នមស្កាព្រះធម្មរតនៈ
នមស្ការព្រះធម្មរតនៈ
អដ្ឋង្គិការិយបថោ ជនានំ មោក្ខប្បវេសាយ ឧជូ ច មគ្គោ ធម្មោ អយំ សន្តិករោ បណីតោ និយ្យានិកោ តំ បនមាមិ ធម្មំ
ប្រែៈ ព្រះសទ្ធម្មឯណា ជាធម៌ប្រកបដោយអង្គ ៨ ប្រការ ជាគន្លងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញ៉ាំងជន ដែលប្រាថ្នានូវព្រះនិព្វានឲ្យចូលទៅកាន់ព្រះនិព្វានបាន ព្រះធម៌ជាធម៌ធ្វើឲ្យត្រជាក់រម្ងាប់បង់នូវភ្លើងទុក្ខភ្លើងកិលេស ជាធម៌ដ៏ឧត្តម ជាគុណញ៉ាំងសត្វឲ្យចេញចាកសង្ខារទុក្ខ ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ នូវព្រះសទ្ធម្មនោះ ដោយគោរព ។ (ក្រាបថ្វាយបង្គំម្តង)
យេ ច ធម្មា អតីតា ច យេ ច ធម្មា អនាគតា បច្ចុប្បន្នា ច យេ ធម្មា អហំ វន្ទាមិ សព្វទា
ប្រែៈ ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ ដែលនិព្វានកន្លងទៅហើយក្ដី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងមានមកក្នុងកាលខាងមុខក្ដី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រតិស្ឋានទុក ក្នុងកាលសព្វថ្ងៃនេះក្ដី ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ នូវព្រះធម៌ទាំងឡាយនោះ គ្រប់កាលទាំងពួង ។
ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលិកោ ឯហិបស្សិកោ ឱបនយិកោ បច្ចត្តំ វេទិតព្វោ វិញ្ញូហីតិ
ប្រែៈ ព្រះបរិយត្តិធម៌គឺព្រះត្រៃបិដក ជាធម៌គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងហើយដោយល្អ ព្រះនពលោកុត្តរធម៌មាន ៩ ប្រការ គឺមគ្គ ៤ ផល ៤ និព្វាន ១ ជាធម៌គឺព្រះអរិយបុគ្គល ទាំងពួង ដឹងពិតឃើញពិត ដោយបច្ចវេក្ខណញ្ញាណ គឺថានឹងបានដឹងដោយស្តាប់ ដោយជឿបុគ្គលដទៃនោះក៏ទេ គឺឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យនូវផលមិនរង់ចាំកាល គឺថាកាលបើព្រះអរិយមគ្គកើតឡើងហើយ ព្រះអរិយផលក៏កើតក្នុងលំដាប់គ្នា មិនបានយឺតយូរឡើយជាធម៌គួរដល់ឯហិបស្សវិធី គឺថាបើព្រះអរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ ក៏គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌គឺព្រះអរិយបុគ្គលគប្បីបង្អោនចូលមកទុក ក្នុងខ្លួនដោយអំណាចនៃភាវនា ជាធម៌គឺអ្នកប្រាជ្ញទាំងឡាយមានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីដឹងគប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន ។
នត្ថិ មេ សរណំ អញ្ញំ ធម្មោ មេ សរណំ វរំ ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ
ប្រែៈ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ មានតែព្រះធម៌ជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើរ របស់ខ្ញុំព្រះករុណា សូមសិរីសួស្តីជយមង្គលចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យ សច្ចៈនេះ ។
ឧត្តមង្គេន វន្ទេហំ ធម្មញ្ច ទុវិធំ វរំ ធម្មេ យោ ខលិតោ ទោសោ ធម្មោ ខមតុ តំ មមំ
ប្រែៈ ខ្ញុំព្រះករុណា សូមថ្វាយបង្គំ នូវព្រះធម៌ដ៏ប្រសើរមាន ២ ប្រការ គឺព្រះបរិយត្តិធម៌និងព្រះនពលោកុត្តរធម៌ ដោយអវយវៈដ៏ឧត្តមគឺត្បូង ទោសឯណាដែលខ្ញុំព្រះករុណា ធ្វើឲ្យភ្លាំងភ្លាត់ហើយ ក្នុងព្រះធម៌ជាម្ចាស់ សូមព្រះធម៌ជាម្ចាស់អត់នូវទោសនោះដល់ខ្ញុំព្រះករុណា ។ (ក្រាបថ្វាយបង្គំម្តង)
ឯកសារយោង
កែប្រែគិហិបតិបត្តិពិសេស