺមើម ឬឫសជាពូជ១ ដើមជាពូជ១ ថ្នាំងជាពូជ១ ចុង ឬត្រួយជាពូជ១ គ្រាប់ជាពូជ១ ជាគំរប់៥ ។ ភិក្ខុជាអ្នកវៀរចាកការធ្វើពីជគាម និង​ភូតគាម​ឲ្យ​វិនាស មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវ​ភោជន​ទាំងឡាយ ដែលទាយក​ឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ រមែង​ប្រកប​រឿយ​ៗនូវការបរិភោគវត្ថុ ដែលសន្សំទុក មានសភាពដូច្នេះ ។ ការសន្សំទុកនោះ តើដូច​ម្តេច​ ? គឺសន្សំបាយទុក១ សន្សំទឹកទុក១ សន្សំសំពត់ទុក១ សន្សំយានទុក១ សន្សំទីដេកទុក១ សន្សំ​គ្រឿង​ក្រអូបទុក១ សន្សំគ្រឿងអាមិសៈទុក១ ។ ភិក្ខុជាអ្នកវៀរចាកការ​បរិភោគវត្ថុ ដែល​សន្សំទុក មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជន​ទាំងឡាយ ដែលទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ រមែង​ប្រកប​រឿយ​ៗនូវការមើល ការស្តាប់នូវល្បែង ដែលជាសត្រូវ​ដល់​កុសលធម៌ មានសភាពដូច្នេះ ។ ល្បែង​ជា​សត្រូវ ដល់​កុសលធម៌នោះ តើដូចម្តេច ? គឺល្បែងរាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ មហោស្រពខ្លះ ចម្បាំងមហា​ភារតៈ និងរាមកេរ្តិ៍ជាដើមខ្លះ គងខ្លះ រគាំងខ្លះ ស្គរមានជ្រុង ៤ ខ្លះ គូរគំនូររូបរបាំខ្លះ ល្បែងដុំដែកខ្លះ ល្បែង​រ៉ាវ​ខ្លះ ល្បែង​លាងឆ្អឹងខ្លះ ដំរីជល់គ្នាខ្លះ សេះប្រខាំគ្នាខ្លះ ក្របីជល់គ្នាខ្លះ គោជល់គ្នាខ្លះ ពពែជល់​គ្នាខ្លះ កែះជល់​គ្នាខ្លះ មានជល់​គ្នាខ្លះ ចាបជល់​គ្នាខ្លះ ល្បែង​គុណ​ដំបង​ខ្លះ ប្រដាល់ខ្លះ ចំបាប់ខ្លះ ចម្បាំងខ្លះ ទីគេរាប់ពលខ្លះ ទីលំនៅកងទ័ពខ្លះ ទីមើល​ពួក​សេនា​ដែល​ប្រកបដោយអង្គ ៤ ​ខ្លះ ។ ភិក្ខុជាអ្នក​វៀរចាកការមើល ការស្តាប់នូវល្បែង ដែលជាសត្រូវ​ដល់​កុសលធម៌ មានសភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវ​ភោជន​ទាំងឡាយ ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ រមែង​ប្រកបរឿយ​ៗ​នូវ​ល្បែងបាស្កា ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ មានសភាពដូច្នេះ ។ ល្បែងបាស្កានោះ តើដូចម្តេចខ្លះ ? គឺបាស្កា​មានក្រឡា​៨ [ចត្រង្គមានក្រឡា៨ ។]ខ្លះ បាស្កា​មានក្រឡា១០ [ចត្រង្គ​មានក្រឡា១០ ន័យខ្លះថា បាយខុំ ។]ខ្លះ បាស្កាដែលលេង​ឰដ៏អាកាស [ចត្រង្គឥតក្តារ លេង​តែមាត់​ទទេ ។]ខ្លះ ល្បែងវាងផ្លូវ​ដែលគួរវាង [ប្រហែល​ជាបិទមុខ បិទពួន ។]ខ្លះ ល្បែងផ្ទាត់គ្រាប់​មានគ្រាប់​ក្រួស​ជាដើមខ្លះ លេងបាស្កាក្នុងទីលាន​សម្រាប់​លេងខ្លះ ល្បែងហ៊ឹង ឬកូនគោលខ្លះ ល្បែង​រលាស់​ទឹក​លាក់ឲ្យទាយរូបខ្លះ ល្បែង​អង្គញ់ខ្លះ ល្បែងផ្លុំ​ប៉ីស្លឹកខ្លះ ល្បែង​នង្គ័លតូចខ្លះ ល្បែងដាំដូងខ្លះ ល្បែង​កង្ហារខ្លះ ល្បែង​វាល់ដីខ្សាច់ (បាយឡុកបាយឡ)ខ្លះ ល្បែង​រថតូចខ្លះ ល្បែងធ្នូតូចខ្លះ ល្បែង​សរសេរ​អក្សរខ្យល់ឲ្យទាយខ្លះ ល្បែង​ទាយចិត្ត (ស្តេច​ចង់)​ខ្លះ ល្បែងកំប្លែង​ត្រាប់គេខ្លះ ។ ឯភិក្ខុ​ជាអ្នក​វៀរចាក​ល្បែង​បាស្កា ដែលជា​ហេតុ ជាទីតាំង​នៃសេចក្តីប្រមាទ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។

មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជន​ទាំងឡាយ​ដែលទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែង​ប្រកប​រឿយ​ៗ​នូវឧច្ចាសយនមហាសយនៈ (ទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក​ទីអង្គុយ​ដ៏ប្រសើរ) មាន​សភាព​ដូច្នេះ ។ ឧច្ចាសយនមហាសយនៈនោះ តើដូចម្តេច ? គឺអាសនៈ​ដែលខ្ពស់​ហួស​ប្រមាណ​ខ្លះ គ្រែ​ដែល​មានជើងវិចិត្រ ​ដោយរូបសត្វសាហាវខ្លះ ព្រំដែលមានរោមវែងជាង​បួន​ធ្នាប់​ខ្លះ កម្រាល​ដែល​ធ្វើដោយរោម វិចិត្រដោយរូបសត្វ​សាហាវខ្លះ កម្រាលមានពណ៌ស ដែល​ធ្វើ​ដោយរោម​សត្វខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ មាន​ផ្កាដេរដាសខ្លះ កម្រាលដែលញាត់​ដោយសំឡីជា​ប្រក្រតីខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ វិចិត្រដោយរូប​សត្វសាហាវ មានសីហៈ និង​ខ្លាធំជាដើមខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ​មានរោមច្រាង​ឡើងតែម្ខាងខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ មានរោមច្រាងឡើង​ទាំងសងខាងខ្លះ កម្រាល​ដែល​ធ្វើដោយឌិនខ្សែសយមាស និងសូត្រ ចាក់ស្រែះ​ដោយរតនវត្ថុ មានមាសជាដើមខ្លះ កម្រាល​ដែល​ធ្វើដោយសរសៃសូត្រ ចាក់​ស្រែះ​ដោយរតនវត្ថុខ្លះ កម្រាល​ដែល​ធ្វើដោយរោមសត្វ ល្មម​ចុះពួកស្រីរបាំ១៦នាក់ ឈរ​រាំ​បាន​ខ្លះ កម្រាលសម្រាប់​ក្រាលលើខ្នងដំរីខ្លះ កម្រាល​សម្រាប់ក្រាលលើខ្នងសេះខ្លះ កម្រាលសម្រាប់​ក្រាលលើរថខ្លះ កម្រាល​ដែល​ធ្វើដោយស្បែក​ខ្លាខ្លះ កម្រាល​ដ៏ឧត្តម ដែល​ធ្វើដោយស្បែក​សត្វ​ឈ្មុស​ខ្លះ ខ្នើយ​មានពណ៌​ក្រហមទាំងពីរខាង គឺខ្នើយ​ក្បាល និងខ្នើយជើង ព្រមទាំងពិតាន មាន​ពណ៌​ក្រហមខ្លះ ។ ភិក្ខុ​ជាអ្នក​វៀរចាកឧច្ចាសយនមហាសយនៈ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជន​ទាំងឡាយ ដែលទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែង​ប្រកប​រឿយ​ៗ​នូវវត្ថុ​ជាទីតាំងនៃ​ការប្រដាប់ស្អិតស្អាង​រាងកាយ មានសភាពដូច្នេះ ។ វត្ថុជាទីតាំង​នៃការ​ប្រដាប់ស្អិតស្អាងរាងកាយនោះ តើដូចម្តេច ? គឺការដុសខាត់ បំបាត់ក្លិនអាក្រក់ (គ្រឿងអប់)ខ្លះ ការច្របាច់រឹតខ្លះ ការផ្ងូតទឹកខ្លះ ការគក់ច្របាច់ខ្លះ កញ្ចក់ខ្លះ វត្ថុសម្រាប់​លាបគ្រឿងប្រដាប់ខ្លះ ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបខ្លះ គ្រឿងលំអិតសម្រាប់​ប្រោះមុខខ្លះ វត្ថុសម្រាប់​លាប​មុខ​ខ្លះ គ្រឿងប្រដាប់ដៃខ្លះ ចំណង​ផ្នួងសក់ខ្លះ ដំបងខ្លះ បំពង់ថ្នាំខ្លះ ដាវខ្លះ ព្រះខាន់ខ្លះ ឆត្រខ្លះ ស្បែក​ជើងដ៏វិចិត្រខ្លះ មកុដ ឬក្បាំងមុខ(ស្នៀតសក់)ខ្លះ កែវមណីខ្លះ ផ្លិតធ្វើដោយ​រោម​កន្ទុយ​សត្វ​ខ្លះ សំពត់សខ្លះ សំពត់​មាន​ជាយ​វែងខ្លះ ។ ភិក្ខុជាអ្នក​វៀរចាកការប្រកបរឿយៗ នូវ​វត្ថុជាទីតាំង​នៃការប្រដាប់​ស្អិតស្អាង​រាងកាយ មានសភាពដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

មួយទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជន​ទាំងឡាយ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែង​ប្រកបរឿយៗ​នូវ​តិរច្ឆានកថា (ពាក្យ​និយាយទទឹងផ្លូវសួគ៌ និងផ្លូវព្រះនិព្វាន) មានសភាព​យ៉ាងនេះ ។ តិរច្ឆាន​កថា​នោះ តើ​ដូចម្តេច ? គឺការនិយាយអំពីស្តេចខ្លះ និយាយអំពី​ចោរខ្លះ និយាយអំពី​អាមាត្រធំខ្លះ និយាយអំពី​សេនាទាហាន​ខ្លះ និយាយអំពីភ័យខ្លះ និយាយអំពីចម្បាំងខ្លះ និយាយ​អំពី​បាយ​ម្ហូប​ចំណី​ខ្លះ និយាយអំពី​ទឹកផឹកខ្លះ និយាយ​អំពីសំពត់ខ្លះ និយាយអំពី​ទីដេកខ្លះ និយាយ​អំពី​ផ្កា​កម្រង​ខ្លះ និយាយ​អំពី​គ្រឿង​ក្រអូបខ្លះ និយាយអំពីញាតិខ្លះ និយាយ​អំពីយានខ្លះ និយាយ​អំពី​ស្រុក​ខ្លះ និយាយ​អំពី​និគមខ្លះ និយាយ​អំពី​នគរខ្លះ និយាយ​អំពីជនបទខ្លះ និយាយ​អំពីស្ត្រីខ្លះ និយាយ​អំពី​បុរសខ្លះ និយាយអំពីយោធាដែលក្លៀវក្លាខ្លះ និយាយអំពីច្រកផ្លូវខ្លះ និយាយ​អំពី​កំពង់​ទឹកខ្លះ និយាយអំពីញាតិ (ដែលទៅកាន់​បរលោកហើយ)ខ្លះ និយាយអំពីពាក្យ​ឥត​ប្រយោជន៍ មានសភាពផ្សេងៗខ្លះ និយាយអំពី​លោកខ្លះ និយាយអំពី​សមុទ្រខ្លះ និយាយ​អំពី​សេចក្តី​ចម្រើន និង​មិន​ចម្រើនខ្លះ ។ ភិក្ខុជាអ្នកវៀរចាកតិរច្ឆានកថា មាន​សភាព​ដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

មួយទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវ​ភោជន​ទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែងប្រកប​រឿយ​ៗ​នូវ​ពាក្យ​ប្រណាំង​ប្រជែង មានសភាព​ដូច្នេះ ។ ពាក្យប្រណាំងប្រជែង​នោះ តើ​ដូចម្តេចខ្លះ ? គឺនិយាយថា អ្នកមិនមែន​ចេះដឹងនូវ​ធម៌ និងវិន័យនេះទេ ខ្ញុំទើបដឹងនូវ​ធម៌ និងវិន័យនេះ អ្នក​នឹង​បាន​ឈ្មោះថាចេះ​ដឹង នូវ​ធម៌ និងវិន័យនេះ ដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំ​ទើបជាអ្នក​ប្រតិបត្តិត្រូវល្អ ពាក្យ​របស់ខ្ញុំ ទើបប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នក មិន​ប្រកប​ដោយ​ប្រយោជន៍​ទេ សំដី​ដែល​គេត្រូវនិយាយមុន អ្នកត្រឡប់​ជានិយាយក្រោយវិញ សំដី​ដែលគេត្រូវ​និយាយក្រោយ អ្នកត្រឡប់​ជា​និយាយមុនវិញ ពាក្យផ្ទុយអ្នកប្រព្រឹត្តមកជាយូរអង្វែងហើយ ទោស​ក្នុងសំដីរបស់អ្នក ខ្ញុំបាន​លើកឡើងហើយ អ្នកជាមនុស្ស ត្រូវខ្ញុំ​សង្កត់​សង្កិនបាន អ្នកចូរទៅសិក្សា ដើម្បីដោះស្រាយនូវទោសក្នុងសំដី ឬបើអ្នកអាច ចូរ​អ្នកដោះស្រាយ​ឲ្យរួច​ទោស​ចុះ ។ ភិក្ខុជាអ្នក​វៀរចាកពាក្យ​ប្រណាំង​ប្រជែង មាន​សភាព​ដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវ​ភោជន​ទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែង​ប្រកប​រឿយ​ៗ​នូវទូតកម្ម គឺការនាំ​សំបុត្រ ឬពាក្យបណ្តាំ​របស់គ្រហស្ថ និងការទៅដោយ​គេបញ្ជូន​អំពី​ផ្ទះ​មួយ ទៅផ្ទះមួយ មានសភាព​យ៉ាងនេះ ។ ទូតកម្មជាដើមនោះ តើ​ដូចម្តេចខ្លះ ។ គឺពាក្យដែលស្តេច មហាមាត្យរបស់ស្តេច ​ក្សត្រិយ៍ ​ព្រាហ្មណ៍ គហបតិ ឬ​កុមារក្តី បញ្ជូន​ទៅថា លោកចូរទៅក្នុងទីនេះ ដូច្នេះក្តី លោកចូរទៅក្នុងទីឯណោះ ដូច្នេះក្តី លោកចូរនាំយក​របស់នេះទៅ ដូច្នេះក្តី លោកចូរ​នាំយក​របស់នេះ មកអំពីទីឯណោះមក ដូច្នេះក្តី ។ ភិក្ខុជាអ្នក​វៀរ​ចាកការប្រកបរឿយៗ នូវទូតកម្ម គឺការនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងការទៅដោយ​គេ​បញ្ជូន​អំពីផ្ទះមួយ ទៅផ្ទះមួយ មាន​សភាព​ដូច្នេះឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវ​ភោជន​ទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ជាអ្នកកុហក គឺញុំាងសត្វលោក​ឲ្យកោត ឲ្យស្ងើច (ឲ្យ​ជ្រះ​ថ្លា ដោយការប្រើប្រាស់បច្ច័យជាដើម)ខ្លះ ជាអ្នក​និយាយរាក់ទាក់ (នឹងគ្រហស្ថ)ខ្លះ ជាអ្នក​ធ្វើ​និមិត្ត គឺពោល​បញ្ឆិតបញ្ឆៀងខ្លះ ជាអ្នក​ជេរ​ប្រទេច​ខ្លះ ជាអ្នកស្វែងរក​នូវលាភ ដោយលាភខ្លះ ។ ភិក្ខុ​ជាអ្នកវៀរ​ចាកការកុហក និងការនិយាយ​រាក់​ទាក់ មាន​សភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

ចប់ មជ្ឈិមសីល ។

មហាសីល

កែប្រែ

ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយ​មិច្ឆាជីវៈ គឺចិញ្ចឹមជីវិតខុស ព្រោះ​តិរច្ឆាន​វិជ្ជា មាន​សភាព​ដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេចខ្លះ ? គឺសាស្ត្រា (ក្បួន) និយាយអំពីអវយវៈខ្លះ ទាយនិមិត្ត គឺហេតុ​ខ្លះ ឧត្បាត គឺ​ការធ្លាក់​ចុះ​នៃហេតុធំៗ មានរន្ទះបាញ់ជាដើមខ្លះ ទាយយល់សប្តិខ្លះ ទាយ​លក្ខណៈ​ខ្លះ ទាយវត្ថុ ដែល​កណ្តុរ​កាត់ (មានសំពត់ជាដើម)ខ្លះ និយាយអំពីការបូជាដោយភ្លើង​ខ្លះ និយាយអំពី​ការបូជា​ដោយ​វែកខ្លះ និយាយអំពីការបូជាដោយ​អង្កាម​ខ្លះ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ និយាយអំពីការបូជាដោយអង្ករខ្លះ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ និយាយ​អំពី​ការ​បូជា​ដោយប្រេងខ្លះ និយាយអំពីការបូជាដោយមាត់ [អដ្ឋកថា ថា យកមាត់ខាំវត្ថុមានគ្រាប់ស្ពៃ​ជាដើម យកទៅដាក់​ក្នុង​ភ្លើង ឬសូត្ររបៀនបូជាដោយមាត់ ។] ខ្លះ និយាយ​អំពីការ​បូជា​ដោយ​ឈាម​ខ្លះ វិជ្ជាសម្រាប់​ទាយ​នូវអវយវៈខ្លះ វិជ្ជាសម្រាប់​ទាយភូមិឋានខ្លះ វិជ្ជាសម្រាប់​ទាយទីស្រែ​ចម្ការ​ខ្លះ វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ វិជ្ជាចាប់ខ្មោចខ្លះ វិជ្ជាសម្រាប់ការពារ​រក្សាភូមិផ្ទះខ្លះ វិជ្ជា​ស្តោះ​ពស់ [វិជ្ជាមើលសត្វ​ដែល​ពស់ខាំ ឬហៅពស់ ។]​ខ្លះ វិជ្ជារក្សាពិសខ្លះ វិជ្ជាស្តោះខ្ទួយ​ទិចខ្លះ វិជ្ជា​ស្តោះ​កណ្តុរខាំខ្លះ វិជ្ជាសម្រាប់​ទាយសម្រែក​សត្វស្លាបខ្លះ វិជ្ជាសម្រាប់​ទាយសម្រែកក្អែកខ្លះ វិជ្ជាសម្រាប់​ទាយ​អាយុខ្លះ វិជ្ជាសម្រាប់​រារាំងនូវសរខ្លះ វិជ្ជាសម្រាប់​មើលនូវ​ស្នាមជើងម្រឹគ គឺ​សត្វ​ជើង​ ៤ ទាំងអស់​ខ្លះ ។ ភិក្ខុជាអ្នក​វៀរចាកការចិញ្ចឹមជីវិត ដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយ​មិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា មាន​សភាព​យ៉ាងនេះ ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេចខ្លះ ? គឺការ​ទាយ​លក្ខណៈកែវមណីខ្លះ ទាយលក្ខណៈសំពត់ខ្លះ ទាយលក្ខណៈដម្បង ឬឈើច្រត់ខ្លះ ទាយលក្ខណៈគ្រឿងសស្ត្រាខ្លះ ទាយលក្ខណៈដាវខ្លះ ទាយលក្ខណៈសរខ្លះ ទាយលក្ខណៈធ្នូខ្លះ ទាយលក្ខណៈអាវុធខ្លះ ទាយលក្ខណៈស្រីខ្លះ ទាយលក្ខណៈបុរសខ្លះ ទាយលក្ខណៈ​ក្មេង​ប្រុស​ខ្លះ ទាយលក្ខណៈ​ក្មេង​ស្រីខ្លះ ទាយលក្ខណៈខ្ញុំប្រុសខ្លះ ទាយលក្ខណៈខ្ញុំស្រីខ្លះ ទាយ​លក្ខណៈ​ដំរីខ្លះ ទាយលក្ខណៈ​សេះ​ខ្លះ ទាយលក្ខណៈក្របីខ្លះ ទាយលក្ខណៈគោឧសភខ្លះ ទាយ​លក្ខណៈ​គោ​ខ្លះ ទាយលក្ខណៈ​ពពែខ្លះ ទាយលក្ខណៈកែះខ្លះ ទាយលក្ខណៈមាន់ខ្លះ ទាយលក្ខណៈចាប ឬក្រួច​ខ្លះ ទាយលក្ខណៈរូបគំនូរ ឬគ្រឿងប្រដាប់ធ្វើដោយរូបទន្សងខ្លះ ទាយលក្ខណៈ​គ្រឿង​ប្រដាប់ ឬកំពូលផ្ទះខ្លះ ទាយលក្ខណៈរូបគំនូរ ឬគ្រឿង​ប្រដាប់ធ្វើ​ដោយរូបអណ្តើកខ្លះ ទាយ​លក្ខណៈ​ម្រឹគ គឺសត្វជើង ៤ ទាំងអស់ខ្លះ ។ ភិក្ខុជាអ្នក​វៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយមិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា មាន​សភាពដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេច ? គឺការ​ទាយ​អំពីការ​លើកទ័ពថា ព្រះរាជា គួរស្តេច​ចេញទៅ (ក្នុងថ្ងៃនោះ) ព្រះរាជា គួរស្តេច​ត្រឡប់​មក​វិញ (ក្នុងថ្ងៃនោះ) ព្រះរាជាខាងក្នុង នឹងរុក​រានចូលទៅ ព្រះរាជាខាងក្រៅ នឹងថយចេញទៅ ព្រះរាជា​ខាងក្រៅ នឹងរុករានចូលមក ព្រះរាជាខាងក្នុង នឹងថយចេញទៅ ព្រះរាជាខាងក្នុង នឹងមានជ័យជំនះ ព្រះរាជាខាងក្រៅ នឹង​បរាជ័យ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ព្រះរាជា​ខាង​ក្នុង នឹងបរាជ័យ ព្រះរាជា​អង្គនេះ នឹងមានជ័យជំនះ ព្រះរាជាអង្គនេះ នឹងបរាជ័យ ។ ភិក្ខុ​ជាអ្នក​វៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះ ។

មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា មាន​សភាព​យ៉ាងនេះ ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេចខ្លះ ? គឺការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមាន​ចន្ទគ្រាស នឹងមានសូរ្យគ្រាស នឹង​មាន​នក្សត្រគ្រាស គឺផ្កាយ​ព្រះគ្រោះ ដើររួមចូលគ្នា ឬដើរ​រំលងព្រះ​អាទិត្យ ព្រះចន្ទ្រ ឬផ្កាយ​ណា​មួយ ។ ព្រះចន្ទ ព្រះអាទិត្យ នឹងដើរតាមផ្លូវត្រូវគ្នា ព្រះ​ចន្ទ ព្រះអាទិត្យ នឹងដើរខុសផ្លូវគ្នា ផ្កាយ​ទាំងឡាយ នឹងដើរ​តាមផ្លូវត្រូវគ្នា ផ្កាយ​ទាំងឡាយ​នឹងដើរ​ខុសផ្លូវគ្នា នឹងមានឧក្កាបាត [ក្នុងលីនត្ថប្បកាសនាដីកាថា កាល​បើអាកាសមានខ្យល់ទង្គិចគ្នាខ្លាំង ក៏កើតមាន​ពន្លឺរស្មី ដូច​ជា​ពន្លឺ​ប្រទីប ធ្លាក់ចុះមកអំពីអាកាស ហៅថា ឧក្កាបាត ។] នឹងកើតមានកំដៅក្នុងទិស នឹង​មាន​កម្រើក​ផែនដី នឹងមានផ្គរលាន់ (ឥត​មាន​ភ្លៀង) ព្រះចន្ទ ព្រះអាទិត្យ ផ្កាយ នឹងរះឡើង ឬលិចទៅវិញ នឹងសៅហ្មង ឬ​ផូរ​ផង់ ចន្ទគ្រាស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ សូរ្យគ្រាស នឹង​បណ្តាល​ឲ្យមានសុខទុក្ខយ៉ាងនេះ នក្សត្រគ្រាស នឹង​បណ្តាល​ឲ្យ​មាន​សុខ​ទុក្ខ​យ៉ាង​នេះ ព្រះចន្ទ និងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ និងព្រះអាទិត្យដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ពួកផ្កាយ ដើរ​តាម​ផ្លូវ​ត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ពួកផ្កាយដើរខុសផ្លូវគ្នា នឹង​បណ្តាល​ឲ្យមាន​សុខ​ទុក្ខ​យ៉ាងនេះ ឧក្កាបាត នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ កំដៅក្នុង​ទិស នឹង​បណ្តាល​ឲ្យ​មានសុខទុក្ខយ៉ាងនេះ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ផ្គរលាន់ (ឥត​មានភ្លៀង) នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ ព្រះអាទិត្យ និងផ្កាយ រះឡើង ឬ​លិច​ទៅវិញ សៅហ្មង ឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ភិក្ខុជាអ្នកវៀរ​ចាកមិច្ឆាជីវៈ ព្រោះ​តិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។

មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយ​មិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា មាន​សភាព​ដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេចខ្លះ ? គឺការ​ទាយ​ថា (ក្នុងឆ្នាំនេះ) នឹងមានភ្លៀង​ធ្លាក់ស្រួល នឹងមានភ្លៀងធ្លាក់មិនស្រួល នឹងមានបាយ​សម្បូណ៌ នឹងមានបាយក្រ នឹងមានសេចក្តី​ក្សេម​ក្សាន្ត នឹងមានភ័យ នឹងមានរោគ នឹងមិនមានរោគ ការរាប់ដោយដៃទទេ ការរាប់​ដោយវិធី​នព្វន្ត រាប់បូក [អដ្ឋកថា ថា ការរាប់នេះ បើ​ស្ទាត់ដល់បុគ្គលណា បុគ្គលនោះ កាលបើឃើញ​ដើមឈើ ក៏អាចនឹងដឹងថា ឈើនេះ មាន​ស្លឹក​ប៉ុណ្ណេះៗបាន ។] កាព្យឃ្លោង គម្ពីរលោកាយតៈ ។ ភិក្ខុជាអ្នក​វៀរ​ចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។

មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជនទាំងឡាយ ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយ​មិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា មាន​សភាព​ដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេចខ្លះ ? គឺ​វិធី​រៀប​អាវាហមង្គលខ្លះ វិធីរៀប​វិវាហមង្គលខ្លះ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍)ខ្លះ វិធីធ្វើ​ឲ្យព្រាត់ប្រាស​គ្នា (បង់ចំណែង)​ខ្លះ វិធីប្រមូលទ្រព្យខ្លះ វិធីប្រកបជំនួញខ្លះ វិធីធ្វើឲ្យចូល​ចិត្តស្រឡាញ់​គ្នា ឬ​ធ្វើ​ឲ្យ​មានសិរីខ្លះ វិធីធ្វើ​ឲ្យស្អប់គ្នាខ្លះ វិធីធ្វើ​គភ៌ដែល​បំរុងនឹងវិនាស មិនឲ្យវិនាសខ្លះ វិធីចងអណ្តាត​ឲ្យរឹង​ដោយមន្តខ្លះ វិធីចង​ចង្កា​ឲ្យរឹងខ្លះ វិធីសូត្ររបៀន ដើម្បីផ្លាស់ប្តូរដៃខ្លះ វិធីសូត្រ​របៀន​ដើម្បី​មិន​ឲ្យឮសំឡេងដោយត្រចៀកខ្លះ ប្រស្នា​កញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយ​សួរ​ប្រស្នាខ្លះ ប្រស្នាកុមារី គឺមន្ត​បញ្ចូលទេវតា​ក្នុងសរីរៈនៃកុមារី ហើយសួរប្រស្នាខ្លះ ប្រស្នាទេវតា គឺមន្តបញ្ចូល​ទេវតា ក្នុងសរីរៈនៃ​ទាសី ហើយសួរ​ប្រស្នាខ្លះ វិធីបម្រើព្រះអាទិត្យខ្លះ វិធីបម្រើ​មហាព្រហ្មខ្លះ វិធីបញ្ចេញភ្លើង​អំពីមាត់​ដោយ​មន្តខ្លះ វិធីហៅ​សិរីឲ្យមកឋិតក្នុងសរីរៈខ្លះ ។ ភិក្ខុ​ជាអ្នក​វៀរចាក​មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។

ម្យ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគ​នូវ​ភោជន​ទាំងឡាយ​ដែល​ទាយកឲ្យ​ដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ ចិញ្ចឹម​ជីវិត​ដោយ​មិច្ឆាជីវៈ ព្រោះ​តិរច្ឆាន​វិជ្ជា មាន​សភាព​ដូច្នេះ ។ តិរច្ឆានវិជ្ជានោះ តើ​ដូចម្តេច ? គឺការបន់​ស្រន់​ខ្លះ ការលាបំណន់ខ្លះ ធ្វើមន្ត​សម្រាប់ការពារបិសាចខ្លះ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ ធ្វើ​ខ្ទើយ​ឲ្យដូចជាបុរសខ្លះ ធ្វើបុរស​ឲ្យដូច​ជាខ្ទើយខ្លះ ធ្វើពីធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ ធ្វើពលិកម្មនៅទីដីដែលសង់ផ្ទះខ្លះ ជំរះ​មុខ​ឲ្យស្អាតដោយទឹក​ឲ្យគេខ្លះ បង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ បូជា​ភ្លើង​ឲ្យគេខ្លះ ធ្វើថ្នាំសម្រាប់​ឲ្យ​ក្អួតខ្លះ ធ្វើថ្នាំបញ្ចុះខ្លះ ធ្វើថ្នាំ​កំចាត់បង់​នូវទោស​ខាងលើខ្លះ ធ្វើថ្នាំ​កំចាត់បង់​នូវទោសខាង​ក្រោម​ខ្លះ ធ្វើថ្នាំ​កំចាត់បង់​នូវទោសក្នុងក្បាលខ្លះ ស្លប្រេងសម្រាប់បន្តក់​ត្រចៀកខ្លះ ធ្វើថ្នាំ​សម្រាប់​ស្អំ​ភ្នែកខ្លះ ធ្វើថ្នាំ​សម្រាប់ហិតខ្លះ ធ្វើថ្នាំសម្រាប់លាបបង្កាត់ខ្លះ ធ្វើថ្នាំត្រជាក់សម្រាប់​លាបស្រលាប​ខ្លះ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ ធ្វើពេទ្យវះខ្លះ ធ្វើពេទ្យ​រក្សា​ក្មេង​ខ្លះ ដាក់ថ្នាំ​ក្រោយ​ឲ្យជួយ​កំឡាំង​ថ្នាំមុនខ្លះ លាងថ្នាំដើមចេញខ្លះ [អដ្ឋកថា ថា កាលបើ​មាន​ដម្បៅ ដាក់ថ្នាំ មានថ្នាំផ្សាជាដើម ក្នុងដម្បៅនោះ កាលបើដម្បៅស្រួលសមគួរហើយ ក៏នាំយក​ថ្នាំនោះចេញ ។] ។ ភិក្ខុជាអ្នក​វៀរ​ចាក​មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មាន​សភាព​ដូច្នេះ​ឯង ។ នេះជាសីលរបស់ភិក្ខុនោះដែរ ។

ម្នាល​ព្រាហ្មណ៍ ភ័យណា ដែលគប្បីកើតឡើងព្រោះសេចក្តី​សង្រួម​ក្នុងសីល ភិក្ខុនោះឯងបរិបូណ៌​ដោយសីលយ៉ាងនេះហើយ រមែង​មិនបានឃើញ​នូវ​ភ័យ​នោះ អំពីទីណាមួយឡើយ ។ ម្នាល​ព្រាហ្មណ៍ ប្រៀបដូចជាភ័យណា ដែល​គប្បីកើត​អំពីសត្រូវ ក្សត្រិយ៍ដែលបាន​មុទ្ធាភិសេក [ព្រះរាជាដែលគេបានអភិសេក​ស្រោចទឹកលើ​ព្រះសិរ្ស ឲ្យសោយរាជ្យរួចហើយ ។] ហើយ​កំចាត់បង់នូវពួក​សត្រូវអស់ហើយ រមែង​មិនបាន​ឃើញ​ភ័យនោះ អំពីទីណាមួយឡើយ ដូចម្តេចមិញ ម្នាល​ព្រាហ្មណ៍ ភ័យណា ដែលគប្បីកើតឡើងព្រោះសេចក្តី​សង្រួម​ក្នុងសីល ភិក្ខុអ្នកបរិបូណ៌​ដោយ​សីល​យ៉ាង​នេះ​ហើយ រមែង​មិនបានឃើញ​នូវ​ភ័យ​នោះ អំពីទីណាមួយឡើយ ដូច្នោះឯង ។ ភិក្ខុនោះ បើ​បានប្រកបដោយសីលក្ខន្ធ ជារបស់​ព្រះអរិយៈនេះហើយ រមែងទទួល​នូវសេចក្តីសុខ ដែល​មិនមានទោសក្នុងសន្តានចិត្តនៃខ្លួន ។ ម្នាល​ព្រាហ្មណ៍ ភិក្ខុជាអ្នក​បរិបូណ៌​ដោយសីល យ៉ាងនេះឯង ។

ចប់ មហាសីល ។

ឥន្ទ្រិយសំវរៈ

កែប្រែ

ម្នាល​ព្រាហ្មណ៍ ភិក្ខុដែលជាអ្នករក្សានូវទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ តើ​ដូចម្តេចខ្លះ ? ម្នាល​ព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ បានឃើញ​រូបដោយចក្ខុហើយ តែ​មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជា​អកុសល​ធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួម​ចក្ខុន្ទ្រិយនុ៎ះ ព្រោះ​ហេតុមិនបានសង្រួមនូវចក្ខុន្ទ្រិយណា ក៏ប្រតិបត្តិ​ដើម្បីសង្រួម​នូវចក្ខុន្ទ្រិយនោះ រក្សា​នូវចក្ខុន្ទ្រិយ ដល់នូវសេចក្តីសង្រួម​ក្នុងចក្ខុន្ទ្រិយ ។ ឮសម្លេង​ដោយត្រចៀកហើយ តែ​មិន​កាន់​យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជា​អកុសល​ធម៌​ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនសង្រួមនូវសោតិន្ទ្រិយនុ៎ះ ព្រោះ​ហេតុ​មិន​បាន​សង្រួមនូវសោតិន្ទ្រិយណា ក៏ប្រតិបត្តិ​ដើម្បីសង្រួម​នូវសោតិន្ទ្រិយនោះ រក្សា​នូវ​សោតិន្ទ្រិយ ដល់នូវសេចក្តីសង្រួម​ក្នុងសោតិន្ទ្រិយ ។ បានធំក្លិន​ដោយច្រមុះហើយ តែ​មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជា​អកុសល​ធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួម​នូវឃានិន្ទ្រិយនុ៎ះ ព្រោះ​ហេតុមិនបានសង្រួមនូវឃានិន្ទ្រិយណា ក៏ប្រតិបត្តិ​ដើម្បីសង្រួម​នូវឃានិន្ទ្រិយនោះ រក្សា​នូវឃានិន្ទ្រិយ ដល់នូវសេចក្តីសង្រួម​ក្នុងឃានិន្ទ្រិយ ។ បានជញ្ជក់​ជញ្ជាប់នូវរស​ដោយ​អណ្តាតហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និង​ទោមនស្ស ដែលជា​អកុសល​ធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិន​បាន​សង្រួម​នូវជិវ្ហិន្ទ្រិយនុ៎ះ ព្រោះ​ហេតុមិនបានសង្រួមនូវជិវ្ហិន្ទ្រិយណា ក៏ប្រតិបត្តិ​ដើម្បីសង្រួម​នូវជិវ្ហិន្ទ្រិយនោះ រក្សា​នូវជិវ្ហិន្ទ្រិយ ដល់នូវសេចក្តីសង្រួម​ក្នុងជិវ្ហិន្ទ្រិយ ។ បានពាល់ត្រូវ​នូវ​សម្ផ័ស្ស ដោយកាយហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯ​អភិជ្ឈា និងទោមនស្ស ដែលជា​អកុសល​ធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែល​មិន​បានសង្រួម​នូវកាយិន្ទ្រិយនុ៎ះ ព្រោះ​ហេតុមិនបានសង្រួមនូវកាយិន្ទ្រិយណា ក៏ប្រតិបត្តិ​ដើម្បីសង្រួម​នូវកាយិន្ទ្រិយនោះ រក្សា​នូវកាយិន្ទ្រិយ ដល់នូវសេចក្តីសង្រួម​ក្នុងកាយិន្ទ្រិយ ។ បានដឹងច្បាស់​នូវធម្មារម្មណ៍​ដោយចិត្តហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យក​នូវ​អនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជា​អកុសល​ធម៌ដ៏លាមក តែងតែ​គ្រប​សង្កត់​នូវ​បុគ្គល ដែលមិនបានសង្រួមនូវមនិន្ទ្រិយនុ៎ះ ព្រោះ​ហេតុមិនបាន​សង្រួម​នូវ​មនិន្ទ្រិយ​ណា ក៏ប្រតិបត្តិ​ដើម្បីសង្រួម​នូវមនិន្ទ្រិយនោះ រក្សា​នូវមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួម​ក្នុងមនិន្ទ្រិយ ។ ភិក្ខុនោះ បានប្រកបព្រមដោយ​ឥន្ទ្រិយសំវរៈ ជារបស់​អរិយៈនេះហើយ រមែង​ទទួលចំពោះ​នូវសុខ ដែលមិនច្រឡូកច្រឡំដោយកិលេសជាខាងក្នុង ។ ម្នាល​ព្រាហ្មណ៍ ភិក្ខុជាអ្នករក្សានូវ​ទ្វារក្នុងឥន្ទ្រិយទាំងឡាយ យ៉ាងនេះឯង ។

សតិសម្បជញ្ញៈ

កែប្រែ

ម្នាល​ព្រាហ្មណ៍ ឯភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈនោះ តើ​ដូចម្តេចខ្លះ ? ម្នាល​ព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ កាលឈានដើរទៅមុខ ឈានថយ​ក្រោយ ក៏មានសេចក្តីដឹងខ្លួន កាលក្រឡេកមើលទៅមុខ ក្រឡេកមើល​ទៅទិសផ្សេងៗ ក៏​មានសេចក្តីដឹងខ្លួន កាលបត់លា (ដៃជើង) ក៏មានសេចក្តីដឹងខ្លួន កាលទ្រទ្រង់​នូវ​សង្ឃាដិ បាត្រ ចីវរ ក៏មានសេចក្តីដឹងខ្លួន កាលបរិភោគ ផឹក ទំពា ជញ្ជក់ជញ្ជាប ក៏មានសេចក្តីដឹងខ្លួន កាលបន្ទោឧច្ចារៈបស្សាវៈ ក៏មានសេចក្តីដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ពីដេក និយាយ ឬស្ងៀម ក៏មានសេចក្តីដឹងខ្លួន ។ ម្នាល​ព្រាហ្មណ៍ ភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ ដោយប្រការដូច្នេះឯង ។

សន្តោស

កែប្រែ

ម្នាល​ព្រាហ្មណ៍ ឯភិក្ខុជាអ្នកសន្តោស (ត្រេកអរចំពោះ​បច្ច័យ​តាមមាន​តាមបាន) តើ​ដូចម្តេចខ្លះ ? ម្នាល​ព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោស​ដោយ​ចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយចង្ហាន់បិណ្ឌបាត ដែលជាគ្រឿង​រក្សានូវផ្ទៃ ភិក្ខុ​នោះ កាលបើចៀស​ចេញទៅក្នុងទិសណាៗ តែងកាន់យក​(នូវ​បរិក្ខារ) ប៉ុណ្ណោះ ហើយ​ចៀសចេញទៅ (ក្នុងទិសនោះៗ) ។ ម្នាល​ព្រាហ្មណ៍ ប្រៀបដូចសត្វសកុណជាតិ មានស្លាប ទោះហើរទៅក្នុងទិសណាៗ រមែងមានស្លាប​របស់ខ្លួនជាភារៈប៉ុណ្ណោះ ហើរទៅ ដូចម្តេចមិញ ម្នាល​ព្រាហ្មណ៍ ភិក្ខុជាអ្នកសន្តោស​ដោយ​ចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយចង្ហាន់បិណ្ឌបាត ដែលជាគ្រឿង​រក្សានូវផ្ទៃ ភិក្ខុ​នោះ ទោះបីចៀស​ចេញទៅ​ក្នុង​ទិស​ណាៗ តែងកាន់យក​(នូវគ្រឿង​បរិក្ខារ) ប៉ុណ្ណោះ ហើយ​ចៀសចេញទៅ (ក្នុងទិស​នោះ​ៗ) ដូច្នោះឯង ។ ម្នាល​ព្រាហ្មណ៍ ភិក្ខុជាអ្នកសន្តោស ដោយប្រការដូច្នេះឯង ។

ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ ជារបស់ព្រះអរិយៈនេះផង ប្រកបដោយ​ឥន្ទ្រិយសំវរៈ ជារបស់​ព្រះអរិយៈនេះផង ប្រកបដោយ​សតិ និងសម្បជញ្ញៈ ជារបស់​ព្រះអរិយៈនេះផង ប្រកបដោយ​សេចក្តីសន្តោស ជារបស់​ព្រះអរិយៈនេះផង ត្រូវការ​ទីសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្នំ ព្រៃស្មសាន ព្រៃស្បាត ទីវាល ទី​គំនរ​ចំបើង ។ លុះភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏​ពត់ភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន) ។ ភិក្ខុនោះ រមែង​លះបង់​នូវអភិជ្ឈាក្នុងលោក នៅដោយចិត្តគ្មានអភិជ្ឈា ជំរះចិត្ត​ឲ្យស្អាត ចាកអភិជ្ឈា រមែង​លះបង់​នូវព្យាបាទ និងសេចក្តីប្រទូស្ត នៅដោយចិត្ត​មិនមានព្យាបាទ ជាអ្នកមានសេចក្តី​អនុគ្រោះ​ដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជំរះចិត្តឲ្យស្អាត ចាកអកុសលធម៌ ជាគ្រឿង​ប្រទូស្ត គឺព្យាបាទ រមែង​លះបង់​នូវថីនមិទ្ធៈ គឺសេចក្តីងងុយ ងោកងក់ នៅដោយ​ចិត្តប្រាសចាកថីនមិទ្ធៈ ជាអ្នកមានសេចក្តីសំគាល់នូវពន្លឺ មានស្មារតី និងសេចក្តីដឹងខ្លួន ជំរះចិត្តឲ្យស្អាតចាក​ថីនមិទ្ធៈ រមែងលះបង់ នូវ​ឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយ រសាយ​ចិត្ត នៅដោយ​ចិត្តមិនរាយមាយ ជាអ្នកមានចិត្តស្ងប់រម្ងាប់ខាងក្នុង ជំរះចិត្តឲ្យស្អាតចាក​ឧទ្ធច្ចកុក្កុច្ចៈ រមែងលះបង់ នូវវិចិកិច្ឆា គឺសេចក្តីងឿងឆ្ងល់ នៅដោយ​ចិត្ត​ផុត​វិចិកិច្ឆា ជា​អ្នក​មិនមានសេចក្តីសង្ស័យ ក្នុងកុសលធម៌ ជំរះចិត្តឲ្យស្អាតចាកវិចិកិច្ឆា ។

ឧបមានីវរណៈ

កែប្រែ

ម្នាល​ព្រាហ្មណ៍ ប្រៀបដូចបុរស ដែលយកទ្រព្យជាបំណុលគេ ទៅ​ប្រកប​ការងារទាំងឡាយ ការងារទាំងនោះ របស់​បុរសនោះក៏សម្រេច បុរសនោះ ក៏ចាត់​ចែង​សងនូវទ្រព្យ​ចាស់ ជាបំណុល​អស់ទៅ ទ្រព្យចំណេញរបស់បុរសនោះ ក៏​មានសល់​នៅច្រើន ល្មមនឹងចិញ្ចឹមនូវភរិយាបាន បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលពីដើម យកទ្រព្យជាបំណុលគេ ទៅ​ប្រកប​ការងារ ៗទាំងអម្បាល​នោះ របស់អាត្មាអញ ក៏បានសម្រេចហើយ អាត្មាអញ បានចាត់​ចែង​សងនូវទ្រព្យ​ចាស់ ជា​បំណុល​ដើមរួចអស់ហើយ ទ្រព្យចំណេញរបស់អាត្មាអញ ក៏​មានសល់​នៅជាច្រើន ល្មម​នឹង​ចិញ្ចឹម​ភរិយាបានដែរ ។ បុរសនោះ គប្បីបាននូវបាមោជ្ជៈ (សេចក្តីរីករាយ) គប្បីបាន​នូវ​សេចក្តីសោមនស្ស ដែលមានទ្រព្យចំណេញ​នោះជាហេតុ ។ ម្នាល​ព្រាហ្មណ៍ មួយទៀត ប្រៀបដូចបុរសមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ ហើយបុរសនោះ បរិភោគ​បាយ​មិនឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់បុរសនោះ ក៏មិនមានផង ។ សម័យខាងក្រោយមក បុរស​នោះក៏សះស្បើយ អំពីអាពាធនោះ បុរសនោះ បានបរិភោគ​បាយឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់បុរសនោះ ក៏មានផង ទើបបុរស​នោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះ​ថា អាត្មាអញ កាលអំពីដើម មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ អាត្មាអញ បរិភោគ​បាយ​មិនឆ្ងាញ់ផង កម្លាំងក្នុងកាយរបស់អាត្មាអញ ក៏មិនមានផង ឥឡូវនេះ អាត្មាអញ បានសះស្បើយ អំពីអាពាធនោះហើយ អាត្មាអញ បានបរិភោគ​បាយឆ្ងាញ់ផង កម្លាំង​ក្នុង​កាយ​របស់អាត្មាអញ ក៏មានផង ។ បុរស​នោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តី​សោមនស្ស ដែលមានការសះស្បើយ អំពី​អាពាធនោះជាហេតុ ។ ម្នាល​ព្រាហ្មណ៍ មួយ​ទៀត ប្រៀបដូចបុរសដែលជាប់នៅក្នុងផ្ទះឃុំខាំង សម័យខាងក្រោយមក បុរស​នោះ​ក៏​រួច​អំពីការឃុំខាំងនោះដោយស្រួល មិនមានភ័យ ឯសេចក្តីបង់ខាតនៃ​ភោគៈ​ទាំងឡាយ របស់បុរសនោះ សូម្បីបន្តិចបន្តួច ក៏មិនមាន ទើបបុរស​នោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះ​ថា អាត្មាអញ កាលអំពីដើម បានជាប់នៅក្នុងផ្ទះឃុំខាំង ឥឡូវនេះ អាត្មាអញបាន​រួច​អំពីការឃុំខាំងនោះដោយស្រួល មិនមានភ័យហើយ ឯសេចក្តីបង់ខាតនៃ​ភោគៈ​ទាំង​ឡាយ របស់អាត្មាអញ សូម្បីបន្តិចបន្តួច ក៏មិនមានឡើយ ។ បុរស​នោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តី​សោមនស្ស ដែលមានការរួចអំពី​ផ្ទះឃុំខាំងនោះ ជាហេតុ ។ បពិត្រ​មហា​រាជ មួយ​ទៀត ប្រៀបដូចបុរសដែលជាទាសៈគេ រមែងមិនបានធ្វើ​កិច្ចការ​នីមួយ​តាមអំពើចិត្តខ្លួន រមែងធ្វើ​ទៅតាមសេចក្តី​គាប់ចិត្តរបស់បុគ្គលដទៃ ទៅកាន់ទីណា តាម​ចំណង់របស់ខ្លួន​មិនបានឡើយ លុះសម័យខាងក្រោយមក បុរស​នោះ ​ក៏បាន​រួច​អំពី​ភាវៈ​ជាទាសៈនោះ ជាអ្នក​បានធ្វើ​នូវអំពើ​តាមគាប់ចិត្តរបស់ខ្លួន មិនបានធ្វើ​ទៅតាមសេចក្តី​គាប់ចិត្តរបស់បុគ្គលដទៃ បានរួចជាអ្នកជា ទៅកាន់ទីណា តាម​ចំណង់របស់ខ្លួន​បាន ទើបបុរស​នោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា អាត្មាអញ កាលអំពីដើម ជាទាសៈគេ មិន​បានធ្វើ​កិច្ចការ​នីមួយ​តាមអំពើចិត្តរបស់ខ្លួន តែងធ្វើ​ទៅតាមសេចក្តី​គាប់ចិត្ត​របស់​បុគ្គល​ដទៃ ទៅកាន់ទីណា តាម​ចំណង់របស់ខ្លួន​មិនបានឡើយ ឥឡូវនេះ អាត្មាអញ បាន​រួច​អំពី​ភាវៈ​ជាទាសៈគេនោះហើយ ជាអ្នកបាន​ធ្វើកិច្ចការ​នីមួយ ​តាមអំពើចិត្តរបស់ខ្លួន មិនបានធ្វើ​ទៅ​តាម​សេចក្តី​គាប់ចិត្តរបស់បុគ្គលដទៃ បានរួចជាអ្នកជា ទៅកាន់ទីណា តាម​ចំណង់​របស់​ខ្លួនបាន ។ បុរស​នោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តី​សោមនស្ស ដែលមានការរួចអំពី​ភាវៈ​ជាទាសៈគេនោះ ជាហេតុ ។​បពិត្រ​មហា​រាជ មួយ​ទៀត ប្រៀបដូច​បុរស​មានទ្រព្យ មាន​ភោគៈ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ជាផ្លូវរកបាយបានដោយក្រ ប្រកបដោយ​ភ័យ​ចំពោះមុខ សម័យខាងក្រោយមក បុរស​នោះ ​ក៏បានឆ្លងផុត អំពីផ្លូវ​ឆ្ងាយដាច់​ស្រយាល​នោះ បានដល់ស្រុកភូមិដោយស្រួល ជាទីក្សេម មិនមានភ័យ ទើបបុរស​នោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា អាត្មាអញ កាលអំពីដើម ជាអ្នកមានទ្រព្យ មានភោគៈ ដើរ​ទៅកាន់ផ្លូវឆ្ងាយ​ដាច់ស្រយាល ជាផ្លូវរកបាយបានដោយក្រ ប្រកបដោយភ័យ​ចំពោះ​មុខ ឥឡូវនេះ អាត្មាអញ បានឆ្លងផុត​ផ្លូវឆ្ងាយដាច់ស្រយាលនោះហើយ បានដល់​ស្រុក​ភូមិ​ដោយស្រួល ជាទីក្សេម មិនមានភ័យ ។​បុរស​នោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តី​សោមនស្ស ដែលមានការបានដល់​នូវស្រុកភូមិ ជាទីក្សេមនោះ ជាហេតុ ។​បពិត្រ​មហា​រាជ ភិក្ខុពិចារណាឃើញនូវនីវរណៈ៥នេះក្នុងខ្លួន ដែលមិនទាន់​លះបង់ យ៉ាងនេះ ថាដូច​ជាបំណុល ដូចជារោគ ដូចជាផ្ទះសម្រាប់ឃុំខាំង ដូចជាភាវៈជាទាសៈ ឬថា​ដូចជា​ផ្លូវឆ្ងាយដាច់ស្រយាល យ៉ាងនោះឯង ។ ម្នាល​ព្រាហ្មណ៍ ដូចបុគ្គលពិចារណាឃើញ នូវ​ការ​មិនចំពាក់បំណុលគេយ៉ាងណា នូវការមិនមានរោគ​យ៉ាងណា នូវការរួចអំពីផ្ទះ​សម្រាប់​ឃុំខាំង​យ៉ាងណា នូវភាពជាអ្នកជា​យ៉ាងណា នូវទីដ៏ក្សេមក្សាន្តយ៉ាងណា បពិត្រ​មហារាជ ភិក្ខុពិចារណាឃើញនូវនីវរណៈ ៥ នេះក្នុងខ្លួន ដែលបានលះបង់ហើយ ក៏យ៉ាង​នោះឯង ។

រូបជ្ឈាន ៤

កែប្រែ

កាលបើ​ភិក្ខុនោះ បានពិចារណាឃើញច្បាស់ នូវនីវរណៈទាំង ៥ នេះ​ក្នុង​ខ្លួន ដែលបានលះបង់ហើយ បាមោជ្ជៈ (សេចក្តីរីករាយ) ក៏កើតឡើង កាលបើ ចិត្តរីករាយ​ហើយ បីតិក៏កើត កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយ រមែងស្ងប់ស្ងាត់ ភិក្ខុដែល​មាននាមកាយស្ងប់ស្ងាត់ហើយ រមែង​ទទួលនូវសុខ ចិត្តរបស់ភិក្ខុ ដែលប្រកបដោយ​សុខ តែងតម្កល់​មាំបាន ។ ភិក្ខុនោះ លុះស្ងាត់ចាកកាមទាំងឡាយ ស្ងាត់​ចាក​អកុសលធម៌ទាំងឡាយហើយ ក៏បានដល់នូវបឋមជ្ឈាន ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ក៏សម្រេច​សម្រាន្តនៅ (ដោយ​ឥរិយាបថទាំង ៤ ) ។ ភិក្ខុនោះ រមែងញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក សរីរដ្ឋានបន្តិចបន្តួច​នៃកាយ​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពីវិវេក មិនមានឡើយ ។ ម្នាល​ព្រាហ្មណ៍ ប្រៀបដូចជាអ្នកផ្ងូតទឹកក្តី​បុគ្គលអ្នកជំនួយការ​នៃជន​អ្នកផ្ងូតទឹកក្តី ដែលឈ្លាស រោយនូវលំអិតសម្រាប់ងូតទាំងឡាយ ក្នុងភាជន៍សំរិទ្ធ៍ ប្រោះ​ព្រំ​ដោយទឹក ហើយសូនជាដុំ លុះដល់វេលាល្ងាច ដុំលំអិត​សម្រាប់ (លាប) ងូត (នោះ) ក៏​ស្អិតចាប់ចូលគ្នា ស្អិតល្មួតទាំង​ខាងក្នុង ទាំងខាងក្រៅ មិនបានរាត់រាយ ខ្ចាយចេញឡើយ យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ ភិក្ខុដែលញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីវិវេក សរីរដ្ឋានបន្តិចបន្តួច​នៃ​កាយ​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែល​កើត​អំពីវិវេក មិនមានឡើយ យ៉ាងនោះឯង ។ ម្នាល​ព្រាហ្មណ៍ នេះឯង ជាផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លា​ដោយ​វិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់​ដោយខ្លួនឯង ដូច​បាន​ពោល​មក​ខាងដើម ។

ម្នាល​ព្រាហ្មណ៍ ប្រការមួយទៀត ភិក្ខុបានចូលដល់ទុតិយជ្ឈាន ជាធម្មជាត​កើតមានក្នុងសន្តានចិត្ត ប្រកបដោយ​សេចក្តីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯង មិនមាន​វិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ព្រោះ​រម្ងាប់នូវ​វិតក្ក និង​វិចារៈ ក៏សម្រេចសម្រាន្តនៅ ។ ភិក្ខុនោះ រមែង​ញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ សរីរដ្ឋានបន្តិចបន្តួច​នៃ​កាយ​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពីសមាធិ មិនមានឡើយ ។ ម្នាល​ព្រាហ្មណ៍ ប្រៀបដូចជាអន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង ប្រឡាយ​ជាទីហូរមកនៃ​ទឹកក្នុងទិសខាងកើត នៃអន្លង់ទឹកនោះមិន​មាន ប្រឡាយ​ជាទីហូរមកនៃ​ទឹកក្នុងទិសខាងត្បូងមិន​មាន ប្រឡាយ​ជាទីហូរមកនៃ​ទឹកក្នុងទិសខាងលិចមិន​មាន ប្រឡាយ​ជាទីហូរមកនៃ​ទឹកក្នុងទិសខាងជើង ក៏មិន​មាន ទាំង​ភ្លៀង ក៏មិនបាន​បង្អុរចុះនូវធារទឹក​ដោយស្រួល ក្នុងអន្លង់ទឹក​នោះ តាមកាល​វេលា​ឡើយ ឯធារទឹកដ៏ត្រជាក់ ក៏ស្រាប់តែ​ជោរឡើងអំពីអន្លង់ទឹកនោះប៉ុណ្ណោះ ហើយញុំាង​អន្លង់ទឹកនោះ ឲ្យជ្រួតជ្រាប ឆ្អែតដ៏បរិបូណ៌ ផ្សព្វផ្សាយដោយទឹកត្រជាក់ ទីប្រទេស​បន្តិច​បន្តួច​នៃអន្លង់ទឹកទាំងអស់នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយទឹកត្រជាក់ មិនមាន​ឡើយ យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ ភិក្ខុញុំាងកាយនេះឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ សរីរដ្ឋានបន្តិចបន្តួច​នៃ​កាយ​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពីសមាធិ មិនមានឡើយ យ៉ាងនោះឯង ។ ម្នាល​ព្រាហ្មណ៍ នេះឯង ជាផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លា​ដោយ​វិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់​ដោយខ្លួនឯង ដូច​ពោល​មក​ខាងដើម ។

ម្នាល​ព្រាហ្មណ៍ ប្រការមួយទៀត ភិក្ខុមានចិត្តនឿយណាយ ចាកបីតិ ហើយប្រកបដោយ​ឧបេក្ខា មានស្មារតីដឹងខ្លួន បានទទួល​នូវសុខ ដោយនាមកាយ ព្រះអរិយៈ​ទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវ​តតិយជ្ឈាននោះថា បុគ្គល​អ្នកបាន​តតិយជ្ឈាន មានចិត្តប្រកបដោយ​ឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿង​នៅជា​សុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាន (នោះ) ហើយសម្រេច​សម្រាន្តនៅ ។ ភិក្ខុនោះ រមែងញុំាងកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិ សរីរដ្ឋានបន្តិចបន្តួច​នៃ​កាយ​ទាំង​អស់​របស់​ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលគ្មានបីតិ មិនមានឡើយ ។ ម្នាល​ព្រាហ្មណ៍ ប្រៀបដូចទីដែលដុះព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី មានព្រលិត ឬ​ឈូកក្រហម ឬឈូកសពួកខ្លះ ដែលដុះក្នុងទឹក ចម្រើនក្នុងទឹក មិនទាន់​លូតឡើង​ផុត​អំពី​ទឹក លិចនៅក្នុងទឹក រស់នៅអាស្រ័យនឹងទឹក បទុមជាតិ [ពួកឈូក​ព្រលិតផ្សេងៗ ហៅថា បទុមជាតិ ឬឧប្បលជាតិក៏បាន ។] ទាំងនោះ រមែងជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយទឹកត្រជាក់ តាំងអំពីឫស មើម រហូតដល់​ចុង ទីប្រទេសបន្តិចបន្តួច​នៃ​វារិជាតិទាំង​អស់ ទោះជាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយទឹកដ៏ត្រជាក់ មិនមានឡើយ យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ ភិក្ខុដែល​ញុំាងកាយនេះឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិ សរីរដ្ឋានបន្តិចបន្តួច​នៃ​កាយ​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលគ្មានបីតិ មិនមានឡើយ យ៉ាងនោះឯង ។ ម្នាល​ព្រាហ្មណ៍ នេះឯង ជាផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លា​ដោយ​វិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែល​ឃើញច្បាស់​ដោយខ្លួនឯង ដូច​បាន​ពោល​មក​ខាងដើម ។

ម្នាល​ព្រាហ្មណ៍ ប្រការមួយទៀត ភិក្ខុលះបង់នូវសុខផង លះបង់នូវទុក្ខ​ផង មានសោមនស្ស និងទោមនស្សអស់ហើយក្នុងកាលមុន ក៏បាននូវចតុត្ថជ្ឈាន ដែល​មិនមានទុក្ខ មិនមានសុខ មានតែសតិដ៏បរិសុទ្ធ ដែលកើតអំពី​ឧបេក្ខា ហើយសម្រេច​សម្រាន្តនៅ ។ ភិក្ខុនោះ​រមែងញុំាងកាយនេះឲ្យផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯសរីរដ្ឋានបន្តិចបន្តួច​នៃ​កាយ​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ ។ ម្នាល​ព្រាហ្មណ៍ ប្រៀបដូច​បុរសដែល​យកសំពត់សស្អាត ទៅដណ្តប់កាយ ព្រមទាំងក្បាល ហើយអង្គុយនៅ ឯសរីរដ្ឋានបន្តិចបន្តួច​នៃ​កាយ​ទាំង​អស់​របស់បុរសនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសំពត់​សស្អាត មិនមានឡើយ យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ ភិក្ខុដែលញុំាងកាយនេះឲ្យផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯសរីរដ្ឋាន​បន្តិចបន្តួច​នៃ​កាយ​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្ត​ដ៏​បរិសុទ្ធ ផូរផង់ មិនមានឡើយ យ៉ាងនោះឯង ។ ម្នាល​ព្រាហ្មណ៍ នេះឯង ជាផលនៃ​សមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏រុងរឿងដោយវិសេសផង ថ្លៃថ្លា​ដោយ​វិសេសផង ជាងផលនៃសមណប្បដិបត្តិ ដែល​ឃើញច្បាស់​ដោយខ្លួនឯង ដូច​បាន​ពោល​មក​ខាងដើម ។

វិជ្ជា ៨

កែប្រែ
វិបស្សនាញាណ
កែប្រែ

ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ [ បាន​ដល់​ មគ្គញ្ញាណ​ ផលញ្ញាណ​ សព្វញ្ញុតញ្ញាណ​ បច្ចវេក្ខណញ្ញាណ​ និង​វិបស្សនាញាណ ] គឺបញ្ញាសម្រាប់ដឹង សម្រាប់ឃើញ ។ ភិក្ខុនោះ ក៏ដឹងច្បាស់​យ៉ាងនេះ​ថា កាយរបស់​អាត្មាអញនេះ មានរូបប្រកបដោយមហាភូតរូប ៤ [បាន​ដល់​ធាតុ ៤ គឺ​ ដី ទឹក ភ្លើង ខ្យល់] កើតអំពីមាតា និងបិតា មានសេចក្តីចម្រើនដោយជាតិបាយ និងនំ ជាសភាវៈ​មិនទៀង (ទោះបី) មានការ​លាប ដុសខាត់ បំបាត់ក្លិន និងគក់ច្របាច់ ក៏គង់មានសេចក្តីបែកធ្លាយ ខ្ចាត់ខ្ចាយទៅជា​ធម្មតា ក៏ឯវិញ្ញាណរបស់អាត្មាអញនេះសោត អាស្រ័យនៅក្នុងកាយនេះ ជាប់​នៅ​ក្នុងកាយនេះ ។ ម្នាល​ព្រាហ្មណ៍ ប្រៀបដូចកែវមណី និងកែវពិទូរ្យដ៏ល្អ មានជាតិបរិសុទ្ធ មាន​ជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរភ្លឺថ្លាឆ្លុះ បរិបូណ៌​ដោយអាការទាំងពួង (មានដុសលាងជាដើម) ប្រសិនបើមានចេស គេដោតទៅនឹងកែវនោះ ជាចេស​មានពណ៌​ខៀវក្តី លឿងក្តី ក្រហមក្តី សក្តី ជាចេសស៊ីនួនក្តី បុរសដែលមានភ្នែក (ភ្លឺ) គប្បី​យកកែវ​នោះ មកដាក់លើដៃ ហើយពិចារណាមើលថា នេះជាកែវមណី និងកែវពិទូរ្យដ៏ល្អ មាន​ជាតិបរិសុទ្ធ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរ​ភ្លឺថ្លាឆ្លុះ បរិបូណ៌​ដោយអាការ​ទាំងពួង នេះជាចេសដែលគេដោតទៅក្នុងកែវនោះ ជាចេស​មានពណ៌​ខៀវ​ក្តី លឿងក្តី ក្រហមក្តី សក្តី ជាចេសស៊ីនួនក្តី (ពិតមែន) យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ ភិក្ខុ​កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាក​ឧបក្កិលេស មានសភាវៈជាចិត្តទន់ គួរដល់​ភាវនាកម្ម ដល់នូវ​សេចក្តី​មិនញាប់ញ័រ ទៅតាមអារម្មណ៍​យ៉ាងនេះហើយ ក៏ទាញនាំបង្អោន​ចិត្តទៅ ដើម្បី​ញាណទស្សនៈ គឺបញ្ញាសម្រាប់ដឹង សម្រាប់ឃើញ ភិក្ខុនោះ ក៏ដឹងច្បាស់​យ៉ាងនេះ​ថា កាយរបស់​អាត្មាអញនេះឯង មានរូប​ប្រកប​ដោយមហាភូតរូប ៤ កើតអំពីមាតា និងបិតា មានសេចក្តីចម្រើនដោយជាតិបាយ និងនំ ជាសភាវៈ​មិនទៀង (ទោះបី) មានការ​លាប ដុសខាត់ បំបាត់ក្លិន និងគក់ច្របាច់ ក៏គង់មានសេចក្តីបែកធ្លាយ ខ្ចាត់ខ្ចាយជា​ធម្មតា ក៏ឯវិញ្ញាណរបស់អាត្មាអញនេះសោត អាស្រ័យនៅក្នុងកាយនេះ ជាប់​នៅ​ក្នុងកាយនេះ យ៉ាងនោះឯង ។ ម្នាល​ព្រាហ្មណ៍ នេះឯង​ជាផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯង ដ៏​រុងរឿងដោយ​វិសេសផង ថ្លៃថ្លាដោយវិសេសផង ជាងផលនៃសមណប្បដិបត្តិទាំងឡាយ ដែល​ឃើញ​ច្បាស់ដោយខ្លួនឯង ដូច​បានពោល​មកខាងដើម ។

មនោមយិទ្ធិញាណ
កែប្រែ

ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីនិមិ្មតនូវកាយ ដែលសម្រេចអំពីចិត្ត ។ ភិក្ខុនោះ ក៏និម្មិតនូវកាយផ្សេងចេញអំពីកាយនេះ មានរូប​ដែល​សម្រេច​អំពីចិត្ត មានអវយវៈធំ និងអវយវៈតូចសព្វគ្រប់ មានឥន្ទ្រិយ​មិនថោកថយ ម្នាល​ព្រាហ្មណ៍ ប្រៀបដូចបុរសចាក់បញ្ចេញនូវបណ្តូល អំពីស្មៅយាប្លង បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាស្មៅយាប្លង នេះជាបណ្តូល ស្មៅយាប្លងដោយ​ឡែក បណ្តូលដោយឡែក តែជាបណ្តូល​ដែលអាត្មាអញ​ចាក់បញ្ចេញ​មកអំពី​ស្មៅ​យាប្លង​ហ្នឹងឯង យ៉ាងណា យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ មួយទៀត ប្រៀបដូចបុរសហូត​ដាវ​ចេញ​អំពីស្រោម បុរសនោះមានសេចក្តីត្រិះរិះ​យ៉ាងនេះថា នេះជាដាវ នេះជាស្រោម ដាវផ្សេង ស្រោមផ្សេង តែជាដាវដែលអាត្មាអញ​ហូតចេញមកអំពីស្រោមហ្នឹងឯង យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ មួយទៀត ប្រៀបដូចបុរស ទាញយកសត្វពស់​ចេញ​អំពី​ស្រោម បុរសនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា នេះជាពស់ នេះជាស្រោម សត្វពស់​ផ្សេង ស្រោមផ្សេង តែជាពស់ដែលអាត្មាអញ ទាញចេញមក​អំពីស្រោម​ហ្នឹងឯង យ៉ាង​ណាមិញ ម្នាល​ព្រាហ្មណ៍ ភិក្ខុ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺ​កិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់នូវ​ភាវនាកម្ម ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បី​និមិ្មត​នូវ​កាយ ដែលសម្រេចអំពីចិត្តបាន យ៉ាងនោះឯង ។ ភិក្ខុនោះ រមែងនិម្មិត​នូវកាយ​ផ្សេង​ចេញ​អំពីកាយនេះ មានរូប​ដែល​សម្រេច​អំពីចិត្ត មានអវយវៈធំ និងអវយវៈតូចសព្វគ្រប់ មានឥន្ទ្រិយ​មិនថោកថយ ។ ម្នាល​ព្រាហ្មណ៍ នេះឯង​ជាផលនៃសមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់ដោយខ្លួនឯង ដ៏​រុងរឿងដោយ​វិសេសផង ថ្លៃថ្លាដោយវិសេសផង ជាង​ផល​នៃ​សមណប្បដិបត្តិទាំងឡាយ ដែល​ឃើញ​ច្បាស់ដោយខ្លួនឯង ដូច​បានពោល​មក​ខាង​ដើម ។

ឥទ្ធិវិធញាណ
កែប្រែ

ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បី​តាក់​តែង​ឫទ្ធិ ភិក្ខុនោះ ទទួលនូវការ​តាក់តែងឫទ្ធិជាច្រើនប្រការបាន គឺជាមនុស្ស​ម្នាក់ ធ្វើ​ឲ្យ​ទៅជាច្រើននាក់ក៏បាន មនុស្ស​ច្រើននាក់ ធ្វើឲ្យទៅជាម្នាក់ក៏បាន ធ្វើទីកំបាំង ឲ្យទៅ​ជា​ទីវាលក៏បាន ធ្វើទីវាល ឲ្យទៅជាទីកំបាំង​ក៏បាន ដើរ (ទំលុះ) ទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ មិនទើសទាក់ ដូចដើរទៅក្នុងទីវាលក៏បាន ធ្វើនូវការមុជចុះ​និងងើបឡើងក្នុង​ផែន​ដី ដូចមុជងើប​ក្នុងទឹកក៏បាន ដើរទៅលើទឹក មិនបែកធ្លាយទឹក ដូចជា​ដើរលើផែនដី​ក៏បាន អណ្តែត​ទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន ចាប់ស្ទាបអង្អែល​ព្រះចន្ទ និង​ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនោះ មានអានុភាពច្រើនយ៉ាងនោះ ដោយដៃ​ក៏បាន ញុំាងអំណាច​ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ម្នាល​ព្រាហ្មណ៍ ប្រៀបដូចជាស្មូនឆ្នាំងក្តី អន្តេវាសិកនៃស្មូនឆ្នាំងក្តី ដែលឈ្លាសវៃ កាលបើ​ដីស្អិតដែលគេច្របាច់ល្អហើយ បើចង់ធ្វើនូវភាជន៍ដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេច​ទៅ​ជាភាជន៍នោះៗបាន យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ មួយទៀត ជាងភ្លុកក្តី អន្តេវាសិក​របស់​ជាងភ្លុកក្តី ដែលឈ្លាសវៃ កាលបើភ្លុកដែលគេធ្វើបរិកម្មល្អហើយ បើចង់ធ្វើនូវ​គ្រឿង​ប្រើប្រាស់ ជាវិការៈនៃ​ភ្លុកដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចនូវគ្រឿង​ប្រើប្រាស់ ជាវិការៈ​នៃ​ភ្លុក​ដ៏ប្លែកនោះៗបាន យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ មួយវិញទៀត ជាងមាសក្តី អន្តេវាសិករបស់ជាងមាសក្តី ដែលឈ្លាសវៃ កាលបើមាសដែលគេធ្វើបរិកម្ម​ល្អហើយ បើចង់ធ្វើនូវគ្រឿង​ប្រើប្រាស់ ជាវិការៈនៃមាសដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេច​នូវ​គ្រឿង​ប្រើប្រាស់ ជាវិការៈនៃ​មាសដ៏ប្លែកនោះៗបាន យ៉ាង​ណាមិញ ម្នាល​ព្រាហ្មណ៍ ភិក្ខុ កាល​បើ​ចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺ​កិលេស ប្រាសចាកឧបក្កិលេស មាន​សភាព​ជា​ចិត្តទន់ គួរដល់ការ​ភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាង​នេះ​ហើយ ក៏រមែងទាញនាំបង្អោនចិត្តទៅ ដើម្បីតាក់តែង​នូវឫទ្ធិបាន យ៉ាង​នោះ​ឯង ។ ភិក្ខុ​នោះ រមែងទទួល​ចំពោះនូវ​ការតាក់តែង​ឫទ្ធិ មានប្រការច្រើនបាន គឺមនុស្ស​ម្នាក់ ធ្វើ​ឲ្យ​ទៅជាច្រើននាក់ក៏បាន មនុស្ស​ច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ធ្វើទីកំបាំង ឲ្យទៅ​ជា​ទីវាលក៏បាន ធ្វើទីវាល ឲ្យទៅជាទីកំបាំង​ក៏បាន ដើរ (ទំលុះ) ទៅក្រៅជញ្ជាំង ក្រៅ​កំពែង ក្រៅភ្នំ មិនទើសទាក់ ដូចជាដើរទៅក្នុងទីវាលក៏បាន ធ្វើនូវការមុជចុះ​និង​ការងើប​ឡើង​ក្នុង​ផែន​ដី ដូចជាមុជងើប​ក្នុងទឹកក៏បាន ដើរទៅលើទឹក មិនបែកធ្លាយទឹក ដូចជា​ដើរ​ទៅ​លើ​ផែនដី​ក៏បាន អណ្តែត​ទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន ចាប់ស្ទាប​អង្អែល​ព្រះចន្ទ និង​ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មាន​អានុភាព​ច្រើន​យ៉ាង​នេះ ដោយដៃ​ក៏បាន ញុំាងអំណាច​ឲ្យប្រព្រឹត្តទៅដោយកាយ ដរាប​ដល់ព្រហ្មលោក​ក៏បាន ។ ម្នាល​ព្រាហ្មណ៍ នេះឯង​ជាផលនៃសមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ដ៏​រុងរឿងដោយ​វិសេសផង ថ្លៃថ្លាដោយវិសេសផង ជាង​ផល​នៃ​សមណប្បដិបត្តិ​ទាំង​ឡាយ ដែល​ឃើញ​ច្បាស់ដោយខ្លួនឯង ដូច​បានពោល​មក​ខាង​ដើម ។

ទិព្វសោតញាណ
កែប្រែ

ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការ​ភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ក្នុងសោតធាតុជា​ទិព្វ ។ ភិក្ខុនោះ កាលបើមានសោតធាតុជាទិព្វបរិសុទ្ធស្អាត កន្លងបង់នូវសោតធាតុជា​របស់​មនុស្សធម្មតាហើយ រមែងឮនូវសម្លេងទាំងពីរ គឺសម្លេងទិព្វ១ សម្លេង​មនុស្ស១ ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តីបាន ម្នាល​ព្រាហ្មណ៍ ប្រៀបដូច​បុរស ដែលដើរ​ទៅកាន់​ផ្លូវឆ្ងាយ បុរសនោះ ឮសម្លេងស្គរធំក្តី សម្លេងសំភោរក្តី សម្លេងស័ង្ខក្តី សម្លេងស្គរជ័យក្តី សម្លេងស្គរតូចក្តី បុរសនោះ ក៏មាន​សេចក្តីត្រិះរិះយ៉ាងនេះថា នេះជាសម្លេងស្គរធំ នេះជាសម្លេងសំភោរ នេះជាសម្លេងស័ង្ខ នេះជាសម្លេងស្គរជ័យ នេះជាសម្លេងស្គរតូច យ៉ាង​ណាមិញ ម្នាល​ព្រាហ្មណ៍ ភិក្ខុ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺ​កិលេស ប្រាស​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ការ​ភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ក្នុង​សោតធាតុ​ជា​ទិព្វ ភិក្ខុនោះ កាលបើមានសោតធាតុជាទិព្វបរិសុទ្ធស្អាត កន្លង​បង់​នូវ​សោតធាតុ​ជា​របស់​មនុស្សធម្មតាហើយ រមែងឮសម្លេងទាំងពីរ គឺសម្លេងទិព្វ១ សម្លេង​មនុស្ស១ ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី យ៉ាងនោះឯង ។ ម្នាល​ព្រាហ្មណ៍ នេះឯង​ជាផលនៃសមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ដ៏​រុងរឿងដោយ​វិសេសផង ថ្លៃថ្លាដោយវិសេសផង ជាង​ផល​នៃ​សមណប្បដិបត្តិ​ទាំង​ឡាយ ដែល​ឃើញ​ច្បាស់ដោយខ្លួនឯង ដូច​បានពោល​មក​ខាង​ដើម ។

ចេតោបរិយញ្ញាណ
កែប្រែ

ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ការភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បី​ចេតោបរិយញ្ញាណ (ប្រាជ្ញាជាគ្រឿងកំណត់ដឹង​នូវចិត្តសត្វដទៃ) ។ ភិក្ខុនោះ ក៏កំណត់ដឹង​ច្បាស់នូវ​ចិត្តនៃសត្វទាំងឡាយដទៃ និងចិត្តនៃបុគ្គលទាំងឡាយដទៃ ដោយចិត្ត​របស់ខ្លួន​បាន ចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែល​ប្រាស​ចាក​រាគៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈហើយ ចិត្តដែលប្រកបដោយទោសៈ​ក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែល​ប្រាស​ចាកទោសៈហើយក្តី ក៏ដឹង​ច្បាស់​ថា ចិត្តប្រាសចាកទោសៈហើយ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែល​ប្រាស​ចាក​មោហៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រាសចាក​មោហៈហើយ ចិត្តដែលរួញថយ [អដ្ឋកថា ថា ចិត្តដែល​ត្រូវថីនមិទ្ធ​គ្រប​សង្កត់ ។] ក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយ [ចិត្តដែល​ប្រកបដោយ​ឧទ្ធច្ចៈ ។]ក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺចិត្តដល់នូវ​ភាវៈ​ជាធំ (បានដល់រូបាវចរ និងអរូបាវចរ)ក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែន​ជា​មហគ្គតៈ គឺជាកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលមាន​ចិត្ត​ដទៃ​ក្រៃលែង​ជាង គឺជាកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមានចិត្តដទៃ​ក្រៃលែងជាង ចិត្តដែល​មិនមាន​ចិត្តដទៃក្រៃលែងជាង គឺរូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្ត​ដទៃក្រៃលែងជាង ចិត្តដែល​តាំងមាំហើយក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងមាំហើយ [ចិត្តជាអប្បនាសមាធិ ឬឧបចារសមាធិ ។] ចិត្តដែល​មិនបានតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្ត​មិនបានតាំងមាំ​ចិត្តដែលរួចស្រឡះ [ចិត្តដែល​រួចដោយ​តទង្គវិមុត្តិ និងវិក្ខម្ភនវិមុត្តិ ។] ហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះ​ក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់​រួចស្រឡះ ។ ម្នាល​ព្រាហ្មណ៍ ប្រៀបដូច​ស្ត្រីក្តី បុរសក្តី ដែល​នៅក្មេង ជាក្រមុំ កម្លោះ ដែលនៅកំពុងតែចូលចិត្តនឹងប្រដាប់តាក់តែងរាងកាយ កាល​ឆ្លុះ​មើលនូវ​ស្រមោល នៃ​មុខរបស់ខ្លួន​ក្នុងកញ្ចក់ ដ៏បរិសុទ្ធស្អាតក្តី ក្នុងភាជន៍​ដ៏ពេញ​ដោយទឹក​ថ្លាក្តី បើស្រមោលនៃមុខប្រកបដោយទោស មានមុនជាដើម ក៏ដឹងថា មុខ​ប្រកប​ដោយទោស បើស្រមោលនៃមុខមិនប្រកបដោយទោសក្តី ក៏ដឹងថា មុខមិន​ប្រកប​ដោយទោស យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ ភិក្ខុ​កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ការភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែង​ទាញនាំ​បង្អោន​នូវ​ចិត្ត​ទៅ ដើម្បី​ចេតោបរិយញ្ញាណ ភិក្ខុនោះ រមែងកំណត់ដឹង​ច្បាស់នូវ​ចិត្តនៃ​សត្វ​ទាំង​ឡាយ​ដទៃ និងចិត្តនៃបុគ្គលទាំងឡាយដទៃ ដោយចិត្ត​របស់ខ្លួន​បាន ចិត្តដែលប្រកប​ដោយ​រាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែល​ប្រាស​ចាក​រាគៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈហើយ ចិត្តដែលប្រកបដោយទោសៈ​ក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែល​ប្រាស​ចាកទោសៈហើយក្តី ក៏ដឹង​ច្បាស់​ថា ចិត្តប្រាស​ចាក​ទោសៈហើយ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកប​ដោយ​មោហៈ ចិត្តដែល​ប្រាស​ចាក​មោហៈហើយក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រាសចាក​មោហៈហើយ ចិត្តដែលរួញថយក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្ត​រាយមាយ ចិត្តដែលជាមហគ្គតៈក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែន​ជា​មហគ្គតៈក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលមាន​ចិត្ត​ដទៃ​ក្រៃលែង​ជាង​ក្តី ក៏ដឹងច្បាស់ថា ចិត្តមានចិត្តដទៃ​ក្រៃលែងជាង ចិត្តដែល​មិនមាន​ចិត្តដទៃក្រៃលែងជាង​ក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្ត​ដទៃក្រៃលែងជាង ចិត្តដែល​តាំងមាំហើយក្តី ក៏ដឹង​ច្បាស់​ថា ចិត្តតាំងមាំហើយ ចិត្តដែល​មិនតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្ត​មិនតាំងមាំ​ចិត្ត​ដែល​រួចស្រឡះហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះ​ក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់​រួចស្រឡះ យ៉ាងនោះឯង ។ ម្នាល​ព្រាហ្មណ៍ នេះឯង​ជាផល​នៃសមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ដ៏​រុងរឿងដោយ​វិសេសផង ថ្លៃថ្លា​ដោយ​វិសេសផង ជាង​ផល​នៃ​សមណប្បដិបត្តិ​ទាំង​ឡាយ ដែល​ឃើញ​ច្បាស់ដោយខ្លួន​ឯង ដូច​បានពោល​មក​ខាង​ដើម ។

បុព្វេនិវាសានុស្សតិញ្ញាណ
កែប្រែ

ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ការភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បី​បុព្វេនិវាសានុស្សតិញ្ញាណ (ប្រាជ្ញាជាគ្រឿងរលឹកតាមនូវខន្ធ ដែល​សត្វធ្លាប់​អាស្រ័យ​នៅ ក្នុងភពមុន) ។ ភិក្ខុនោះ រមែងរលឹក​តាមនូវបុព្វេនិវាស គឺខន្ធដែលសត្វ​ធ្លាប់អាស្រ័យ​នៅហើយ ក្នុងភពមុនជាច្រើនប្រការ ការរលឹក​បាននោះ តើដូចម្តេច ? គឺរលឹកបាន​ ១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ អនេកសំវដ្តកប្ប គឺ​កប្ប​ដែលវិនាស​ជាច្រើនខ្លះ អនេកវិវដ្តកប្ប គឺកប្បដែលចម្រើន​ជាច្រើនខ្លះ អនេក​សំវដ្តវិវដ្តកប្បខ្លះ [កប្បមាន ៤ គឺគិតតាំងពីថ្ងៃដែល​កប្បវិនាស ទៅទល់គ្នានឹងភ្លើង​ឆេះអស់​រលីង ហៅថា សំវដ្តកប្ប១ តាំងពីភ្លើងឆេះអស់ នៅសល់តែអាកាសសូន្យទទេ ហៅថា សំវដ្តដ្ឋាយិកប្ប១ តាំងអំពីកកើតដីឡើងជាថ្មី ទៅទល់នឹង​កាលដែលកើត​មាន​ព្រះអាទិត្យ ព្រះចន្ទ ហៅថា វិវដ្តកប្ប១ តាំងអំពីព្រះអាទិត្យ ព្រះចន្ទកើតឡើង ទៅទល់​នឹង​វិនាសវិញ ហៅថា វិវដ្តដ្ឋាយិកប្ប១ រួមកប្បទាំង ៤ នេះចូលជាមួយគ្នា ហៅថា សំវិវដ្តកប្ប ឬហៅថា មហាកប្ប សំវិវដ្តកប្បដែលច្រើន ហៅថា អនេកសំវដ្តវិវដ្តកប្ប ។]ថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរ​យ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខ​យ៉ាងនេះ មានកំណត់​អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញច្យុត​ចាកភពនោះហើយ បានទៅកើត​ក្នុងភព​ឯណោះ ដែល​អាត្មាអញ​បានកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខ​យ៉ាងនេះ មានកំណត់​អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុត​ចាកភពនោះហើយ ក៏បានទៅកើត​ក្នុងភពនេះ ។ ភិក្ខុនោះ រលឹកតាមនូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ គឺសម្បុរ និងអាហារ​ជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រត្រកូល ដោយប្រការ​ដូច្នេះឯង ។ បពិត្រ​មហារាជ ប្រៀបដូច​បុរស ដែលចេញអំពីស្រុក​របស់ខ្លួន ទៅកាន់ស្រុកដទៃ រួច​ចេញ​អំពីស្រុកនោះ ហើយទៅកាន់​ស្រុកដទៃទៀត បុរសនោះ ចេញអំពីស្រុកនោះហើយ ទើប​ត្រឡប់​មកកាន់ស្រុក​របស់ខ្លួន​ដដែលវិញ បុរសនោះ គប្បី​មានសេចក្តីត្រិះរិះ​យ៉ាង​នេះថា អាត្មាអញ បានចេញអំពីស្រុក​របស់ខ្លួន ទៅកាន់ស្រុកឯណោះ ក្នុងស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ បានស្ងៀម​យ៉ាងនេះ លុះអាត្មាអញ ​ចេញ​អំពីស្រុកនោះហើយ បានទៅកាន់​ស្រុកឯណោះទៀត ក៏ក្នុងស្រុក​នោះឯង អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ បានស្ងៀម​យ៉ាងនេះ អាត្មាអញ ​ចេញ​អំពីស្រុកនោះហើយ ក៏បានត្រឡប់​មកកាន់​ស្រុក​របស់​ខ្លួន​ដដែលវិញ យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ ភិក្ខុ​កាល​បើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ការភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញ​នាំបង្អោន​នូវចិត្តទៅ ដើម្បី​បុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ រមែងរលឹក​តាមនូវ​បុព្វេនិវាសជាច្រើនប្រការ ការរលឹក​បាននោះ តើដូចម្តេច គឺរលឹកបាន​១ជាតិខ្លះ ២ជាតិ​ខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០​ជាតិ​ខ្លះ ១០០ ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ អនេកសំវដ្តកប្បខ្លះ អនេកវិវដ្តកប្ប​ខ្លះ អនេក​សំវដ្តវិវដ្តកប្បខ្លះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរ​យ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខ​យ៉ាងនេះ មានកំណត់​អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញច្យុត​ចាកភពនោះហើយ បាន​ទៅ​កើត​ក្នុងភព​ឯណោះ ដែល​អាត្មាអញ​បានកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មាន​គោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខ​យ៉ាង​នេះ មានកំណត់​អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុត​ចាកភពនោះហើយ ក៏បាន​ទៅ​កើត​ក្នុងភពនេះ ភិក្ខុនោះ រមែងរលឹកតាមនូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការ​ដូច្នេះឯង យ៉ាងនោះឯង ។ ម្នាល​ព្រាហ្មណ៍ នេះឯង​ជាផល​នៃសមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ដ៏​រុងរឿងដោយ​វិសេសផង ថ្លៃថ្លា​ដោយ​វិសេសផង ជាង​ផល​នៃ​សមណប្បដិបត្តិ​ទាំង​ឡាយ ដែល​ឃើញ​ច្បាស់ដោយខ្លួន​ឯង ដូច​បានពោល​មក​ខាង​ដើម ។

ចុតូប្បាតញ្ញាណ
កែប្រែ

ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ការភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោននូវចិត្តទៅ ដើម្បី​ចុតូបបាតញ្ញាណ (ប្រាជ្ញាជាគ្រឿងដឹងនូវ ចុតិ និងបដិសន្ធិ) នៃពួកសត្វ គឺ ទិព្វចក្ខុញ្ញាណ ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ បរិសុទ្ធស្អាត កន្លងបង់នូវចក្ខុ​ជារបស់មនុស្សធម្មតា បានឃើញ​នូវ​សត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ថោកទាប និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់​នូវពួក​សត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វពួកនេះ ប្រកបដោយ​កាយទុច្ចរិត ប្រកបដោយ​វចីទុច្ចរិត ប្រកបដោយ​មនោទុច្ចរិត ជាអ្នកតិះដៀល​នូវ​ព្រះអរិយៈ​ទាំង​ឡាយ ជាមិច្ឆាទិដ្ឋិ កាន់យកនូវ​អំពើជាមិច្ឆាទិដ្ឋិ សត្វពួកនោះ លុះទំលាយ​កាយខាងនាយ​អំពី​សេចក្តីស្លាប់ រមែងទៅកើត​ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែក​ឯសត្វ​ពួកនេះ ប្រកបដោយ​កាយសុចរិត ប្រកបដោយ​វចីសុចរិត ប្រកបដោយ​មនោសុចរិត ជាអ្នកមិនតិះដៀល​នូវ​ព្រះអរិយៈ​ទាំង​ឡាយ ជាសម្មាទិដ្ឋិ កាន់យកនូវ​អំពើជាសម្មាទិដ្ឋិ សត្វពួកនោះ លុះទំលាយ​កាយខាងនាយ​អំពី​សេចក្តីស្លាប់ រមែងចូលទៅកាន់លោក គឺមនុស្ស សុគតិ និងសួគ៌ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុ​ជារបស់​មនុស្ស​ធម្មតា បានឃើញ​នូវ​សត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកថយ និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់​នូវពួក​សត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ ។ ម្នាល​ព្រាហ្មណ៍ ប្រៀប​ដូចជា​ប្រាសាទ ដែលតាំងនៅក្បែរផ្លូវបែកជា៣ [សព្ទនេះ ប្រែថា ផ្លូវបែកជា ៤ ​ក៏បាន ។] នាកណ្តាលក្រុង បុរសដែលមានភ្នែក (ភ្លឺ) ឈរនៅ​លើប្រាសាទនោះ ក៏គប្បី​ឃើញ​នូវមនុស្សទាំងឡាយ ដែលចូលទៅកាន់ផ្ទះក្តី ចេញអំពីផ្ទះក្តី ត្រាច់ទៅមកអំពី​ច្រកផ្លូវ ទៅកាន់ថ្នល់ក្តី អង្គុយនៅក្នុងផ្លូវបែកជា៣ នាកណ្តាលក្រុងក្តី បុរសនោះ គប្បី​មានសេចក្តីត្រិះរិះ​យ៉ាងនេះថា មនុស្សទាំងនុ៎ះ ចូលទៅកាន់ផ្ទះ មនុស្សទាំងនុ៎ះ​ចេញ​អំពី​ផ្ទះ មនុស្សទាំងនុ៎ះដើរទៅមកអំពី​ច្រកផ្លូវ ទៅកាន់ថ្នល់ មនុស្សទាំងនុ៎ះ អង្គុយ​នៅ​ក្នុង​ផ្លូវ​បែក​ជា៣ នាកណ្តាលក្រុង យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ ភិក្ខុ កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ការភាវនា ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែង​ទាញនាំបង្អោននូវចិត្តទៅ ដើម្បីបញ្ញាជាគ្រឿងដឹងនូវ ចុតិ និងបដិសន្ធិ នៃពួកសត្វ ភិក្ខុ​នោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធស្អាត កន្លងបង់នូវចក្ខុ​ជារបស់មនុស្សធម្មតា រមែង​ឃើញ​នូវ​សត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកទាប និងខ្ពង់ខ្ពស់ មាន​សម្បុរ​ល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់​នូវពួក​សត្វ ដែល​ប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វពួកនេះ ប្រកបដោយ​កាយទុច្ចរិត ប្រកប​ដោយ​វចីទុច្ចរិត ប្រកបដោយ​មនោទុច្ចរិត តិះដៀល​នូវ​ព្រះអរិយៈ​ទាំង​ឡាយ ជាមិច្ឆាទិដ្ឋិ កាន់យកនូវ​អំពើជាមិច្ឆាទិដ្ឋិ សត្វពួកនោះ លុះទំលាយ​កាយទៅខាងនាយ​អំពី​សេចក្តី​ស្លាប់ រមែងចូលទៅកើត​ក្នុងកំណើតនៃតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែក​ឯសត្វ​ពួកនេះ ប្រកបដោយ​កាយសុចរិត ប្រកបដោយ​វចីសុចរិត ប្រកបដោយ​មនោ​សុចរិត មិនបានតិះដៀល​នូវ​ព្រះអរិយៈ​ទាំង​ឡាយ ជាសម្មាទិដ្ឋិ កាន់យកនូវ​អំពើ​ជា​សម្មាទិដ្ឋិ សត្វពួកនោះ លុះទំលាយ​កាយទៅខាងនាយ​អំពី​សេចក្តីស្លាប់ រមែងចូល​ទៅ​កាន់​លោក គឺមនុស្ស សុគតិ និងឋានសួគ៌ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ ផូរផង់ កន្លងបង់នូវចក្ខុ​ជារបស់​មនុស្ស​ធម្មតា រមែងឃើញ​នូវ​សត្វទាំងឡាយ ដែលច្យុត ដែល​កើត​ឡើង ជាសត្វថោកថយ និងខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់​នូវពពួក​សត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន យ៉ាង​នោះ​ឯង ។ ម្នាល​ព្រាហ្មណ៍ នេះឯង​ជាផល​នៃសមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ដ៏​រុងរឿងដោយ​វិសេសផង ថ្លៃថ្លា​ដោយ​វិសេសផង ជាង​ផល​នៃ​សមណប្បដិបត្តិ​ទាំង​ឡាយ ដែល​ឃើញ​ច្បាស់ដោយខ្លួន​ឯង ដូច​បានពោល​មក​ខាង​ដើម ។

អាសវក្ខយញ្ញាណ
កែប្រែ

ភិក្ខុនោះ កាលបើចិត្តតាំងមាំបរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងទាញនាំបង្អោនចិត្តទៅ ដើម្បី​អាសវក្ខយញ្ញាណ (ប្រាជ្ញាដឹងនូវធម៌ជាគ្រឿងអស់​ទៅនៃ​អាសវៈ) ។ ភិក្ខុនោះ រមែង​ដឹង​តាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាទីប្រជុំកើតឡើងនៃទុក្ខ ដឹងតាមពិតថា នេះ​ជាព្រះនិព្វាន ជាគ្រឿង​រលត់ទុក្ខ ដឹងតាមពិតថា នេះជាផ្លូវ​ប្រតិបត្តិ​ដំណើរ ទៅកាន់​ព្រះនិព្វាន ជាគ្រឿង​រលត់ទុក្ខ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា ធម៌ [សេចក្តី​កើត​នៃអវិជ្ជាជាហេតុ នាំឲ្យកើតអាសវៈ ។] នេះ ជាទីប្រជុំ​កើតឡើង​នៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាគ្រឿង​រលត់នៃ​អាសវៈ ដឹងតាមពិតថា ធម៌នេះជាផ្លូវ​ប្រតិបត្តិដំណើរទៅកាន់ព្រះនិព្វាន ជាគ្រឿង​រលត់នៃអាសវៈ ។ កាលបើភិក្ខុនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះ​ចាក​កាមាសវៈ [សេចក្តី​ត្រេកត្រអាល ត្រាំនៅក្នុងកាម ហៅថា កាមាសវៈ ។]ផង ចិត្តក៏ផុត​ស្រឡះ​ចាក​ភវាសវៈ [សេចក្តីត្រេកត្រអាលត្រាំនៅក្នុងភពទាំង៣ ហៅថា ភវាសវៈ ។] ផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈ [សេចក្តីមិនដឹងក្នុងសច្ចៈទាំង ៤ ទាំង​មិនដឹង​នូវ​ចំណែក​នៃខន្ធខាងដើម ខាងចុង ទាំងខាងដើម ខាងចុង និងបដិច្ចសមុប្បាទធម៌ ហៅថា អវិជ្ជាសវៈ ។] ផង ។ កាលបើចិត្តភិក្ខុនោះ បានផុតស្រឡះហើយ សេចក្តី​ដឹងក៏កើតឡើង ដល់​ភិក្ខុនោះថា ចិត្តរបស់អាត្មាអញផុតស្រឡះហើយ ។ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិរបស់​អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ​ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាល​ព្រាហ្មណ៍ ប្រៀបដូច​ជារអាងទឹក លើកំពូល​ភ្នំ ជាទឹកដ៏ថ្លាស្អាត មិនល្អក់ បុរសដែល​មានភ្នែក (ភ្លឺ) ឈរនៅមាត់​នៃរអាង​ទឹក​នោះ ក៏គប្បីឃើញនូវខ្យង និងខ្ចៅផង នូវក្រួស និងដុំថ្មផង នូវហ្វូង​នៃត្រីផង កំពុង​ត្រាច់​ទៅក្តី ឈប់នៅក្តី ក្នុងរអាងនោះ បុរសនោះ គប្បីមានសេចក្តី​ត្រិះរិះយ៉ាងនេះថា រអាងទឹក​នេះឯង ថ្លាស្អាត មិនល្អក់ ខ្យង និងខ្ចៅទាំងឡាយក្តី ក្រួស និងដុំថ្មក្តី ហ្វូងនៃត្រីទាំង​នេះក្តី ត្រាច់ទៅខ្លះ ឈប់នៅខ្លះ ក្នុងរអាងនោះ យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ ភិក្ខុ កាលបើចិត្ត​តាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកឧបក្កិលេស មានសភាព​ជា​ចិត្ត​ទន់ គួរដល់​ភាវនាកម្ម ដល់នូវ​សេចក្តី​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែង​ទាញនាំបង្អោននូវចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ភិក្ខុនោះឯង រមែង​ដឹង​តាម​ពិត​ថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាទីប្រជុំកើតឡើងនៃទុក្ខ ដឹងតាមពិតថា នេះ​ជា​ព្រះនិព្វាន ជាគ្រឿង​រលត់ទុក្ខ ដឹងតាមពិតថា នេះជាផ្លូវ​ប្រតិបត្តិ​ដំណើរ ទៅកាន់​ព្រះ​និព្វាន ជាគ្រឿង​រលត់ទុក្ខ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា ធម៌នេះ ជា​ទី​ប្រជុំ​កើតឡើង​នៃអាសវៈ ដឹងតាមពិតថា ធម៌នេះជាគ្រឿង​រលត់នៃ​អាសវៈ ដឹងតាមពិតថា ធម៌នេះជាផ្លូវ​ប្រតិបត្តិដំណើរទៅកាន់ព្រះនិព្វាន ជាគ្រឿង​រលត់នៃអាសវៈ យ៉ាងនោះ​ឯង ។ កាលបើភិក្ខុនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះ​ចាក​កាមាសវៈផង ចិត្តក៏ផុត​ស្រឡះ​ចាក​ភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង ។ កាលបើចិត្តភិក្ខុនោះ បានផុតស្រឡះហើយ សេចក្តី​ដឹងក៏កើតឡើង ដល់​ភិក្ខុនោះថា ចិត្ត​របស់​អាត្មាអញផុតស្រឡះហើយ ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិរបស់​អាត្មាអញ​អស់​ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ​ដើម្បី​សោឡសកិច្ចនេះទៀត មិន​មាន​ឡើយ ។ ម្នាល​ព្រាហ្មណ៍ នេះឯង​ជាផល​នៃសមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង ដ៏​រុងរឿងដោយ​វិសេសផង ថ្លៃថ្លា​ដោយ​វិសេសផង ជាង​ផល​នៃ​សមណប្បដិបត្តិ​ទាំង​ឡាយ ដែល​ឃើញ​ច្បាស់ដោយខ្លួន​ឯង ដូច​បានពោល​មក​ខាង​ដើម ។ ម្នាល​ព្រាហ្មណ៍ មួយវិញទៀត ផលនៃសមណប្បដិបត្តិ ដែល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង​ដទៃទៀត ដ៏លើសលុបដោយ​វិសេសក្តី ថ្លៃថ្លា​ដោយ​វិសេសក្តី ជាង​ផល​នៃ​សមណប្បដិបត្តិ​ដែល​ឃើញ​ច្បាស់ដោយខ្លួន​ឯងនេះទៅទៀត មិនមានឡើយ ។ ​នេះ​ឯង (ជា​សេចក្តី​អធិប្បាយ) ​នៃ​ប្រាជ្ញា​របស់​ភិក្ខុ​នោះ​ ។ ​ម្នាល​ព្រាហ្មណ៍ ​នេះ​ឯង​ដែល​ហៅថា ប្រាជ្ញា​នោះ​ ។

សោណទណ្ឌព្រាហ្មណ៍​សំដែង​ខ្លួន​សុំ​ជា​ឧបាសក

កែប្រែ

[១៩៦] កាលបើ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ​ សោណទណ្ឌព្រាហ្មណ៍ ​បាន​ក្រាបបង្គំទូល ចំពោះ​ព្រះ​មាន​ព្រះ​ភាគ ដូច្នេះថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ពីរោះណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ពីរោះណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ធម៌​ដែល​ព្រះ​គោតម​ដ៏​ចម្រើន​ ​ទ្រង់​សំដែង ​ដោយ​អនេកបរិយាយ (​នេះ​) គួរនាដូចជា​មនុស្ស​ផ្ងារវត្ថុ​ដែល​ផ្កាប់ ​ឬ​បើកបង្ហាញវត្ថុ​ដែល​កំបាំង ​ឬ​ក៏ប្រាប់ផ្លូវ ​ដល់​អ្នក​វង្វេងទិស ពុំ​នោះ​សោត ដូចជា​មនុស្ស​ កាន់ប្រទីប ទ្រោលបំភ្លឺ​ក្នុង​ទីងងឹត ​ដោយ​គិតថា ​មនុស្ស​ដែល​មាន​ភ្នែក (ភ្លឺ) ​មើល​ឃើញនូវរូប​ទាំង​ឡាយ​បាន​ ​ខ្ញុំ​ព្រះ​អង្គ​ សូម​ដល់​ព្រះ​គោតម​ដ៏​ចម្រើន​ផង ​ព្រះ​ធម៌ផង ​ព្រះ​ភិក្ខុសង្ឃផង ជាសរណៈ សូម​ព្រះ​គោតម​ដ៏​ចម្រើន​ ជ្រាបថា ​ខ្ញុំ​ព្រះ​អង្គ​ ជាឧបាសក ​ដល់​សរណគមន៍ ស្មើ​ដោយ​ជីវិត ចាប់ដើម​អំពី​ថ្ងៃ​នេះ​ទៅ ​មួយ​ទៀត សូម​ព្រះ​គោតម​ដ៏​ចម្រើន​ ព្រម​ទាំង​ភិក្ខុសង្ឃ ​ទ្រង់​ទទួលចង្ហាន់​របស់​ខ្ញុំ​ព្រះ​អង្គ​ ​ក្នុង​ថ្ងៃស្អែក ។ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ទទួលនិ​មន្ត​ ​ដោយ​តុណ្ហីភាព ។ លុះសោណទណ្ឌព្រាហ្មណ៍ ដឹងច្បាស់ថា ​ព្រះ​អង្គ​ទទួលនិ​មន្ត​ហើយ​ ក៏ក្រោក​ចាក​អាសនៈ ថ្វាយបង្គំលា​ព្រះ​មាន​ព្រះ​ភាគ ធ្វើប្រទក្សិណ ​ហើយ​ដើរចេញទៅ ។

អធិប្បាយ​របស់​សោណទណ្ឌព្រាហ្មណ៍

កែប្រែ

[១៩៧] លុះ​ដល់​វេលាព្រឹកឡើង សោណទណ្ឌព្រាហ្មណ៍ បង្គាប់ជន​ទាំង​ឡាយ ​ឲ្យ​ចាត់ចែងធ្វើខាទនីយភោជនីយាហារ ​ដ៏​ឆ្ងាញ់ពីសា ​ក្នុង​លំ​នៅ​របស់​ខ្លួនស្រេច​ហើយ​ ទើបចាត់បម្រើ​ឲ្យ​ទៅក្រាបទូលភត្តកាល ចំពោះ​ព្រះ​មាន​ព្រះ​ភាគថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ភត្តកាល​ដល់​ហើយ​ ចង្ហាន់ក៏​បាន​រៀបចំស្រេច​ហើយ​ ។ លំដាប់​នោះ​ លុះ​ដល់​បុព្វណ្ហសម័យ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​បាត្រ ​និង​ចីវរ​ហើយ​ ស្តេច​ចូល​ទៅកាន់លំ​នៅ​នៃ​សោណទណ្ឌព្រាហ្មណ៍ ព្រម​ដោយ​ព្រះ​ភិក្ខុសង្ឃ ​ទ្រង់​គង់លើអាសនៈ ​ដែល​គេរៀបចំថ្វាយ ។ វេលា​នោះ​ សោណទណ្ឌព្រាហ្មណ៍ ​បាន​អង្គាសខាទនីយភោជនីយាហារ​ដ៏​ឆ្ងាញ់ពីសា ​ដោយ​ដៃខ្លួនឯង ប្រគេនភិក្ខុសង្ឃ ​មាន​ព្រះ​ពុទ្ធជាប្រធាន ​ឲ្យ​ឆ្អែតស្កប់ស្កល់ ត្រាតែប្រកែកលែងទទួលទៀត ។

[១៩៨] លំដាប់​នោះ​ សោណទណ្ឌព្រាហ្មណ៍ លុះ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​សោយស្រេច លែងលូក​ព្រះ​ហស្តទៅ​ក្នុង​បាត្រ​ហើយ​ ក៏កាន់​យក​អាសនៈទាប​មួយ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ។ លុះសោណទណ្ឌព្រាហ្មណ៍ អង្គុយស៊ប់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ក៏ក្រាបបង្គំទូល​ព្រះ​មាន​ព្រះ​ភាគ ដូច្នេះថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ បើ​ខ្ញុំ​ព្រះ​អង្គ​កំពុង​នៅ​ក្នុង​បរិសទ្យ ​ហើយ​នឹង​ក្រោក​ចាក​អាសនៈ ថ្វាយបង្គំ​ព្រះ​គោតម​ដ៏​ចម្រើន​ បរិសទ្យ​នោះ​ មុខជា​នឹង​មើល​ងាយ​ខ្ញុំ​ព្រះ​អង្គ​ ព្រោះហេតុ​នោះ​ឯង បរិសទ្យ​នោះ​ (បើ)​មើល​ងាយ​បុគ្គលណា​ហើយ​ យស​របស់​បុគ្គល​នោះ​ ក៏​នឹង​សាប​សូន្យទៅផង (បើ) យស​របស់​បុគ្គលណា ​សាប​សូន្យ​ហើយ​ ភោគៈ​ទាំង​ឡាយ​របស់​បុគ្គល​នោះ​ ក៏​នឹង​សាប​សូន្យទៅផង ដ្បិតភោគៈ​ទាំង​ឡាយ​របស់​យើង​ខ្ញុំ​ សុទ្ធតែ​បាន​មក​ដោយ​សារយសតែប៉ុណ្ណោះ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ តែបើ​ខ្ញុំ​ព្រះ​អង្គ​ កំពុង​នៅ​ក្នុង​បរិសទ្យ គួរប្រណម្យអញ្ជលី​បាន​ សូម​ព្រះ​គោតម​ដ៏​ចម្រើន​ ចាំទុកនូវការប្រណម្យអញ្ជលី​នោះ​ ថាជាការក្រោក​អំពី​អាសនៈ​របស់​ខ្ញុំ​ព្រះ​អង្គ​ចុះ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​មួយ​ទៀត (បើ) ​ខ្ញុំ​ព្រះ​អង្គ​ កំពុង​នៅ​ក្នុង​បរិសទ្យ គួរដោះឈ្នួតក្បាល​បាន​ សូម​ព្រះ​គោតម​ដ៏​ចម្រើន​ ចាំទុកនូវការដោះឈ្នួតក្បាល​នោះ​ ថាជាការថ្វាយបង្គំ​ដោយ​សិរ្សៈ​របស់​ខ្ញុំ​ព្រះ​អង្គ​ចុះ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ (បើ) ​ខ្ញុំ​ព្រះ​អង្គ​ កំពុងឋិត​នៅ​លើយាន​ហើយ​ ចុះពីលើយាន ​មក​ថ្វាយបង្គំ​ព្រះ​គោតម​ដ៏​ចម្រើន​ បរិសទ្យ​នោះ​ មុខជា​នឹង​មើល​ងាយ​ខ្ញុំ​ព្រះ​អង្គ​ ព្រោះហេតុ​នោះ​ឯង បរិសទ្យ​នោះ​ (បើ)​មើល​ងាយ​បុគ្គលណា​ហើយ​ យស​របស់​បុគ្គល​នោះ​ ក៏​នឹង​សាប​សូន្យទៅផង យស​របស់​បុគ្គលណា ​សាប​សូន្យ​ហើយ​ ភោគៈ​ទាំង​ឡាយ​របស់​បុគ្គល​នោះ​ ក៏​នឹង​សាប​សូន្យទៅផង ដ្បិតភោគៈ​ទាំង​ឡាយ​របស់​យើង​ខ្ញុំ​ សុទ្ធតែ​បាន​មក​ដោយ​សារតែយសប៉ុណ្ណោះ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​មួយ​ទៀត បើ​ខ្ញុំ​ព្រះ​អង្គ​ កំពុងឋិត​នៅ​លើយាន​ហើយ​ ​នឹង​លើកដងជន្លួញឡើង សូម​ព្រះ​គោតម​ដ៏​ចម្រើន​ ​ទ្រង់​ចាំទុកនូវកិរិយាលើកដងជន្លួញ​នោះ​ ថាជាកិរិយាចុះ​អំពី​យាន​របស់​ខ្ញុំ​ព្រះ​អង្គ​ចុះ បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​មួយ​ទៀត (បើ) ​ខ្ញុំ​ព្រះ​អង្គ​ កំពុងឋិត​នៅ​លើយាន​ហើយ​ គួរ​តម្លោះ​ឆត្រ​បាន​ សូម​ព្រះ​គោតម​ដ៏​ចម្រើន​ ​ទ្រង់​ចាំទុកនូវការ​តម្លោះ​ឆត្រ​នោះ​ ថាជាកិរិយាថ្វាយបង្គំ​ដោយ​សិរ្សៈ ​របស់​ខ្ញុំ​ព្រះ​អង្គ​ចុះ ។ លំដាប់​នោះ​ ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​សំដែងពន្យល់សោណទណ្ឌព្រាហ្មណ៍ (​ឲ្យ​យល់ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ​និង​បរលោក) ​ឲ្យ​ជឿជាក់ (​ក្នុង​កុសលធម៌) ​ឲ្យ​សង្វាតធ្វើការកុសល ​ឲ្យ​រីករាយ (​ដោយ​គុណ​ដែល​មាន​ក្នុង​ខ្លួន) ​ដោយ​ធម្មីកថា រួច​ទ្រង់​ក្រោក​អំពី​អាសនៈ ​ហើយ​ទ្រង់​ពុទ្ធដំណើរចេញទៅ ។

ចប់ សោណទណ្ឌសូត្រ ទី៤ ។

ឯកសារ​យោង

កែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ > សីលក្ខន្ធវគ្គ > សោណទណ្ឌសូត្រ (សៀវភៅ​ភាគ១៤ ទំព័រ​ទី ២៦៤)

พระไตรปิฎก เล่มที่ ๙ > พระสุตตันตปิฎก เล่มที่ ๑ > ทีฆนิกาย > สีลขันธวรรค​ >​ โสณทัณฑสูตร

Sonadanda Sutta​: With Sonadanda (DN 4)