អត្ថន័យ​ទូទៅ

កែប្រែ

ពាក្យ​ អានុស័យ (Anusaya) មាន​ន័យ​ទូទៅ​ថា បត់ (Bent), លំអៀង (bias), ទំនោរ ឬ និន្នាការ (proclivity), ការ​ចងចិត្ត​លំអៀង​ជាប់​ជា​ប្រចាំ​ដែល​ដេក​ត្រាំ​ រង់ចាំ​ឱកាស​បញ្ចេញ​ (the persistance of a dormant or latent disposition, predisposition, tendency)​ ។ ជាទូទៅ​ពាក្យ​នេះ​បង្កប់​អត្ថន័យ​មិន​ល្អ ។ នៅ​ក្នុង​គម្ពីរ​បុរាណ ពាក្យ អានុស័យ មិន​មាន​បង្កប់​អត្ថន័យ​ទោរទន់​ទៅ​រក​ទិស​ណា​មួយ​ទេ (​ល្អ​ក្តី ឬ​មិន​ល្អ​ក្តី) ព្រោះ​គ្មាន​ហេតុ​បង្ក ។ ​ពេល​ខ្លះ​ពាក្យ​នេះ​មាន​ន័យ​ថា ភាព​ចចេស (obstinacy), បុរេវិនិច្ឆ័យ (prejudice) និង សេចក្តី​លំអៀង (bias) ដែល​ត្រូវ​នឹង​ពាក្យ​បាលី​ថា អធិដ្ឋានភិនិវេសនុស័យា (adhiṭṭhāna-bhinivesa-nusayā) ។ ពេល​ខ្លះ​​​មាន​ការ​បញ្ជាក់​ហេតុ​នៃ​សេចក្តី​លំអៀង​នោះ ដូច​ជា មោទនភាព (pride), ការ​សង្ស័យ (doubt), អវិជ្ជា (ignorance), លោភៈ (lust), និង ការ​ស្អប់​ខ្ពើម (hatred) ។ វចនានុក្រម​ខ្លះ​ ប្រែ​ពាក្យ​​ អានុស័យ ថា សេចក្តី​សោកស្តាយ (Repentance); ទំនោរចិត្ត (inclination), គំនិត (thought), ចេតនា (desire) ប្រពៃណី (inherence), ឧបនិស្ស័យ (propensity) ឬ ទំនោរ​ទៅ​ខាង​ទស្សនៈ​មួយ, និន្នាការ​លាក់កំបាំង (underlying tendency) និន្នាការ​ពួន​សម្ងំ (latent tendency), ការ​គិតមមៃ​ជានិច្ច (obsession) ។

អត្ថន័យ​ក្នុង​ព្រះ​ពុទ្ធសាសនា

កែប្រែ

ក្នុង​ទ្រឹស្តី​ពុទ្ធសាសនា ពាក្យ​ អានុស័យ​ មាន​ន័យ​ថា ការ​គិត​មមៃ​ដល់​ជានិច្ច (Obsession) ឬ និន្នាការ​លាក់​កំបាំង (underlying tendency) ។ អត្ថន័យ​ដើម​របស់​ពាក្យ អានុស័យ គឺ ដេក​នៅ​​ជា​មួយ ឬ ត្រាំ​នៅ​ជា​មួយ (lying down with) ។ បើ​គេ​យក​​ពាក្យ​នេះ​ទៅ​ប្រើ​ផ្សំ​ក្នុង​ប្រយោគ អត្ថន័យ​របស់​កិរិយាសព្ទ​ដើម​គឺ អានុសតិ (anuseti) មាន​ន័យ​ថា "គិត​មមៃ​​ដល់​អ្វី​មួយ​ជាប់​ជានិច្ច" (to be obsessed) ។ ក្នុង​ទ្រឹស្តី​ពុទ្ធសាសនា អានុស័យ​ទាំង​អស់​មាន​ចំនួន ៧ ដែល​ចិត្ត​ត្រលប់​ទៅ​រក​វា​ម្តង​ហើយ​ម្តង​ទៀត ពោល​គឺ ការ​គិត​មមៃ​ជានិច្ច​​ទៅ​ដល់​អារម្មណ៍​រីករាយ​ខាង​រាងកាយ (obsession with sensual passion) ឬ​ហៅ​ថា​ កាមារាគានុសយៈ (kāma-rāgānusaya), ការ​គិត​មមៃ​ជានិច្ច​ដល់​​សេចក្តី​ជំទាស់ (obsession with resistance) ឬ​បដិឃានុសយៈ (paṭighānusaya), ការ​គិត​មមៃ​ជានិច្ច​ដល់​​​ទស្សនៈ​មួយ (obsession with views) ឬ​ទិដ្ឋានុសយៈ (diṭṭhānusaya), ការ​គិត​មមៃ​ជានិច្ច​ដល់​​​ការមិនប្រាកដ (obsession with uncertainty) ឬ​វិចិកិច្ឆានុសយៈ (vicikicchānusaya), ការ​គិត​មមៃ​ជានិច្ច​ដល់​​​​ការ​ប្រកាន់ (obsession with conceit ឬ​មានានុសយៈ​ (mānānusaya), ការ​គិត​មមៃ​ជានិច្ច​ដល់​​​ការ​ប្រែក្លាយ​ជា​អ្វី​មួយ (obsession with passion for becoming ឬ​ភវរាគានុសយៈ (bhava-rāgānusaya), និង ការ​គិត​មមៃ​ជានិច្ច​ដល់​​​អវិជ្ជា (obsession with ignorance) ឬ​អវិជ្ជានុសយៈ (avijjānusaya) ។ សូម​ប្រៀបធៀប​ពាក្យ​ អានុស័យ​ ទៅ​នឹង​ពាក្យ សំយោជនៈ (saṃyojana) ដើម្បី​រក​ភាព​ខុស​គ្នា ។

សម្រង់​ពី​គម្ពីរ​​អភិធម្ម​បិដក

កែប្រែ

វគ្គ​នេះ​ លោក​ ប៊ូ ប៉ូ ជា​អ្នក​រៀបរៀង ដោយ​ផ្តោត​ទៅ​លើ​គម្ពីរ​ព្រះ​យមកៈ និង​បោះពុម្ព​ដោយ​ទស្សនាវដ្តី​កម្ពុជសុរិយា ។

សត្តានុសយា កាមរាគានុសយោ បដិឃានុសយោ មានានុសយោ ទិដ្ឋានុសយោ វិចិកិច្ឆានុសយោ ភវរាគានុសយោ អវិជ្ជានុសយោតិ ។

ក្នុង​អនុសយយ​មក​ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ថា​ ​អនុស័យ​ មាន​ ៧ ប្រការ ។ សត្តានុសយា អនុស័យ​ ៧ ប្រការ​នោះ​គឺ ៖

១- កាមរាគានុស័យ
២- បដិឃានុស័យ
៣- មានានុស័យ
៤- ទិដ្ឋានុស័យ
៥- វិចិកិច្ឆានុស័យ
៦- ភវរាគានុស័យ
៧- អវិជ្ជានុស័យ ។

ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​សួរ​ថា យស្ស អនុសេតិ បើ​កាមរាគានុស័យ ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា បដិឃានុស័យ ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​នោះ​ឬ ? ម្យ៉ាង​ទៀត បើ​បដិឃានុស័យ​ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា កាមរាគានុស័យ​ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​នោះ​ឬ ? បើ​កាមរានុស័យ​ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ភវរាគានុស័យ និង​អវិជ្ជានុស័យ​ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​នោះ​ឬ ? បើ​មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ភវរាគានុស័យ និង​អវិជ្ជានុស័យ​ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា កាមរាគានុស័យ​ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​នោះ​ឬ ឬ​មិន​បនា​ដេក​នៅ​ផង​ទេ ? ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ឆ្លើយ​ថា បើ​កាមរាគានុស័យ​ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ភវរាគានុស័យ និង​ អវិជ្ជានុស័យ ក៏​ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​នោះ បើ​កាមរាគានុស័យ​មាន​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា អនុស័យ​ ៦ ប្រការ​ទៀត​ក៏​មាន​ក្នុង​សន្ដាន​នៃ​បុគ្គល​នោះ​ដែរ ។

កាមរាគានុសយមូលកានិ អនុស័យ​ទាំង​ ៦ ​ប្រការ​នោះ រមែង​មាន​កាមរាគានុស័យ​ជា​ឫសគល់​ជា​មូល​ហេតុ បើ​គ្មាន​កាមរាគានុស័យ​ជា​ទីតាំង​ទេ អនុស័យ​ទាំង​ ៦ ​ប្រការ មាន​បដិឃានុស័យ​ជា​ដើម ក៏​កើត​ឡើង​មិន​បាន ។

កាមរាគានុស័យ

កែប្រែ

កាមរាគានុស័យ​នោះ​តើ​ដូច​ម្ដេច ? អ្វី​ហៅ​ថា កាមរាគ ? អ្វី​ហៅ​ថា អនុស័យ ? កាមរាគានុស័យ​នោះ​តើ​អាស្រ័យ​ហេតុ​ដូច​ម្ដេច ? កាមរាគៈ​នោះ​បាន​សេចក្ដី​តម្រេក​ក្នុង​កាម​អនុស័យ​នោះ គឺ​ការ​ដេក​តាម​ឬ​ត្រាំ​នៅ​ក្នុង​ខន្ធ​សន្ដាន​នៃ​សត្វ​រឿយ ៗ ។ កាមរាគ គឺ​សេចក្ដី​ត្រេកអរ​ក្នុង​កាម ២ ប្រការ គឺ​កិលេសកាម និង​ វត្ថុកាម ។

កិលេស​ឈ្មោះ​ថា​កាម​នោះ ព្រោះ​ហេតុ​ថា​កិលេស​ដែល​សត្វ​គប្បី​ប្រាថ្នា ។ វត្ថុ​ឈ្មោះ​ថា​កាម​នោះ ព្រោះ​ហេតុ​ថា​ជា​របស់​ដែល​សត្វ​គប្បី​ប្រាថ្នា​ដូច​គ្នា ។ សេចក្ដី​ត្រេកអរ​ក្នុង​កាម ២ ប្រការ​នោះ​ឈ្មោះ​ថា អនុស័យ ព្រោះ​ហេតុ​ថា​ដេក​ត្រាំ​នៅ​ឬ​លិច​នៅ​ក្នុង​ខន្ធ​សន្ដាន នៃ​សព្វ​សត្វ​ដេក​នៅ​រឿយៗ ​ដេក​ត្រាំ​នៅ​ជានិច្ច ក្នុង​ខន្ធ​សន្ដាន​នៃ​សត្វ​ទាំង​ឡាយ វៀរ​លែង​តែ​ព្រះ​អរិយ​បុគ្គល​ដែល​ប្រកប​ដោយ​លោកុត្តរ​ចិត្ត ទើប​មិន​អាច​ដេក​ត្រាំ​នៅ​បាន ។

បដិឃៈ គឺ​ ចិត្ត​ប្រកប​ដោយ​សេចក្ដី​ក្រោធ ។
មានៈ គឺ ​សេចក្ដី​ប្រកាន់​ខ្លួន ។
ទិដ្ឋិៈ គឺ ​ការ​ដែល​បុគ្គល​យល់​ឃើញ​ខុស នឹង​ប្រកាន់​ខុស​ហើយ​ប្រៀន​ប្រដៅ​ឲ្យ​អ្នក​ដទៃ​យល់​ឃើញ​ខុស​ប្រកាន់​ខុស​តាម​ខ្លួន ។
វិចិកិច្ឆាៈ គឺ ​បុគ្គល​មាន​ចិត្ត​គិត​សង្ស័យ មិន​បាន​កំណត់​ឲ្យ​ដាច់​ស្រេច ។
អវិជ្ជា គឺ ​ការ​មិន​ដឹង ។

ធម៌​ទាំង​ ៧ នេះ​ឈ្មោះ​ថា អនុស័យ ព្រោះ​ជា​ធម៌​ដេក​ត្រាំ​នៅ​ជាប់​ជានិច្ច​ក្នុង​ខន្ធ​សន្ដាន​នៃ​សត្វ​ទាំង​ឡាយ ។ លុះ​ត្រា​តែ​បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​​បាន​សម្រេច​អរិយ​មគ្គ អរិយផល ទើប​ធម៌​ទាំង​ ៧ ​នេះ​លែង​ត្រាំ​ក្នុង​សន្ដាន ។ ធម៌​ទាំង​​ ៧ ​នេះ គ្រាន់​តែ​កាមរាគ​មួយ​ប៉ុណ្ណោះ បើ​កើត​មាន​ក្នុង​ចិត្ត​អ្នក​ណា​ហើយ តែង​ធ្វើ​អ្នក​នោះ​ឲ្យ​ក្ដៅ​ក្រហាយ​អន្ទះ​អន្ទែង ។ បើ​មិន​ខំ​បំបាត់​ចេញ​ទេ ចេះ​តែ​បណ្ដោយ​ឲ្យ​កើត​ខ្លាំង​ក្លា​ឡើង​ទាល់​តែ​អត់​ទ្រាំ​មិន​បាន ដល់​វេលា​ឃើញ​ស្រ្ដី​មាន​សេចក្ដី​ស្នេហា​ស្រឡាញ់​ខ្លាំង​ពេក ទៅ​ជា​ភ្លេច​ខ្លួន​គ្មាន​គិត​អៀន​ខ្មាស ហ៊ាន​និយាយ​ចំអក​ចំអន់​លេង​សើច​ ឬ​​ហ៊ាន​ចូល​ទៅ​ចាប់​ដៃ​ពាល់​ខ្លួន​ប្រាណ​ស្រី​នោះ ដែល​គេ​មិន​ដឹង​ខ្លួន​សោះ ។ ជួន​កាល​ត្រូវ​រាជ​ទណ្ឌ​ គឺ​រាជការ​ចាប់​យក​ទៅ​ធ្វើ​ទណ្ឌកម្ម​ឬ​ពិន័យ​ជា​ប្រាក់​កាស ។ ជួនកាល​កើត​ឈ្លោះ​ប្រកែក​វាយ​ដំ​គ្នា ព្រោះ​ទៅ​ស្រឡាញ់​ប្រពន្ធ​គេ​ឬ​ប្ដី​គេ ។

ម្យ៉ាង​ទៀត អនុស័យ​ ៧ ប្រការ​មាន​កាមរាគានុស័យ​ជា​ដើម​នេះ​បើ​កើត​មាន​ក្នុង​ចិត្ត​នៃ​បុគ្គល​នៃ​បុគ្គល​ណា​ហើយ តែង​ញ៉ាំង​បុគ្គល​នោះ​ឲ្យ​ប្រព្រឹត្ត​ទុច្ចរិត​ផ្សេង ៗ ដែល​ខ្លួន​មិន​ធ្លាប់​ប្រព្រឹត្ត​ពី​មុន​មក​សោះ ។ ឧទាហរណ៍ ទៅ​ជា​នាំ​ឲ្យ​ហ៊ាន​ប្រព្រឹត្ត ជា​ហេតុ​នឹង​ឲ្យ​បាន​នូវ​សេចក្ដី​វិនាស​ក្នុង​ជាតិ​នេះ​នឹង​ជាតិ​មុខ ។ ហេតុ​ដូច្នោះ អ្នក​មាន​ប្រាជ្ញា​គួរ​តែ​ខំ​កំចាត់​បង់​នូវ​អនុស័យ​ទាំង​ ៧ ​ប្រការ​មាន​កាមរាគានុស័យ​ជា​ដើម​នេះ​ឲ្យ​អស់​ចេញ​ពី​សន្ដាន ។ ដូច​ជា​ការ​លះបង់​នូវ​សេចក្ដី​ត្រេកអរ​ក្នុង​កាម​ ២​ប្រការ លោក​សំដៅ​យក​ភេទ​បព្វជ្ជា​ទើប​លះ​បង់​កាម ២ ​នោះ​បាន ។ នេះ​កំណត់​ជាន់​ខ្ពស់​បំផុត ។ បើ​កំណត់​ជាន់​ទាប​វិញ បុគ្គល​ជា​ឃរាវាស​ក៏​អាច​លះ​បង់​កាម ២ នោះ​បាន​ដែរ គឺ​មិន​ឲ្យ​ត្រេកអរ​ក្នុង​កាម​គុណ​របស់​អ្នក​ដទៃ នឹង​វត្ថុ​របស់​អ្នក​ដទៃ ។ បើ​គ្រាន់​តែ​នឹក​ត្រេកអរ​ក្នុង​ចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ​ មិន​បញ្ចេញ​អាការ​ខាង​ក្រៅ​ឲ្យ​ឃើញ​ច្បាស់​ក៏​ឥត​ទោស ។ នេះ​ជា​ការ​ដែល​អ្នក​ប្រាជ្ញ​សរសើរ​ថា​ជា​បុគ្គល​សន្ដោស ។

បដិឃានុស័យ

កែប្រែ

បដិឃានុស័យ មាន​ន័យ​ថា​ សេចក្ដី​ក្រោធ កើត​មាន​ក្នុង​ចិត្ត​អ្នក​ណា​តែង​ធ្វើ​អ្នក​នោះ​ឲ្យ​បាន​ទុក្ខ​ទោស​ឲ្យ​វិនាស​ច្រើន​ឬ​តិច តាម​កម្លាំង​ក្រោធ​ខ្លាំង​ឬ​តិច ។ អ្នក​ក្រោធ​ខឹង​ មិន​បាន​សេចក្ដី​សុខ ​ឬ​ការ​ចំរើន​ផល​ប្រយោជន៍​អ្វីឡើយ ។

មានានុស័យ

កែប្រែ

មានានុស័យ មាន​ន័យ​ថា ការ​ប្រកាន់​ខ្លួន​ប្រាណ បើ​កើត​មាន​ក្នុង​ចិត្ត​អ្នក​ណា​ហើយ តែង​ធ្វើ​អ្នក​នោះ​ឲ្យ​បាន​នូវ​សេចក្ដី​វិនាស​ជា​ច្រើន​ប្រការ ។

ព្រះ​អដ្ឋកថា​ចារ្យ សំដែង​ដោយ​អនុលោម​តាម​ព្រះ​ពុទ្ធ​ភាសិត​នៃ​ព្រះ​បរម​ទសពល​មាន​ច្រើន​ប្រការ ព្រោះ​ថា​ មានៈ ​នោះ​បើ​កើត​មាន​ឡើងហើយ ​បណ្ដោយ​ឲ្យ​ចេះ​តែ​ចំរើន​ច្រើន​ៗឡើង ក៏​នាំ​បណ្ដាល​ឲ្យ​ស្រវឹង​ទៅ​ផ្សេងៗ គឺ​ស្រវឹង​ព្រោះ​ជាតិ, ស្រវឹង​ព្រោះ​គោត្រ, ស្រវឹង​ព្រោះ​ឥត​រោគ, ស្រវឹង​ក្នុង​ជីវិត, ស្រវឹង​ក្នុង​លាភ, ស្រវឹង​សក្ការៈ, ស្រវឹង​ក្នុង​ការ​គោរព, ស្រវឹង​ក្នុង​បរិវារ, ស្រវឹង​ក្នុង​សម្បត្តិ, ស្រវឹង​ក្នុង​ការ​សរសើរ​គុណ, ស្រវឹង​ក្នុង​ភាព​ជា​ពហូសូត្រ, ស្រវឹង​ក្នុង​បដិភាណ និង ស្រវឹង​ក្នុង​យស ។ បុគ្គល​មាន​មានៈ​ច្រើន ​តែង​នាំ​ឲ្យ​កើត​មាន​សេចក្ដី​ស្រវឹង​ផ្សេង ៗ ដូច​រៀប​រាប់​មក​ប៉ុណ្ណេះ​ជា​ដើម ។

អ្នក​ស្រវឹង​ព្រោះ​ជាតិ​នោះ តែង​កើត​អំពី​វណ្ណៈ​ទាំង​ ៤ ជា​មូលហេតុ​ គឺ​វណ្ណៈ​​ក្សត្រ, វណ្ណៈ​​ព្រហ្មណ៍, វណ្ណៈ​​ឈ្មួញ, និង វណ្ណៈ​​អ្នក​គ្រួ ។ វណ្ណៈ​​ក្សត្រ​តែង​កើត​មានៈ​ប្រកាន់​ខ្លួន​ថា ជាតិ​សម្បន្នោ ហិខត្តិយោ ឈ្មោះ​ថា​ក្សត្រ​ជា​អ្នក​បរិបូណ៌​ដោយ​ជាតិ អាត្មា​ជា​ក្សត្រ​ប្រកប​ដោយ​ជាតិ​ខ្ពង់​ខ្ពស់ គ្មាន​អ្នក​ណា​ស្មើ​ឡើយ អាត្មា​ជា​ក្សត្រ​កើត​មក​អំពី​ក្សត្រ​ត​សន្ដិវង្ស ។ ឯ​ការ​ស្រវឹង​ដោយ​ជាតិ​នោះ ជា​ហេតុ​នឹង​ឲ្យ​ដល់​នូវ​សេចក្ដី​វិបត្តិ ដូច​សាក្យរាជ​ទាំង​ឡាយ​ដែល​ប្រកប​ដោយ​មានៈ​នោះ ព្រះ​រាជ​កុមារ​ព្រះ​នាម​វិឌូឌភៈ សម្លាប់​ព្រះ​ញាតិ​វង្សានុវង្ស​ឲ្យ​អស់​ព្រះ​ជន្ម​ជា​ច្រើន​ ។

ការ​ស្រវឹង​ព្រោះ​គោត្រ​នោះ គឺ​កើត​មាន​មានៈ​ថា អាត្មា​កើត​ក្នុង​អាទិត្យ​វង្ស ក្សត្រ​ផ្សេង ៗ មាន​វង្ស​ថោក​ទាប​ជាង​អាត្មា ។ ចំណែក​ព្រាហ្មណ៍​ទាំង​ឡាយ​ដែល​ស្រវឹង​ក្នុង​ជាតិ​នោះ គឺ​មាន​មានៈ​ប្រកាន់​ខ្លួន​ថា យើង​ជា​ព្រហ្មណ៍​មហាសាល ។ ព្រាហ្មណ៍​ដែល​ប្រកាន់​គោត្រ​នោះ គឺ​ប្រកាន់​ខ្លួន​ថា អាត្មា​ជា​ព្រាហ្មណ៍​កើត​អំពី​កស្សបគោត្រ​ជា​ដើម ។ ឈ្មួញ​នឹង​អ្នក​គ្រួ​ទាំង​ឡាយ​នោះ មាន​មានៈ​ព្រោះ​អាស្រ័យ​នូវ​ជាតិ​និង​​គោត្រ​នៃ​ខ្លួន ៗ ដូច​គ្នា ។

មានៈ​អាស្រ័យ​នូវ​ជាតិ​ទើប​កើត​មាន​ឡើង ឈ្មោះ​ថា ជាតិមទោ ស្រវឹង​ព្រោះ​ជាតិ ។ មានៈ​អាស្រ័យ​នូវ​គោត្រ​ទើប​កើត​មាន​ឡើង ឈ្មោះ​ថា គោត្តមទោ ស្រវឹង​ព្រោះ​គោត្រ ​ពោល​គឺ​ការ​អួតអាង​ថា​ ត្រកូល​ ឬ វណ្ណៈ​របស់​ខ្លួន​ប្រសើរ​ជាង​ត្រកូល ឬ វណ្ណៈ​របស់​ជន​ដទៃ ។

សេចក្ដី​ស្រវឹង​ក្នុង​ភាព​គ្មាន​រោគ​នោះ គឺ​កើត​មានៈ​ប្រកាន់​ខ្លួន​ថា អហំ អរោគោ អាត្មា​នេះ​ជា​អ្នក​ឥត​រោគ គណ្ឌុប្បាទមត្តំបិ សូម្បី​មាត្រា​ថា​ព្យាធិ គឺ​បូស​កើត​ឡើង​ដល់​អាត្មា​ក៏​គ្មាន ជន​ទាំង​ឡាយ​ដទៃ​ក្រៅ​អាត្មា សុទ្ធ​តែ​ជា​អ្នក​មាន​រោគ​ច្រើន ។

សេចក្ដី​ស្រវឹង​ក្នុង​វ័យ​នោះ គឺ​មាន​មានៈ​ថា អាត្មា​នៅ​ក្មេង ជន​ឯ​ទៀត​ច្រើន​តែ​ជា​អ្នក​ចាស់​ជរា ឯ​អាត្មា​អញ​សូម្បី​ចាស់​ជរា​ក៏​មែន​ហើយ​ប៉ុន្តែ​សក់​នៅ​ខ្មៅ​មិន​ទាន់​ស្កូវ​មួយ​សរសៃ​ទេ ធ្មេញ​មិន​ទាន់​បាក់​មួយ សាច់​នឹង​ស្បែក​មិន​ទាន់​ស្វិត​ជ្រួញ​ជ្រីវ ភ្នែក​មិន​ទាន់​ងងឹត ត្រចៀក​មិន​ទាន់​ថ្លង់​ជា​ដើម ។

ការ​ស្រវឹង​ថា​ខ្លួន​គ្មាន​រោគ នឹង​ស្រវឹង​ក្នុង​វ័យ ទាំង​ពីរ​ប្រការ​នេះ​កើត​មាន​ឡើង ព្រោះ​តែ​បុគ្គល​មិន​បាន​ពិចារណា​ឲ្យ​ឃើញ​ច្បាស់​ដោយ​បញ្ញា​របស់​ខ្លួន ។ អ្នក​មាន​ប្រាជ្ញា​គប្បី​ចូល​ចិត្ត​ថា​ធម្មតា​មនុស្ស​ឬ​សត្វ​មិន​ដែល​គ្មាន​រោគ​ទេ សុទ្ធ​តែ​មាន​រោគ​នៅ​ប្រចាំ​ខ្លួន​គ្រប់​គ្នា​ជា​និច្ច ប្លែក​គ្នា​តែ​អ្នក​ខ្លះ​មាន​រោគ​តិច អ្នក​ខ្លះ​មាន​រោគ​ច្រើន​ប៉ុណ្ណោះ ហើយ​រោគ​នោះ​ខុស​គ្នា​ទៀត មិន​សូវ​ដូច​គ្នា​ទេ ។ ប៉ុន្តែ​មាន​រោគ​ម្យ៉ាង​ដូច​គ្នា គ្រប់​រូប​មនុស្ស​សត្វ គឺ​រោគ​ស្រេក​ទឹក​នឹង​រោគ​ឃ្លាន​បាយ ដែល​ជា​រោគ​ធំ​បំផុត​ប្រចាំ​ជីវិត ព្រោះ​ថា​មនុស្ស​គ្រប់​រូប​យក​ចិត្ត​ទុក​ដាក់​ខំ​ថែ​រក្សា មើល​រោគ​ស្រេក​នឹង​រោគ​ឃ្លាន​នេះ​ជា​និច្ច សូម្បី​បាន​ផឹក​ទឹក​នឹង​បរិភោគ​បាយ​មួយ​ពេល​ឆ្អែត​ហើយ​ក៏​នៅ​តែ​មិន​សះ​ជា​រោគ​នេះ ព្រោះ​ថា​កន្លង​ពេល​ពី​នោះ​បន្តិច​ទៅ ក៏​កើត​រោគ​ស្រេក​ឃ្លាន​ទៀត រាល់​ថ្ងៃ​ខែ​រហូត​ទៅ​ដល់​ស្លាប់ ។

ចំណែក​ការ​ស្រវឹង​ក្នុង​វ័យ​នោះ ក៏​កម្រ​នឹង​ពិចារណា​ឲ្យ​យល់​ហើយ​កំចាត់​ស្រវឹង​ចេញ​បាន​ណាស់ ។ អ្នក​មាន​ប្រាជ្ញា​គប្បី​ចូល​ចិត្ត​ចុះ​ថា បើ​ទុក​ជា​ខ្លួន​យើង​នៅ​ក្មេង ក៏​ឈ្មោះ​ថា​ប្រាស​ចាក​វ័យ ព្រោះ​ជរា​ចូល​មក​គ្រប​សង្កត់​ជានិច្ច គឺ​ថា​មាន​ជរា​រាល់​វេលា ឯ​ជីវិត​ចេះ​តែ​ខិត​ចូល​ទៅ​ជិត​សេចក្ដី​ស្លាប់​រាល់​ថ្ងៃ​ខែ​ឆ្នាំ ។ បើ​រាប់​ថ្ងៃ​ខែ​ដែល​ខ្លួន​រស់​នៅ​រួច​មក​ហើយ​ឃើញ​ថា​ចេះ​តែ​ចំរើន​ច្រើន​ៗ​ឡើង ឯ​ថ្ងៃ​ខែ​ឆ្នាំ​ខាង​មុខ​ចេះ​តែ​ថយ​តិច​ៗ​ទៅ ហេតុ​នោះ បាន​ជា​លោក​ប្រាប់​ថា បុគ្គល​កើត​មក​ក្នុង​លោក​នេះ​មិន​បាន​ស្ថិត​នៅ​ឲ្យ​ទៀងទាត់​ក្នុង​វ័យ​ណា​មួយ​ទេ គឺ​ដំបូង​ជា​បឋម​វ័យ ហើយ​លឿន​ទៅ​ដល់​មជ្ឈិម​វ័យ​ជា​ថ្នាក់​កណ្ដាល​រហូត​ដល់​ថ្នាក់​បំផុត​ជា​បច្ឆិម​វ័យ ។

បុគ្គល​អ្នក​ស្រវឹង​ក្នុង​វ័យ​នោះ សូម្បី​ដឹង​ថា​ខ្លួន​មាន​សក់​ស្កូវ ធ្មេញ​បាក់ ភ្នែក​ងងឹត សាច់​ស្បែក​ជ្រួញ​ជ្រីញ​ហើយ ក៏​នៅ​តែ​គិត​ថា​ខ្លួន​នៅ​ក្មេង មិន​យល់​ព្រម​ថា​ខ្លួន​ចាស់​ជរា​ទេ បើ​គេ​ហៅ​តា​យាយ​ក៏​អាក់​អន់​ចិត្ត​បើ​គេ​ហៅ​ប្អូន​ឬ​បង​ក៏​សប្បាយ​រីក​រាយ​ចិត្ត ដូច្នេះ​ចាត់​ថា​អ្នក​ស្រវឹង​ក្នុង​វ័យ។

ឧប្បន្នោ មានោ មានៈ​ប្រកាន់​ខ្លួន​កើត​ឡើង​ដោយ​អំណាច​នៃ​ចិត្ត​គិត​ថា អហំ ចីរំ ជីរំ ជិវាមិ អញ​មាន​ជីវិត​រស់​នៅ​ឥឡូវ​នេះ ហើយ​នឹង​មាន​ជីវិត​រស់​នៅ​ត​ទៅ​មុខ​ទៀត​បាន​យូរ​ក្ដី អញ​តែង​បាន​សុខ ឥត​ទុក្ខ​ព្រួយ អញ​មាន​ជីវិត​ដ៏​មាំ​មួន​ថិតថេរ អ្នក​ឯ​ទៀត​មាន​ជីវិត​មិន​មាំ​មួន​ទេ មាន​ជីវិត​មិន​បាន​សុខ​ដូច​អញ​ឡើយ មានៈយ៉ាង​នេះ​ឈ្មោះ​ថា ស្រវឹង​ក្នុង​ជីវិត ។

ការ​ស្រវឹង​ក្នុង​លាភ​នោះ គឺ​ប្រកាន់​ថា​ខ្លួន​ជា​អ្នក​មាន​លាភ​ច្រើន ជា​អ្នក​រក​លាភ​បាន​ងាយ ៗ ឯ​អ្នក​ដទៃ​សូម្បី​មាន​លាភ​ក៏​មែន​ហើយ ប៉ុន្តែ​មិន​ស្មើ​នឹង​អញ​ទេ ។ ចំណែក​បណ្ឌិត​ជន​វិញ មិន​ស្រវឹង​ក្នុង​លាភ​យ៉ាង​នេះ​ទេ លោក​សំគាល់​ថា​អាត្មា​អញ​បាន​លាភ​ច្រើន​ដូច្នេះ មក​ពី​ហេតុ​ដែល​អញ​បាន​ធ្វើ​កង​ការ​កុសល​ទុក ទើប​លោក​ឧស្សាហ៍​បរិចាគ​ទាន ។

ការ​ស្រវឹង​ក្នុង​បរិវារ​នោះ គឺ​ប្រកាន់​ថា​អាត្មា​អញ​នេះ​មាន​បរិវារ​ច្រើន​រាប់​រយ​ពាន់​នាក់ ឥត​អ្នក​ណា​មាន​បរិវារ​ច្រើន​ស្មើ​នឹង​អញ​ទេ លុះ​ស្រវឹង​យ៉ាង​នេះ​ហើយ ក៏​តាំង​អហង្ការ​មមង្ការ គឺ​ប្រកាន់​ថា​មាន​តែ​អញ​ជា​អ្នក​ប្រសើរ​វិសេស​ជាង​គេ ចំណែក​អ្នក​ប្រាជ្ញ​វិញ បើ​ទុក​ជា​មាន​បរិវារ​ច្រើន​ដល់​ប៉ុន្មាន ក៏​លោក​មិន​ស្រវឹង​ដូច្នេះ​ដែរ ។ ការ​ស្រវឹង​ក្នុង​សម្បត្តិ​នោះ​គឺ​ស្រវឹង​ដោយ​អំណាច​នៃ​គំនិត​គិត​ឃើញ​ថា អាត្មា​អញ​មាន​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន នឹង​មាន​កាមគុណ​ទាំង​ប្រាំ ជា​ទី​ប្រលោម​លួងលោម​ចិត្ត​ក៏​ច្រើន ស្រី​ស្រិង្គារ​នឹង​វត្ថុ​អ្វី ៗ ក៏​មាន​គ្រប់​មុខ​ឥត​ខ្វះ យល់​ឃើញ​ដូច្នេះ​ហើយ​មិន​បាន​ធ្វើ​ការ​កុសល​ណា​មួយ​ទេ បែរ​ជា​តាំង​ខ្លួន​ក្នុង​អហង្ការ​មមង្ការ​សំគាល់​ថា អាត្មា​អញ​ជា​អ្នក​មាន​សម្បត្តិ​ច្រើន​ជាង​គេ ឥត​អ្នក​ណា​មាន​ស្មើ​ទៅ​វិញ ។ ចំណែក​បណ្ឌិត​វិញ បើ​ទុក​ជា​មាន​សម្បត្តិ​ច្រើន​ដល់​ប៉ុន្មាន ក៏​លោក​មិន​ស្រវឹង​យ៉ាង​នេះ​ដែរ លោក​តែង​បែង​ចែក​ទ្រព្យ​របស់​ខ្លួន​ជា​បួន​ចំណែក គឺ​មួយ​ចំណែក​ទុក​ចំណាយ​ក្នុង​គ្រា​មាន​គ្រោះ​ថ្នាក់​អាសន្ន​អន្តរាយ ២ ចំណែក​សម្រាប់​ប្រកប​កិច្ចការ​ចិញ្ចឹម​ជីវិត​មាន​ពាណិជ្ជកម្ម​ជា​ដើម នឹង​ចិញ្ចឹម​គ្រួសារ​ខ្លួន មួយ​ចំណែក​ទៀត​សម្រាប់​ធ្វើ​បុណ្យ បណ្ឌិត​លោក​បែង​ចែក​ទ្រព្យ​ជា​បួន​ចំណែក​យ៉ាង​នេះ ។

ការ​ស្រវឹង​ក្នុង​សរីរៈ​ពណ៌​សណ្ឋាន​នោះ គឺ​សំគាល់​ថា អភិរូបោ បាសាទិកោ អាត្មា​អញ​មាន​រូប​រាង​កាយ​ពណ៌​សម្បុរ​ទ្រង់​ទ្រាយ​ល្អ​ឆើត​ឆាយ​សមរម្យ​នាំ​ឲ្យ​អ្នក​ផង​មាន​ចិត្ត​ជ្រះ​ថ្លា​ស្រឡាញ់ អ្នក​ដទៃ​សូម្បី​មាន​រូប​រាង​ល្អ ក៏​មិន​ស្មើ​នឹង​អញ គ្មាន​គេ​សរសើរ​ដូច​អញ​ដែរ ។

ការ​ស្រវឹង​ក្នុង​ភាព​ជា​ពហុសូត្រ​នោះ គឺ​ស្រវឹង​ដោយ​គំនិត​គិត​ឃើញ​ថា អាត្មាអញ​ជា​អ្នក​រៀន​បាន​ច្រើន បាន​ស្ដាប់​ច្រើន គ្មាន​អ្នក​ណា​ចេះ​ដឹង​ស្មើ​នឹង​អញ​ទេ ។ ការ​ស្រវឹង​នេះ​មាន​ ២ ប្រការ គឺ​ស្រវឹង​ថា​ខ្លួន​ជា​អ្នក​ចេះ​ដឹង​ច្រើន​ជាង​គេ និង ស្រវឹង​ថា​មិត្ត​សម្លាញ់ ឬ​បក្ស​ពួក​របស់​ខ្លួន​ជា​អ្នក​ចេះ​ដឹង​ច្រើន​ជាង​គេ ។

ការ​ស្រវឹង​ក្នុង​បដិភាណ​នោះ គឺ​សំគាល់​ថា អាត្មាអញ​ជា​អ្នក​មាន​បញ្ញា​ឈ្លាសវៃ ប៉ិន​ប្រសប់​ក្នុង​ការបុច្ឆា​នឹង​វិសជ្ជនា​យ៉ាង​ស្ទាត់ គ្មាន​អ្នក​ណា​ឈ្លាស​វៃ​ប៉ិន​ប្រសប់​ចោទ​ឆ្លើយ​ស្មើ​នឹង​អញ​ទេ ។

ការ​ស្រវឹង​ក្នុង​សិល្បសាស្រ្ត​វិជ្ជាការ​នោះ គឺ​សំគាល់​ថា​អាត្មា​អញ​មាន​វិជ្ជាការ ប្រសើ​ជាង​អ្នក​ដទៃ គ្មាន​អ្នក​ណា​ស្មើ​នឹង​អញ​ឡើយ ។

មានៈ ដែល​កើត​មាន​ឡើង​ដោយ​អំណាច​នៃ​សេចក្ដី​ស្រវឹង​នោះ បើ​ពោល​ដោយ​ប្រភេទ​មាន​ច្រើន​យ៉ាង​ណាស់ ។ ប៉ុន្តែ​​សូម​នាំ​មក​សំដែង​ក្នុង​ទី​នេះ​ដោយ​សង្ខេប​ប៉ុណ្ណេះ ។ អ្នក​មាន​បញ្ញា​គប្បី​ជ្រាប​ចុះ​ថា មានៈ​​គឺ​ការ​ប្រកាន់​ផ្សេង ៗ ដែល​នឹង​មាន​ទោស​ក្នុង​ជាតិ​នេះ​ឬ​ជាតិ​មុខ ។ តួ​យ៉ាង​ដូច​សុប្បពុទ្ធ​សាក្យរាជ ​ជា​ព្រះ​បរម​ញាតិ​របស់​​ព្រះ​ពុទ្ធ​អង្គ​, ជា​បិតា​នៃ​ព្រះ​នាង​ពិម្ពា​ និង ​ព្រះ​ទេវទត្ត និង ជា​ព្រះ​បរម​ជេដ្ឋា​របស់​ព្រះ​នាង​សិរិមហា​មាយា ហើយ​ក៏​រាប់​ចូល​ក្នុង​វង្ស​នៃ​សាក្យរាជ ។ ​សុប្បពុទ្ធ​សាក្យរាជ​ប្រកប​ដោយ​ព្រះ​ទ័យ​រឹង​រូស​ មាន​មានៈ ទើប​បាន​ចង​អាឃាត​ព្យាបាទ​នឹង​ព្រះ​បរម​សាស្ដា​ដោយ​ហេតុ​ ២ ប្រការ គឺ​ការ​លះ​បង់​ព្រះ​នាង​ពិម្ពា​ទៅ​បព្វជ្ជា និង ​ការ​​តាំង​នៅ​ក្នុង​ទី​ជា​ពៀរ​នៃ​ព្រះ​ទេវទត្ត ។ ​ដោយ​សារ​តែ​គំនំ​​ចង​ពៀរ​ដូច្នេះ​ ទើបសុប្បពុទ្ធ​សាក្យរាជ​រាំង​ផ្លូវ​គោចរ​បិណ្ឌបាត​នៃ​​ព្រះ​បរម​ត្រៃ​លោក​នាថ ហើយ​សុប្បពុទ្ធ​សាក្យរាជ​​ក៏​​បាន​សោយ​ផល​នៃ​កម្ម​ជា​ទិដ្ឋធម្ម​វេទនីយ៍ គឺ​មហា​ប្រឹឋពី​ស្រូប​​ចុះ​ទៅ​កើត​ក្នុង​មហា​អវចី​នរក អាស្រ័យ​ហេតុ​ដែល​ប្រកប​ដោយ​មានានុស័យ

បុគ្គល​ដែល​ប្រកប​ដោយ​ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ភវរាគានុស័យ និង​អវិជ្ជានុស័យ ក៏​ជា​ហេតុ​នឹង​ឲ្យ​ដល់​នូវ​សេចក្ដី​វិនាស​ក្នុង​ជាតិ​នេះ​ និង ​ជាតិ​មុខ​ដូច​គ្នា ។ ហេតុ​នោះ បាន​ជា​​ព្រះ​បរម​សាស្ដា​ទ្រង់​ត្រាស់​ទេសនា អនុស័យ​ ៧ ប្រការ​បញ្ចូល​ក្នុង​យមកបរកណ៍​ដោយ​ប្រការ​ដូច្នេះ ។