ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ


ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ (Kirirom National Park) ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គមពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុ។ ឧទ្យានជាតិគិរីរម្យស្ថិតនៅក្នុង ភូមិដំរីផុង ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឧទ្យានជាតិគីរីរម្យលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា។

ឧទ្យានជាតិគិរីរម្យ
Kirirom National Park
Map showing the location of ឧទ្យានជាតិគិរីរម្យ
Southeast Asia, Cambodia (green)
ទីតាំងCambodia
កូអរដោនេ11°18′37″N 104°03′04″E / 11.31022059°N 104.05102995°E / 11.31022059; 104.05102995Coordinates: 11°18′37″N 104°03′04″E / 11.31022059°N 104.05102995°E / 11.31022059; 104.05102995
ផ្ទៃដី350 km2 (135.1 sq mi)[]
បង្កើតឡើង1993[]

ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ[]។​ វាជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។[].

ឧទ្យាន​ជាតិ​គិរីរម្យ​ គឺ​ជា​​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​មួយ​ដ៏​ល្បី​ ក្នុង​ចំណោម​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ធំៗ​ដទៃ​ទៀត​​​នៅ​ក្នុង​​ប្រទេស​ កម្ពុជា​ ហើយ​គិរីរម្យ​​ក៏​ជា​​រមណីយដ្ឋាន​មាន​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​​ កាល​ពី​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម។ រមណីយដ្ឋាន​ឧទ្យានជាតិ​នេះ​ សំបូរ​ទៅ​ដោយ​ទេសភាព​​ល្អ​ប្រណិត​លំអ​ដោយ​ដើម​ស្រល់​ដុះ​ពី​ធម្មជាតិ​នៅ​លើ​ ខ្ពង់រាប​គិរីរម្យ​ ជ្រោះ​ទឹក​ធ្លាក់​ជា​ច្រើន​អន្លើ​ និង​សត្វ​ម្រឹគីម្រឹគា​ជា​ច្រើន​អំបូរ​រស់​នៅ​ទី​នោះ។

ដោយ​គ្របដណ្ដប់​លើ​ផ្ទៃ​ដី​ប្រមាណ​ ៨.៤០១​ហិកតារ​ និង​ស្ថិត​នៅ​លើ​ខ្ពង់រាប​ដែល​មាន​រយៈ​កម្ពស់​ចាប់​ពី​ ៣០០ ​ទៅ​១០០០​ម៉ែត្រ ពី​នីវ៉ូ​សមុទ្រ។ រមណីយដ្ឋាន​​គិរីរម្យ​គឺ​ជា​តំបន់​ឧទ្យាន​ធម្មជាតិ​ដ៏​ធំ​ដែល​ស្ថិត​នៅ​ជិត​ រាជធានី​ភ្នំពេញ​ជាង​គេ​ ហើយ​តាំង​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច​(និរតី​ទិស) នៃ​រាជធានី​ប្រទេស​កម្ពុជា។ ពី​ក្រុង​​ភ្នំពេញ​គេ​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​តំបន់​គិរីរម្យ​បាន​យ៉ាង​ងាយ​ស្រួល​តាមរយៈ​ផ្លូវ​ជាតិ​លេខ​៤​ ដូច​ទៅ​កាន់​ក្រុង​​ព្រះសីហនុ​ដែរ​​ ប៉ុន្តែ​ដល់​បង្គោល​គីឡូម៉ែត្រ​លេខ​ ៨៧​​ត្រង់​ម្ដុំ​ផ្លូវ​បំបែក​ត្រែងត្រយឹង​ គេ​នឹង​​ឃើញ​មាន​ផ្លូវ​បំបែក​ខាង​ស្ដាំ​ដៃ​មួយ​ឆ្ពោះ​ទៅ​កាន់​តំបន់​ គិរីរម្យ​ ដែល​មាន​ចម្ងាយ​ផ្លូវ​ ២៧គ.ម ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​ ១០​គ.ម ដំបូង​គឺ​ជា​ផ្លូវ​រាប​ស្មើ​ និង​១៧​គ.ម បន្ទាប់​គឺ​ជា​ផ្លូវ​ឡើង​ខ្ពង់រាប​ និង​ភ្នំ។ រមណីយដ្ឋាន​នេះ​មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​ ១១៤គ.ម​ និង​១៤៧​គ.ម​​ ពី​ក្រុង​ព្រះសីហនុ​ ឬ​មាន​ចម្ងាយ​ ៤៤​គ.ម​ពី​ទី​រួម​ខេត្ត​​កំពង់ស្ពឺ។

ព្រៃ​ធម្មជាតិ​នៅ​តំបន់​គិរីរម្យ​ រួម​មាន​ប្រភេទ​ព្រៃ​ស្រល់​សុទ្ធ​ភាគ​ច្រើន​ និង​ព្រៃ​ឈើ​តំបន់​ត្រូពិក​ជាច្រើនប្រភេទ​​ទៀត។ ព្រៃ​ស្រល់​ធម្មជាតិ​​គឺ​ជា​ចំណុច​ពិសេស​​របស់​រមណីយដ្ឋាន​នេះ​ ហើយ​ក៏​ជា​ព្រៃស្រល់​បំរុង​​ទុក​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​ ​ គេ​​បែង​ចែក​ព្រៃ​នៅ​តំបន់​នោះ​ជា​ប្រភេទ​ ព្រៃ​ស្រល់​ចំរុះ​ឬ​ព្រៃ​ Dipterocarpaceas និង​ព្រៃ​ជាំ​ស្លឹក​ធំ​ Gallery Forest ដុះ​នៅ​តាម​​មាត់​អូរ​ជ្រោះ​ ស្ទឹង​ និង​ព្រៃ​មួយ​ប្រភេទ​ទៀត​ គឺ​ជា​ស្រោង​ សើម​ Moist dense dipterocarp forest ដែល​សំបូរ​ទៅ​ដោយ​ជីវសាស្ត្រ​ចម្រុះ​នៅ​ទី​នោះ​ផង​ដែរ។

គួរ​រំលឹក​ថា​ ពី​មុន​ទសវត្ស​ឆ្នាំ​១៩៩០​ តំបន់​គិរីរម្យ​ទាំងមូល​ផ្ទៃ​ដី​រហូត​ដល់​ ៨១.៧២០​ហិកតារ។ ហើយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រិចរិល​រួម​តូច​ ដោយ​ការ​កាប់​បំផ្លាញ​នៃ​ធនធាន​ធម្មជាតិ​ព្រៃឈើ​នៅ​ទូទាំង​ប្រទេស​​ ដែល​បាន​កើត​មាន​ចំពោះ​ឧទ្យានជាតិ​ និង​ដែន​ជំរក​សត្វ​ព្រៃ​ដ៏​សំខាន់​នេះ​ និង​ក៏​ដូច​ជា​ការ​ទប់ស្កាត់​នូវ​រាល់​វិនាសកម្ម​ព្រៃឈើ​ក្នុង​ប្រទេស​ កម្ពុជា។ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​បាន​ចុះ​បញ្ជី​ រមណីយដ្ឋាន​គិរីរម្យ​ជា​ "ឧទ្យាន​ជាតិ​ព្រះសុរាម្រិត" ដែល​មាន​ផ្ទៃ​ដី​៣៥០០០​ហិកតា​ តាម​ព្រះរាជក្រឹត្យ​របស់​ព្រះ​ករុណា​ ព្រះបាទ​សម្ដេច​ ព្រះនរោត្ដម​ សីហនុវរ្ម័ន​ ចុះ​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៣។ ហើយ​ឧទ្យានជាតិ​​​នេះ​បាន​បើក​ សម្ពោធ​អោយ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា​​ ឆ្នាំ​១៩៩៥​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ពេល​បច្ចុប្បន្ន​នេះ​កំណាត់​ផ្លូវ​ជា​ច្រើន​ និង​ស្ពាន​មួយ​ចំនួន​ ត្រូវ​បាន​ជួសជុល​ឡើង​វិញ​បន្ទាប់​ពី​ការ​ខូចខាត​ដោយសារ​សង្គ្រាម។​ជា​ទូទៅ​ ស្ថានភាព​ផ្លូវ​ទៅ​កាន់​ឧទ្យាន​គិរីរម្យ​ មាន​ស្ថានភាព​ល្អ​ប្រសើរ​​ដែល​អាច​​ឲ្យ​រថយន្ត​ទេសចរណ៍​គ្រប់​ប្រភេទ​​អាច​ ចរាចរ​ទៅ​កាន់​ទី​នោះ​បាន។ នៅ​រៀងរាល់​ចុង​សប្ដាហ៍​មាន​ភ្ញៀវ​ទេសចរណ៍​ពី​ក្រុង​ភ្នំពេញ​ជា​ច្រើន​តែង​ នាំ​គ្នា​ទៅ​សម្រាក​​លំហែរកាយ​​​​​​កម្សាន្ត​លេង​ជាមួយ​នឹង​សម្រស់​ធម្មជាតិ ​ដ៏​ស្រស់​ត្រកាល​នៅ​ទី​នោះ​ផង​ ហើយ​ក៏​​ជា​កន្លែង​​ទទួល​ទាន​អាហារ​ភិកនីក​ដ៏​ឈ្ងុយ​ឆ្ងាញ់​ផង​ដែរ។ អាហារ​​ក្នុង​ស្រុក​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​អ្នក​ស្រុក​លក់​សម្រាប់​ ភ្ញៀវ​ជាតិ​​ និង​សម្រាប់​ជនបរទេស​​ផង​ដែរ​ ក៏​មាន​ធ្វើ​លក់​ថ្មី​នៅ​តាម​ក្យុស​នា​ដង​ស្ទឹង​នឹង​អូរ​នៅ​ទី​នោះ​ ដែល​មាន​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន។

ប៉ុន្តែ​ចំពោះ​អ្នក​ទេសចរណ៍​ដែល​មាន​បំណង​​ធ្វើ​ដំណើរ​​ផ្សេង​ព្រេង​តាម​ កំណាត់​ផ្លូវ​​ចាស់​ផ្សេងៗ​ជា​ច្រើន​ខ្សែ​​ទៀត​នៅ​ក្នុង​អតីត​ក្រុង​ជូឡុង​ នេះ​មួយ​ចំនួន​ធំ​គឺ​ពុំ​ទាន់​ជួសជុល​ទេ​ វា​មាន​ស្ថានភាព​រលាក់​ដោយ​មាន​គ្រលុក​ និង​ដាច់​ខូច​ជា​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​អាច​ធ្វើ​ដំណើរ​បាន​​ដោយ​ប្រើប្រាស់​ប្រភេទ​​រថយន្ត​ 4WD ប៉ុណ្ណោះ។

ចំពោះ​បញ្ហា​សន្តិសុខ​ និង​សុវត្ថិភាព​នៃ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ទាំងមូល​ គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ណាស់​ ដែល​​អំណោយ​ផល​ដល់​ការ​អភិវឌ្ឍន៍​ ខាង​​វិស័យ​​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ទេសចរណ៍​និង​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ ​ ​ និង​​អន្តរជាតិ​ ចូល​ទៅ​ទស្សនា​កម្សាន្ត​សប្បាយ​គ្រប់​រដូវកាល។ នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ បច្ចុប្បន្ន​មាន​តំបន់​ទេសចរណ៍​សំខាន់ៗ​ សម្រាប់​ភ្ញៀវ​ជាតិ​​ និង​អន្តរជាតិ​ចូល​ទស្សនា​ និង​លេង​កម្សាន្ត​សប្បាយ​ជា​ច្រើន​ ក្នុង​នោះ​មាន​រមណីយដ្ឋាន​ទឹក​ជ្រោះ​ភ្នំ​ ដំណាក់​ចាស់​ ដំណាក់​ថ្មី​ តំបន់​ស្រះស្រង់​ តំបន់​ទឹក​ធ្លាក់​ ជ្រោះ​អូរតាហ៊ុយ​ តំបន់​ចំការ​តែ​ ភ្នំ​ថ្ម​ដា​ និង​តំបន់​ល្អាង​ភ្នំ។

ក្រៅ​ពី​តំបន់​ទេសចរណ៍​សំខាន់ៗ​ខាង​លើ​នេះ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ នៅ​មាន​តំបន់​សំខាន់ៗ​ជា​ច្រើន​ទៀត​ ដែល​ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​​មាន​ទឹក​ធ្លាក់​ដ៏​ខ្ពស់​អម​ដោយ​ ធម្មជាតិ​ស្រស់​ត្រកាល​នោះ​ គឺ​រមណីយដ្ឋាន​ទឹក​ធ្លាក់​អូរ​ច្រាក​ ឬ​ហៅ​ថា​ ទឹក​​ធ្លាក់​ចំបក់​ ដែល​តាំង​​នៅ​ផ្នែក​ខាង​ជើង​នៃ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​​ឃុំ​ចំបក់​ ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់ស្ពឺ។

ដោយសារ​តំបន់​គិរីរម្យ​ ជា​តំបន់​ខ្ពង់រាប​​ និង​ជា​ប្រជុំ​ភ្នំ​តូច​ធំ​ជា​ច្រើន​ ដែល​គ្រប​ដណ្ដប់​​ដោយ​ព្រៃ​ឈើ​​មាន​ពណ៌​បៃតង​គ្រប់​រដូវ​កាល​នោះ​ ទី​នេះ​ក៏​មាន​បរិមាណ​ទឹក​ភ្លៀង​ខ្ពស់​ ប្រហាក់ប្រហែល​តំបន់​មាត់​សមុទ្រ​ផង​ដែរ​ ហើយ​ក៏​ជា​កត្តា​បង្កើត​អោយ​មាន​ជ្រោះ​ និង​អូរ​មាន​ទឹក​​ហូរ​ធ្លាក់​ជា​ច្រើន​ នៅ​តាម​ចន្លោះ​ភ្នំ​នីមួយៗ​​ ដែល​ផ្ដល់​ជា​រមណីយដ្ឋាន​ទឹកធ្លាក់​ជា​ច្រើន​នៅ​រាយ​ពាស​ពេញ​តំបន់​នោះ។ ដោយសារ​លក្ខណៈ​អំណោយ​ផល​ពី​ធម្មជាតិ​នេះ​ហើយ​ទើប​តំបន់​គិរីរម្យ​ បង្កើត​ជា​ប្រភព​​ទឹក​សម្រាប់​បង្កើត​​ជា​វារី​អគ្គិសនី​ដំបូង​បំផុត​នៅ​ ប្រទេស​កម្ពុជា​តាំង​ពី​ទសវត្ស​ឆ្នាំ​ ១៩៦០​ ដែល​គេ​អាច​នាំ​យក​ចរន្ត​ថាមពល​អគ្គិសនី​ទាំង​នោះ​មក​ផ្គត់ផ្គង់​នៅ​រាជធានី ​ភ្នំពេញ​ នា​ពេល​បច្ចុប្បន្ន​បាន​មួយ​ភាគ​ធំ។

ប្រវត្តិឧទ្យានជាតិគិរីរម្យ

កែប្រែ

ឧទ្យានជាតិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ក្នុង​នៅ​ឆ្នាំ​១៩៤០ ដោយ​នាយកដ្ឋាន​គង្គា រុក្ខ​ប្រមាញ់ ហើយ​បាន​ធ្វើ​ផ្លូវ ជា​លើក​ដំបូង​ចូល​ទៅ​ដល់​ទី​ខ្ពង់រាប​គិរីរម្យ។ បន្ទាប់មក​នៅ​ក្នុង​ឆ្នាំ​១៩៤៤ សម្ដេច​ព្រះនរោត្ដម សីហនុ បាន​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​តំបន់​នោះ​ជា​លើក​ដំបូង​តាម​រយៈ​ដំរី ព្រះអង្គ​ក៏​បាន​សព្វ​ព្រះរាជហឫទ័យ​ចំពោះ​ទេសភាព​ដ៏​ល្អ​ប្រណិត​នៃ​តំបន់​ នេះ។ ព្រះអង្គ​បាន​ព្រះរាជ​តម្រិះ​ថា «ព្រៃ​ស្រស់​បែប​នេះ មាន​តែ​នៅ​ក្នុង​ប្រទេស​បារាំង​ប៉ុណ្ណោះ មិន​នឹក​ស្មាន​ថា ព្រៃ​ស្រស់​នេះ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ»។ នៅ​ពេល​នោះ​ព្រះអង្គ​រាជានុញ្ញាត​អោយ​អ្នក​ជំនាញ​បច្ចេកទេស​សិក្សា និង​កំណត់​ឈ្មោះ​តំបន់​នេះ​ថា «ខ្ពង់រាប​គិរីរម្យ» ព្រះរាជក្រម​លេខ ១២៩ លរ ចុះ​ថ្ងៃ​ទី ១៧​មេសា ឆ្នាំ​១៩៤៤។ នៅ​ក្នុង​ឆ្នាំ​​នោះ មាន​អ្នក​វិទ្យាសាស្ត្រ ក៏​ដូចជា​ក្រុម​ភូមិសាស្ត្រ បសុព្យាបាល និង​ក្រុម​ភូមិសាស្ត្រ បាន​ចូល​ទៅ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ភូមិសាស្ត្រ ស្ថានភាព​ដី ស្ថានភាព​ជីវសាស្ត្រ​នៅ​តំបន់ គិរីរម្យ​ជា​ច្រើន​ក្រុម​ជា​បន្តបន្ទាប់។

នៅ​ក្នុង​ឆ្នាំ​១៩៤៤​នោះ​ដែរ នាយកដ្ឋាន​គង្គា និង​រុក្ខា​ប្រមាញ់​បាន​កំណត់​តំបន់​គិរីរម្យ​ថា «ជា​ព្រៃ​បម្រុង​ទុក​សម្រាប់​ផ្ដល់​ផល​ទៅ​ថ្ងៃ​អនាគត»។ ចាប់​ពី​ថ្ងៃ​ទី​ ២២ ដល់​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​១៩៤៥ សម្ដេច​ព្រះ នរោត្តម សីហនុ បាន​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច និង​គង់​ប្រថាប់​នៅ​ព្រះ​រាជ​សំណាក់ ដែល​រៀប​ចំ​សាងសង់​ឡើង​ដោយ​នាយកដ្ឋាន​គង្គា និង​រុក្ខា​ប្រមាញ់ នៅ​​អូរ​ខ្សាច់​សរ។

នៅ​ក្នុង​ឆ្នាំ​១៩៤៩ នាយកដ្ឋាន​គង្គា និង​រុក្ខា​ប្រមាញ់ បាន​ដំណើរការ​សាងសង់​ផ្លូវ និង​ស្ពាន​នានា​ទៅ​ទូទាំង​តំបន់​គិរីរម្យ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍។

នៅ​ចុង​ឆ្នាំ ១៩៤៩ តំបន់​គិរីរម្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ​ឥស្សរៈ។ ការ​គ្រប់គ្រង​របស់​ខ្មែរ​ឥស្សរៈ​រយៈពេល ១​ឆ្នាំ​ស្ពាន​ជា​ច្រើន នៅ​ក្នុង​តំបន់​គិរីរម្យ​ត្រូវ​បាន​ដុត​បំផ្លាញ​ដោយ​ជន​ប្រដាប់​អាវុធ ហើយ​នៅ​ពេល​នោះ​ភ្នាក់ងារ​រុក្ខា​នៃ​នាយកដ្ឋាន​គង្គា​និង​រុក្ខា​ប្រមាញ់ បាន​សម្រេច​ចិត្ត​បញ្ឈប់​សកម្មភាព​គ្រប់គ្រង​តំបន់​គិរីរម្យ ប៉ុន្តែ​ពួកគេ​បាន​វិល​ត្រឡប់​ចូល​មក​គ្រប់គ្រង​តំបន់​នេះ​វិញ​នៅ​ដើម​ឆ្នាំ ​១៩៥៤។

បន្ទាប់​ពី​សន្និសីទ​អន្តរជាតិ​នៃ​ទី​ក្រុង​ហ្សឺណែវ នៃ​ប្រទេស​ស្វីស ខែ​វិច្ឆិកា ឆ្នាំ​១៩៥៤ ដែល​បារាំង​បាន​ប្រគល់​ឯករាជ្យ​ភាព​ពេញ​បរិបូរណ៍​ជូន​ប្រទេស​កម្ពុជា ទើប​នាយកដ្ឋាន​គង្គា និង​រុក្ខា​ប្រមាញ់ បាន​ចាប​ផ្ដើម​ដំណើរការ​ការងារ និង​សកម្មភាព​គ្រប់គ្រង​ព្រៃឈើ​របស់​ខ្លួន​ឡើង​វិញ ក្នុង​តំបន់​គិរីរម្យ ដោយ​យោង​ទៅ​តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​១៩៥០។

នៅ​ឆ្នាំ​១៩៦២ តំបន់​គិរីរម្យ ត្រូវ​បាន​កសាង​ឡើង​ជា​ក្រុង​ទេសចរណ៍​មាន​ឈ្មោះ​ថា "ក្រុង​ជូឡុង" ឬ​ហៅ​ថា "បុរី​ជូឡុង"។ មូលហេតុ​ដែល​ក្រុង​នេះ​ត្រូវ​បាន​កំណត់​ឈ្មោះ​ថា ក្រុង​ជូឡុង ព្រោះ​សម្ដេច​ចក្រី ញឹក ជូឡុង នៅ​ពេល​នោះ​​គី​ជា​សកម្មជន​ម្នាក់​ដ៏​សំខាន់​ក្នុង​ការ​រួម​វិភាគទាន និង​ចលនា​ប្រជាជន ដើម្បី​ស្ថាបនា​ទីក្រុង​ទេសចរណ៍​ដ៏​ប្រណិត​នេះ​ឡើង។ នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ក្រៅ​ពី​រាជធានី​ភ្នំពេញ និង​ក្រុង​ព្រះសីហនុ ឬ​ក្រុង​កំពង់​សោម រដ្ឋាភិបាល​សម័យ​នោះ​បាន​បង្កើត​ជា​ក្រុង​ថ្មីៗ​មួយ​ចំនួន​ទៀត​ដូច​ជា ក្រុង​អង្គរ ក្រុង​កែប ក្រុង​បូកគោ ក្រុង​ប៉ៃលិន និង​បុរី​ជូឡុង​នេះ​ឯង។

នៅ​ក្នុង​ឆ្នាំ​១៩៦៥ វិស័យ​ទេសចរណ៍​បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ។ ដោយ​សារ​សក្ដានុពល​ធម្មជាតិ​នៅ​តំបន់​គិរីរម្យ រួម​ផ្សំ​នឹង​សំណង់​ប្រណិតៗ​ជា​ច្រើន ទើប​រៀងរាល់​ចុង​សប្ដាហ៍​គេ​ឃើញ​មាន​រថយន្ត​រាប់​រយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ ទោ​កាន់​តំបន់​នោះ។ យោង​តាម​កំណត់​ត្រា​របស់​ទស្សនាវដ្ដី កម្ពុជ​សុរិយា បោះពុម្ព នៅ​ឆ្នាំ ១៩៦៦ បាន​​ឲ្យ​ដឹង​ថា មាន​រថយន្ត​រហូត​ដល់​១១.៥០០​គ្រឿង បាន​ធ្វើ​ដំណើរ​ទស្សនាចរ​ទៅ​តំបន់​នោះ ដោយ​រួម​ទាំង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​បរទេស​ជា​ផ្លូវ​រដ្ឋ​ផង ដូច​ជា លោក​ប្រធានាធិបតី​ចិន លីវ ចាវជី លោក​ប្រធានាធិបតី ឥណ្ឌូណេស៊ី ស៊ូកាណូ លោក​ប្រធាន អ៊ុំ ញ្ញ៉ាតុ មក​ពី​យូហ្គោស្លាវី លោក​សេនាប្រមុខ ចេនយី មក​ពី​ប្រទេស​ចិន។ល។ ប្រតិភូ​ឥស្សរជន​ទាំង​នេះ សុទ្ធ​តែ​ត្រូវ​បាន​អញ្ជើញ​ដោយ​សម្ដេច​ព្រះ នរោត្តម សីហនុ ដើម្បី​ធ្វើ​ដំណើរ​ទស្សនាចរ​នៅ​គិរីរម្យ​។

ហើយ​ជា​ញយ​ដង សម្ដេច​ព្រះ នរោត្តម សីហនុ​ បាន​សព្វ​ព្រះ​រាជហឫទ័យ​ចំពោះ​ក្រុង​នេះ ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ​ជា​ញឹកញាប់ ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​ទស្សនា​ទេសភាព​ធម្មជាតិ​ដ៏​ល្អ​ប្រណិត​ និង​សត្វ​ព្រៃ​គ្រប់​ប្រភេទ​នៃ​តំបន់​គិរីរម្យ ជា​អនេក​ហើយ​រដ្ឋាភិបាល​សម័យ​នោះ​ក៏​ទុក​ទី​នោះ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ ដ៏​ប្រណិត​មួយ​ផង​ដែរ។

នៅ​ក្នុង​បរិវេណ​ឧទ្យានជាតិ​គិរីរម្យ ឬ​ក្រុង​ជូឡុង នេះ​ក៏​មាន​ចម្ការ​ចែ​ជា​ច្រើន​ហិកតារ ចម្ការ​ផ្កាអ័រគីដេ មាន​វារីអគ្គិសនី មាន​កន្លែង​តាំង​ពិព័រណ៍​សម្រាប់​កង​យោធពល​ខេមរភូមិន្ទ មាន​រោង​ចក្រ​ចំនួន​៣ និង​មាន​ព្រលាន​យន្តហោះ​​ដែល​អាច​អាយ​ឧទ្ធម្ភាគចក្រ​ចុះចត​បាន ស្ថិត​នៅ​ជិត​អតីត​ព្រះរាជ​ដំណាក់ ដែល​ត្រូវ​បាន​គេ​សាង​ឡើង​ក្នុង​រវាង​ឆ្នាំ ១៩៦២-៦៥។

ឯកសារយោង

កែប្រែ
  1. ១,០ ១,១ "Kirirom National Park". WCMC. Retrieved 2009-08-29.[តំណភ្ជាប់ខូច]
  2. "http://www.cambodia.gov.kh/". Archived from the original on 2009-02-26. Retrieved 2008-08-03. {{cite web}}: External link in |title= (help)
  3. Forbes, Andrew (2006). Insight Compact Guide: Cambodia, pp. 41. APA Publications and GeoCenter International Limited in association with The Discovery Channel ISBN 13-978-981-258-485-4

តំនភ្ជាប់ខាងក្រៅ

កែប្រែ

ឯកសារយោង

កែប្រែ