ចៅពញា (អនុរាជ)
ចៅពញា (ភូមា: စောဗညား, ការបញ្ចេញសំឡេងភូមា: [sɔ́ bəɲá] [សប្ញា]; សុគតឆ្នាំ១៥៤១) ជាព្រះអនុរាជនៃមុំហ៍ ចាប់ពីរ.ទសវត្ស ១៥១០-១៥៣៩ និងជាអ្នកប្រកាសខ្លួនឯងជាព្រះមហាក្សត្រនៃនគរហង្សាវត្តីដែលបានរួមរួញតូចកាលពីឆ្នាំ១៥៣៩ ដល់ ឆ្នាំ១៥៤១។ ដំបូងត្រូវបានតែងតាំងជាព្រះអនុរាជនៃមុំហ៍ ជាអាណាខែត្រមួយនៃអាណាខែត្រទាំងបីនៃនគរនិយាយភាសាមននេះក្នុងរាជ្យព្រះបាទពញារាមទី២ ចៅពញាក្រោយមកក៏បានគ្រប់គ្រងអាណាខែត្រនេះដូចជាក្សត្រទ្រង់រាជ្យមួយអង្គកំឡុងរជ្ជកាលនៃព្រះបាទដ្កាយុពី ដែលជាព្រះភាតាថ្លៃរបស់ទ្រង់។ ស្ថិតក្រោមការដឹកនាំរបស់ទ្រង់ កំពង់ផែមុំហ៍បានក្លាយជាអន្តរៈផែអន្តរជាតិ ហើយមានពោរពេញទៅដោយភោគទ្រព្យយ៉ាងសំបូរបែប។ ទ្រង់អាចកសាងកងយោធពលយ៉ាងសំបើម ដែលពោរពេញទៅដោយទាហានស៊ីឈ្នួល និង កងប្រដាប់អាវុធព័រទុយហ្កាល់។ ប៉ុន្តែការបដិសេធរបស់ទ្រង់ជួយដល់ការតស៊ូរបស់ព្រះដ្កាយុក្នុងសង្គ្រាមប្រឆាំងរាជវង្សតោនងូបានជួយសំរួលដល់ការសញ្ជ័យរបស់តោនងូនៅបារគូនៅឆ្នាំ១៥៣៨-១៥៣៩ ហើយនៅទីបំផុតបានបង្កឱ្យមានការដួលរលំសក្ដិភូមិរបស់ទ្រង់ផ្ទាល់នៅឆ្នាំ១៥៤១។ ទ្រង់ក៏ត្រូវបានគេប្រហារជីវិតនៅពេលក្រោយមកទៀតដែរ។
ចៅពញា စောဗညား | |
---|---|
ព្រះអនុរាជនៃមុំហ៍ (មោត្តមៈ) | |
រជ្ជកាល | ទសវត្ស ១៥១០-១៥៤១ |
អង្គក្រោយ | ចៅល្គុនឥន្ទ |
សុគត | ឧសភា ១៥៤១ មុំហ៍ (មោត្តមៈ) |
រាជពន្ធភាព | តាឡាកាមូនៃបារគូ |
វង្ស | ហង្សាវត្តី |
សាសនា | ពុទ្ធសាសនាថេរវាទ |
- ក្នុងឈ្មោះភូមានេះ ចៅ គឺជាយសមួយ។
អ្នកគ្រប់គ្រងមុំហ៍
កែប្រែចៅពញាត្រូវបានតែងតាំងជាព្រះអនុរាជនៃអាណាខែត្រមុំហ៍ អាណាខែត្រមួយក្នុងចំណោមអាណាខែត្រទាំងបីរបស់ហង្សាវត្តី ក្នុងរាជ្យព្រះបាទពញារាមទី២ រ.ទសវត្សឆ្នាំ ១៥១០។ (ទ្រង់បានក្លាយជាព្រះអនុរាជរួចទៅហើយនៅឆ្នាំ១៥១៩ កាលណោះទ្រង់បានចុះសន្ធិសញ្ញាពាណិជ្ជកម្មជាមួយពួកព័រទុយហ្កាល់ [១] ដែលពួកគេបានប្រកបគោរម្យងាររបស់ទ្រង់ថា "Chau Bainha"។[២] ទ្រង់ក៏ប្រហែលជាព្រះខត្តិយវង្សហង្សាវត្តីជាន់ខ្ពស់មួយអង្គដែរហើយមើលទៅ ដោយហេតុថាមានតែពួកព្រះអង្គម្ចាស់ឋានៈខ្ពស់បង្អស់ទេដែលត្រូវបានតែងតាំងជាព្រះអនុរាជ។) នៅពេលព្រះអង្គដ្កាយុពីក្លាយជាព្រះមហាក្សត្រនៅឆ្នាំ១៥២៦ តាមប្រពៃណីដែលទ្រង់មានខ្សែលោហិតជាប់នឹងក្សត្រទ្រង់រាជ្យ ចៅពញាក៏បានយកព្រះកនិដ្ឋាភគិនីធំរបស់ព្រះបាទដ្កាយុពីដែរ គឺព្រះនាងតាឡាកាមូហើយអភិសេកព្រះនាងជាព្រះអគ្គមហេសីរបស់ទ្រង់។[៣] ទោះបីយ៉ាងណាក្នុងកាយវិការដំបូង ទ្រង់មិនបានគោរពកោតក្រែងព្រះមហាក្សត្រព្រះជន្ម ១៥ វស្សាឡើយ ដោយទ្រង់ធ្វើជាមិនចាប់អាម្មណ៍ក្នុងអភិបាលកិច្ច ហើយចំណាយពេលច្រើន ក្នុង"ការកំសាន្តល្បែងល្បាំឥតបានការជាមួយពួកគូកនខិលខូចទៅវិញ"។[៤]
យ៉ាងណាមិញ ក្នុងប៉ុន្មានឆ្នាំបន្ទាប់មក ចៅពញាបានទទួលស្គាល់អំណាចស្ដេចធំរបស់ទ្រង់នៅត្រឹមតែបារគូប៉ុណ្ណោះ ហើយទ្រង់គ្រប់គ្រង "ស្រុក ៣២ នៃមុំហ៍" (ប្រហែល រដ្ឋមនសព្វថ្ងៃនេះ និង រដ្ឋការ៉ែននៅភាគខាងត្បូង) ដូចជាក្សត្រទ្រង់រាជ្យមួយអង្គ។ ព្រះអនុរាជរង គឺពញាឧ ត្រូវជាចៅហ្វាយស្រុកខែត្រម៉ូតម្ល៉ឺម (ម៉ឡឹម្យ៉ែន) ក៏បានរៀបអភិសេកនឹងព្រះភគិនីនៃព្រះបាទដ្កាយុពីដែរ ប៉ុន្តែយ៉ាងណាក៏ដោយលោកស្មោះត្រង់ចំពោះព្រះអនុរាជ ជាងស្ដេចធំទៅទៀត។[៥] ចៅពញាបានធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងជាមួយបរទេសដោយផ្ទាល់ព្រះអង្គ។ ស្ថិតនៅក្រោមការដឹកនាំរបស់ទ្រង់ មុំហ៍បានក្លាយជាអន្តរៈផែ ហើយតាមរយៈការរៀបរាប់របស់អ្នករុករកព័រទុយហ្កាល់ ថាវាសំបូរដោយភោគទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដោយប្រើប្រាស់ភោគទ្រព្យខាងពាណិជ្ជកម្ម ទ្រង់អាចប្រមែប្រមូលរេហ៍ពលបានយ៉ាងក្រាស់ក្រែល នៅកៀកឆ្នាំ១៥៤០ ទ្រង់បានជួលពួកទាហានស៊ីឈ្នួលព័រទុយហ្កាល់ថ្លៃៗ កាំភ្លើង និង សំពៅចំបាំងរបស់ពួកគេ។ [៦]
ព្រះអង្គបានប្រកាសឯករាជ្យពីបារគូជាសារវន្តនៅឆ្នាំ១៥៣៤ ដោយបដិសេធជួយដល់ការតស៊ូរបស់ព្រះបាទដ្កាយុពីប្រឆាំងនឹងរាជវង្សតោនងូ ដែលក្នុងនាមជាសាមន្តរដ្ឋ ព្រះអង្គត្រូវតែធ្វើ។ ដ្កាយុពី មិនមែនជាព្រះមហាក្សត្រមានសមត្ថភាពឡើយ ព្រោះទ្រង់មិនអាចរៀបចំសកម្មភាពណាមួយប្រឆាំងតបតនឹងតោនងូ រឺ មុំហ៍បានទេ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ ចៅពញាពេញព្រះហឫទ័យដោយទតឃើញកងទ័ពតោនងូវាយលុកកាន់តែជ្រៅៗទៅៗចូលទៅកាន់ទឹកដីភូមាភាគខាងក្រោម។ ព្រះអង្គមិនដែលទតឃើញគ្រោះថ្នាក់ណាមួយគំរាមកំហែងដល់អាណាចក្ររបស់ទ្រង់ឡើយ ដោយ យល់ថាតោនងូគ្មានសព្វាវុធបរទេស ហើយតែងតែបរាជ័យក្នុងការដណ្ដើមយករាជធានីហង្សាវត្តី បារគូ (បាហ្គោ) ដែលការពារដោយពួកទាហានស៊ីឈ្នួលបរទេស។ នៅទីបំផុតតោនងូបានដណ្ដើមយកបានបារគូនៅចុងឆ្នាំ១៥៣៨ ដ្កាយុពីពិតជាមិនទុកព្រះទ័យនឹងចៅពញាទេ ទ្រង់ក៏បានជ្រើសយកការដកទ័ពថយទៅនគរព្យី ដែលជារដ្ឋជិតខាង ក្រៅពីអាណាខែត្រមុំហ៍។[៧]
សង្គ្រាមជាមួយតោនងូ
កែប្រែដ្កាយុពីបានសោយទិវង្គតនៅដើមឆ្នាំ១៥៣៩ ដោយនិរទេស ហើយចៅពញាភ្លាមៗក៏បានប្រកាសអង្គឯងជាព្រះមហាក្សត្រ។[៧] ទ្រង់ហាក់បីដូចជាមិនព្រួយបារម្ភការមកដល់នៃនគរតោនងូដែលនៅជិតកាំជណ្ដើរផ្ទះរបស់ទ្រង់ទាល់តែសោះ។ នៅឆ្នាំ១៥៤០ ទ្រង់បានទទួលឱសានវាទមួយពីព្រះបាទឌ្បិនឝ្វេធិនៃតោនងូឱ្យចុះចូលដោយដោះដូរនឹងការលើកលែងទោស ប៉ុន្តែព្រះអង្គមិនចាប់អារម្មណ៍ទេ។ ព្រះអង្គទ្រង់ព្រះតំរិះថា តោនងូបានបារគូតាមរយៈតែវញ្ចនោបាយទល់នឹងអ្នកដឹកនាំអសមត្ថភាពដូចដ្កាយុពី ហើយយល់ថាកាលណោះបើខ្សែការពាររបស់បារគូដឹកនាំដោយមេដឹកនាំមានសមត្ថភាព តោនងូច្បាស់ជាមិនអាចវាយយកបារគូក្នុងរយៈពេលបួនឆ្នាំបានឡើយ។ ព្រះអង្គមានជំនឿថាកងយោធពលដែលនៅពីក្រោយខ្នងសុទ្ធតែពួកព័រទុយហ្កាល់ក្រោមការដឹកនាំរបស់ទ្រង់ច្បាស់ជាអាចស៊ូបាននឹងការវាយប្រហារពីតោនងូប្រសព្វគ្នា។ ទ្រង់បានត្រៀមខ្លួនការពារទីក្រុងយ៉ាងរឹងមាំព័ទ្ធដោយកំពែងខ្ពស់ៗ ដែលអាចស៊ូសូម្បីតែកាំភ្លើងធំរបស់ព័រទុយហ្កាល់ និងបានពង្រាយសំពៅចំបាំងព័រទុយហ្កាល់ប្រាំពីរគ្រឿងដើម្បីឱ្យល្បាតការពារកំពង់ផែ ហើយនិងបញ្ចូលទាហានស៊ីឈ្នួលបរទេសដឹកនាំដោយលោកប៉ៅលនៃសេច្សឹសដឹកនាំខ្សែការពារទីក្រុងផងនោះ ទ្រង់ក៏បានច្រានចោលឱសានវាទនោះចោលទៅ។[៧][២]
ទំនុកចិត្តរបស់ចៅពញាពិតជាមានទាំងស្រុង។ ជាការពិត បញ្ជាការតោនងូបន្ទាប់ពីការសញ្ជ័យបារគូបានហើយ ក៏ពិគ្រោះពិភាក្សាពីការវាយប្រហារមុំហ៍ដែលអាចនឹងផ្ដើមនៅ ខែវិច្ឆិកា ១៥៣៩ ផ្ទុយទៅវិញត្រូវបានរាំងស្ទះ ដោយហេតុតែខ្សែការពារដ៏រឹងមាំរបស់ទីក្រុងនេះ។[៨] ជំនួសមកវិញ តោនងូបានរៀបចំធ្វើសឹកប្រឆាំងនឹងមុំហ៍ពេញមួយឆ្នាំចាប់ពីឆ្នាំ១៥៣៩ ដល់ឆ្នាំ១៥៤០។ ជិតដល់ ខែវិច្ឆិកា ១៥៤០ ឌ្បិនឝ្វេធិបានកេណ្ឌរេហ៍ពលខ្លាំងចំនួន ១៣០០០ នាក់ រួមមានកងពលព័រទុយហ្កាល់ ៧០០ នាក់ដែលបានបំពាក់ជាមួយកាំភ្លើងប្រើរំសេវ និង កាំភ្លើងធំ។ នៅក្នុងខណៈពេលនោះ ផែនការការពាររបស់ចៅពញាត្រូវបានរលាយដោយសារតែការសំរេចចិត្តរបស់ចៅហ្វាយស្រុកនៃម៉ូតម៉្លឺមឈរនៅក្រៅការប្រយុទ្ធ។ (ពញាឧ ក៏ទទួលបានឱសានវាទរបស់ព្រះបាទឌ្បិនឝ្វេធិដែរ។ លោកមិនបានចុះចូលនឹងព្រះមហាក្សត្រតោនងូឡើយ ប៉ុន្តែបានឆ្លើយតបថាលោកនឹងនៅក្រៅការប្រយុទ្ធគ្នា។) ដោយត្រូវបំបោះបង់ចោលដោយបរិវាររបស់ទ្រង់ ចៅពញាកាលណោះក៏ធ្លាក់ចូលទៅក្នុងស្ថានភាពស្រដៀងនឹងភាពទ័លច្រក ដែលទ្រង់ខ្លួនឯងធ្វើដាក់ព្រះបាទដ្កាយុពីដែរ ក្នុងកំឡុងរយៈពេលពីរបីឆ្នាំមុននោះ។[២][៩]
នៅ ខែវិច្ឆិកា ឆ្នាំ១៥៤០ កងទ័ពតោនងូបានលុកលុយ ហើយភ្លាមៗក៏បានឡោមព័ទ្ធទីក្រុងនេះ។ ខ្សែការពាររបស់មុំហ៍បានត្រៀមខ្លួនយ៉ាងល្អ បន្តទុកអោយពួកអ្នកឡោមព័ទ្ធស្ថិតនៅលើឆកសមុទ្រអស់រយៈពេលជាច្រើនខែ។ យ៉ាងណាមិញ ការដាច់ស្បៀងយ៉ាងខ្លាំង ជាអវសានបានកើតឡើងនៅខាងក្នុងទីក្រុង។ ចៅពញានៅទីបញ្ចប់បានថ្វាយការចុះចាញ់ដោយបានសំណូមពរថា ព្រះអង្គត្រូវនៅកាន់តំណែងជាព្រះអនុរាជដដែលដោយដោះដូរមកវិញនឹងសួយសារដុំប្រាក់ ៣០០០០ វីស្ស (៤៨៩៨៧,៩ សហាតិក្រាម) ជារៀងរាល់ឆ្នាំ ហើយនិងបណ្ណាការដ៏មានតំលៃផ្សេងៗទៀតទៅអោយស្ដេចតោនងូ។ ឌ្បិនឝ្វេធិបានច្រានចោលសំណើ ដោយទាមទារឱ្យចុះចាញ់ដោយគ្មានលក្ខខណ្ឌ។ ចៅពញាក្រោយមកក៏ទូលសុំឱ្យខ្លួនមានសុវត្ថិភាពនៅក្រៅក្រុងសំរាប់ខ្លួនព្រះអង្គ និងព្រះញាតិវង្សានុវង្ស រួមជាមួយរតនសម្បត្តិរបស់ទ្រង់ តែត្រូវបានបដិសេធចោលដោយព្រះចៅតោនងូទៀត។ ដោយក្ដីអស់សង្ឃឹម ចៅពញាបានអំពាវនាវព្រះអនុរាជព័រទុយហ្កាល់នៅគោវឱ្យជួយ ដោយដោះដូរមកវិញជាចំណុះនៃគោវ បន្ថែមពីលើនោះ ទ្រង់នឹងផ្ទេរព្រះរាជទ្រព្យទាំងអស់របស់ទ្រង់ចំនួនពាក់កណ្ដាលទៅអោយអនុរាជទៀត។[១០] ពួកព័រទុយហ្កាល់មានការចាប់អារម្មណ៍។ នាយសំពៅព័រទុយហ្កាល់មួយរូបបានចុះបញ្ជីទ្រព្យសម្បត្តិទាំងនោះរួមមានមាសនិងប្រាក់ពីរសំពៅ និងថ្មមានតំលៃ ២៦ កេះ។ លើសពីនេះ មាសត្រូវបានគេលួចពីបណ្ដាចេតិយក្នុងក្រុងអាចនឹងមានចំនួនស្មើនឹងសំពៅ ៤ ពេញៗ។ ប៉ុន្តែពួកព័រទុយហ្កាល់ក៏ខ្លាចការចងគំនុំរបស់ព្រះបាទឌ្បិនឝ្វេធិដែរ ដែលទ្រង់ជាមហាអំណាចថ្មីនៅភូមាក្រោម ហើយពួកគេបាន "រេរាចិត្តគួរជ្រើសរើសមួយណារវាងលាភសក្ការៈ និង ផលប៉ះពាល់ចំពោះខ្លួនទៅថ្ងៃក្រោយ"។ [១០] ក្នុងខណៈពេលដដែល ចៅពញាបានផ្ដល់សំណូកសូកប៉ាន់ទៅដល់លោកហ្សួ-ការអ៊ីរូ មេដឹកនាំទាហានស៊ីឈ្នួលព័រទុយហ្កាល់ដែលប្រយុទ្ធអោយខាងតោនងូ ឱ្យជួយទ្រង់និងព្រះញាតិវង្សានុវង្សឱ្យរួចខ្លួន។ លោកកាអ៊ីរូបានពិចារណាយ៉ាងម៉ត់ចត់ចំពោះគំនាប់ដ៏ច្រើនលើសលប់ ប៉ុន្តែនៅទីបំផុតបានទំលាក់ចោលសំណើរបស់ទ្រង់វិញ ខណៈពេលដែល នាយរងរបស់លោកបានដឹងនូវសំណើអស់ទាំងនោះ ហើយក៏បានគំរាមថានឹងយកទៅរាយការណ៍ទូលប្រាប់ព្រះបាទព្រះចៅឌ្បិនឝ្វេធិ។[១១]
សោយទិវង្គត
កែប្រែនៅ ខែឧសភា ឆ្នាំ១៥៤១ បន្ទាប់ពីការឡោមព័ទ្ធប្រាំពីរខែមក កងទ័ពជើងទឹករបស់តោនងូដឹកនាំដោយមេទ័ពជើងទឹកស្មេនព្យូបានបំបែកឆ្លងចូលតាមសំពៅព័រទុយហ្កាល់ទាំងប្រាំពីរនៅឯកំពង់ផែ ហើយខ្សែការពាររបស់ទីក្រុងនោះក៏ត្រូវបានទំលុះទំលាយ។ នៅខាងក្នុងក្រុង ចៅពញាត្រូវបានគេពិពណ៌នាថាពិតជាអង់អាច ក្លាហាន បានដឹកនាំកងទ័ពរបស់ទ្រង់នៅលើខ្នងដំរីតទល់នឹងពួកអ្នកឈ្លានពាន។ ព្រះអង្គត្រូវបានគេពោលថាបានប្រយុទ្ធប្រឆាំងតស៊ូមួយទល់នឹងមួយលើខ្នងដំរីជាច្រើនលើក។ ព្រះអង្គនៅទីបំផុតបានត្រូវចាញ់ដៃដោយមេបញ្ជាការនន្ទយោធុ ហើយត្រូវបានគេចាប់ព្រះកាយបាន។ ព្រះអនុរាជនៅតែជាកុញ្ជរឫទ្ធិដល់ទីបំផុត។ ព្រះអង្គបានសាទរដល់នន្ទយោធុនូវជ័យជំនះរបស់លោក ហើយប្រគល់បណ្ណាការជាច្រើនដល់មេបញ្ជាការតោនងូ។ ឌ្បិនឝ្វេធិមានព្រះអំណរសាទរនឹងភាពក្លាហាន និងភាពជាកុញ្ជរឫទ្ធិរបស់ព្រះអង្គណាស់ [១២] ប៉ុន្តែមិនបានអត់ឱនអោយទ្រង់ឡើយ។ ស្ដេចតោនងូបានចេញបញ្ជាប្រហារជីវិតព្រះអនុរាជ រាជវង្សានុវង្សរបស់ព្រះអង្គ និង "កងការពារអង់អាចក្លាហាន" ក្នុងទីក្រុងចោលទាំងអស់។ ការប្រហារជីវិតយ៉ាងច្រើនសន្ធឹកនេះបានធ្វើឱ្យ: បរិវារសេសសល់របស់មុំហ៍នៅខាងក្រោមព្រំដែនសៀមចុះចូលនឹងតោនងូអស់រលីង។[៧]
ឯកសារយោង
កែប្រែ- ↑ Phayre 1967: 96
- ↑ ២,០ ២,១ ២,២ Harvey 1925: 155
- ↑ Hmannan Vol. 2 2003: 196
- ↑ Phayre 1967: 94
- ↑ Sein Lwin Lay 2006: 179
- ↑ Phayre 1967: 96–97
- ↑ ៧,០ ៧,១ ៧,២ ៧,៣ Htin Aung 1967: 109–110
- ↑ Hmannan Vol. 2 2003: 190
- ↑ Sein Lwin Lay 2006: 179–180
- ↑ ១០,០ ១០,១ Htin Aung 1967: 110
- ↑ Harvey 1925: 156–157
- ↑ Sein Lwin Lay 2006: 183–184
គន្ថនិទ្ទេសន៍
កែប្រែ- Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.
- Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press.
- Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta.
- Royal Historical Commission of Burma (1832) (ជាBurmese). Hmannan Yazawin. 1–3 (2003 រ.រ.). Yangon: Ministry of Information, Myanmar.
- Sein Lwin Lay, Kahtika U (1968) (ជាBurmese). Mintaya Shwe Hti and Bayinnaung: Ketumadi Taungoo Yazawin (2006, 2nd printing រ.រ.). Yangon: Yan Aung Sarpay.
ព្រះរាជគោរម្យងារ | ||
---|---|---|
មុនដោយ |
ព្រះអនុរាជនៃមុំហ៍ ទសវត្ស១៥១០–១៥៤១ |
តដោយ ចៅល្គុនឥន្ទ |
ព្រះរាជគោរម្យងារ | ||
---|---|---|
មុនដោយ ដ្កាយុពី |
ព្រះមហាក្សត្រមន ១៥៣៩–១៥៤១ |
តដោយ ស្មេនចៅធុ |