នគរហង្សាវត្តី
នគរហង្សាវត្តី (ភូមា: ဟံသာဝတီ ပဲခူး နေပြည်တော်; មន: ဟံသာဝတဳ, [hɔŋsawətɔe]; ក៏ហៅ ហង្សាវត្តីបាគូ រឺ ហៅសាមញ្ញ បាគូៗ ក៏បាន) ធ្លាប់ជានគរមានអំណាចលើសលប់ដែលបានគ្រប់គ្រងនៅភូមាក្រោម (មីយ៉ាន់ម៉ា) ចាប់ពី ១២៨៧ ដល់ ១៥៣៩ និង ចាប់ពី ១៥៥០ ដល់ ១៥៥២។ នគរនិយាយភាសាមនមួយនេះត្រូវបានបង្កើតឡើងមានឈ្មោះថា រាមញ្ញទេស (ភូមា: ရာမညဒေသ, មន: ရးမည) ដោយស្នាព្រះហស្ថព្រះបាទហ្វារ្យូបន្តបន្ទាប់ពីការលិចលង់នៃនគរបាកាននៅឆ្នាំ១២៨៧ [១]:២០៥-២០៦,២០៩ ជាសាមន្តរដ្ឋតូចមួយនៃអាណាចក្រសុខោទ័យ និងរាជវង្សយានម៉ុងហ្គោល។[២] នគរនេះបានប្រែក្លាយជាឯករាជ្យជាផ្លូវការពីសុខោទ័យនៅឆ្នាំ១៣៣០ ប៉ុន្តែនៅតែមានការចងសហព័ន្ធគ្នាមិនសូវស៊ីសង្វាក់រវាងអំណាចតំបន់ធំៗទាំងបីដែលស្ថិតនៅ: ដីសណ្ដឥរាវត្តី បាគូ និង មុំហ៍។ ស្ដេចនៃនគរនេះមានអំណាចតិច រឺ ក៏គ្មានអំណាចទាល់តែសោះទៅលើនគរចំណុះរបស់ខ្លួន។ មុំហ៍ស្ថិតនៅក្នុងការបះបោរជាចំហចាប់ពីឆ្នាំ ១៣៦៣ ដល់ ១៣៨៨។
នគរហង្សាវត្តី ဟံသာဝတဳ
| |||||||||
---|---|---|---|---|---|---|---|---|---|
១២៨៧–១៥៥២ | |||||||||
នគរហង្សាវត្តី រ. ១៤៥០ | |||||||||
ស្ថានភាព | {{#if: | |នគរ រដ្ឋចំណុះនៃអាណាចក្រសុខោទ័យ (១២៩៣–១៣៣០), ក្រោមការគ្រប់គ្រងរាជវង្សតោនងុ (១៥៣៩-១៥៥០) | ||||||||
ធានី | មុំហ៍ (១២៨៧–១៣៦៣) ដូនវុន (១៣៦៣–១៣៦៩) បាគូ (១៣៦៩–១៥៣៩, ១៥៥០–១៥៥២) | ||||||||
ភាសាទូទៅ | មន | ||||||||
សាសនា | ពុទ្ធសាសនាថេរវាទ | ||||||||
រដ្ឋាភិបាល | រាជាធិបតេយ្យ | ||||||||
▪ ១២៨៧–១៣០៧ | ហ្វារ្យូ | ||||||||
▪ ១៣៨៤–១៤២១ | រាជាធិរាជ | ||||||||
▪ ១៤៥៤–១៤៧១ | ឝិនស៊ពុ | ||||||||
▪ ១៤៧១–១៤៩២ | ធម្មចេតិ | ||||||||
▪ ១៥២៦–១៥៣៩ | តកយុត្បិ | ||||||||
ប្រវត្តិសាស្រ្ត | |||||||||
▪ ការស្ថាបនានគរ | ៤ មេសា ១២៨៧ | ||||||||
▪ សាមន្តរដ្ឋនៃសុខោទ័យ | ១២៩៣ – ១៣៣០ | ||||||||
១៣៨៥ – ១៤២៤ | |||||||||
▪ យុគមាស | ១៤២៦ – ១៥៣៤ | ||||||||
១៥៣៤ – ១៥៣៩ | |||||||||
▪ ការដួលរលំបាគូលើកទី២ | ១២ មីនា ១៥៥២ | ||||||||
|
ប្រវត្តិសាស្ត្រ
កែប្រែរជ្ជកាលខ្លាំងក្លានៃព្រះបាទរាជាធិរាជ (រជ.១៣៨៤-១៤២១) បានពង្រឹងនូវស្ថេរភាពរបស់នគរនេះ។ ព្រះរាជាធិរាជបានបង្រួបបង្រួមនូវតំបន់និយាយភាសាមនទាំងបីឱ្យរឹងមាំ និង បានទប់ទល់នឹងនគរអវៈដែលជានគរនិយាយភាសាភូមានៅភាគខាងជើងក្នុងសង្គ្រាមហាសិបឆ្នាំ (១៣៨៥-១៤២៤) ហើយក៏បង្ខំឱ្យនគរភាគខាងលិចនៃរក្ខៈឱ្យក្លាយជានគរសួយចាប់ពី ១៤១៣ ដល់ ១៤២១ ជាបន្តបន្ទាប់។ សង្គ្រាមនេះបានបញ្ចប់ដោយភាពទាល់ច្រក ក៏ប៉ុន្តែវាបានជ័យជំនះទៅខាងហង្សាវត្តី ក្នុងគ្រាអវសានដែលអវៈបានបោះបង់ចោលនូវសុបិនរបស់ខ្លួនចង់ស្ដារអធិរាជាណាចក្របាកានឡើងវិញ។ ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ពីសង្គ្រាម បាគូបានឆ្លៀតឱកាសជួយដល់រដ្ឋចំណុះភាគខាងត្បូងរបស់អវៈគឺ ព្រំ និងតោនងុក្នុងការរើបំរះ ប៉ុន្តែក៏បានប្រយ័ត្នកុំឱ្យលង់ខ្លួនចូលទៅក្នុងសង្គ្រាមពេញដៃពេញជើងផងដែរ។
ក្រោយសង្គ្រាមនេះទៅ ហង្សាវត្តីបានឈានមកដល់យុគមាស រីឯអវៈដែលជាសត្រូវក៏បានដល់នូវឱនភាពបន្តិចម្ដងៗ។ ចាប់ពីទសវត្សឆ្នាំ១៤២០ ដល់ទសវត្សឆ្នាំ១៥៣០ ហង្សាវត្តីប្រែក្លាយជានគរដ៏មានឥទ្ធិពលនិងរុងរឿងបំផុតក្នុងចំណោមនគរទាំងអស់ក្រោយសម័យបាកាន។ ស្ថិតនៅក្រោមស្រឡាយនៃក្សត្រដូចគេប្រទានមកជាពិសេស ពញារាមទី១ ឝិនស៊ពុ ធម្មចេតិ និងពញារាមទី២ នគរនេះបានសំបូរសប្បាយរីករាយរុងរឿងដោយសារតែយុគមាសដ៏យូរអង្វែង លូតលាស់រីកចំរើនឡើងព្រោះតែធ្វើពាណិជ្ជកម្មជាមួយពួកបរទេស។ ពួកឈ្មួញនៃនគរនេះបានធ្វើការដោះដូរជាមួយបណ្ដាពួកពាណិជ្ជករដែលឆ្លងកាត់មហាសមុទ្រឥណ្ឌា បំពេញនូវព្រះឃ្លាំងរបស់ព្រះមហាក្សត្រជាមួយមាស និងប្រាក់ សូត្រ និងគ្រឿងទេស និងរបស់របរផ្សេងៗទាំងឡាយដែលមានក្នុងការជួញដូរដើមសម័យទំនើប។ នគរនេះក៏បានប្រែក្លាយជាមជ្ឈមណ្ឌលពុទ្ធសាសនាថេរវាទដ៏ល្បីមួយផងដែរ។ ស្រុកនេះបានបង្កើតចំណងយ៉ាងរឹងមាំជាមួយស្រីលង្កា និងបានជំរុញឱ្យមានកំណែទំរង់ ដែលក្រោយមកបានរីកសុះសាយទូទាំងប្រទេសនេះ។[៣]
ទីបញ្ចប់នៃនគរដ៏មានឫទ្ធានុភាពនេះក៏បានមកដល់។ ចាប់ពីឆ្នាំ១៥៣៤ រហូតមក នគរនេះបានស្ថិតនៅក្រោមការវាយឆ្មក់ជានិច្ចកាលដោយរាជវង្សតោនងុពីភូមាភាគខាងលើ។ ព្រះបាទតកយុត្បិមិនបានត្រៀមធនធាននិងរេហ៍ពលឱ្យបានច្រើនប្រឆាំងតទល់នឹងតោនងុដែលជានគរតូចជាងដឹកនាំដោយព្រះបាទតាប៊ិនឝ៊្វេទី និង មេទ័ពរងព្រះអង្គ បាយិនណោង។ តោនងុបានចាប់យកបាគូ និង ដីសណ្ដឥរាវត្តីនៅឆ្នាំ១៥៣៨-៩ និងមុំហ៍នៅឆ្នាំ១៥៤១។[៤] នគរនេះត្រូវបានរស់ឡើងវិញមួយរយៈពេលខ្លីនៅឆ្នាំ១៥៥០ បន្ទាប់ពីតាប៊ិនឝ៊្វេទីត្រូវបានគេធ្វើគត់។ ប៉ុន្តែ "នគរ" នេះមិនបានលាតសន្ធឹងចាកឆ្ងាយពីរង្វង់ទីក្រុងបាគូឡើយ។ បាយិនណោងភ្លាមៗបានបង្ក្រាបការបះបោនេះបាននៅ ខែមីនា ១៥៥២។
ទោះបីជាយ៉ាងណាក្ដី ព្រះមហាក្សត្រតោនងុទាំងឡាយអាចនឹងបានគ្រប់គ្រងភូមាក្រោមទាំងមូលបានយ៉ាងល្អរហូតដល់ពាក់កណ្ដាលសតវត្សទី១៨ យុគមាសនៃហង្សាវត្តីត្រូវបានចងចាំក្នុងសណ្ដានចិត្តរបស់ពួកមនដែលនៅភូមាភាគខាងក្រោមជានិច្ច។ នៅឆ្នាំ១៧៤០ ពួកគេក៏បានរើបំរះប្រឆាំងនឹងរាជវង្សតោនងុដ៏ទន់ខ្សោយក្នុងឱកាសឈរជើងឡើងវិញជាលើកចុងក្រោយ ហើយក៏បានបង្កើតជានគរហង្សាវត្តីស្ដារឡើងវិញម្ដងទៀត។
ឯកសារយោង
កែប្រែ- ↑ Coedès, George (1968). Walter F. Vella. រៀ. The Indianized States of Southeast Asia. trans.Susan Brown Cowing. University of Hawaii Press. ល.ស.ប.អ. 978-0-8248-0368-1.
- ↑ Htin Aung 1967: 78–80
- ↑ Myint-U 2006: 64–65
- ↑ Harvey 1925: 153–157
គន្ថនិទ្ទេសន៍
កែប្រែ- Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.
- Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press.
- Myint-U, Thant (2006). The River of Lost Footsteps—Histories of Burma. Farrar, Straus and Giroux. ល.ស.ប.អ. 978-0-374-16342-6.
- Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2004 រ.រ.). Yangon: Armanthit Sarpay.