ឧកញ៉ាចតុរង្គយស (ប្រលោមលោក)

ប្រលោមលោកនេះគឺជារឿងមួយដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរកាលឆ្នាំ១៨៨៤ ដែលសាច់រឿងនិយាយពីមន្ត្រីមួយរូបដែលជាអ្នកស្នេហាជាតិ ប៉ុន្តែហៀបនឹងត្រូវស្លាប់ដោយស្នាដៃនៃព្រះរាជារបស់ខ្លួន ហើយវាក៏ជារឿងប្រវត្តិសាស្ត្រពិតមួយដែលកើតក្នុងសម័យរបស់ក្រឡាហោមគង់ដែរ។ សាច់រឿងប្រលោមលោកនេះត្រូវបានសរសេរឡើងដោយលោកគុយ ឡូត

ឯកសារ:ឧកញ៉ាចតុរង្គយស.jpg
ក្របមុខនៃសៀវភៅប្រលោមលោក

សាច់រឿង

កែប្រែ

ឧកញ៉ា​ចតុរង្គ​យស ជា​មន្ត្រី​របស់​ព្រះបាទ​នរោត្តម ត្រួតត្រា​នៅ​បន្ទាយ​ចាក់​អង្ករ ក្នុង​ស្រុក​កងមាស ។ ថ្ងៃមួយ សេនា​មុខ ប៉ែន ដែល​ជា​មិត្ត​ស្និទ្ធស្នាល​របស់ ឧកញ៉ា​ចតុរង្គ​យស និង​ជា​សេនា​ការពារ​ប្រចាំ​រាជវាំង បាន​ធ្វើដំណើរ​ចេញពី​រាជធានី​ចតុមុខ ទៅ​ជួប​លោកឧកញ៉ា​ចតុរង្គ​យស ដល់​បន្ទាយ ។ លោក​បាន​និយាយ​ពី​ផែនការ​របស់​លោក​ប្រាប់ឧ​ញ៉ាច​តុរង្គយស ដែល​មាន​បំណង​ប្រឆាំង​អាណានិគម​បារាំង ។ ដោយ​មានគំនិត​ដូច​គ្នា មិត្តភក្តិ​ទាំង​ពីរ​នាក់​នេះ​បាន​ព្រមព្រង​គ្នា​ និង​ចាប់ផ្តើមអ​នុវត្ត​គម្រោ​ង ដោយ​សេនាមុខ ប៉ែន ទទួលបាន​ទាហាន និងសម្ភារៈ​សឹក​មួយចំនួន​ពី​ឧកញ៉ា​ចតុរង្គយស ហើយ​បាន​បោះជំរំ​កងទ័ព​នៅ​ភូមិ​ថ្មី ម្តុំ​ពាមជីកង ។ ទាំង​ពីរ​នាក់​នេះ​បាន​ដើរ​បំបះបំបោរ​ប្រជាជន​ឱ្យមាន​ស្មារតី​ស្នេហា​ជាតិ ងើបឡើង​តស៊ូ​ប្រឆាំង​បារាំង រហូត​បាន​កម្លាំង​មួយចំនួន​ល្មម​នឹង​តស៊ូ​បាន ។ ក្នុង​សម័យ​នោះ លោក​មេទ័ព​ឯក ធាតុ ក៏​ជា​អ្នក​បដិវត្តន៍​ប្រឆាំង​បារាំង​ដែរ ។​ ​ ថ្ងៃមួយ ឧកញ៉ា​ចតុរង្គយស ទទួល​បាន​លិខិត​មួយ​ច្បាប់​ពី​ឧកញ៉ា​នគរបាល ប្រចាំ​រាជវាំង ឱ្យ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ និង​ប្រគល់​សេនា​មុខ ប៉ែន ដើម្បី​ទទួល​ទោស ។ ប៉ុន្តែ​ឧកញ៉ា​ចតុរង្គយស បាន​បដិសេធ ហើយ​បញ្ជាក់ថា ឥឡូវនេះ​សេនាមុខ ប៉ែន បាន​កសាង​មូលដ្ឋានទ័ព​មួយ​នៅ​ឯ​ភូមិ​ថ្មី ។​

   ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ទាហាន​បារាំង​ពីរ​កប៉ាល់ បាន​ទៅ​វាយ​បន្ទាយ​របស់​លោកសេនា​មុខ ប៉ែន ។ ទ័ព​សេនាមុខ ប៉ែន ដែល​ខ្វះ​បទពិសោធន៍​សង្គ្រាម និងសម្ភារៈ​សឹក​មិន​គ្រប់គ្រាន់​ ក៏​ចាញ់ ហើយ​នាំគ្នា​ទៅ​លាក់ខ្លួន​ក្នុងព្រៃ​ក្រោយ​ភូមិ ហើយ​សេនាមុខ ប៉ែន បាន​ចាត់​ឱ្យ​ស្នើសុំ​កងទ័ព​ជំនួយ​ពី​ឧកញ៉ា​ចតុរង្គយស ។ នៅពេល​ដែល​ទ័ពបារាំង​កំពុង​ឡោមព័ទ្ធ និងបាញ់ប្រហារ​ទៅលើ​ទាហាន​របស់​សេនាមុខ ប៉ែន នាំឱ្យ​មាន​របួស​ និង​ស្លាប់​អស់​ជាច្រើន​នោះ កងទ័ព​ជំនួយ​របស់​ឧកញ៉ា​ចតុរង្គយស ក៏​បាន​ទៅ​ដល់ ហើយ​ឡោមព័ទ្ធ​ទ័ព​បារាំង វាយប្រហារ​ពីក្រោយ ធ្វើឱ្យ​ទ័ពបារាំង​បាក់ទ័ព​រត់​ត្រឡប់​មក​ភ្នំពេញ​វិញ ។ ប្រជារាស្ត្រ​ក៏​មាន​សន្ទុះ​ចិត្ត​តស៊ូ​ជាមួយ​កងទ័ព​ទាំង​ពីរ​ក្រុម​នេះ​ច្រើនឡើង ។​

​ រដូវវស្សា ទ័ពបារាំង​បាន​លើកគ្នា​មក​វាយ​ទ័ព​របស់​ឧកញ៉ា​ចតុរង្គ​យសម្តងទៀត ហើយ​មួយ​ផ្នែក​ទៀត​ទៅ​ឡោម​ព័ទ្ធ​វាយ​កងទ័ព​របស់​សេនាមុខ​ប៉ែន ។ ទ័ពបារាំង​ក៏ត្រូវ​បរាជ័យ​ក្រោម​ការ​វាយបក​នៃ​កងទ័ព​បះបោរ​នោះ​ម្តង​ទៀត ។ សភាពការណ៍​ច្របូកច្របល់​បាន​ស្ងប់​មកវិញ​មួយរយៈ ។​ ​ ពេល​សេនាមុខ​ប៉ែន និង​ឧកញ៉ា​ចតុរង្គ​យស​កំពុង​ជប់លៀង ក៏​មាន​សេនា​រាជវាំង​សុំ​ចូល​ជួប​ប្រគល់​រាជសារ ។ ក្នុង​រាជសារ​នោះ​បាន​បញ្ជាក់ថា សូម​ឱ្យ​អ្នក​ទាំង​ពីរ​ប្រកាស​រំសាយទ័ព ហើយ​ចូល​វាំង ដ្បិត​បារាំង​បាន​ប្រគល់​ឯករាជ្យ​មកឱ្យ​ខ្មែរ​វិញ​ហើយ ។ គិតពិចារណា​នឹង​គ្នា​អស់​មួយ​យប់​រួចមក មេដឹកនាំ​ទាំង​ពីរ​ក៏បាន​សម្រេច​ចិត្ត​ប្រកាស​រំសាយ​ទ័ព ហើយ​ចូល​ទៅក្នុង​រាជ​វាំង ។​ពេល​អ្នក​ទាំង​ពីរ​កំពុង​សម្រាក​ពេលយប់​ក្នុង​រាជវាំង​នោះ ឧកញ៉ា​នគរបាល និងកម្លាំង​របស់​គាត់​បាន​នាំគ្នា​មក​ឡោម​ព័ទ្ធ ប៉ុន្តែ​ត្រូវ​ឧកញ៉ា​ចតុរង្គ​យស និងសេនាមុខ​ប៉ែន វាយ​ទម្លាយ​ការឡោមព័ទ្ធ ហើយ​រត់ចេញ​រួច​ត្រឡប់​ទៅ​ផ្ទះ ​បាន​នាំគ្នា​នាំ​កូនចៅ​ផ្លាស់​ទីលំនៅ ហើយ​រស់នៅ​ជា​ប្រជារាស្ត្រ​លុះ​អស់​សង្ខារ​រៀងៗ​ខ្លួន ៕​