ជីវប្រវត្តិរបស់ ចន ឡុក John Locke ( ១៦៣២-១៧០៤ នៃគ.ស.​ ) លោក​ចន ឡុកជាទស្សនវិទូ​ និងជាអ្នកទ្រឹស្តីនយោបាយ ជនជាតិអង់គ្លេស ​។​ គាត់កើតនៅ​ថ្ងៃទី​ ២៩​ ខែសីហា​ ១៦៣២ ​នៃគ.ស. នៅក្នុង​​​ភូមិ​ រីងថុណ ​ក្រុង សាំសេត ខាងត្បូងឈៀងខាងលិច នៃ​​ប្រទេសអង់គ្លេស ​។ ​​ហើយបានទទួលមរណកាលនៅថ្ងៃ​ទី​ ២៨ ខែតុលា ​ឆ្នាំ​ ១៧០៤ ​នៃគ.ស​. ក្នុងជន្មាយុ​ ៧២ ឆ្នាំ​ ​ក្នុងក្រុង អេសសេច ​ភាគខាងកើត នៃប្រទេសអង់គ្លេស​ ។ គាត់ក៏ជាស្ថាបនិកទ្រឹស្តីសេរីនិយមម្នាក់ដែរ ។​

ចន ឡុក
John Locke
កើត29 August 1632
Wrington, Somerset, England
ស្លាប់28 October 1704 (aged 72)
Essex, England
សញ្ជាតិEnglish
សម័យ17th-century philosophy
(Modern philosophy)
តំបន់Western Philosophy
SchoolBritish Empiricism, Social Contract, Natural Law
Main interestsMetaphysics, epistemology, political philosophy, philosophy of mind, education, economics
Notable ideasTabula rasa, "government with the consent of the governed", state of nature; rights of life, liberty and property
ហត្ថលេខា

ទស្សនៈវិជ្ជារបស់'​'ចន ឡុក

កែប្រែ

ទស្សននយោបាយរបស់លោក​ចន ឡុកដែលធ្វើឲ្យលោកមានកិត្យានុភាពល្បីល្បាញ​ ក្លាយជាអ្នកនយោបាយវិទ្យា គឺស្នាដៃ «អភិប្រាយពីរនៃការដឹកនាំរដ្ឋ​ (Two Treatises of Government)» ​ដែលបានបោះពុម្ពផ្សាយលើកទីមួយ​ នៅក្នុងឆ្នាំ​ ១៦៩០ ។ ​នៅក្នុងស្នាដៃលោក​ចន ឡុកបានបង្ហាញយ៉ាងច្បាស់​ នូវការកំណត់មូលន័យ ​នៃសេរីនិយម​ ដូចជា «បុគ្គលភាព​» ​ «សង្គម» ​«រដ្ឋ» ​ហើយបានដាក់ «បុគ្គលភាព» ​ឲ្យខ្ពស់ជាង ​​«សង្គម» ​និង «រដ្ឋ» ។​ ​ពោលគឺបានបកស្រាយ អំពីបញ្ហារបស់មនុស្ស​ តាមសភាពធម្មជាតិ​ ការកកើតសង្គម និងការកកើតរដ្ឋ​ ។ ​«អ្វីដែលមាននៅក្នុងគំនិត ​គឺអ្វីដែលធ្លាប់មានក្នុងពិសោធន៍​»​ នេះជាការអះអាងរបស់​ចន ឡុក ។ ​យោងតាមទស្សនៈបស់លោក​ចន ឡុកថា​​ «មនុស្សមានសិទ្ធិ​រស់ ​សេរីភាព​ កម្មសិទ្ធិ​»​ នេះជាលក្ខណៈ ពិសេសរបស់មនុស្ស ដែលមានមកតាំងពីកំណើត​ ។ លោក John Locke មានការចាប់អារម្មណ៍ ទៅលើបញ្ហាកម្មសិទ្ធិជាឯកជន ​​ចាត់ទុកជាច្បាប់ធម្មជាតិរបស់មនុស្ស លោក​ចន ឡុកយល់ថា ​«រដ្ឋ ត្រូវមានស្ថានភាព​ជាអ្នកនាំមុខសង្គម​» ​។ រដ្ឋ ជាយន្តការ មានលទ្ធភាព​ និងប្រសិទ្ធិភាព ​ការពារយុត្តិធម៌​ ។ ​ចំណែកការរស់នៅក្នុងធម្មជាតិ​ មានលក្ខណៈខុសពីរដ្ឋ​ ។ ​លោក John Locke បានសរសេរថា ​​«ដោយឈរលើវិចារណញ្ញាណ មនុស្សបានសន្មតគ្នា ដើម្បីអនុវត្តន៍ច្បាប់ ដោយឆ្ពោះទៅរកគោលការណ៍​ នៃកិច្ចព្រមព្រៀងគ្នា ​ដោយរួមជាសង្គម​ (Social Contract) ហើយបង្កើតបានជារដ្ឋ​»​ ។

តាមរយៈ បទពិសោធន៍ទ្រឹស្តីធម្មជាតិ ​ហើយនឹងតាមរយៈ ការបកស្រាយ​ស្តីពីការគ្រប់គ្រងរដ្ឋ​ចន ឡុកបានពន្យល់ថា ​«ដំបូងមនុស្ស ត្រូវការចំណីអាហារ ​ផ្លែឈើ បរិភោគចំអែតក្រពះ​» ។ គាត់ថា «​​ដោយសារតែកម្លាំងពលកម្មរបស់គេ ​មនុស្សត្រូវបេះផ្លែឈើឲ្យបានច្រើន ​ដាំដើមឈើហូបផ្លែ ឲ្យបានច្រើន​នេសាទ ឲ្យបានច្រើន ​ឬផលិតគ្រឿងឧបភោគបរិភោគឲ្យបានច្រើន​ ដើម្បីទុកសម្រាប់ពេលក្រក្សត់»​ ។ ​​ដូច្នេះ ចេញពីផលិតផលដែលគេខំផលិតសម្រាប់ទុកបរិភោគនេះឯង ​​​ដែលទាំងនេះជាប្រភព ​ឬជាហតុនាំឲ្យកើតមានកម្មសិទ្ធិ​ ។​ កម្មសិទ្ធិពីធម្មជាតិ របស់មនុស្ស​ដែល​ John Locke លើកមកបង្ហាញផងដែរ គឺ​សិទ្ធិ​ និងសេរីភាព​ ។ គាត់យល់ថា​ «​មនុស្ស មានវិចារណញ្ញាណ​ដែលបង្ខំឲ្យគេមានការងារ ​ឬករណីយកិច្ចជាច្រើន​ ហើយកិច្ចមុនដំបូងគេបង្អស់នោះ គឺ​ការរក្សាអាត្មាខ្លួនឯងជា​មុនសិន​​ ។​ បើការរក្សាខ្លួនឯង​ជាករណីយកិច្ចនោះ​ក៏បញ្ជាក់ឲ្យឃើញថា​ មនុស្សម្នាក់ៗ មានសិទ្ធិលើខ្លួនឯផ្ទាល់​គេ គឺជាកម្មសិទ្ធិរបស់ខ្លួនគេផ្ទាល់​ ។​ ពីធម្មជាតិ គេមានខ្លួនគេជាប់ជាមួយនឹងកម្លាំងការងារ ​​ដូច្នេះអ្វី ដែលកើតចេញពីកម្លាំង​របស់គេ ក៏ជាកម្មសិទ្ធិរបស់ខ្លួនគេដែរ​» ។

លក្ខណៈជាកម្មសិទ្ធិមាន ៣ ប្រការ

កែប្រែ

ការយកមកធ្វើជារបស់ខ្លួន​

កែប្រែ

វាត្រឹមត្រូវតាមធម្មជាតិ​ ព្រោះគេជាម្ចាស់លើខ្លួនឯ​ង ​ជាម្ចាស់លើរូបកាយខ្លួន ​ហើយអ្វីដែលកើតចេញពីរូបកាយ របស់ខ្លួន ​ក៏ជាមរតករបស់ខ្លួនដែរ ​។

ការចេញពីសភាពធម្មជាតិ​

កែប្រែ

មិនមែនជាការចាំបាច់ដាច់ខាតនោះទេ​ តែការចូលមករស់ នៅក្នុងសភាពជាសង្គម វាមានការធានាមួយខ្ពស់ជាង​ ។ ​សង្គមមួយ ដែលមិនមានគោលដៅ​​​ សម្រាប់ការថែរក្សាកម្មសិទ្ធិ​ ក៏មិនអាចមានឈ្មោះថា​សង្គមនោះទេ​ ។​ សារៈសំខាន់របស់សង្គម គឺការពារកម្មសិទ្ធិ​ ។​

មានតែកិច្ចព្រមព្រៀង

កែប្រែ

ដោយស្ម័គ្រចិត្ត​ រវាងបុគ្គលជាម្ចាស់កម្មសិទ្ធិ ពោលគឺកិច្ចព្រមព្រៀង​សំដៅធានាដល់កម្មសិទ្ធិ​ ដែលបង្កើតបានជាសង្គម​នយោបាយ​នោះ ។ មូលហេតុដែលនាំឲ្យមនុស្សត្រូវការកិច្ចព្រមព្រៀងគ្នាជាសង្គម ទី១-​«យុត្តិធម៌ឯកជន»​ ។ ​ក្នុងករណីជនរងគ្រោះ មិនមានសមត្ថភាព ​និងលទ្ធភាពស្វែងរកយុត្តិធម៌​នោះ ពួកគេត្រូវឋិននៅក្នុងជនរងគ្រោះ​ អយុត្តិធម៌​ ។​ចន ឡុកមើលឃើញថា «​ក្នុងសភាពបែបធម្មជាតិ​ មនុស្សទាំងឡាយមិនត្រូវបានការពារដោយច្បាប់ ​ពីសំណាក់ការរំលោភបំពានឡើយ ​ព្រោះមនុស្ស ពុំទាន់បានបង្កើត​អង្គការ រៀបចំសណ្តាប់ធ្នាប់សង្គម ​និងការដាក់ទណ្ឌកម្ម ទៅលើបទល្មើសនៅឡើយ​ ។ ​​ដោយចង់បញ្ចប់នូវជម្លោះពីម្នាក់ទៅម្នាក់​ និងទទួលបាននូវយុត្តិធម៌​នោះ​ ទើបមនុស្សទាំងឡាយ ​យល់ព្រមគ្នានឹងគ្នា​ បង្កើយឲ្យមានជាអង្គការសង្គមមួយដែលអាច​ការពារជីវិតបុគ្គល ​និងសិទ្ធិសេរីភាព គ្រប់យ៉ាងរបស់ពួកគេ​ ។ ទី២-ហេតុផល ដែល​តំរូវឲ្យមនុស្សរួបរួមគ្នា ជាសង្គមតូចៗ ​ឬធំៗ​ គឺជួយកាត់បន្ថយនូវបន្ទុកនៃការលំបាក​។​ ដូចនេះ​ ចាំបាច់បង្កើត​វត្ថុដែលតំណាងឲ្យសម្ភារៈពោល គឺពាកើព័ន្ធនឹងការប្រើប្រាស់រូបិយប័ណ្ណនេះ​ ក្នុងគោលបំណងរក្សានូវកម្មសិទ្ធិផ្ទាល់ខ្លួន​ ។ នេះជាកត្តាចម្បង ដែលបង្ហាញឲ្យឃើញថា​ មនុស្សកំពុងតែដកខ្លួនបន្តិចម្តងៗ​ឲ្យឃ្លាតឆ្ងាយពីជីវភាពបែបធម្មជាតិ​ ។ ​ចរន្តនេះ បានធ្វើឲ្យមនុស្ស ក្នុងសង្គម​មានភាពខុសប្លែកពីគ្នាកាន់តែខ្លាំង​។​ដូច្នេះ រដ្ឋគឺជាទីកន្លែងបង្អែក​ ជាកន្លែងដែលមានសុវត្ថិភាព ​មានសណ្តាប់ធ្នាប់ មានច្បាប់​ហើយក៏ជាក្តីសង្ឃឹមរបស់គេ​នាពេលអនាគតដែរ ។ ទី​៣-​មនុស្ស បានទទួលផលប្រយោជន៍​ ពេលគេចាកចេញពីសភាពធម្មជាតិ​ គឺដោយសារគេមានបញ្ហាសន្តិសុខ​ បញ្ហាចាញ់ប្រៀប ​ហើយគេទាំងអស់គ្នា តែងគិតថា ​គេនឹងបានស្រួលជាងនេះ ​ប្រសិនបើមានច្បាប់ជា ធរមាន​មានចៅក្រមសម្រាប់បកស្រាយ​ច្បាប់ និងអនុវត្តន៍ច្បាប់នោះផង ​។ ទី៤​-ដើម្បីបញ្ចប់សង្រ្គាម មិនចេះឈប់ឈររវាងមនុស្ស​ ​និងមនុស្ស​ ជាបុគ្គល​ជាក្រុម ​និងដើម្បីការពារជីវិតបុគ្គលនោះឯ​ង ​។ ទី៥​-សុវត្ថិភាពរបស់ពួកគេ ​ក៏កាន់តែត្រូវបានទទួល​ការគំរាមគំហែង​ ។ ច្បាប់ដែលបានអនុម័តនៅក្នុងរដ្ឋ​ ចាំបាច់ត្រូវតែការពារសុវត្ថិភាព​សង្គម និងរដ្ឋខ្លួនឯងតែម្តង ​។ ​តាមទស្សនៈបស់លោក John Locke រដ្ឋមានតួនាទីសំខាន់ គឺដាក់ទណ្ឌកម្មដល់អ្នករំលោភច្បាប់ ​ក្រៅពីនេះ​រដ្ឋមានតួនាទីផង ដែរក្នុងការធានា​ឲ្យមាននូវសិទ្ធិ​សេរីភាព​ សមភាព ​និងសុវត្ថិភាពរបស់ពលរដ្ឋ​ ។ រដ្ឋ គឺជាអង្គការរបស់អ្នកមានសិទ្ធិដែលចង់បាន​មធ្យោបាយ ដ៏មានប្រសិទ្ធិភាព​ ដើម្បីថែរក្សាកម្មសិទ្ធិ​ ដែលគេរកបានសមស្របទៅ នឹងស្ថានភាព​ធម្មជាតិរបស់ពួកគេ​ ។ ​ក្នុងន័យនេះ​ រដ្ឋគឺគ្រាន់តែជាឧបករណ៍​​សម្រាប់បម្រើកម្មសិទ្ធិតែប៉ុណ្ណោះ ​។​ ការបែងចែកអំណាចរបស់​ចន ឡុក ១-អំណាចនីតិបញ្ញត្តិ ស្ថិតក្នុងដៃសភា​ ។ ២-អំណាចនីតិប្រតិបត្តិ​ ស្ថិតក្នុងដៃរដ្ឋាភិបាល ​តុលាការ និងយោធា ។ ៣-អំណាចសហព័ន្ធ​ ស្ថិតក្នុងដៃស្តេច​ និងរដ្ឋមន្រ្តីនានា​ ។ ស្តេចជាប្រមុខនៃអំណាចនីតិប្រតិបត្តិ​ និងអំណាចសហព័ន្ធ​ ។ ​អភ័យឯកសិទ្ធិរបស់រដ្ឋាភិបាល​ ត្រូវបានកំណត់ក្នុងច្បាប់ ​។ អំណាចនិតិបញ្ញត្តិ ជាអំណាចកំពូល ក្នុងចំណោមអំណាចទាំងបី ។ ​អំណាចនិតិបញ្ញត្តិ និងអំណាចនិតិប្រតិបត្តិ​ មិនត្រូវស្ថិតនៅក្នុងដៃ របស់បុគ្គ​លណាមួយឡើយ ​ព្រោះបើបុគ្គលនោះ យកអំណាចនោះ ទៅប្រើ​សម្រាប់ផលប្រយោជន៍បុគ្គល ពុំបានបម្រើផលប្រយោជន៍រួមទេ​ នឹងធ្វើឲ្យកើតមានរបបផ្តាច់ការ​ ។ ​ដូច្នេះការបែងចែកអំណាចជាវិធីសាស្រ្ត ​ជៀសវាង មិនឲ្យកើតមានឡើង ​នូវការប្រើអំណាចតាមទំនើងចិត្ត​បែបអាជ្ញាព្រឹត្តិ​ ដែលជាកត្តា មិនធានាដល់សិទ្ធិសេរីភាព​ ​និងកម្មសិទ្ធិ​របស់ពលរដ្ឋឡើយ​ ។​ បន្ថេមលើការបែងចែកអំណាចនេះ​ John Locke បានចាត់ទុកនូវវិធានការណ៍​ពីរផ្សេងទៀត ​ដើម្បីឲ្យរដ្ឋស្គាល់​តួនាទីរបស់ខ្លួននៅក្នុងសង្គម ​។​ វិធានការណ៍ទាំងពីរនោះគឺ​ ១-ត្រូវបែងចែកសាសនា ឲ្យដាច់ពីរដ្ឋ​ ឬនិយាយម្យ៉ាងទៀតថា​ បែងចែកអំណាចសាសនា ឲ្យដាច់ពីអំណាចរដ្ឋ​ ។ ២-ត្រូវរក្សាសិទ្ធិតស៊ូចំពោះការគាបសង្កត់​ ។​ ចំណែកឯការបះបោរ ​បាតុកម្ម​ កូដកម្ម​ ។ ល ។​ វិញ​ មានផលជាអវិជ្ជមានខ្លាំងណាស់ ​ប្រសិនបើរដ្ឋ មិនបានបំពេញករណីយកិច្ច​របស់ខ្លួននោះទេ​។

ឯកសារយោង

កែប្រែ
  1. Laslett 1988, p. 68, Locke and Hobbes.