ប្រវត្តិអាចារ្យ ហែម ចៀវ (កំណាព្យ)
ប្រវត្តិអាចារ្យ ហែម ចៀវ គឺជាចំណងជើងកំណាព្យមួយ និពន្ធដោយ វ៉ា ប៊ុណ្ណនី ជាបទពាក្យ៧ធម្មតា ដែលមានខ្លឹមសារឆ្លុះបញ្ចាំងអំពីប្រវត្តិ ក៏ដូចជាវិរភាពរបស់អាចារ្យ ហែម ចៀវ ។
អត្ថបទកំណាព្យ
កែប្រែ១-សូមលើកម្រាមដប់ប្រសព្វផ្គុំ | ចំណោមជំនុំរូតរ៉ាយរ៉ាប់ | លើកយកប្រវត្តិដែលមានស្រាប់ | សង្ខេបឱ្យឆាប់បទកំណាព្យ។ | |||
២-ឆ្នាំចិតសិបពីរលោកគុយ ឡូត | ចរិតស្លូតបូតបែកញើសដាប | សរសេរចងក្រងរៀងដរាប | ថ្នាលសាបសម្រាប់ជនប្រុសស្រី។ | |||
៣-រហូតដល់ឆ្នាំពីរពាន់ដប់ | ពីរស្រាយកំណប់សាជាថ្មី | ត្មាត វ៉ា ប៊ុណ្ណនីប្រញាប់ខ្មី | សរុបសេចក្តីចងចុងចួន។ | |||
៤-ភាសាបេះដូងពាក្យប្រាំពីរ | តាំងចិត្តសំភីដូនតាក្បួន | តាំងចិត្តមោះមុតរឹងមាំមួន | ជំងឺគុំកួនកើតខិតខំ។ | |||
៥-សូមថ្លែងរៀបរាប់ពីតួអង្គ | ពាក្យសត្យពាក្យសង្ឃឱ្យស័ក្តិសម | គ្រួសារខ្សត់ខ្សោយតែងលត់ដំ | បើពោលឱ្យចំព្យាយាមខ្លាំង។ | |||
៦-ត្រកូលជនបទក្បែរភ្នំពេញ | គ្មានចិត្តទោម្នេញប្រើកម្លាំង | ចិញ្ចឹមកូនចៅស្រែចម្បាំង | តតាំងប្រឹថពីក្រតែមាន។ | |||
៧-កុមារហែម ចៀវ បឋមវ័យ | ជីវិតមានន័យដ្បិតរស់រាន | ឃុំទំនប់ធំកំណើតស្ពាន | ស្រូវស្រែកល់លានពញាឮ។ | |||
៨-បុរាណសម័យខេត្តកណ្តាល | កុមារស្រួចស្រាលនឹងជំងឺ | ស្រឡាញ់វត្តវ៉ាទោះបីឈឺ | រន្ទឺទេសនាត្រងត្រាប់ស្តាប់។ | |||
៩-លោកពុកនាមហែមចិត្តជ្រះថ្លា | ស្រឡាញ់សាសនាជាក្បួនច្បាប់ | កូនប្រុសគ្រប់វ័យបញ្ជូនឆាប់ | សូមថ្លែងសាសព្ទផ្ញើអាចារ្យ។ | |||
១០-ព្រះគ្រូសត្ថា ជួន ណាតខ្ពស់ | មានកិត្តិយសដីខេមរា | ទទួលបង្ហាត់យកអាសា | ក្លាយពីកូនស្វាមកជាមនុស្ស។ | |||
១១-វត្តឧណ្ណាលោមលោកគង់នៅ | រាក់ជ្រៅស្អុះក្តៅជួយបក់មូស | ចូលវត្តលោកតាដាំបាយពុះ | ចិន្តាសែនលុះការសិក្សា។ | |||
១២-ព្រះគ្រូពេញចិត្តនឹងសិស្សថ្មី | ទេសនាធិបតីផ្តងម្តេចម្តា | ប្រើស្ពាយថង់យាមមានដាក់ស្លា | ឱ្យរៀនធម៌អាថ៌បួសថ្ងៃមុខ។ | |||
១៣-ដល់ពេលវេលាបួសសាមណេរ | ខំប្រឹងសរសេររកទំនុក | មិនភ្លចបណ្តាំអ្នកម៉ែពុក | ពុះពាររានរុកឱ្យចាំស្ទាត់។ | |||
១៤-កូននេនអង្គនេះសែនឆ្លាតវៃ | អារម្មណ៍រំពៃមិនភ្លាំងភ្លាត់ | មិនចេះលេងសើចចេញពីវត្ត | គ្មានចិត្តរាយរាត់ឆ្ងាយរៀនសូត្រ។ | |||
១៥-ឆ្នាំ១៧ -វ័យម្ភៃឆ្នាំ | បំពេញសកម្មរៀងរហូត | បួសជាភិក្ខុចរិតស្លូត | ព្រះឧបជ្ឈាសូត្រនាមល្វី ឯម។ | |||
១៦-បំបួសនៅទីវត្តលង្កា | មានព្រះមហា ថោង ផ្អែមល្ហែម | ព្រះគ្រូសត្ថា ជួន ណាត ថែម | គ្រូសូត្របន្ថែមបំពេញច្បាប់។ | |||
១៧-នាមព្រះឆាយវង្សជាបវរ | ភិក្ខុសែនល្អហើយចំណាប់ | រៀនសូត្រឧស្សាហ៍ក្នុងពេលឆាប់ | ត្រងត្រាប់ប្រឡងសញ្ញាបត្រ។ | |||
១៨-សាលាបាលីផងជាន់ខ្ពស់ | សែនល្បីល្បាញឈ្មោះប្រសើរក្តាត់ | រាជការបារាំងបញ្ជូនស្ងាត់ | កំពតរសាត់ជួយបង្រៀន។ | |||
១៩-លោករ៉េស៊ីដង់រកអ្នកចេះ | ដែលមានតម្រឹះប្រាជ្ញរបៀន | គរុកោសល្យដែលបានរៀន | សាលាវត្តកៀនភាគនិរតី។ | |||
២០-បង្រៀនធម៌អាថ៌សមណសិស្ស | ចាប់ផ្តើមប្រើសៗនាទឹកដី | នាវត្តក្រាំងដូងមិនអប្រិយ | សិរីបន្ទាយមាស(កំពត)។ | |||
២១-នាទីអារាមខំប្រឹងប្រែង | សម្តែងបម្រើមាំមិនល្វត | ជូនរាស្រ្តថ្វាយហ្លួងប្រមើលទត | ទើសរតផ្លូវធម៌និងផ្លូវលោក។ | |||
២២-ភិក្ខុត្រូវបានឧបាសក | ពោលមិនកុហកពិតមានជោគ | ចាស់ទុំចូលចិត្តដ្បិតទេសព្រោក | យល់យោគសន្តោសនិងមេត្តា។ | |||
២៣-ឆ្នាំ៣១ជម្រើសថ្មី | សាលាបាលីសាស្ត្រាចារ្យ | ចម្រាញ់ពីររូបមិនធម្មតា | តើបានអ្នកណាជាប់លេខទៅ?។ | |||
២៤-ភិក្ខុអ៊ុច រស់ជាប់លេខមួយ | ប៉ែន សុខគ្មានព្រួយនាមនិត្យនៅ | ពិតជាប់លេខពីរគ្រប់រាងរៅ | ហែម ចៀវនៅព្រៅជាប់លេខបី។ | |||
២៥-ក្រោយមកឧកញ្ញា កង បានស្លាប់ | ក្រមការចំណាប់នាលោកិយ | ជុំ ម៉ៅជើងចាស់ជំនុំខ្មី | អធិបតីរាជបណ្ណាល័យ។ | |||
២៦-ពិគ្រោះបារាំងកាប៊ីឡែស | ស្រួយស្រែសកញ្ញានាសម័យ | វិបុលមលធម្មថោងប្រាស្រ័យ | ចក្រីប៉ុណ្ណថ្លៃ រដ្ឋមន្រ្តី។ | |||
២៧-ចែងចាត់ភិក្ខុនាមហែម ចៀវ | ស្រួចស្រៀវឃើញមានជាសក្ខី | ឆ្នាំ៣២នោះវិញថ្មី | គ្រូប្រៀនបាលីរាជធានី។ | |||
២៨-លោកសាស្ត្រាចារ្យងារមួយទៀត | បុរាណបញ្ជ្រៀតមាននាទី | សមាជិកក្រុមតែងសំភី | ប្រឹថពីជំនុំត្រៃបិតក។ | |||
២៩-អាចារ្យហែម ចៀវទស្សនៈខ្ពស់ | គំនិតមួយឆ្ពោះមិនកុហក | គំនិតជឿនលឿនមិនដំអក់ | វិទ្យាត្រួយល្ហក់ពិភពលោក។ | |||
៣០-អានសារព័ត៌មានជាប្រចាំ | ចរិតសកម្មទាំងប្រាជ្ញព្រោក | ទស្សនាវដ្តី ថៃរងោក | មិនចូលចិត្តឈ្ងោកឱបបារាំង។ | |||
៣១-ខ្មែរមានកាសែតតែមួយគត់ | នគរវត្តពត់មតិខ្មាំង | លោកសឹង ង៉ុកថាញ់ក្រោកតតាំង | ព្រមទាំងជើងខ្លាំងនាមស៊ឹម វ៉ា។ | |||
៣២-មានលោកប៉ាច ឈឺន ជាមន្ត្រី | ដែលអ្នកទាំងបីជួយរដ្ឋា | ដឹកនាំកាសែតមិនធម្មតា | ខ្មែរគ្មានទស្សនាវដ្តីទេ។ | |||
៣៣-ពិភពអារ៉ាប់និងអាហ្រ្វិក | បារាំងជាន់ខ្ទេចនាបុព្វេ | អាណានិគមគ្មានចិត្តរេ | រួមនឹងដែនក្មេរមួយផងដែរ។ | |||
៣៤-អាចារ្យហែម ចៀវបានដំណឹង | ផុះឡើងកំហឹងពីរឿងខ្មែរ | ស្ម័គ្រក្រោកសត៊ូមិនប្រួលប្រែ | មាសស្នេហ៍សម្ងាត់នឹងស្បែកស។ | |||
៣៥-ហែម ចៀវមានមិត្តម៉ានីពូ | ជំនុំរអ៊ូចិត្តស្មោះសរ | ផ្នែកបដិវត្តន៍ពិតបវរ | បំភ្លឺមិនក្រឱ្យក្រោកឈរ។ | |||
៣៦-ពេលនោះបារាំងជាន់ទ្វីបច្រើន | កំណើនអ៊ឺរ៉ុបតែលឹបល | ចាញ់អាឡឺម៉ង់ស្លាប់ជើងគរ | ហៀម ចៀវ ស្ម័គ្រឈរអាឡឺម៉ង់។ | |||
៣៧-កាលគ្រាសម័យខ្មែរជ្រកស្លាប | បារាំងសំយ៉ាបមិនអែអង់ | តែលោកអាចារ្យនិយមសង្ឃ | ចង់ពត់តម្រង់ដល់សិស្សគណ។ | |||
៣៨-ចង់ពត់ចរិតដល់ផងខ្មែរ | ទោះកូនអ្នកស្រែចិត្តមិនទន់ | ក្រោកឡើងប្រឆាំងចោរលោភលន់ | មិនត្រូវទម្រន់ការប្រទេស។ | |||
៣៩-អាចារ្យប៉ែន សុខ ជាមិត្តភក្តិ | ពោលមិនដែលលាក់ខ្លាចនិរេស | ត្រូវប្រយ័ត្នមាត់កុំធ្វាំងធ្វេស | បារាំងនិរទេសចេញពីស្រុក។ | |||
៤០-ហែម ចៀវចចេសនិងរឹងរូស | បងសុខមិនលុះនៅស្រណុក | ស្ងៀមមួយកន្លែងកុំសាប់សុខ | មិននៅសំកុកលោករំជួល។ | |||
៤១-ទីមួយជឿនលឿនគិតទឹកដី | ពន្យល់អ្វីៗគ្មានប្រែប្រួល | នួន ឌួង កូនសិស្សគំនិតស្រួល | បបួលគូកនស្ម័គ្ររួមគ្នា។ | |||
៤២-ទីពីរគិតពីបដិវត្តន៍ | មិនត្រូវរាយរាត់ដែនធារា | នៅពេលទេសនាជូនប្រជា | បញ្ចូលមាគ៌ាក្រើនរំលឹក។ | |||
៤៣-ដាស់បរិស័ទរៀងដរាប | រនោចខែស្រាពកុំជូរស្ពឹក | យកឯករាជ្យវិញមមាញឹក | ស្អែកព្រហាមព្រឹកនាទឹកដី។ | |||
៤៤-លោកប្រកាន់យកវិរិយៈ | មានចិត្តជំពាក់ព្យាយាមខ្មី | កុំខ្ជិលច្រអូសទុំក្រក្រី | បណ្តោយលោកិយអន្តរធាន។ | |||
៤៥-ភាពខ្ជិលនេះឯងធ្លាក់ទាសភាព | បើមិនជ្រួតជ្រាបមិនអាចមាន | កិលេសហួសហេតុឆ្ងាយនិព្វាន | ទន្ទ្រានជីវិតវដ្តសង្សារ។ | |||
៤៦-ទាសភាពជាន់កកូនតចៅ | ពូជពង្សញាតិផៅអន្ធការ | ក្រោកឡើងតស៊ូហើយប្រហារ | កុំឱ្យសង្កាក្នុងជីវិត។ | |||
៤៧-អប់រំប្រដៅបរិស័ទ | ដើម្បីកម្ចាត់ក្រជំរឹត | គ្រោះអវិជ្ជាជាការពិត | ឱ្យចេះរែងគិតប្រយោជន៍ល្អ។ | |||
៤៨-ថ្លែងព្រះជនកពោធិសត្វ | មិនដែលបង់បាត់គុណបវរ | ទោះលេចសំពៅមិនសល់ក្រ | តែងមានអំណរដោយព្យាយាម។ | |||
៤៩-យល់ដឹងថាស្លាប់ក្នុងសមុទ្រ | តែមិនញ៉មច្យុតឬទីមទាម | មច្ចុសម្លឹងហើយគំរាម | អធិដ្ឋានភ្លាមសម្អាតធ្មេញ។ | |||
៥០-ផ្អែកលើព្រះធម៌ជានាវា | បញ្ជាផ្លូវចិត្តផ្តើមទន្ទេញ | ព្រះចន្ទរះឡើងគ្មានទោម្នេញ | កម្មកាចរលេញចាកចេញទៅ។ | |||
៥១-លោកតែងពុះពារកម្រិតខ្ពស់ | ក្នុងកិត្តិយសប្រៀបសំពៅ | ចាកចេញពីផែតែនាមនៅ | ឱ្យញាតិភូមិព្នៅបានស្គាល់ដឹង។ | |||
៥២-និមន្តទេសនាបញ្ជ្រៀតចូល | ប្រមូលកៀរគរផ្សាយដំណឹង | ពីរឿងស្រុកទេសឱ្យថ្លាថ្លឹង | សុទ្ធសឹងប្រយោជន៍ដល់សង្គម។ | |||
៥៣-ទីបីរំលឹកប្រជាជន | មិនត្រូវទោរទន់ឬលំៗ | ទម្លាប់មិនល្អជួនកើតយំ | ប្រគំគំនិតចេះលះបង់។ | |||
៥៤-រៀបចំកូនចៅគូស្រករ | មិនគួរអំណរពោលត្រឹមត្រង់ | រើសកូនប្រសាឱ្យចំប្លង់ | យកមកសាងសង់បម្រើខ្លួន។ | |||
៥៥-បង្គាប់សែនខ្ពស់ឱ្យសាងផ្ទះ | គួរតែជម្រះឱ្យមាំមួន | ថ្វីដ្បិតតែខ្មែរកាន់មិនខ្ជួន | បីបួនតំណមិនសមស្រប។ | |||
៥៦-អយុត្តិធម៌ក្នុងសង្គម | ឱ្យខាងប្រុសយំមាត់ត្រហម | ដើរខ្ចីបុលគេបែបរណប | ដូចដើមប្រក្លបត្រូវទំនាយ។ | |||
៥៧-សង្គហធម៌ចំពោះកូន | សរសើរដល់ដូនគ្មានមោះមាយ | ស្រឡាញ់ស្មើគ្នាមិនរំលាយ | រួសរាយរាក់ទាក់ជាមង្គល។ | |||
៥៨-ចំណុចទីបួនអប់រំខ្មែរ | ត្រកូលយើងស្រែគិតឱ្យយល់ | ជូនកូនទៅរៀនទោះរវល់ | នឹងចាកអំពល់មានចំណេះ។ | |||
៥៩-បញ្ចូនសិក្សាវត្ត-ទីក្រុង | ងងឹតតសូន្យសុងបើប្រហែស | ផ្ញើគ្រូអាចារ្យរកតម្រឹះ | សត្រូវមកកេះមិនងាយលង់។ | |||
៦០-មិនបានទៅរៀនបារាំងកេណ្ឌ | កំណែនទាហានឱ្យរញង់ | កាត់ស្មៅប៉ារីសដ្បិតល្ងិតល្ងង់ | ជាប់ជង់ព្រោះតែអវិជ្ជា។ | |||
៦១-ទី៥លោកគិតសុខភាព | ប្រជាទន់ទាបដែលរងា | ភូមិឃុំជនបទគ្មានលោះលា | កុំឱ្យឈឺជានាំតែខាត។ | |||
៦២-រំលឹកក្មេងក្មាងតាមភូមិក | កខ្វក់មិនល្អគួរសង្វាត | ងូតទឹកដុសក្អែលត្រូវឱហាត | បើស្អាតកាលណាមានជ័យជោគ។ | |||
៦៣-សម័យឧដុង្គមានជំងឺ | អ្នកស្រុកច្រើនឈឺអាសន្នរោគ | អុតស្វាយរាគរូសមានគគោក | ស្លាប់ពាយរងោកគួរស្តាយណាស់។ | |||
៦៤-ប្រាំមួយអប់រំមិនធ្វាំងធ្វេស | រៀនបច្ចេកទេសឱ្យចាំច្បាស់ | ជាងឡានម៉ាស៊ីនលោកបានដាស់ | បើខ្មាសជិតខាងប្រាក់ហូរចេញ។ | |||
៦៥-តភ្លើងបណ្តាញអគ្គីសនី | មិនត្រូវខ្ជាខ្ជីកើនចំណេញ | ចាយច្រើនដាំដុះដូចដេញ | នាមប៉ោល្អិតស្មេញចេះធ្វើឡាន។ | |||
៦៦-និមន្តទៅណាពិបាកក្រៃ | មិនស៊ីវិល័យតាមលំអាន | រថយន្តមានតិចបម្រើបាន | លោកពូកែស្មានបុណ្យចាត់ចែង។ | |||
៦៧-ទីពេញនិយមផងអ្នកស្រុក | និមន្តតត្រុកមិនរអែង | ទេសន៍ជួយបុណ្យសពមិនដែលក្រែង | ប៉ែន សុខមិត្តឯងបានជួយដែរ។ | |||
៦៨-ប្រជាប្រិយភាពខ្លាំងលើសលប់ | ព្រលឹមព្រលប់និគមស្រែ | សិស្សសង្ឃ ជួន ណាត សែនពូកែ | ទេសនាគ្មានល្ហែគ្រប់កន្លែង។ | |||
៦៩-ទទួលងារជាព្រះបាល័ត | រែងប្រសើរក្តាត់ដ្បិតព្រះស្តែង | វត្តឧណ្ណាលោមគ្មានចំបែង | អារម្មណ៍មិនក្រែងបរទេស។ | |||
៧០-មាតាបិតាលោកដឹងគុណ | ទោះធ្ងន់ម្តេចម្តាមិនដែលធ្វេស | បទទីប្រាំពីរកត្តិក ជេស្ឋ | ពេលទេសន៍គោរពគ្រូជួន ណាត។ | |||
៧១-សៀវភៅមួយក្បាលត្រូវផលិត | គំនិតឱក ឱម គ្រូឱហាត | ចែកជាធម្មទានបានសុទ្ធសាធ | ក្បួនខ្នាតមាននាម ‹ទានកថា›។ | |||
៧២-ប្រាំបីចិត្តទានក្រៃកន្លង | ជួយសិស្សគណផងឱ្យសិក្សា | ដ្បិតក្រលំបាកច្រើនប្រការ | គំនិតប្រាជ្ញាចាកខ្សត់ខ្សោយ។ | |||
៧៣-លោកតែងរំលឹកគហបតី | ថៅកែមានថ្មីកុំបណ្តោយ | ត្រូវមានសទ្ធាកុំងាកក្រោយ | ជួយមិនកន្តើយទុព្វលភាព។ | |||
៧៤-ប្រដែប្រដៅដល់សត្វលោក | ដែលមានគគោកទោះខ្ពស់ទាប | សព្វេ សត្តា គួរតែជ្រាប | រៀងរាប អាហារដ្ឋិតិកា។ | |||
៧៥-ស្លេះទុករឿងល្អមួយអន្លើ | ទង្វើប្រឆាំងដោយចេតនា | ក្រោកឡើងតស៊ូយ៉ាងសង្ហា | សច្ចារំដោះជាតិទឹកដី។ | |||
៧៦-ហែម ចៀវមោះមុតមិនខ្លាចស្លាប់ | តស៊ូប្រញាប់ហើយឃ្មាតខ្មី | លោកសឺង ង៉ុកថាញ់ដឹកនាំថ្មី | រួមអធិបតីមេកាសែត។ | |||
៧៧-សាមសិបប្រាំមួយឆ្នាំចាប់ផ្តើម | ដង្ហើមខ្មៅខ្មែរគ្រប់ខណ្ឌខេត្ត | សា‹នគរវត្ត›ផ្សាយត្រសែត | មូលហេតុបារាំងដាក់នឹមខ្មែរ។ | |||
៧៨-ផ្សព្វផ្សាយឱ្យរាស្រ្តបានយល់ដឹង | ផ្តល់សិទ្ធិដំណឹងនិគមស្រែ | ឯករាជ្យសេរីបម្លាស់ប្រែ | ព្រះសង្ឃផងដែរស្ម័គ្រមេត្រី។ | |||
៧៩-ផែនការចម្លែកបារាំងយល់ | ខ្មែរកើតអំពល់ជួបក្រក្រី | តាមដានយប់ថ្ងៃមិនចេញស្តី | បំបាត់សេរីបដិវត្តន៍។ | |||
៨០-កាសែតដាស់តឿនស្រឡាញ់ជាតិ | ជម្រាបញោមញាតិកុំភ្លាំងភ្លាត់ | ត្រូវតែរួបរួមក្រើនមូរមាត់ | ពង្រាត់បារាំងពីឃុំស្រុក។ | |||
៨១-ចំណេរតមកក្រុមការងារ | គ្នីគ្នាបួននាក់ទោះមិនសុខ | លោកសឺង ង៉ុកថាញ់អ្នកនាំមុខ | ប៊ុណ្ណចន្ទម៉ុលលុករួមនួន ឌួង។ | |||
៨២-ជាសមាជិកក្រុមសម្ងាត់ | ពិបាកបាំងបាត់ថែមជុំ មួង | ការងារសកម្មប្រឆាំងហ្លួង | ហែម ចៀវទាំងពួងសមាជិក។ | |||
៨៣-នាំបដិវត្តន៍ឆ្ពោះទៅមុខ | រិះរកទំនុករាល់ល្ងាចព្រឹក | អប់រំពន្យល់ក្រើនរំលឹក | ងើបក្រោកពីស្ពឹកអស់ប្រជា។ | |||
៨៤-ទាហានក្រហម សម័យនោះ | ទឹកចិត្តមិនលុះតែងឈ្លោះគ្នា | ទាហានជើងខ្មៅតែងខ្ជីខ្ជា | មិនស្តាប់បញ្ជាបែកសាមគ្គី។ | |||
៨៥-ប្រើឱ្យអប់រំក្នុងបន្ទាយ | កុំឱ្យរាយមាយហើយវក់វី | បក្សពួកបែកបាក់មិនសំភី | សីលធម៌នាទីឱ្យមូលមិត្ត។ | |||
៨៦-លោកសឺង ង៉ុកថាញ់បារាំងចាត់ | ប្រសើរពេកក្តាត់ស្របគំនិត | ជំនួស ជុំ ម៉ៅ ក្រមការពិត | សាសនបណ្ឌិត្យ ទីធ្វើការ។ | |||
៨៧-ចាត់ចែងជំនួសកាប៊ីឡែស | អាចារ្យស្រួយស្រែសតាមទេសនា | ល្បាញល្បីរន្ទឺស្របហេតុការណ៍ | ចរចេញយាត្រាប្រដៅសត្វ។ | |||
៨៨-អាចារ្យអប់រំខ្មែរពីរក្រុម | គំនួចផ្តួចផ្តុំត្រូវបំបាត់ | សាច់ស្បែកដូចគ្នាម៉ែបង្កាត់ | ការគិតខ្វែងចាត់ចាកទាស់ទុក្ខ។ | |||
៨៩-ទេសនាបញ្ឆិតរលឹកក្រើន | ឱ្យរួមកំណើនពេលថ្ងៃមុខ | រស់ក្រោមអំណាចដូចជាប់គុក | រិះរកទំនុកមិនឱ្យកុន។ | |||
៩០-ឆ្នាំសែសិបគត់ សឺង ង៉ុកថាញ់ | សស្រាញ់ទាក់ទងនឹងជប៉ុន | ដាយណង់គូស៊ី មិនតត្រុន | ស៊ើបការណ៍យកបុណ្យជួយខាងខ្មែរ។ | |||
៩១-ប្រសិនបែកការចូលបន្ទាយ | ជប៉ុនរំលាយសូម្បីខែ | ធនាគារជាតិ ទីស្ម័គ្រស្នេហ៍ | ពួកគេជួយកែផងបញ្ហា។ | |||
៩២-ឆ្នាំសែសិបពីរទាហានខ្មែរ | ស្ម័គ្រកម្លាំងដែរសម្រេចការ | មានមនុស្សជាច្រើនប៉ងប្រាថ្នា | ហែម ចៀវប្តេជ្ញាយ៉ាងសកម្ម។ | |||
៩៣-បារាំងឃ្លាំមើលបដិវត្តន៍ | ប្រសិនរាយរាត់ជួបចុកឆ្អាំ | ឃោសនាខេត្តក្រៅជាប្រចាំ | ដុតដាំបំផុសអស់ប្រជា។ | |||
៩៤-ពន្យល់អ្នកស្រុកឱ្យស្រឡាញ់ | ជាតិយ៉ាងសស្រាញ់គ្រប់អង្គា | ឱ្យភ្ញាក់រឭកនាំគ្នីគ្នា | រំលែកទ្រព្យាប្រាក់ច្រើនក្តាត់។ | |||
៩៥-ល្បីល្បាញកាន់តែមានគ្រោះថ្នាក់ | បារាំងចាត់ថ្នាក់គិញសម្ងាត់ | តាមសឺង ង៉ុក ថាញ់ ហែម ចៀវបាត់ | ស្ងៀមស្ងាត់អង្គឯងគ្មានជំនុំ។ | |||
៩៦-បណ្តាញទាក់ទងគ្រូអាចារ្យ | ស៊ឹម វ៉ា ប៉ាច ឈឺនថ្វាយបង្គំ | ចៅ សែនកុសល និងលោកឈុំ | តាន់ ម៉ៅមកជុំក្រុមអ្នកស្ម័គ្រ។ | |||
៩៧-ទាហានជើងខ្មៅជើងក្រហម | ចុះសមចូលរួមយ៉ាងសមស័ក្តិ | ដាស់តឿនហែម ចៀវប្រយ័ត្នឆ្លាក់ | បារាំងវាហាក់តាមដានហើយ។ | |||
៩៨-ហែម ចៀវមានះទីបំផុត | ទោះត្រូវគេដុតមិនខ្លាចឡើយ | ឱ្យតែស្រុកខ្មែរបានដល់ត្រើយ | ស្លាប់ខ្លួនក៏ដោយឱ្យជាតិរស់។ | |||
៩៩-គិញបានយកឈ្មោះទៅជូនមេ | បារាំងបុព្វេ‹សមប្រេ›ងោះ | ‹ប្រូហ្សឺតុង›ទៀតដណ្តើមយស | ហែម ចៀវបញ្ជោះឈ្លោះបារាំង។ | |||
១០០-ខែកក្កដា សែសិបពីរ | គេកាន់បញ្ជីមកតតាំង | នាយរដ្ឋមន្រ្តី ពីរឿងខ្មាំង | ‹អ៊ឹង អ៊ី›មិនខ្លាំងខ្លាចស្បែកស។ | |||
១០១-អ្នកធំក្រសួងមហាផ្ទៃ | ធម្មការលកលៃដោយចំហ | ‹ទា សាន›ក្នុងនាមមិនស្មោះសរ | ចាត់ចរ ‹ជុំ មួង ›ទៅនិមន្ត។ | |||
១០២-ហែម ចៀវសាកសួរទៅជុំ មួង | ទាំងពួងចេះដឹងមានលើសលន់ | ឬមួយអាត្មាបានជាប់ពន្ធ | ឬមួយទំងន់បដិវត្តន៍។ | |||
១០៣-ជុំ មឿងនិយាយ បើគេសួរ | ពង្វាងសំណួរមិនភ្លាំងភ្លាត់ | ឆ្លើយថាមិនដឹងជៀសធ្លោយមាត់ | ប្រយ័ត្នគេព័ទ្ធហើយចាប់ខ្លួន។ | |||
១០៤-ហៀម ចៀវនឹកឃើញយ៉ាងសស្រាញ់ | លោកសឺង ង៉ុកថាញ់កាន់ខ្ជាប់ខ្ជួន | កងអាវុធហត្ថទើបសមសួន | ក្រុមក្បួនជប៉ុនអាចជួយបាន។ | |||
១០៥-សាលសន្និសីទ្ធចាំត្រៀបត្រា | ទា សានចាត់ការយ៉ាងចំណាន | ខ្ញុំករុណានិមន្តថ្កាន | ហែម ចៀវលំអានដើម្បីផ្សឹក។ | |||
១០៦-ថ្លែងលោកអាចារ្យស្រឡាំងកាំង | ពិតចូលស៊ងខ្មាំងដោយគេដឹក | អាត្មាមិនបានបះបោរសឹក | បានឧប្បត្តិកភស្តុតាងណា?។ | |||
១០៧-ទា សានតបថាគិញសម្ងាត់ | តាមដានយូរក្តាត់ឃើញសព្វការណ៍ | បំផុសអ្នកស្រុកពេលទេសនា | ប្រឆាំងរាជការគ្មានទំនង។ | |||
១០៨-អាណាព្យាបាលបានដឹងអស់ | កន្លៀតកៀនកោះដំណាំរង | ដោះចីពរចេញមិនឱ្យគ្រង | ខោអាវរួសរងគ្រហស្តវិញ។ | |||
១០៩-រុញបញ្ចូលឡានមួយដង្ហើម | ជុំ មួង ធ្លាក់ថ្លើមចិត្តទន្ទេញ | ហែម ចៀវមានទោសទុក្ខទោម្នេញ | រត់ប្រាប់ជុំវិញក្រុមការងារ។ | |||
១១០-លោកសឺង ង៉ុកថាញ់បានយល់ការ | បានបញ្ជូនសារអស់ប្រជា | ឥឡូវបែកការណ៍ហើយគ្នីគ្នា | ប្រយ័ត្នគ្រប់គ្រាកុំប្រមាថ។ | |||
១១១-បារាំងបានចាប់ នួន ឌួងទៀត | ពិបាកស៊កសៀតពិតសុទ្ធសាធ | គិញបារាំងខ្មែរកូរកាយកាត | ឱហាតដើម្បីរកឯកសារ។ | |||
១១២-រុករកមិនឃើញអ្វីសោះឡើយ | ហែម ចៀវដោះហើយប្រយ័ត្នការណ៍ | ក្រែងលោថ្លោះធ្លោយជួបបញ្ហា | អង្កេតយ៉ាងណាមិនលេចមុខ។ | |||
១១៣-លោកសឺង ង៉ុកថាញ់អ្នកគ្រប់គ្រង | ប៊ុណ្ណចន្ទម៉ុលរងរកទំនុក | ធ្វើបាតុកម្មក្តៅគគុក | វាយលុកចិត្តសាស្រ្តអហឹង្សា។ | |||
១១៤-ម្ភៃកក្កដាសែសិបពីរ | នាទីបាតុកម្មចរចា | ព្រះសង្ឃជិតឆ្ងាយទីសព្វសារ | នៅវត្តលង្កាប្រមូលជុំ។ | |||
១១៥-វត្តឧណ្ណាលោមក៏មានដែរ | ដង្ហែដំណើរកាន់វត្តភ្នំ | ទីរ៉េស៊ីដង់រស់ទ្រនំ | អង្គក្បួនប្រគំរួមបដា។ | |||
១១៦-សំណើ‹ដោះលែងមនុស្សពីរនាក់› | មានជាក់ហែម ចៀវគ្រូអាចារ្យ | នួន ឌួងសិស្សគណមិនធម្មតា | ព្រះពុទ្ធសាសនាសែ្រកជយោ។ | |||
១១៧-មានលោកប៉ាច ឈឺននាំមុខគេ | ប្រឹងគ្មានទំនេរចិត្តកញ្ជ្រោ | តែរ៉េស៊ីដង់មិនពុះពោរ | ហឹង្សារុលរោទិ៍ជាប់អន្ទាក់។ | |||
១១៨-ប៉ាច ឈឺនលង់ខ្លួនចេញមិនរួច | ពួកគិញលបលួចចាប់ឈ្លើយជាក់ | បាតុករជ្រួលចិត្តជំពាក់ | ចាប់គ្នាយើងលាក់ក្នុងគុហា។ | |||
១១៩-ហឹង្សាកើតមានពេញបន្ទុក | ព្រះសង្ឃវាយលុកក្រៅបញ្ជា | ឈាមក្បាលបារាំងស្ទើរគ្រប់គ្នា | ចុងឆ័ត្រជាមារប្រើអាវុធ។ | |||
១២០-ប្រកាប់ប្រចាក់ខ្លាំងអស្ចារ្យ | បារាំងផ្ញើសារយ៉ាងមោះមុត | នាំគ្នាពីរឡានថែមពួកស្គុត | តម្រួតតយុទ្ធបំបែកហ្វូង។ | |||
១២១-រំសាយកម្លាំងទីជិតឆ្ងាយ | ខ្ចាត់ខ្ចាយទៅស្រុកស្ទើរដាំដូង | ខ្លះទៅស្រុកសៀមស្រែកឡូងៗ | បារាំងវាយផូងខ្មែរបាក់ស៊្រុប។ | |||
១២២-ចំណេរតមកបារាំងចាប់ | ប៊ុណ្ណចន្ទម៉ុលឆាប់មិនអាចទប់ | ភិក្ខុ ប៉ាង ខាត់ចេះលើសលប់ | គម្រប់ជាគ្នា៥នាក់-អង្គ។ | |||
១២៣-នាខែសីហាសែសិបពីរ | បារាំងជាន់ឈ្លីដល់ព្រះសង្ឃ | សាលាបាលីដែលផូរផង់ | ត្រូវបិទតម្រង់រើរៀបរយ។ | |||
១២៤-នេះនឹងថ្លាថ្លែងចែងសេចក្តី | ស្បែកសអប្រិយជាគិញគយ | ហែម ចៀវ នួន ឌួងចាប់រជយ | សាកសួរបំភ្លយផ្តិតមេដៃ។ | |||
១២៥-ប៉ាច ឈឺនទី៣ក៏ចាប់បាន | សន្តានកូនខ្មែរគ្រាសម័យ | ញាត់ក្នុងគុកធំគ្មានអាល័យ | បារាំងចង្រៃគ្មានមេត្តា។ | |||
១២៦-គុកធំទុក្ខធំវេទនាស្មោះ | ពេលដេកដាក់ខ្នោះដូចប្រហារ | ដេកផ្ទាល់នឹងឥដ្ឋសែនខ្លោចផ្សា | អាហារទាំងអស់សុទ្ធផ្អូមជូរ។ | |||
១២៧-បន្ទប់ងងឹតជិតសូន្យសុង | គ្មានចង្កៀងថ្លុងបាយផ្អាប់យូរ | ចានដាក់បាយវិញយាយតាពូ | រើសមកពីលូចូកបង្គន់។ | |||
១២៨-អប្រិយគ្មានពីរនៅលើលោក | ពួកបារាំងឈ្ងោកតាំងរិះគន់ | ចោទបដិវត្តន៍ទុរជន | ទោសធ្ងន់បំផ្លាញការក្រោកឈរ។ | |||
១២៩-ហែម ចៀវមិនហូបបាយល្ងាចទេ | គ្នាន់គ្នេរជាសង្ឃមួយជំហរ | គុកឋាននរកមិនលឹបល | ពឹងពររកគិតផ្លូវដោះស្រាយ។ | |||
១៣០-ប្រមាណ១០ថ្ងៃរងទារុណ | នាំឡើងរថយន្តហាក់រសាយ | ដោះខ្នោះដៃចេញមិនសប្បាយ | បីនាក់កម្ចាយទៅឯណា?។ | |||
១៣១-ឡានឆ្ពោះតម្រង់កំពង់ផែ | ទីពីយ័រដែរ ដីខេមរា | វិមានរដ្ឋាភិបាលចារ | រ៉េស៊ីដង់សានាមុខផ្ទះ។ | |||
១៣២-មកដល់ត្រឹមនេះទើបភ្ញាក់ខ្លួន | បញ្ជូនមាសស្ងួនទាំងរូតរះ | ទៅព្រៃនគរគុកជម្រះ | ព្រោះតែចង់ឈ្នះពួកបារាំង។ | |||
១៣៣-ចូលក្នុងកប៉ាល់ឃ្លប់ងងឹត | សូន្យឈឹងពិតៗចាត់ជាខ្មាំង | ចាកទិសតំបន់ពួកចោរផ្សាំង | ជាប់ខ្នោះជាប់ខ្នាំងដូចជាប់អូរ។ | |||
១៣៤-ដល់ទីសំចតផងកប៉ាល់ | មានកាប៉ូរាលពួក ម៉ាត់ឡូ | រុញចូលឡានទៀតមិនស្រែកថ្ងូរ | ផ្លាស់ប្តូរអាគារធំជង្រ្គឹង។ | |||
១៣៥- Prison Centrale ប៉ាយបារាំង | បណ្តើរពួកខ្មាំងមិននៅហ្នឹង | ចូលគុកភ្លាមៗកុំទទឹង | កុំរឹងត្រូវផ្លាស់ខោអាវថ្មី។ | |||
១៣៦-ស្លៀកខោអាវគុកចូលសាលធំ | ជាន់ទីបួនដុំសាលលេខបី | អាគារតូចធំពាសពេញដី | ជាន់ពីរជាន់បីនិងជាន់បួន។ | |||
១៣៧-នៅផ្នែកទីមួយនៃសាលធំ | ពូនផ្តុំដាក់ខ្មែដែលមិនខ្ជួន | នៅផ្នែកទីបីដាក់ពាក់ឌួន | បើទោសផ្ទួនៗប្តូរកន្លែង។ | |||
១៣៨-នួន ឌួង ប៉ាច ឈឺននិងហែម ចៀវ | ហត់ស្រៀវប៉កល្វើយផងព្រះស្តែង | ពួកកាប៉ូរ៉ាល់ មិនគិតក្រែង | សំញ៉ែញក្រអាញមាឌធំមាំ។ | |||
១៣៩-មានអ្នកទោសម្នាក់សសៀរប្រាប់ | រ៉ាយរ៉ាប់ហែម ចៀវត្រូវតែទ្រាំ | កាប៉ូរ៉ាល់កាចទោសអន្លាំ | ខ្មែរក្រោមវាយស៊ាំក្នុងគុកនេះ។ | |||
១៤០-គោរពដៃបិវ ទុកជាស្តេច | សំពះបូរបាច់ជាជំនិះ | ពោលសុំជ្រកកោនគួររេរិះ | អ្នកឯងជាពីស គេវាយដំ។ | |||
១៤១-ពេលនោះហែម ចៀវបានកេះប្រាប់ | ដល់សិស្សចំណាប់ឱ្យចាំចំ | នួន ឌួងអមគមត្រូវលត់ដំ | ទោះត្រូវគេច្រំឬមួយធាក់។ | |||
១៤២-កាប៉ូរ៉ាល់ហៅអ្នកទោសសួរ | ឱ្យឈរត្រង់ជួរពីរបីនាក់ | នួន ឌួងមុនគេលូនចូលជាក់ | មិនលាក់សំពះលុតទល់មុខ។ | |||
១៤៣-កាប៉ូរ៉ាល់កាចបានព្រះស្តែង | នែក!ពួកអាអ្ហែងម៉េចជាប់គុក | នួន ឌួងឆ្លើយថាលោកប្រមុខ | បន្ទុកបះបោរនឹងបារាំង។ | |||
១៤៤-ថាក្បត់បារាំងនៅស្រុកខ្មែរ | ក្បត់ចម្ការស្រែអ្នកចម្បាំង | អ្នកទោសឆ្លើយឡើងទាំងមុខស្លាំង | មេទះតុកផាំងអាជនក្បត់។ | |||
១៤៥-មេការកំណាចពោលយ៉ាងខ្លាំង | ឯងក្បត់បារាំងជួញកម្សត់ | ចាត់ការកនយើងឱ្យស្បែស្បថ | កម្រោលសង្កត់សន្លប់ឈឹង។ | |||
១៤៦-ហែម ចៀវខ្លោចចិត្តនឹកអាណិត | ហើយរែងតូចចិត្តគ្មានអ្វីពឹង | ដល់វេនលោកម្តងមិននៅហ្នឹង | មិនរឹងចូលទៅរាយសព្ទសា។ | |||
១៤៧-ខ្ញុំបាទតាមពិតជាព្រះសង្ឃ | គេផ្សឹកបកស្បង់យ៉ាងខ្លោចផ្សា | ចោទផ្លុំត្រចៀកតាមទេសនា | ពន្យល់កិច្ចការប្រជាជន។ | |||
១៤៨-ណែនាំឱ្យស្គាល់កងកុសល | ចេះរកហេតុផលកាយបន្ទន់ | ឱ្យដើរតាមផ្លូវមិនលោភលន់ | តែងមន្តប្រដៅគ្រប់កន្លែង។ | |||
១៤៩-ពួកគិញបារាំងតែងតែស្អប់ | ចោទថាបង្កប់ធម៌សម្តែង | រួមក្បត់បារាំងហើយសំញ៉ែញ | សូមទានព្រះស្តែងមេត្តាផង។ | |||
១៥០-ហែម ចៀវសាសព្ទរ៉ាយរ៉ាប់ជាក់ | មេគុកក្រោកភ្ញាក់គ្រានោះម្តង | អាអ្ហែងសង្ឃទេជាប់ចំណង | យល់ចិត្តបំណងប្រមូលផ្តុំ។ | |||
១៥១-អាចារ្យរៀបរាប់ជាបន្ត | ម្នាក់ទៀតកំដរកូនសិស្សខ្ញុំ | មានរឿងដូចគ្នាជាសំណុំ | ដើមត្រុំឫសត្រែងយោងដើមត្រល់។ | |||
១៥២-មេគុកឧទានយ៉ាងម៉ឺងម៉ាត់ | ស្លូតត្រង់មិនបាត់ចាកឆ្ងាយផល | មិនមែនចោរទេមិនខ្ចីខ្វល់ | ឈប់ឆ្ងល់មិនសួរអត់ឱនឱ្យ។ | |||
១៥៣-មេគុកបង្គាប់ពួកដៃជើង | ជួយលើកគ្នាយើងកុំបណ្តោយ | រឹតគក់ច្របាច់កុំតោះតើយ | បានស្បើយពីស្លាប់ជួបក្តីសុខ។ | |||
១៥៤-ហែម ចៀវ នួន ឌួង ស្នាក់រួមគ្នា | គុកក្រោមបញ្ជាមិនស្រណុក | ប៉ាច ឈឺនដោយឡែកសុកមម៉ុក | ត្រូវជាកូនអុកសេចក្តីស្លាប់។ | |||
១៥៥-១០ថ្ងៃក្រោយមកអ្នកទោសថ្មី | ចេញពីទឹកដីខ្មែរយ៉ាងឆាប់ | លោក ប៊ុណ្ណចន្ទម៉ុលជាគឺស្រាប់ | ប៉ាង ខាត់សូមប្រាប់ភិក្ខុនាម។ | |||
១៥៦-ហែម ចៀវ ចរចានឹងមេគុក | រិះរកទំនុកមិនទ្រីមទ្រាម | សុំដល់មេគុកកុំគំរាម | ទោសធ្ងន់ម្តងម្យាមត្រាប្រណី។ | |||
១៥៧-ដៃប៊ិវងក់ក្បាលន័យយល់ព្រម | គ្រាន់ដាក់ទោសល្មមតែមិនថ្វី | ធ្វើការទម្ងន់ដូចរែកដី | មិនធាក់ច្រំអ្វីឱ្យចុកចាប់។ | |||
១៥៨-អ្នកទោសទៅក្រោយបានធូរស្រាល | ហែម ចៀវសំណាលដូចសាសព្ទ | អាចារ្យសម្រួលយ៉ាងប្រញាប់ | ចាកហូរឈាមខាប់ក្នុងគុកកម្ម។ | |||
១៥៩-ថ្វីដ្បិតនៅក្នុងទីឃុំឃាំង | ភ្លៀងមិនដែលរាំងតឿនសស្រាំ | ប្រាប់អស់គ្នីគ្នាត្រូវសកម្ម | អ្នកត្រួសត្រាយដាំតែងជួបគ្រោះ។ | |||
១៦០-ខំអត់ទ្រាំទៅជាស្ថាបនិក | ទោះភ្លឹកសន្លប់ប្រឹងប្រែងរស់ | ជួយខ្មែរក្នុងនាមកិត្តិយស | ពីរោះនៅក្នុងម្លប់សកល។ | |||
១៦១-អាចារ្យហែម ចៀវគិតរកនឹក | ហូបតែបាយព្រឹកមិនសោកសល់ | បាយល្ងាចមិនហូបតែងតែផ្តល់ | ប៊ុណ្ណចន្ទម៉ុលដល់ជាប្រចាំ។ | |||
១៦២-ថ្ងៃដែលកាត់ទោសចូលមកដល់ | ដោះស្រាយកង្វល់នៅក្នុងឆ្នាំ | ហែម ចៀវ ប៉ាច ឈឺន នួន ឌួងស្រាំ | ប៊ុណ្ណចន្ទម៉ុលថាំ ហួសបើគិត។ | |||
១៦៣-សាលក្រមប្រកាសយ៉ាងចាស់ដៃ | ទោសគ្មានសំចៃដល់ជីវិត | បីនាក់មុនគេទៅមុនពិត | ប៊ុណ្ណចន្ទម៉ុលរឹតគុកប្រាំឆ្នាំ។ | |||
១៦៤-ថែមទាំងនិរទេសមិនចូលស្រុក | រឹបអូសសំបុកទ្រព្យសកម្ម | ចាកចេញពីស្រុក១៥ឆ្នាំ | សម្បត្តិឈើដាំដកគ្មានសល់។ | |||
១៦៥-គេបញ្ជូនទៅគុកធំវិញ | ចិន្តាទោម្នេញសែនខ្វាយខ្វល់ | បានតែ២ខែកាកសំណល់ | គេបញ្ជូនដល់កោះត្រឡាច។ | |||
១៦៦-ពិរុទ្ធជនទាំងបីនាក់ | ជំពាក់ទុក្ខទោសទណ្ឌកំណាច | ក្បត់ពួកបារាំងត្រូវស្រែកចាច | កម្ចាត់ឱ្យខ្លាចដឹងដៃម្តង។ | |||
១៦៧-គុកព្រៃនគរសែនវេទនា | គ្មានលោះមួយគ្រាយ៉ាប់កន្លង | លេបក្រួសភក់ជ្រាំវាយដំផង | ចាប់ចងស្ទើរស្លាប់និងស្ទើររស់។ | |||
១៦៨-រវាង៦ខែបន្ទាប់ | រៀបរាប់រង់ចាំឱ្យដល់ឈ្មោះ | យប់យូរខូចបង់កិត្តិយស | ឆ្លើយមិនពីរោះគេធ្វើទុក្ខ។ | |||
១៦៩-ទារុណកម្មយ៉ាងព្រៃផ្សៃ | វាយមិនដកដៃហើយបុករុក | ធ្វើបាបអ្នកទោសក្តៅគគុក | ច្រំលុកឱ្យក្ស័យមុនកំណត់។ | |||
១៧០-ប៉េតាំង ប្រមុខរដ្ឋបារាំង | ចំណាត់ការផាំងមិនសង្កត់ | ពីទោសប្រហារបារាំងក្បត់ | សន្មតជាប់ទោសមួយជីវិត។ | |||
១៧១-ខែមិថុនា៤៣ | ពួកចោរអប្រិយចាប់ក្រុមមិត្ត | បញ្ជូន៣នាក់មិនបាច់គិត | មិនជិតនៅឯកោះត្រឡាច។ | |||
១៧២-គុកកោះត្រឡាចមុំចង្រ្កាន | លេខ៤សាមាន្យជាបិសាច | បន្ទប់តែមួយគួរឱ្យខ្លាច | ទោសឧក្រឹដ្ឋកាចទាំងអស់គ្នា។ | |||
១៧៣-បម្រាមតឹងតែងបទបញ្ញត្ត | ប៊ុណ្ណចន្ទម៉ុលកាត់តាមបញ្ជា | ជាកាប៉ូរ៉ាល់មិនចេះរា | ជាប់គុកយូរយារក្លាយអ្នកធំ។ | |||
១៧៤-លបសួរសុខទុក្ខនិងផ្ញើសារ | ក្នុងចិត្តខ្លោចផ្សាកកឈាមដុំ | ជួយអ្វីមិនបានជាបណ្តុំ | សំណុំសំណោកចុកផ្សាខ្ញាំ។ | |||
១៧៥-ក្តីទុក្ខលំបាកកើនឡើងទ្វេ | ខុសពីបុព្វេទារុណកម្ម | ធម្មជាតិខុសឆ្ងាយពីចំណាំ | រោគាមកចាំបំផ្លាញកាយ។ | |||
១៧៦-នាទីបំផុតលោកអាចារ្យ | រាគមួលឈឺផ្សាក្រៀមក្រំណាយ | ថែមស្ពឹកដៃជើងអាណិតស្តាយ | មិនអាចដោះស្រាយឱ្យជាបាន។ | |||
១៧៧-ចាក់ថ្នាំក៏ដោយក៏មិនជល់ | ជំងឺវិលវល់កើតបូសប្រាណ | ត្រគាកយ៉ាងធំខ្ទុះមួយចាន | ផ្តន្ទាកល្យាណយ៉ាប់យ៉ឺនក្រៃ។ | |||
១៧៨-អាចារ្យហែម ចៀវឈឺដុនដាប | ពិបាកហាស្ងាបនាសម័យ | ងើបក្រោកលែងរួចស្លុតជើងដៃ | ដួងចៃចាកក្តីសង្ឃឹមរស់។ | |||
១៧៩-នៅកោះត្រឡាចគុកអាស្រូវ | គ្មានថ្នាំសង្កូវជួយចំពោះ | ជំងឺរាគមួលដូចបញ្ជោះ | ថ្នាំមិនស្គាល់ឈ្មោះបន្តិចឡើយ។ | |||
១៨០-ពេទ្យនោះឱ្យតែទឹកសមុទ្រ | គ្មានអ្វីដែលឆុតជាសះស្បើយ | យកទឹកកំបោរបញ្ចុះហើយ | ចម្លើយស្ទើរសូន្យនៅក្នុងសាល។ | |||
១៨១-ប៊ុណ្ណចន្ទម៉ុលដឹងក៏មកសួរ | សំណួរដើមចមរឿងអម្បាល | ជំងឺអាចារ្យពិតមិនស្រាល | កម្មកររកថ្នាលសម្រាប់កប់។ | |||
១៨២-ផ្តែផ្តាំកម្មករពេលគាត់ស្លាប់ | កប់ខ្មោចឱ្យឆាប់ដោយឡែកស្ងប់ | កុំកប់លាយឡំរឿងមិនចប់ | សំណប់កុំភ្លេចពាក្យបណ្តាំ។ | |||
១៨៣-ចន្ទម៉ុលឱ្យប្រាក់ទៅកម្មករ | ពេទ្យនោះអំណរនឹងសស្រាំ | ទទួលបញ្ញើហើយបានស្កាំ | ដុតដាំចងចិត្តក្នុងឱរា ។ | |||
១៨៤-ហែម ចៀវរោគាមកចិញ្ច្រាំ | ស្វាយមាត់ចុកចាំរែងឈឺផ្សា | ប្រឹងននៀលរកសិស្សអាចារ្យ | នួន ឌួងផងក្តារកិលរកដែរ។ | |||
១៨៥-កូនសិស្សសំណប់លើកកេសា | ផងគ្រូអាចារ្យស្ម័គ្រស្មោះស្នេហ៍ | ឱ្យកើយលើភ្លៅគ្មានគេចកែ | ហើយជួយរឹតដែរគោរពព្រះ។ | |||
១៨៦-ជលនេត្រហូរពុះជ្រែកផែនថ្ពាល់ | ធ្លាក់ចុះមកគាល់ក្រាបសំពះ | លើទ្រូងគ្រូបាប្រៀបគេវះ | ពុះទ្រូងពន្លះឱ្យក្ស័យប្រាណ។ | |||
១៨៧-ដង្ហក់ដង្ហោយកើយដង្ហៅ | អារម្មណ៍ផ្សាក្តៅថ្លែងមិនបាន | ឈានដល់គ្រានេះលាតសុខសាន្ត | គ្រូពិតចាកឋានពីសិស្សហើយ។ | |||
១៨៨-រីលោកអាចារ្យហែម ចៀវវិញ | ក្នុងចិត្តទោម្នេញគ្មានពេលស្បើយ | ទឹកភ្នែកស្រោចស្រក់ជាចម្លើយ | ឈឺចាប់ដង្ហោយគិតរកគ្នា។ | |||
១៨៩-អាចារ្យដឹងខ្លួនរួចជាស្រេច | មច្ចុនឹងផ្តាច់យកជន្មា | ផ្តាច់ផ្តិលជីវ័នពេលនោះគ្រា | ពោលរៀបរាប់លានួន ឌួងថា។ | |||
១៩០-‹‹នួន ឌួងអើយយើងវេទនាណាស់ | អញបានដឹងច្បាស់ពីសង្ខារ | មុខជានឹងស្លាប់អសារការ | ក្នុងគ្រានេះណាទៅសួគ៌សុខ។ | |||
១៩១-ឌួងឯងថែខ្លួនបន្តិចទៅ | រស់នៅចាំមើលព្រឹត្តិការណ៍ស្រុក | ទ្រាំទៅពេលមួយរួចចាប់ចុក | បារាំងតត្រុកទុក្ខដេញកិត››។ | |||
១៩២-‹នួន ឌួងនិយាយកាន់អាចារ្យ | ព្រះតេជគុណណាខ្ញុំអាណិត | ប៉ុន្តែមច្ចុបានបង្ខិត | កម្រិតកាចកម្មកម្សត់ក្រៃ›។ | |||
១៩៣-សម្លេងខ្សាវៗចិត្តរឹងប៉ឹង | ថ្វីចុកប៉ុណ្ណឹងនៅស្រមៃ | នួន ឌួង ដ្បិតអញនឹងក្សិណក្ស័យ | អញនឹកស្តាយថ្ងៃមិនឃើញស្រុក។ | |||
១៩៤-‹‹ស្រុកបានឯករាជ្យពីបារាំង | ពីពួកចោរខ្មាំងពេញបន្ទុក | ចង់ឃើញប៉ុណ្ណេះជាតិលើកមុខ | ផុតទុក្ខអាណានិគមភព››។ | |||
១៩៥-‹នួន ឌួងតបវិញដូច្នេះណា | អាចារ្យត្រូវរស់មិនរលុប | កូនសិស្សថ្នាក់ថ្នមហើយគោរព | ទោះគ្មានថ្ងៃយប់សុខចិត្តដែរ›។ | |||
១៩៦-និច្ចំ ទុក្ខំ អនត្តា | អាចារ្យសម្លឹងដោយក្រសែ | ភ្នែកយ៉ាងផ្ចិតផ្ចង់មានន័យស្នេហ៍ | រលត់គ្មានកែកើយភ្លៅនាយ។ | |||
១៩៧-នួន ឌួងទ្រោមក្បាលលើទ្រូងគ្រូ | គោរពគំរូទឹកភ្នែករាយ | ឧទានជាថ្មីត្រូវទំនាយ | ប៉ែន សុខទោះទាយគ្រាកន្លង។ | |||
១៩៨-‹ឱ!លោកគ្រូខ្ញុំសែនកម្សត់ | គេចោទថាក្បត់ក្នុងបំណង | បំផ្លាញរាស្រ្តខ្មែរដោយចាប់ចង | ក្នុងពេលនេះម្តងលង់មរណា។ | |||
១៩៩-លោកគ្រូចាកចោលខ្ញុំទៅហើយ | នេះជាចម្លើយរស់សោកា | សំដីលោកគ្រូសុទ្ធខ្លឹមសារ | ស្រណោះអស្ចារ្យឥតបើថ្លែង›។ | |||
២០០-គេនាំសាកសពអាចារ្យទៅ | នួន ឌួងនិត្យនៅរែងចំបែង | ទឹកភ្នែកខ្ជោលៗយោលដើមត្រែង | រុំកន្ទេលបែងក្រមាថ្មី ។ | |||
២០១-នួន ឌួងតាមមើលដល់បញ្ចប់ | នឹកគិតគ្រប់សព្វគ្រានោះខ្មី | កាលរស់ជាសង្ឃវៃឥតបី | លោកិយស្ទើររកគូគ្មានប្រៀប។ | |||
២០២-ពូកែទេសនាពន់ពេកក្រៃ | នាយុគសម័យរណ្តាប់រៀប | យាយតាមកស្តាប់ចោមត្រាត្រៀប | ស្ងាត់ច្រៀបផ្ទៀងផ្ទាត់គ្រូប្រដៅ។ | |||
២០៣-ស្រមៃរងកម្មនៅក្នុងគុក | រោលរុកចិន្តាទ្រូងសោកសៅ | គ្រូចាកឋានបាត់ជោកហ្មងសៅ | ដំបៅអារម្មណ៍ហួសប្រមាណ។ | |||
២០៤-លោកប៊ុណ្ណចន្ទម៉ុលសួរសុខទុក្ខ | មិនបានឃើញមុខសល់តែដាន | សម្រក់ទឹកភ្នែកដូចគេច្រាន | រំខានទៅរកផ្នូរសាកសព។ | |||
២០៥-រំលងជាយូរ មកជាថ្មី | រ៉ាយរ៉ាប់ឃ្មាតខ្មីមួយដល់ដប់ | បានឱ្យអ្នកទោសចំណាំកប់ | ឡែឡប់ថ្មដុំធំកត់ត្រា។ | |||
២០៦-លេខ១១១៣ | ផ្នូរលេខអប្រិយបានកត់ចារ | ចាំផ្លូវកន្លែងគ្រប់ប្រការ | អនាគតឆ្ការត្រឡប់វៃ។ | |||
២០៧-ចន្ទម៉ុលក៏បានលើកទឹកចិត្ត | នួន ឌួងអាណិតចាករីងរៃ | កាត់ចិត្តកប់ទុក្ខចោលក្នុងព្រៃ | រំពៃថែទាំរោគឱ្យជា។ | |||
២០៨-ក្រោយមកនួន ឌួងកាត់ចិត្តខំ | រស់ឱ្យស័ក្តិសមសិស្សឧបជ្ឈា | កុសលបានរស់ចាកវេទនា | រួចពីគ្រាំគ្រាត្រឡប់ក្រោយ។ | |||
២០៩-ហែម ចៀវមរណាក្នុងជន្មា | ៤៥លាតលាមិនតោះតើយ | ក្នុងឆ្នាំ៤៣នោះទៅហើយ | សមុទ្រគ្មានត្រើយកោះត្រឡាច។ | |||
២១០-ឧត្តមគតិប្រសើរខ្ពស់ | សល់កិត្តិយសចាកអំណាច | ដឹងខ្លួនថាស្លាប់តែមិនខ្លាច | ប្រឆាំងបិសាចក្ស័យព្រោះជាតិ។ | |||
២១១-សាធារណរដ្ឋខ្មែរផង | លន់ នល់ចំបងគិតខ្មីឃ្មាត | លោកប៊ុណ្ណចន្ទម៉ុលជួយមិត្តញាតិ | មិនឃ្លាតបំណងបដិវត្តន៍។ | |||
២១២-លើកគុណបំណាច់បានឯករាជ្យ | ទោះបីហោចនាចជីវិតរាត់ | បណ្តេញបារាំងឱ្យខ្ចាត់ភ្លាត់ | រមាត់ពីស្រុកកំណើតខ្មែរ។ | |||
២១៣- ២២មីនា ៧២ | ថ្ងៃចុះបញ្ជីកិត្តិយសម៉ែ | ប្រជុំចាត់ចែងត្រកូលខ្សែ | ចន្ទម៉ុលដង្ហែពីវៀតណាម។ | |||
២១៤-លើកយកព្រះសពត្រឡប់វិញ | ក្នុងចិត្តទន្ទេញស្នេហ៍ដិតដាម | ធ្វើបុណ្យរំលឹកប្រវត្តិស្នាម | ផ្តិតផ្តាមបង្ហាញវីរភាព។ | |||
២១៥-‹នាមមេគំនិតបដិវត្តន៍ | ឆ្នាំ៤២គាត់ចីរលាភ | ‹‹រដ្ឋបុរសជាតិ››ថ្វីគំនាប | រៀងរាបបច្ឆាមរណៈពិត។ | |||
២១៥-ឆ្លៀតពេលមួយខែផ្គុំអក្ខរា | ពេលសម្រាកការតែងរិះគិត | ផ្សែផ្សំពាក្យរាយឱ្យរឹងរឹត | បញ្ចូលគំនិតបទកំណាព្យ។ | |||
២១៦-បទពាក្យប្រាំពីរងាយយល់រៀន | សរសេរបង្រៀនព្រោះថ្នាលសាប | រដូវវស្សាក្នុងខែស្រាព | អ្នកស្រុកខ្លះស្ងាបដ្បិតរាំងភ្លៀង។ | |||
២១៧-ទុកឱ្យជាន់ក្រោយសញ្ជឹងគិត | បំផុសគំនិតស្តាប់សូរសៀង | ថ្លឹងថ្លែងត្រូវខុសចាកលំអៀង | សំនៀងបេះដូងបទនេះឯង។ | |||
២១៨-រលឹកជូនពរបុព្វបុរស | ប្រសើរឥតខ្ចោះបានសម្តែង | ពលីគ្រាមុនគ្មានរអែង | អំណរស្ញប់ស្ញែងសូមជាតិរស់។ | |||
២១៩-ខ្មែរគ្រប់វណ្ណៈសូមកុំក្រាប | ច្រអូសថែមស្ងាបកុំបញ្ជោះ | កុំអញនិយមមិនពីរោះ | សីលធម៌មានយសសាមគ្គានំ។ | |||
២២០-កុំកើតភ្លើតភ្លើននឹងមាសប្រាក់ | កុំអាងកាប់ចាក់ដោយប្រើសាំង | ឬមួយអាងស័ក្តិប្រើកម្លាំង | កុំច្បាំងគ្នាឯងចំបែងខ្មែរ។ | |||
២២១-ច្បាំងនឹងបរទេសដើម្បីជាតិ | មិនឃ្លាតប្រពៃណីអ្នកស្រែ | ស្លាប់ទៅដប់ជាតិនៅតែខ្មែរ | កុំកែបណ្តាំផងដូនតា។ | |||
២២២-ស្មៀនស្មេរស្ម័គ្រស្មោះសូមផ្តែផ្តាំ | តំណយូរឆ្នាំត្រូវសិក្សា | អស្មិមានះមិនបានការ | ត្រូវចេះចរចាញាតិកុំក្បត់។ | |||
២២៣-អាយុយឺនយូរវិសាខា | ប្រាជ្ញាពិតព្រះមហោសថ | កំណើតជាតិនេះគួរកំណត់ | ធ្ងន់ដីប្រាកដកេរផងម៉ែ។ | |||
២២៤-កើតមកមួយជាតិធាតុមួយចាន | ប្រឹងទៅភុំផានត្រូវស្ម័គ្រស្នេហ៍ | ចាកចង្អៀតដីខ្មាសអ្នកស្រែ | ដំណៀលហូរហែមិនពីរោះ។ | |||
២២៥-សូមលើកកិត្តិយសជាតិគ្រួសារ | មើលក្រោយដូនតាគ្មានពេលលោះ | លង់តាមសាសន៍គេនឹងធ្លាក់ជ្រោះ | លង់ទឹកចូលធ្នោះឈ្ងោកមើលមាឌ។ | |||
២២៦-សូមសុខមានច្រើនជាងកើតទុក្ខ | សូមរកទំនុកតញ្ញូជាតិ | កែច្នៃសុខសាន្តជួបជុំញាតិ | សច្ចាគ្រប់ជាតិកុំឃ្លាតខ្មែរ។ |
ឯកសារយោង
កែប្រែ-ជីវប្រវត្តិព្រះអាចារ្យហែម ចៀវ