ទសពលញ្ញាណ
និយមន័យ
កែប្រែទសពលញ្ញាណ មកពីសព្ទថា ទស (១០) និង ពលៈ (កម្លាំង) និង ញាណ (សេចក្ដីដឹង, ប្រាជ្ញា, ទ្រង់ញាណ (ព្រះពុទ្ធ) ទ្រង់ជ្រាបច្បាស់នូវកិច្ចការអាថ៌កំបាំងជ្រាលជ្រៅផ្សេងៗ ដោយព្រះប្រាជ្ញា) ។ តាមវចនានុក្រមខ្មែរ ពាក្យថា ទសពល (ទៈ-សៈ-ពល់) គុណសព្ទ ឬ នាមសព្ទ មានន័យថា ដែលមានកម្លាំង ១០ គឺមានកម្លាំងស្មើនឹងដំរីវិសេស ១០ (ព្រះសម្មាសម្ពុទ្ធ) ឬហៅថា ព្រះទសពល ។ ក្នុងភាសាបាលី គេប្រើពាក្យថា ទសតថគតពល (ទៈសៈ-តៈថៈគៈតៈ-ពៈលៈ) (dasa-(Tathāgata)- bala) ប្រែតាមរូបសព្ទថា អំណាច ១០ របស់ព្រះសម្ពុទ្ធ ឬ ព្រះអង្គដែលមាន ១០ អំណាច ពោលគឺ ព្រះពុទ្ធ ។
អធិប្បាយ
កែប្រែពាក្យថា ទសពលញ្ញាណ (the Ten Powers of the Perfect One)(បាលីថា តថាគតពលញ្ញាណ ១០) គឺជា ព្រះញាណដែលជាកម្លាំងរបស់ព្រះពុទ្ធទាំង ១០ ប្រការ ដែលអាចឲ្យព្រះអង្គមានសំឡេងដូចសីហនាទ (សិង្ហ) ដើម្បីប្រកាសផ្សាយសាសនាឲ្យគង់វង់ [វចនានុក្រមពុទ្ធសាសនា ភាសាថៃ] ។ ញាណដ៏អស្ចារ្យទាំង ១០ របស់ព្រះពុទ្ធមានដូចខាងក្រោម ៖
- ឋានាឋានញ្ញាណ : ញាណដែលអាចដឹងឋានៈ និង អឋាន គឺ ការដឹងធម្មជាតិពិតទាក់ទងនឹងព្រំដែន និង ខេត្តខណ្ឌនៃវត្ថុទាំងឡាយ ពោលគឺការដឹងថា អ្វីអាចកើតឡើងបាន អ្វីកើតឡើងមិនបាន និង ប៉ុន្មានជាការល្មម និយាយឲ្យចំវាជាសម្ព័ន្ធភាពរវាងហេតុ និង ផល និងក្បួនច្បាប់នៃចរិយធម៌ទាក់ទងនឹងលទ្ធភាពរបស់បុគ្គលម្នាក់ៗដែលនឹងទទួលបានផលនៃកម្មដែលមនុស្សម្នាក់ៗប្រព្រឹត្តល្អនិងអាក្រក់ផ្សេងៗគ្នា ។ — knowledge of instance and no instance; knowledge of possibilities and impossibilities
- កម្មវិបាកញ្ញាណ : ញាណដែលអាចដឹងអំពីផលនៃកម្ម ពោលគឺលទ្ធភាពអាចកំណត់បែងចែកការឲ្យផលភ្លាមៗ រវាងកម្មល្អនិងកម្មអាក្រក់ ដែលជាប់ពាក់ព័ន្ធនឹងបច្ច័យឡោមព័ទ្ធផ្សេងៗ, អាចមើលឃើញច្បាស់លាស់នូវការទាក់ទងរវាងដំណើរកកើតផលនៃកម្មយ៉ាងច្បាស់ ។ — knowledge of ripening of action; knowledge of the results of karma
- សព្វត្ថគាមិនីបដិបទាញាណ : ញាណដែលអាចដឹងខប្រតិបត្តិដែលនឹងនាំទៅកាន់គតិទាំងពួង គឺ សុគតិ ទុគ្គតិ ឬដំណើរផុតចាកគតិ; ឬជាញាណដែលដឹងរបៀបប្រតិបត្តិដែលនាំទៅកាន់អត្ថប្រយោជន៍ទាំងពួង ពោលគឺ ទិដ្ឋធម្មិកត្ថ សម្បរាយិកត្ថ ឬ បរមត្ថ គឺការដឹងថាពេលប្រាថ្នាចូលទៅកាន់គតិឬប្រយោជន៍ណាមួយ ឬប្រាថ្នាធ្វើកិច្ចការអ្វីមួយ គឺមានវិធីប្រតិបត្តិយ៉ាងល្អិតល្អន់ ។ — knowledge of the way that leads anywhere; knowledge of the practice leading to all destinies and all goals
- នានាធាតុញ្ញាណ : ញានដែលអាចដឹងសភាវៈនៃលោកដែលជាផ្សំឡើងដោយធាតុផ្សេងៗយ៉ាងច្រើនអនេក គឺ ការដឹងនូវសភាវៈរបស់ធម្មជាតិ ទាំងផ្នែកឧបាទិន្នកសង្ខារ និង អនុប្បាទិន្នកសង្ខារ ដូចជា ការដឹងគ្រឿងផ្សំផ្សេងៗរបស់ជីវិត ការដឹងសភាវៈនៃគ្រឿងផ្សំទាំងនោះ ព្រមទាំងលក្ខណៈ និង មុខងាររបស់ធាតុផ្សំនីមួយៗនោះ ជាអាទិ គឺការដឹងមុខងាររបស់ខន្ធ អាយតនៈ និង ធាតុផ្សេងៗ នៅក្នុងក្បួននៃការយល់ដឹង ជាដើម និង ការដឹងនូវហេតុនៃការបែកធ្លាយរបស់វត្ថុទាំងឡាយនោះ ។ — knowledge of the world with its many and different elements
- នានាធិមុត្តិកញ្ញាណ : ញាណដែលដឹងនូវអធិមុត្តិ គឺ ការដឹងអធ្យាស្រ័យ និន្នាការ ការប្រកាន់ជំនឿ និង ចំណាប់អារម្មណ៍ ជាដើម របស់សត្វទាំងឡាយ ដែលប្រព្រឹត្តជីវិតរបស់គេរៀងៗខ្លួន ។ — knowledge of the different dispositions of beings
- ឥន្រ្ទិយប្បរោបរិយត្តញ្ញាណ : ញាណដែលដឹងនូវសេចក្តីប្រសើរ និង ថយថោកនៃឥន្ទ្រីយ៍ទាំងឡាយ គឺការដឹងថាសត្វនោះមានសទ្ធា វីរិយៈ សតិ សមាធិ បញ្ញា ត្រឹមកម្រិតណា មានកិលេសច្រើន មានឥន្ទ្រីយ៍ទន់ជ្រាយ ឬចាស់ក្លា ងាយប្រដៅឬពិបាកប្រដៅ មានលក្ខណៈសម្បត្តិសមរម្យអាចត្រាស់ដឹងឬអត់ — knowledge of the state of faculties of beings; knowledge of the inferiority and superiority of the controlling faculties of various beings; knowledge as regards maturity of persons
- ឈានាទិសង្កិលេសាទិញ្ញាណ : ញាណដែលដឹងអំពីចិត្តសៅហ្មង ចិត្តជ្រះថ្លា ចិត្តចេញចាកឈាន វិមោក្ខ សមាធិ និង សមាបត្តិ ទាំងឡាយ — knowledge of defilement, cleansing and emergence in the cases of the meditations, liberations, concentrations and attainments
- បុព្វេនិវាសានុស្សតិញ្ញាណ : ញាណដែលអាចរឭកភពដែលធ្លាប់បានយកកំណើតពីអតីតជាតិ — knowledge of the remembrance of former existences
- ចុតូប្បាតញ្ញាណ : ញាណដែលអាចដឹងនូវចុតិ (ស្លាប់) និង ឧបត្តិ (កើត) នៃសត្វទាំងឡាយដែលអន្ទោលទៅតាមកម្ម - knowledge of the decease and rebirth of beings)
- អាសវក្ខយញ្ញាណ : ញាណដែលអាចដឹងនូវការអស់ទៅនៃអាសវៈ (គ្រឿងសៅហ្មង) ទាំងឡាយ — knowledge of the exhaustion of mental intoxicants)
សម្រង់ពីព្រះត្រៃបិដក
កែប្រែ[១៦៦] ម្នាលសារីបុត្ត តថាគតពលញ្ញាណ របស់តថាគតនេះមាន ១០ ប្រការ គឺជាពលញ្ញាណ ដែលតថាគតបានប្រកបហើយ ទើបដឹងច្បាស់នូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ (ចក្រដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅ ។ ឯតថាគតលញ្ញាណ ១០ តើដូចម្តេច ?
- ម្នាលសារីបុត្ត ព្រះតថាគតក្នុងលោកនេះ រមែងដឹងច្បាស់នូវហេតុតាមហេតុផង ដឹងច្បាស់នូវអំពើមិនមែនជាហេតុតាមអំពើមិនមែនជាហេតុផង តាមសេចក្តីពិត ។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគតដឹងច្បាស់នូវហេតុតាមហេតុផង ដឹងច្បាស់នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង តាមសេចក្តីពិត ម្នាលសារីបុត្ត នេះឯង ជាតថាគតពលញ្ញាណរបស់តថាគតទី ១ ជាពលញ្ញាណដែលព្រះតថាគតតែងអាស្រ័យ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទក្នុងពួកបរិស័ទ ញ៉ាំងព្រហ្មចក្រ (ចក្រដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅ ។
- ម្នាលសារីបុត្ត មួយទៀត ព្រះតថាគតរមែងដឹងច្បាស់នូវវិបាកនៃកុសលកម្ម និង អកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត អនាគត និង បច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ដោយសេចក្តីពិតមែន ។ ម្នាលសារីបុត្ត ត្រង់ដែលតថាគតដឹងច្បាស់នូវវិបាកនៃកុសល និង អកុសល ដែលសត្វបានធ្វើហើយ ទាំងអតីត អនាគត និង បច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ដោយសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជាតថាគតពលញ្ញាណរបស់តថាគត (ទី ២) ជាពលញ្ញាណដែលតថាគតតែងអាស្រ័យ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺឡើង នូវសីហនាទក្នុងបរិស័ទទាំងឡាយ ញ៉ាំងចក្រដ៏ប្រសើឲ្យប្រព្រឹត្តទៅ ។
- ម្នាលសារីបុត្ត មួយទៀត តថាគតដឹងច្បាស់នូវបដិបទាជាដំណើរ ទៅកាន់សុគតិ និង ទុគ្គតិក្នុងទីទាំងពួង តាមសេចក្តីពិត ។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគតដឹងច្បាស់នូវបដិបទា ដំណើរទៅកាន់សុគតិ និង ទុគ្គតិក្នុងទីទាំងពួង ម្នាលសារីបុត្ត នេះឯងជាតថាគតពលញ្ញាណរបស់ព្រះតថាគត (ទី ៣) ជាពលញ្ញាណដែលព្រះតថាគតតែងអាស្រ័យហើយ ទើបដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រដ៏ប្រសើឲ្យប្រព្រឹត្តទៅ ។
- ម្នាលសារីបុត្ត មួយទៀត តថាគតដឹងច្បាស់នូវលោកដែលមានធាតុច្រើនយ៉ាង មានធាតុផ្សេងៗគ្នា តាមសេចក្តីពិត ។ ម្នាលសារីបុត្ត ត្រង់ដែលតថាគតដឹងច្បាស់នូវលោកដែលមានធាតុច្រើនយ៉ាង មានធាតុផ្សេងៗគ្នា តាមសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជាតថាគតពលញ្ញាណ (ទី ៤) ជាពលញ្ញាណ ដែលព្រះតថាគតបានដល់នូវថ្នាក់ដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។
- ម្នាលសារីបុត្ត មួយទៀត ព្រះតថាគតដឹងច្បាស់នូវអធ្យាស្រ័យផ្សេងៗគ្នា របស់សត្វទាំងឡាយ តាមសេចក្តីពិត ។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគតដឹងច្បាស់នូវអធ្យាស្រ័យផ្សេងៗគ្នា របស់សត្វទាំងឡាយតាមសេចក្តីពិត ម្នាលសារីបុត្តនេះឯងជាតថាគតពលញ្ញាណរបស់ព្រះតថាគត (ទី ៥) ជាពលញ្ញាណដែលព្រះតថាគតតែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រឲ្យប្រព្រឹតទៅ ។
- ម្នាលសារីបុត្ត មួយទៀត តថាគតដឹងច្បាស់នូវឥន្ទ្រិយក្លៀវក្លា និង ទន់ របស់ពួកសត្វដទៃ របស់បុគ្គលដទៃ តាមសេចក្តីពិត ។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគតដឹងច្បាស់ នូវឥន្ទ្រិយក្លៀវក្លា និង ទន់ របស់ពួកសត្វដទៃ ពួកបុគ្គលដទៃ តាមសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជាតថាគតពលញ្ញាណរបស់ព្រះតថាគត(ទី ៦) ជាពលញ្ញាណដែលព្រះតថាគតតែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។
- ម្នាលសារីបុត្ត មួយទៀត តថាគតដឹងច្បាស់នូវ សេចក្តីសៅហ្មង សេចក្តីផូរផង់ និង ការចេញនៃឈាន វិមោក្ខ សមាធិ និង សមាបត្តិទាំងឡាយ តាមសេចក្តីពិត ។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគតដឹងច្បាស់នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និង ការចេញនៃឈាន វិមោក្ខ សមាធិ និង សមាបត្តិទាំងឡាយ តាមសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជាតថាគតពលញ្ញាណរបស់ព្រះតថាគត(ទី ៧) ជាពលញ្ញាណដែលព្រះតថាគតតែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។
- ម្នាលសារីបុត្ត មួយទៀត តថាគតរលឹកជាតិបាននៅអាស្រ័យក្នុងកាលមុនជាអនេកជាតិ គឺរលឹកបាន ១ ជាតិ ២ ជាតិ ៣ ជាតិ ៤ ជាតិ ៥ ជាតិ ១០ ជាតិ ២០ ជាតិ ៣០ ជាតិ ៤០ ជាតិ ៥០ ជាតិ ១០០ ជាតិ ១ ពាន់ជាតិ ១ សែនជាតិក៏បាន រលឹកបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្ដវិវដ្តកប្បក៏បាន ថាក្នុងភពឯណោះ អាត្មាអញមានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ អាត្មាអញនោះច្យុតចាកអត្តភាពនោះហើយបានទៅកើតក្នុងភពឯណា ដែលទៅកើតក្នុងភពឯណោះទៀត អាត្មាអញ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ្នោះច្យុតចាកអត្តភាពនោះហើយ ទើបទៅកើតក្នុងភពនេះឯង ។ ព្រះតថាគតរលឹកជាតិដែលបាននៅអាស្រ័យក្នុងកាលមុនជាអនេកជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសយ៉ាងនេះឯង ។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគតរលឹកជាតិ ដែលបាននៅអាស្រ័យក្នុងកាលមុនជាអនេកជាតិ គឺរលឹកបាន ១ ជាតិ ២ ជាតិ ។បេ។ រលឹកជាតិដែលបាននៅអាស្រ័យក្នុងកាលមុនជាអនេកជាតិ ព្រមទាំងអាការព្រមទាំងឧទ្ទេសយ៉ាងនេះ ម្នាលសារីបុត្ត នេះឯងជាតថាគតពលញ្ញាណរបស់ព្រះតថាគត(ទី ៨) ជាពលញ្ញាណដែលព្រះតថាគតតែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។
- ម្នាលសារីបុត្ត មួយទៀត តថាគតមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា តែងឃើញនូវសត្វទាំងឡាយ កំពុងច្យុតកំពុងកើត ជាសត្វទាបថោកខ្លះ ខ្ពង់ខ្ពស់ខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ដឹងច្បាស់នូវសត្វទាំងឡាយដែលអន្ទោលទៅតាមកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងអម្បាលនេះ ។បេ។ រមែងដឹងច្បាស់ (យ៉ាងនេះឯង) ។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគតមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា តែងឃើញនូវសត្វទាំងឡាយ កំពុងច្យុតកើត ជាសត្វទាបថោកខ្លះ ខ្ពង់ខ្ពស់ខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ដឹងច្បាស់នូវសត្វទាំងឡាយដែលអន្ទោលទៅតាមកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងអម្បាលនេះ ។បេ។ រមែងដឹងច្បាស់ (យ៉ាងនេះឯង) ម្នាលសារីបុត្ត នេះឯងជាតថាគតពលញ្ញាណរបស់ព្រះតថាគត(ទី ៩) ជាពលញ្ញាណដែលព្រះតថាគតតែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។
- ម្នាលសារីបុត្ត មួយទៀត តថាគតបានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសៈទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួនក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅដោយឥរិយាបថ ៤ ។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគតបានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសៈទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួនក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅដោយឥរិយាបថ ៤ ម្នាលសារីបុត្ត នេះឯងជាតថាគតពលញ្ញាណរបស់ព្រះតថាគត(ទី ១០) ជាពលញ្ញាណដែលព្រះតថាគតតែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ ។ (ref. 2)
សម្រង់ចេញពីឯកសារភាសាអង់គ្លេស
គម្ពីរមជ្ឈិមនិកាយ M. 12.; និង គម្ពីរអង្គុត្តរនិកាយ A. X, 21:
There, o monks, the Perfect One understands according to reality the [1] possible as possible, and the impossible as impossible ... [2] the result of past, present and future actions ... [3] the path leading to the welfare of all ... [4] the world with its many different elements ... [5] the different inclinations in beings ... [6] the lower and higher faculties in beings ... [7] the defilement, purity and rising with regard to the absorptions, deliverances, concentration and attainments ... [8] remembering many former rebirths ... [9] perceiving with the divine eye how beings vanish and reappear again according to their actions (kamma) ... [10] gaining, through extinction of all taints, possession of 'deliverance of mind' and 'deliverance through wisdom' ...."
កំណត់សម្គាល់
កែប្រែឯកសារយោង
កែប្រែ- ព្រះត្រ័យបិដក > សុត្តន្តបិដក > មជ្ឈិមនិកាយ > មូលបណ្ណាសក > សីហនាទវគ្គ > មហាសីហនាទសូត្រ > តថាគតពលញ្ញាណ ១០ ប្រការ (សៀវភៅលេខ ២៣ ទំព័រទី ២៦៣ វគ្គ ១៦៦)
- ព្រះត្រ័យបិដក > សុត្តន្តបិដក > មជ្ឈិមនិកាយ > សីហនាទវគ្គ > មហាសីហនាទសូត្រ > តថាគតពលញ្ញាណ ១០ ប្រការ > វគ្គ ១៦៦ (សៀវភៅលេខ ២០ ទំព័រទី ២៦៣)
- សុត្តន្តបិដក អង្គុត្តរនិកាយ ទសកនិបាត បឋមបណ្ណាសក មហាវគ្គ ទី ៣ (សៀវភៅលេខ ៥០ ទំព័រ ៧៣ វគ្គ ២១) ។
- អភិធម្មបិដក វិភង្គបករណ៍ តតិយវគ្គ ញាណវិភង្គ ទសកនិទ្ទេស (សៀវភៅលេខ ៨២ ទំព័រទី ១១៨ វគ្គ ៧៣) ។
- គេហទំព័រ ព្រះត្រៃបិដកភាសាថៃ វចនានុក្រមពុទ្ធសាសនា : [១][តំណភ្ជាប់ខូច]