ជំនាញអាវុធគាម
ព្រះជំនាញអាវុធគាម (ព្រះ ជាសក្ដិ, ជំនាញអាវុធ ជាងារ, គាម ជាឈ្មោះ) លោកត្រូវបានតែងតាំងជាត្រីទូតរបស់ព្រះស្ដេចកនទៅចរចាផ្អាកសង្គ្រាមនឹងព្រះចន្ទរាជា។
ជំនាញអាវុធគាម | |
---|---|
ព្រះជំនាញអាវុធនៃស្រឡប់ដូនតីពិជ័យព្រៃនគរ | |
ក្នុងការិយាល័យ ដើមសតវត្សទី១៦ | |
ព្រះមហាក្សត្រ | ស្រីជេដ្ឋា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | គាម |
លើកទៅវាយបន្ទាយកំពង់សៀម និង ការចរចា
កែប្រែកងទ័ព សម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ផែនដីត្រើយខាងលិចចេញពីបន្ទាយមកចាប់បានខ្លួនសត្រូវប្រមាណ ៥០០ នាក់។ លុះជួបជុំនាយកងទ័ពជើងទឹក ជើងគោកគ្រប់គ្នា ព្រមទាំងឈ្លើយ និងស្បៀងអាហារ សាស្ត្រាវុធ និងទូកចំបាំង ១៥០ នោះហើយក៏នាំគ្នាទៅក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង។ ព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ជ្រាបគ្រប់ប្រការ ទ្រង់ព្រះអំណរណាស់បានប្រោសព្រះរាជទានរង្វាន់ដល់សេនាទាហានតាមសមគួរ។ សម្ដេចព្រះបាទស្រីជេដ្ឋាអម្ចាស់ផែនដីទិសខាងកើតកាលទ្រង់ជ្រាបថា ចៅពញាស្រាល ចៅពញាលំពាំង ជាក្មួយបរាជ័យរហូតដល់ស្លាប់ ខូចទាំងទូកចំបាំងដូច្នោះហើយទ្រង់ព្រះពិរោធណាស់ ទ្រង់រើសយកកូនសម្ដេចចៅហ៊្វាកៅពីរនាក់មកគឺឈ្មោះពេជ១ តាំងជាចៅពញាស្រាល (ទីក្រឡាហោម) ឈ្មោះក្រេះ១ តាំងជាចៅពញាលំពាំង (ទីចក្រី) និងចៅពញាវៀង ទីយមរាជ (កុយ) រួមជា ៣ នាយឲ្យលើកទ័ពទៅច្បាំងនឹងកងទ័ពសម្ដេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជជាទ័ពអម្ចាស់ត្រើយខាងលិច។ សម្ដេចព្រះជ័យជេដ្ឋាទ្រង់ផ្ដាំថា បើសម្ដេចចៅពញា និង ឧកញ៉ាយមរាជបែកទៅហើយឲ្យឃុំពល ២០០០០ នាក់ទៅចោមបន្ទាយខេត្តកំពង់សៀមទៀត។ មេកងធំទាំង ៣ នាក់ទទួលព្រះរាជតំរាស់ហើយក៏ថ្វាយបង្គំលាលើកទ័ពឆ្លងទៅចោមបន្ទាយរាយទ័ពច្បាំង នឹងកងទ័ពសម្ដេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជ តាមត្រាស់បង្គាប់។ ទ័ពទាំងសងខាងច្បាំងគ្នាជាច្រើនដង ច្រើនគ្រាម្ដងចាញ់ម្ដងឈ្នះ ពុំបានសំរេចជ័យជំនះទៅខាងណាៗឡើយ។ លុះដល់ខែជេស្ឋជិតដល់ពេលឲ្យរាស្ដ្រធ្វើស្រែ សម្ដេចស្រីជេដ្ឋា ស្ដេចពិជ័យនគរ ទ្រង់ឲ្យបន្ថយមេទ័ពទាំង ៣ នោះចូលទៅសំរាកខ្លួនវិញ ទើបទ្រង់ព្រះតំរិះថា តាំងពីធ្វើសង្គ្រាមនឹងពញាចន្ទមកនេះ ការខូចខាតទ្រព្យសម្បត្ដិ និងស្បៀងអាហារ អាណាប្រជានុរាស្ដ្រក៏អស់ជាច្រើន ដូច្នោះគួរតែយើងបែកចែកផែនដី យកសេចក្ដីសុខវិញជាការល្អជាង ។ លុះត្រង់ឈ្វេងយល់យ៉ាងនេះ ហើយទើបទ្រង់ឲ្យតែងព្រះរាជសារដាក់ក្នុងបំពង់មាសតំកល់លើពានមាស ពិសេសថ្លៃថ្លាប្រពៃល្អ ហើយទ្រង់ត្រាស់ប្រើពញាសង្គ្រាមកែវជារាជទូត ពញារក្សាសម្បត្តិឯម ជាឧបទូត ព្រះជំនាញអាវុធគាមជាត្រីទូតឲ្យយកព្រះរាជសារចុះទូកង បាំងសប្បធន ៣ លើក ព្រះពានព្រះរាជសារនោះមកថ្វាយសម្ដេចព្រះចន្ទរាជា។ រាជទូត ឧបទូត ឆ្លងមកដល់ដែនកំពង់សៀមប៉ងនឹងឡើងគោកដើម្បីយកព្រះរាជសារទៅថ្វាយព្រះបរមខត្តិយាមហា ចន្ទរាជាធិរាជ ខណៈនោះម៉ឺនជំនិតសទ្រង់សួរជាព្រះញាតិដែលនាំរេហ៍ពល ៣០០ នាក់ដើរល្បាតដូចសព្វដង កាលឃើញរាជទូតទាំង ៣ ដែលយកព្រះរាជសារមកហើយក៏ស្រែកឲ្យពលចូលចាប់។ រាជទូតទាំង ៣ នាក់ក៏ប្រយុទ្ធគ្នានឹងទ័ពល្បាតធ្វើឲ្យធ្លាក់បំពង់ព្រះរាជសារ និងព្រះពានមាសនោះទៅក្នុងទឹក។ ទ័ពល្បាតចាប់យកបាន តែរាជទូត ឧបទូត ត្រីទូត ទាំងបីនាក់ និងពល ១០០ នាក់ ចំណុះទូកទាំង ៣ នោះនាំទៅក្រាបទូលថ្វាយរាយសេចក្ដីគ្រប់ប្រការ។ សម្ដេចព្រះបរមក្សត្រមហាចន្ទរាជា ទ្រង់ព្រះវិនិច្ឆ័យទោសឧកញ៉ាម៉ឺន ជំនិតស ទ្រង់សួរថា “ដែលឧកញ៉ាម៉ឺនចាប់បំរើសត្រូវដែលមកជារាជទូត ឧបទូត ត្រីទូតនេះ ទាស់នឹងព្រះច្បាប់សំរាប់ស្រុកអំពីបុរាណរាជប្រវេណីហើយត្រូវតែមានទោស ទើបទ្រង់ប្រោសឲ្យចុះព្រះរាជអាជ្ញា (ឲ្យវាយខ្នង) ២៤ ខ្វាត់ម្នាក់ឲ្យដាក់ឃ្នាងបណ្ដើរអាក្រោសឧកញ៉ាម៉ឺនជំនិត “ស” ទ្រង់ “សួ” ៣ ជុំបន្ទាយទ័ព។ លុះធ្វើទោសរួចស្រេចហើយស្ដេចមានព្រះបន្ទូលត្រាស់សួរទៅទូតទាំង ៣ ថា ឯងមកនេះតើដោយប្រការម្ដេច? រាជទូតយកសេចក្ដីក្រាបបង្គំទូលថា ទូលព្រះបង្គំជារាជបំរើព្រះករុណាត្រើយខាងកើតស្ដេចឲ្យនាំព្រះរាជសារមកថ្វាយល្អងធូលីជាម្ចាស់ផែនដីប៉ែកខាងលិច ប៉ុន្ដែឥឡូវនេះព្រះរាជសារនោះធ្លាក់ទឹកបាត់ក្នុងគ្រាដែលចោមចាប់នោះអស់ទៅហើយ តែនៅចាំសេចក្ដីខ្លះៗ បើនឹងក្រាបទូលទៅក្រែងសេចក្ដីនោះពុំសព្វគ្រប់។ ហេតុនេះសូមទ្រង់ព្រះរាជទានទោស។ សម្ដេចព្រះចន្ទរាជាស្ដេចទ្រង់ប្រោសឲ្យទូតទាំងនោះទូលព្រះអង្គតាមចាំរៀងខ្លួនចុះ។ រាជទូតត្រើយខាងកើត ក៏ទូលថា ដ្បិតហ្លួងជាម្ចាស់លើត្បូង ទូលព្រះបង្គំជាខ្ញុំមានព្រះហឫទ័យប្រណីរាស្ដ្រដែលវិនាសស្លាប់បាត់បង់ជាច្រើនក្នុងសង្គ្រាមដែលបានធ្វើមកជាច្រើនឆ្នាំនោះ។ ឥឡូវនេះ ហ្លួងជាម្ចាស់លើត្បូងទូលព្រះបង្គំជាខ្ញុំស្ដេចមានព្រះ ហឫទ័យចង់បញ្ឈប់សង្គ្រាមសុំចងជាព្រះរាជមេត្រីចែកផែនដី និងម្ចាស់ត្រើយខាងលិចឲ្យស្មើគ្នា។ បើទ្រង់ព្រះករុណាវិសេសជាអម្ចាស់លើត្បូងខាងនេះទ្រង់យល់ព្រមល្មមផងនោះ ព្រះពុទ្ធសាសនា និងអាណាប្រជានុរាស្ដ្រនឹងបានសុខក្សេមក្សាន្ដតទៅដោយសារព្រះសតិប្រាជ្ញា ទ្រង់ព្រះករុណាពិសេសទាំងពីរអង្គបំរុងរាស្ដ្រឲ្យសុខជាព្រះកិត្ដិយសប្រសើរ។ សម្ដេចព្រះបរមរាជបរមបពិត្រជាអម្ចាស់ត្រាស់ថា ក្រុងកម្ពុជារាជធានីនេះជាព្រះរាជសម្បត្ដិអំពីព្រះបរមរាជអយ្យកោ អយ្យិកាយើងរៀងមក។ ឯព្រះស្ដេចកន អម្ចាស់ឯងនោះប្រៀបដូចជាចោរមកលួចផែនដីយើង ហើយមកសុំចែកសម្បត្ដិនឹងម្ចាស់ទ្រព្យនេះ តើឯងឃើញថាគប្បីហើយ ឬ? ប៉ុន្ដែឥឡូវនេះ បើម្ចាស់ឯងចង់ឈប់សង្គ្រាមក៏ឈប់តាមចិត្ដចុះ។ តែថាឲ្យម្ចាស់ឯងថយទៅជាមុនចុះចាំអញថយទៅជាក្រោយ។ មានព្រះបន្ទូលចប់ហើយ ស្ដេចព្រះរាជទានពានមួយជាជំនួស ព្រះពានមាសដែលធ្លាក់ទឹកនោះទៅទូតទាំង ៣ នាក់វិញ។ រាជទូតត្រើយខាងកើតទាំង ៣ នាក់ក្រាបបង្គំលាចេញទៅចុះទូកងឲ្យពួកស៊ីផាយអុំឆ្លងទៅក្រាបបង្គំទូលអម្ចាស់ខ្លួនសព្វ សេចក្ដី។ សម្ដេចព្រះស្រីជេដ្ឋាក្រុងពិជ័យនគរ (ស្ដេចកន) ទ្រង់ជ្រាបហើយឃើញថាពុំសមប្រកបតាមព្រះហឫទ័យដែលទ្រង់ប្រាថ្នាទេ ទ្រង់ព្រះពិរោធណាស់តែក្លែងធ្វើជាទ្រង់ព្រះសំរួលហើយត្រាស់ថា ចៅពញាចន្ទរាជាដែលលួចមកវាយស្រុកខេត្តខាងលិចនេះ តែត្រូវជាចោរដែរ ឬពុំមែនជាចោរទេ? ព្រះរាជទូតទាំង ៣ ក្រាបបង្គំទូលថាទូលព្រះបង្គំទាំងឡាយនឹកឃើញថានឹងតបទូលទៅវិញដែរ តែបើនឹងទូលតបតសេចក្ដីទៅវិញ ដូច្នេះពុំហ៊ានដ្បិតនៅគ្នាតិចពេក ហើយទូលព្រះបង្គំទាំងឡាយបានរួចខ្លួនមកនេះ ក៏ព្រោះតែបុណ្យបារមីសម្ដេចជាអម្ចាស់គ្រប់គ្រងហើយទើបបានរួចមកនេះ។ សម្ដេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្ដាប់សព្វគ្រប់ហើយ ព្រះអង្គចាត់ចៅហ្វាយស្រុក និងកងទ័ពឲ្យនៅរក្សាបន្ទាយមាត់ឃ្មុងបន្ទាយស្រីសឈរ ហើយព្រះអង្គលើកទ័ពត្រឡប់ទៅក្រុងពិជ័យនគរវិញ។ សម្ដេចព្រះបរមបពិត្រជាម្ចាស់ផែនដីប៉ែកខាងលិចទ្រង់ជ្រាបថា ព្រះស្ដេចកនលើកទ័ពត្រឡប់ទៅមុន ហើយទើបព្រះអង្គបង្គាប់ចៅហ្វាយស្រុកឲ្យនៅរក្សាបន្ទាយកំពង់សៀម បារាយណ៍ ជើងព្រៃ រួចស្ដេចលើកទ័ពត្រឡប់មកបន្ទាយខេត្តបរិបូណ៌វិញ។ ព្រះអង្គលើកហួសទៅខេត្តពោធិ៍សាត់ទៀត ហើយត្រាស់ឲ្យពលធ្វើដំណាក់តូចធំ ប្រក់ស្លឹកមានសន្ធិយាចុងរោងទីក្រៅក្នុង។
ឯកសារយោង
កែប្រែ- ឯកសារមហាបុរសខ្មែរ
យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ព្រះជំនាញអាវុធគាម ដើមសតវត្សទី១៦ |
តដោយ មិនស្គាល់ |