អស្សជិតត្ថេរ

កែប្រែ

តាមភាសាបាលី អស្សជិ (Assaji) ភាសាសំស្រ្កឹត អស្សជិត (Assajit) គឺជាព្រះអរហន្តមួយអង្គក្នុងចំណោម អរហន្តបញ្ចវគ្គិយភិក្ខុដំបូងបង្អស់ដែលទទួលស្តាប់ធម្មទេសនាដំបូងរបស់ព្រះសម្មាសម្ពុទ្ធ ។ អស្សជិតត្ថេរ គឺជាឧបជ្ឈាយ៍របស់ព្រះសារីបុត្តផងដែរ ។ ព្រះអស្សជិ បានសម្តែងគាថាដល់ព្រះសារីបុត្ត ថា ៖ "យេ ធម្មា ហេតុប្បភវា តេសំ ហេតុំ តថាគតោ (អាហ) តេសញ្ច យោ និរោធោ​ ឯវំ វាទី មហាសមណោតិ" ។ សេចក្តីថា "ធម៌ទាំងឡាយណា គឺ ខន្ធ ៥ តែង​កើតអំពីហេតុ ព្រះតថាគតពោល​នូវហេតុនៃធម៌ទាំងឡាយនោះ ម្យ៉ាង​ទៀត​សេចក្ដី​រលត់​និង​ឧបាយ​ជា​គ្រឿង​រលត់​នៃ​ធម៌​ទាំងឡាយ​ណា ព្រះ​តថាគត​ពោល​នូវ​សេចក្ដី​រលត់​និង​ឧបាយ​ជា​គ្រឿង​រលត់​នៃ​​ធម៌ទាំងឡាយ​នោះ ព្រះមហាសមណៈមានប្រក្រតី​ពោល​ពាក្យ​​យ៉ាងនេះ"

ប្រវត្តិ

កែប្រែ

អស្សជិ បានកើតនៅក្នុងគ្រួសារព្រាហ្មណ៍ ។ ឪពុករបស់អស្សជិ គឺជាអ្នកប្រាជ្ញម្នាក់ (ព្រាហ្មណ៍ប្រាជ្ញា) ក្នុងចំណោមអ្នកប្រាជ្ញ ៨ នាក់ដែលត្រូវបានអញ្ជើញដោយព្រះបាទសុទ្ធោទនៈ (Suddhodana) ជាស្ដេចនៃនគរសាក្យៈ (Sakyan) ឲ្យទៅកាន់ក្រុងកបិលវត្ថុ (កបិលភ័ស្ត) ដើម្បីគន់គូរឬក៏ទស្សន៍ទាយលក្ខណសម្បតិ្តព្រះបុត្រារបស់ព្រះអង្គគឺ ព្រះសិទ្ធត្ថកុមារ (Siddhartha) ។ ឪពុករបស់អស្សជិ និងព្រាហ្មណ៍ ៦ នាក់ទៀតបានទស្សន៍ទាយថា ព្រះសិទ្ធត្ថកុមារ នឹងក្លាយទៅជាអ្នកដឹកនាំសាសនាដ៏អស្ចារ្យ (ព្រះពុទ្ធ) ឬជាស្តេចយោធាដ៏អស្ចារ្យ (ស្តេចចក្រព័ត្តិ) ។ ព្រាហ្មណ៍កោណ្ឌញ្ញ (Kaundinya) ដែលក្មេងជាងគេគឺជាអ្នកដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត ដោយអះអាងថា ព្រះសិទ្ធត្ថកុមារ នឹងក្លាយជាព្រះពុទ្ធ ។ ជាលទ្ធផលនៅពេលដែល ព្រះសិទ្ធត្ថកុមារ បានលះជីវិតលោកិយចោល (ចេញបួស) កោណ្ឌញ្ញ និង អស្សជិ ក៏ដូចជា ភទ្ទិយៈ (Bhaddiya) វប្បៈ (Vappa) និង មហានាម (Mahanama) កូនប្រុស ៣ នាក់របស់អ្នកប្រាជ្ញ ៣ នាក់ បានចូលរួមជាមួយ ព្រះសិទ្ធត្ថ ក្នុងជីវិតតាបស ។ អ្នកទាំង ៥ នាក់បានចូលរួមជាមួយ ព្រះសិទ្ធត្ថ ក្នុងការអនុវត្តអត្តកិលមកម្ម (ធ្វើខ្លួនឲ្យលំបាក) នៅក្នុងព្រៃឧរុវេល (Uruvela) តាមទំនាបស្ទឹងនេរញ្ជរា ជាទីឋានដែលស្ងប់ស្ងាត់ត្រជាក់ស្រួល ដែលព្រះសិទ្ធត្ថជ្រើសរើសជាកន្លែងតាំងបំពេញសេចក្តីព្យាយាមរហូតដល់បានត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ ក្លាយជាសាស្តាចារ្យឯកក្នុងលោកនៅទីនោះឯង ។ នៅពេលដែល ព្រះសិទ្ធត្ថ បានបោះបង់ចោលនូវការអនុវត្ដដ៏តឹងតែងនេះ ដើម្បីដើរតាមមាគ៌ាមជ្ឈិម ពួកគេបានទុកឱ្យ ព្រះសិទ្ធត្ថ ខកចិត្តនៅម្នាក់ឯង ដោយជឿថា ព្រះសិទ្ធត្ថ បានក្លាយទៅជារាយមាយ និងមិនតឹងតែងដូចមុនទៀតទេ ។

ឯកសារយោង

កែប្រែ

ព្រះត្រៃបិដក > វិនយបិដក > មហាវគ្គ > បឋមភាគ > មហាខន្ធកៈ > បព្វជ្ជា​របស់​បរិព្វាជក​ឈ្មោះ​សារីបុត្ត​និង​មោគ្គល្លាន រឿង​អស្សជិត្ថេរ (សៀវភៅ​ភាគ ៦ ទំព័រ​ទី ១២៣)