សហភាពអឺរ៉ុប

Flag of Europe.svg ប្រធានផ្លាស់វេន បារាំង សហភាពអឺរ៉ុប 2008.png
ទង់សហភាពអឺរ៉ុប ប្រធាន​ផ្លាស់វេន (បារាំង)
ផែនទីសហភាពអឺរ៉ុប
ផែនទី​សហភាពអឺរ៉ុប
មជ្ឍមណ្ឌល​នយោបាយ ប៊្រូស្សែល ស្ត្រាបួរ លុចសំប៊ួរ​
ភាសាផ្លូវការ​
សមាជិក
ផ្ទៃដី ៤.៣២៤.៧៨២ គ.ម
ការកកើត (សន្ធិសញ្ញា)
-ក្រុងប៉ារីស
-ក្រុងរ៉ូម
-ក្រុងម៉ាសស្ត្រីក

១៨ មេសា ១៩៥១
២៥ មីនា ១៩៧៥
០៧ កុម្ភៈ ១៩៩២
ប្រជាជន ៤៩៩.០២១.៨៥១ នាក់
GDP (PPP)
-សរុប
-ក្នុងម្នាក់ៗ
ព្យាករណ៍ ២០០៧ (IMF)
$14.712 trillion
$28,213
GDP (nominal)
-សរុប
-ក្នុងម្នាក់ៗ
ព្យាករណ៍ ២០០៧ (IMF)
$16.830 trillion
$33,482
ល្វែងម៉ោង
-Summer (DST)
(UTC+0 to +2)
(UTC+1 to +3)
ឈ្មោះ domain .eu

សហភាពអឺរ៉ុប (ជា​ភាសា​អង់គ្លេស៖ European Union) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣ ដោយ​ប្រទេស​ជា​សមាជិក​សហគមន៍អឺរ៉ុប​ទាំង​១២​។ វា​ផ្ដល់​ដល់​ពលរដ្ឋ​អឺរ៉ុប​នូវ​សេរីភាព​ប្រសើរ​ជាង​មុន​ក្នុង​ការ​ធ្វើ​ការងារ, រស់នៅ, សិក្សា និង​ធ្វើដំណើរ​ក្នុង​ប្រទេស​ជា​សមាជិក​។

សហភាពអឺរ៉ុប (European Union- EU) ជា​អង្គការ​នៃ​បណ្តា​ប្រទេស​អឺរ៉ុប​ដែល​មាន​គោលដៅ​បង្កើន​ល្បឿន​សមាហរណកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ជា​សមាជិក​។ លេខាធិការដ្ឋាន​របស់​សហភាពអឺរ៉ុប​ស្ថិតនៅ​ទីក្រុង ប៊្រុសសែលនៃ​ប្រទេស​បែលហ្ស៊ីក​។ គិត​រហូតមកដល់​ដើម​ឆ្នាំ​២០១៩ សហភាពអឺរ៉ុប​មាន​សមាជិក​ចំនួន ២៨ ​។

គណៈកម្មការ​អឺរ៉ុប

សហភាពអឺរ៉ុប​ត្រូវ​បាន​បង្កើត​ជាផ្លូវការ​នៅ​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា​ឆ្នាំ ១៩៩៣​​​ ។ វា​គឺជា​ស្ថាប័ន​សហប្រតិបត្តិការ​ចុងក្រោយ​បំផុត នៅ​ទ្វីប​អឺរ៉ុប ដែល​មាន​កំណើត​ចេញ​ពី​សហគមន៍​ធ្យូងថ្ម​និងដែកថែប​អឺរ៉ុប (European Coal and SteelCommunity- ECSC) នា​ឆ្នាំ ១៩៥១ ហើយ​ក្រោយមក​នៅ​ឆ្នាំ ១៩៦៧ វា​ក្លាយជា​សហគមន៍អឺរ៉ុប (the European Community- EC) ។ ប្រទេស​ដែល​ជាសមាជិក​ស្ថាបនិក​មាន ៦ ប្រទេស ​ដូចជា បែលហ្ស៊ីក បារាំង អាល្លឺម៉ង់ខាងលិច អ៊ីតាលី លុចហ្សំបួរ និង​ហូឡង់ ។ ហើយ​ក្រោយមក​មាន​ប្រទេស​មួយ​ចំនួន​ទៀត​បាន​ចូលរួម​ដូចជា ដាណឺម៉ាកអៀរឡង់, ចក្រភពអង់គ្លេស ក្រិច ព័រទុយហ្គាល់ និង អេស្ប៉ាញ​។ នៅ​ឆ្នាំ ១៩៩១ រដ្ឋាភិបាល​នៃ​រដ្ឋ​ជា​សមាជិក​ទាំង ១២ បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អឺរ៉ុប ដែល​គេ​ស្គាល់​ថា​ជាទូទៅ​ថា សន្ធិសញ្ញា​ម៉ាសស្ត្រីក (Maastricht Treaty) ។ សន្ធិសញ្ញា​នេះ​បន្ទាប់មក​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ថ្នាក់ជាតិ​នៃ​រដ្ឋ​ជា​សមាជិក​ទាំងអស់​។

សន្ធិសញ្ញា​ម៉ាសស្ត្រីក​ បាន​ប្តូរ​សហគមន៍អឺរ៉ុប (EC) ទៅជាសហភាពអឺរ៉ុប (EU) ។ នៅ​ឆ្នាំ ១៩៩៥ ប្រទេស [[ក​របស់​សហភាពអឺរ៉ុប​។ នៅ​ខែ​ឧសភា ឆ្នាំ ២០០៤ ប្រទេស​ចំនួន ១០ ទៀត មាន​ដូចជា​ប្រទេស ស៊ីប សាធារណរដ្ឋ​ឆែក អេស្តូនី ហុងគ្រី លីតូនី លីទុយអានី ម៉ាល់តា ប៉ូឡូញ ស្លូវ៉ាគី និង ស្លូវ៉ានី។ ប្រទេស​បាន​ចូល​រួម នាំ​ឲ្យ​សហភាពអឹរ៉ុប​មាន​សមាជិក​ទាំងអស់​ចំនួន ២៥​។ នៅ​ថ្ងៃ​ទី​១ ខែ​មករា​ឆ្នាំ​២០០៧ ប្រទេស​ចំនួន​ពីរ​ផ្សេង​ទៀត​គឺ រ៉ូម៉ានី និង ប៊ុលហ្គារី បាន​ចូលរួម​សហភាពអឺរ៉ុប​។​​ ចុងក្រោយ ប្រទេសកូនពៅ ក្រូអាត ចូល​នៅឆ្នាំ ២០១៣ សរុបទាំងអស់ សហភាពអឺរ៉ុប នៅមានសមាជិក ២៨ ប្រទេសនៅឡើយ ។

សហភាពអឺរ៉ុប មាន​គោលដៅ​សំខាន់ៗ​មួយ​ចំនួន​។ គោលដៅ​ធំបំផុត​គឺ​សំដៅ​ពង្រឹង និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិកា​ររវាង​រដ្ឋ​ជា​សមាជិក​លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម បញ្ហា​សង្គម គោលនយោបាយ​ការបរទេស, សន្តិសុខ និង​ការការពារ​សុវត្តិភាព, និង​វិស័យ​យុត្តិធម៌​។យោង​តាម​សន្ធិសញ្ញា​ម៉ាសស្ត្រីក, ពលរដ្ឋអឺរ៉ុប ត្រូវ​បាន​គេ​ផ្តល់​សិទ្ធិ​ជា​ពលរដ្ឋ​នៃ​បណ្តា​រដ្ឋ​ជា​សមាជិក​ទាំងអស់​។ លើសពីនេះ​ទៀត ការ​ត្រួត​ពិនិត្យ​ព្រំដែន​មិន​សូវ​មាន​សភាព​តឹងតែង​ទៀត​ទេ​។ កិច្ចព្រមព្រៀង​ផ្នែក​ពន្ធគយ និង​អន្តោរប្រវេសន៍​ត្រូវ​បាន​គេ​តាក់តែង​បន្ថែម​ទៀត​ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អឺរ៉ុប​មាន​សិទ្ធិសេរីភាព​កាន់តែ​ច្រើន​ក្នុង​ការ​រស់នៅ​ធ្វើការងារ និង​សិក្សា​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​ណាមួយ​ក៏​បាន​។

គោលដៅ​ធំមួយ​ទៀត​នៃ​សហភាពអឺរ៉ុប គឺ​ការអនុតវត្ត​សហភាព​រូបិយវត្ថុ និង​សេដ្ឋកិច្ច (Economic and Monetary Union- EMU) ដែល​ដាក់​ឲ្យ​សមាជិក​សហភាពអឺរ៉ុប​ទាំងអស់​ប្រើប្រាស់​នូវ​រូបិយវត្ថុ​រួម​តែមួយ​គឺ​ អឺរ៉ូ (the euro) ។ នៅ​ខែ​មករា ឆ្នាំ ២០០២ ប្រទេស​ជា​សមាជិក​ចំនួន​១២ បាន​ចាប់ផ្តើម​ចរាចរណ៍​ប្រាក់​អឺរ៉ូ​។ សមាជិក​១៤​ដែល​មិន​ទាន់​ទទួល​ចរាចរណ៍​ប្រាក់អឺរ៉ូ ជាអាទ៌​មាន​ដូចជា ប្រទេស​ដាណឺម៉ាក, ស៊ុយអែត, ចក្រភព​អង់គ្លេស និង​រដ្ឋទាំង ៩ ក្នុង​ចំនោម​រដ្ឋ​ទាំង​១០ ដែល​ចូល​ជា​សមាជិក​សហភាពអឺរ៉ុប​រួម​នឹង​ប្រទេស​ប៊ុលហ្គារី និងរ៉ូម៉ានី។ ប្រទេស​ស្លូវ៉ានី បាន​ប្រើ​ប្រាក់អឺរ៉ូ​នៅ​ខែ​មករា​ឆ្នាំ ២០០៧ ។គួរ​កត់​សំគាល់​ថា​ប្រទេស​នេះ​ជា​ប្រទេស​ទី​មួយ​ក្នុង​ចំណោម​ប្រទេស​ចូល​ជា​សមាជិក​ក្នុង​ឆ្នាំ ២០០៤ ដែល​បំពេញ​លក្ខ័ខ័ណ្ឌ​ចាំបាច់​ផ្នែក​សេដ្ឋកិច្ច (របស់​សហភាពអឺរ៉ុប)​។ បច្ចុប្បន្ន តំបន់​ចាយ​ប្រាក់អឺរ៉ូ មាន ១៩ ប្រទស ដូចជា ប្រទេសអូទ្រីស បែលហ្ស៊ិក កោះស៊ីប អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក អៀរឡង់ អ៊ីតាលី ឡាតវី​ លីទុយអានី លុចសំបួរ ម៉ាល់តា ហូឡង់ ព័រទុយហ្គាល់ ស្លូវ៉ាគី ស្លូវេនី និងអេស្ប៉ាញ ។

ប្រវត្តិ​សហភាពអឺរ៉ុបកែប្រែ

សុបិន្ត​ដែល​ចង់ឲ្យ​អឺរ៉ុប​រួមគ្នា​តែមួយ​បាន​លេចឡើង​តាំងពី​យូរណាស់​មកហើយ​ពោល​គឺ​វា​ចាប់​លេចឡើង​ទន្ទឹមគ្នា​នឹង​ការ​កកើត​អឺរ៉ុប​។ ចក្រភព​របស់​អធិរាជ​សាលឡឺម៉ាញ កាលពី​ដើម​សតវត្សទី ៩ គ្របដណ្តប់​លើ​ផ្ទៃដី​ដ៏​ធំធេង​នៃ​ទ្វីបអឺរ៉ុប​។ នៅ​ដើម​សតវត្សទី​១៩​ ចក្រភពបារាំង​សម័យ​អធិរាជ​ណាប៉ូលេអុង​ទី​១ ក៏​បាន​គ្របដណ្តប់​លើ​ផ្ទៃដី​ដ៏​ធំធេង​នៃ​ទ្វីបអឺរ៉ុប​ផង​ដែរ​។ កំឡុងពេល​សង្គ្រាមលោក​លើក​ទី​២ (១៩៣៩-១៩៤៥)​ មេដឹកនាំ​អាឡឺម៉ង់ អាឌុល​អ៊ីត្លែរ (Adolf Hitler) ហៀប​នឹង​បាន​ជោគជ័យ​ក្នុង​ការ​បង្រួបបង្រួម​អឺរ៉ុប​ក្រោម​ការ​គ្រប់គ្រង​របស់​ពួកណាហ្ស៊ី ។ ការ​ខំប្រឹងប្រែង​ទាំងអស់​នេះ​ត្រូវ​ទទួល​បរាជ័យ​ដោយសារ​ពួកគេ​គាប​យក​ប្រទេសជាតិ​ដទៃ​ដោយ​ការ​បង្ខិតបង្ខំ​ជាជាង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ជាតិ​ទាំងនោះ ​។

កិច្ច​ខំប្រឹងប្រែង​បង្កើត​ស្ថាប័ន​សហប្រតិបត្តិការ​មិន​សូវ​មាន​រូបរាង​ទេ​ទើបតែ​ផុសផុល​ឡើងវិញ​ក្រោយ​សង្គ្រាមលោក​លើក​ទី​២​។ រហូតដល់​ពេល​នោះ ប្រជាជាតិ​ទាំងឡាយ​ប្រឆាំង​ដាច់​អហង្ការ​រាល់ការ​ព្យាយាម​ទាំងឡាយ​ណា ដែល​ចង់​រំលោភ​អំណាច​ជាតិ​របស់​គេ​និង​ហើយ​គេ​មិន​ចង់​បាត់បង់​សិទ្ធិ​ក្នុង​ការ​ធ្វើ​គោលនយោបាយ​ឡើយ​។​ ការ​ផ្សងព្រេង​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដំបូងៗ​មាន​ដូចជា​អង្គការ​អន្តរជាតិ (international organization) ឬ​អង្គការអន្តររដ្ឋាភិបាល (intergovernmental organization) ដែល​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្រ​ក្នុង​ការ​សហប្រតិបត្តិការ​ពី​សមាជិក​របស់​ពួកគេ​។ ដូចច្នេះ​ហើយ អង្គការ​ទាំងនោះ​មិន​មាន​អំណាច​ដោយផ្ទាល់​សំរាប់​បង្គាប់​បញ្ជា​ឲ្យ​គេ​អនុវត្តន៍​ច្បាប់​ទេ​។ ប្រភេទអង្គការ​មួយទៀត​ហៅថា​អង្គការ Supranational (supranational organizations) ដែល​ជា​ប្រភេទ​អង្គការ​តំរូវ​ឲ្យ​រដ្ឋ​ជា​សមាជិក​ផ្តល់​អំណាច និង​សិទ្ធិ​សំរេច​គោលនយោបាយ​លើ​វិស័យ​មួយ​ចំនួន និង​បង្ខំ​ឲ្យ​សមាជិក​យល់ព្រម​តាម​ដីការ (ការ​សំរេចចិត្ត) របស់​គេ​។ ក្រោយពេល​សង្គ្រាមលោក​លើក​ទី​២ គេ​សង្កេត​ឃើញ​ថា​មាន​ការ​អំពាវនាវ​ឲ្យ​មាន​រដ្ឋាភិបាល​បែបនេះ​នៅអឺរ៉ុប​ កាន់តែ​ច្រើន​ឡើងៗ​។

សហប្រតិបត្តិការ​ដំបូងៗកែប្រែ

សេចក្ដីប្រាថ្នា​ចង់បាន​អង្គការ​បែប supranational សម្រាប់​អឺរ៉ុប​ក្រោយ​សម័យ​សង្គ្រាមលោក​មាន​ទាំង​ការ​ជំរុញ​ផ្នែក​នយោបាយ​ផង និង​ផ្នែក​សេដ្ឋកិច្ច​ផង​។ ការ​ជំរុញ​ផ្នែក​នយោបាយ​ត្រូវ​ផ្អែក​លើ​ទស្សនៈ​ដែល​ថា​មាន​តែ​អង្គការ​នយោបាយ​បែប supranational ប៉ុណ្ណោះ​ដែល​អាច​លុបបំបាត់​ការ​គំរាមកំហែង​ដោយ​សង្គ្រាម​រវាង​ប្រទេស​នៅ​អឺរ៉ុប​។ បណ្ដា​អ្នកគាំទ្រ​ការ​បង្រួបបង្រួម​នយោបាយ​អឺរ៉ុប​ដូចជា​រដ្ឋបុរស​បារាំង​លោក ហ្សង់​ ម៉ូណេ ជឿជាក់​ថា​ប្រសិនបើ​ប្រជាជាតិ​អឺរ៉ុប​ប្រាថ្នា​ចង់​មាន​តួនាទី​សំខាន់​ខ្លាំង​ក្នុង​កិច្ចការ​ពិភពលោក​ឡើងវិញ, ពួកគេ​ត្រូវតែ​បញ្ចេញ​មតិ​រួមគ្នា និង​ទាមទារ​យក​ធនធាន​ឲ្យ​បាន​ច្រើន​ដូច​សហរដ្ឋ​អាមេរិក​។

ការ​ជំរុញ​ផ្នែក​សេដ្ឋកិច្ច​ផ្អែកលើ​ជំនឿ​ដែល​ថា​ទីផ្សារ​កាន់តែ​ធំ​នឹង​នាំ​ឲ្យ​មាន​ការប្រកួតប្រកួតប្រជែង និង​បណ្ដាល​ឲ្យ​មាន​កំណើន​ផលិតកម្ម​កាន់តែ​ច្រើន ហើយ​ជីវភាពរស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ដែរ​។ ទស្សនៈ​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​នយោបាយ​ទស្សន៍ទាយ​ថា​កម្លាំង​សេដ្ឋកិច្ច​គឺជា​មូលដ្ឋាន​នៃ​អំណាច​នយោបាយ និង​យោធា ហើយ​ថា​សេដ្ឋកិច្ច​អឺរ៉ុប ដែល​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ទាំងស្រុង​អាច​នឹង​កាត់បន្ថយ​ជម្លោះ​រវាង​ប្រជាជាតិ​នៅ​អឺរ៉ុប​។ ដោយសារតែ​ប្រទេស​នីមួយៗ មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចែករំលែក​អំណាច​គ្រប់គ្រង​កិច្ចការ​ប្រទេសជាតិ, សំណើ​ភាគច្រើន​បំផុត ដែល​ប្រាថ្នា​ចង់ឲ្យ​មាន​អង្គការ​បែប supranational ព្យាករណ៍​ថា​សមាហរណកម្ម​សេដ្ឋកិច្ច​នឹង​កើត​មុន​ការ​បង្រួបបង្រួម​នយោបាយ​។

សហភាព​ពន្ធគយ ប៊ែលណឺលុច្សកែប្រែ

សហភាព​ពន្ធគយ​ប៊ែលណឺលុច្ស (Benelux Customs Union) ដែល​ឥឡូវ​ក្លាយ​ជា​សហភាព​សេដ្ឋកិច្ច​ប៊ែលណឺលុច្ស (Benelux Economic Union) គឺជា​ឧទាហរណ៍​ដំបូង​មួយ​នៃ​ស្ថាប័នសេដ្ឋកិច្ច​បែប​ supranational ។ សហភាព​នេះ​អនុញ្ញាត​ឲ្យ​មាន​តំបន់​ពាណិជ្ជកម្ម​សេរី ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ប្រទេស​បែលហ្សិក, ណឺឌ័រឡែន (ឬ ហុឡង់ដ៍), និង លុច្សសំប៊ួរ ។ លើស​ពី​នេះ​ទៅទៀត​ វា​ក៏​អនុញ្ញាត​ឲ្យ​មាន តារាង​ពន្ធគយ​រួម​សម្រាប់​ទំនិញ​មកពី​ប្រទេស​នៅ​ក្រៅ​សហភាព​ផង​ដែរ​។ ដោយ​មាន​កំណើត​នៅ​ឆ្នាំ ១៩៤៨, សហភាព​នេះ​បាន​កើតឡើង​និង​រីក​ធំធាត់​ក៏​ដោយសារ​គំនិត ដែល​ទទួលស្គាល់​ថា​សេដ្ឋកិច្ច​នៃ​រដ្ឋ​ទោល​នីមួយៗ​មិន​មាន​ទំហំ​ធំ​ល្មម សម្រាប់​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​សកលលោក​ទេ។ តាមការពិត ប្រទេស​បែលហ្សិក និង​លុច្សសំប៊ួរ​បាន​រួមគ្នា​ជា​សហភាព​សេដ្ឋកិច្ច​តាំងពី​ឆ្នាំ ១៩២១ មក​ម្លេះ ហើយ​ចំណែក​រដ្ឋាភិបាល​នៃ​ប្រទេស​បែលហ្សិក និង​ហុឡង់ដ៍ បាន​ព្រមព្រៀង​គ្នា​លើ​គោលការណ៍​ស្ដីពី​សហភាព​ពន្ធគយ តាំងពី​កំឡុង​សង្គ្រាមលោក​លើក​ទី​២​ផង​ដែរ​។ ប្រទេស​ទាំង​បី​នេះ​បាន​ក្លាយ​ជា​រដ្ឋ​ដ៏​សកម្ម​ក្នុង​ដំណើរការ​សហប្រតិបត្តិការ​ក្នុង​អឺរ៉ុប ហើយ​ពួកគេ​បាន​បន្ត​ប្រឹងប្រែង ដើម្បី​ធ្វើឲ្យ​ប្រទេស​ពួកគេ​មាន​សមាហរណកម្ម​កាន់តែ​ខិត​ជិត​ចូលគ្នា​ថែមទៀត​ក្នុង​ក្របខ័ណ្ឌ​មួយ​ឯករាជ្យ​ពី​ការអភិវឌ្ឍ​នៅ​ក្នុង​ទី្វបអឺរ៉ុប​ទាំងមូល​។

សហគមន៍​ធ្យូងថ្ម និង​ដែកថែប​អឺរ៉ុប (ECSC)កែប្រែ

ពេល​នោះ រដ្ឋមន្ត្រី​ការបរទេស​បារាំង លោក រ៉ូប៊ឺត​ ហ្សូម៉ាន ដែល​មាន​លោក​ហ្សង់ ម៉ូណេ​ជា​ទីប្រឹក្សា បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​សមាហរណកម្ម​លើ​វិស័យ​ឧស្សាហកម្ម​ធ្យូងថ្ម និង​ដែកថែប​របស់​បារាំង និង​អាល្លឺម៉ង់ និង​អំពាវនាវ​ឲ្យ​ប្រជាជាតិ​ដទៃ​ទៀត​ចូលរួម​។ ការ​ជំរុញ និង​ផ្ដួចផ្ដើម​របស់​លោក​ហ្សូម៉ាន មាន​ទាំង​ចរិត​នយោបាយ និង​ចរិត​សេដ្ឋកិច្ច ។ ជន​អឺរ៉ុប​ជាច្រើន​មាន​អារម្មណ៍​ថា​ឧស្សាហកម្ម​អាល្លឺម៉ង់​ដែល​កំពុងតែ​ចាប់​កំណើត​ឡើងវិញ​យ៉ាង​រហ័ស ចាំបាច់​ត្រូវតែ​មាន​ការគ្រប់គ្រង​ដោយ​វិធី​ណាមួយ​។ សហគមន៍​ធ្យូងថ្ម និង​ដែកថែប​អឺរ៉ុប​គឺជា​យន្តការ​ឬ​វិធី​ដ៏​សមស្រប​មួយ​ព្រោះថា​ធ្យូងថ្ម និង​ដែកថែប គឺជា​វត្ថុធាតុដើម​សម្រាប់​ឧស្សាហកម្ម​ទំនើបៗ​ជាច្រើន​ជាពិសេស​ផ្នែក​សព្វាវុធ​។

ផែនការ​ហ្សូម៉ាន បង្កើត​នូវ​ភ្នាក់ងារ​បែប supranationa សម្រាប់​ត្រួតពិនិត្យ​លើ​ទិដ្ឋភាព ឬ​ផ្នែក​នៃ​គោលនយោបាយ​ធ្យូងថ្ម និង​ដែកថែប​ជាតិ ដូចជា​កម្រិត​ផលិតកម្ម និង​តម្លៃ​។ មិនមែន​ជា​ការ​ចៃដន្យ​ទេ ដែល​ការសម្រេចចិត្ត​នេះ​អនុញ្ញាត​ឲ្យ​មាន​ភ្នាក់ងារ​ត្រួតពិនិត្យ និង​គ្រប់គ្រង​ឧស្សាហកម្ម​អាល្លឺម៉ង់​។ ដោយ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្សាប​ការ​បារម្ភ​ពី​កម្លាំង​យោធា​អាល្លឺម៉ង់ អាល្លឺម៉ង់​ខាងលិច បាន​ចុះហត្ថលេខា​យល់ព្រម​យ៉ាង​រហ័ស​។ បន្ទាប់ពី​នោះ​ភ្លាម ប្រជាជាតិ​ប៊ែលណឺលុច្ស និង​អ៊ីតាលី ក៏​បាន​ចូលរួម​ផង​ដែរ​។ ចក្រភពអង់គ្លេស​មិនបាន​ចូលរួម​ទេ​ព្រោះ​បារម្ភ​ពី​ការ​បាត់បង់​ការគ្រប់គ្រង​លើ​ឧស្សាហកម្ម​របស់​ខ្លួន​។

សន្ធិសញ្ញា​បង្កើត ECSC ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ ១៩៥១ និង​ចាប់​អនុវត្តន៍​នៅ​ដើម​ឆ្នាំ​បន្ទាប់​។ វា​អនុញ្ញាត​ឲ្យ​មាន​ការ​លុបបំបាត់​ពន្ធគយ និង​កំណត់​នូវ​កូតា​សម្រាប់​ពាណិជ្ជកម្ម​រ៉ែដែក, ធ្យូងថ្ម, និង​ដែកថែប​នៅ​ក្នុង​រង្វង់​សហគមន៍​។ ទន្ទឹម​នឹង​នោះ​វា​ក៏​កំណត់​នូវ​តារាង​ពន្ធ​រួម​មួយ​សម្រាប់​ការនាំចូល​ពី​ខាងក្រៅ ដែល​ទាក់ទង​នឹង​ឧស្សាហកម្ម​ធ្យូងថ្ម និង​ដែកថែប​ពី​ប្រទេស​ផ្សេងៗ និង​ត្រួតពិនិត្យ​កម្រិត​ផលិតកម្ម និង​លក់​ចេញ​។ ដើម្បី​ត្រួតពិនិត្យ​ការ​ប្រតិបត្តិការ​នៃ ECSC សន្ធិសញ្ញា​នេះ​បាន​បង្កើត​ស្ថាប័ន​បែប supranational មួយ​ចំនួន​ទៀត​ដូចជា​អាជ្ញាធរ​ជាន់ខ្ពស់​មួយ​ដែល​មាន​អំណាច​ប្រតិបត្តិ, ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​មួយ​សម្រាប់​ការពារ​ផល​ប្រយោជន៍​រដ្ឋ​ជា​សមាជិក, សភា​រួម​ដែល​មាន​អំណាច​ប្រឹក្សា​តែប៉ុណ្ណោះ, និង​តុលាការ​យុត្តិធម៌​សម្រាប់​ដោះស្រាយ​វិវាទ​។ជំហាន​ធំ​ដំបូង​គេ ដែល​ឈាន​ទៅ​រក​ការ​សមាហរណកម្ម​អឺរ៉ុប​កើតឡើង​ក្នុង​ឆ្នាំ ១៩៥០ ។ នៅ​

សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប (EEC)កែប្រែ

នៅ​ឆ្នាំ ១៩៥៧ ភាគី​នៃ ECSC បាន​ចុះសន្ធិសញ្ញា​ពីរ​ទៀត ដែល​គេ​ស្គាល់​ថា​ជា សន្ធិសញ្ញា​ក្រុងរ៉ូម​។ សន្ធិសញ្ញា​ទាំងពីរ​នេះ បង្កើត​នូវ​សហគមន៍​ឋាមពល​អាតូមិច​អឺរ៉ុប (Euratom) សម្រាប់​ការអភិវឌ្ឍ ការប្រើប្រាស់​ឋាមពល​អាតូមិច​ដោយ​សន្តិភាព​។ ហើយ​អ្វី​ដែល​សំខាន់​បំផុត​គឺ​វា​បង្កើត​នូវ​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប (EEC) ដែល​ជារឿយៗ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទីផ្សារ​រួម (Common Market) ។

សន្ធិសញ្ញា​ស្ដីពី​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប មាន​គោលដៅ​លុបបំបាត់​ជាបន្តបន្ទាប់​នូវ​ពន្ធ​នាំចូល និង​កំណត់​កូតា​សម្រាប់​ពាណិជ្ជកម្ម​ទាំងអស់​ក្នុងចំណោម​ប្រទេស​ជា​សមាជិក និង​បង្កើត​ឡើង​នូវ​ស្ថាប័ន​ពន្ធគយ​រួម (សម្រាប់​ទំនិញ​ចូល​ពីក្រៅ)​។ ប្រទេស​ជា​សមាជិក​យល់ព្រម​អនុវត្តន៍​គោលនយោបាយ​រួម​លើ​វិស័យ​ដឹកជញ្ជូន, វិស័យ​កសិកម្ម, និង​ការធានា​ផ្នែក​សង្គម​ក៏​ដូចជា​យល់ព្រម​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​ធ្វើដំណើរ និង​ចលនា​ធនធាន​ហិរញ្ញវត្ថុ ដោយសេរី​ក្នុង​ព្រំដែន​សហគមន៍​។ វិសាលភាព​មួយ​ដ៏​សំខាន់​បំផុត​របស់​សន្ធិសញ្ញា​នេះ គឺថា​វា​មិន​អាច​ប្រកាស​ជា​មោឃៈ ដោយ​រដ្ឋ​ជា​សមាជិក​ណាមួយ​នោះ​ទេ ហើយ​អំណឹះ​កាល​ទៅ​មុខ​ទៀត ការសម្រេចចិត្ត​របស់​សហគមន៍ នឹង​ត្រូវ​សម្រេច​ដោយ​សំឡេង​ភាគច្រើន​នៃ​ការបោះឆ្នោត មិនមែន​ដោយ​សំឡេង​ឯកច្ឆន្ទ​ទេ​។

ទាំង​សន្ធិសញ្ញា​ស្ដីពី​សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប និង​ទាំង​សន្ធិសញ្ញា​ស្ដីពី​សហគមន៍​ឋាមពល​អាតូមិច​អឺរ៉ុប បាន​បង្កើត​នូវ​គណៈកម្មការ​ជាន់ខ្ពស់ ដោយ​ឡែក​ពី​គ្នា ដើម្បី​ត្រួតពិនិត្យ​លើ​ការ​ប្រតិបត្តិការ​របស់​ពួកគេ​។ យ៉ាងណាមិញ ពួកគេ​ព្រមព្រៀងគ្នា​ថា នឹង​មាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី, សភា​តំណាង, និង​តុលាការ​យុត្តិធម៌​តែមួយ​រួមគ្នា​សម្រាប់​ដំណើរការ​ឲ្យ​សហគមន៍​ទាំង​បី (ECSC, EEC និង Euratom) ​។

នៅ​ពេល​មុន​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ក្រុងរ៉ូម​នា​ឆ្នាំ ១៩៥៧ ប្រជាជាតិ​ផ្សេងទៀត​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​ជា​សមាជិក EEC ផង​ដែរ​។ ចក្រភពអង់គ្លេស​ដោយ​ខ្លាច​បាត់បង់​សិទ្ធិ​សម្រេច​គោល​នយោបាយ​ជាតិ បាន​ថ្លែង​បញ្ឆិតបញ្ឆៀង ដល់​ការ​ធ្វើ​សមាហរណកម្ម​អឺរ៉ុប​និង​បាន​ខិតខំ​បញ្ចុះ​បញ្ចូល​ឲ្យ​ប្រជាជាតិ​អឺរ៉ុប​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ជំនួស​វិញ​។ ក្រោយពេល​សន្ធិសញ្ញា​EEC ត្រូវ​បាន​អនុម័ត, ចក្រភព​អង់គ្លេស, ណ័រវ៉េ,​ ស្វីតដែន (ស៊ុយអ៊ែត), ដាណឺម៉ាក, ស្វីស (ស្វីតហ្សឺឡែន), អូទ្រីស, និង​ព័រទុយហ្គាល់​បាន​នាំគ្នា​បង្កើត​សមាគម​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប (European Free Trade Association- EFTA) ។ សន្ធិសញ្ញា EFTA មាន​គោលដៅ​គ្រាន់តែ​បំបាត់​ពន្ធគយ​លើ​ទំនិញ​ឧស្សាហកម្ម​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​ប៉ុណ្ណោះ​។ វា​មិនបាន​ឈាន​ទៅដល់​បំបាត់​ពន្ធគយ​លើ​ផ្នែក​ទំនិញ​កសិកម្ម​ទេ ហើយ​ក៏​មិនបាន​កំណត់​ពន្ធ​រួម​លើ​ទំនិញ​មកពី​ប្រទេស​ខាងក្រៅ​ដែរ​លើស​ពី​នេះ​ទៅទៀត រដ្ឋ​ជា​សមាជិក​ណាមួយ​អាច​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​ក្នុង​ពេលណា​ក៏បាន​ដែរ​។ ដូច្នេះ EFTA គឺជា​សហភាព​មួយ​ទន់ខ្សោយ​ជាង​ទីផ្សារ​រួម (Common Market) របស់ EEC ឆ្ងាយ​ណាស់​។

នៅ​ឆ្នាំ ១៩៦១ ដោយ​ទំនង​ជា​មើល​ឃើញ​ពី​ភាព​ជោគជ័យ​សេដ្ឋកិច្ច​របស់ EEC ចក្រភពអង់គ្លេស​បាន​ផ្លាស់ប្ដូរ​ទស្សនវិស័យ និង​ចាប់ផ្ដើម​ការចរចា​ចូល​ជា​សមាជិក EEC ។ ដោយ​ឡែក​នៅ​ខែ​មករា ឆ្នាំ​១៩៦៣ ប្រធានាធិបតី​បារាំង​ហ្សាលឌឺហ្គោល បាន​បោះឆ្នោត​ប្រឆាំង​សមាជិកភាព​របស់​ចក្រភពអង់គ្លេស ដោយហេតុ​ផល​ចម្បង​ថា​ចក្រភពអង់គ្លេស មាន​ចំណង​ជិតស្និទ្ធ​នឹង​សហរដ្ឋអាមេរិក​។ លោក​ហ្សាលឌឺហ្គោល បាន​បោះឆ្នោត​ប្រឆាំង​សមាជិកភាព​របស់​ចក្រភពអង់គ្លេស ជា​លើក​ទីពីរ​នៅ​ឆ្នាំ​ ១៩៦៧​។

សហគមន៍​អឺរ៉ុប (EC)កែប្រែ

នៅ​ឆ្នាំ​១៩៦៧ ស្ថាប័ន​ទាំង​បី (ECSC, EEC និង Euratom) បាន​កើត​ចេញ​ជា​សហគមន៍អឺរ៉ុប (European Community) ។ ទម្រង់​សេដ្ឋកិច្ច​សំខាន់ៗ ត្រូវ​បាន​គេ​អនុវត្តន៍​ជាបន្តបន្ទាប់ ហើយ​នៅ​ឆ្នាំ​១៩៦៨ របាំង​ពន្ធគយ​ទាំងអស់​ក្នុង​ប្រទេស​ជា​សមាជិក​ត្រូវ​បាន​លុបបំបាត់​។ តែ​មិនទាន់​មានការ​ពង្រីក​វិសាលភាព របស់​សហគមន៍ ឬ​សំណើ​ថ្មី​នៅឡើយ​ទេ​រហូត​ក្រោយពេល​លោក​ហ្សាលឌឺហ្គោល ចាកចេញ​ពី​តំណែង​ប្រធានាធិបតី​បារាំង​នៅ​ខែ​ឧសភា​ឆ្នាំ​ ១៩៦៩​។ ប្រធានាធិបតី​បារាំង​បន្ទាប់​លោក​ហ្សកប៉ុមពីឌូ (Georges Pompidou) មាន​ទស្សនៈ​បើកទូលាយ​សម្រាប់​ការ​ផ្ដួចផ្ដើម​ថ្មី​មួយ​សម្រាប់​សហគមន៍អឺរ៉ុប​។

តាម​ការ​ផ្ដល់​យោបល់​ពី​លោក​ហ្សកប៉ុមពីឌូ ជំនួប​មេដឹកនាំ​នៃ​បណ្ដា​រដ្ឋ​ជា​សមាជិក​មួយ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ហេគ (The Hague) ប្រទេស​ហុឡង់ដ៍​នា​ខែ​ធ្នូ​ឆ្នាំ ១៩៦៩​។ជំនួប​នេះ​បាន​ត្រួសត្រាយផ្លូវ​សម្រាប់​ការ​បង្កើត​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អចិន្ត្រៃយ៍​មួយ​សម្រាប់​សហគមន៍អឺរ៉ុប ដោយ​ផ្អែក​លើ​ការ​ចូលរួម​ពី​រដ្ឋ​ជា​សមាជិក​។ ដំណាល​ពេល​នោះ​ដែរ​វា​ក៏​ផ្ដល់​ផល​ឲ្យ​មាន​ការអភិវឌ្ឍ​កន្សោម​គោលនយោបាយ​សហប្រតិបត្តិការ​ការបរទេស​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក ក៏ដូចជា​បើកផ្លូវ​ចរចា​ចូល​ជា​សមាជិកភាព​សម្រាប់​ចក្រភពអង់គ្លេស, អៀរឡង់, ដាណឺម៉ាក និង​ណ័រវ៉េ​។

ការ​ពង្រីក​សមាជិកភាព​សហគមន៍​អឺរ៉ុបកែប្រែ

នៅ​ឆ្នាំ ១៩៧២ គឺ​ក្រោយពេល​ចរចា​អស់​រយៈពេល​២ ឆ្នាំ គេ​ព្រមព្រៀង​ទទួល​ពាក្យសុំ​ចូល​ជា​សមាជិកភាព​របស់​រដ្ឋ​ទាំងបួន​ខាងលើ​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ ១៩៧៣​។ ចក្រភពអង់គ្លេសអៀរឡង់ ដាណឺម៉ាក បាន​ចូល​ជា​សមាជិក​ដូច​ការ​គ្រោងទុក​លើកលែងតែ​ណ័រវ៉េ ត្រូវ​បាន​ប្រជាពលរដ្ឋ​របស់​ខ្លួន​បាន​បោះឆ្នោត​ប្រឆាំង​សមាជិកភាព​នេះ​។

ដោយ​ឡែក​នៅ​ក្នុង​ចក្រភពអង់គ្លេស នៅតែ​មាន​ការ​ប្រឆាំង​ខ្លាំងក្លា​ចំពោះ​សមាជិកភាព​នៅ​ក្នុង​សហគមន៍អឺរ៉ុប​។ ពលរដ្ឋ​ចក្រភពអង់គ្លេស​ជាច្រើន មាន​អារម្មណ៍​ថា​ចក្រភពអង់គ្លេស​មាន​កាតព្វកិច្ច​ធ្ងន់ធ្ងរ​ពេក​ហើយ ក្នុង​ការ​រួមចំណែក​ដល់​កញ្ចប់​ថវិកា​របស់​សហគមន៍អឺរ៉ុប​។ក្រោយពេល​គណបក្ស​ពលករ បាន​កាន់អំណាច​ឡើងវិញ​នៅ​ចក្រភពអង់គ្លេស​នៅ​ឆ្នាំ​១៩៧៤​ បក្ស​នេះ បាន​ចាប់ផ្ដើម​ធ្វើតាម​កិច្ចសន្យា​របស់​ខ្លួន​ក្នុង​ការ​ចរចា​ពី​លក្ខខណ្ឌ​សមាជិកភាព​របស់​ចក្រភពអង់គ្លេស​នៅ​ក្នុង​សហគមន៍អឺរ៉ុប​ម្ដង​ទៀត ពិសេស​ចរាចរ​ពី​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​។​ លទ្ធផល​នៃ​ការ​ចរាចរ​លើក​នេះ​មិន​ខុស​ពី​លទ្ធផល​មុនៗ​ប៉ុន្មាន​ទេ​។​ ដោយ​ឡែក​ការ​ស្ទាក់ស្ទើរ​ចិត្ត​របស់​ចក្រភពអង់គ្លេស​ក្នុង​ការចូលរួម​ជាមួយ​សហគមន៍អឺរ៉ុប ជា​បន្ទុក​ធ្ងន់​មួយ​បន្ថែម​ទៀត​ចំពោះ​អស្ថិរភាព​នៅ​ក្នុង​សហគមន៍ ដែល​បណ្ដាលមកពី​បញ្ហា​សេដ្ឋកិច្ច​ឆ្នាំ ១៩៧០​។ រដ្ឋាភិបាល​នៃ​គណបក្ស​ពលករ​ឯកភាព​ចំពោះ​សមាជិកភាព​ក្នុង​សហគមន៍អឺរ៉ុប​ជា​បន្ត និង​អំពាវនាវ​ឲ្យ​មាន​ប្រជាមតិ​ចំពោះ​បញ្ហា​នេះ នៅ​ខែ​មិថុនា​ឆ្នាំ ១៩៧៥​។ ទោះបីជា​មាន​ការ​ប្រឆាំង​យ៉ាងខ្លាំងក្លា​ពី​ក្រុម​ខ្លះ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​នៃ​ចក្រភព​អង់គ្លេស​បោះឆ្នោត​ឲ្យ​បន្ត​ជា​សមាជិកភាព​ក្នុង​សហគមន៍អឺរ៉ុប​។

សន្ធិសញ្ញា​អឺរ៉ុប​រួមកែប្រែ

រហូតមកដល់​ត្រឹម​ទសវត្ស​ឆ្នាំ ១៩៨០ គឺ​៣០​ឆ្នាំ​ក្រោយពេល​វា​បាន​ចាប់ផ្ដើម​សហគមន៍អឺរ៉ុប នៅតែ​មិនទាន់​សម្រេច​បាន​នូវ​សេចក្ដីសង្ឃឹម​ដ៏​ក្លៀវក្លា​របស់​ខ្លួន ក្នុង​ការ​បង្រួបបង្រួម​អឺរ៉ុប​ឲ្យ​ក្លាយ​ជា​សហរដ្ឋអឺរ៉ុប​។ តាមពិត​ទៅ​ទោះបីជា​មាន​ការ​លុបបំបាត់​ចោល​នូវ​ពន្ធគយ​ខាងក្នុង ((internal tariffs) ក៏ដោយ​វា​មិន​ត្រឹមតែ​មិនបាន​ទទួល​ជោគជ័យ​ក្នុង​ការ​បំបាត់​នូវ​រាល់​ការ​រឹត​បន្តឹង​ផ្នែក​ពាណិជ្ជកម្ម នៅ​ក្នុងរង្វង់​សហគមន៍អឺរ៉ុប​ទាំងមូល​ប៉ុណ្ណោះ​ទេ​ តែ​ថែមទាំង​មិនបាន​សម្រេច​ក្នុង​ការ​លុបបំបាត់​ព្រំដែន​ពន្ធគយ​ខាងក្នុង (internal customs frontiers) រដ្ឋ​នីមួយៗ​ផង​ដែរ​។ ការ​ចូល​ជា​សមាជិក​របស់​បណ្ដា​ប្រទេស​អភិវឌ្ឍ​តិច​ក្នុង​តំបន់​មេឌីទែរ៉ាណេ ដូចជា​ប្រទេស ក្រិក​នា​ឆ្នាំ ១៩៨០ អេស្ប៉ាញ និង​ព័រទុយហ្គាល់​នៅ​ឆ្នាំ ១៩៨៦ បាន​បណ្ដាល​ឲ្យ​មាន​បញ្ហា​ថ្មីទៀត​។បញ្ហា​ទាំងអស់នោះ​ភាគច្រើន​ទាក់ទង​នឹង​កម្រិត​អភិវឌ្ឍ​ទាប​របស់​ប្រទេស​ទាំងនេះ​។ ពិសេស​ ការ​ដែល​ប្រទេស​ទាំងនេះ ពឹងផ្អែក​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិស័យ​កសិកម្ម មានន័យថា​មូលនិធិ​មួយ​ផ្នែក​ធំ​សម្រាប់​គាំទ្រ​វិស័យ​កសិកម្ម​របស់​សហគមន៍​ត្រូវ​បង្វែរ​ទៅ​ជួយ​ដល់​សមាជិក​ថ្មី​។ វា​បណ្តាល​ឲ្យ​សមាជិក​ចាស់​មួយ​ចំនួន ពិសេស​ប្រទេស​អៀរឡង់​ភ័យខ្លាច​ថា​ចំណែក​នៃ​មូលនិធិ​របស់​ខ្លួន​នឹង​ត្រូវ​គេ​កាត់បន្ថយ​។

នៅ​ឆ្នាំ ១៩៨៥ ក្រុម​ប្រឹក្សា​អឺរ៉ុប ដែល​សមាសភាព​រួមមាន​មេដឹកនាំ​កវីបណ្ឌិត​រដ្ឋ​ជា​សមាជិក​បាន​សម្រេចចិត្ត​បោះជំហាន​ថ្មី​មួយទៀត​សម្រាប់​សមាហរណកម្ម​កាន់តែ​ប្រសើរ​ជាង​មុន​។ នៅ​ខែ​កុម្ភៈ ឆ្នាំ​ ១៩៨៦ ពួកគេ​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អឺរ៉ុប​រួម​តែមួយ (Single European Act-​SEA) ដែល​ជា​កន្សោម​នៃ​វិសោធនកម្ម និង​សេចក្ដី​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​សហគមន៍អឺរ៉ុប ដែល​មានស្រាប់​។ សន្ធិសញ្ញា SEA តម្រូវ​ឲ្យ​សហគមន៍អឺរ៉ុប​អនុវត្ត​នូវ​វិធានការណ៍​ជាង​៣០០​ ដើម្បី​លុបបំបាត់​រនាំង​រូបវន្ត, បច្ចេកទេស និង​សារពើពន្ធ​សម្រាប់​បង្កើត​ទីផ្សារ​រួម​មួយ ដែល​ក្នុង​នោះ​សេដ្ឋកិច្ច​របស់​រដ្ឋ​សមាជិក​អាច​នឹង​ធ្វើ​សមាហរណកម្ម​រួម​គ្នា​ទាំងស្រុង​។ លើស​ពី​នេះ​ទៅទៀត រដ្ឋ​សមាជិក​យល់ព្រម​នឹងគ្នា​ក្នុង​ការអនុវត្ត​គោលនយោបាយ និង​ស្តង់ដារ រួម​មួយ​លើ​បញ្ហា​ទាំងឡាយ​រាប់​ចាប់​ពី​វិស័យ​ពន្ធដារ និង​ការងារ​រហូតដល់​ផ្នែក​សុខភាព និង​បរិស្ថាន​។ រដ្ឋ​សមាជិក​នីមួយៗ​ក៏​ដោះស្រាយ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាមួយ​ប្រទេស​ជិតខាង​ខ្លួន​។ សន្ធិសញ្ញា SEA នេះ​ចាប់​មាន​សុពលភាព​ចាប់ពី​ខែ​តុលា ឆ្នាំ ១៩៧៨​ តទៅ​។

ការ​បង្កើត​សហភាពអឺរ៉ុបកែប្រែ

នៅ​ចុង​ទសវត្ស​ឆ្នាំ ១៩៨០ ការ​ផ្លាស់​ស្ថានភាព​នយោបាយ បាន​បណ្ដាល​ឲ្យ​សហគមន៍អឺរ៉ុប​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​សមាហរណកម្ម​ជាថ្មី​ម្ដង​ទៀត​។​ នៅ​ពេល​ដែល​លទ្ធិកុម្មុយនិស្ត​ដួល​រលំ​នៅ​អឺរ៉ុប​ខាងកើត ប្រទេស​អតីត​កុម្មុយនិស្ត​ជាច្រើន​បាន​សម្លឹង​មើល​សហគមន៍អឺរ៉ុប​ដើម្បី​ទទួល​ជំនួយ​សេដ្ឋកិច្ច​។ សហគមន៍អឺរ៉ុប បាន​ផ្ដល់​ជំនួយ​ជាច្រើន​ដល់​ប្រទេស​ទាំងនេះ​ប៉ុន្តែ​សម្រេច​ថា​មិនទាន់​ឲ្យ​ពួកគេ​ចូល​ជា​សមាជិក​ភ្លាមៗ​នោះ​ទេ​។ លើកលែងតែ​អាល្លឺម៉ង់​ខាងកើត ដែល​ត្រូវ​បញ្ចូល​ក្នុង​សហគមន៍អឺរ៉ុប​ដោយស្វ័យប្រវត្តិ បន្ទាប់ពី​មាន​ការ​បង្រួបបង្រួម​អាល្លឺម៉ង់ (ទាំងពីរ) ឡើងវិញ​។

ដើម្បី​ស្ដារ​ស្ថានភាព​នយោបាយ​ឲ្យ​បាន​ឆាប់​អាល្លឺម៉ង់​ខាងលិច និង​បារាំង​បាន​ស្នើ​ឲ្យ​មាន​សន្និសីទ​អន្តរ​រដ្ឋាភិបាល (IGC) សម្រាប់​ធ្វើ​ឲ្យ​មាន​បង្រួបបង្រួម​អឺរ៉ុប​កាន់តែ​ជិត​នឹងគ្នា​។ សន្និសីទ​អន្តររដ្ឋាភិបាល (IGC) គឺជា​ជំនួប​រវាង​សមាជិក ដែល​ចាប់ផ្ដើម​មាន​ដំណើរការ​ជា​ផ្លូវការ​នូវ​ការផ្លាស់ប្ដូរ ឬ​ការ​ធ្វើ​វិសោធនកម្ម​សន្ធិសញ្ញា​សហគមន៍អឺរ៉ុប សន្និសីទ​អន្តររដ្ឋាភិបាល​មួយទៀត​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ភ្លាមៗ​គឺ​នៅ​ឆ្នាំ​ ១៩៨៩ ដើម្បី​រៀបចំ​គម្រោង​ការ និង​រចនាសម្ព័ន្ធ​សម្រាប់​សហភាព​ហិរញ្ញវត្ថុ ដែល​ក្នុង​នោះ​សមាជិក​របស់​សហគមន៍​នឹង​ប្រើ​រូបិយវត្ថុ​រួម​តែមួយ​។នាយករដ្ឋមន្ត្រី​អង់គ្លេស​អ្នកស្រី​ម៉ាហ្គារ៉ែត​ថាចឆឺ (Margaret Thatcher) បាន​ប្រឆាំង​នឹង​ការ​អំពាវនាវ​ទាំងឡាយ​ណា ដែល​ចង់​ឲ្យ​មាន​សមាហរណកម្ម​អឺរ៉ុប​រឹតតែ​ខ្លាំង​ថែមទៀត​។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៩០ លោក ចនមេជ្ហ័រ (John Major) បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ជំនួស និង​បាន​អនុវត្ត​នូវ​គោលនយោបាយ​មួយ​ដែល​មាន​លក្ខណៈ​បើកទូលាយ​ជាង​។ សន្និសីទ​អន្តររដ្ឋាភិបាល បាន​ចាប់ផ្ដើម​បំពេញ​ការងារ​នៃ​កិច្ចព្រមព្រៀង​មួយ​ចំនួន ដែល​នឹង​ក្លាយ​ជា សន្ធិសញ្ញា​ស្ដីពី​សហភាពអឺរ៉ុប (Treaty on European Union ) ។

សន្ធិសញ្ញា​ស្តីពី​សហភាពអឺរ៉ុបកែប្រែ

សន្ធិសញ្ញា​ស្ដីពី​សហភាពអឺរ៉ុប (ដែល​ជា​ធម្មតា​ត្រូវ​បាន​គេ​ហៅថា​សន្ធិសញ្ញា​ក្រុង​ម៉ាសស្ត្រីក) បង្កើត​ចេញ​ជា​សហភាពអឺរ៉ុប (EU) ហើយ​មាន​គោលដៅ​ពង្រីក​សមាហរណកម្ម​នយោបាយ, សេដ្ឋកិច្ច និង​សង្គម​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​។ ក្រោយ​ការ​ចរចា​អស់​រយៈពេល​យ៉ាង​យូរ​សហភាពអឺរ៉ុប ត្រូវ​បាន​គេ​យល់ព្រម​បង្កើត​ឡើង ដោយ​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​ក្រុង​ម៉ាសស្ត្រីក​ក្នុង​ប្រទេស​ហុឡង់ដ៍​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ ១៩៩១​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺថា​សន្ធិសញ្ញា​នេះ​អនុញ្ញាត​ឲ្យEU បង្កើត​សហភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (Economic and Monetary Union- EMU) ។ នៅ​ក្រោម​សហភាព EMU រដ្ឋ​សមាជិក​ទាំងអស់​នឹង​បង្រួបបង្រួម​សេដ្ឋកិច្ច​របស់​គេ និង​ប្រើប្រាស់​រូបិយវត្ថុ​តែមួយ​នៅ​ឆ្នាំ​១៩៩៩​។ សន្ធិសញ្ញា​ម៉ាសស្ត្រីក​ក៏បាន​កំណត់​លក្ខន្តិកៈ​តឹង​រឹង​ដែល​រដ្ឋ​ជា​សមាជិក​ទាំងអស់ ត្រូវតែ​បំពេញ​ឲ្យ​បាន​មុន​នឹង​អាច​ចូលរួម​ជាមួយ EMU ។ លើស​ពី​នេះ​ទៅ​ទៀត​សន្ធិសញ្ញា​នេះ​ក៏​បង្កើត​នូវ​រចនាសម្ព័ន្ធ​ថ្មី​សម្រាប់​ធ្វើ​ឲ្យ​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​កាន់តែ​មាន​សមាហរណកម្ម​ខ្លាំង​ឡើង និង​សម្រាប់​ជំរុញ​ឲ្យ​មាន​ការ​សហប្រតិបត្តិការ​លើ​វិស័យ​តុលាការ និង​ប៉ូលិស​កាន់តែ​ល្អ​ថែមទៀត​។ រដ្ឋ​ជា​សមាជិក​បាន​ផ្ទេរ​ដល់​ស្ថាប័ន​គ្រប់គ្រង​របស់ EU នូវ​សិទ្ធិ​អំណាច​ច្រើនជាង​មុន​ក្នុង​ការ​ធ្វើ​គោលនយោបាយ​លើ​វិស័យ​មួយ​ចំនួន​រួមមាន​វិស័យ​បរិស្ថាន អប់រំ សុខភាព និង​ការ​ការពារ​អ្នកទិញ​ទំនិញ(ពី​ឈ្មួញ)​។

សន្ធិសញ្ញា​ថ្មី បាន​បង្ក​ឲ្យ​មាន​ការ​ប្រឆាំង​ពី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ជា​សមាជិក​។ បញ្ហា​ទាំងនោះ​ភាគច្រើន​ផ្ដោត​សំខាន់​លើ​សហភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (Economic and Monetary Union- EMU) ព្រោះ​គេ​ព្រួយបារម្ភ​ថា ហិរញ្ញវត្ថុ​ជាតិ​របស់​គេ​នឹង​ត្រូវ​ជំនួស​ដោយ​ហិរញ្ញវត្ថុ​អឺរ៉ុប​រួម​។ ចក្រភពអង់គ្លេស បដិសេធ​មិន​អនុវត្ត​ទិដ្ឋភាព​មួយ​ចំនួន​នៃ​សន្ធិសញ្ញា និង​ទទួល​ករណី​លើកលែង​ជាពិសេស ដែល​គេ​ហៅថា “ដកខ្លួន- Out-put” ។ ទង្វើ​បែប​នេះ​រួមបញ្ចូល​ទាំង​ការ​មិន​ចូលរួម​ក្នុង EMU និង​មិន​ចូលរួម​ក្នុង​ជំពូក​សង្គម (Social Chapter) ជំពូក​នេះ​ជា​ផ្នែក​មួយ​ក្នុង​សន្ធិសញ្ញា​ម៉ាសស្ត្រីក ដែល​គ្រោង​អំពី​គោលនយោបាយ​សង្គម និង​ការងារ រួមមាន​ច្បាប់​រួម​សម្រាប់​សិទ្ធិ​ពលករ​។ ប្រជាពលរដ្ឋ​ដាណឺម៉ាក បាន​បោះឆ្នោត​ប្រឆាំង​សន្ធិសញ្ញា​នេះ​នៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​មួយ​ចំណែក​នៅ​ប្រទេស​បារាំង ប្រជាជន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​បាន​បោះឆ្នោត​គាំទ្រ​សន្ធិសញ្ញា​នេះ​។ នៅ​ប្រទេស​អាល្លឺម៉ង់​បញ្ហា​ចំពោះ​សន្ធិសញ្ញា​ស្ថិត​នៅ​លើ​តុលាការ​កំពូល​របស់​ជាតិ ដែល​សម្រេច​ថា​សមាជិកភាព​នៅ​ក្នុង EU បំពាន​លើ​ធម្មនុញ្ញ​របស់​អាល្លឺម៉ង់​។នៅ​ក្នុង​ជំនួប​ជាបន្ទាន់​មួយ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប​ដាណឺម៉ាក​ទទួល​បាន​នូវ​សម្បទាន និង​ការលើកលែង​ជាពិសេស​រួម​ទាំង​សិទ្ធិ​ក្នុង​ការ​ដក​ខ្លួន​ចេញពី EU និង​គោលនយោបាយ​ការពារជាតិ​នៅ​ថ្ងៃ​មុខ​បន្ត​ទៀត​។​ នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក ប្រជាជន​បាន​បោះឆ្នោត​គាំទ្រ​សន្ធិសញ្ញា​នេះ​នៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​មួយ​បន្ទាប់។ ដោយសារតែ​មាន​ឧបសគ្គ​បែប​នេះ​ហើយ​ទើប​សហភាពអឺរ៉ុប​មិន​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ទេ​រហូតដល់​ខែ​វិច្ឆិកា​ឆ្នាំ ១៩៩៣​។

សន្ធិសញ្ញា​ក្រុងអាំស្ទ័រដាមកែប្រែ

ការ​ប្រតិកម្ម​មួយ​ចំនួន​តប​នឹង​ខ្លឹមសារ​ខ្លះ នៅ​ក្នុង​សន្ធិសញ្ញា​ម៉ាសស្ត្រីក ជាហេតុ​នាំឲ្យ​មាន​សន្និសីទ​អន្តររដ្ឋាភិបាល​មួយទៀត​ចូលរួម​ប្រជុំ​ដោយ​មេដឹកនាំ​សហភាពអឺរ៉ុប ដែល​ចាប់ផ្ដើម​នៅ​ខែ​មីនា ឆ្នាំ ១៩៩៦​។ ជា​លទ្ធផល​នៃ​សន្និសីទ​អន្តររដ្ឋាភិបាល​លើក​នេះ​គឺ​សន្ធិសញ្ញា​ក្រុងអាំស្ទ័រដាម ដែល​ជា​សន្ធិសញ្ញា​កែលំអ​លើ​សន្ធិសញ្ញា​ម៉ាសស្ត្រីក និង​ឯកសារ​សម្រាប់​បង្កើត​សហភាពអឺរ៉ុប​ផ្សេងៗ​ទៀត​។ ការ​កែលំអ​នេះ​មាន​គោលបំណង​ធ្វើឲ្យ​សហភាពអឺរ៉ុប​កាន់តែ​ជាទី​ចាប់អារម្មណ៍ និង​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ផង​ទាំងពួង​។

សន្ធិសញ្ញា​ក្រុងអាំស្ទ័រដាម អំពាវ​ដល់​រដ្ឋ​ជា​សមាជិក​ឲ្យ​ជួយ​សហការ​គ្នា​ក្នុង​ការ​បង្កើត​មុខរបរ​ឲ្យ​បាន​ច្រើន​ពាសពេញ​អឺរ៉ុប, ជួយ​គ្នា​ការពារ​បរិស្ថាន, បង្កើន​សុខភាព​សាធារណៈ និង​ការពារ​សិទ្ធិ​អ្នកទិញ​ទំនិញ​។ លើស​ពី​នេះ​ទៀត​សន្ធិសញ្ញា​នេះ​បំបាត់ចោល​នូវ​រនាំង​សម្រាប់​ការ​ធ្វើដំណើរ និង​អន្តោប្រវេសន៍​ក្នុង​រង្វង់​រដ្ឋ​ជា​សមាជិក​សហភាពអឺរ៉ុប លើកលែងតែ​ចក្រភពអង់គ្លេស អៀរឡង់ និង​ដាណឺម៉ាក ដែល​សុទ្ធតែ​ជា​ប្រទេស​នៅ​រក្សា​ព្រំដែន​របស់​ផង​ខ្លួន​យ៉ាង​ហ្មត់ចត់​។សន្ធិសញ្ញា​ក្រុងអាំស្ទ័រដាម​នេះ​រួមបញ្ចូល​ទាំង​សក្ដានុពល​សម្រាប់​សហប្រតិបត្តិការ និង​សមាហរណកម្ម​ជាមួយ​នឹង​សហភាព​អឺរ៉ុប​ខាងលិច (Western European Union- WEU) ដែល​ជា​អង្គការ​នៃ​អំណាច​អឺរ៉ុប​ខាងលិច​ផ្ដោតអារម្មណ៍ទៅ​លើ​ការ​ការពារ​ជាតិ។ វា​ក៏​ទុក​ឱកាស​ឲ្យ​បណ្ដា​ប្រទេស​អឺរ៉ុប​ខាងកើត​ដាក់ពាក្យ​ចូល​ជា​សមាជិក EU ផង​ដែរ​។ សន្ធិសញ្ញា​ក្រុងអាំស្ទ័រដាម ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​សមាជិក EU ។ នៅ​ថ្ងៃ​ទី ២ ខែ តុលា ឆ្នាំ ១៩៩៧​។

ឯកសារ​មួយ​ដែល​ចេញ​ដោយ​គណៈកម្មការ​អឺរ៉ុប (ស្ថាប័ន​រដ្ឋបាល​កំពូល​របស់ EU) នៅ ឆ្នាំ ១៩៩៧ ដែល​គេ​ស្គាល់​ថា​ជា "របៀបវរៈ ២០០០" បាន​គ្រោង​នូវ​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ការពង្រីក​វិសាលភាព EU ដោយ​យោង​តាម​សន្ធិសញ្ញា​ក្រុងអាំស្ទ័រដាម​។ឯកសារ​នោះ​អំពាវនាវ​ឲ្យ​មាន​កំណែទម្រង់​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុងរង្វង់ EU មុន​ពេល មាន​កិច្ចព្រមព្រៀង​ពង្រីក​សមាជិកភាព​លើកក្រោយៗ​ទៀត​។ ក្នុង​នោះ​មាន​ដូចជា​វិធានការណ៍​បង្កើន​កំណើន​សេដ្ឋកិច្ច​ការប្រកួតប្រជែង និង​ការ​ប្រកបការងារ​។ ទន្ទឹម​នឹង​នោះ វា​មាន​រួមបញ្ចូល​ទាំង​កំណែទម្រង់​កសិកម្ម និង​រចនាសម្ព័ន្ធ និង​ផែនការមេ​សម្រាប់​ផ្នែក​ហិរញ្ញវត្ថុ​អឺរ៉ុប​ថ្មី​មួយ​។

សន្ធិសញ្ញា​ក្រុងនីសកែប្រែ

គម្រោង​ពង្រីក​សហភាពអឺរ៉ុប ត្រូវ​បាន​គេ​លើក​យក​មក​ពិភាក្សា​ជាថ្មី​ម្ដង​ទៀត​នៅ​ឆ្នាំ ២០០០ នៅ​ក្នុង​សន្ធិសញ្ញា​ក្រុងនីស​។ ដោយ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០០១ សន្ធិសញ្ញា​នេះ​បាន​គ្រោងទុក​ជាមុន​នូវ​កំណែទម្រង់​ជា​ដំណាក់ៗ​ដើម្បី​រៀបចំ​ឲ្យ EU ។ អាច​ពង្រីក​សមាជិកភាព​។ វា​អំពាវនាវ​ឲ្យ​មាន​ការ​កាត់បន្ថយ​ទំហំ​គណៈកម្មការ​អឺរ៉ុប, អំពាវនាវ​ឲ្យ​មាន​កំណែទម្រង់​សិទ្ធី និង​ដំណើរការ​បោះឆ្នោត​នៅ​ក្នុង​ក្រុមប្រឹក្សា EU និង​រៀបចំ​ឡើងវិញ​នូវ​អាសនៈ​របស់​រដ្ឋ​ជា​សមាជិក​នៅ​ក្នុង​សភា​អឺរ៉ុប​។

ខុស​ពី​សន្ធិសញ្ញា​អឺរ៉ុប​រួម (SEA) សន្ធិសញ្ញា​ក្រុងអាំស្ទ័រដាម,​សន្ធិសញ្ញា​ក្រុងនីស​មិន​មាន​គោលដៅ​ពង្រីក​អំណាច​របស់ EU ទេ​។ ផ្ទុយទៅវិញ ការ​បង្កើន​តួនាទី និង​អំណាច​របស់ EU ។ត្រូវ​បាន​ពិភាក្សា​នៅ​កន្លែង​ផ្សេង​ពោល​គឺ​នៅ​ក្នុង​សេចក្ដី​ប្រកាស Laeken ក្នុង​ឆ្នាំ ២០០១ និង​មហាសន្និបាត​ស្ដីពី​អនាគត​អឺរ៉ុប​នា​ខែ មីនា ឆ្នាំ ២០០២​។ រហូតដល់​ចុង​ឆ្នាំ ២០០២ សមាជិក EU ទាំងអស់​អនុម័ត​លើ​សន្ធិសញ្ញា​ក្រុងនីស​។ យ៉ាងណាមិញ អ្នកបោះឆ្នោត​ជនជាតិ​អៀរឡង់​ហៀបនឹង​បង្ខំឲ្យ​មាន​ការចរចា​ឡើងវិញ​អំពី​សន្ធិសញ្ញា​នេះ បន្ទាប់ពី​ពួកគេ​បាន​បដិសេធ​មិន​ទទួលស្គាល់​វា នៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​មួយ​នៅ​ឆ្នាំ ២០០១​។ ពួកគេ​ជាច្រើន​មានការ​ព្រួយបារម្ភ​ថា​ ការពង្រីក​សមាជិកភាព​សហភាពអឺរ៉ុប អាច​នឹង​កាត់បន្ថយ​ផល​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រទេស​អៀរឡង់​ផ្ទាល់​។ ទោះជាយ៉ាងណាក៏ដោយ​ ប្រទេស​នេះ​បាន​អនុម័ត​សន្ធិសញ្ញា​ក្រុងនីស​ប្រកបដោយ​សុវត្ថិភាព បន្ទាប់ពី​ធ្វើ​ប្រជាមតិ​ជា​លើក​ទីពីរ​នៅ​ឆ្នាំ​បន្ទាប់ ដែល​ជាហេតុ​ធ្វើឲ្យ EU ។ អាច​ពង្រីក​សមាជិកភាព​ដូច​ការ​គ្រោងទុក​។

សហភាព​រូបិយវត្ថុកែប្រែ

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ EU ក្នុង​ការ​បង្កើត​រូបិយវត្ថុ​រួម​មួយ​ដូចដែល​បាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​ម៉ាសស្ត្រីក ពិតជា​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​តាំងពី​ដើម​ដំបូង​មក​ម្លេះ​។ ប្រទេស EU មួយ​ចំនួន​រួមមាន​ចក្រភពអង់គ្លេស ជាដើម​មាន​ការ​ព្រួយបារម្ភ​ថា​រូបិយវត្ថុ​អឺរ៉ុប​រួម​តែមួយ​អាច​នឹង​គំរាមកំហែង​ដល់​អត្តសញ្ញាណ​ជាតិ និង​អំណាច​របស់​រដ្ឋាភិបាល​របស់​គេ​។ ទោះបីជា​មាន​ការ​បារម្ភ​បែប​នេះ​ក៏ដោយ រដ្ឋ​ជា​សមាជិក EU មួយ​ចំនួន​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​បំពេញ​លក្ខខណ្ឌ​សេដ្ឋកិច្ច​ឲ្យខាងតែ​បាន ដើម្បី​ចូលរួម​ក្នុង​សហភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (EMU) និង ប្រើប្រាស់​រូបិយវត្ថុ​រួម​ដែល​គេ​ស្គាល់​ថា​ប្រាក់​អឺរ៉ូ (Euro) ។

កាក់ និង​ក្រដាសប្រាក់​អឺរ៉ូ នៅ​ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ ១៩៩៩ សមាជិក​ចូលរួម​ក្នុង​សហភាពអឺរ៉ុប បាន​ចាប់ផ្ដើម​ប្រើប្រាស់​រូបិយវត្ថុ​រួម​មួយ​ អឺរ៉ូ​។ អឺរ៉ូ​ត្រូវ​បាន​ប្រើប្រាស់​ជាចម្បង​សម្រាប់​ការ​ទូទាត់​គណនី និង​ការផ្ទេរ​ប្រាក់​តាម​អេឡិចត្រូនិក រហូតដល់​ថ្ងៃ​ទី ១ ខែមករា ឆ្នាំ ២០០២​។នៅ​ពេល​នោះ កាក់ និង​ក្រដាសប្រាក់​អឺរ៉ូ បាន​លេចចេញ​ជា​រូបរាង​ពិត និង​ត្រូវ​គេ​ដាក់ឲ្យ​ចរាចរ​នៅ​លើ​ទីផ្សារ និង​ជំនួស​ឲ្យ​រូបិយវត្ថុ​ជាតិ​របស់​រដ្ឋ​ជា​សមាជិក​ដែល​កំពុង​ចូលរួម​ក្នុង EU ។

លក្ខខណ្ឌ​ទាំងនោះ​តឹងតែង​ខ្លាំង​ណាស់៖ (១) អត្រា​អតិផរណា​ប្រាក់​របស់​ប្រទេស​មួយ​មិន​អាច​លើស​ពី ១,៥%​ ខ្ពស់​ជាង​អត្រា​ជាមធ្យម​នៅ​ក្នុង​ប្រទេស​បី ដែល​មាន​អតិផរណា​ខ្ពស់​បំផុត​។ (២) ឱនភាព​ថវិកា​របស់​ប្រទេស​មួយ​មិន​អាច​មាន​ទំហំ​លើស​ពី ៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ទេ ហើយ​ប្រាក់បំណុល​ជាតិ​ក៏​មិន​អាច​លើស​ពី ៦០% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ដែរ​។ (៣) អត្រា​ការប្រាក់​ក្នុងរយៈពេល​យូរ​របស់​ប្រទេស​មួយ​មិន​អាច​លើស​ពី ២% ខ្ពស់​ជាង​អត្រា​ការប្រាក់​ជាមធ្យម​នៅ​ក្នុង​ប្រទេស​ចំនួន​បី ដែល​មាន​អត្រា​ការប្រាក់​ទាបបំផុត​។ (៤) ប្រទេស​មួយ​មិន​អាច​បញ្ចុះតម្លៃ​រូបិយវត្ថុ​របស់​ខ្លួន​ប្រឆាំង​ទល់នឹង​រូបិយវត្ថុ​របស់​រដ្ឋ​ជា​សមាជិក​ផ្សេងទៀត យ៉ាងហោចណាស់​មាន​រយៈកាល​ពីរ​ឆ្នាំ​មុន​សហភាព​ហិរញ្ញវត្ថុ​។

រដ្ឋ​ដែល​ចូលរួម​ក្នុង​សហភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (EMU) ក៏​បាន​ព្រមព្រៀង​លើ​កតិកាសញ្ញា​ស្ថិរភាព និង​កំណើន (Stability and Growth Pact) ដែល​ជា​កិច្ចព្រមព្រៀង​កំណត់​កញ្ចប់​ថវិកា​ដើម្បី​គាំទ្រ​ប្រាក់អឺរ៉ូ ក្រោយ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ ១៩៩៩​។ កតិកាសញ្ញា​នេះ​តម្រូវឲ្យ​ប្រទេស​ទាំងអស់​ត្រូវ​ទប់​កុំឲ្យ​ឱនភាព​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ពួកគេ​ធ្លាក់​ហួសពី ៣% នៃ​ទិន្នផល​ក្នុងស្រុក​សរុប បើមិនដូច្នោះទេ គេ​នឹង​ត្រូវ​ទទួល​ពិន័យ​។ ក្នុង​ករណី​នេះ​វា​បង្គាប់​ឲ្យ​ប្រទេស​ទាំងអស់​ចាត់វិធានការ​ដើម្បី​លុបបំបាត់​ឱនភាព​ថវិកា​របស់​ពួកគេ​ជាមួយគ្នា​។

ប្រទេស​ភាគ​ច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​បំពេញ​តាម​ត្រូវការ​របស់ EMU ។ វិធានការណ៍ ដែល​កាត់បន្ថយ​អតិផរណា និង​អត្រា​ការប្រាក់​ខ្ពស់ បាន​បង្ក​ឲ្យ​មាន​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​កាន់តែ​ច្រើន​ឡើង​ជា​បន្ទុក​បន្ថែម​ពីលើ​បញ្ហា​ការ​យកពន្ធ​ខ្ពស់ ដែល​កើតមាន​ឡើង​ដោយសារ​ការ​ព្យាយាម​គ្រប់គ្រង​បំបាត់​ឱនភាព​ថវិកា​របស់​រដ្ឋាភិបាល​។ ផលវិបាក​ទាំងនេះ​បណ្ដាលឲ្យ​មាន​បញ្ហា​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដែល​ប្រទេស​ទាំងអស់​កំពុង​រងគ្រោះ​។ នៅ​ពេល​ដែល​ពេលកំណត់​សម្រាប់ EMU បាន​មកដល់ មាន​ពិភាល់​ជាច្រើន​លើក​ឡើង​ថា​ស្ថានភាព​សេដ្ឋកិច្ច​ពេលនេះ​មិនល្អ​សោះ ហើយ​ដំណើរ​សេដ្ឋកិច្ច​នៃ​ប្រទេស​សមាជិក​ទាំងអស់​ដូចជា​មាន​គំលាត​ឆ្ងាយ​ពី​គ្នា​ណាស់​។ ដូច្នេះ​ទើប​មាន​ប្រទេស​មួយ​ចំនួន​មិន​អាច​បំពេញ​តាម​លក្ខខណ្ឌ​ដ៏​តឹងតែង​របស់​សន្ធិសញ្ញា​ក្រុង​ម៉ាសស្ត្រីក​។ ទោះបីជា​មាន​បញ្ហា​បែប​នេះ​ក៏ដោយ​សហភាពអឺរ៉ុប​បាន​ព្រមព្រៀង​ជា​ផ្លូវការ​នៅ​ខែ ឧសភា ឆ្នាំ ១៩៩៨ ក្នុង​ការ​ចរាចរ​ប្រាក់អឺរ៉ូ​ក្នុង​ប្រទេស​សមាជិក​ចំនួន​១១ ក្នុងចំណោម​រដ្ឋទាំង ១៥ ដោយ​រាប់​ចាប់តាំងពី​ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ ១៩៩៩​។ តាម​កិច្ចព្រមព្រៀង​នេះ គេ​ក៏​បាន​បង្កើត​ឡើង​នូវ​ធនាគារ​អឺរ៉ុប (EBC) ដើម្បី​ត្រួត​ពិនិត្យ​រូបិយវត្ថុ​ថ្មី និង​ទទួលខុសត្រូវ​ចំពោះ​គោលនយោបាយ​រូបិយវត្ថុ EU ។ ប្រទេស​ដែល​ដាក់ឲ្យ​ប្រើប្រាស់​ប្រាក់អឺរ៉ូ​រួមមាន​ប្រទេស​អូទ្រីស ប៊ែលហ្សីក ហ្វាំងឡង់ បារាំង អៀរឡង់ អ៊ីតាលី លុច្សសំប៊ួរ ហូឡង់ ព័រទុយហ្គាល់ និងអេស្ប៉ាញ​។

ចក្រភពអង់គ្លេស ស៊ុយអ៊ែត និងដាណឺម៉ាក មាន​លទ្ធភាព​បំពេញ​តាម​លក្ខខ័ណ្ឌ​របស់ EU ប៉ុន្តែ ពួកគេ​សម្រេចចិត្ត​មិនព្រម​ចូលរួម (ប្រើប្រាស់​អឺរ៉ូ)​។ ប្រទេស​ក្រិក​សង្ឃឹម​ថា​នឹង​អាច​ចូលរួម​ក្នុង​វគ្គទីមួយ​នឹងគេ​ដែរ ប៉ុន្តែ​មិន​អាច​បំពេញ​លក្ខខណ្ឌ EU បាន​។ នៅ​ថ្ងៃ​ទី​១ ខែ មករា ឆ្នាំ​ ១៩៩៩ ប្រទេស​ចំនួន ១១ ដែល​ចូលរួម​ក្នុង​តំបន់ ដែលគេ​ហៅ​ថា​តំបន់​អឺរ៉ូ​បាន​ចាប់ផ្តើម​ប្រើប្រាស់​ប្រាក់អឺរ៉ូ​សម្រាប់​ការ​ទូទាត់​គណនី និង​ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដំណាល​ពេល​ដែល​រូបិយវត្ថុ​របស់​ប្រទេស​គេ​ផ្ទាល់​ត្រូវ​បាន​រក្សាទុក​ឲ្យ​ដដែល សម្រាប់​ការ​ទូទាត់​ផ្សេងទៀត​។ ប្រទេស​ក្រិក បាន​ប្រើប្រាស់​ប្រាក់អឺរ៉ូ​នៅ​ខែ មករា ឆ្នាំ ២០០១ ដែល​ក្លាយ​ជា​សមាជិក​ទី​១២ ក្នុង​តំបន់អឺរ៉ូ​។ នៅ​ឆ្នាំ ២០០២​ ធនាគារ EBC បាន​ចាប់ផ្ដើម​ផលិត​កាក់ និង​បោះពុម្ព​ក្រដាស​ប្រាក់អឺរ៉ូ ហើយ​រូបិយវត្ថុ​នៃ​ប្រទេស​សមាជិក​តំបន់អឺរ៉ូ​ទាំងអស់​លែង​ជា​រូបិយវត្ថុ​ស្របច្បាប់​ទៀត​ឡើយ​។

សមាជិក​ទាំង​១០ ដែល​ចូល​ជា​សមាជិក EU កាលពី​ឆ្នាំ ២០០៤ គ្រោង​នឹង​ចរាចរ​ប្រាក់អឺរ៉ូ​ក្នុង​ពេល​ផ្សេងៗ​គ្នា ហើយ​ការ​ព្យាយាម​ទាំងនេះ​ត្រូវ​ទទួលរង​នូវ​ការ​ប្រឆាំង​យ៉ាងខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​។ សមាជិក​ថ្មី​ខ្លះ​ដូចជា​ស៊ីព្រុស អេស្តូនី លីធូអេនៀ និង​ស្លូវេនៀ​បាន​ប្រកាស​ថា​ពួកគេ​នឹង​បោះជំហាន​យ៉ាង​លឿន ដើម្បី​ចរាចរ​ប្រាក់អឺរ៉ូ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ដោយ​លៃលក​យ៉ាងណា ធ្វើឲ្យ​ពួកគេ​ក្លាយជា​សមាជិក​ក្នុង​តំបន់​រូបិយវត្ថុ​រួម​យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ​ ២០០៧​។ ដើម្បី​អាច​ប្រើប្រាស់​ប្រាក់អឺរ៉ូ​សមាជិក​ថ្មី​ត្រូវតែ​បំពេញ​លក្ខខណ្ឌ​របស់ EMU ជាមុន សិន​។ ជំហាន​បន្ទាប់​ពួកគេ​ត្រូវ​ធានា​ឲ្យបាន​ថា​រូបិយវត្ថុ​របស់​ពួកគេ​អាច​មាន​ស្ថិរភាព​ប្រហាក់ប្រហែល​នឹង​ប្រាក់អឺរ៉ូ​ក្នុង​រយៈពេល​លើស​ពី ២ ឆ្នាំ​។ ស្លូវេនៀ​បាន​ក្លាយ​ជា​សមាជិក​ទី​មួយ​ក្នុងចំណោម​ប្រទេស​ទាំងនោះ ដែល​បាន​បំពេញ​លក្ខខណ្ឌ​របស់ EMU និង​បាន​ប្រើប្រាស់​ប្រាក់អឺរ៉ូ​នៅ​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ​ ២០០៧ ។

ក្រោយ​មាន​បញ្ហា​បែប​នេះ​ប្រាក់អឺរ៉ូ បាន​ក្លាយ​ជា​រូបិយប័ណ្ណ​មួយ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​មួយ។ ឥឡូវនេះ​គេ​ក្រឡេក​ទៅ​ចាប់អារម្មណ៍​ក្នុង​ការ​ពង្រឹង​គោលនយោបាយ​រូបិយវត្ថុ​រួម ក្រោម​ការ​បង្ហាញ​ផ្លូវ​យ៉ាង​ជាប់លាប់​ពី​ធនាគារ​កណ្តាលអឺរ៉ុប​។​ យ៉ាងណាមិញ​កំណើន​យឺត និង​ភាព​គ្មាន​ការងារ​កាន់តែ​កើនឡើង​ពាសពេញ​តំបន់​អឺរ៉ូ​ក្រោយ​ឆ្នាំ ២០០០ បាន​បណ្ដាលឲ្យ​មាន​ឱនភាព​ថវិកា​កាន់តែ​ខ្លាំង ហើយ​គណៈកម្មការ​អឺរ៉ុប​ភ្លាម​នោះ​បាន​ព្រមាន​អៀរឡង់ និង​អាល្លឺម៉ង់​ឲ្យ​កាត់បន្ថយ​ចំណាយ​ថវិកា​របស់​ពួកគេ ដើម្បី​ឲ្យ​ស្របតាម​ដែនកំណត់​របស់​កតិកាសញ្ញា​ស្ថិរភាព និង​កំណើន (SGP) ។ នៅ​ឆ្នាំ ២០០២ ក្នុងរង្វង់​សហភាពអឺរ៉ុប​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ប្រសិទ្ធភាព​របស់ (SGP) ។ មាន​ប្រទេស​កាន់តែ​ច្រើន​ជិត​ធ្លាក់ ឬ​ធ្លាក់​ក្នុង​ឱនភាព​ថវិកា​។នៅ​ខណៈ​ពេល​នោះ​ដែរ​គេ​ឃើញ​មាន​កិច្ចប្រឹងប្រែង​ក្នុង​ការ​ពង្រឹង GSP ពិសេស​ផ្នែក​ឱនភាព​ថវិកា​ស្រប​ពេល​ដែល​គេ​ត្រូវ​ដាស់តឿន​រដ្ឋាភិបាល​ជាតិ​នីមួយៗ​កុំឲ្យ​ចំណាយ​ថវិកា​ហួសហេតុ​ពេក ដើម្បី​ជា​ ប្រយោជន៍​សម្រាប់​បង្កើន​កិច្ចការ​សង្គម និង​ស្ដារ​សេដ្ឋកិច្ច​។

ការកើនឡើង​នូវ​តម្លាភាពកែប្រែ

ការ​បង្កើត​សហភាព​សេដ្ឋកិច្ច និង​រូបិយវត្ថុ (EMU) បាន​ជួយ​ជំរុញ​ឲ្យ​ល្បឿន​សមាហរណកម្ម និង​សហប្រតិបត្តិការ​ក្នុងចំណោម​សមាជិក EU កាន់តែ​លឿន​ឡើង​រក​ស្មាន​មិនដល់​។ ផលវិបាក​មួយ​គឺ​ពលរដ្ឋ​អឺរ៉ុប និង​រដ្ឋាភិបាល​សមាជិក EU មួយ​ចំនួន​មាន​ការ​បារម្ភ​ថា​ស្ថាប័ន​ធំៗ​របស់ EU មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ និង​គ្មាន​តម្លាភាព​គ្រប់គ្រាន់​ទេ​។ ក្នុង​នោះ​ពួកគេ​សង្កត់​ធ្ងន់​លើ​គណៈកម្មការ​អឺរ៉ុប​។ ស្រប​ពេល​ដែល​អំណាច​របស់ EU កើនឡើង ការ​បារម្ភ​ក៏​កើនឡើង​ដែរ​ថា​គណៈកម្មការ​នេះ​គ្រប់គ្រង​តឹង​ពេក ដោយ​មិន​មាន​ការពិចារណា​គិតគូរ​ឲ្យបាន​វែងឆ្ងាយ​ឡើយ​។ខណៈ​ពេល​នោះ​ដែរ ក៏​មាន​ការ​បារម្ភ​ផង​ដែរ​ថា​ស្ថាប័ន​មួយ ដែល​ជ្រើសតាំង​ឡើង​ដោយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពោល​គឺ​សភា​អឺរ៉ុប​មាន​អំណាច​តិចតួច​ណាស់​។ លោក ហ្សាក់ សង់តេ (Jacques Santer) បាន​ក្លាយជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ ដែល​ជា​ស្ថាប័ន​ប្រតិបត្តិ​របស់​សហភាពអឺរ៉ុប​នៅ​ឆ្នាំ ១៩៩៥​។ គាត់​បម្រើ​ការងារ​រហូតដល់​ឆ្នាំ ១៩៩៩ ជា​ពេល​ដែល​គាត់​លាលែង​ចេញ​ពី​តំណែង ដើម្បី​ប្រឆាំង​ទល់នឹង​របាយការណ៍​របស់​សភា​អឺរ៉ុប ដែល​ចោទ​សមាជិក​នៃ​គណៈកម្មការ​ខ្លះ​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​ធ្វេសប្រហែស​ចំពោះ​ការងារ ។

បញ្ហា​នេះ​បាន​បន្ត​រហូតដល់​ឆ្នាំ ១៩៩៩ នៅ​ពេល​ដែល​មាន​របាយការណ៍​មួយ​រៀបចំឡើង​ដោយ​សវនករ (អ្នកត្រួតពិនិត្យ​ដំណើរការ​អ្វីមួយ) ឯករាជ្យ​តាម​ការ​ស្នើសុំ​របស់​សភា​អឺរ៉ុប​។ លទ្ធផល​នៃ​របាយការណ៍​បាន​ចង្អុលបង្ហាញ​ពី​ភស្តុតាង​ជាច្រើន​អំពី​ការដឹកនាំ​មិនល្អ​របស់​ផ្នែក​ខ្លះ​ នៃ​គណៈកម្មការ​អឺរ៉ុប ក្នុង​នោះ​មាន​បេសកជន​ខ្លះ​ត្រូវ​គេ​ចោទ​ថា​មាន​អំពើពុករលួយ​ជ្រើសរើស​បុគ្គលិក​មិន​ត្រឹមត្រូវ​ដោយ​រើស​យក​តែ​បក្សពួក​របស់​ខ្លួន និង​ធ្វេសប្រហែស​ចំពោះ​កម្មវិធី​របស់​ខ្លួន​។ ក្រោយ​ការ​បញ្ចេញ​របាយការណ៍​នេះ​ គណៈកម្មការ​អឺរ៉ុប​ទាំងមូល​ត្រូវ​លាលែង​ចេញពី​តំណែង ជា​អំពើ​មួយ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​។ ជាទូទៅ អ្នកជំនាញការ​ចាត់ទុក​របាយការណ៍​នោះ​រួម​ទាំង​លទ្ធផល​នៃ​ការលាលែង​តំណែង​ខាងលើ​គឺជា​ជំហាន​មួយ​ដ៏​សំខាន់​របស់​សភា​អឺរ៉ុប​ក្នុង​ការ​បង្កើន​តម្លាភាព​បែប​ប្រជាធិបតេយ្យ​នៃ​ស្ថាប័ន​គ្រប់គ្រង EU ។

សមាជិកសហភាពអឺរ៉ុបកែប្រែ

អាល្លឺម៉ង់ប្រទេសអូទ្រីសបែលហ្ស៊ីកប្រទេសប៊ុលហ្គារីស៊ីប(Cyprus)ប្រទេសដាណឺម៉ាកប្រទេសអេស្ប៉ាញប្រទេសអេស្តូនីហ្វាំងឡង់បារាំងក្រិចហុងគ្រីអៀរឡង់អ៊ីតាលីឡាតវីលីទុយអានី(Lithuania)លុចហ្សំប៊ួរម៉ាល់តា(Malta)ហូឡង់ប៉ូឡូញព័រទុយហ្គាល់រ៉ូម៉ានីឆេកស្លូវ៉ាគីប្រទេសស្លូវ៉េនី (Slovenia)ស៊ុយអែតក្រូអាតទួរគីម៉ាសេដូនី 
អំពីរូបភាពនេះ

 
ផែនទីកាលបរិច្ឆេទចូលជា​សមាជិកសហភាពអឺរ៉ុប
ប្រទេស កូដISO ឆ្នាំចូលសមាជិក
  បែលហ្ស៊ីក BE ១៩៥៧
សមាជិកដំបូងគេ​
មាន៦ប្រទេស
  ហូឡង់ NL
ទំព័រគំរូ:ទិន្នន័យប្រទេស លុចហ្សំប៊ួរ LU
ទំព័រគំរូ:DE DE
  បារាំង FR
  អ៊ីតាលី IT
  សហរាជាណាចក្រ UK ១៩៧៣
  អៀរឡង់ IE
  ដាណឺម៉ាក DK
Geographic reference error: 1= GR ១៩៨១
  អេស្ប៉ាញ ES ១៩៨៦
  ព័រទុយហ្គាល់ PT
  អូទ្រីស AT ១៩៩៥
  ហ្វាំងឡង់ FI
  ស៊ុយអែត SE
  ស៊ីប (Cyprus) CY ២០០៤
  ឆេក CZ
  អេស្តូនី EE
  ហុងគ្រី HU
ទំព័រគំរូ:ទិន្នន័យប្រទេស លីថូនី LT
  ឡេតូនី LV
  ម៉ាល់តា MT
  ប៉ូឡូញ PL
  ស្លូវ៉ាគី SK
  ស្លូវេនី SI
  ប៊ុលហ្ការី BG ២០០៧
  រូម៉ានី RO
  ក្រូអាស៊ី HR ២០១៣
  ម៉ាសេដូនី MK បេក្ខភាពសមាជិក?
ទំព័រគំរូ:ទិន្នន័យប្រទេស ទួរគី TR

រចនាសម្ព័ន្ធ​សហភាពអឺរ៉ុបកែប្រែ

សសរស្តម្ភកែប្រែ

សមាជិក​សហភាពអឺរ៉ុប​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​គ្នា​ក្នុង​ស្ថាប័ន​សំខាន់​ចំនួន​បី ដែល​ជារឿយ គេ​ហៅថា​សសរស្ដម្ភ (pillars) ។ នៅ​ចំកណ្ដាល​នៃ​ប្រព័ន្ធ​នេះ​គឺ​សសរស្ដម្ភ​សហគមន៍អឺរ៉ុប (EC) ដែល​មាន​តួនាទី​បែប supranational រួម​ជាមួយ​នឹង​ស្ថាប័ន​គ្រប់គ្រង​របស់​វា​។ សសរស្ដម្ភ​សហគមន៍អឺរ៉ុប អម​ដោយ​សសរស្ដម្ភ​ពីរ​ទៀត ដែល​ធ្វើការ​សហប្រតិបត្តិការ​បែប​អន្តររដ្ឋាភិបាល៖ គោលនយោបាយ​ការបរទេស និង​សន្តិសុខ​រួម (Common Foreign and Security Policy- CFSP ) និង​គេហកិច្ច និង​កិច្ចការ​យុត្តិធម៌ (Justice and Home Affairs- JHA) ។ សសរស្ដម្ភ​ទាំងពីរ​ជា​លទ្ធផល​កើត​ពី​កិច្ចព្រមព្រៀង​ក្រុងម៉ាសស្ត្រីក​ដើម្បី​អភិវឌ្ឍន៍​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ឲ្យ​កាន់តែ​ស្អិតល្មួត​។ យ៉ាងណាមិញ ដោយសារ​តែ​សមាជិក​ទាំងនោះ​គ្មាន​ឆន្ទៈ បោះបង់​សិទ្ធិ​អំណាច​ទៅ​ឲ្យ​ស្ថាប័ន​បែប supranational ថ្មី ការសម្រេចចិត្ត​លើ​គោលនយោបាយ​របស់​សសរស្ដម្ភ​ទាំងនេះ​ត្រូវ​បាន​គេ​ធ្វើឡើង​ដោយ​ការ​សហការ​សំងាត់​រវាង​សមាជិក​ទាំងឡាយ ដូច្នេះ​ហើយ​ទើប​គោលនយោបាយ​ទាំងនោះ​មិន​អាច​ពង្រឹង​បាន​ទេ។ ភាគច្រើន​ស្ថាប័ន​គ្រប់គ្រង​នៃ​សសរស្ដម្ភ​សហគមន៍អឺរ៉ុប មាន​លទ្ធផល​តិចតួច​លើ​សសរស្ដម្ភ​ពីរ​ទៀត ឬក៏​គ្មានសោះ​តែម្ដង​។ -----នៅមានត----

អនាគត​នៃ​សហភាពអឺរ៉ុបកែប្រែ

ចាប់តាំងពី​ឆ្នាំ ១៩៥១ EU បាន​ធ្វើដំណើរ​លើ​វិថី​មួយ​ឆ្ងាយ​គួរសម​ហើយ​។ សមាជិក​របស់​វា​បាន​កើនឡើង​ជាលំដាប់ វា​បាន​បញ្ចូល​អឺរ៉ុប​ផ្នែក​ខាងលិច និង​ថ្លឹងថ្លែង​បញ្ចូល​អឺរ៉ុប​ខាងកើត​ជាច្រើន​ផង​ដែរ​។ វា​បាន​អភិវឌ្ឍ​កន្សោម​ច្បាប់​រួម គោលនយោបាយ​រួម និង​អនុវត្ត​រួម និង​មាន​ការ​សហប្រតិបត្តិការ​យ៉ាង​ស្អិតល្មួត​ក្នុងចំណោម​សមាជិក​។ ដោយ​ឡែក​ដំណើរ​វិវឌ្ឍន៍​របស់​វា​ហាក់​មិន​រលូន​សោះ ដោយ​ជួនកាល​មាន​ចលនា​ខ្លះ​រុញច្រាន​គ្នា​ចេញ​វិញ​។ ក្រោយ​សកម្មភាព​ថ្លៃថ្លា​នៅ​ទសវត្ស​ឆ្នាំ ១៩៦០​ ។ EU ហាក់​គាំង​ដំណើរ ប៉ុន្តែ​រហូតដល់​ពាក់កណ្ដាល​ទសវត្ស ឆ្នាំ ១៩៨០​ ទើប EU ចាប់​មាន​ដំណើរ​សមាហរណកម្ម​យ៉ាង​ខ្លាំង​ជាថ្មី​ម្ដងទៀត​។ នៅ​ទសវត្ស​ឆ្នាំ ១៩៩០ ការ​ព្រួយបារម្ភ​លើ​បរិយាកាស​សេដ្ឋកិច្ច និង​រូបភាព​នៃ​ការ​លែងទុកចិត្ត​លើ EU បាន​បណ្ដាលឲ្យ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​បោះជំហាន​ទៅមុខ​បន្ត​។ ទាំង​សន្ធិសញ្ញា​ក្រុងអាំស្ទ័រដាម និង​សន្ធិសញ្ញា​ក្រុងនីស សុទ្ធតែ​សង្កត់ធ្ងន់​លើ​ការ​បង្រួបបង្រួម​ជាជាង​សង្កត់ធ្ងន់​លើ​ការ​ដោះស្រាយ​បញ្ហា​ក្ដៅៗ​។

ដំណើរការ​រីកចម្រើន​ទៅមុខ​ខុសប្រក្រតី​បែប​នេះ មួយ​ចំណែក​គឺ​អាស្រ័យ​លើ​ជម្លោះ​ពីរ​ដែល​មិន​អាច​ដោះស្រាយ​នៅ​ក្នុង​រង្វង់ EU ។ ជម្លោះ​ទី​មួយ​គឺ​ថា​ត្រូវ​ផ្ដល់​អាទិភាព​ក្នុង​ការ​ពង្រឹង (deepening) និង ឬ​ពង្រីក (widening) ពោល​គឺ​គេ​ជជែក​គ្នា​ថា​តើ​ត្រូវ​ផ្ដោត​លើ​ការពង្រីង​សមាហរណកម្ម​ក្នុងចំណោម​សមាជិក ដែល​មានស្រាប់​ឲ្យ​កាន់តែ​ខ្លាំង​ឬក៏​ត្រូវ​ពង្រីក​សមាជិកភាព​ថ្មី​បន្ថែម ដើម្បី​ទាំងអស់​គ្នា​អាច​ទទួល​បាន​ប្រភេទ​អឺរ៉ុប​ពួកគេ​ចង់បាន​។ ជម្លោះ​ទីពីរ គឺជា​ជម្លោះ​រវាង​គំនិត​បែប supranationalism និង​គំនិត​បែប inter-governmentalism ។ ទោះបីជា​គេ​ទទួល​គំនិត​បែប supranationalism យ៉ាង​ទូលំទូលាយ រដ្ឋាភិបាល​ជាតិ​ទាំងឡាយ​ហាក់​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ដល់​អំណាច​គ្រប់គ្រង​លើ​គោលនយោបាយ​ទាំងអស់​ដល់​ស្ថាប័ន EU ។ ការអភិវឌ្ឍ​នូវ​សសរស្ដម្ភ​ទាំង​បី​ដាច់​ដោយ​ឡែក​ពី​គ្នា​របស់ EU ឆ្លុះ​បញ្ចាំង​ពី​តថភាព​នេះ៖ រដ្ឋជា​សមាជិក​ទាំងឡាយ​ខកខាន​មិនបាន​ផ្ដល់​ការគ្រប់គ្រង​ថ្នាក់​ជាតិ​ដល់​ស្ថាប័ន​បែប supranationalism លើ​បញ្ហា​នយោបាយ​ក្ដៅៗ​ដូចជា​គោលនយោបាយ​ការបរទេស និង​កិច្ចការ​យុត្តិធម៌​។

ឧបសគ្គ​ភ្លាមៗ​មួយ​ក្នុងចំណោម​ឧបសគ្គ​ជាច្រើន​ដែល EU ប្រឈមមុខ​គឺ​ធានា​ឲ្យ​បាន​នូវ​ជោគជ័យ​ក្នុង​គោលដៅ​យូរអង្វែង​របស់​ប្រាក់អឺរ៉ូ ដែល​ជា​ជោគជ័យ​មួយ អាស្រ័យ​ថាតើ​ស្ថាប័ន​ហិរញ្ញវត្ថុ និង​ទីផ្សារ​ពិភពលោក​អាច​ទទួលស្គាល់​វា​បាន​ក្នុង​កម្រិត​ណា​។ ការពង្រីក​សមាជិកភាព EU ដោយ​បញ្ចូល​អឺរ៉ុប​ខាងកើត​គួរតែ​អាច​បង្កើន​វិសាលភាព​សេដ្ឋកិច្ច តាមរយៈ​ការពង្រីក​ទីផ្សារ​រួម និង​ការ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។ EU សង្ឃឹម​ថា​ការពង្រីក​សមាជិកភាព​នឹង​ជួយ​ពង្រឹង​ជំហរ​របស់ EU រួម​សំឡេង​តែមួយ​ក្នុង​កិច្ចការ​ពិភពលោក និង​ចូល​រួមចំណែក​ការពារ​សន្តិសុខ និង​ស្ថិរភាព​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​។

យ៉ាងណាមិញ គេ​សង្កេតឃើញ​ថា EU និង​រដ្ឋ​ជា​សមាជិក​ជួប​ការលំបាក​ក្នុង​ការពង្រីង​ការ​បង្រួបបង្រួម​លើ​អនាគត​នៃ​ហិរញ្ញវត្ថុ និង​រចនាសម្ព័ន្ធ EU ក្រោយពេល​ពង្រីក​សមាជិកភាព​។ យោង​តាម​លក្ខខណ្ឌ​បច្ចុប្បន្ន កញ្ចប់​ថវិកា​ដែល​ត្រូវ​ចែកចាយ​ក្នុង​គោលនយោបាយ​កសិកម្ម​រួម (CAP) ដើម្បី​គាំទ្រ​ដល់​វិស័យ​កសិកម្ម និង​ដែល​ជា​ចំនួន​ដ៏​ធំ​បំផុត​នៃ​ខ្ទង់​ចំណាយ​របស់ EU នឹង​ត្រូវ​ធ្លាក់​លើ​រដ្ឋ​សមាជិក​ថ្មី​។ ប្រការ​នេះ​ជា​ការ​រំលឹក និង​ព្រមាន​ដល់​រដ្ឋ​សមាជិក​ចាស់​ក្រីក្រ ដែល​ធ្លាប់​ទទួល​មូលនិធិ​ទាំងនេះ​ក្នុងពេលដែល​រដ្ឋ​សមាជិក​មាន​កំពុង​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្ដល់​មូលនិធិ​បន្ថែម​ទៀត​ដល់ CAP ។ -----នៅមានត----

ឯកសារយោងកែប្រែ

សហភាពអឺរ៉ុប បកប្រែ​ដោយៈ ថា លាងអាង (THA LEANG ANG) Archived 22 July 2011[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន. ដេប៉ាតឺម៉ង់ ប្រវត្តិវិទ្យា Archived 4 December 2008[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន. សាកលវិទ្យាល័យភូមិន្ទភំពេញ

សូមមើលផងដែរកែប្រែ

ទំព័រគំរូ:សហភាពអឺរ៉ុប