កែម ឡី
លោកបណ្ឌិត កែម-ឡី (១៩ តុលា ១៩៧០ - ១០-កក្កដា-២០១៦) ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងត្រូវបានគេផ្ដល់រហស្សនាមថា ជាអ្នកវិភាគនយោបាយឯករាជ្យនៅព្រះរាជាណាចក្រកម្ពុជា។ លោកត្រូវបានឃាតករ បាញ់សំលាប់ចំនួនបីគ្រាប់នៅក្នុងស្តារម៉ាត របស់ស្ថានីយចាក់សាំងកាល់តិច (Caltex) ស្តុបបូកគោ។
កែម ឡី | |
---|---|
កើត | ១៩ តុលា ១៩៧០ ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ |
ស្លាប់ | 10 កក្កដា 2016 ក្រុងភ្នំពេញ |
សញ្ជាតិ | ខ្មែរ |
ការអប់រំ | មហាវិទ្យាល័យចុល្លាង្ករណ៍, សាកលវិទ្យាល័យម៉ាឡៃយ៉ា |
អាជីព | អ្នកវិភាគឯករាជ្យ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ |
អង្គការ | UNDP, កាកបាទក្រហម, HACC |
ប្រវត្តិ
កែប្រែ១.ប្រវត្តិសង្ខេប លោកបណ្ឌិត កែម ឡី លោកបណ្ឌិត កែម ឡី –នាម និង គោត្តនាម ៖ កែម ឡី [អានថា៖ កែម-ឡី ] –សញ្ជាតិ ៖ ខ្មែរ –មុខងារបច្ចុប្បន្ន ៖ ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម។ –ទីកន្លែងកំនើតកើត ៖ នៅក្នុងគ្រួសារក្រីក្រមួយ នៅ ភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។ –អាសយដ្ឋានបច្ចុប្បន្ន ៖ រាជធានីភ្នំពេញ។ –ឪពុករបស់លោកដែលជាសាស្ត្រាចារ្យ បានស្លាប់នៅជំនាន់ ប៉ុល ពត ធ្វើឲ្យលោក និងបងប្អូនប្រុសស្រីពីរនាក់ទៀត ក្លាយជាកូនកំព្រា រស់នៅជាមួយម្តាយមេម៉ាយ ចាប់តាំងពី ឆ្នាំ១៩៧៩ មក។
ការសិក្សា
កែប្រែ–បើទោះបីជាម្តាយមានមុខរបរត្រឹមជាអ្នកលក់នំបញ្ចុក ក៏ដោយ ក៏លោក កែម ឡី បានខិតខំព្យាយាមតស៊ូរៀនសូត្រ រហូតដល់ទទួលបានសញ្ញាបត្រជាន់ខ្ពស់នៅឯបរទេស ខណៈដែលបងស្រីរបស់លោក បានធ្វើជាគ្រូពេទ្យ ហើយប្អូនប្រុស បានធ្វើការនៅក្រុមហ៊ុនឯកជន។ –លោក កែម ឡី បានចាកចេញពី ខេត្តតាកែវ មកសុំស្នាក់អាស្រ័យនៅវត្ត បទុម ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ។ លោកបានស្នាក់នៅវត្តរហូតដល់រៀនចប់មហាវិទ្យាល័យ ហើយបានចូលធ្វើការនៅក្រសួង សុខាភិបាល កាន់ខាងផ្នែកជំងឺឆ្លង។ –លោក កែម ឡី ទទួលបានសញ្ញាបត្រ នៅសាកលវិទ្យាល័យចុឡាលុងករណ៍ ប្រទេសថៃ ផ្នែកជំនាញសិក្សាស្រាវជ្រាវលើផ្នែកសុខភាពសាធារណៈ ទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ ម៉ាឡៃយ៉ា ប្រទេសម៉ាឡេស៊ី លើផ្នែកវិទ្យាសាស្ត្រសង្គម។
ការងារ
កែប្រែ–លោក កែម ឡី បានឈប់ធ្វើការងាររដ្ឋ នៅក្នុងអំឡុង ឆ្នាំ២០០០ ហើយបានទៅធ្វើការ នៅកាកបាទក្រហមកម្ពុជា។ បន្ទាប់មកលោកបានចេញទៅធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលនិងទៅធ្វើជាអ្នកប្រឹក្សាឲ្យអង្គការ UNDP អស់រយៈពេល ៤ឆ្នាំ។ ក្រោយពីបញ្ចប់ការងារនៅ UNDP លោកបានទៅធ្វើការឲ្យក្រុមហ៊ុនមួយនៅ ថៃ ដែលក្រុមហ៊ុននោះ ធ្វើការងារជួយសង្គមច្រើន ជាពិសេសជួយដល់ជនក្រីក្រនៅ ថៃ នៅ កម្ពុជា នៅ ចិន និងនៅ ឥណ្ឌា ហើយបន្ទាប់ពីនោះ លោកបានទៅធ្វើជាទីប្រឹក្សាឲ្យក្រសួង សុខាភិបាល ខាងមូលនិធិសកល។ ក្រោយមកទៅកាន់ខាងបណ្តាញអង្គការក្រៅរដ្ឋាភិបាលហៅ HACC បានមួយរយៈ។
ការស្រាវជ្រាវ និងវិភាគនយោបាយ
កែប្រែ–ដំបូងឡើយ លោក កែម ឡី បានធ្វើការសិក្សាស្រាវជ្រាវភាគច្រើនខាងផ្នែកសង្គមកិច្ច បន្ទាប់មកខាងផ្នែកដីធ្លី សិទ្ធិលំនៅឋាន សិទ្ធិមនុស្ស ធនធានរ៉ែ ហើយនៅពេលថ្មីៗនេះ លោកបានធ្វើការសិក្សាស្រាវជ្រាវ ភាគច្រើនទៅលើរឿងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ល។ –ខណៈដែលកេរ្តិ៍ឈ្មោះរបស់លោក កំពុងតែល្បីសុសសាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន លោក កែម ឡី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនហៅលោកថា «ជាអ្នកវិភាគឯករាជ្យ» ដោយសារតែលោក មានសេចក្តីក្លាហាន លាតត្រដាងពីបញ្ហាដែលកំពុងតែញាំញីសង្គមខ្មែរ និងបានផ្តល់នូវដំណោះស្រាយសមហេតុផល ដែលជាផ្លូវអាចជួយរុញច្រានឲ្យសង្គមខ្មែរ មានការរីកចម្រើនជឿនលឿនឆាប់រហ័សគេចផុតពីហានិភ័យ។
លក្ខណៈពិសេសរបស់លោក
កែប្រែ១) លោក កែម ឡី ត្រូវបានគេឲ្យតម្លៃខ្ពស់ ចំពោះភាពក្លាហានរបស់លោក។ ពលរដ្ឋខ្មែរ និងអ្នកសារព័ត៌មាន តែងតែចាត់ទុក លោក កែម ឡី ជាអ្នកនិយាយរិះគន់មិនសំចៃមាត់ ចំពោះចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល និងគណបក្សប្រឆាំង។ ក្រៅពីការរិះគន់ លោក កែម ឡី តែងតែផ្តល់ដំណោះស្រាយតាមបែបវិទ្យាសាស្ត្រ និងបែបតក្កវិទ្យា(Logical)។ លើសពីនេះ បើទោះបីជា លោក កែម ឡី ធ្លាប់រងការគំរាមកំហែងដល់អាយុជីវិតក៏ដោយ តែបុរសមាឌដំបង និងសម្បុរស្រអែមរូបនេះ មិនដែលផ្លាស់ប្តូរមនសិការ និងការងាររបស់ខ្លួនឡើយ។
២) លោក កែម ឡី បានលះបង់យ៉ាងច្រើន ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ។ លោក កែម ឡី សុខចិត្តលះបង់ជីវិត ចោលប្រពន្ធ និងកូនជាទីស្រឡាញ់របស់លោក ដើម្បីធ្វើការងារស្រាវជ្រាវជាប្រយោជន៍ដល់ពលរដ្ឋខ្មែរ។ មុនទទួលមរណភាព លោក កែម ឡី បានបង្កើតយុទ្ធនាការ«១០០រាត្រី»។ ១០០រាត្រី គឺជាសកម្មភាពរបស់លោក ក្នុងការរស់នៅជាមួយប្រជាពលរដ្ឋខ្មែរចំនួន១០០ខ្នងផ្ទះ ដើម្បីស្រាវជ្រាវពីបញ្ហារបស់ពលរដ្ឋ និងចងក្រងជាឯកសារ ទុកឲ្យក្មេងជំនាន់ក្រោយ។ ក្រៅពីនេះ លោកមានបំណង ចងក្រងកោះខ្មែរដើម្បីទុកជាភស្តុតាង ករណីមានជម្លោះដែនកោះរវាងកម្ពុជា និងប្រទេសជិតខាង។
៣) លោក កែម ឡី ត្រូវបានពលរដ្ឋឲ្យតម្លៃយ៉ាងខ្លាំងចំពោះសិល្បៈនិយាយរបស់លោក។ លោកត្រូវបានអញ្ជើញជាវាគ្មិននៅតាមសិក្ខាសាលា វេទិកាយុវជន និងវាគ្មិននៅតាមបណ្តាញសារព័ត៌មានយ៉ាងច្រើន។ ក្រៅពីសំឡេងដ៏មុតស្រួច លោកមានលក្ខណៈពិសេសម្យ៉ាងទៀត គឺលោកពូកែពន្យល់ដើម្បីផ្តល់ចំណេះដឹងដល់ពលរដ្ឋគ្រប់មជ្ឈដា្ឋន។ ចំណុចនេះ ទើបពលរដ្ឋ ដែលធ្លាប់ស្តាប់លោកបណ្ឌិត កែម ឡី ទោះបីជាពលរដ្ឋមួយចំនួន មានចំណេះដឹងតិចតួចយ៉ាងណាក្តី ក៏អាចទទួលបានគំនិតជាច្រើនតាមរយៈបំណិនប្រសប់នៃការពន្យល់របស់លោកកែម ឡី។
៤) លោក កែម ឡី គឺជាមនុស្សសាមញ្ញបំផុត។ ទោះបីជា លោកទទួលបានសញ្ញាបត្របណ្ឌិត និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក៏ដោយ ប៉ុន្តែ បុរសវ័យ៤៦ឆ្នាំរូបនេះ មិនដែលមានឫកពារឆ្មើងឆ្មៃនោះទេ។ ទឹកមុខញញឹម និងភាពរួសរាយរាក់ទាក់ បានចាក់ជ្រៅដល់បេះដូងរបស់យុវជនខ្មែរ។ នៅពេលចូលរួមធ្វើជាវាគ្មិននៅតាមសិក្ខាសាលា ឬវេទិការយុវជនផ្សេងៗ លោក កែម ឡី តែងតែបង្ហាញអាកប្បកិរិយាគោរព ចំពោះមនុស្សទូទៅ។ ហេតុនេះហើយ ទើបមានយុវជនជាច្រើន តែងតែសុំលោកថតរូបជាមួយ នៅពេលសម្រាកពិសារអាហារសម្រន់ និងនៅពេលបញ្ចប់កិច្ចពិភាក្សា។ ចំណែក សំលៀកបំពាក់វិញ លោក កែម ឡី ត្រូវបានគេសង្កេតឃើញថា លោកតែងតែ ពាក់អាវសជាមួយខោខៅប៊យ និងពាក់ស្បែកជើងកីឡាដ៏សាមញ្ញ។ យូរៗម្តង ទើបគេឃើញលោកពាក់អាវធំ ដោយមានក្រវ៉ាត់ក។
៥) បណ្ឌិត កែម ឡី គឺជាមនុស្សនឹងនរ។ ទោះបីជាលោកត្រូវគេប្រមាថ ឬប្រើសម្តីមិនសមរម្យមកលើរូបលោក នៅក្នុងវេទិកាតុមូលក្តី វេទិកាយុវជនក្តី តែគេហាក់មិនដែលឃើញលោកកែម ឡី ខឹងសម្បារឬច្រលោតខឹង ចំពោះដៃគូពិភាក្សានោះទេ។ លោកតែងតែប្រកាន់ឥរិយាបថញញឹមជានិច្ចគ្រប់ស្ថានភាព។
៦) តាមរយៈការជជែក ឬពិភាក្សាពីគោលនយោបាយ ច្បាប់ សិទ្ធិមនុស្ស… លោក កែម ឡី តែងតែមានយុទ្ធសាស្ត្រ ឬដំណោះស្រាយទាំងរយៈពេលខ្លី និងរយៈពេលវែង។ លោកត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយ និងមានផែនការច្បាស់លាស់ ដើម្បីជួយប្រទេសជាតិរបស់ខ្លួន។
៧) លោក កែម ឡី គឺជាមនុស្សមិនលោភលន់បុណ្យសក្តិ តួនាទី ឬតំណែងនោះទេ។ កន្លងមក ជំនួយការ របស់ លោក កែម ឡី ធ្លាប់បានអះអាងថា លោក កែម ឡី ត្រូវបានគេផ្តល់អ្វីៗគ្រប់បែបយ៉ាង ដែលអាចឲ្យលោក និងគ្រួសាររស់នៅយ៉ាងសុខស្រួល គ្រាន់តែលោក ត្រូវបញ្ឈប់ការងារស្រាវជ្រាវរបស់លោកប៉ុណ្ណោះ។ ប៉ុន្តែ លោក កែម ឡី មិនបានខ្វល់ខ្វាយនឹងលាភសក្ការៈទាំងនោះទេ។
៨) លោក កែម ឡី គឺជាមនុស្សស្មោះត្រង់។ ប្រសាសន៍របស់លោកស្ទើរគ្រប់ម៉ាត់ គឺតែងតែចង់ជួយប្រជាជន និងប្រទេសជាតិ ឲ្យមានការរីកចម្រើន មានសុភមង្គល និងសុខសន្តិភាព។
៩) លោក កែម ឡី គឺលោកជាមនុស្សនិយាយផង និងធ្វើផង។ កន្លងមក គេសង្កេតឃើញ លោក កែម ឡី មានសកម្មភាពជាច្រើន ដូចជា ការចុះស្រាវជ្រាវបញ្ហាជម្លោះដីធ្លី ការចុះដេកព្រៃដើម្បីការពារព្រៃឈើ និងការអប់រំពលរដ្ឋពីសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យជាដើម។ អ្នកដែលស្គាល់ លោក បណ្ឌិត កែម ឡី តែងតែលើកឡើងថា លោកជាមនុស្សដែលធ្វើការងារសកម្មបំផុតជាមួយយុវជន។
១០) លោក កែម ឡី គឺជាមនុស្សចូលចិត្តនិយាយត្រង់។ ថ្វីដ្បិត ពាក្យសច្ចៈ ធ្វើឲ្យមនុស្សមួយចំនួនមិនសប្បាយចិត្ត ប៉ុន្តែ មានតែពាក្យពិតទេ ដែលជាវត្ថុដ៏ពិសិដ្ឋសម្រាប់ព្យាបាលជំងឺសង្គមខ្មែរ។ ការនិយាយការពិត បានធ្វើឲ្យលោក កែម ឡី ក្លាយជាវីរជនរបស់យុវជន និងពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។ លើសពីនេះ ពលរដ្ឋខ្មែរបានសម្រក់ទឹកភ្នែកស្ទើរមួយនគរ នៅពេលលោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅកណ្តាលរាជធានីភ្នំពេញ៕
ជីវិតគ្រួសារ
កែប្រែលោក កែម ឡី បានរៀបអាពាហ៍ពិពាហ៍នាឆ្នាំ២០០១ ចំណែកភរិយារបស់លោក គឺជាអាជីវករលក់ខោជជុះនៅផ្ទះល្វែងមួយ នៅ ផ្សារបឹងកេងកង ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ន (២០១៤) មានកូនសុទ្ធតែប្រុសចំនួន ៤ រូប កូនបងអាយុ ១២ ឆ្នាំ និងកូនប្អូនអាយុ ៤ ឆ្នាំ។
សំដីមាសរបស់លោកបណ្ឌិត កែម ឡី
កែប្រែសម្តី មាស របស់លោកបណ្ឌិត កែម ឡី ដែលបានបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយគិតពិចារណា និងផ្តល់ជាគំរូថាធ្វើអ្វីៗត្រូវតែតម្កល់ផលប្រយោជន៍ជាតិជាធំ៖
១.ធ្វើអ្នកវិភាគត្រូវហ៊ានលះបង់ជីវិត។
២.ជូតទឹកភ្នែករបស់អ្នករួចបន្តដំណើរទៅមុខទៀត។
៣. នៅពេលវិភាគម្តងៗខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេ។
៤. ខ្ញុំនឹងនិយាយអ្វីដែលអ្នកដទៃមិនហ៊ាននិយាយ។
៥. សុវត្ថិភាពខ្ពស់បំផុតដែលអាចការពារយើងបានជានិរន្តរ៍គឺបេះដូងពលរដ្ឋ។
៦.ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋ និងបូរណភាពទឹកដីមិនមែនជាជម្រើសល្អទេ។
៧. អ្នកមានអំណាច មានលុយច្រើនពីការកេងប្រវ័ញ្ចធនធានសង្គមពីពលរដ្ឋខ្លួនឯងនោះអ្នកអាចមានសុវត្ថិភាពតែពេលនៅរស់ទេតែពេលស្លាប់ទៅសូម្បីតែទីតម្កល់សាកសពក៏អាចគ្មានសុវត្ថិភាពដែរ។
៨. បើយើងនិយាយអ្វីគឺត្រូវនិយាយការពិត។
៩. មុននឹងខ្ញុំវិភាគគឺខ្ញុំបានគិតដល់ចំណុច ៣ គឺត្រូវរត់ចោលស្រុក ត្រូវជាប់គុក និងត្រូវអស់ជីវិត
១០. បើអ្នកមិនធ្វើអ្វីទាល់តែសោះក៏គង់តែទទួលរងគ្រោះដែរគ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ។
សំរង់សំដីរបស់លោក
កែប្រែ- «១. ខ្ញុំមិនមែនជាអ្នកវិភាគទេ ខ្ញុំជាអ្នករូតវាំងនន»
- «២. ពូមិនដែលគិតថា ពូអាចនឹងរស់នៅ បានយូរនោះទេ ថ្ងៃណាមួយ ពូអាចស្លាប់ ឬ ត្រូវគេបាញ់សម្លាប់ តែដរាបណាពូ មានជីវិត ពូនឹងនិយាយអ្វី ដែលអ្នកដទៃ មិនហ៊ាននិយាយ គ្មាននរណាម្នាក់ទិញពូ មិនឲ្យនិយាយបានទេ»
- «៣. ធ្វើអ្នកវិភាគ ត្រូវហ៊ានលះបង់ជីវិត។»
- «៤. ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត។»
- «៥. នៅពេលវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេ។»
- «៦. ខ្ញុំនឹងនិយាយអ្វី ដែលអ្នកដទៃមិនហ៊ាននិយាយ។»
- «៧. សុវត្ថិភាពខ្ពស់បំផុតដែលអាចការពារយើងបានជានិរន្តគឺ បេះដូងពលរដ្ឋ។»
- «៨. ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋ និងបូរណៈភាពទឹកដី មិនមែនជាជម្រើសល្អទេ។»
- «៩. អ្នកមានអំណាច មានលុយច្រើនពីការកេងប្រវ័ញ្ចធនធានសង្គម ពីពលរដ្ឋខ្លួនឯងនោះ អ្នកអាចមានសុវត្ថិភាពតែពេលនៅរស់ទេ តែពេលស្លាប់ទៅ សូម្បីតែទីតម្កល់សាកសពក៏អាចគ្មានសុវត្ថិភាពដែរ។»
- «១០. បើយើងនិយាយអ្វី គឺត្រូវនិយាយការពិត។»
- «១១. មុននឹងខ្ញុំវិភាគ គឺខ្ញុំបានគិតដល់ចំណុច៣គឺ ត្រូវរត់ចោលស្រុក ត្រូវជាប់គុក និងត្រូវអស់ជីវិត។»
- «១២. បើអ្នកមិនធ្វើអ្វីទាល់តែសោះ ក៏គង់តែទទួលរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ។»
ប្រតិកម្មទៅនឹងការស្លាប់របស់លោក
កែប្រែឡៅ-ម៉ុងហៃ
កែប្រែបណ្ឌិតឡៅ-ម៉ុងហៃ: ការស្លាប់លោក កែម-ឡី ជាការបាត់បង់មហាបុត្រដ៏ឆ្នើមមួយរូប។ លោកថានេះជាសោកនាដកម្មជាតិមួយទៀតក្នុងប្រវត្តិសាស្ត្រប្រជាជាតិខ្មែរ។
សុខ-ទូច
កែប្រែខ្ញុំមានការរន្ធត់តក់ស្លុកយ៉ាងក្រៃលែងក្រោយពីទទួលដំណឹងតាមប្រព័ន្ធផ្សព្វផ្សាយថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ ៩ ព្រឹក នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយព្រឹត្តិការណ៍ដ៏សោកសៅ ខ្ញុំសូមថ្កោលទោសយ៉ាងពេញទំហឹងចំពោះជនដៃដល់ និងអ្នកនៅពីក្រោយអំពើឃាតកម្មនេះ និងសូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេត ស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ការបាត់បង់លោកបណ្ឌិត កែម ឡី គឺជាការបាត់បង់បញ្ញវន្តមួយរូប និងកញ្ចក់សង្គមមួយផ្នែកដ៏សំខាន់នៃប្រទេសកម្ពុជា។ លោកបណ្ឌិត កែម ឡី ជាបញ្ញវន្តមួយរូប ដែលមានការទទួលស្គាល់ពីស្រទាប់បញ្ញវន្ដជាតិ និងអន្ដរជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទៅ និងមានការកោតស្ញប់ស្ញែងចំពោះចំណេះដឹង និងទេពកោលសល្យរបស់លោក។ ខ្ញុំសូមលំឱនកាយវាចារចិត្ដគោរពវិញ្ញាណក្ខន្ធលោក បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ឯកសារយោង
កែប្រែមើលផងដែរ
កែប្រែ- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2017-05-20. Retrieved 2016-07-10.