ព្រះត្រៃបិដក
ព្រះត្រៃបិដក ប្រែថា កញ្រ្ចែង ឬ ល្អី ៣ សម្រាប់ផ្ទុកពាក្យពេចន៍របស់ព្រះសម្មាសម្ពុទ្ធគឺ ៖
- ព្រះវិន័យ ឬហៅថា វិនយបិដក (ចាប់ពីសៀវភៅភាគ១ ដល់ភាគ១៣)
- ព្រះសូត្រ ឬហៅថា សុត្តន្តបិដក (ចាប់ពីសៀវភៅភាគ១៤ ដល់ ភាគ៧៧)
- ព្រះអភិធម្ម ឬហៅថា អភិធម្មបិដក (ចាប់ពីសៀវភៅភាគ៧៨ ដល់ ភាគ១១០)
វិនយបិដក គឺជាគម្ពីរខាងព្រះពុទ្ធសាសនាដែលបានចារិកទុកនូវពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញាត។ ក្នុងវិនយបិដកដែលបានចែកចេញជា ៥ គម្ពីរ គឺ អា., បា., ម., ចុ., ប. ៖
គម្ពីរមហាវិភង្គ (សៀវភៅភាគ១, ភាគ២, ភាគ៣ និង ភាគ៤) ដែលជាគម្ពីរមួយរៀបរាប់អំពីវិន័យរបស់ព្រះភិក្ខុសង្ឃទាំង ២២៧ សិក្ខា ។
គម្ពីរភិក្ខុនីវិភង្គ (សៀវភៅភាគ៥) ដែលអធិប្បាយនូវវិន័យទាំង ៣១១ សិក្ខាបទរបស់ភិក្ខុនី។
មហាវគ្គ
កែប្រែគម្ពីរមហាវគ្គ (សៀវភៅភាគ៦, ភាគ៧ និង ភាគ៨) ជាគម្ពីរដែលពណ៌នាអំពីរបៀបធ្វើសង្ឃកម្មផ្សេងៗរបស់ពួកពុទ្ធបរិស័ទ ។ ក្នុងគម្ពីរនេះមាន ១០ ខន្ធកៈ នៃ ២២ ខន្ធកៈ ដែលនៅសល់ ១២ ខន្ធកៈ ទៀតមានប្រាកដក្នុងគម្ពីរចុល្លវគ្គ ។
គម្ពីរចុល្លវគ្គ (សៀវភៅភាគ៩, ភាគ១០ និង ភាគ១១) ជាគម្ពីរមានភាពប្រហាក់ប្រហែលនឹងគម្ពីរមហាវគ្គផ្សេងតែយក ១២ ខន្ធកៈ ក្រៅផ្សេងពី ១០ ខន្ធកៈ ក្នុងគម្ពីរមហាវគ្គតែប៉ុណ្ណោះ ។
គម្ពីរបរិវារៈ (ចាប់ពីសៀវភៅភាគ១២ និង ភាគ១៣) ជាគម្ពីរចុងក្រោយដែលបានធ្វើជាសំណួរចម្លើយ ចោទឆ្លើយអំពីបញ្ហាមានក្នុងគម្ពីរទាំង ៤ ខាងលើ។
សុត្តន្តបិដក គឺជាគម្ពីរ ដែលបានរួបរួមនូវព្រះធម៌ មានលក្ខណៈជាការសម្តែង ចាត់ជាក្រុម ជាពួក តាមហេតុការណ៍ និង ចរិតអធ្យាស្រ័យ របស់សត្វ ឬ គូសន្ទនា ដែលមានមួយចប់ នៃការសាកច្ឆា សន្ទនារវាងព្រះបរមសាស្តា និង ភាគីចរចា ហៅថា មួយព្រះសូត្រ ឬ សូត្រមួយ ។ នៅក្នុងសុត្តន្តបិដកមានចំណាត់ថ្នាក់វែង ខ្លី ច្រើន តិច ជាកង ជាពួក និង ជាក្រុម ដែលបានប្រារព្ធធ្វើឡើងដោយព្រះសង្គីតិកាចារ្យចាប់តាំងពីបឋមសង្គាយនា ឬសង្គាយនាលើកទីមួយ ដែលមានព្រះអរហន្ត៥០០ អង្គ រួមទាំងព្រះមហាកស្សប ព្រះមហាឧបាលី និងព្រះមហាអានន្ទជាដើម រហូតដល់សង្គាយនាគ្រាទី ៣ ។ នៅគ្រានោះព្រះត្រ័យបិដក ដែលមានវិនយបិដក ព្រះសុត្តន្តបិដក និងព្រះអភិធម្មបិដកត្រូវបានរៀបចំឲ្យគ្រប់បរិបូរណ៍ ។ នៅក្នុងសង្គាយនាលើកទី ៤ (តាមច្បាប់ប្រទេស ស្រីលង្កា) ព្រះត្រ័យបិដកដែលបានបន្តដោយការទន្ទេញចាំមាត់របស់ពួកសាវ័ក ក៏ត្រូវបានសរសេរចារិកទុកក្នុងសាស្ត្រាស្លឹករឹត (ឬស្លឹកត្នោត) ជាលាយលក្ខណ៍អក្សរ ដោយក្រុមភិក្ខុ ជនជាតិស្រីលង្កា ។ ក្រោយមកគម្ពីរព្រះត្រ័យបិដកក៏ត្រូវបាននាំយកទៅសរសេរជាភាសាផ្សេងៗ និង ត្រូវបានមកបកប្រែជាភាសារបស់ជាតិរៀងៗខ្លួន ដើម្បីងាយស្រួលក្នុងការសិក្សារៀនសូត្រ ។ នៅសម័យកាលដំបូង ព្រះត្រៃបិដកជាឯកសារសំណេរ មានតែជាភាសា សីហឡៈ ដែលមានសំនៀងភាសាបាលី ប៉ុណ្ណោះ ។ ក្រោយមកទើបឯកសារទាំងនោះត្រូវបានចម្លងយកសំនៀងបាលីជាភាសារបស់ជាតិផ្សេងៗ រួមទាំងសេចក្តីប្រែ នៃព្រះត្រៃបិដកទាំងមូល ជាភាសា នៃប្រជាជាតិទាំងនោះ ។ សុត្តន្តបិដកមាន ៥ គម្ពីរ ពោលគឺ ទី., ម., សំ., អំ., ខុ. ៖
គម្ពីរទីឃនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតវែង ៣៤ ព្រះសូត្រ ហើយបែងចែកជា ៣ វគ្គធំៗ គឺ សីលក្ខន្ធវគ្គមាន ១៣ ព្រះសូត្រ មហាវគ្គមាន ១០ ព្រះសូត្រនិងបាដិកវគ្គមាន ១១ ព្រះសូត្រ ។ សៀវភៅភាគ១៤, ភាគ១៥, ភាគ១៦, ភាគ១៧, ភាគ១៨ និង ភាគ១៩ ។
គម្ពីរមជ្ឈិមនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតកណ្តាលមិនវែងពេកមិនខ្លីពេក ១៥២ ព្រះសូត្រដែលបែងចែកជា ៣បណ្ណាសកៈ មានមូលបណ្ណាសកៈ, មជ្ឈិមបណ្ណាសកៈ និងឧបរិបណ្ណាសកៈ ហើយក្នុងបណ្ណាសកៈនីមួយៗមាន ៥វគ្គតូចៗទៀត ហើយវគ្គតូចៗនីមួយៗមាន ១០ព្រះសូត្រវៀរតែវគ្គទី ១៤ គឺ វិភង្គវគ្គមាន ១២ ព្រះសូត្រ ។ សៀវភៅភាគ២០, ភាគ២១, ភាគ២២, ភាគ២៣, ភាគ២៤, ភាគ២៥, ភាគ២៦, ភាគ២៧, និង ភាគ២៨ ។
សំយុត្តនិកាយ បានប្រមូលរួបរួមកងធម៌តាមប្រភេទ ។ សំយុត្តនិកាយត្រូវបានបែងចែកជា ៥ វគ្គ គឺ (១) សគាថវគ្គដែលរៀបរាប់អំពីព្រះសូត្រចំនួន ២៧១ ព្រះសូត្រ, (២) និទានវគ្គ មានព្រះសូត្រដែលរៀបរាប់អំពីហេតុ ឬឫសគល់នៃសភាវធម៌ទាំងឡាយ, (៣) ខន្ធវារវគ្គ មានព្រះសូត្រដែលរៀបរាប់អំពីខន្ធ, (៤) សឡាយតនវគ្គ មានព្រះសូត្រដែលរៀបរាប់អំពីអាយតនៈ, និង (៥) មហាវារវគ្គ មានព្រះសូត្រដែលរៀបរាប់អំពីពួកធម៌ដូចជាមគ្គ ៨, ពោជ្ឈង្គ៧ និង ឥន្រ្ទិយ ២២ ។ សំយុត្តនិកាយ ជាគម្ពីរដែលរៀបរៀងធម៌ជាក្រុមៗ ហៅថា សំយុត្តមួយ ។ សំយុត្តនិកាយមាន ៥៦ សំយុត្តនិងមាន ៧៧៦២ ព្រះសូត្រ ។ សំយុត្តនិកាយ ត្រូវបានដាក់តម្រៀបនៅក្នុងព្រះត្រៃបិដកខ្មែរនៅក្នុងសៀវភៅភាគ២៩ ភាគ៣០ ភាគ៣១ ភាគ៣២ ភាគ៣៣ ភាគ៣៤ ភាគ៣៥ ភាគ៣៦ ភាគ៣៧ ភាគ៣៨ និង ភាគ៣៩ ។
អង្គុត្តរនិកាយ (Aṅguttara Nikāya, Collections of Numbered/Numerical Discourses) ជាសៀវភៅទី ៤ នៅក្នុងសុត្តន្តបិដក ដែលនៅក្នុងសៀវភៅនេះត្រូវបានគេបែងចែកជា ១១ សៀវភៅតូចៗបន្តទៀតស្របតាមចំនួនធម៌នៃក្រុមនីមួយៗ (និបាត) ។ ន័យដើមរបស់សៀវភៅនេះគឺ ការប្រមូលផ្ដុំពួកធម៌ដែលកើនចំនួនម្ដងមួយៗ ។ ឧទាហរណ៍ ឯកនិបាតសម្តែងអំពីពួកធម៌មានអង្គ១, ទុកនិបាតមានអង្គ២, តិកនិបាតមានអង្គ៣, ចតុក្កនិបាតមានអង្គ៤, បញ្ចកនិបាតមានអង្គ៥, ឆក្កតិកនិបាតមានអង្គ៦, សត្តកនិបាតមានអង្គ៧, អដ្ឋកនិបាតមានអង្គ៨, នវកនិបាតមានអង្គ៩, ទសកនិបាតមានអង្គ១០, ឯកាទសកនិបាតមានអង្គ ១១ ។ ក្នុងអង្គុត្តរនិកាយមានព្រះសូត្រសរុបទាំងអស់ ៩៥៥៧ ព្រះសូត្រ ។ អ្នករៀបរៀងព្រះត្រៃបិដកខ្មែរបានបោះពុម្ពនិកាយនេះនៅក្នុងសៀវភៅភាគ៤០ ភាគ៤១ ភាគ៤២ ភាគ៤៣ ភាគ៤៤ ភាគ៤៥ ភាគ៤៦ ភាគ៤៧ ភាគ៤៨ ភាគ៤៩ ភាគ៥០ និង ភាគ៥១ ។
ខុទ្ទកនិកាយ (Khuddaka Nikāya) ប្រែថា គម្ពីរដែលមានធម៌បន្តិចបន្តួច សេសសល់ ឬ ក្រៅពី ៤ គម្ពីរខាងលើ ។ យោងតាមឯកសាររបស់ប្រទេសស្រីលង្កា ថៃ និងខ្មែរ នៅក្នុងគម្ពីរនេះមានសូត្រទាំងអស់ ១៥ សូត្រ ប៉ុន្តែឯកសាររបស់ប្រទេសភូមា មានសូត្រសរុបទាំងអស់ ១៨ សូត្រ នៅក្នុងនិកាយនេះ ។ ចំណុចនេះបង្ហាញឲ្យឃើញថា ទោះបីមានសង្គាយនាច្រើនលើកមកហើយក៏ដោយ ក៏ប្រទេសដែលកាន់ពុទ្ធសាសនាបែបថេរវាទទាំងឡាយមិនបានចុះសម្រុងគ្នាទាំងស្រុងថា គួរចាត់ឯកសារណាទៅក្នុងគម្ពីរព្រះត្រៃបិដកដែរ ។ សៀវភៅភាគ៥២ ភាគ៥៣ ភាគ៥៤ ភាគ៥៥ ភាគ៥៦ ភាគ៥៧ ភាគ៥៨ ភាគ៥៩ ភាគ៦០ ភាគ៦១ ភាគ៦២ ភាគ៦៣ ភាគ៦៤ ភាគ៦៥ ភាគ៦៦ ភាគ៦៧ ភាគ៦៨ ភាគ៦៩ ភាគ៧០ ភាគ៧១ ភាគ៧២ ភាគ៧៣ ភាគ៧៤ ភាគ៧៥ ភាគ៧៦ និង ភាគ៧៧ ។
អភិធម្មបិដកមាន ៧ គម្ពីរដែលមានអក្សរកាត់តំណាងថា សំ, វិ, ធា, បុ, ក, យ, និង ប ។ សំ តាងឲ្យគម្ពីរសង្គណី ឬធម្មសង្គណី, វិ តាងឲ្យគម្ពី វិភង្គ, ធា តាងឲ្យគម្ពីរ ធាតុកថា, បុ តាងឲ្យគម្ពីរ បុគ្គលបញ្ញត្តិ, ក តាងឲ្យគម្ពីរ កថាវត្ថុ, យ តាងឲ្យគម្ពីរ យមកៈ និង ប តាងឲ្យគម្ពីរ បដ្ឋានៈ ។ សៀវភៅភាគ៧៨ ភាគ៧៩ ភាគ៨០ ភាគ៨១ ភាគ៨២ ភាគ៨៣ ភាគ៨៤ ភាគ៨៥ ភាគ៨៦ ភាគ៨៧ ភាគ៨៨ ភាគ៨៩ ភាគ៩០ ភាគ៩១ ភាគ៩២ ភាគ៩៣ ភាគ៩៤ ភាគ៩៥ ភាគ៩៦ ភាគ៩៧ ភាគ៩៨ ភាគ៩៩ ភាគ១០០ ភាគ១០១ ភាគ១០២ ភាគ១០៣ ភាគ១០៤ ភាគ១០៥ ភាគ១០៦ ភាគ១០៧ ភាគ១០៨ ភាគ១០៩ និង ភាគ១១០ ។
គម្ពីរ និង ដីកា ផ្សេង ៗទៀត
កែប្រែអដ្ឋកថា (atthakatha) គឺជាគម្ពីរទាំងឡាយដែលនិពន្ធដោយព្រះពុទ្ធឃោសាចារ្យ (Buddhaghosa) ក្នុងគោលបំណងពន្យល់បន្ថែម(explanation or commentary) លើអត្ថបទភាសាបាលីនៅក្នុងគម្ពីរព្រះត្រៃបិដក ។ ដោយសារព្រះត្រៃបិដកខ្មែរបានតម្រៀបគម្ពីរនានាជា ១១០ ក្បាលដាច់ពីគ្នា ទើបនៅក្នុង អដ្ឋកថា មានចំនួនសរុបទាំងអស់ ១១០ ក្បាលដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកសិក្សាស្រាវជ្រាវក្នុងការស្វែងរក និង ធ្វើលេខយោង ។ មានរឿងនិទានប្រៀបធៀបជាច្រើនដែលប្រតិដ្ឋឡើងដោយព្រះពុទ្ធឃោសាចារ្យសម្រាប់ធ្វើជាឧបមានវិធីក្នុងការពន្យល់ក្រមសីលធម៌ទាំងឡាយ ឧទាហរណ៍ នៅក្នុងអដ្ឋកថា នៃធម្មបទគាថា ។
មូលដីកា
កែប្រែដីកា (tika, commentary)គឺជា គម្ពីរកែខៃ បញ្ជាក់អត្ថន័យរបស់បាលី (បិដក) ខ្លះ, របស់អដ្ឋកថានៃបាលីខ្លះ, របស់ដីកាមុនៗខ្លះ, អាងដល់អត្ថន័យរបស់គម្ពីរឯទៀតខ្លះក៏មាន គម្ពីរ សារត្ថទីបនី ជា មូលដីកា (ដីកាដើម) ។
អនុដីកា
កែប្រែ
អនុដីកា (subcommentary) ជាដីកាបន្ទាប់ដែលពន្យល់បន្ថែមន័យលើដីកាផ្សេងៗ ឧទាហរណ៍ វិមតិវិនោទនី ។
អន្វានុដីកា
កែប្រែ
វជិរពុទ្ធិ ជា អន្វានុដីកា (ដីកាបន្ទាប់ពីអនុដីកាមកទៀត) នៃវិនយបិដក ។
នវដីកា
កែប្រែ
ឯដីកាដែលកើតមានថ្មីៗ តៗមកទៀតហៅថា នវដីកា (ដីកាថ្មី) ។
កថាវត្ថុ
កែប្រែយមកប្បករណ៍
កែប្រែមហាបដ្ឋាន
កែប្រែ- សមន្តប្បាសាទិកា : គឺជា អដ្ឋកថាព្រះវិនយបិដក។ រចនាដោយព្រះពុទ្ធឃោសាចារ្យ ។
- កង្ខាវិតរណី : គឺជា អដ្ឋកថាគម្ពីរបាតិមោក្ខ ។
- សុមង្គលវិលាសិនី : គឺជា អដ្ឋកថាគម្ពីរទីឃនិកាយ ។
- បបញ្ចសូទនី : គឺជា អដ្ឋកថាគម្ពីរមជ្ឈិមនិកាយ ។
- សារត្ថប្បកាសិនី : គឺជា អដ្ឋកថាគម្ពីរសំយុត្តនិកាយ ។
- មនោរថបូរណី : គឺជា អដ្ឋកថាគម្ពីរអង្គុត្តរនិកាយ ។
- អដ្ឋសាលិនី : គឺជា អដ្ឋកថាគម្ពីរធម្មសង្គណិ ។
- សម្មោហវិនោទនី : គឺជា អដ្ឋកថាគម្ពីរវិភង្គប្បករណ៍ ។
- បញ្ចប្បករណដ្ឋកថា : គឺជា អដ្ឋកថាគម្ពីរធាតុកថា, បុគ្គលប្បញ្ញត្តិ, កថាវត្ថុ, យមកប្បករណ៍ និង គម្ពីរមហាបដ្ឋាន។
- ធម្មបទដ្ឋកថា : គឺជាឈ្មោះបរមត្ថជោតិកា អដ្ឋកថាគាថាធម្មបទ, សុត្តនិបាត, និង ជាតកគាថា។
- បរមត្ថទីបនី : គឺជា អដ្ឋកថាចរិយាបិដក និង បញ្ចប្បករណ៍ ។
ឯកសារផ្សេងទៀត ទាក់ទងនឹងពុទ្ធសាសនា
កែប្រែឯកសារយោង
កែប្រែ- គេហទំព័រ តិបិដក ជាភាសាបាលី [១]
- គេហទំព័រ ព្រះធម៌សម្រាប់ខ្មែរ ដើម្បីអាន ឬ ស្តាប់ការអាន ព្រះត្រៃបិដក [២]
- គេហទំព័រ ៥០០០ ឆ្នាំ ដើម្បីអាន ឬ ស្តាប់ ធម៌ ផ្សេងៗ [៣]
- គេហទំព័រ វិទ្យាស្ថានបើកទូលាយ ដើម្បីទាញយកពុម្ពអក្សរខ្មែរ យូនីកូដ [៤]
- ព្រះត្រៃបិដកជាភាសាថៃ
- អដ្ឋកថាជាភាសាអង់គ្លេស