រាជធានីឧដុង្គមានជ័យ
រាជធានីឧដុង្គមានជ័យជាអតីតរាជធានីរបស់ខ្មែរមួយឋិតនៅសម័យឧដុង្គដែលសព្វថ្ងៃមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺនិងចន្លោះទិសពាយ័ព្យនិងទិសឧត្តរនៃរាជធានីភ្នំពេញ។សព្វថ្ងៃរាជធានីឧដុង្គមានជ័យត្រូវបានបំបែកចេញជា ០២ ពីស្រុកឧដុង្គក្លាយជា ក្រុងឧដុង្គម៉ែជ័យ និង ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។រាជធានីឧដុង្គមានជ័យគឺជាទីកន្លែងប្រវត្តិសាស្ត្រស្នូលនៃសម័យឧដុង្គ។នៅលើភ្នំឧដុង្គដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅ ស្រុកពញ្ញាឮ ខេត្តកណ្តាល មានព្រះចេតិយនៃអតីតព្រះមហាក្សត្រនិងព្រះរាជរង្សានុវង្សមួយចំនួនព្រមទាំងវិហារព្រះពុទ្ធសាសានាផងដែរ។នៅឆ្នាំ ១៩១៧ ព្រះបាទស៊ីសុវត្ថិ ទ្រង់បានត្រាស់បង្គាប់ឲ្យធ្វើសិលាចារឹកដាក់នៅមុខព្រះចេតិយយ៉ាងតិចចំនួន ០២ នៅទីនោះ។ព្រះបាទសម្ដេចព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ ទ្រង់បានដង្ហែរព្រះបរមសារីរឹកធាតុនៃព្រះសម្មាសម្ពុទ្ធមកដាក់លើភ្នំនេះផងដែរ។
រាជធានីឧដុង្គមានជ័យ Oudong Mean Chey Capital | |
---|---|
![]() | |
រហស្សនាម: ទីក្រុងនៃអតីតព្រះមហាក្សត្រខ្មែរ | |
កូអរដោនេ: 11°48′N 104°45′E / 11.800°N 104.750°E | |
ប្រទេស | ![]() |
ខេត្ត | ខេត្តកំពង់ស្ពឺ |
ស្រុក | ក្រុងឧដុង្គម៉ែជ័យ និង ស្រុកសាមគ្គីមុនីជ័យ |
ល្វែងម៉ោង | កម្ពុជា (ម.ស.ស.+៧) |
ក្រមផ្ទៃដាល | ១២០០០ |
អំពីឈ្មោះរាជធានី
កែប្រែមានមតិខ្លះយល់ថាឈ្មោះក្រុងឧដុង្គក្លាយមកពីពាក្យសំស្ក្រឹតថា «ឧត្ដុង្គ» (ភាសាសំស្ក្រឹត: उत्तुङ्ग) ដែលមានន័យថា «ខ្ពស់ ខ្ពង់ខ្ពស់ ប្រសើរ ថ្លៃថ្លា ។» ។
ប្រវត្តិនៃក្រុងឧដុង្គមានជ័យ
កែប្រែព្រះបាទស្រីសុរិយោពណ៌ទ្រង់បានកសាងក្រុងកោះស្លាកែតល្វាឯមក្នុងឆ្នាំ ១៦០១ ក្រោយពីព្រះអង្គបានបោះបង់ក្រុងលង្វែកចោល។ចាប់ពីឆ្នាំ ១៦១៨ ដល់ឆ្នាំ ១៨៦៦ ឈ្មោះផ្លូវការរបស់រាជធានីថ្មីគឺ«ក្រុងឧដុង្គមានជ័យ»ហើយជារាជធានីរបស់មហាក្សត្រខ្មែរជាច្រើនព្រះអង្គគង់នៅ។ក្នុងរាជ្យព្រះបាទអង្គឌួងព្រះអង្គទ្រង់បានកសាងប្រឡាយ កំពែង ស្ពាន និង វត្តអារាមជាច្រើននៅក្នុងតំបន់នេះ។នាឆ្នាំ ១៨៦៦ ព្រះបាទនរោត្ដមបានបោះបង់រាជធានីឧដុង្គមានជ័យចោលក្រោយពីទ្រង់សព្វព្រះរាជហឫទ័យត្រឡប់មកកសាងរាជធានីចតុមុខមង្គលសារជាថ្មីដែលជារាជធានីភ្នំពេញបច្ចុប្បន្ន។ក្នុងឆ្នាំ ១៩៧៧ របបខ្មែរក្រហមបានបំផ្លិចបំផ្លាញសំណង់ជាច្រើននៅក្នុងតំបន់ឧដុង្គនេះយ៉ាងដំណំ។[១]
បើតាមឯកសារប្រជុំរឿងព្រេងខែ្មរភាគទី ០៥ របស់ក្រុមជំនុំទំនៀមទម្លាប់ខែ្មរបានបញ្ជាក់ថាទីក្រុងឧដុង្គចាប់កសាងឡើងក្នុងសតវត្សរ៍ទី១៧ ក្នុងរជ្ជកាលព្រះបាទសមេ្តចព្រះជ័យជេដ្ឋាទី២។ក្នុងពុទ្ធសករាជ ២១៦៤ នៃគ្រិស្តស័ករាជ ១៦២០ ព្រះបាទជ័យជេដ្ឋាទី២សេ្តចគង់នៅព្រះរាជវាំងល្វាឯមទ្រង់បាននាំសេនាបតីនិងនាមឺនសព្វមុខមន្រ្តីចុះព្រះរាជទីនាំងនាវាសេ្តចយាងទៅប្រពាតនៅតំបន់អូរក្រុងលាយក្នុងខេត្តសំរោងទងទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថៃ្ងរួចសេ្តចយាងទៅក្រសាលនៅតាដុងយាយជ័យទ្រង់ក៏ទតឃើញទីទួលមួយនៅ តំបន់ស្រះកែវជាទីមានទេសភាពល្អក៏ទ្រង់ចាប់ព្រះទ័យហើយទ្រង់មានព្រះតម្រាស់ជាមួយមន្រ្តីមានហោធិបតីជាដើមថា"យើងចង់សាងព្រះរាជវាំងគង់នៅទីនេះតើអស់អ្នកទាំងពួងយល់ថាមេ្តច?"ឧកញ្ញ៉ាហោរាធិបតីមុំគន់គូរពិនិត្យមើលទីដីនោះដោយក្បួនហោរាសាស្រ្តហើយក្រាបបង្គំទូលថា"ទីនេះជាទីជ័យភូមិល្អណាស់ត្រូវតាមក្បួនទាយថានឹងមានឬទ្ធីតេជៈឈ្នះអស់សត្រូវទាំង ០៨ ទិស"ព្រះរាជាទ្រង់ជ្រាបដូច្នោះហើយក៏ចាត់ឲ្យឧកញ៉ាក្រឡាហោមកែវជានាយកចាត់ការកសាងព្រះរាជវាំងនៅតំបន់ស្រះកែវនេះនៅថៃ្ង ០៥ កើត ខែផល្គុន ឆ្នាំវក ទោស័ក ពុទ្ធស័ករាជ ២១៦៤ នៃគ្រិស្តស័ករាជ ១៦២០ សេ្តចបានតាំងព្រះនាមព្រះនគរ(ទីក្រុង)ថ្មីនោះថា ព្រះបរមរាជវាំងមហានគរឧដុង្គមានជ័យបុរីរម្យឧត្តមរាជនិវេសនដ្ឋាន ដែលហៅខ្លីៗថា ក្រុងឧដុង្គមានជ័យ។
រឿងដំណាល
កែប្រែតាមពាក្យតំណាលថាព្រះពុទ្ធរូបនៅក្នុងព្រះវិហារអដ្ឋរស្សនេះបែរព្រះភក្ត្រទៅទិសខាងជើងគឺមិនបែរទៅទិសខាងកើតតាមទម្លាប់ដែលជាតំណាងឲ្យប្រវត្តិនៃភាពរុងរឿងនិងរឹងមាំនៃចក្រភពខ្មែរនោះមានជាប់ពាក់ព័ន្ធនឹងរឿងតំណាលដូចតទៅ:
ក្នុងសតវត្សរ៍ទី ១៨ ប្រជាជនក្នុងតំបន់និយាយថាមានអធិរាជចិនមួយព្រះអង្គបានបញ្ជូនកងកម្លាំងរបស់ព្រះអង្គទៅទូទាំងអាស៊ីដើម្បីពិនិត្យមើលនគរផ្សេងៗដែលអាចបង្កគ្រោះមហន្តរាយដល់នគរព្រះអង្គ។នៅពេលដែលកងកម្លាំងចិននោះមកដល់ក្រុងឧដុង្គមានជ័យពួកគេបានឃើញភ្នំមួយដែលមានរាងដូចនាគ(ភ្នំឧដុង្គ)ដែលមានរូងមមួយហើយនៅក្នុងរូងនោះមានសត្វមកររស់នៅហើយពួកគេសង្កេតឃើញថាខ្មែរធ្លាប់ជាប្រទេសថ្កុំថ្កើងរុងរឿងមានឫទ្ធានុភាពតែបានចុះអាប់ឱនជាងមុន។យ៉ាងណាមិនយូរប៉ុន្មាននគរនេះមុខជាប្រសព្វនឹងសេចក្ដីថ្កុំថ្កើងរុងរឿងឡើងវិញលើសដើម។កងកម្លាំងចិននោះក៏បានទៅទូលព្រះអធិរាជចិនវិញថាជាតិខ្មែរធ្លាប់មានអំណាចខ្លាំងក្លាណាស់តាមក្បួនចិនសែមើលឃើញទម្រង់ភ្នំដូចសត្វមករដែលមានតួខ្លួននៅត្រង់ចេតិយស្ថានត្រៃត្រិង្សក្បាលនិងពុកមាត់នៅត្រង់ចេតិយទន្ទឹមរីឯកន្ទុយនៅត្រង់ព្រះពុទ្ធបដិមាចូលនិព្វាន។នៅកំពូលភ្នំមានរូងមួយធំជ្រៅចុះទៅក្រោមដែលពួកចិនយល់ឃើញថាមិនយូរប៉ុន្មានសត្វមករនឹងកម្រើកចេញតាមរូងនេះហើយពេលសត្វមករផុសឡើងខ្មែរនឹងមានអំណាចខ្លាំងក្លានិងថ្កុំថ្កើងរុងរឿងអស្ចារ្យ។ការព្យាករណ៍របស់ពួកចិនសែ ធ្វើឲ្យនាម៉ឺននិងអធិរាជចិនមិនសប្បាយចិត្តនោះឡើយក៏បានរកមធ្យោបាយសន្ធប់រូបបិទឲ្យជិតដើម្បីកុំឲ្យសត្វមករផុសឡើងបាន។ដោយនគរខ្មែរកាន់ព្រះពុទ្ធសាសនាទើបចិនយល់ថាមានតែសាងសង់វិហារតម្កល់ព្រះពុទ្ធបដិមាឲ្យធំនៅទីនោះទេទើបខ្មែរមិនគាស់រំលីងព្រះពុទ្ធបដិមានោះបានដោយហេតុថាប្រជាជនមានជំនឿខ្លាំងទៅលើព្រះពុទ្ធសាសានា។ដូច្នេះព្រះអង្គបានសាកសួរទៅព្រះមហាក្សត្រខ្មែរថា"តើព្រះអង្គអាចសង់វិហារមួយនៅភ្នំនេះបានទេ?"ដោយមានការយល់ព្រមពីព្រះមហាក្សត្រខ្មែរចិនក៏បានសាងសង់វិហារមួយនៅលើរូងមករនេះដោយឲ្យព្រះពុទ្ធរូបបែរមុខទៅទិសខាងជើងតម្រង់ទៅនគរចិនដើម្បីការពារនគរចិន។វិហារនេះឈ្មោះអដ្ឋរស្សដែលមានន័យថា ១៨ ដ្បិតសណ្ឋានវិហារនោះមាន ១៨ ជ្រុងពោលគឺ ១៨ ហត្ថដែលជាខ្នាតទំហំនៃព្រះពុទ្ធរូបតម្កល់ក្នុងនោះ។
បេតិកភណ្ឌពិភពលោក
កែប្រែទីតាំងក្រុងឧដុង្គមានជ័យជាប់ឈ្មោះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោកបម្រុងរបស់អង្គការយូនេស្កូនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ១៩៩២ ក្រោមចំណែកថ្នាក់បេតិកភ័ណ្ឌវប្បធម៌។[២]
ឯកសារយោង
កែប្រែ- ↑ "Where to go Udong (Oudong)". taxivantha. Retrieved 2007-11-26.
- ↑ Site d'Oudong - UNESCO World Heritage Centre
តំណភ្ជាប់ខាងក្រៅ
កែប្រែ- Brief History of Oudong Archived 2008-03-15 at the វេយប៊ែខ ម៉ាស៊ីន.