ដ្កាយុពី
ស៊ូឝ៊ីនដ្កាយុពី (သုရှင်တကာရွတ်ပိ បញ្ចេញសំឡេង [θṵʃɪ̀ɴ dəɡàjʊʔpḭ] រឺ ដ្កាយុពី တကာရွတ်ပိ ១៥១១–១៥៣៩) គឺជាព្រះមហាក្សត្រទី១៨នៃនគរហង្សាវត្តីបារគូក្នុងប្រទេសភូមាពីឆ្នាំ១៥២៦ ដល់ ១៥៣៩។ នៅក្នុងពេលព្រះអង្គឡើងសោយរាជ្យ ព្រះអង្គមានព្រះជន្មា ១៥ វស្សាបានទទួលមរតកពីព្រះរាជាណាចក្រដ៏រុងរឿង និង មានអំណាចបំផុតក្នុងចំណោមនគរក្រោយសម័យបាកានទាំងឡាយ។ ប៉ុន្តែព្រះអង្គមិនមានអំណាចលើសាមន្តរដ្ឋរបស់ទ្រង់ឡើយ ដែលសាមន្តរដ្ឋទាំងនោះយល់ថាទ្រង់អសមត្ថភាព។ ដប់ពីរឆ្នាំក្រោយមក ដោយសារតែកង្វះបទពិសោធន៍ និង ការគ្រប់គ្រងខុសទំនងរបស់ព្រះមហាក្សត្រវ័យក្មេង នគរនិយាយភាសាមនដែលបានបង្កើតនៅឆ្នាំ១២៨៧ បានដួលរំលំដោយសារតែតោនងូដែលជានគរមួយតូចជាង។
ដ្កាយុពី တကာရွတ်ပိ | |
---|---|
ព្រះមហាក្សត្រនៃហង្សាវត្តី | |
រជ្ជកាល | ១៥២៦–១៥៣៩ |
អង្គមុន | ពញារាមទី២ |
អង្គក្រោយ | ចៅពញា |
ប្រសូត | ១៥១១ បារគូ |
សុគត | ១៥៣៩ (២៧ វស្សា) ម៊្អូប៊ីន |
វង្ស | ហ្វារ្យូ |
បិតា | ពញារាមទី២ |
សាសនា | ពុទ្ធសាសនាថេរវាទ |
សង្ខេប
កែប្រែដ្កាយុពីគឺជាព្រះរាជបុត្រច្បងនៃព្រះបាទពញារាមទី២នៃនគរហង្សាវត្តី។ ព្រះអង្គមានព្រះជន្ម ១៥ វស្សាតែប៉ុណ្ណោះនៅពេលទ្រង់បានឡើងសោយរាជ្យបន្តពីព្រះបិតា។[១] មិនដូចបិតាទ្រង់ឡើយ ដែលត្រូវបានគេចាត់ទុកថាជាព្រះមហាក្សត្រមួយអង្គក្នុងចំណោមក្សត្រដែលមានសមត្ថភាពបំផុតនៃរាជាណាចក្រតាមមាត់ឆ្នេរ ស្ដេចក្មេងអង្គនេះមិនដែលយកព្រះទ័យទុកដាក់ក្នុងការកាន់កាប់ព្រះនគរឡើយ។ ព្រះអង្គ "មិនដែលមើលក្បួនច្បាប់មួយក្បាលណាឡើយ ព្រះអង្គបានបោះបង់ចោលដោយក្រសាលក្នុងព្រៃជាមួយពួកដំរី និងសេះ ព្រះអង្គយាងរើសសំបកលៀសគ្រំក្ដាមខ្យង ព្រះអង្គហាក់បីដូចជាមនុស្សល្ងង់ខ្លៅ"។[២] ព្រះអង្គមិនដែលទទួលបានការគោរពកោតក្រែងពីពួកសាមន្តរាជរបស់ទ្រង់ឡើយ។ ព្រះភាតាថ្លៃរបស់ទ្រង់ ចៅពញាបានគ្រប់គ្រងខេត្តមុំហ៍ (មោត្តមៈ) ហាក់បីដូចជាក្សត្រទ្រង់រាជ្យ។
ការដឹកនាំទន់ខ្សោយរបស់ព្រះបាទដ្កាយុពីបានផ្ដល់ជាឱកាសដល់ស្ដេចដែលពោរពេញដោយមហិច្ឆតារបស់តោនងូ ព្រះបាទឌ្បិនឝ្វេធិ និងឧបមេទ័ពព្រះរៀមអង្គ។ ផ្ដើមឆ្នាំ១៥៣៤ តោនងូបានចាប់ផ្ដើមការវាយឆ្មក់រដូវប្រាំងប្រចាំឆ្នាំចូលទៅក្នុងទឹកដីហង្សាវត្តី។ ចៅពញាមិនបានបញ្ជូនជំនួយណាមួយទៅកាន់ដ្កាយុពីឡើយ។ តោនងូមិនអាចធ្វើការរុលទៅមុខទល់នឹងខ្សែការពារយ៉ាងរឹងមាំរបស់បារគូដែលដឹកនាំដោយមន្ត្រីជើងចាស់ពីរនាក់ (ពញាល៏ និង ពញាចាន់) ហើយនិងមានជំនួយពីពួកទាហានស៊ីឈ្នួលបរទេសតាមរយៈកាំភ្លើងឡើយ។ ជិតដល់ឆ្នាំ១៥៣៧ ខ្សែការពារបារគូបានរុញច្រានការលុកលុយប្រចាំឆ្នាំជាប់គ្នាបីលើករបស់តោនងូដោយជោគជ័យ។ ដោយមិនអាចទំលុះខ្សែការពាររបស់បារគូ តោនងូជាចុងក្រោយបានប្រើប្រាស់កលល្បិចដើម្បីធ្វើឱ្យមានការបែកបាក់ក្នុងជំរំរបស់ហង្សាវត្តី។ ដ្កាយុពីដោយសារភាពឆោតល្ងង់បានជឿលើដំណឹងបង្ខូចរបស់តោនងូអំពីភាពស្មោះត្រង់របស់មន្ត្រីទាំងពីរ ដែលពួកលោកធ្លាប់ជារាជគ្រូរបស់ទ្រង់តាំងពីវ័យកុមារ ហើយក៏ហ៊ានពលីជីវិតដើម្បីទ្រង់ដែរ ក៏ប៉ុន្តែទ្រង់បែរជាប្រហារជីវិតពួកលោកចោលទៅវិញ។[៣]
នៅពេលតោនងូបានលុកលុយម្ដងទៀតនៅចុងឆ្នាំ១៥៣៨ ដ្កាយុពី កាលណោះដោយគ្មានមេទ័ពខ្លាំងពូកែ ទ្រង់ក៏បានបាត់បង់រាជធានី ហើយបានភៀសព្រះកាយពីបារគូទៅរកនគរព្យី (ផ្យ៉ាយ) ដែលព្រះភាតាថ្លៃរបស់ទ្រង់ នរបតី ជាព្រះមហាក្សត្រនៅទីនោះ។ (ព្រះអង្គមិនបានដកថយទៅមុំហ៍ទេ ដែលវានៅតែជាប៉ែកនៃទឹកដីហង្សាវត្តីដដែល ដោយហេតុថាទ្រង់មិនទុកព្រះទ័យនឹងចៅហ្វាយស្រុកចៅពញា (សប៊ិនញ៉ា) នៅទីនោះ។) តោនងូបានដណ្ដើមបានទីក្រុងរាជធានីបារគូដោយគ្មានការតបតអ្វីទាល់តែសោះ។ តាមផ្លូវគេចព្រះកាយទៅកាន់ព្យី កងទ័ពបាក់ទឹកចិត្តរបស់ទ្រង់ ថ្វីត្បិតតែមានចំនួនច្រើនលើសលប់ តែត្រូវបានបង្ក្រាបដោយកងទ័ពតូចៗរបស់ព្រះរៀមអង្គ ដែលជាកងទ័ពមានវិន័យល្អនៅក្នុងសមរភូមិណោនយ៉ូ។[៤][៥]
ដោយបានមកដល់ព្យីជាមួយកងទ័ពមួយកងថយចំនួនប្រាំបួនភាគ ដ្កាយុពីបានរំអុកឱ្យសម្ព័ន្ធមិត្តរបស់ទ្រង់ ស្ដេចព្យី និងសមូហសហព័ន្ធរដ្ឋឝាន ឱ្យជួយព្រះអង្គដណ្ដើមយករាជបល្លង្កមកវិញ ប៉ុន្តែត្រូវបានពួកគេបដិសេធចោល។ ក្នុងឆ្នាំដដែល ក្សត្រអង្គនេះបានចូលទៅកាន់ដីសណ្ដឥរាវត្តីរួមនិងក្រុមប្រដាប់អាវុធមួយក្រុមតូចដើម្បីកេណ្ឌដំរីចំបាំង។ នៅអ៊ីនហ្កាប៊ីន ក្បែរម៊្អូប៊ីន មួយរំពេចនោះ ទ្រង់បានធ្លាក់ព្រះកាយប្រឈួន និងសោយទិវង្គតនៅទីនោះបាត់ទៅ។[១]
កេរ្តិ៍ដំណែល
កែប្រែដ្កាយុពីគឺជាព្រះមហាក្សត្រហង្សាវត្តីចុងក្រោយដែលមានសិទ្ធិធម្មានុរូប រឺ ព្រះនាមនិទ្ទេសលើរាជាណាចក្រភូមាភាគខាងក្រោមមួយនេះដែលបង្កើតឡើងក្នុងឆ្នាំ១២៨៧។ បន្ទាប់ពីព្រះអង្គសោយទិវង្គតទៅ ចៅពញា ដែលជាក់ស្ដែងមានឥស្សរភាពតាំងពីឆ្នាំ១៥៣៤មកម៉្លេះ បានប្រកាសខ្លួនឯងជាព្រះមហាក្សត្រនៅមុំហ៍។ លោកត្រូវបានបង្ក្រាប និងប្រហារជីវិតនៅឆ្នាំ១៥៤១។ បន្ទាប់ពីការសោយទិវង្គតនៃព្រះឌ្បិនឝ្វេធិនៅឆ្នាំ១៥៥០ ស្មេនចៅធុ និងស្មេនធ៏ក៏បានប្រកាសខ្លួនឯងជាព្រះមហាក្សត្រដែរ។ ពួកគេមិនដែលមានអំណាចលើទឹកដីត្រង់ណាមួយជាក់លាក់ឡើយ ហើយត្រូវបានកំរាបអោយរាបទាបនៅកៀកឆ្នាំ១៥៥២។
ឯកសារយោង
កែប្រែគន្ថនិទ្ទេសន៍
កែប្រែ- Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.
- Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press.
- Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta.
- Royal Historical Commission of Burma (1832) (ជាBurmese). Hmannan Yazawin. 1–3 (2003 រ.រ.). Yangon: Ministry of Information, Myanmar.
- Sein Lwin Lay, Kahtika U (1968) (ជាBurmese). Mintaya Shwe Hti and Bayinnaung: Ketumadi Taungoo Yazawin (2006, 2nd printing រ.រ.). Yangon: Yan Aung Sarpay.
ដ្កាយុពី ប្រសូត/កើត: ១៥១១ សុគត/ស្លាប់: ១៥៣៩
| ||
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ពញារាមទី២ |
ព្រះមហាក្សត្រនៃហង្សាវត្តី ១៥២៦–១៥៣៩ |
តដោយ ចៅពញា |
ព្រះរាជគោរម្យងារ | ||
មុនដោយ ពញារាមទី២ |
រជ្ជទាយាទនៃហង្សាវត្តី ១៥?? – ១៥២៦ |
តដោយ អវសានហង្សាវត្តី |