អ៊ីវ រ៉ាមូស
លោកអភិបាល អ៊ីវ រ៉ាមូស ជាអភិបាល ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា ភូមិភាគភ្នំពេញ ពីឆ្នាំ១៩៦៣-ឆ្នាំ២០០១។
ឯកឧត្តម លោកអភិបាល អ៊ីវ រ៉ាមូស អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ដែលមានអាសនៈក្នុងភូមិភាគពីស៊ីតា | |
---|---|
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា | |
ក្នុងការិយាល័យ ១២ ខែវិច្ឆិកា ឆ្នាំ១៩៦២ – ៣០ ខែមេសាឆ្នាំ ១៩៧៦ | |
មុន | លោកអភិបាល រ៉ាបាឡង់ |
បន្ទាប់ | លោកអភិបាល យ៉ូសែប ឆ្មារសាឡាស់ |
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា | |
ក្នុងការិយាល័យ ៦ ខែកក្កដាឆ្នាំ ១៩៩២ – ១៤ ខែមេសាឆ្នាំ ២០០១ | |
មុន | លោកអភិបាល យ៉ូសែប ឆ្មារសាឡាស់ |
បន្ទាប់ | លោកអភិបាល អេមីល ដេតម្ប |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | Yves Ramousse ២៣ ខែកុម្ភះឆ្នាំ ១៩២៨ Sembadel ប្រទេសបារាំង |
ស្លាប់ | ២៦ ខែកុម្ភៈឆ្នាំ ២០២១ (អាយុ ៩៣ ឆ្នាំ) Monbeton ប្រទេសបារាំង |
ជីវប្រវត្តិ
កែប្រែលោក អ៊ីវ រ៉ាមូស កើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩២៨ នៅភូមិសែមបាដែល Sembadel (Haute-Loire-France) ជាទីក្រុងមួយស្ថិតនៅក្នុងភូមិភាគពុយ។ ឪពុកឈ្មោះ យ៉ាគ រ៉ាមូស ជាបុគ្គលិកផ្លូវដែក និងម្តាយឈ្មោះ យូលី កាលែត។ លោកជាកូនពៅក្នុងចំណោមបងប្អូន៣នាក់។
ការសិក្សានៅក្នុងឧប្បត្តិហេតុ
កែប្រែនៅឆ្នាំ១៩៤២ លោក អ៊ីវ រ៉ាមូស ចូលសិក្សានៅអនុទេវវិទ្យាល័យ La Chartreuse នៅ Brives-Charensac។ ក្នុងឆ្នាំ១៩៤៧ លោកបន្តការសិក្សានៅទេវវិទ្យាល័យ នៃក្រុមសាសនទូតក្រៅប្រទេសនាក្រុងប៉ារីស។ លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥៣។ លោកបានបញ្ចប់ការសិក្សានៅទីក្រុងរ៉ូម និងបានការពារនិក្ខេបបទលើប្រធានបទ The Great Catechesis of Saint Gregory of Nyssa ក្នុងឆ្នាំ១៩៥៧។ លោកបានចេញដំណើរមកប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៧។
បេសកកម្នៅប្រទេសកម្ពុជា
កែប្រែមុនសង្រ្គាម លោកអភិបាលព្រះសហគមន៍កាតូលិក ដែលក្មេងជាងគេនៅលើពិភពលោក
កែប្រែនៅពេលមកដល់ប្រទេសកម្ពុជា លោកបានសិក្សាភាសាខ្មែរ និងវៀតណាមនៅ បាណាម Banam ហើយបន្ទាប់មកនៅព្រះវិហារសន្តសិលា និងសន្តប៉ូល Saint-Pierre-et-Saint-Paul (Xom Bien) ក្នុងរាជធានីភ្នំពេញ។ នៅឆ្នាំ១៩៦០ លោកត្រូវបានតែងតាំងជាសាស្រ្តាចារ្យនៅទេវវិទ្យាល័យ នៃក្រុងសៃហ្គន មុនពេលផ្លាស់មកបង្រៀននៅអនុទេវវិទ្យាល័យក្នុងក្រុងភ្នំពេញនៅឆ្នាំបន្ទាប់។ នៅឆ្នាំ១៩៦២ លោកត្រូវបានចាត់ឲ្យទៅបង្រៀនរយៈពេលខ្លី នៅទេវវិទ្យាល័យនៃក្រុមសាសនទូតក្រៅប្រទេសនាក្រុងប៉ារីនៅប៊ីវីប្រេស។
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៦២ សម្តេចប៉ាបបានជ្រើសតាំងលោកជាអភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ដែលមានអាសនៈក្នុងភូមិភាគពីស៊ីតា (Titular See of Pisita) ពេលនោះលោកមានវ័យត្រឹមតែ៣៥ឆ្នាំ។ លោកទទួលអគ្គសញ្ញាតែងតាំងជាអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៣ ដោយលោកអភិបាល រ៉ាបាឡង់ នៅក្នុងព្រះវិហាររបស់ទេវវិទ្យាល័យសាសនទូតក្រៅប្រទេសនាក្រុងបារីស ។
លោកអភិបាល អ៊ីវ រ៉ាមូស បានចូលរួមក្នុងមហាសន្និបាតវ៉ាទីកង់ទី២ នៅវគ្គទី២ ទី៣ និងទី៤។ លោកគឺជាអភិបាលម្នាក់ក្នុងចំណោមអភិបាល១២អង្គ ដែលបានចូលរួមអបអរសាទរខួបលើកទី៥០នៃមហាសន្និបាតវ៉ាទីកង់ទី២ ដែលរៀបចំឡើងដោយសម្តេចប៉ាប បេណេឌីក ទី១៦ នៅទីក្រុងរ៉ូម កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ក្នុងពេលមហាសន្និបាតក្រុមលោកអភិបាលទូទាំងពិភពលោកស្តីអំពី «ការប្រកាសដំណឹងល្អ» ។
នៅក្នុងមហាសន្និបាតវ៉ាទីកង់ទី២ លោកអភិបាល អ៊ីវ រ៉ាមូស បានជួបលោកអភិបាលព្រះសហគមន៍ពីររូបមកពីប្រទេសឡាវ គឺលោកអភិបាល អាណូដ៍ (Arnaud) និងលោកអភិបាល លូសដ្រែត៍ (Loosdret)។ នៅឆ្នាំ១៩៦៨ លោកបានបង្កើតសភាលោកអភិបាលព្រះសហគមន៍ឡាវ-កម្ពុជា (CELAC) ដែលជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ម្តងប្រជុំនៅប្រទេសឡាវម្តងប្រជុំនៅប្រទេសកម្ពុជារហូតដល់ឆ្នាំ១៩៧៤។ ប៉ុន្តែ ការជួបប្រជុំនេះត្រូវផ្អាក ចាប់តាំងពីប្រទេសកម្ពុជាធ្លាក់ក្នុងរបបខ្មែរក្រហមរហូតដល់ឆ្នាំ១៩៩២។
លោកអភិបាលវ័យក្មេង ពេលដែលត្រឡប់មកពីមហាសន្និបាតវ៉ាទីកង់ទី២ គឺពោរពេញដោយភាពរីករាយ។ ជាដំបូងបង្អស់ លោកឈ្វេងយល់អំពីស្ថានភាពបេសកកម្មនៅកម្ពុជា។ លោកបានអញ្ជើញលោកបូជាចារ្យ ប៊ូឡាដ៍ (Boulard) អ្នកជំនាញសង្គមវិទូ ជាតិបារាំងដ៏ល្បីឈ្មោះ ដើម្បីកំណត់បញ្ហាប្រឈមនានា ក្នុងកិច្ចការព្រះសហគមន៍នៅកម្ពុជា និងឈ្វេងយល់អំពីគម្លាតរវាងព្រះសហគមន៍នៅតាមជនបទ ដែលផ្តោតសំខាន់ទៅលើជនជាតិភាគតិច និងពីស្ថានភាពប្រទេសមួយដែលមាននគរូបនីយកម្មពេញលេញ និងការដឹកនាំដោយគោលនយោបាយជាតិនិយម។
លោកអភិបាល អ៊ីវ រ៉ាមូស បានដាក់ចេញវិធានការពិសេស ដោយគោរពតាមស្មារតីនៃមហាសន្និបាតវ៉ាទីកង់ទី២ អំពីការប្រារព្ធពិធីបុណ្យ (Sacrosanctum Concilium) ដោយស្នើសុំឱ្យបូជាចារ្យធ្វើពិធីបុណ្យជាភាសាជាតិ។ វិធានការនេះ ពិតជាមានអត្ថន័យនៅផ្លាស់ប្តូរទំនៀមទម្លាប់ ដែលមានតាំងពីសម័យកាលលោកអភិបាល មីស្ស (Miche)។ លោកបានឲ្យលោកបូជាចារ្យដែលមកថ្មីត្រូវរៀនភាសាខ្មែរ ជំនួសភាសាវៀតណាម (១៩៦៦)។ លើលពីនេះទៅទៀត មានគ្រីស្តបរិស័ទមួយចំនួនបានបកប្រែពិធីបុណ្យអភិបូជាមកជាភាសាខ្មែរ។ ការងារបកប្រែព្រះគម្ពីរបានចាប់ផ្តើមនៅពេលនោះ។
សភាក្រុមលោកអភិបាលព្រះសហគមន៍ឡាវ-កុម្ពុជា CELAC ក៏សម្រេចចិត្តបើកទូលាយទ្វារព្រះសហគមន៍ ដើម្បីស្វែងរកយល់អំពីព្រះពុទ្ធសាសនា។ សន្និបាតមួយបានរៀបចំឡើង សម្រាប់លោកបូជាចារ្យ បព្វជិតបព្វជិតា និងគ្រហស្ថ ក្នុងបំណងបំភ្លឺដល់សាសនទូតទាំងអស់ ដើម្បីមើលឃើញយ៉ាងច្បាស់ ចំពោះស្ថានភាពរបស់បងប្អូនឯទៀតៗមិនទាន់ជឿលើគ្រីស្តសាសនា ដែលនៅក្នុងបេសកកម្មប្រកាសដំណឹងល្អរបស់ពួកគេ។
ក្នុងអំឡុងទសវត្ស១៩៥០ និង១៩៦០ មានយុវជនខ្មែរមួយចំនួនបានទទួលអគ្គសញ្ញាជាបូជាចារ្យ បន្តិចម្តងៗលោកអភិបាល រ៉ាមូស បានអនុញ្ញាតឲ្យអស់លោកបំពេញមុខងារទទួលខុសត្រូវ និងណែនាំព្រះសហគមន៍។ ដោយសារចំណុចនេះហើយ លោកអភិបាល អ៊ីវ រ៉ាមូស បានស្នើទៅក្រុងរ៉ូមដើម្បីចែកព្រះសហគមន៍ភូមិភាគភ្នំពេញជាបីផ្នែក ហើយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៦៨ សន្តអសនៈបានបង្កើត ព្រះសហគមន៍ភូមិភាគបាត់ដំបង និងព្រះសហគមន៍ភូមិភាគកំពង់ចាម។ សន្តអសនៈ បានជ្រើសតាំងលោកឪពុកជាតិកម្ពុជា ប៉ូល ទេព អ៊ីមសុត្ថា ជាអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង និងលោកឪពុក អនដ្រេ ឡឺស៊ូអេហ្វ (André Lesouëf) ជាអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម។ ប៉ុន្តែ ដោយសារខ្វះបូជាចារ្យខ្មែរ គឺមិនអាចផ្ទេរសិទ្ធិទាំងស្រុង ទៅបូជាចារ្យជនជាតិខ្មែរ ដើម្បីណែនាំព្រះសហគមន៍នោះបានទេ។
លោកអភិបាល អ៊ីវ រ៉ាមូស បានសម្រេចចិត្តបង្កើតទេវវិទ្យាល័យមួយនៅជ្រោយចង្វារ ទល់មុខរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីអប់រំយុវជនឱ្យកា្លយជាគង្វាលថ្មី នៅក្នុងព្រះសហគមន៍កម្ពុជា ហើយក៏ស្របពេលដែលមានសភាពការណ៍តានតឹងខ្លាំងនៅវៀតណាមខាងត្បូងផងដែរ។
លោកអភិបាលបានតែងតាំងលោកឪពុក វ៉ាំងសង់ រ៉ូលីន និងលោកឪពុក អេមីល ដេតម្ប ជាសាស្រ្តាចារ្យ ហើយលោកបានណែនាំនិស្សិតទេវវិទ្យាល័យទាំងអស់ ទៅតាមសភាពការណ៍ជាក់ស្តែងរបស់កម្ពុជាក្នុងអំឡុងឆ្នាំ១៩៦៨-១៩៦៩ ដើម្បីឆ្លើយតបទៅនឹងសេចក្តីណែនាំរបស់សភាលោកអភិបាលឡាវ-កម្ពុជា។ ប៉ុន្តែ ដោយសារស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាប្រែប្រួល នៅឆ្នាំ១៩៧០ទេវវិទ្យាល័យនេះមិនអាចដំណើរការបានឡើងវិញឡើយ។
នៅពេលប្រទេសកម្ពុជាធ្លាក់ក្នុងសង្រ្គាមស៊ីវិល ជនជាតិវៀតណាមទាំងអស់ត្រូវចាកចេញពីប្រទេសកម្ពុជានៅខែមីនា ឆ្នាំ១៩៧០។ គ្រីស្តបរិស័ទកាតូលិកមានជាង៦៥០០០នាក់ នៅសល់តែប្រមាណ៧០០០នាក់ ហើយដូនជីកាតូលិកចំនួនប្រមាណ១៨៥នាក់ នៅសល់តែពីរបីនាក់ ដែលបន្តរស់នៅក្នុងប្រទេសកម្ពុជា ហើយដូនជីទាំងនោះភាគច្រើនបានស្លាប់នៅក្នុងរបបប៉ុលពត។
លើសពីនេះទៅទៀតសង្គ្រាមស៊ីវិល បានធ្វើឱ្យសកម្មភាពសាសនទូតនានាត្រូវគាំង។ លោកអភិបាល អ៊ីវ រ៉ាមូស ក្នុងគ្រានោះបានបដិសេធទទួលជំនួយពីអង្គការ ACRS ដើម្បីកុំព្រះសហគមន៍មានមុខជាអង្គការក្រៅរដ្ឋាភិបាល។ ប៉ុន្តែ លោកក៏មិនចូលរួមជាមួយជំរុំមួយក្នុងចំណោមជំរុំទាំងពីរដែរ។
ការវាយសម្រុកចុងក្រោយរបស់ខ្មែរក្រហមចូលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៥ បានបង្ខំឱ្យសាសនទូតទាំងអស់រិះគិតអំពីអនាគតព្រះសហគមន៍កាតូលិកនៅកម្ពុជា។ លោកអភិបាល អ៊ីវ រ៉ាមូស បានអញ្ជើញសាសនទូតទាំងអស់ដែលនៅសល់ក្នុងប្រទេសកម្ពុជា ដើម្បីសម្រេចចិត្តថា តើត្រូវចាកចេញតាមយន្តហោះជម្លៀសចុងក្រោយ ឬក៏ស្នាក់នៅ? រូបលោកផ្ទាល់បានសម្រេចចិត្តបន្តស្នាក់នៅក្នុងប្រទេសកម្ពុជា រួមជាមួយលោកឪពុក រ៉ូប៊ែរ វឺណេ លោកឪពុក អេមីល ដេតម្ប និងលោកឪពុក ហ្វ្រង់ស្វ័រ ប៉ុងសូដ៍ ជាបូជាចារ្យនៃក្រុមសាសនទូតក្រៅប្រទេសនាក្រុងប៉ារីស។
នៅដើមខែកុម្ភៈ ឆ្នាំ១៩៧៥ លោកបានអញ្ជើញលោកឪពុក យ៉ូសែប ឆ្មារ សាឡាស ដែលសិក្សានៅប្រទេសបារាំង ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញបន្ទាន់ ហើយលោកអភិបាលបានទទួលការអនុញ្ញាតពីទីក្រុងរ៉ូម ដើម្បីតែងតាំងលោក យ៉ូសែប ឆ្មារ សាឡាស ជាអភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ ដើម្បីកុំឱ្យគ្រីស្តបរិស័ទនៅក្នុងប្រទេសកម្ពុជាគ្មានអ្នកគង្វាល ព្រោះដឹងច្បាស់ថាគ្រប់សាសនទូតទាំងអស់នឹងត្រូវស្លាប់ ឬនឹងត្រូវបណ្តេញពីប្រទេសកម្ពុជា។
នៅថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ១៩៧៥ លោកអភិបាល អ៊ីវ រ៉ាមូស បានប្រារព្ធអគ្គសញ្ញាតែងតាំងលោក យ៉ូសែប ឆ្មារ សាឡាស ជាអភិបាលព្រះសហគមន៍ នៅព្រះសហគមន៍ខ្មែរព្រះវិហារព្រះមាតារាជធានីភ្នំពេញ ដែលមានតែលោកអភិបាល អន់ដ្រេ ឡឺស៊ូអេហ្វ ចូលរួមជាមួយលោក ក្រោមសន្ធឹកនៃគ្រាប់រ៉ុកកែតផ្លោងចូលក្រុងភ្នំពេញ។
ក្នុងកំឡុងពេលសង្រ្គាមៈរងទុក្ខវេទនាជាមួយប្រជាជនខ្មែរក្នុងសោកនាដកម
កែប្រែនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៥ លោក យ៉ូសែប ឆ្មារ សាឡាស ជាអភិបាលថ្មី បានប្រមូលលោកបូជាចារ្យបរទេសបន្តស្នាក់នៅកម្ពុជា និងលោកបូជាចារ្យខ្មែរ (ប្អូនប្រុសរបស់លោក គឺលោកឪពុក សាឡឹម និងលោកឪពុក សំរើន) នៅគេហដ្ឋានរបស់លោកអភិបាល។ នោះជាពេលដែលបែកគ្នា មុនពេលកងកម្លាំងខ្មែរក្រហមវាយចូលទីក្រុងភ្នំពេញ (១៧ មេសា ១៩៧៥) លោកអភិបាលថ្មីមានប្រសាសន៍ថា៖ “សូមប្រាប់ពិភពលោកអំពីពួកយើង” លោកបាននិយាយទៅកាន់អស់លោកបូជាចារ្យ ដែលជាពាក្យចុងក្រោយរបស់លោក។
ជនបរទេសទាំងអស់ បានប្រមូលផ្តុំគ្នានៅឯស្ថានទូតបារាំង ហើយ៥សប្តាហ៍ក្រោយមក ខ្មែរក្រហមបានបណ្តេញលោកបូជាចារ្យបារាំងទាំងអស់ ឲ្យចេញពីប្រទេសកម្ពុជាទៅប្រទេសថៃ។ លោកអភិបាល អ៊ីវ រ៉ាមូស ស្រណោះយ៉ាងខ្លាំងដែលខ្លួនលោកត្រូវចាកចេញពីប្រជាជនដ៏ជាទីស្រឡាញ់របស់លោក។
ប៉ុន្មានឆ្នាំក្រោយមក លោកអភិបាល រ៉ាមូស បានផ្តល់សក្ខីភាពថា៖ «ការនិរទេសខ្លួនគឺជាការបដិសេធការចាត់ឲ្យទៅបំពេញបេសកកម្ម។ យើងត្រូវបានគេបណ្តេញចេញដូចសម្រាម។ ដូច្នេះ យើងប្រឈមមុខនឹងការចាត់ទុកថាគ្មានបានការ។ សាសនទូតជាច្រើនបានធ្លាក់ទឹកចិត្ត ព្រោះពួកគេមិនអាចបំពេញចន្លោះប្រហោងនៃភាពគ្មានបានការនោះបាន"។
មួយឆ្នាំបន្ទាប់ពីការបណ្តេញចេញពីប្រទេសកម្ពុជា លោកអភិបាល អ៊ីវ រ៉ាមូស បានលាឈប់ពីមុខងាររបស់លោក ជាអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ។ លោកបានទៅប្រទេសឥណ្ឌូនេស៊ី (Tanjung Pinang) ដើម្បីបាននៅជិតប្រទេសកម្ពុជា និងថែរក្សាជនភៀសខ្លួនជាច្រើនដែលបានទៅស្នាក់នៅតាមឆ្នេរនៃប្រទេសនោះ។ ដោយមានការព្រួយបារម្ភ អំពីជនភៀសខ្លួនជាតិកម្ពុជា លោកបានជូនដំណឹងទៅបុរីវ៉ាទីកង់អំពីអនាគតគ្រីស្តបរិស័ទកាតូលិកខ្មែរ។ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៨៣ ក្រសួងប្រកាសដំណឹងល្អនៃប្រជាជនទាំងឡាយ បានបង្កើតការិយាល័យគាំទ្រការប្រកាសដំណឹងសម្រាប់ប្រជាជនកម្ពុជា និងបានប្រគល់មុខងារឱ្យលោកអភិបាល អ៊ីវ ទទួលខុសត្រូវលើគ្រីស្តបរិស័ទជាតិកម្ពុជា នៅគ្រប់ទីកន្លែងដែលគេរស់នៅ។ លោកអភិបាល អន់ដ្រេ ឡឺស៊ូអេហ្វ បានជួយលោកក្នុងការបំពេញបេសកកម្មនេះ។ គោលបំណងនៅពេលនោះ គឺដើម្បីជួយជនភៀសខ្លួនជាគ្រីស្តបរិស័ទរស់នៅក្រៅប្រទេសឱ្យមានទំនាក់ទំនងជាមួយព្រះសហគមន៍និងភូមិភាគរបស់គេ។ ក្នុងទិសដៅបង្កើតក្រុមគង្វាល ដើម្បីយកចិត្តទុកដាក់មើលថែដល់ប្រជាជនចំណាកស្រុក។
ការដួលរលំប្លុកកុម្មុយនីស្ត និងការដកកងទ័ពវៀតណាមចេញ (១៩៨៩) ជាយុគសម័យថ្មីបានមកដល់កម្ពុជា។ សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ បានឈានដល់ការបញ្ចប់សង្គ្រាមស៊ីវិល និងបង្កើតរដ្ឋធម្មនុញ្ញថ្មី (ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣) ដែលបើកផ្លូវថ្វាយព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ឡើងគ្រងរាជ្យជាថ្មី។
នៅឆ្នាំ១៩៨៩ លោកអភិបាល អ៊ីវ រ៉ាមូស បានមកប្រទេសកម្ពុជា អរគុណដល់គណៈកម្មាធិការកាតូលិកប្រឆាំងនឹងភាពអត់ឃ្លាន និងដើម្បីការអភិវឌ្ឍ។ ពេលនោះស្ថានភាព ព្រះសហគមន៍កាតូលិកគឺលំបាកណាស់។ ទីសក្ការៈបូជាភាគច្រើន ត្រូវបានបំផ្លាញគ្មានសល់ដូចជាវិសាលវិហារនៅភ្នំពេញ ដែលខ្មែរក្រហមបានបំផ្ទុះគ្រាប់បែកកម្ទេចចោល។ គ្រីស្តបរិស័ទជាច្រើនបានស្លាប់ ឬត្រូវរស់នៅខ្ចាត់ខ្ចាយ។
លោកបូជាចារ្យ និងបព្វជិតបព្វជិតាខ្មែរទាំងអស់ បានបាត់ខ្លួននៅក្នុងពេលស្រុកច្របូកច្របល់។ លើសពីនោះ លោកអភិបាលមិនអាចរស់នៅផ្ទះលោកអភិបាលបានទេ ព្រោះផ្ទះនោះបានក្លាយទៅជាសាលាក្រុងភ្នំពេញទៅហើយ។ លោកក៏មិនអាចជួបជាមួយគ្រីស្តបរិស័ទបានដែរ (មានការហាមឃាត់ប្រជាជនកម្ពុជាទាក់ទងជាមួយជនបរទេស) លោកបានដើរតាមបណ្តោយមហាវិថីព្រះមុនីវង្ស ដោយសង្ឃឹមថានឹងបានជួបអ្នកស្គាល់។ គ្រីស្តបរិស័ទម្នាក់ បាននិយាយជាមួយលោកតែពីរបីម៉ាត់ថា៖ «ពួកយើងកំពុងរង់ចាំលោកនៅភោជនីយដ្ឋានដែលប្អូនថ្លៃខ្ញុំគ្រប់គ្រង»។ លោកអភិបាល បានបង្កើតគណៈកម្មាធិការមួយជាមួយគ្រីស្តបរិស័ទមួយចំនួនតូច ដែលលោកបានជួបនៅក្នុងភោជនីយដ្ឋាននោះ។ ការទាក់ជាមួយបងប្អូនគ្រីស្តបរិស័ទមានដំណើរទៅមុខជាបណ្តើរៗហើយ។
បន្ទាប់ពីសង្គ្រាម: ការរស់ឡើងវិញ
កែប្រែនៅឆ្នាំ១៩៩២ សន្តអសនៈបានប្រគល់មុខងារឱ្យលោកអភិបាល អ៊ីវ រ៉ាមូស ធ្វើជាអភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញជាថ្មីម្តងទៀត ប៉ុន្តែមិនមែនដោយគ្មានការលំបាកនោះទេ។ ការធ្វើអន្តរាគមន៍របស់ព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ជាមួយលោកអភិបាល ណែនាំឱ្យលោកសម្រេចចិត្តនៅទីនេះ។ ចំណងទាក់ទងរវាងព្រះមហាក្សត្រនិងលោកអភិបាល តែងតែផ្តល់ភាពកក់ក្តៅជានិច្ច។ លោកអភិបាល អ៊ីវ រ៉ាមូស ក៏ត្រូវបានតែងតាំងជាអ្នកមើលថែរក្សាព្រះសហគមន៍ភូមិភាគបាត់ដំបង រហូតដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០០០ នៅពេលដែលលោក គីគេ ហ្វីការេដូ ត្រូវបានតែងតាំងជាអភិបាលភូមិភាគបាត់ដំបង។
លោកអភិបាល អ៊ីវ រ៉ាមូស បានសម្រេចចិត្តអនុញ្ញាតឱ្យគ្រីស្តបរិស័ទខ្មែរកសាងព្រះវិហាររបស់ពួកគេឡើងវិញ។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩១ លោកបូជាចារ្យ អេមីល ដេតម្ប បានអញ្ជើញគ្រីស្តបរិស័ទជាគណៈកម្មការព្រះសហគមន៍ចូលរួមក្នុងមហាសន្និបាតព្រះសហគមន៍។ មាន៦០២គ្រួសារ (ប្រហែល៣០០០នាក់ បានទទួលបុណ្យជ្រមុជទឹក) រួមជាមួយគ្រីស្តបរិស័ទ៣៥០នាក់មកពីជំរុំក៏ដូចជាជនជាតិវៀតណាម១ម៉ឺននាក់ដែលមកតាំងទីលំនៅនិងប្រកបមុខរបរនៅស្រុកខ្មែរ។ សន្និបាតបានធ្វើឡើងពីរដងក្នុងមួយឆ្នាំ ដើម្បីរៀបចំសហគមន៍ឡើងវិញ តាមលំនាំនៃព្រះសហគមន៍ដើមដំបូង ក្នុងកិច្ចការគ្រីស្តទូត ដោយព្រះសហគមន៍បង្កើតគណៈកម្មការចំនួន៣ គឺគណៈកម្មការពិធីបុណ្យ គណៈកម្មការសង្គហៈ និងគណៈកម្មការអប់រំជំនឿ។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៤ លោកអភិបាល អ៊ីវ រ៉ាមូស បន្ទាប់ពីការចរចាជាច្រើនលើកជាមួយរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសន្តអសនៈ។
នៅឆ្នាំ១៩៩៧ លោកអភិបាល រ៉ាមូស បានបង្កើតលក្ខន្តិកៈព្រះសហគមន៍កាតូលិកនៅកម្ពុជា ដែលមានការទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធម្មការ និងសាសនា។ លក្ខន្តិកៈទាំងនេះ ផ្តល់មូលដ្ឋានគតិយុត្តិដល់ព្រះសហគមន៍ បើកឲ្យមានការទទួលស្គាល់ថា ជាសាសនាមួយមានសិទ្ធិពេញលេញ ហើយមិនមែនជាសមាគមសាសនា ឬអង្គការក្រៅរដ្ឋាភិបាលឡើយ។
នៅក្នុងលិខិតផ្លូវការនៅឆ្នាំ១៩៩៦ លោកអភិបាល អ៊ីវ រ៉ាមូស បានសរសេរថា៖ “អាទិភាពក្នុងការកសាងព្រះសហគមន៍នៅកម្ពុជា គឺត្រូវយកចិត្តទុកដាក់បង្កើតឱ្យមានបូជាចារ្យភូមិភាគ”។ លោកបានទៅប្រទេសកាណាដា ដើម្បីជួបជាមួយយុវជន សិលា ទម្លាប់ សុផល ដែលលោកមានសេចក្តីសោមនស្ស ធ្វើអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅឆ្នាំ១៩៩៥។ បន្ទាប់មកមានយុវជនពីជំរុំនៅប្រទេសថៃ ឬជនភៀសខ្លួននៅកាណាដាបានរួមគ្នារស់នៅជាក្រុមនិស្សិតទេវវិទ្យាល័យ នៅដើមឆ្នាំ១៩៩០។ បូជាចារ្យខ្មែរចំនួន៤រូប ត្រូវបានតែងតាំងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០១។
នៅឆ្នាំ១៩៩៧ លោកអភិបាល អ៊ីវ រ៉ាមូស ស្នើសុំទៅរ៉ូមឱ្យមានអភិបាលឧបត្ថម្ភកៈមួយអង្គ។ លោកបានធ្វើអគ្គសញ្ញាតែងតាំងលោកឪពុក អេមីល ដេតម្ប (Emile Destombes) ជាអភិបាលនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៧ ដែលជាលោកអភិបាលថ្មីបន្តមុខងារពីលោក ជាអភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០០១។
លោកអភិបាល អ៊ីវ រ៉ាមូស បានបន្តរស់នៅក្នុងប្រទេសកម្ពុជារហូតដល់ឆ្នាំ២០១៤ នៅក្នុងព្រះសហគមន៍កាតូលិកខេត្តព្រះសីហនុ ដែលលោកគឺជាគ្រូគង្វាលមិនចេះនឿយហត់ និងជាទីស្រឡាញ់ ហើយលោកតែងតែត្រៀមខ្លួនក្នុងការផ្តល់ដំបូន្មាន។ ជាមួយបូជាចារ្យព្រះសហគមន៍កាតូលិក គឺលោកឪពុក វីរៈជ័យ និងបន្ទាប់មកលោកឪពុក អ៊ុន សុន លោកចូលចិត្តរៀបចំពិធីបុណ្យធំៗយ៉ាងល្អិតល្អន់ និងប្រកបដោយការច្នៃប្រឌិត។ លោកក៏បានសាងសង់អាគារសំណាក់ធម៌នៅខេត្តព្រះសីហនុផងដែរ។
ការចូលនិវត្តន៍និងមរណភាពនៅប្រទេសបារាំង
កែប្រែលោកបានចូលនិវត្តន៍ត្រឡប់ទៅនៅម៉ុនបេតុន ប្រទេសបារាំង នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤។ លោកបន្ដអធិស្ឋានសម្រាប់ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា ដែលលោកស្រឡាញ់និងបម្រើដោយអស់ពីដួងចិត្ត ក្នុងមុខលោកជាបូជាចារ្យ និងជាអភិបាលព្រះសហគមន៍។
លោកបានទទួលមរណភាពដោយមិនអស់ចិត្ត ដោយសារជំងឺកូវីដ-១៩ នៅក្នុងភាពស្ងៀមស្ងាត់ នៅមន្ទីរពេទ្យនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ចំពេលត្រូវប្រារព្ធខួបចម្រើនជន្មាយុលើកទី៩៣ (ថ្ងៃទី២៣ ខែកុម្ភៈ) និងទី៥៨ជាអភិបាល (ថ្ងៃទី២៤ ខែកុម្ភៈ)។
ភាពអត់ធ្មត់ ចក្ខុវិស័យ ទស្សនវិស័យ ភាពអង់អាចក្លាហាន ការលះបង់របស់លោកអភិបាល នាំឱ្យព្រះសហគមន៍កាតូលិកនៅកម្ពុជា បានងើបចេញពីផេះផង់នៅទសវត្សឆ្នាំ១៩៩០។ មនុស្សជំនាន់ក្រោយ ដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកមិនស្គាល់លោកអភិបាល រ៉ាមូស ទេ ប៉ុន្តែពួកគេនៅទីនេះសព្វថ្ងៃដោយសេចក្តីរីករាយ និងដើរតាមព្រះគ្រីស្តដោយគុណូបការៈរបស់លោកអភិបាល អ៊ីវ រ៉ាមូស៕