ប្រាសាទក្តីសូរ

ប្រាសាទ​ ក្តីសូរ ឬ កុដិ​ស្វរៈ មានទីតាំងស្ថិតនៅក្នុងភូមិរហាល ឃុំនគរធំ ក្រុងសៀមរាប។ ប្រាសាទ​នេះ​ស្ថិត​នៅ​លើ​ដី​ទួល​មួយ ស្ថិត​នៅ​ទិស​ខាង​កើត​ ប្រាសាទ​តា​ព្រហ្ម និង​ខាង​ជើង​ប្រាសាទ​បន្ទាយ​ក្ដី ចម្ងាយ​ពី ផ្លូវ​ប្រហែល​ជា ២០០ ម៉ែត្រ ។ ប្រាសាទ​នេះមាន​ប្រាង្គ​តូច ៣ ធ្វើ​អំពី​ឥដ្ឋ ដែល​បច្ចុប្បន្ន​បាន​ខូច​ខាត​ជា​ទម្ងន់ និង​មិន​​ទាន់​ទទួល​បាន​ការ​អភិរក្ស​ណា​មួយ​ឡើយ ។ បច្ចុប្បន្ន​មាន​តែ​ប្រាង្គ​កណ្ដាល​តែ​ប៉ុណ្ណោះ​ដែល​នៅ​មាន​សេសសល់​ជញ្ជាំង ឯ​ប្រាង្គ​ទាំង ២ សង​ខាង​បាន​បាក់​បែក​ជា​ខ្លាំង ។ ថ្វី​ត្បិត​តែ​មាន​ទំហំ​តូច កុដិ​ស្វរៈ ​មាន​តម្លៃ​ផ្នែក​ប្រវត្តិសាស្ត្រ និង​ស្ថាបត្យកម្ម​យ៉ាង​ខ្ពស់ ។

ប្រាសាទក្តីសូរ ឬ កុដិស្វរៈ

ឈ្មោះ: ប្រាសាទក្តីសូរ ឬ កុដិស្វរៈ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី២
កាលបរិច្ឆេទកសាង: ចុងសតវត្សរ៍ទី៩
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថព្រះគោ និង រចនាបថប្រែរូប
ទីតាំង: ខេត្តសៀមរាប កម្ពុជា

ប្រាង្គ​កណ្ដាល​ត្រូវ​បាន​កសាង​​លើ​គ្រឹះ​ឥដ្ឋ ហើយ​មាន​យ៉​លយ​ចេញ​ធ្វើ​អំពី​ឥដ្ឋ (បច្ចុប្បន្ន​បាក់​បែក​អស់) ដោយ​ស្ថិត​ក្នុង​រចនាបថ​ព្រះ​គោ ឯ​ប្រាង្គ​ទាំង ២ សង​ខាង​ត្រូវ​បាន​កសាង​នៅ​ពេល​​ក្រោយ ​​លើ​គ្រឹះ​ថ្ម​បាយ​ក្រៀម ក្នុង​រចនាបថ​ប្រែរូប ។ នៅ​ខាង​មុខ​ប្រាង្គ​ខាង​ត្បូង​​ គេ​ប្រទះ​ឃើញ​ផ្ដែរ​​​មួយ​រចនា​ជា​រូប ព្រះព្រហ្ម អង្គុយ​ក្នុង​កាយ​វិការ​សមាធិ ដោយ​មាន​អម​ដោយ​​ជន​ដែល​គោរព​បូជា​ព្រះអង្គ ។ ឯ​ផ្ដែរ​មួយ​ទៀត​ស្ថិត​នៅ​មុខ​ប្រាង្គ​ខាង​ជើង គេ​ឆ្លាក់​ត្រង់​ឈុត​កូរ​សមុទ្រ​ទឹក​ដោះ ដោយ​មាន​ព្រះវិស្ណុ​ផង, ​អណ្ដើក​កូម៌ៈ (អាន​ថា កូ-រ-ម័ក) ​ជា​អវតារ និង​​​​ព្រះព្រហ្ម ​ផង​ដែរ ។

តាម​សិលា​ចារឹក​ ស្ដុកកក់ធំ បាន​ហៅ​ ទីតាំង​នេះ​ថា កុដិ ដែល​មាន​ពាក់ព័ន្ធ​ជា​មួយ​និង​ ព្រះបាទ​ជយវម៌្ម​​ទី ២ (បរមេស្វរៈ) ។ ចំណែក​ឯ សិលាចារឹក​មួយ​ទៀត​ដែល​គេ​​យក​ទៅ​ប្រើប្រាស់​សា​ជា​ថ្មី​ក្នុង​ការ​សាង​សង់​​​ ប្រាសាទ​បន្ទាយ​ក្ដី បាន​និយាយ​អំពី​ការ​គោរព​បូជា​ដល់​ ព្រះ​សិវៈ ក៏​ដូច​ជា​ការ​កសាង​បដិមា ព្រះព្រហ្ម តម្កល់​ទុក​នៅ​ប្រាង្គ​ខាង​ត្បូង ​ និង​ព្រះ​វិស្ណុ​ តម្កល់​ទុក​នៅ​ប្រាង្គ​ខាង​ជើង​ ដូច​នៅ ​ប្រាសាទ​ភ្នំ​បូក និង​ភ្នំ​ក្រោម​ដែរ ដោយ​ ព្រាហ្មណ៍​ សិវកាយ ដែល​ជា​ព្រាហ្មណ៍​ធំ​មួយ​ក្នុង​រាជ្យ​នៃ​ ព្រះបាទ​រាជេន្ទ្រវម៌្ម​ទី ២ (សិវលោក) ។ តាម​រយៈ​សិលាចារឹក​ទាំង ២ យើង​អាច​និយាយ​បាន​ ថា​ព្រះបាទ​រាជេន្ទ្រវម៌្ម​ទី ២ បាន​សាង​សង់​បន្ថែម​លើ​ទីតាំង​សក្ការ​ចាស់​ដែល​សាង​សង់​ដោយ​ ព្រះបាទ​ជយវម៌្មទី ២ កាល​ពី ១០០ ឆ្នាំ​មុន ។ នៅ​ឆ្នាំ ១៩៣០, លោក ហង់រី ម៉ារ​ស្ហាល់ និង​ ហង់រី ប៉ាម៉ង់ទីយេរ បាន​ធ្វើ​ការ​​បោស​សម្អាត​ទីតាំង​នេះ ។ ដូច​គ្នា​និង​ ប្រាសាទ​កបិលបុរៈ, ប្រាសាទ​កុដិស្វរៈ ជា​ទីតាំង​ប្រាសាទ​បុរាណ​​ដែល​នៅ​ប្រើប្រាស់​ឈ្មោះ​ដើម​របស់​ខ្លួន ។