អង់គ្លេស
អង់គ្លេស (ភាសាអង់គ្លេស៖ England) គឺជាប្រទេសមួយនៃសហរាជាណាចក្រ។ ប្រទេសនេះ មានប្រជាជនជាង ៨៣% នៃប្រជាជនសរុបនៃសហរាជាណាចក្រ ដែលមានផ្ទៃដីប្រមាណ ២/៣ នៃកោះ "Great Britain" ស្ថិតនៅភាគខាងត្បូងនៃកោះនេះ។ អង់គ្លេស មានព្រំប្រទល់ខាងជើងជាប់នឹង ប្រទេសស្កុតឡែន និង ខាងលិចជាប់ជាមួយប្រទេសវ៉ែល ក្រៅពីនេះគឺជាប់នឹង សមុទ្រខាងជើង សមុទ្រអៀរឡង់ សមុទ្រសែលទិក ច្រកសមុទ្រប្រ៊ីស្តុល និង ច្រកសមុទ្រអង់គ្លេស។ ទីក្រុងឡុងដ៍ គឺជារាជធានីរបស់អង់គ្លេស និង ជាទីក្រុងធំបំផុតនៃសហរាជាណាចក្រ និង ជាទីក្រុងដែលមានប្រជាជនច្រើនបំផុតនៅសហភាពអឺរ៉ុប។
អង់គ្លេស បានក្លាយជារដ្ឋឯកភាពនៅឆ្នាំ៩២៧ ដែលជាកុលសម្ព័ន្ធអាល្លឺម៉ង់មួយ បានតាំងទីលំនៅនៅទីនោះក្នុងកំលុងសតវត្សទី៥ និង ទី៦។ ប្រទេសនេះ បានផ្សាយវប្បធម៌ និង ប្រព័ន្ធច្បាប់របស់ខ្លួនទៅទូទាំងពិភពលោកទាំងមូល ដែលជាប្រភពដើមនៃ ភាសាអង់គ្លេស វិហារគ្រិស្តសាសនាអង់គ្លេស ប្រព័ន្ធច្បាប់អង់គ្លេស ដែលបង្កើតបានមូលដ្ឋាននៃប្រព័ន្ធច្បាប់ទូទៅ (Common Law) នៃប្រទេសជាច្រើនជុំវិញពិភពលោក។ លើសពីនេះទៅទៀត អង់គ្លេសគឺជាទីកន្លែងកំណើតនៃបដិវត្តន៍ឧស្សាហកម្ម និង ជាប្រទេសទីមួយនៅលើពិភពលោកដែលបានធ្វើឧស្សាហូបនីយកម្ម។ វាគឺជាមណ្ឌលនៃ "សមាគមព្រះរាជា" (Royal Society) ដែលជាកន្លែងស្ថាបនានូវការពិសោធវិទ្យាសាស្ត្រទំនើប។ អង់គ្លេស គឺជាប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ្យអាស្រ័យសភាចំណាស់ជាងគេបំផុតនៅលើពិភពលោក ហេតុដូច្នេះហើយ ច្បាប់ និង របៀបគ្រប់គ្រងរដ្ឋរបស់អង់គ្លេស ត្រូវបានប្រជាជាតិជាច្រើននៅលើពិភពលោកយកគំរូតាម។
នាថ្ងៃទី០១ ខែឧសភា ឆ្នាំ១៧០៧ "រាជាណាចក្រសហភាពអង់គ្លេស" (Kingdom of Great Britain) ត្រូវបានបង្កើតឡើងដោយការឯកភាពនយោបាយ រវាងរាជាណាចក្រអង់គ្លេស (មានបញ្ចូលទាំងប្រទេសវ៉ែលផងដែរ) និង រាជាណាចក្រស្កុតឡែន។