សត្វជ្រូក កែប្រែ

ការចិញ្ចឹមសត្វជ្រូកពិតជាមានសារៈប្រយោជន៍ច្រើនយ៉ាងចំពោះមនុស្សយើង។វាបានផ្ដល់សារៈប្រយោជន៍ដូចជា៖ ជួយបង្កើនប្រាក់ចំនូលបន្ថែមក្នុងជីវភាពគ្រួសារ និងអាចយកសាច់ជ្រូកទៅធ្វើម្ហូបបានច្រើនមុខ និងទុកបានយូរ យើង អាច ប្រមូល អាចម៍ និងទឹកនោមវាយកទៅធ្វើហ្គាស(ឧស្ម័ន) និងជីកំប៉ុសបានទៀតផង ហើយសត្វជ្រូកងាយចិញ្ចឹម និងងាយលក់នៅលើទីផ្សា ជាពិសេសទៀតនោះវាជាធនាគារស់អាចជួយយើងបាន នៅពេលមានពិធីបុណ្យធំៗឬនៅពេលជួបគ្រោះអាសន្នផ្សេងៗក្នុងគ្រួសារ។ សាច់ជ្រូកជាអាហារថាមពលដ៍សំខាន់ ហើយក៍សម្បូរទៅដោយសារធាតុចិញ្ចឹមសំរាប់ចិញ្ចឹម និងបំប៉នរាងកាយរបស់យើងឲ្យធំធាត់ដូចជាប្រូតេអ៊ីន ខ្លាញ់ សង្ក័សី និងជាតិ ដែក។ ការធ្វើទ្រុងនិងស្នូក -ការធ្វើទ្រុង យើងអាចធ្វើទ្រុងជ្រូកនិងស្នួកចំណីតាមបែបលក្ខណៈគ្រួសារឬបែបអាជីវកម្មក៍បានអាស្រ័យតាមលទ្ឋភាពនិងធនធាន។យើងគួរតែធ្វើទ្រុងនៅលើដីទួលឲឆ្ងាយពីផ្ទះបន្ដិចដើម្បីកុំឲធុំក្លិនស្អុយ ហើយទ្រុងត្រូវមានពន្លឺនិងខ្យល់ចេញចូលគ្រប់គ្រាន់។ជាពិសេសគួរតែចាក់សាបនៅបាតទ្រុង ព្រោះវាងាយស្រួលក្នុងការសំអាតទ្រុងនិងប្រមូលកាកសំណល់(លាមកនិងទឹកនោម) សំរាប់ធ្វើជីដាក់ដំណាំ។ម្យ៉ាងវិញទៀតយើងគួរតែជៀសវាងធ្វើដំបូលពីសង្ក័សីព្រោះវាស្រូបកំដៅខ្លាំងនិងមានតម្លៃថ្លៃ ហើយមិនត្រូវដាក់ជ្រូកចិញ្ចឹមភ្លាមបន្ទាប់ពីធ្វើទ្រុងរួចនោះទេ ព្រោះស៊ីម៉ង់ត៍ធ្វើឲស្បែកជ្រូកកើតរមាស់។ដូច្នេះបន្ទាប់ពីធ្វើទ្រុងហើយត្រូវឧស្សាហ៍ស្រោចទឹកឲបានញឹកញាប់ក្នុងរយៈពេល១សប្ដាហ៍ដើម្បីឲអស់ជាតិស៊ីម៉ង់ត៍។ -ការធ្វើស្នូកចំណី យើងគួរតែធ្វើស្នូកចំណីពីស៊ីម៉ង់ត៍ ដើម្បីជៀសវាងការដួលកំពប់ចំណី នៅពេលជ្រូកឡើងជាន់ស្នូក ឬពេលពួកវាដណ្ដើមគ្នាស៊ីចំណី។ចំណែកឯស្នូកទឹកវិញ គួរតែចាក់ស៊ីម៉ង់ត៍ភ្ជាប់ក្បែរស្នូកចំណី ដើម្បីងាយស្រួលដាក់ទឹក និងចំណីផ្សេងពីគ្នា។យើងអាចយកសំបកកង់ឡានចាស់ទៅពុះជា២ ឬចានដែក ឬធុងចាស់ ឬស្នូកឈើមកប្រើជាស្នួកចំណីនិងស្នួកទឹកក៍បាន តែបើសិនមានលទ្ឋភាពគួរប្រើធុងទឹកដែលមានក្បាលបឺតជួយសន្សំសំចៃទឹក ទ្រុងមិនសើម ចំណេញកន្លែង និងជ្រូកអាចផឹកទឹកពេលណាក៍បានដែរ។ ការជ្រើសរើសពូជជ្រូកពូជជ្រូកមាន៣ប្រភេទគឺពូជក្នុងស្រុក ពូជនាំចូល និងពូជកូនកាត់។យើងអាចជ្រើសរើសពូជណាមួយមកចិញ្ចឹមអាស្រ័យតាមការនិយម ហើយជាពិសេសយើងគួរតែរើសយកកូនជ្រូកណាដែលកើតចេញពីមេបា ដែលមានសុខភាពល្អ និងមានប្រភពច្បាស់លាស់។គួររើសយកកូនជ្រូកណាដែលមានជើងមាំ ប្រអប់ជើងធំៗ ត្រគាកសាយ ស្មាទូលាយ កវែងបន្ដិច និងមានដងខ្លួនវែង និងរើសកូនជ្រូកដែលមានទំងន់ចាប់ពី៥ទៅ៧គីឡូ និងមានអាយុចាប់ពី៤៥ថ្ងៃឡើងហើយចេះស៊ីចំណី។ ការអោយចំណី ចំណីដែលល្អត្រូវមានថាមពលគ្រប់គ្រាន់(ជាតិសាច់ ជាតិរ៉ែ និងវីតាមីន) ដើម្បីជួយដល់ការលូតលាស់របស់ជ្រូក។ចំណីមាន២ប្រភេទ គឺចំណីបែបប្រពៃណី និងចំណីរោចក្រ ហើយយើងក៍អាចយកចំណីទាំងពីរប្រភេទនេះលាយចូលគ្នាក៍បានដែរ ។ ការការពារជំងឺ ការលាងសំអាតទ្រុង ការចាក់ថ្នាំការពារ ការទំលាក់ព្រូន និងការព្យាបាលទាមទារឲធ្វើជាចាំបាច់ដើម្បីឲជ្រូកមានសុខភាពល្អនិងងាយចិញ្ចឹម។ ការចាក់ថ្នាំទំលាក់ព្រូននិងថ្នាំបង្ការអ្នកចិញ្ចឹមអាចចាក់ថ្នាំទំលាក់ព្រូននិងថ្នាំបង្ការឲជ្រូកដោយ ខ្លួនឯងតែត្រូវសួរអ្នកលក់នៅកន្លែងលក់ថ្នាំសត្វពីរបៀបចាក់និងប្រើថ្នាំឲបានច្បាស់សិន។ ជំងឺឆ្លងសំខាន់ៗ ជំងឺឆ្លងជាជំងឺដ៍កាចសាហាវដែលបង្កឡើងដោយមេរោគ ឬបាក់តេរីហើយមានជំងឺ សាលម៉ូណេឡូស ជំងឺប៉េស្ដ និងជំងឺសារទឹក។ ការលក់ជ្រូក យើងច្រើនចិញ្ចឹមជ្រូក ដើម្បីលក់ឲទាន់រដូវបុណ្យទានធំៗ(ចូលឆ្នាំខ្មែរ, ចូលឆ្នាំចិន....) ព្រោះយើងអាចលក់វាបានថ្លៃ។ យើងអាចលក់បានទាំងជ្រូកតូច ទាំងជ្រូកធំ អាស្រ័យតាមតម្រូវការ ហើយនៅតាមទីប្រជុំជន ច្រើនលក់ដោយថ្លឹងនឹងជញ្ចីង រីឯជនបទ និយមលក់ជ្រូកដោយឈ្មួញ ឬដោយម៉ៅតាមការស្មាននឹងភ្នែកទទេ។