អាប៉ោ
ព្រះអរិយបញ្ញាសាគរអាប៉ោ រឺ ព្រះអរិយញាណសាគរអាប៉ោ ត្រូវបានតែងតាំងដោយព្រះបាទស្រីជេដ្ឋា នៅឆ្នាំ ១៥១៤ ជាចៅអធិការវត្តប្រាសាទ រឺ វត្តខ្មៅ ក្នុងបន្ទាយពិជ័យព្រៃនគរ។
អាប៉ោ | |
---|---|
សាសនា | ពុទ្ធសាសនា |
និកាយ | ថេរវាទ |
គណៈ | មហានិកាយ |
បុគ្គលភាព | |
សញ្ជាតិ | ខ្មែរ |
កាន់តំណែងជាន់ខ្ពស់ | |
គោរម្យងារ | ព្រះអរិយញាណសាគរ រឺ ព្រះអរិយបញ្ញាសាគរ |
ចៅអធិការ
កែប្រែឆ្នាំច ឆស័ក ព.ស. ២០៥៨-គ.ស. ១៥១៤-ម.ស. ១៤៣៦-ច.ស. ៨៧៦ កាលតាំងខ្លួនសោយរាជ្យជាសម្ដេចព្រះស្រីជេដ្ឋាក្នុងក្រុងស្រីសឈររួចហើយ ទ្រង់ព្រះតំរិះថា៖ គួរគិតរកជ័យភូមិសាងនគរជាថ្មី ដ្បិតផ្លាស់វង្សថ្មី។ ទ្រង់ព្រះតំរិះតែម្ល៉ោះហើយ ក៏លើកពួករាជសេវកាមហាយោធាតាមមាគ៌ារង្គាត់គន់រកទីជ័យភូមិពុំត្រូវព្រះរាជហឫទ័យក្នុងខែត្រស្រីសឈរសោះ។ ស្ដេចទៅឯខេត្ដព្រៃវែង ក៏ពុំត្រូវព្រះរាជហឫទ័យ លុះប្រាំបីថ្ងៃដល់ស្ទឹងពាមមេត្រេក ខេត្ដបាភ្នំទើបមានទីទំនួលស្រួលល្អ ទ្រង់ក៏ឲ្យតាំងបន្ទាយវាំងនៅទីនោះបានជាជាប់ឈ្មោះនៅទីកន្លែងបឹងកំពង់ចៅហ៊្វា១ កំពង់យមរាជ១ កំពង់ក្រឡាហោម១ កំពង់ចក្រី១ នៅទីនោះឯអ្នកស្រុកអំពីស្រុកកណ្ដាលជ្រុំ១ ជើងបាក់ដែង១ រោងដំរី១ ព្រៃនគរ១ គ្រប់ទិសតែងត្រេកមេត្រី មកចុះចូលទៅថ្វាយបណ្ដាការច្រើនជាអនេក ទើបទ្រង់ប្រែឈ្មោះទីភូមិនោះថា មេត្រេកវិញ។ ទ្រង់សាងព្រះនគរបាន ៨ ខែពុំទាន់សំរេច ស្ដេចទ្រង់ព្រះតំរិះយល់ជាថ្មីថា៖ តាំងព្រះនគរនេះជិតដែនយួនណាស់ បើយួនលើកមកនឹងពិបាកកេណ្ឌពលតច្បាំងឲ្យរួសរាន់មិនទាន់ការណ៍ ទ្រង់ជំនុំព្រះសេនាបតីហើយ ព្រមទាំងរាជសេវកាមាត្យ មុខមន្ដ្រី ព្រះស្នំក្រមការសេនាយោធាទៅរកទីទៃភូមិក្នុងខែត្រត្បូងឃ្មុំ។ លុះដល់ទីមួយអន្លើវាយគងហៅគ្នាវាស់នាទីជីកដីជាស្នាមភ្លោះកបន្ទាយតែ ៥ សិនបួនជ្រុង (៤០០០០ មាត្រ២ ១ សិន = ៤០ មាត្រ)។ កន្លែងនោះមានខ្លះមិនពេញចិត្ដថា ដ្បិតតូចខ្លះថាទីនោះមិនមានជ័យភូមិល្អទេតែវាយគងហៅប្រជុំគ្នាកាលណាស្ដីដោលគ្នាថា ព្រោះគំនិតអ្នកនេះយ៉ាងនេះអ្នកនោះយ៉ាងនោះកើតជាជំលោះឈ្លោះចេញដោលគ្នាវឹកវរ។ លុះមានរាស្ដ្រទៅនៅជាប់ឈ្មោះហៅភូមិអាដោលគងជ័យ បន្ទាយវរតាមហេតុដែលជេរដោលគ្នា និងវាយគងរៀងមក។ កាលធ្វើបន្ទាយនៅទីនោះមិនស្រុះស្រួលហើយ ទើបទ្រង់ពិនិត្យទៅឃើញថាត្រូវទៅរកទីកន្លែងមួយទៀតឲ្យជីកដីធ្វើបន្ទាយ ៤ សិនបួនជ្រុងតែមិនទាន់ហើយទេ ទ្រង់ឲ្យឈ្មោះហៅបន្ទាយស្រឡប់ពិជ័យនគរធ្វើជិតនឹងរួចហើយពិគ្រោះទៅយល់ថាតូចទាបណាស់មិនសមជាក្រុងធំមិនល្មមនឹងពលប្រាំពីរប្រាំបីស្បែកនៅបានឡើយ ហើយទីនោះទឹកក៏ពុំសូវបរិបូណ៌ឃើញមានទីខាងត្បូងទីនោះមានចំងាយប្រមាណប្រាំមួយ ប្រាំពីរសិនមានដីទំនាបជ្រាបមានទឹកមានទួលល្អ ជំនុំព្រមទើបរើពិធីនោះទៅតាំងបន្ទាយនៅទីនោះបណ្ដោយ ២៥ សិន, ទទឹង ១៥ សិន, កំពស់ ១៥ ហត្ថ (១ ហត្ថ = ០,៥ មាត្រ) ជាបន្ទាយស្ដេចគង់។ ទ្រង់ឲ្យធ្វើបន្ទាយមួយទៀតនៅខាងលិចបន្ទាយស្ដេចគង់នោះចំងាយ ២ សិន បន្ទាយសំរាប់ចំបាំង ទទឹង ៤ សិន, បណ្ដោយ ៦ សិន បន្ទាយទាំងពីរនោះកំពស់ខាងលើ ៣ ព្យាម, កំរាស់ជើងទេ ៦ ព្យាម (១ ព្យាម = ២ មាត្រ) កំពស់ម្ភៃហត្ថ ស្នាមភ្លោះអមបន្ទាយដែលស្ដេចគង់នោះទទឹងពីរសិនជុំវិញ។ ស្នាមភ្លោះបន្ទាយចំបាំងនោះ ទទឹងមួយសិន បីជ្រុងគិតតែជ្រុងខាងជើងត្បូង ឯក្នុងបន្ទាយស្ដេចគង់ទិសខាងលិច ទិសខាងកើតបន្ទាយចំបាំងនេះដាក់រោងដំរី រោងសេះ រោងព្រះរាជយានក្នុងបន្ទាយចំបាំងនោះមានរោងទាហាន ២២ ខ្នងព័ទ្ធជុំវិញក្នុងបន្ទាយដែលស្ដេចគង់នោះ មានកំពែងកែវបីព័ទ្ធជុំវិញ ហើយឲ្យសាងប្រាសាទពីរ សាងព្រះចន្ទឆាយា ១ ដំណាក់ព្រះស្នំ ២២ ក្នុងព្រះរាជមន្ទីរធំនោះមានក្រឡាព្រះបន្ទុំធំមួយ ក្រឡាព្រះបន្ទុំតូច ៧ សំរាប់តែងព្រះអង្គទ្រង់គ្រឿងតាមថ្លៃទាំង ៧។ ប្រាសាទដំណាក់ទាំងប៉ុន្មានសឹងតែឲ្យលាបម្រ័ក្សណ៍ជាតិហិង្គលបិទមាសឆ្លុះរន្ទាលច្រាលឆ្អៅ។ ទ្រង់ឲ្យជីកស្រះស្រង់ សួនច្បារ ផ្កាស៊ុមខាងក្នុងសំរាប់ស្រង់ និងសំរាប់ព្រះស្នំក្រមការងូតទឹកខាងមុខកំពែងកែវនោះ។ ទ្រង់ឲ្យជីកស្រះធំមួយឲ្យចៅពញាវៀងជីកខាងត្បូង ចៅពញាវាំងជីកខាងជើង ចៅពញាស្រាលជីកខាងកើត ចៅពញាលំពាំងជីកខាងលិច ទំហំស្រះនោះមួយសិនប្រាំព្យាមបួនជ្រុង ហើយទ្រង់ត្រាស់បង្គាប់ចៅពញាស្រាលគឺទីក្រឡាហោមឲ្យចាប់ត្រីព្រួល រ៉ស់ ឆ្ដោរទៅលែងក្នុងស្រះខាងក្នុងខាងក្រៅតាមស្នាមភ្លោះបន្ទាយនោះ។ ស្រុកនោះសម្បូណ៌ត្រីមិនឲ្យខ្ញុំរាជការអត់ឃ្លាន ហើយក្នុងព្រះរាជវាំងនោះ ទ្រង់ឲ្យធ្វើថែវជុំវិញ និងរោងផ្លូវដើរទៅមកមិនឲ្យត្រូវថ្ងៃត្រូវភ្លៀងទេ។ ខាងក្រៅបន្ទាយទាំងពីរនោះ ទ្រង់ត្រាស់ឲ្យធ្វើបន្ទាយទាំង ៨ ទិសសំរាប់ចំបាំង ហើយធ្វើឃ្លាំងតាំងទុកក្នុងបន្ទាយ ១៥ ខ្នងសំរាប់ដាក់ស្រូវអង្ករ ត្រីងៀត ត្រីឆ្អើរ និងភោជនាហារសំរាប់ចែកចាយសេនាទាហាន រេហ៍ពលមិនឲ្យអត់ឃ្លាន។ សម្ដេចព្រះស្រីជេដ្ឋាអង្គនេះ ព្រះអង្គពុំមានអគ្គមហេសីទេ ព្រះអង្គមានព្រះនាងជាលែងជាកូនសម្ដេចចៅពញាហែងលើកឡើងជាស្នំឯក។ ទ្រង់សព្វព្រះទ័យនឹងព្រះស្នំឯកណាស់ ហើយតាំងប្អូនព្រះស្នំឯកជាស្នងធ្នឹមព្រះនគរ។ ឯបន្ទាយនោះមានទ្វារធំ ៤ ទ្វារតូចតាមជ្រុងបន្ទាយ ៤។ ទ្វារធំខាងកើតឲ្យឈ្មោះ ហៅថា ទ្វាចក្រឲ្យពញាឆ្លូករាជការនៅរក្សាជាទ្វារសំរាប់ស្ដេចឡើងគង់ព្រះបញ្ជាទតទិសនានា។ ទ្វារធំខាងត្បូងឲ្យឈ្មោះហៅថា ទ្វារស្នងទ្រង់ ស្ដេចឲ្យស្នងធ្នឹមព្រះនគរជាប្អូនថ្លៃនៅរក្សាត្រួតត្រា ហើយជាសំរាប់ស្ដេចចេញទតសេនាទាហានសមថ្វីដៃ។ ទ្វារធំខាងលិចឲ្យឈ្មោះហៅថា ទ្វាររោង ស្ដេចឲ្យពញារោងរាជភក្ដីនៅត្រួតត្រាសំរាប់ស្ដេចចេញទតដំរីសេះ ព្រះរាជយាន។ ទ្វារធំខាងជើងឲ្យឈ្មោះហៅថា ទ្វារត្រាច់ឲ្យពញាត្រាច់សារវន្ដនៅត្រួតត្រាសំរាប់ស្ដេចនាំព្រះស្នំក្រុមការចេញទៅប្រពាតព្រឹក្សាទាំងឡាយជាទីកំសាន្ដព្រះរាជហឫទ័យ។ ក្នុងកំពែងព្រះវិហារ ស្ដេចសាងវត្ដសាងប្រាសាទមួយ ហើយយកមាសខ្មៅសាងព្រះពុទ្ធរូបមួយព្រះអង្គមានព្រះភ្នែន ១២ ធ្នាប់, កំពស់ ២០ ធ្នាប់ (១ ធ្នាប់ = ០,០២១ មាត្រ) តំកល់ក្នុងប្រាសាទនោះ។ ទ្រង់តាំងនាមហៅព្រះអង្គខ្មៅ ទ្រង់តាំងនាមចៅអធិការវត្ដនោះថា ព្រះអរិយញាណសាគរអាប៉ោរួចប្រគេនរេហ៍ពល ៥០០ នាក់ជាសំរាប់វត្ដ។ ទ្រង់តាំងនាមវត្ដនោះហៅថា វត្ដប្រាសាទ ខ្លះហៅថាវត្ដខ្មៅ។ ឯអ្នកព្រះម្នាងជាលែងនោះសាងវត្ដអារាមមួយខាងជើងបន្ទាយពិជ័យព្រៃនគរ។ លុះសាងរួចហើយ នាងឲ្យជញ្ជូនសព្វទ្រព្យទាំងពួងទៅគរថ្វាយព្រះរតនត្រ័យនៅទីនោះបានជាប់ឈ្មោះមកហៅវត្ដគរសព្វថ្ងៃនេះ។ ឯក្រុងពិជ័យព្រៃនគរនោះទ្រង់ឲ្យសាងថ្នល់មួយតំរង់ទៅខេត្ដរោងដំរីដើម្បីជាសំរាប់ព្រះអង្គយាងទៅក្រសាលសមុទ្រថ្នល់មួយ ទៅវត្ដព្រះធាតុដើម្បីជាសំរាប់ស្ដេចព្រះរាជដំណើរថ្វាយបង្គំគោរពព្រះបរមធាតុព្រះអរហន្ដថេរ។
ក្រោយស្ដេចកនបរាជ័យ
កែប្រែឯពញាមន្ដ្រីអរជូនកែ មេគយទទួលដំណឹងនេះហើយ ក៏កេណ្ឌពលចោមចាប់បាននាងជាលែង និងស្ដេចកន។ ស្ដេចកនស្រែករោទិ៍ជាខ្លាំងហើយថា «អញមិនគួរជាឲ្យគេចាប់បានសោះ»។ ឯពញាមន្ដ្រីអរជូនកែជាមេគយ កាលចាប់ដាក់ក្ដីស្ដេចកន និងនាងជាលែងបានហើយគិតថា បើអញនាំទៅទាំងរស់សម្ដេចព្រះភគិនេយ្យោយសរាជានោះ ត្រូវជាក្មួយស្ដេចកនផង កាលណានឹងហ៊ានសំលាប់ស្ដេចកនត្រូវជាឪពុកមា។ បើអញពុំហ៊ានសំលាប់ ហើយតែកាលណាស្ដេចលែងខ្លួនវា ចិញ្ចឹមវាឲ្យធំមុខជាយើងនឹងស្លាប់ទាំងអស់គ្នាវិញពុំខាន។ លុះគិតយល់ព្រមគ្នាវិញហើយអរជូន «កែ» ក៏កាត់យកក្បាលស្ដេចកន និងនាងលែងដាក់ជាល ព្រមទាំងឲ្យប្រហារជីវិតទាំងអស់ស្ម័គ្របក្រពួក ២៥ នាក់ទៀត។ ឯព្រៃដែលគេចោមចាប់ស្ដេចកននោះ សព្វថ្ងៃគេហៅថា ព្រៃចំណោម ហើយត្រង់កន្លែងដែលស្ដេចកនស្រែករោទិ៍នោះ សព្វថ្ងៃគេហៅថាព្រៃទំរនរោទិ៍យារៗមកគេហៅថា ព្រៃរោទិ៍។ ត្រង់កន្លែងដែលថា មិនគួរចាប់បាននោះ គេហៅថា ព្រៃមិនគួរ យារៗមកគេហៅថា ព្រៃជើងគួរ។ ឯសម្ដេចព្រះភាគិនេយ្យាយសរាជាជាកែវនាយក ព្រះអង្គមានកងទ័ព ៤០០០ នាក់ឯខាងស្ដេចកនមានកងទ័ពដល់ទៅ ៧ស្បែក គឺ ១៤០០០០ នាក់។ ស្ដេចនឹងលើកវាយបន្ទាយនោះ ពលតិចក្រែងថ្លស់ការណ៍ ដ្បិតបន្ទាយនោះធំណាស់ ហើយខ្ពស់ផង ទាំងរេហ៍ពលក៏ច្រើនណាស់ទៀត។ ព្រះអង្គឲ្យរេហ៍ពលជញ្ជូនតែរូបចំបើង និងប្រឆេះទៅអុជតាំងហ៊ោនៅក្បាលត្រោករាល់ៗយប់។ ទាហានក្នុងបន្ទាយជ័យព្រៃនគរ ក៏បាញ់កាំភ្លើង ធ្នូ ស្នា តគ្នាយូរមកទៀត ស្រាប់តែបាត់ពុំឃើញមានឮសូរកាំភ្លើងបាញ់ចេញពីក្នុងបន្ទាយទាំង ចៅពញាតេជោ ពញាសួគ៌ាលោកក៏នាំក្បាលចៅហ៊្វាកៅ និងចក្រីនី ហើយនិងក្បាលចៅពញាវៀង ចៅពញាវាំង មកថ្វាយចំណែកឧកញ៉ាចក្រី «ទេព» កូនពញាមឿងក៏ក្រាបទូលថាក្នុងដប់យប់នោះ ពុំមានទ័ពខ្មាំងបាញ់តមកពីក្នុងបន្ទាយទេគឺឃើញតែមនុស្សរត់ចេញពីក្នុងបន្ទាយទាំងយប់ទាំងថ្ងៃពុំដែលដាច់។ ខណៈនោះ សម្ដេចចៅពញាយសរាជាភគិនេយ្យាជាកែវនាយកទ្រង់ជ្រាបហើយមានព្រះបន្ទូលប្រឹក្សានឹងនាយកងទ័ពថា អ្នករាល់គ្នាចំពោះការនេះយល់ដូចម្ដេចខ្លះ? មេកងខ្លះទូលថា ការណ៍នេះគឺថា ព្រះស្ដេចកនធ្វើឧបាយកលឲ្យយើងទៅឲ្យស៊ុនខ្លួនដើម្បីគេចោមព័ទ្ធយើង។ ខ្លះថា ព្រះស្ដេចកនវាឃើញកងទ័ពយើងតិច បានជាវាបន្ថយកងទ័ពខ្លះចេញ។ ក្នុងវេលាកំពុងជំនុំគ្នានោះ បណ្ដាលឲ្យព្រះទ័យនៃព្រះអរិយបញ្ញាសាគរអាប៉ោ ចៅអធិការដែលរក្សាវត្ដប្រាសាទក្នុងឲ្យយល់ថា អាត្មាអញនឹងនៅបង្អង់ពុំថ្វាយព័ត៌មានទៅហ្លួងខាងលិចទេ តែហ្លួងខាងលិចចូលនគរបាន ហ្លួងនឹងយកទោសដល់អាត្មាអញជាពុំខាន។ គិតយល់ដូច្នោះហើយ ព្រះអង្គឡើងគង់លើគ្រែឲ្យរេហ៍ពលសែងបាំងសម្បទានមានពលហែមុខក្រោយ ៥០០ នាក់ និងភិក្ខុសាមណេរ ១៦០ អង្គហែសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោ ចេញពីបន្ទាយពិជ័យព្រៃនគរ តំរង់ទៅបន្ទាយក្ដុល។ លុះទៅដល់ហើយលោកឲ្យភិក្ខុជាសិស្សានុសិស្សទៅប្ដឹងសេនាបតី ក្រាបបង្គំទូលសម្ដេចយសរាជាជាកែវនាយក។ ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យនិមន្ដលោកចូលទៅក្នុងព្រះពន្លា ទើបសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោ ថ្វាយព្រះពរថា ស្ដេចកនបែកបន្ទាយរត់ចោលបន្ទាយទៅ ៣ ខែហើយដោយភ័យនឹងសូរសព្ទសន្ធឹកខាងក្រោមដី លើអាកាស ដាស់ព្រះធរណី ដូចជារន្ទះជាអចិន្ដ្រៃយ៍។ ហេតុនេះអាត្មាភាពមកថ្វាយព្រះពរសូមទ្រង់ជ្រាប។ សម្ដេចព្រះយសរាជាជាកែវនាយក ទ្រង់ព្រះអំណរណាស់ ហើយទ្រង់ត្រាស់ថា ឧកញ៉ាចក្រី ចៅពញាសួគ៌ាលោក ក្រាបទូលនេះ ឃើញថាពិតណាស់។ ត្រាស់តែម្ល៉ោះហើយ ព្រះអង្គក៏លើកយោធាចូលទៅប្រថាប់ក្នុងបន្ទាយពិជ័យព្រៃនគរ ទ្រង់ទតប្រាសាទព្រះរាជវាំងសួនច្បារ ផ្កា ដំណាំ ព្រះដំណាក់ ឃ្លាំង និងរោងដំរី សេះទាំងប៉ុន្មានទ្រង់ស្ញើចទន់ព្រះហឫទ័យទ្រង់ត្រាស់សរសើរថា ព្រះស្ដេចកននេះមានបុណ្យអស្ចារ្យណាស់ ហើយត្រាស់ឲ្យរឹបរើយករបស់ទ្រព្យទាំងនោះចាត់បំរើឲ្យនាំទៅក្រាបទូលថ្វាយព្រះបរមរាជបិតុលាឯបន្ទាយខែត្រពោធិ៍សាត់ ហើយសម្ដេចព្រះយសរាជាជាកែវនាយក ទ្រង់ប្រោសឲ្យសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោឲ្យរួចទោសឲ្យគង់ទីគ្រងពលសំរាប់វត្ដដូចដើម។ ទ្រង់ចាត់នាយកកងទ័ពឲ្យលើកតាមចាប់ព្រះស្ដេចកនឲ្យបាន ហើយត្រាស់ឲ្យដាក់គយល្បាតស្ទាក់រកចាប់គ្រប់អន្លើ។ ឯពញាមន្ដ្រីអរជូន លុះធ្វើគុតស្ដេចកន និងនាងជាលែង ព្រមទាំងសេនាទាហាន ២៥ នាក់រួចហើយ ក៏ឲ្យធ្វើជាលដាក់ក្បាលទាំងអស់នាំយកទៅថ្វាយសម្ដេចព្រះភគិនេយ្យោ កែវនាយកក្នុងបន្ទាយពិជ័យព្រៃនគរ។ ឯសម្ដេចព្រះយសរាជា ជាកែវនាយកព្រះអង្គស្គាល់ហើយ ឲ្យយកក្បាលស្ដេចកន និងម្នាងជាលែងធ្វើបុណ្យបូជាព្រះភ្លើងសាងព្រះចេតិយដាក់ក្នុងវត្ដប្រាសាទដោយហេតុជាប់សាច់សាលោហិតខាងព្រះអង្គ ហើយទ្រង់ប្រោសលើកទោសអស់អាណាប្រជានុរាស្ដ្រដែលចូលក្បត់ជាមួយនឹង ស្ដេចកនទាំងប៉ុន្មានៗនោះឲ្យរួចទោសទៅរកស៊ីដូចប្រក្រតី។ បណ្ដារាស្ដ្រផងទាំងពួងក៏មានចិត្ដត្រេកអរសោមនស្សនាំគោ ក្របី ដំរី សេះរបស់ខ្លួនយកមកក្រាបទូលថ្វាយដោយស្រលាញ់ព្រះរាជហឫទ័យបុណ្យបារមីជាអនេក។ ឯពញាមន្ដ្រីអរជូនកែដែលមានគុណបំណាច់កាត់ក្បាលស្ដេចកន នាងជាលែងនោះ ទ្រង់តាំងចៅហ្វាយស្រុកខែត្រត្បូងឃ្មុំថែមជាថ្មីទៀតជាចៅពញាអរជូនចាប់បាន។
គិតពីស្ដេចកន សោយរាជ្យជាសុខ ជាសម្ដេចព្រះស្រីជេដ្ឋាមកដល់ ព.ស. ២០៦០ គ.ស. ១៥១៦ ម.ស. ១៤៣៨, ច.ស. ៨៧៨ ឆ្នាំជូត អដ្ឋស័ក ត្រូវជាបួនឆ្នាំ។ ស្ដេចកនធ្វើសង្គ្រាមនឹងព្រះអង្គចន្ទ ពីឆ្នាំជូតនោះ មកដល់ចុល្លសករាជ ៨៨៦ ឆ្នាំវក ឆស័កនេះ ត្រូវជា ១២ ឆ្នាំ បែកព្រះនគរហើយរត់ជ្រកព្រៃ តាំងពីឆ្នាំវក មកដល់ ចុល្លសករាជ ៨៨៧ ឆ្នាំរកា សប្តស័កនេះមួយឆ្នាំទៀត ត្រូវនៅក្នុងរាជសម្បត្តិបាន ១៣ ឆ្នាំ សុវណ្ណគុតដោយអាវុធ។ [១]
ឯកសារយោង
កែប្រែគោរម្យងារពុទ្ធសាសនា | ||
---|---|---|
មុនដោយ មិនស្គាល់ |
ព្រះអរិយញាណសាគរ រឺ ព្រះអរិយបញ្ញាសាគរ គ.ស.១៥១៤-ប្រ.១៥៦៧? |
តដោយ មិនស្គាល់ |