បឹងទន្លេសាបគឺជាបឹងទឹកសាបដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ បឹងនេះមានបណ្តោយប្រមាណ ១១៦គីឡូម៉ែត្រ ទទឹងប្រមាណ ៣គីឡូម៉ែត្រទៅ៣៣គីឡូម៉ែត្រ និងមានឆ្នេរប្រមាណ៤៨២គីឡូម៉ែត្រ នៅរដូវប្រាំង។ បឹងទន្លេសាបគឺជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបានលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។ ក្នុងមួយឆ្នាំៗ បឹងទន្លេសាបបានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណ ២០%។ វិសាសភាពរបស់បឹងទន្លេសាបមានការប្រែប្រួលទៅតាមរដូវកាល។ នៅរដូវប្រាំង ដែលទឹកបឹងមានជម្រៅពី១ទៅ២ម៉ែត្រ បឹងទន្លេសាបមានផ្តៃក្រឡាប្រមាណ ២៥០០០០ហិកតា ប៉ុន្តែនារដូវវស្សា ទឹកបឹងមានជម្រៅប្រមាណ ៨ទៅ១១ម៉ែត្រ នោះបឹងទន្លេសាបមានផ្ទៃក្រឡាប្រមាណ ១៥០០០០០ហិកតា។ មាឌទឹកបឹងទន្លេសាបនៅរដូវវស្សាបានពីទន្លេមេគង្គ ៦២% និង ៣៨% ទៀតតបានមកពីបណ្តាស្ទឹងធំៗ ដែលស្ថិតនៅជុំវិញចំនួន១១។ មាឌបឹងទន្លេសាបមានការប្រែប្រួលប្រមាណពី ៤៥០០លានម៉ែត្រគូបនៅរដូវប្រាំង ទៅ១៣៥០០០លានម៉ែត្រគូបនៅរដូវវស្សា។ ផ្ទៃក្រឡាបឹងទន្លេសាបនៅរដូវវស្សាមានទំហំធំជាងរដូវប្រាំងប្រមាណ៥ទៅ៦ដង[]

បឹងទន្លេសាបមានទិដ្ឋភាពជាសមុទ្រមួយយ៉ាងជ្រៅ និងអាចធ្វើនាវាចរបាននៅរដូវវស្សា ឬផ្ទុយទៅវិញនៅរដូវប្រាំងបឹងនេះមានទិដ្ឋភាពមិនខុសអំពីស្រះធំមួយប្រកបដោយភក់ ហើយរាក់ថែមទៀតផង។ រដូវទឹកសំរកចាប់ផ្តើមនៅខែធ្នូ ហើយចប់នៅខែឧសភា។ ពេលនោះកម្ពស់ទឹកបឹងទន្លេសាបមានជាអប្បបរមាពី០.៨០ម៉ែត្រ ដល់ ២ម៉ែត្រជាមធ្យម។ ចាប់ពីខេត្តកំពង់ឆ្នាំងជាពិសេសនៅវាលភក់ជំរៅទឹកចុះជាលំដាប់រហូតដល់នាវាចរត្រូវបានហាមឃាត់ លើកលែងតែទូកតូចៗ។ នៅរដូវវស្សា ទិដ្ឋភាពទូទៅនៃបឹងទន្លេសាបផ្លាស់ប្តូរជាច្រើនផ្ទៃទឹក ព្រមទាំងជំរៅទឹកក៏កើនឡើងជាលំដាប់រហូតដល់ជួនកាលទឹកជំនន់ចូលពេញទំនាប ដែលព័ន្ធជុំវិញបឹងទន្លេសាបនោះ។ កម្ពស់ទឹកអាចកើនឡើងដល់១៤ម៉ែត្រ គឺខុសគ្នា ១០ម៉ែត្រយ៉ាងតិចពីកម្ពស់ទឹកនៅរដូវប្រាំង គឺពេលនោះហើយ​ ដែលនាវាដែលមានចំនុះច្រើនអាចបើកបរចូលទៅដល់បឹងទន្លេសាបបាន។បឹងទន្លេសាបជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជម្រកមច្ឆជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា។ បឹងទន្លេសាបមានទំហំផ្ទៃទាំងអស់ចំនួន ៣០០០គីឡូម៉ែត្រការ៉េ នៅរដូវប្រាំង និងមានទំហំចំនួន ១០០០០គីឡូម៉ែត្រការ៉េនៅរដូវវស្សា។ នៅរដូវប្រាំងបឹងទន្លេសាបមានបណ្តាយប្រហែល ១៥០គីឡូម៉ែត្រ និងទទឹងអតិបរមាមានប្រហែល ៣២គីឡូម៉ែត្រ និងផ្ទៃទំហំ ៣០០០គីឡូម៉ែត្រការ៉េ។ បឹងទន្លេសាបចែកចេញជាបីផ្នែក បឹងធំ បឹងតូច និងវាលភក់។ បឹងធំមានបណ្តោយ ៧៥គីឡូម៉ែត្រ និងទទឹង ៣៥គីឡូម៉ែត្រ។ បឹងតូចមានបណ្តោយ ៣៥គីឡូម៉ែត្រ និងទទឹង ២៨គីឡូម៉ែត្រ។ វាលភក់ជាវាលមួយធំធេងប្រកបដោយកូនកោះទាបៗ សម្បូរខ្សាច់ និងរុក្ខជាតិក្រិនៗ[]។ បឹងទន្លេសាបគឺជាបឹងទឹកសាបធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគ្របដណ្តាប់លើផ្ទៃដី១,៥លានហិកតា។ នៅក្នុងឆ្នាំ១៩៩៣ កំណត់ដោយព្រះរាជក្រឹតដាក់ជាតំបន់ការពារធម្មជាតិសម្រាប់ប្រើប្រាស់ច្រើនយ៉ាង និងចុះក្នុងបញ្ជីសាកលលោកចំនួន ២០០ ពីតំបន់សំខាន់ៗក្នុងលក្ខចម្បងសម្រាប់ការអភិរក្ស។ ឆ្នាំ១៩៩៧ ត្រូវបានទទួលស្គាល់ជាអន្តរជាតិជា ឋបនីយជីវមណ្ឌល ដែលមានតំបន់ស្នូលបី (ព្រែកទាល់ បឹងទន្លេឆ្មា និងស្ទឹងសែន) ក្រោមកម្មវិធីរបស់អង្គការយូណេស្កូ។ ការរួមបញ្ជូលតំបន់ព្រៃវាលភក់ និងព្រៃលិចទឹកធំជាងគេនៅអាស៊ីទាំងមូល។ ព្រៃលិចទឹកជាជម្រកត្រីពងកូន រួមជាមួយជីវចម្រុះគ្រប់ប្រភេទ កន្លែងធំធាត់ និងកន្លែងរកចំណីសម្រាប់ត្រី ដែលផ្លាស់ទីទន្លេមេគង្គ និងតំបន់ជុំវិញ។ ផលិតផលស្រូវនៅវាលទំនាបបឹងទន្លេសាបស្មើនឹងប្រមាណ ១២% នៃទិន្នផលស្រូវប្រចាំឆ្នាំ។ អាងស្តុកទឹកលាតសន្ធឹងជា ៨០០០០គីឡូម៉ែត្រការ៉េ ឬ ៤៤% នៃផ្តៃប្រទេសកម្ពុជាសរុប[]

ទន្លេសាប រូបភាពពីផ្កាយរណបណាសា
  1. ដៃបឹងទន្លេសាបមានដូចជា÷
  • ដៃបឹងទន្លេសាបខាងស្តាំដូចជា៖
    • ស្ទឹងស្រែង មានប្រភពពីភ្នំដងរែកហើយមកប្រសព្វគ្នាជាមួយនឹងស្ទឹងសង្កែ។ដងស្ទឹងស្រែងកណ្តាល ស្ថិតជាព្រំប្រទល់រវាង ខេត្តបាត់ដំបងនិង ខេត្តសៀមរាប
    • ស្ទឹងសៀមរាប និងស្ទឹងរលួសជាកូនស្ទឹងពីរ ដែលមាននប្រភពមកពីភ្នំគូលែន។ ស្ទឹងសៀមរាបហូរកាត់ក្បែរប្រាសាទអង្គរវត្តហើយទឹកស្ទឹងនេះហូរបំពេញបារាយណ៍។
    • ស្ទឹងជីក្រែង និង ស្ទឹងស្ទោងដែលហូចាក់នៅតំបន់វាលភក់ ឬទន្លេឆ្មារ។
    • ស្ទឹងសែន ដែលហូរចុះមកពីជួរភ្នំដងរែកមានទឹកច្រើន ដោយសារមានអូរជាច្រើនហូរមកកាត់។ ស្ទឹងសែនមានបណ្តោយ​៤៥០គីឡូម៉ែត្រ ហើយបតបែនជាភ្នេនយ៉ាងច្រើនមុនមកដល់ខេត្តកំពង់ធំ ហើយហូរកាត់ច្រកឆ្នុកទ្រូ។
    • ស្ទឹងជីនិតរីកធំដោយសារទឹក ស្ទឹងតាំងក្រសាំង និងស្ទឹងពង្រងហូរចាក់មកស្ទឹងនេះហូរចាក់ទៅក្នុងវាល់ភក់ដោយឆ្លងកាត់កំពង់ថ្ម។
  • ដៃបឹងទន្លេសាបខាងឆ្វេងមានដូចជា៖
    • ស្ទឹងសិរីសោភ័ណដែលមានហូរមកពីរប្រទេសថៃ ទទួលទឹកស្ទឹងមង្គលបូរី(មានប្រភពនៅភ្នំសាយខាវ កំពស់១៤៧០ម៉ែត្រ នៅប្រទេសថៃ) និងទឹកស្ទឹងសង្កែ(មានប្រភពនៅភ្នំតាលរ កំពស់៧០០ម៉ែត្រ ប្រទេសកម្ពុជា)មុននឹងហូរចាក់មកបឹងឬន្លេសាប។
    • ស្ទឹងមោងហូរពីភ្នំទឹកព្រិល(១៤២៥ម៉ែត្រ)កាត់ស្រុកមោង។
    • ស្ទឹងស្វាយដូនកែវហូរកាត់ភូមិស្វាយដូនកែវ។
    • ស្ទឹងពោធិ៍សាត់មានប្រភពពីភ្នំខ្មោច(១៤២៥ម៉ែត្រ)ជាស្ទឹងប្រកបដោយរបបបៀបបាននឹងទឹកជ្រោះ ដែលអាចបណ្តាលឱ្យមានទឹកជំនន់។
    • ស្ទឹងបរិបូណ៌ហូរកាត់ច្រកបរិបូរនៅខេត្តកំពង់ឆ្នាំង
    • ស្ទឹងជ្រៀវហូរកាត់ឧដុង្គ។
    • ស្ទឹងព្រែកត្នោតកើតមកពីអូរជាច្រើន ដែលហូរមកពីភ្នំឱរ៉ាល់ និងប្រជុំភ្នំអូរម្លូ។ ស្ទឹងនេះហូរកាត់ខេត្តកំពង់ស្ពី និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
    • ស្ទឹងតាកែវហូរប្រសព្វនឹងទន្លេបាសាក់ត្រង់មាត់ជ្រូក។

មុខងារទន្លេសាប

កែប្រែ

ទន្លេសាប និងដៃទាំងអស់រួមគ្នាបង្កើតជាផ្លូវនាវាចរមួយដ៏មានប្រយោជន៍។ នៅរដូវវស្សាបឹងទន្លេសាបប្រកបទៅដោយទូកប៉ុកចាយបើកក្តោង។ រីឯស្ទឹងមានកប៉ាល់តូចៗ និងទូកប៉ុកចាយដែលមានចំណុះមិនលើសពី១០០តោន។ នៅរដូវប្រាំងក្នុងបឹងទន្លេសាបគេអាចធ្វើនាវាចរបានចំពោះតែកូនទូកតែប៉ុណ្ណោះ។ ប៉ុន្តែបឹងទន្លេសាបជាមជ្ឃមណ្ឌលនេសាទមួយយ៉ាងធំគឺជាមជ្ឈមណ្ឌលត្រីធំជាងគេនៅលើពិភពលោក ពីព្រោះទីនោះមានព្រៃលិចទឹក ដែលជាជម្រកដ៏សម្បូរអាហារនៃសត្វត្រីទាំងឡាយ។

ឯកសារយោង

កែប្រែ
  1. អាជ្ញាធរទន្លេសាប (www.tolesap.gov.kh)
  2. សៀវភៅភូមិវិទ្យាប្រទេសខ្មែរ ឆ្នាំ២០១០ ដោយ សាគូ សាម៉ុត ទំព័រទី២០-23
  3. ឯកសារអប់រំបរិស្ថាន ការគ្រប់គ្រងធនធានជលផល