អបរគាថាសង្គណិក

សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

អបរគាថាសង្គណិកៈ

[១៥២] សួរថា ការចោទដើម្បីប្រយោជន៍អ្វី ការរំលឹកទោស ដើម្បីហេតុអ្វី ប្រជុំសង្ឃដើម្បីប្រយោជន៍អ្វី ម្យ៉ាងទៀត មតិកម្ម គឺការរៀនមន្តដើម្បីហេតុអ្វី។ ឆ្លើយថា ការចោទ ដើម្បីរំលឹកទោស ការរំលឹកទោសដើម្បីនឹងសង្កត់សង្កិន (បុគ្គលនោះ ឲ្យរាងចាល) ប្រជុំសង្ឃដើម្បីពិនិត្យរកនូវការវិនិច្ឆ័យ ឯមតិកម្ម គឺការរៀនមន្តផ្សេងៗគ្នា (ដើម្បីឲ្យចូលចិត្តនូវការកាត់សេចក្តី)។ បើលោកធ្វើជាវិន័យធរ ត្រូវកុំនិយាយរួសរាន់ពេក កុំនិយាយទាំងកំណាច កុំធ្វើសេចក្តីថ្នាំងថ្នាក់ចិត្តឲ្យកើតឡើង (ចំពោះអ្នកដែលត្រូវចោទ ឬអ្នកដែលចោទ) កុំនិយាយពាក្យសង្កត់សង្កិនឥតប្រយោជន៍ ដោយរួសរាន់ ត្រូវលោកពិចារណានូវវត្ត ដែលគួរប្រព្រឹត្តតាម ជាអនុលោមរបស់សិក្ខាបទ ដែលព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញ ឆ្លៀវឆ្លាស ទ្រង់ធ្វើ គឺបាននាំមកតំកល់ទុក ទ្រង់ពោលទុកមកដោយល្អ ក្នុងសុត្តៈ គឺឧភតោវិភង្គ ក្នុងវិន័យ គឺខន្ធកៈ ក្នុងអនុលោម គឺបរិវារៈ ក្នុងបញ្ញត្តិ គឺវិន័យបិដកទាំងអស់ ក្នុងអនុលោមិកៈ គឺមហាបទេស៤ ហើយនិងបានញុំាងគតិរបស់ខ្លួន ដែលប្រព្រឹត្តទៅក្នុងបរលោក មិនឲ្យវិនាសបាន។ លោក កាលស្វែងរកនូវប្រយោជន៍ គប្បីប្រកបតាមធម្មជាត ដែលប្រកបដោយប្រយោជន៍តាមកាលដ៏គួរ លោកកុំអាលជឿសំដី របស់អ្នកជាប់ចោទ និងអ្នកចោទ ដោយរហ័សឡើយ។ (បើ) អ្នកចោទនិយាយថា លោកត្រូវអាបត្តិហើយ លោកអ្នកជាប់ចោទ ប្រកែកថា ខ្ញុំមិនត្រូវអាបត្តិទេ (វិន័យធរ) កុំអាលលើកលែងបុគ្គលទាំង២ (នោះ) គប្បីវិនិច្ឆ័យតាមដំណពាក្យដែលប្តេជ្ញា។ ពាក្យប្តេជ្ញា (ណា) ដែលវិន័យធរ ពោលចំពោះពួកបុគ្គលដែលមានសេចក្តីខ្មាស ពាក្យប្តេជ្ញានុ៎ះ មិនមានក្នុងពួកបុគ្គល ដែលឥតសេចក្តីខ្មាសទេ (ព្រោះថា) បុគ្គលដែលឥតសេចក្តីខ្មាស សូម្បីពោលពាក្យច្រើនក្តី (វិន័យធរ) គប្បីវិនិច្ឆ័យតាមពាក្យប្តេជ្ញា ដែលជាប់មកជាមួយនឹងវត្តប្រតិបត្តិរបស់បុគ្គលនោះ។

[១៥៣] សួរថា អលជ្ជីបុគ្គល តើដូចម្តេច សេចក្តីប្តេជ្ញាមិនលូតលាស់ដល់បុគ្គលណា ខ្ញុំសួរចំពោះបុគ្គលនុ៎ះ ដូច្នេះថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អលជ្ជីបុគ្គល។ ឆ្លើយថា បុគ្គលមានចិត្តក្លែង ត្រូវអាបត្តិ រួចបិទបាំងអាបត្តិទុកក្តី លុះតាមអំណាចអគតិក្តី បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អលជ្ជីបុគ្គល។

[១៥៤] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះហៅថា អលជ្ជីបុគ្គល ប៉ុន្តែខ្ញុំសូមសួររកបុគ្គលដទៃទៀតនឹងអ្នកថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា លជ្ជីបុគ្គល។ ឆ្លើយថា បុគ្គលមិនក្លែងឲ្យត្រូវអាបត្តិ មិនបានបិទបាំងអាបត្តិ មិនលុះអំណាចអគតិ បុគ្គលយ៉ាងនេះ ដែលព្រះមានព្រះភាគត្រាស់ហៅថា លជ្ជីបុគ្គល។

[១៥៥] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះហៅថា លជ្ជីបុគ្គល ប៉ុន្តែខ្ញុំសូមសួររកបុគ្គលដទៃទៀតនឹងអ្នកថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទមិនត្រូវតាមធម៌។ ឆ្លើយថា បុគ្គលដែលចោទ ដោយមិនត្រូវតាមកាល១ ដោយពាក្យមិនពិត១ ដោយពាក្យទ្រគោះ១ ដោយពាក្យមិនប្រកបដោយប្រយោជន៍១ ចោទដោយសេចក្តីស្អប់ មិនចោទដោយមេត្តាចិត្ត១ បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទមិនប្រកបដោយធម៌។

[១៥៦] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទមិនប្រកបដោយធម៌ ប៉ុន្តែខ្ញុំសូមសួររកបុគ្គលដទៃទៀតនឹងអ្នកថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទត្រូវតាមធម៌។ ឆ្លើយថា បុគ្គលដែលចោទ ត្រូវតាមកាល១ ដោយពាក្យពិត១ ដោយពាក្យផ្អែមល្ហែម១ ដោយពាក្យប្រកបដោយប្រយោជន៍១ ចោទដោយមេត្តាចិត្ត មិនចោទដោយស្អប់១ បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទត្រូវតាមធម៌។

[១៥៧] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទត្រូវតាមធម៌ ប៉ុន្តែខ្ញុំសូមសួររកបុគ្គលដទៃទៀតនឹងអ្នកថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបុគ្គលពាល។ ឆ្លើយថា បុគ្គលមិនដឹងពាក្យខាងដើម និងពាក្យខាងចុង មិនយល់ដល់ពាក្យខាងដើម និងពាក្យខាងចុង មិនដឹងគន្លងពាក្យតគ្នា មិនយល់ដល់គន្លងពាក្យតគ្នា បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបុគ្គលពាល។

[១៥៨] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបុគ្គលពាល ប៉ុន្តែខ្ញុំសូមសួររកបុគ្គលដទៃទៀតនឹងអ្នកថា បុគ្គលយ៉ាងណា ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបណ្ឌិត។ ឆ្លើយថា បុគ្គលដែលដឹងពាក្យខាងដើម និងពាក្យខាងចុង យល់ដល់ពាក្យខាងដើម និងពាក្យខាងចុង ដឹងគន្លងពាក្យតគ្នា យល់ដល់គន្លងពាក្យតគ្នា បុគ្គលយ៉ាងនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបណ្ឌិត។

[១៥៩] ខ្ញុំដឹងពិតថា បុគ្គលយ៉ាងនេះ ដែលព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកចោទជាបណ្ឌិត ប៉ុន្តែខ្ញុំសូមសួររកហេតុដទៃទៀតនឹងអ្នកថា ដូចម្តេច ដែលព្រះមានព្រះភាគ ត្រាស់ហៅថា ការចោទ។ ឆ្លើយថា បុគ្គលចោទដោយសីលវិបត្តិក្តី ពុំនោះសោត ដោយអាចារវិបត្តិក្តី ទិដ្ឋិវិបត្តិក្តី ចោទដោយអាជីវវិបត្តិក្តី ការចោទដោយសីលវិបត្តិជាដើមនោះ ព្រះមានព្រះភាគ ត្រាស់ហៅថា ការចោទ។ ចប់ គាថាសង្គណិកៈ (គាថាឆ្លូកឆ្លាស់គ្នា) ជាតំណមក។

ឯកសារ​យោង កែប្រែ

  1. ព្រះត្រៃបិដក > វិន័យបិដក > បរិវារវគ្គ