កម្មវិធីអភិវឌ្ឍន៍ចម្រុះ
កម្មវិធីដែលមានមុខងារច្រើន ប្រើដើម្បីអភិវឌ្ឍឬបង្កើតផ្នែកទន់
(ត្រូវបានបញ្ជូនបន្តពី Integrated development environment)
កម្មវិធីអភិវឌ្ឍន៍ចម្រុះ (អង់គ្លេស ៖ integrated development environment ឬ IDE) គឺជាកម្មវិធីដែលផ្តល់មធ្យោបាយងាយស្រួលដល់អ្នកសរសេរកម្មវិធីកុំព្យូទ័រសម្រាប់ការអភិវឌ្ឍឬបង្កើតកម្មវិធី ។ កម្មវិធីនេះជាបណ្ដុំនៃកម្មវិធីដែលមានមុខងារផ្សេងៗគ្នា ហើយជាធម្មតា វាជាបណ្ដុំនៃកម្មវិធីយ៉ាងហោចណាស់ ៣ ដូចជា កម្មវិធីសរសេរកូដ កម្មវិធីបំលែងនិងចងក្រងកូដស្វ័យប្រវត្តិ និងកម្មវិធីសាកល្បងកូដឬកម្មវិធីដែលកំពុងតែត្រូវបានបង្កើតឡើងនោះ ។
យ៉ាងណាមិញ គេពុំឃើញមានការកំណត់ជាក់លាក់ថាតើកម្មវិធីដែលជាបណ្ដុំនៃកម្មវិធីប្រភេទណាខ្លះទើបអាចចាត់ទុកថាជាកម្មវិធីអភិវឌ្ឍន៍ចម្រុះនោះឡើយ ។ កម្មវិធីអភិវឌ្ឍន៍ចម្រុះមួយចំនួនថែមទាំងមានមុខងារគ្រប់គ្រងជំនាន់កំណែ និងមុខងារផ្សេងៗទៀតដែលជួយសម្រួលដល់ការបង្កើតផ្ទៃប្រើប្រាស់ដោយរូបភាព (GUI) ។