នមស្ការព្រះសង្ឃរតនៈ

ផ្នែកមួយនៃ
ព្រះពុទ្ធសាសនា


ធម៌វន្ទនា

ថ្វាយគ្រឿងសក្ការ
នមស្ការពុទ្ធរតន
នមស្ការធម្មរតន
នមស្ការសង្ឃរតន
ថ្វាយបង្គំព្រះសារីរិកធាតុ

សូមបុណ្យកងកុសល
សុភមង្គលកថា
ធម៌ផ្សាយមេត្តា
ខមាបនគាថា
អាកាសដ្ឋា

ធម៌រំឭកគុណ
ជយបរិត្តគាថា
សម្ពុទ្ធេ
ព្រះបារមី១០
បត្តិទានគាថា

អញ្ជើញពពួកទេវតា
ទេវតាបកាសនគាថា
ពុទ្ធជ័យមង្គល
ឥមិនាបុញ្ញកម្មេ
អារធនាព្រះសង្ឃ
(ចម្រើនព្រះបរិត្ត)
មង្គលសូត្រពហូទេវា

បាលី :

សង្ឃោ វិសុទ្ធោ វរទក្ខិណេយ្យោ សន្តិន្ទ្រិយោ សព្វមលប្បហីនោ
គុណេហិនេកេហិ សមិទ្ធិបត្តោ អនាសវោ តំ បនមាមិ សង្ឃំ

ប្រែៈ

ព្រះអរិយសង្ឃឯណា ដ៏បរិសុទ្ធវិសេស ជាទក្ខិណេយ្យបុគ្គលដ៏ប្រសើរ មានឥន្ទ្រិយរម្ងាប់ហើយ មានមន្ទិលគឺរាគាទិកិលេស ទាំងពួងបន្សាត់បង់ហើយជាព្រះសង្ឃដល់ហើយនូវ កិរិយាសម្រេចដោយគុណ ទាំងឡាយដ៏ច្រើន ជាព្រះសង្ឃមានអាសវធម៌មិនមាន គឺថាជាព្រះខីណាស្រព ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ នូវព្រះអរិយសង្ឃនោះ ដោយគោរព ។ (ក្រាបថ្វាយបង្គំម្តង)

បាលី :

យេ ច សង្ឃា អតីតា ច យេ ច សង្ឃា អនាគតា
បច្ចុប្បន្នា ច យេ សង្ឃា អហំ វន្ទាមិ សព្វទា

ប្រែៈ

ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃនឹងបានសម្រេច មគ្គនិងផលកន្លងទៅហើយក្តី ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃនឹងបានសម្រេចមគ្គនិងផល ក្នុងកាលខាងមុខក្តី ព្រះសង្ឃទាំងឡាយឯណា ដែលជាព្រះសង្ឃ នឹងបានសម្រេចមគ្គនិងផល ក្នុងកាលជាបច្ចុប្បន្ននេះក្តី ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំ នូវព្រះអរិយសង្ឃទាំងឡាយនោះ គ្រប់កាលទាំងពួង ។ (ក្រាបថ្វាយបង្គំម្តង)

បាលី :

សុបដិបន្នោ ភគវតោ សាវកសង្ឃោ ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ញាយ
បដិបន្នោ ភគវតោ សាវកសង្ឃោ សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ យទិទំ
ចត្តារិ បុរិសយុគានិអដ្ឋ បុរិសបុគ្គលា ឯស ភគវតោ សាវកសង្ឃោ អាហុនេយ្យោ
បាហុនេយ្យោ ទក្ខិនេយ្យោ អញ្ជលិករណីយោ អនុត្តរំ បុញ្ញក្ខេត្តំ លោកស្សាតិ

ប្រែៈ

ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិហើយដោយប្រពៃ គឺប្រតិបត្តិតាមគន្លង ព្រះនពលោកុត្តរធម៌ ព្រះសង្ឃជាសាវកនៃព្រះដ៏ មានព្រះភាគលោកប្រតិបត្តិដោយត្រង់ គឺប្រតិបត្តិជាមជ្ឈិមប្បដិបទា ព្រះសង្ឃ ជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដើម្បីត្រាស់ដឹង នូវព្រះនិព្វានជាស្ថានក្សេមផុតចាកទុក្ខទាំងពួង ព្រះសង្ឃជាសាវកនៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិដ៏សមគួរ ដល់សាមីចិកម្ម គឺប្រតិបត្តិគួរដល់ សីលសមាធិបញ្ញាព្រះសង្ឃឯណា បើរាប់ជាគូនៃបុរសទាំងឡាយ មាន៤គូ គឺព្រះសង្ឃដែលបានសម្រេចនូវសោតាបត្តិមគ្គ និងសោតាបត្តិផលជាគូ១ សកទាគាមិមគ្គ និងសកទាគាមិផលជាគូ១ អនាគាមិមគ្គ និងអនាគាមិផលជាគូ១ អរហត្តមគ្គ និងអរហត្តផលជាគូ១ បើរាប់រៀងជាបុរសបុគ្គល មាន៨គឺ ព្រះសង្ឃដែលបានសម្រេចនូវសោតាបត្តិមគ្គ១ សោតាបត្តិផល១ សកទាគាមិមគ្គ១ សកទាគាមិផល១ អនាគាមិមគ្គ១ អនាគាមិផល១ អរហត្តមគ្គ១ អរហត្តផល១ ព្រះសង្ឃទាំងនុ៎ះជាសាវកនៃព្រះដ៏មានព្រះភាគ លោកគួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលឧទ្ទិសចំពោះអ្នកមានសីល ហើយនាំមកអំពីចម្ងាយ បង្អោនចូលមកបូជា លោកគួរទទួលនូវអាគន្តកទាន គឺទានដែលបុគ្គលតាក់តែង ដើម្បីញាតិនិងមិត្ត ដែលមកអំពីទិសផ្សេងៗ ហើយបង្អោនចូលមកបូជា លោកគួរទទួលនូវទាន ដែលបុគ្គលជឿនូវកម្មនិងផលនៃកម្មហើយបូជា លោកគួរដល់អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ លោកជាបុញ្ញក្ខេត្ត គឺជាទីដុះឡើងនៃពូជគឺបុណ្យ នៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន ។

បាលី :

នត្ថិ មេ សរណំ អញ្ញំ សង្ឃោ មេ សរណំ វរំ
ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ

ប្រែៈ

វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ មានតែព្រះសង្ឃជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើរ របស់ខ្ញុំព្រះករុណា សូមសិរីសួស្តីជយមង្គលចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យ សច្ចៈនេះ ។

បាលី :

ឧត្តមង្គេន វន្ទេហំ សង្ឃញ្ច ទុវិធោត្តមំ សង្ឃេ
យោ ខលិតោ ទោសោ សង្ឃោ ខមតុ តំ មមំ

ប្រែៈ

ខ្ញុំព្រះករុណាសូមថ្វាយបង្គំ នូវព្រះសង្ឃដ៏ប្រសើរមាន២ប្រការ គឺសម្មតិ សង្ឃនិងអរិយសង្ឃ ដោយអវយវៈដ៏ឧត្តមគឺត្បូង ទោសឯណាដែលខ្ញុំព្រះករុណា ធ្វើឲ្យភ្លាំងភ្លាត់ហើយ ក្នុងព្រះសង្ឃជាម្ចាស់ សូមព្រះសង្ឃជាម្ចាស់អត់នូវទោសនោះ ដល់ខ្ញុំព្រះករុណា ។ (ក្រាបថ្វាយបង្គំម្តង)

ឯកសារយោង

កែប្រែ
  1. ​គិហិបតិបត្តិពិសេស