ជំនិតសទ្រង់សួរ
ឧកម៉ឺនជំនិតសទ្រង់សួរ (កាន់.ប្រ.គស.១៥១៦) ជាមន្ត្រី និងព្រះរាជត្រកូលនៃព្រះបាទចន្ទរាជា។
ជំនិតសទ្រង់សួរ | |
---|---|
ឧកម៉ឺនជំនិតសទ្រង់នៃកម្ពុជាធិបតី | |
ក្នុងការិយាល័យ គ.ស. ប្រហែល១៥១៦ | |
ព្រះមហាក្សត្រ | ចន្ទរាជា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | សួរ |
កាលឆ្នាំគស.១៥១៩ ខែជេស្ឋជិតដល់ពេលឲ្យរាស្ដ្រធ្វើស្រែ សម្ដេចស្រីជេដ្ឋា ស្ដេចពិជ័យនគរ ទ្រង់ឲ្យបន្ថយមេទ័ពទាំង ៣ នោះចូលទៅសំរាកខ្លួនវិញ ទើបទ្រង់ព្រះតំរិះថា តាំងពីធ្វើសង្គ្រាមនឹងពញាចន្ទមកនេះ ការខូចខាតទ្រព្យសម្បត្ដិ និងស្បៀងអាហារ អាណាប្រជានុរាស្ដ្រក៏អស់ជាច្រើន ដូច្នោះគួរតែយើងបែកចែកផែនដី យកសេចក្ដីសុខវិញជាការល្អជាង ។ លុះត្រង់ឈ្វេងយល់យ៉ាងនេះ ហើយទើបទ្រង់ឲ្យតែងព្រះរាជសារដាក់ក្នុងបំពង់មាសតំកល់លើពានមាស ពិសេសថ្លៃថ្លាប្រពៃល្អ ហើយទ្រង់ត្រាស់ប្រើពញាសង្គ្រាមកែវជារាជទូត ពញារក្សាសម្បត្តិឯម ជាឧបទូត ព្រះជំនាញអាវុធគាមជាត្រីទូតឲ្យយកព្រះរាជសារចុះទូកង បាំងសប្បធន ៣ លើក ព្រះពានព្រះរាជសារនោះមកថ្វាយសម្ដេចព្រះចន្ទរាជា។ រាជទូត ឧបទូត ឆ្លងមកដល់ដែនកំពង់សៀមប៉ងនឹងឡើងគោកដើម្បីយកព្រះរាជសារទៅថ្វាយព្រះបរមខត្តិយាមហា ចន្ទរាជាធិរាជ ខណៈនោះឧកម៉ឺនជំនិតសទ្រង់សួរជាព្រះញាតិដែលនាំរេហ៍ពល ៣០០ នាក់ដើរល្បាតដូចសព្វដង កាលឃើញរាជទូតទាំង ៣ ដែលយកព្រះរាជសារមកហើយក៏ស្រែកឲ្យពលចូលចាប់។ រាជទូតទាំង ៣ នាក់ក៏ប្រយុទ្ធគ្នានឹងទ័ពល្បាតធ្វើឲ្យធ្លាក់បំពង់ព្រះរាជសារ និងព្រះពានមាសនោះទៅក្នុងទឹក។ ទ័ពល្បាតចាប់យកបាន តែរាជទូត ឧបទូត ត្រីទូត ទាំងបីនាក់ និងពល ១០០ នាក់ ចំណុះទូកទាំង ៣ នោះនាំទៅក្រាបទូលថ្វាយរាយសេចក្ដីគ្រប់ប្រការ។ សម្ដេចព្រះបរមក្សត្រមហាចន្ទរាជា ទ្រង់ព្រះវិនិច្ឆ័យទោសឧកម៉ឺនជំនិតសទ្រង់សួរ ថា “ដែលឧកម៉ឺនចាប់បំរើសត្រូវដែលមកជារាជទូត ឧបទូត ត្រីទូតនេះ ទាស់នឹងព្រះច្បាប់សំរាប់ស្រុកអំពីបុរាណរាជប្រវេណីហើយត្រូវតែមានទោស ទើបទ្រង់ប្រោសឲ្យចុះព្រះរាជអាជ្ញា (ឲ្យវាយខ្នង) ២៤ ខ្វាត់ម្នាក់ឲ្យដាក់ឃ្នាងបណ្ដើរអាក្រោសឧកម៉ឺនជំនិតសទ្រង់ “សួរ” ៣ ជុំបន្ទាយទ័ព។ លុះធ្វើទោសរួចស្រេចហើយស្ដេចមានព្រះបន្ទូលត្រាស់សួរទៅទូតទាំង ៣ ថា ឯងមកនេះតើដោយប្រការម្ដេច? រាជទូតយកសេចក្ដីក្រាបបង្គំទូលថា ទូលព្រះបង្គំជារាជបំរើព្រះករុណាត្រើយខាងកើតស្ដេចឲ្យនាំព្រះរាជសារមកថ្វាយល្អងធូលីជាម្ចាស់ផែនដីប៉ែកខាងលិច ប៉ុន្ដែឥឡូវនេះព្រះរាជសារនោះធ្លាក់ទឹកបាត់ក្នុងគ្រាដែលចោមចាប់នោះអស់ទៅហើយ តែនៅចាំសេចក្ដីខ្លះៗ បើនឹងក្រាបទូលទៅក្រែងសេចក្ដីនោះពុំសព្វគ្រប់។ ហេតុនេះសូមទ្រង់ព្រះរាជទានទោស។ សម្ដេចព្រះចន្ទរាជាស្ដេចទ្រង់ប្រោសឲ្យទូតទាំងនោះទូលព្រះអង្គតាមចាំរៀងខ្លួនចុះ។ រាជទូតត្រើយខាងកើត ក៏ទូលថា ដ្បិតហ្លួងជាម្ចាស់លើត្បូង ទូលព្រះបង្គំជាខ្ញុំមានព្រះហឫទ័យប្រណីរាស្ដ្រដែលវិនាសស្លាប់បាត់បង់ជាច្រើនក្នុងសង្គ្រាមដែលបានធ្វើមកជាច្រើនឆ្នាំនោះ។ ឥឡូវនេះ ហ្លួងជាម្ចាស់លើត្បូងទូលព្រះបង្គំជាខ្ញុំស្ដេចមានព្រះ ហឫទ័យចង់បញ្ឈប់សង្គ្រាមសុំចងជាព្រះរាជមេត្រីចែកផែនដី និងម្ចាស់ត្រើយខាងលិចឲ្យស្មើគ្នា។ បើទ្រង់ព្រះករុណាវិសេសជាអម្ចាស់លើត្បូងខាងនេះទ្រង់យល់ព្រមល្មមផងនោះ ព្រះពុទ្ធសាសនា និងអាណាប្រជានុរាស្ដ្រនឹងបានសុខក្សេមក្សាន្ដតទៅដោយសារព្រះសតិប្រាជ្ញា ទ្រង់ព្រះករុណាពិសេសទាំងពីរអង្គបំរុងរាស្ដ្រឲ្យសុខជាព្រះកិត្ដិយសប្រសើរ។ សម្ដេចព្រះបរមរាជ បរមបពិត្រជាអម្ចាស់ត្រាស់ថា ក្រុងកម្ពុជារាជធានីនេះជាព្រះរាជសម្បត្ដិអំពីព្រះបរមរាជអយ្យកោ អយ្យិកាយើងរៀងមក។ ឯព្រះស្ដេចកន អម្ចាស់ឯងនោះប្រៀបដូចជាចោរមកលួចផែនដីយើង ហើយមកសុំចែកសម្បត្ដិនឹងម្ចាស់ទ្រព្យនេះ តើឯងឃើញថាគប្បីហើយ ឬ? ប៉ុន្ដែឥឡូវនេះ បើម្ចាស់ឯងចង់ឈប់សង្គ្រាមក៏ឈប់តាមចិត្ដចុះ។ តែថាឲ្យម្ចាស់ឯងថយទៅជាមុនចុះចាំអញថយទៅជាក្រោយ។ មានព្រះបន្ទូលចប់ហើយ ស្ដេចព្រះរាជទានពានមួយជាជំនួស ព្រះពានមាសដែលធ្លាក់ទឹកនោះទៅទូតទាំង ៣ នាក់វិញ។ រាជទូតត្រើយខាងកើតទាំង ៣ នាក់ក្រាបបង្គំលាចេញទៅចុះទូកងឲ្យពួកស៊ីផាយអុំឆ្លងទៅក្រាបបង្គំទូលអម្ចាស់ខ្លួនសព្វ សេចក្ដី។ សម្ដេចព្រះស្រីជេដ្ឋាក្រុងពិជ័យនគរ (ស្ដេចកន) ទ្រង់ជ្រាបហើយឃើញថាពុំសមប្រកបតាមព្រះហឫទ័យដែលទ្រង់ប្រាថ្នាទេ ទ្រង់ព្រះពិរោធណាស់តែក្លែងធ្វើជាទ្រង់ព្រះសំរួលហើយត្រាស់ថា ចៅពញាចន្ទរាជាដែលលួចមកវាយស្រុកខែត្រខាងលិចនេះ តែត្រូវជាចោរដែរ ឬពុំមែនជាចោរទេ? ព្រះរាជទូតទាំង ៣ ក្រាបបង្គំទូលថាទូលព្រះបង្គំទាំងឡាយនឹកឃើញថានឹងតបទូលទៅវិញដែរ តែបើនឹងទូលតបតសេចក្ដីទៅវិញ ដូច្នេះពុំហ៊ានដ្បិតនៅគ្នាតិចពេក ហើយទូលព្រះបង្គំទាំងឡាយបានរួចខ្លួនមកនេះ ក៏ព្រោះតែបុណ្យបារមីសម្ដេចជាអម្ចាស់គ្រប់គ្រងហើយទើបបានរួចមកនេះ។ សម្ដេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្ដាប់សព្វគ្រប់ហើយ ព្រះអង្គចាត់ចៅហ្វាយស្រុក និងកងទ័ពឲ្យនៅរក្សាបន្ទាយមាត់ឃ្មុង បន្ទាយស្រីសឈរ ហើយព្រះអង្គលើកទ័ពត្រឡប់ទៅក្រុងពិជ័យនគរវិញ។ សម្ដេចព្រះបរមបពិត្រជាម្ចាស់ផែនដីប៉ែកខាងលិចទ្រង់ជ្រាបថា ព្រះស្ដេចកនលើកទ័ពត្រឡប់ទៅមុន ហើយទើបព្រះអង្គបង្គាប់ចៅហ្វាយស្រុកឲ្យនៅរក្សាបន្ទាយកំពង់សៀម បារាយណ៍ ជើងព្រៃ រួចស្ដេចលើកទ័ពត្រឡប់មកបន្ទាយខែត្របរិបូណ៌វិញ។ ព្រះអង្គលើកហួសទៅខែត្រពោធិ៍សាត់ទៀត ហើយត្រាស់ឲ្យពលធ្វើដំណាក់តូចធំ ប្រក់ស្លឹកមានសន្ធិយាចុងរោងទីក្រៅក្នុង។
ឯកសារយោង
កែប្រែយសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ឧកម៉ឺនជំនិតសទ្រង់នៃកម្ពុជាធិបតី ប្រ.គស.១៥១៦ |
តដោយ មិនស្គាល់ |