ហុងដា សូអ៊ិជិរ៉ូ

ហុង​ដា សូអ៊ិជិរ៉ូ (本田 宗一郎, Honda Sōichirō) (១៧ វិច្ឆិកា ១៩០៦ – ៥ សីហា ១៩៩១) ជាវិស្វករ​ជប៉ុន​ និង ជា​ស្ថាបនិក​ក្រុមហ៊ុន​ហុងដា​ ដែលជា​ក្រុមហ៊ុន​ផលិត​ម៉ូតូ​និង​រថយន្ត​ដ៏​ល្បី​នៅលើ​ពិភពលោក។ លោក​បាន​បង្កើត​ឧស្សាហកម្ម​យានជំនិះ​ម៉ូតូ​នៅ​សម័យ​មួយ​ដែលគេ​គិត​ថា​មិនអាចទៅរួច គឺ​នៅពេល​ដែលមាន​ក្រុមហ៊ុន​ផលិតរថយន្ត​ធំៗ​ដូចជា​ហ្វដ និង ពើហ្សូ​បាន​កកើត​ហើយ។ នៅសម័យ​នោះ ក្រុមហ៊ុន​ធំៗ​ដែលបាន​កាន់កាប់​វិស័យ​ដឹកជញ្ជូន​មុននិងមានបទពិសោធ​ច្រើន​ក្នុង​វិស័យ​នោះ មិនចង់​អោយ​មាន​គូ​ប្រជែង​ថែមទៀត​ទេ។ គួរបញ្ជាក់​ផងដែរ​ថា ចាប់ពី​ពាក់​កណ្ដាល​សតវត្សរ៍ទី២០​មក បុគ្គលម្នាក់​មិនអាច​មាន​លទ្ធភាព​បង្កើត​ក្រុមហ៊ុន​ផលិតកម្មធំៗ​ដូច​ក្រុមហ៊ុន​ហ្វដ​ទៀតទេ។ ប៉ុន្តែ​ហុងដា សូអ៊ិជិរ៉ូ​បានធ្វើ​បានសំរេច។ ហុងដា​ចាប់​បានចំនុចដែលថា​ជប៉ុន​ក្រោយ​សង្គ្រាម​នឹង​ត្រូវការ​យានជំនិះ​។ គាត់កើត​ចំសម័យ​ដែល​ជប៉ុន​ប្រែ​មុខមាត់​ពី​ប្រទេស​កសិកម្ម​មក​ប្រទេសឧស្សាហកម្ម។ គាត់​មាន​ចំនាប់​អារម្មណ៍​ខ្លាំង​ជាមួយ​នឹង​ម៉ាស៊ីន​ថ្មីៗ​សំរាប់​អនាគត ដូចជា​ម៉ាស៊ីនរថយន្ត ម៉ាស៊ីនបូម និងយន្តហោះជាដើម។ ពេលនៅកុមារ សូអ៊ិជិរ៉ូ​រត់​តាមឡានដែលគាត់​ឃើញ​ដំបូង​គេ​ក្នុងជីវិត ដើម្បី​តាមហិត​ផ្សែង​របស់វា។ ក្នុងមួយ​ជីវិត​របស់គាត់ គាត់មិនដែល​បំភ្លេច​ថ្ងៃនោះទេ។ វាជា​បទពិសោធន៍​ដែល​បានធ្វើអោយ​ជីវិតគាត់​ផ្លាស់​ប្ដូរ។ គាត់​បាន​និយាយនៅ​ពេល​ក្រោយ​ថា «ខ្ញុំ​ប្រឹង​រត់​ដេញ​តាម​ឡាន​នោះ​តាមដែលអាច​ធ្វើ​បាន។ ខ្ញុំ​មិនយល់​ទេថាតើ​វារត់​ដោយខ្លូន​វា​បានដោយ​របៀបណា។ នៅពេលដែល​វារត់​កាត់​មុខខ្ញុំ ខ្ញុំបានរត់ដេញតាម​វាដោយ​មិនដឹង​ខ្លួន​ថា​ហេតុអ្វី​ខ្ញុំ​ធ្វើបែបនេះ។» ។ គាត់​មិនមានឱកាស​ដេញទាន់​ឡាននោះ​ទេ ហើយបទពិសោធន៍​ជីវិត​នេះ​ក្លាយជា​និមិត្តរូប​ជីវិតគាត់។ គាត់តែង​តែ​ដេញតាម​អ្វីដែល​នៅគាត់​មិនអាច​ឈោងដល់។ នៅពេលដែលឡាន​នោះ​រត់​ទៅផុត​ទៅ គាត់​បានឈរធ្មឹង​ដើម្បីហិត​ផ្សែងឡាន​ ហើយពេលដែល​គាត់​រកឃើញ​តំនក់​ប្រេង​ធ្លាក់​ពីម៉ាស៊ីនឡាន គាត់លុតជង្គុង​ចុះ​ហើយហិត​ក្លិន​តំនក់ប្រេង​នោះ​។ ហុងដាជាមនុស្ស​ប្រកប​ដោយ​សុបិន្ត ហើយ​ប្រហែល​ដោយសារ​តែ​សុបិន្ត​នោះហើយ​ទើបធ្វើអោយ​គាត់​សំរេចជោគជ័យ​បែបនេះ។ នេះប្រហែល​ជាមូលហេតុ​ដែល​គេដាក់ឈ្មោះ​ម៉ូតូម៉ាក Honda Dream និង ពាក្យស្លោក​របស់​ក្រុមហ៊ុនហុងដាថា The Power of Dreams (ថាមពល​នៃសុបិន្ត)។

ជីវប្រវត្តិ

កែប្រែ

ហុងដា សូអ៊ិជិរ៉ូ ចាប់កំនើត​នៅខេត្តស្ស៊ីហ្សឹអុកា ប្រទេសជប៉ុន នៅថ្ងៃទី១៧ វិច្ឆិកា ១៩០៦។ ឪពុក​របស់គាត់ឈ្មោះ ហុងដា ហ្គីហេ ជាជាងដែក​ ប៉ុន្តែ​មានទេពកោសកល្យ​ច្រើន​រួមទាំង​ជំនាញពេទ្យធ្មេញ​ពេលដែល​មានតំរូវការ។ ម្ដាយរបស់គាត់ឈ្មោះ មីកា ជាអ្នកតំបាញ។ គ្រួសារ​របស់គាត់​មិនមែន​ជាអ្នក​ធូធារ​ទេ។ ឪពុក​របស់​គាត់​បានអប់រំ​គាត់​តាំងពី​កុមារ​ពី​សីលធម៌​នៃ​ការប្រឹង​ប្រែង​ធ្វើ​ការងារ និងអោយស្រលាញ់​គ្រឿងមេកានិច។ សូអ៊ិជិរ៉ូ​ចេះ​សំលៀង​សំភារៈ​ប្រើក្នុងចំការ និង​ផលិតប្រដាប់ប្រដារក្មេងលេង​ដោយ​ខ្លួនឯង​តាំងពី​កុមារ។ នៅក្បែរ​ផ្ទះគាត់​មាន​រោងម៉ាស៊ីន​កិនស្រូវ​តូចមួយ ដែលសំលេង​របស់វា​ធ្វើអោយគាត់​ចាប់អារម្មណ៍ និងទទូច​អោយឪពុក​គាត់​នាំ​ទៅមើល​ទិដ្ឋភាពម៉ាស៊ីននោះ​ដើរ។ នៅសាលា​គាត់​មានងារ​ថា «ស្កាច្រមុះ​ខ្មៅ» ព្រោះ​គាត់​តែង​មាន​មុខ​ប្រលាក់​ដោយសារ​ជួយការងារ​ឪពុក។

កុមារ​សូអ៊ិជិរ៉ូ​ជាក្មេង​មាន​ប្រាជ្ញា ឆ្លាត​ខាង​បច្ចេកទេស។ គាត់បានប្រើ​កៅស៊ូ​របស់ឈ្នាន់​កង់​មកធ្វើត្រា​ក្លែង​ក្លាយ។ កាលនោះ សាលា​បានប្រគល់​សៀវភៅ​តាមដាន​ការសិក្សា​អោយសិស្ស​យកទៅអោយ​ឪពុក​ម្ដាយ​មើល ហើយត្រូវយកមក​សាលា​វិញ​ដោយ​មានវាយត្រា​គ្រួសារ ដើម្បីបញ្ជាក់​ថា​ឪពុកម្ដាយ​បាន​អាន​វាហើយ។ ដោយគាត់​មិនមាន​ចំនាត់ថ្នាក់​ល្អ​សម​អោយ​ឪពុកម្ដាយ​មើល សូអ៊ិជិរ៉ូ​បានប្រើ​ត្រា​ក្លែង​ក្លាយ​របស់គាត់។ រឿងនេះ​បែកការណ៍​ពេលដែល​គាត់​ចាប់ផ្តើម​ធ្វើ​ត្រាអោយ​មិត្តរួមថ្នាក់​ដទៃទៀត។ គាត់មិនបាន​ចាប់អារម្មណ៍​ថា អក្សរនៅលើត្រា​ត្រូវជារូប​ភាព​ក្នុងកញ្ចក់ទេ។ ត្រកូលរបស់គាត់​ 本田 មានលក្ខណៈ​ឆ្លុះ ហេតុនេះគ្រូមិន​ចាប់អារម្មណ៍​ថា​គាត់បានប្រើ​ត្រាក្លែងក្លាយ​ទេ ប៉ុន្តែ​ត្រកូល​របស់​មិត្តរួមថ្នាក់​គាត់​មិនមាន​លក្ខណៈឆ្លុះបែបនេះទេ។

ហុងដា​មានការ​សិក្សាត្រឹម​បឋមសិក្សាទេ។ នៅឆ្នាំ១៩២២ ហុងដា​បានចាកចេញ​ពីផ្ទះ​ទៅរកការងារនៅតូក្យូ។ គាត់បានទៅការ​ធ្វើ​នៅក្នុង​ហាងជួសជុល​រថយន្ត​មួយនៅតូក្យូ។ដំបូងឡើយ​គាត់​ធ្វើ​ត្រឹម​ការងារ​កំប៉ិកកំប៉ុក​ដែល​មិនប្រើ​ខួរក្បាល(រួមទាំង​ការងារ​មើល​ថែទាំ​កូនៗរបស់​ម្ចាស់ហាង) ប៉ុន្តែ​បន្តិចម្ដងៗគាត់​បានក្លាយ​ជាជាងមេកានិច​ដែលគេទុកចិត្ត។ គាត់​បាន​ផលិត​ឡានប្រណាំង Art Daimler ប្រើ​ម៉ាស៊ីនជាម៉ាស៊ីនកូនកាត់យន្តហោះ​ Curtiss និង American Mitchell និងគ្រឿង​បន្លាស់​ផលិត​ដោយដៃ។ ការ​ផលិត​គ្រឿង​របស់​ម៉ាស៊ីន​មួយ​នេះ​បាន​ជួយ​បង្រៀនជំនាញ​ដ៏មានតំលៃ​បំផុត​ក្នុងជីវិតក្រោយៗរបស់ហុងដា​។


នៅអាយុ១៧ឆ្នាំ ហុងដា​បានជិះឡានប្រណាំង​ក្នុងនាម​ជាអ្នក​ជំនួយការ​បច្ចេកទេស​មេកានិច អោយស៊ីនីជី សាគីបាហារ៉ា នៅក្នុងការប្រនាំងឡាន​ជាលើកដំបូង​នៅត្សឹរឹមី។ ពួកគេ​បានឈ្នះ​ពានរង្វាន់​នោះ។ រយៈពេល៤ឆ្នាំ​បន្ទាប់​ពីការ​ប្រនាំងនោះ ហុងដា​បានបើក​ហាងរថយន្ត​មួយ​នៅក្រុងហាម៉ាម៉ាត្សឹ។ មហិច្ចតា​របស់​ហុងដា​មិនមែន​ត្រឹមតែ​នៅក្នុង​ប្រទេស​ខ្លួនទេ។ គាត់បាន​និយាយថា «ខ្ញុំដឹង​ថា​បើសិន​ខ្ញុំ​អាច​សំរេចជោគជ័យ​ក្នុងទីផ្សារ​ពិភពលោក នោះ​មានន័យថាខ្ញុំ​នឹងនាំមុខគេ​ក្នុងទីផ្សារជប៉ុន»។ ហុងដា​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ឧបត្តិហេតុ​ប្រនាំង​រថយន្ត​មួយនៅឆ្នាំ១៩៣៦។ គាត់បានជាសះ​ស្បើយ​នៅឆ្នាំបន្ទាប់​និង​បានបង្កើត​ក្រុមហ៊ុន​ផលិតកងពីស្តុង (piston rings) ប៉ុន្តែ​គាត់ចាប់អារម្មណ៍​ថា​គាត់ខ្វះ​ចំនេះដឹង​ខាង​ចាក់ពុម្ព (casting)។ គាត់​បានចុះឈ្មោះចូល​រៀន​ជំនាញនេះ​នៅសាលាបច្ចេកទេស​មួយ។ គាត់​បានអនុវត្ត​ទ្រឹស្ដី​ដែលគាត់​រៀន​ទៅប្រើ​ក្នុង​រោងជាង​របស់គាត់ ប៉ុន្តែ​គាត់​មិនខ្វល់ខ្វាយ​ពី​ការប្រលង​របស់​សាលាទេ។ ពេលដែល​គេមិនអោយសញ្ញាបត្រ​បញ្ចប់​ការសិក្សា គាត់បានពោលថា «សញ្ញាប័ត្រ​មានតំលៃ​ចាញ់ទាំង​សំបុត្រកុន​ផង។ សំបុត្រ​កុន​អាចធានា​អោយ​អ្នកចូល​​មើលកុន​ក្នុងរោងកុន ប៉ុន្តែ​សញ្ញាប័ត្រ​មិនធានា​អោយអ្នក​អាចចិញ្ចឹមជីវិត​បានទេ។»

ក្រុមហ៊ុន​របស់ហុងដា​ទទួលរង​ការបំផ្លាញ​យ៉ាងខ្លាំង​កំឡុង​[[សង្គ្រាមលោកលើកទី២ និងដោយសាររញ្ជួយដី។ គាត់​សំរេច​ចិត្ត​លក់​អ្វីៗ​ដែលនៅសល់​អោយទៅ​ក្រុមហ៊ុន​តូយ៉ូតា​នៅឆ្នាំ១៩៤៥។ នៅឆ្នាំ១៩៤៦ គាត់បានបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​បច្ចេកទេស​ហុងដា ដែលជា​ក្រុមហ៊ុន​បំពាក់​ម៉ូទ័រ​តូចៗ​តាមទោចក្រក្រយាន (កង់)។ កង់​ដាក់ម៉ូទ័រ​នេះ​មាន​ការពេញនិយម​ណាស់​នៅជប៉ុន។ វិទ្យាស្ថាននេះ​ចាប់ផ្ដើម​ផលិត​ម៉ាស៊ីន​ដោយខ្លួនឯង។ វិទ្យាស្ថាន​បានប្ដូរឈ្មោះជា​ក្រុមហ៊ុន​ហុងដាម៉ូទ័រ (Honda Motor Co. Ltd) ​នៅខែសីហា​ ១៩៤៨។ ដំបូងឡើយ​ក្រុមហ៊ុន​ផលិ​តម៉ូតូ​មានកាប៉ាស៊ីតេ​តូចៗ​សំរាប់​អ្នកធ្វើការ​នៅជប៉ុន​ជិះ។ ហុងដា​ចំនាយ​កំលាំងថាមពល​គាត់​ខាង​ផ្នែក​បច្ចេកទេស ដោយប្រើបទពិសោធន៍​ដ៏​ច្បាស់លាស់​ដែលគាត់មាន។ គាត់​ទុកភារៈ​ដឹកនាំ​ក្រុមហ៊ុន​អោយ លោក ហ្វឹជីសាវ៉ា ថាកាអូ (藤沢 武夫) ដែលជាមិត្ត​ដែលគាត់​ទុកចិត្ត​បំផុត។ ពួកគេទាំង២​ជាដៃគូ​គ្នា​ដ៏ល្អ។

ផ្លែផ្កា​ដំបូង​បំផុត​របស់​ក្រុមហ៊ុន​ ដែលទទួលការពេញ​និយម​យ៉ាង​ខ្លាំង​គឺ​ ម៉ូតូ Honda Dream 98 cc 2ស្ត្រូក។ ក្រុមហ៊ុន​នេះ​ប្រឈមមុខ​នឹង​ការ​ក្ស័យទុន​ជាច្រើន​លើកច្រើនសារនាឆ្នាំ​បន្ទាប់ៗ ពេលដែល​ហុងដា​និងហ្វឹជីសាវ៉ា​ប្រថុយ​ប្រថាន​ក្នុង​ការ​ពង្រីកក្រុមហ៊ុន។ Challenging the Limits (ជំនះដែនកំហិត) ជាពាក្យ​ដែល​លឺ​រាល់​ដង្ហើម​ចេញចូល​របស់​ហុងដា។ ហុងដា​​មានបំនង​អោយ​ក្រុមហ៊ុន​របស់គាត់​គិត​អោយបានលើ​និងធ្វើការអោយបានលើ​គូប្រកួត​ប្រជែង​ទាំងអស់ នៅគ្រប់ជំហ៊ាន​ទៅមុខ​របស់ក្រុមហ៊ុន។ ក្រុមហ៊ុន​ដែល​កើត​ក្រោយ​សង្គ្រាម​មួយនេះ ត្រូវ​ប្រឹង​ប្រែង​អស់​ពីសមត្ថភាព​ដើម្បីរស់។ ហុងដា​បានផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​ទីផ្សារ​និង​ផលិតកម្ម។ គុណភាព​ផលិតផល​ខ្ពស់​បានពី​ការឌីហ្សាញអោយស្រប​នឹង​បំរើបំរាស់​និង​ការផលិត ជាកូនសោរ​សំរាប់​យកឈ្នះ​លើទីផ្សារ។

នៅឆ្នាំ១៩៥១ ម៉ូតូ Honda Dream Type E នាំជោគ​ជ័យ​បង្គរ​ដល់​ក្រុមហ៊ុន។ ម៉ូតូ Honda Dream Type F ចេញនៅឆ្នាំ​បន្ទាប់​ មានចំនួន​៧០%​នៃ​ផលិតផល​ម៉ូតូ​សរុប​នៅជប៉ុន​ក្នុងឆ្នាំនោះ។ ជំនួយ​គាំទ្រ​ពីសាធារណៈ ជាពិសេស​ធនាគារមិត្សឹប៊ីស្ស៊ី ជួយអោយ​ហុង​ដាពង្រីក​ទីតាំង​នឹងឈានទៅ​ដល់​ការនាំចេញ។ ម៉ូតូ C100 Super Cub ចេញនៅឆ្នាំ១៩៥៨ បានក្លាយជា​ទំនេញ​លក់​ដាច់​ជាង​គេ​មួយ​នៅលើ​ពិភពលោក។

ហុងដា​ចូលចិត្ត​ការប្រនាំង​យានយន្ត។ ក្រុមហ៊ុន​ហុងដា​បានចូល​រួម​ក្នុង​ការ​ប្រនាំង​ម៉ូតូ​នៅជប៉ុន​នៅទសវត្សរ៍​ឆ្នាំ៥០។ ហុងដា​បានប្រកាសថា​ក្រុមហ៊ុន​របស់​គាត់​នឹង​ឈ្នះ​តំនែង​ជើងឯក​នៅថ្ងៃ​ណាមួយ​ជាមិនខាន (ការប្រកាស​ដែល​គេគ្រប់​គ្នា​នៅសម័យ​នោះ​គិតថា​មិនអាចទៅរួច)។ នៅខែមិថុនា ១៩៥៩ ក្រុមហ៊ុន​ហុងដា​បានចូលរួម​ប្រនាំង​ជាលើក​ដំបូង​ក្នុង​ការ​ប្រនាំង Isle of Man Tourist Trophy (T.T.)។ ពួកគេជា​ក្រុម​ជប៉ុន​ដំបូង​គេដែលចូលរួម។ ក្រុមហ៊ុន​ហុងដា​បានទទួលរង្វាន់ Manufacturer’s Prize។ ទោះជាបែប​នេះក្ដី ពួកគេ​មិនសប្បាយចិត្ត​នឹង​លទ្ធផល​នេះ​ទេ។ រៀនសូត្រ​ពីបទពិសោធន៍នេះ ហុងដា​និង​ក្រុមការងារ​បាន​ធ្វើការ​ខ្លាំងជាង​មុន​ក្នុង​ការ​អភិវឌ្ឍន៍​ម៉ាស៊ីន​របស់ខ្លួន។ T.T.នៅ២ឆ្នាំ​បន្ទាប់ ក្រុមម៉ូតូ​ហុងដា​ទទួលចំនាត់ថ្នាក់​៥លើៗគេ លើប្រភេទ 125cc និង 250cc។ ក្រុមហ៊ុន​ហុងដា​យកឈ្នះ​គូប្រជែង​ខ្លួន​ទាំងអស់ ហើយឈ្មោះរបស់​ក្រុមហ៊ុន​ហុងដា​ចាប់ផ្ដើម​ល្បី​ទូទាំង​ពិភពលោក។ ហុងដា សូអ៊ិជិរ៉ូ​ហាក់ដូចជា​បានប្រមើល​ទុកមុន​ពីអនាគត​របស់​ជប៉ុន ដែលបានក្លាយជា​ប្រទេស​នាំមុខ​ផ្នែកសេដ្ឋកិច្ច​នៅរយៈពេល​២០ឆ្នាំ​បន្ទាប់។ ក្រុមហ៊ុន​ហុងដា​ជា​កអ្នកផលិត​ម៉ូតូ​ដែលមាន​ជោគជ័យជាង​គេ​ក្នុង​ការប្រនាំង​ម៉ូតូ។ ក្រុមហ៊ុន​នេះឈ្នះ​ការប្រនាំង​ជាតិនិង​អន្តរជាតិ​រាប់រយ​លើក។

ទោះជា​ហុងដា​គ្រប់គ្រង​ក្រុមហ៊ុន​កំរិត​អន្តរជាតិ​មួយនេះ​ដល់ដើមទសវត្សរ៍ឆ្នាំ៧០ (ក្រុមហ៊ុនហុងដា​ចូលប្រកួតប្រជែង​ទីផ្សារ​រថយន្ត​នៅឆ្នាំ១៩៦៧) ក៏គាត់​មិនដែល​ចាក​ឆ្ងាយ​ពី​ការងារ​ប្រលាក់​ប្រេង​ដែរ។ ស្ទើរ​តែរាល់​ថ្ងៃ​ គាត់​ចូលក្នុង​បន្ទប់ពិសោធន៍ដែលធ្វើ​ការស្រាវជ្រាវ​ថ្មីៗ។ ទោះជាគាត់​ជា​ប្រធានក្រុមហ៊ុន គាត់នៅតែធ្វើការ វិស្វករម្នាក់ ដដែល។ នៅឆ្នាំ១៩៧៣ ហុងដា សូអ៊ិជិរ៉ូ ដែល​មានអាយុ​៦៧ឆ្នាំ​ហើយនោះ បានចូលនិវត្តន៍​ ក្នុងថ្ងៃ​គំរប់​ខួប២៥ឆ្នាំ​នៃ​ការបង្កើត​ក្រុមហ៊ុន​ហុងដា។ ហុងដា​បានប្រកាស​ពី​ការប្ដេជ្ញាចិត្ត​របស់​គាត់​ក្នុង​ការ​រក្សា​ក្រុមហ៊ុន​នេះ​អោយ​ប្រកបដោយ​យុវភាព។ គាត់មានប្រសាសាន៍​នៅពេលនោះថា «ក្រុមហ៊ុនហុងដា​តែងតែដើរមុន​សម័យ។ ខ្ញុំសូមទទួល​ស្គាល់​ថាជោគជ័យរបស់ក្រុមហ៊ុននេះ បានដោយសា​រការ​ប្រកាន់​ខ្ជាប់ខ្ជួន​នូវសុបិន្តនិង​យុវភាព​ក្លៀវក្លា​របស់វា»។ ខុសពី​ប្រធាន​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​នៅជប៉ុន ដេល​ទទួលងារ​ជា ប្រមុខ​ក្រុមហ៊ុន បន្ទាប់​ពីចូលនិវត្តន៍ ហុងដា​ទទួលងាត្រឹមតែជា អ្នកប្រឹក្សាកំពូល ប៉ុណ្ណោះ។

បន្ទាប់​ពីចូលនិវត្តន៍ ហុងដាបានលះបង់​ខ្លួន​បំរើ​ការងារ​សាធារណៈ និងធ្វើដំនើរ​កំសាន្ត​ទៅបរទេស​ជាញឹកញាប់។ ហុងដា​ទទួល​មរណភាព​នៅថ្ងៃទី៥ សីហា ១៩៩១ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជំងឺ​ថ្លើម។

រឿងរ៉ាវផ្សេងៗ

កែប្រែ
  • ហុងដា​និងប្អូនប្រុស​បាន​កែច្នៃ​ម៉ាស៊ីន​យន្ត​ហោះ​ធ្វើឡាន​ប្រនាំងដើម្បី​ចូលរួម​ការប្រនាំង​រថយន្ត​ទូទាំង​ប្រទេសជប៉ុន​លើក​ទី១ (ឆ្នាំ១៩៣៦)។ ពួកគេ​បាន​បង្កើត​ឯកត្តៈកម្ម 120km/h ដែលជា​ល្បឿនដែល​មិនគួរអោយ​ជឿ​នៅសម័យនោះ។ រយៈពេល​២០ឆ្នាំ​គ្មានអ្នក​ណា​អាច​បំបែក​ឯកត្តៈកម្ម​នោះទេ។ នាពេលនោះ ឡានប្រនាំង​គ្មាន​ខ្សែក្រវ៉ាត់​សុវត្ថិភាពទេ។ ហេតុនេះ​ពេល​បុកគ្នា ហុងដា​និងប្អូនប្រុស​បានខ្ទាត​ចេញពីឡាន​និងរងរបួស​យ៉ាងធ្ងន់។ ពេលដឹងខ្លួនឡើងនៅមន្ទីរពេទ្យ គិលានុបដ្ឋាកយិកា​បាននិយាយទៅកាន់​គាត់ថា «ចេះ​បើកភ្នែក​ឡើងវិញរួចដែរណំ»។ ក្រោយពីឧប្បត្តហេតុ​នោះមក​ ហុងដា​មិនដែលចូលរួម​ប្រកួត​ដោយខ្លួន​ឯង​ជាអ្នក​កាន់​ចង្កូត​ទេ។
  • ហុងដា​និងមិត្តសំលាញ់​ហ្វឹជីសាវ៉ា​មានគំនិតដូចគ្នាថា«ក្រុមហ៊ុន​មិនមែនជា​កម្មសិទ្ធរបស់​បុគ្គល​ណាម្នាក់ទេ»។ ហេតុនេះ​ពួកគេទាំង២នាក់មិនដែលអោយសាច់ញាតិ​ចូលធ្វើការ​ក្នុង​ក្រុមហ៊ុនទេ។
  • គេតែង​យល់ថា​ក្រុមហ៊ុន​ហុងដា​ជាស្នាដៃ​របស់​ហុងដា សូអ៊ិជិរ៉ូ​តែម្នាក់។ តាមពិត​វាក៏ជាចំនែក​របស់​ហ្វឹជីសាវ៉ា ថាកាអូ ដែរ។ ហុងដា​និយាយថា«បើគ្មាន​ហ្វឹជីសាវ៉ា​ជាអ្នក​ចាត់ចែងក្រុមហ៊ុន​ទេ ម៉្លេះ​ក្រុមហ៊ុន​រលំបាត់​ទៅហើយ»។ ចំនែកហ្វឹជីសាវ៉ា​វិញនិយាយថា«បើគ្មាន​ហុងដា​ជាអ្នក​គ្រប់គ្រង​ខាង​បច្ចេកទេស ក្រុមហ៊ុន​ក៏មិន​អាចរីកធំធាត់​បានដែរ»។ ពួកគេទាំង២​បំពេញ​អោយគ្នា​បានយ៉ាង​ល្អ។
  • មិត្តភក្ដិ​របស់លោកឈ្មោះ អ៊ីប៊ឹកា ម៉ាសារឹ (井深大) ដាក់ឈ្មោះក្រុមហ៊ុន​ខ្លួនថា សូនី។ ពេលឃើញ​បែបនេះ ហុងដា​មាន​ការ​សោក​ស្ដាយ​យ៉ាងខ្លាំង​ដែល​បាន​ដាក់ឈ្មោះ​ក្រុមហ៊ុន​ខ្លួន​តាមឈ្មោះ​ខ្លួន។
  • ពេល​ដែល​ក្រុមការងារ​ស្រាវជ្រាវម៉ាស៊ីនCVCCបានសំរេច ហុងដា​បានស្រែក​យ៉ាង​សប្បាយចិត្ត​ថា​«តែប៉ុណ្ណេះ​លក់ឡាន​បានហើយ»។ គាត់ត្រូវ​ក្រុមអ្នក​បច្ចេកទេស​CVCC ក្មេងៗស្ដីអោយថា «យើង​ផលិត CVCCដើម្បី​កាត់​បន្ថយ​ការបំពុល​បរិស្ថាន​ដោយផ្សែងឡាន មិន​មែន​ដើម្បី​លក់យកចំនេញទេ»។ ហុងដា​បានពិចារណា​កំហុស​ពាក្យ​សំដី​ខ្លួន។
  • អ្នកធ្វើ​ការ​ក្រោមបង្គាប់​ហុងដា គោរព​ខ្លាចគាត់ ហើយហៅគាត់ថា ឪ។ ពេលគាត់​ឃើញ​នរណា​ធ្វើ​ការងារ​អោយតែរួច​ពីដៃ គាត់ស្ដីអោយខ្លាំងៗ ហើយ​យកប្រដាប់ប្រដារ​វាយក្បាលអ្នកនោះ។
  • នៅក្នុង​កិច្ចសម្ភាស​របស់ទូរទស្សន៍​មួយ គាត់​បានមានប្រសាសន៍ថា«ខ្ញុំចាស់ហើយ ហេតុនេះខ្ញុំ​ដកខ្លួន​ពី​ការ​ស្រាវជ្រាវ​ថ្មីៗ។ ខ្ញុំតែង​សុំអោយ​អ្នក​ស្រាវជ្រាវ​ក្មេង​ៗ​របស់​ខ្ញុំ​បង្ហាញ​ប្រាប់ខ្ញុំ​ពីអ្វីដែលពួកគេ​កំពុង​ផលិត​ធ្វើ។ ខ្ញុំ​មិនយល់​ពីអ្វី​ដេល​ពួកគេ​កំពុងធ្វើទេ។ នេះជាមូលហេតុ​ធ្វើអោយខ្ញុំ​សប្បាយចិត្ត។ ប្រសិនបើ​អ្នកស្រាវជ្រាវ​ក្មេងៗ​ទាំងនោះ​ធ្វើការងារ​អ្វី​ដែលសូម្បីតែ​តាកញ្ចាស់​ដូចខ្ញុំ​យល់ដែរនោះ មានន័យ​ថាពួកគេ​ជាមនុស្ស​ល្ងង់។ តែភាពពិត ពួកគេជួយធ្វើនូវអ្វី​ដែល​ខ្ញុំ​មិនអាច​យល់បាន។ នេះជាអ្វីដែលខ្ញុំ​សប្បាយចិត្ត​បំផុត»។ ហុងដា​អោយតំលៃ​លើ​សមត្ថភាព រលកក្រោយ។
  • ពេល​ហុងដា​ត្រួតពិនិត្យ​រោងចក្រមួយ គាត់បានឃើញចុងភៅ​ដាក់ម្ហូប​ត្រជាក់ហើយ​អោយ​កម្មករ។ គាត់​បានស្ដីអោយ​ប្រធាន​ផ្នែក​អាហារ​ថា «ដាក់ម្ហូប​អញ្ចឹងៗ​អោយកម្មករ​ហូប អោយគេ​ធ្វើការ​បានល្អ​កើតដែរ​អី»។ គាត់​យកចិត្តទុកដាក់​លើ​សុខភាព​កម្មករ។
  • ក្រោយពី​ហ្វឹជីសាវ៉ា​ស្លាប់ ហុងដា​ក្លាយជា​ជនជាតិជប៉ុន​ទី១​ដែលមាន​ឈ្មោះ​តាំង​ក្នុង​សាលកិត្តិយស​របស់​សារមន្ទីររថយន្ត នៅអាមេរិច។ ក្រោយពីពិធី​ទទួលរង្វាន់​បញ្ចប់ គាត់ត្រលប់​មកប្រទេស​ជប៉ុនវិញ។ គ្រាន់តែ​ចុះពី​លើ​យន្តហោះភ្លាម គាត់សំដៅទៅកាន់​ផ្នូរ​របស់​ហ្វឹជីសាវ៉ាដើម្បីបង្ហាញមេដាយ រួចពោលថា «មេដាយនេះ​មិនមែន​របស់ខ្ញុំ​តែម្នាក់ទេ។ វាជារបស់យើងទាំង២ទទួល…»


ចំណូល

កែប្រែ
  • សុភមង្គល​ពិតប្រាកដ​បាន​ពីការសំរេច​ជោគជ័យ​ដោយប្រើ​ខួរក្បាល​និង​ទេពកោសល្យ​របស់ខ្លួនអ្នក
  • អ្វីដែល​យើង​រៀនពី​ការបរាជ័យ​ជាផ្នែកមួយ​មាន​តំលៃ​សំរាប់​យើង ដែលជួយ​អោយ​យើង​រឹងមាំ​ពេលធ្វើអ្វីក៏ដោយ។ ហេតុនេះ​សូមអោយ​ការលំបាក​ធ្វើអោយ​អ្នក​រឹងមាំ​ឡើង
  • សប្បាយ​រីករាយ​នឹង​ការងារ​របស់​អ្នកជារឿងសំខាន់ណាស់។ ប្រសិនបើការងារ​របស់​អ្នក​ឆ្លុះ​បង្ហាញពី​គំនិតរបស់​អ្នក នោះមានន័យថា​អ្នក​នឹង​រីករាយ​ជាមួយវា
  • បន្ទាប់ពី​វត្ថុធាតុ​ដើម​ត្រូវនាំ​ចូលក្នុង​រោងចក្រ គ្មានអ្វី​ក្រៅតែពី​ផលិតផលទេ​ដែលគួរ​ដឹកចេញ​ទៅវិញនោះ
  • បើសិនជា​ហុងដា​មិនប្រនាំងទេ នោះគ្មានហុងដាទេ (ការចូលរួម​ប្រនាំងម៉ូតូ​បានធ្វើអោយក្រុមហ៊ុន​​ហុងដាបង្កើន​សមត្ថភាពរបស់ខ្លួន)
  • បើសិន​ជាអ្នក​ជួល​មនុស្ស​ដែល​អ្នក​ស្គាល់​ច្បាស់​អោយធ្វើការ នោះក្រុមហ៊ុន​នឹងមិនអាច​ទទួល​បានមនុស្ស​ដែល​ប្រសើរជាង​អ្នកទេ។ សូមចាំ​ជានិច្ចថា​អ្នក​នឹង​រកឃើញ​មនុស្ស​ពូកែ​ក្នុងចំនោម​អ្នកដែលអ្នក​មិនសូវចូលចិត្ត។
  • ឋានៈជា​ប្រធាន​ក្រុមហ៊ុន​គ្មានអ្វី​អស្ចារ្យទេ។ និយាយអោយខ្លី ប្រព័ន្ធឋានានុក្រម​បញ្ជា​វាគ្រាន់តែ​ជាសញ្ញា​មួយតែប៉ុណ្ណោះ
  • កុំខ្លាច​នឹងសាកល្បង​ធ្វើ​ហើយ​បរាជ័យ។ ចូរភ័យខ្លាច​នឹង​ការមិនធ្វើអ្វីសោះវិញ
  • អ្វីដែលខ្ញុំ​លូកដៃ​ធ្វើ ៩៩%គឺបរាជ័យ និង១%ជោគជ័យ។ ខ្ញុំមានថ្ងៃនេះ ក៏ដោយសារតែជោគជ័យ​តែ១%​នោះឯង
  • មនុស្ស​កើតមក​មានសិទ្ធ​បរាជ័យ ប៉ុន្តែ​វា​ភ្ជាប់​ជាមួយ​លក្ខខណ្ឌមួយ​គឺកាតព្វកិច្ច​ដែលត្រូវ​ពិចារណា​កំហុស​ឡើងវិញ​ជាដាច់ខាត