ពុទ្ធភាសិត

កែប្រែ

[២៥៩] ឯកំ សមយំ អញ្ញតរោ ភិក្ខុ កោសលេសុ វិហរតិ អញ្ញតរស្មឹ វនសណ្ឌេ ។ តេន ខោ បន សមយេន សោ ភិក្ខុ អញ្ញតរស្មឹ កុលេ អតិវេលំ អជ្ឈោគាឡ្ហប្បត្តោ វិហរតិ ។ [២៦០] អថខោ យា តស្មឹ វនសណ្ឌេ អធិវត្តា ទេវតា តស្ស ភិក្ខុនោ អនុកម្បិកា អត្ថកាមា តំ ភិក្ខុំ សំវេជេតុកាមា យា តស្មឹ កុលេ កុលឃរណី តស្សា វណ្ណំ អភិនិម្មិនិត្វា យេន សោ ភិក្ខុ តេនុបសង្កមិ ឧបសង្កមិត្វា តំ ភិក្ខុំ គាថាយ អជ្ឈភាសិ នទីតីរេសុ សណ្ឋានេ សភាសុ រថិយាសុ ច ជនា សង្គម្ម មន្តេន្តិ មញ្ច តញ្ច កិមន្តរន្តិ ។ [២៦១] ពហូហិ សទ្ធា បច្ចូហា ខមិតព្វា តបស្សិនា ន តេន មង្កុហោតព្វំ ន ហិ តេន កិលិស្សតិ ។ យោ ច សទ្ទប្បរិត្តាសី វនេ វាតមិគោ យថា លហុចិត្តោតិ តំ អាហុ នាស្ស សម្បជ្ជតេ វតន្តិ
ប្រែថា ៖

[២៥៩] សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏​សម័យនោះឯង ភិក្ខុនោះ ចូលទៅក្នុងត្រកូលមួយ ហួសវេលា ។​ [២៦០] គ្រានោះឯង ទេវតាដែលនៅក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នា​នូវ​ប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើឲ្យ​ភិក្ខុនោះសង្វេគ ក៏និម្មិតជាភេទស្រីមេផ្ទះ ក្នុង​ត្រកូលនោះ ហើយចូល​ទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោល​គាថានឹង​ភិក្ខុនោះថា ជនទាំងឡាយ មកប្រជុំ​និយាយគ្នាទៀបឆ្នេរស្ទឹង​ទាំងឡាយផង ក្នុងរោងសម្រាប់​សម្រាកផង ក្នុងរោងសម្រាប់​ប្រជុំគ្នា និយាយផង នាផ្លូវច្រកផង ហើយ​និយាយ​ចំពោះ​ខ្ញុំផង ចំពោះលោកផង តើព្រោះហេតុអ្វី ? [២៦១] ភិក្ខុតបថា ព្រោះថាជនទាំងឡាយ មានសទ្ធាជាបដិលោម ក្នុង​លោកនេះច្រើនគ្នា អ្នកដែលមានតបៈនោះ គួរតែអត់ទ្រាំ មិនគួរអៀនខ្មាសឡើយ ដ្បិត​សត្វមិនមែនសៅហ្មង ដោយពាក្យដែល​ពួកជនដទៃ​និយាយនោះទេ បុគ្គលណា តក់ស្លុតនឹងសំឡេង ដូចជាសត្វឈ្លូសក្នុងព្រៃ អ្នកប្រាជ្ញហៅបុគ្គលនោះ ថាជា​អ្នក​មានចិត្តស្រាល កិច្ចវត្តមិនសម្រេចដល់បុគ្គល​នោះទេ ។[1]

បុគ្គល​ដែល​ភ្ញាក់​ផ្អើល​សំឡេង ឈ្មោះ​ថា​ជា​អ្នក​មាន​ចិត្តស្រាល ពោល​គឺ ជាអ្នក​ឆាប់​ជឿ​គេ​​ ខ្វះការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ។ បុគ្គលនោះជួបការលំបាកក្នុងការសម្រេច​កិច្ចការ​ ឬគម្រោងផ្សេងៗ ។ នៅ​ក្នុង​កាលាមសូត្រ ព្រះពុទ្ធបាន​ត្រាស់​សម្តែងទុកនូវ​វិធីសម្រាប់វិនិច្ឆ័យរឿងគ្រប់យ៉ាងដែលគួរ​ឲ្យ​សង្ស័យ​ រាប់បញ្ចូលទាំង​ជំនឿ សាសនា មនោគមវិជ្ជា ។ល។ ​វិធីសម្រាប់វិនិច្ឆ័យនោះមិនមែនសម្រាប់​ជា​គ្រឿង​ពិចារណា​ដល់​អ្នក​ស្រុក​កាលាមៈ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់មនុស្សគ្រប់ជំនាន់យកទៅប្រើការឲ្យកើតជាប្រយោជន៍ផងដែរ ។ ព្រះ​ពុទ្ធ​ទ្រង់​ប្រដៅ​អ្នក​ស្រុក​កាលាមៈ​ថា មុន​នឹង​ជឿ​អ្វីមួយ​ថា​ពិត​ឬ​មិន​ពិត ចូរ​ប្រើ​គោលការណ៍​ទាំង​ ១០ យ៉ាង​នេះ​ដើម្បី​វិនិច្ឆ័យ​សិន ។

គោលការណ៍ ១០ យ៉ាង :

  1. កុំអាលជឿព្រោះសេចក្តីរាយការណ៍ ។
  2. កុំអាលជឿព្រោះទំនៀមទម្លាប់។
  3. កុំអាលជឿព្រោះពាក្យចចាមអារ៉ាម ។
  4. កុំអាលជឿព្រោះការអាងក្បួន ឬ គម្ពីរ ។
  5. កុំអាលជឿព្រោះតក្កវិជ្ជា ។
  6. កុំអាលជឿព្រោះអនុមានឬលំនឹកស្មាន ។
  7. កុំអាលជឿព្រោះការត្រិះរិះតាមស្ថានភាព ។
  8. កុំអាលជឿព្រោះត្រូវនឹងទ្រឹស្តីដែលពិនិត្យពិច័យហើយ។
  9. កុំអាលជឿព្រោះឃើញទំនងគួរឲ្យជឿ។
  10. កុំអាលជឿព្រោះយល់ថា សមណៈឬបុគ្គលរូបនេះជាគ្រូរបស់យើង ។

បើដូច្នេះ តើយើងគួរជឿដូចម្តេច? ព្រះសម្មាសម្ពុទ្ធ​បាន​ត្រាស់ថា "លុះត្រាតែ​ដឹងច្បាស់ដោយចិត្តរបស់ខ្លួនថា រឿងទាំងអស់នោះជាអកុសល ជាកុសល មានទោស មិនមានទោស ជាដើម ហើយ​ទើប​គួរ​លះបង់​ចោល ឬ បដិបត្តិតាម ។"[2][3]

សេចក្តី​លម្អិត​នៃ​កាលាមសូត្រ

កែប្រែ

[៦៧] សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ស្តេច​ទៅ​កាន់​ចារិក​ក្នុង​កោសលជនបទ​ (Kingdom of Kosala) ជាមួយ​នឹង​ភិក្ខុ​សង្ឃ​ច្រើន​ ក៏​បាន​ទៅ​ដល់​និគម​ឈ្មោះ​កេសបុត្រ (Kesaputta, Kesaria, Bihar) ​របស់​ពួក​ក្សត្រិយ៍​ឈ្មោះ​កាលមៈ ។ ពួក​កាលាមក្សត្រិយ៍​នៅ​ក្នុង​កេសបុត្តនិគម បាន​ឮ​ដំណឹង​ហើយ​ប្រកាស​ប្រាប់​គ្នា​ថា ម្នាល​គ្នា​យើង​ដ៏​​ចម្រើន​ បាន​ឮ​ថា ព្រះ​សមណគោតម​ជា​សក្យបុត្រ​ចេញ​ពី​សក្យ​ត្រកូល​បួស​ ហើយ​បាន​មក​ដល់​កេសបុត្តនិគម កិត្តិស័ព្ទ​សរសើរ​ព្រះ​គោតម​ដ៏​ចម្រើន​នោះ​ឯង​ពីរោះ​ល្បី​ខ្ចរខ្ចាយ​យ៉ាង​នេះ​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ ជា​ព្រះ​អរហន្ត​​ ទ្រង់​ត្រាស់​ដឹង​នូវ​ធម៌​ទាំង​ពួង​ដោយ​ព្រះ​អង្គ​ឯង ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​និង​ចរណៈ ទ្រង់​មាន​ដំណើរ​ល្អ ទ្រង់​ជ្រាប​ច្បាស់​នូវ​លោក ទ្រង់​ប្រសើរ​ជាង​សត្វលោក ទ្រង់​ទូន្មាន​នូវ​បរុស​ដែល​គួរ​ទូន្មាន ជា​សាស្តាចារ្យ​នៃ​ទេវតា​និង​មនុស្ស​ទាំង​ឡាយ ទ្រង់​ត្រាស់​ដឹង​នូវ​​ចតុរារិយសច្ច ទ្រង់​លែង​វិល​ត្រឡប់​មក​កាន់​ភព​ថ្មី​ទៀត ព្រះ​ដ៏​មាន​ព្រះភាគ​អង្គ​នោះ ទ្រង់​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ដោយ​បញ្ញា​ដ៏​ឧត្តម ដោយ​ព្រះ​អង្គ​ឯង នូវ​លោក​នេះ​ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក នូវ​ពពួក​សត្វ​ព្រម​ទាំង​ពួក​សមណព្រាហ្មណ៍​និង​មនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស ហើយ​អាច​ប្រកាស​បាន​ ព្រះ​អង្គ​​ទ្រង់​សំដែង​ធម៌ ពីរោះ​បទ​ដើម ពីរោះ​បទ​កណ្តាល ពីរោះ​បទ​ចុង​ ព្រះ​អង្គ​ប្រកាស​នូវ​ព្រហ្មចរិយធម៌​ព្រម​ទាំង​អត្ថ​និង​ព្យញ្ជនៈ​ដ៏​ពេញ​បរិបូណ៌​បរិសុទ្ធ​ទាំង​អស់ ក៏​ដំណើរ​ដែល​បាន​ឃើញ​បាន​ជួប​នឹង​ព្រះ​អរហន្ត​ទាំង​ឡាយ មាន​សភាព​ដូច្នោះ ជា​ការ​ប្រពៃ​ពេក​ណាស់ ។

លំដាប់​នោះ ពួក​កាលាមក្សត្រិយ៍​នៅ​ក្នុង​កេសបុត្តនិគម បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ លុះ​ចូល​ទៅ​ដល់​ហើយ ពួក​ខ្លះ​ក៏​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​អង្គុយ​ក្នុង​ទី​សមគួរ ពួក​ខ្លះ​ក៏​ធ្វើ​សេចក្តី​រីករាយ ជាមួយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​នឹង​ពាក្យ​ដែល​គួរ​រលឹក​ហើយ ក៏​អង្គុយ​ក្នុង​ទី​សមគួរ ពួក​ខ្លះ​ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​អង្គុយ​​ក្នុង​ទី​សមគួរ ពួក​ខ្លះ​ប្រកាស​នាម​នឹង​គោត្ត​អង្គុយ​ក្នុង​ទី​សម​គួរ ពួក​ខ្លះ​អង្គុយ​​ស្ងៀម​ក្នុង​ទី​សមគួរ ។

លុះ​ពួក​កាលាមក្សត្រិយ៍​ក្នុង​កេសបុត្តនិគម​ អង្គុយ​ក្នុង​ទី​សមគួរ​ហើយ ក៏​បាន​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន មាន​សមណព្រាហ្មណ៍​មួយ​ពួក​មក​កាន់​កេសបុត្តនិគម សមណព្រាហ្មណ៍​ទាំង​នោះ​ សំដែង​ប្រកាស​នូវ​វាទៈ ​គឺ​លទ្ធិ​របស់​ខ្លួន​ឯង បៀតបៀន​ មើល​ងាយ​ បង្អាប់​បង្អោន ​លើក​ទំលាក់​នូវ​វាទៈ​របស់​បុគ្គល​ដទៃ បពិត្រ​ព្រះ​អង្គ​​ដ៏​ចម្រើន មាន​សមណព្រាហ្មណ៍​ដទៃ​មួយ​ពួក​ទៀត​ មក​កាន់​កេសបុត្តនិគម​ សមណព្រាហ្មណ៍​ទាំង​នោះ ក៏​សំដែង​ប្រកាស​នូវ​វាទៈ​របស់​ខ្លួន​ឯង បៀតបៀន​ មើល​ងាយ បង្អាប់​បង្អោន លើក​ទំលាក់​នូវ​វាទៈ​របស់​បុគ្គល​ដទៃ​ដែរ បពិត្រ​ព្រះ​អង្គ​ដ៏​​ចម្រើន យើង​ខ្ញុំ​ទាំង​នោះ​ មាន​សេចក្តី​ងឿង​ឆ្ងល់​សង្ស័យ​ពេក​ណាស់ ចុះ​បណ្តា​សមណព្រាហ្មណ៍​ដ៏​ចម្រើន​ទាំង​នេះ អ្នក​ណា​និយាយ​ពិត​ អ្នក​ណា​និយាយ​កុហក ?

ម្នាល​កាលាមក្សត្រិយ៍ ចូរ​អ្នក​ទាំង​ឡាយ ងឿង​ឆ្ងល់​ដែរ គួរ​សង្ស័យ​ដែរ ព្រោះ​ការ​ងឿង​ឆ្ងល់​និង​ការ​សង្ស័យ​កើត​ឡើង​ដល់​អ្នក​ទាំង​ឡាយ​ក្នុង​ទី​នេះ​ហើយ ។

ម្នាល​កាលាមក្សត្រិយ៍​ទាំង​ឡាយ អ្នក​ចូរ​មក​ អ្នក​កុំ​ប្រកាន់​ដោយ​គ្រាន់​តែ​ឮ​តាម​គ្នា កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា កុំ​ប្រកាន់​ដោយ​បាន​ឮ​ថា​ដូច្នេះ កុំ​ប្រកាន់​ដោយ​អាង​ក្បួន​តម្រា កុំ​ប្រកាន់​​តាម​ហេតុ​ដែល​ត្រិះរិះ កុំ​ប្រកាន់​ដោយ​កាត់​ដំរួយ​ផ្សែផ្សំ កុំ​ប្រកាន់​ដោយ​គ្រាន់​តែ​ត្រិះរិះ​នូវ​អាការ កុំ​ប្រកាន់​ដោយ​សេចក្តី​ពេញ​ចិត្ត​តាម​ការ​ពិនិត្យ​សម​នឹង​សេចក្តី​យល់​ឃើញ កុំ​ប្រកាន់​ដោយ​យល់​ថា​មាន​សភាព​គួរ (ជឿ) កុំ​ប្រកាន់​ដោយ​គិត​ថា​ សមណៈ (នេះ) ជា​គ្រូ​របស់​យើង

ម្នាល​កាលាមក្សត្រិយ៍ កាលណា​បើ​អ្នក​ទាំង​ឡាយ ដឹង​ដោយ​ខ្លួន​ឯង​ថា ធម៌​ទាំង​នេះ​ជា​​អកុសល ធម៌​ទាំង​នេះ​ប្រកប​ដោយ​ទោស ធម៌​ទាំង​នេះ​អ្នក​ប្រាជ្ញ​តិះ​ដៀល​ ធម៌​ទាំង​នេះ​បុគ្គល​ បាន​សមាទាន​ពេញ​លេញ​ហើយ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​សេចក្តី​ទុក្ខ ម្នាល​កាលាមក្សត្រិយ៍​ទាំង​ឡាយ ក្នុង​កាល​នោះ អ្នក​ទាំង​ឡាយ​ត្រូវ​លះ​បង់​ចោល​ចេញ ។ ...[2][3]

សម្រង់​ឯកសារ​ភាសា​អង់គ្លេស

កែប្រែ

"Of course you are uncertain, Kalamas. Of course you are in doubt. When there are reasons for doubt, uncertainty is born. So in this case, Kalamas, don't go by reports, by legends, by traditions, by scripture, by logical conjecture, by inference, by analogies, by agreement through pondering views, by probability, or by the thought, 'This contemplative is our teacher.' When you know for yourselves that, 'These qualities are unskillful; these qualities are blameworthy; these qualities are criticized by the wise; these qualities, when adopted & carried out, lead to harm & to suffering' — then you should abandon them.

ឯកសារ​យោង

កែប្រែ
  1. ព្រះត្រៃបិដក សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ កុលឃរណីសូត្រ (សៀវភៅ​ភាគ ៣០ ទំព័រទី ១៩៤ ដល់ ១៩៦) ។
  2. ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > តិកនិបាត កេសមុត្តិសូត្រ (Kalama Sutta) ទី៥ / កេសបុត្តិសូត្រ (Kessaputtiya Sutta) ទី៥ (សៀវភៅ​ភាគ ៤១ កថាខណ្ឌ ៦៧ ទំព័រ​ទី ២១៦ ដល់ ២២៩) ។
  3. Thanissaro Bhikkhu. Kalama Sutta: To the Kalamas. Translated from the Pali (1994).
  4. Kālāma
  5. Kalama Sutta​ / Kessaputtiya Sutta