ព្រះបាទជ័យវរ្ម័នទី២
ព្រះបាទជ័យវរ្ម័នទី២ | |||||
---|---|---|---|---|---|
រជ្ជកាល | ៨០២-៨៥០ | ||||
រាជ្យមុន | ព្រះនាងជ័យទេវី | ||||
រាជ្យបន្ត | ព្រះបាទជ័យវរ្ម័នទី៣ | ||||
| |||||
សាសនា | ព្រហ្មញ្ញសាសនានិងរាជធានី មហេន្ទ្របវ៌ត |
ព្រះបាទជ័យវរ្ម័នទី២(ឆ្នាំ៨០២-៨៥០នៃគ.ស)
កែប្រែព្រះបាទជ័យវរ្ម័នទី២ សោយរាជ្យពីឆ្នាំ៨០២-៨៥០នៃគ.ស។ ព្រះបាទជ័យវរ្ម័នទី២ ព្រះអង្គជាប់រាជបុស្កេរាក្ស។ ព្រះអង្គបានរំដោះប្រទេសជាតិពីពួកជ្វា ហើយព្រះអង្គកសាងរាជធានីជាច្រើនកន្លែងដូចជា រាជធានីឥន្ទ្របុរៈ រាជធានីកុតិ រាជធានីហរិហរាល័យ រាជធានីអមរេន្ទ្របុរៈ និងរាជធានីមហេន្ទ្របវ៌ត។ ព្រះអង្គបានបង្កើតពិធីទេវរាជ និងលើកតម្កើនព្រហ្មញ្ញសាសនា។ ព្រះអង្គបានកសាងប្រាសាទភ្នំគូលែន ប្រាសាទតោ ប្រាសាទអកយំ ប្រាសាទអារាមរោងចិន និងព្រះសិវលិង្គ។ ព្រះអង្គមានបុត្រមួយអង្គព្រះនាមព្រះបាទជ័យវរ្ម័នទី៣ ដែលបានសោយរាជ្យបន្តពីព្រះអង្គ[១]។ ព្រះបាទជ័យវរ្ម័នទី២ ព្រះអង្គសោយរាជ្យនៅក្នុងព.ស ១៣៤៥ ត្រូវនឹងឆ្នាំ៨០២នៃគ.ស ទ្រង់បានតាំងរាជធានីនៅភ្នំគូលែន។ កាលនោះទ្រង់និមន្តព្រាហ្មណ៍ម្នាក់ឈ្មោះ ហិរណ្យទាមៈឱ្យមកជួយរៀបហោមពិធីប្រកាសឯករាជ្យជាចក្រពត្រាធិរាជ ហើយលើកកិត្តិយសព្រះអង្គជាតួអង្គគឺជាព្រះហរិហរៈ។ ព្រះបាទជ័យវរ្ម័នទី២ជាព្រះមហាក្សត្រមួយអង្គប្រសើរក្រៃលែង ទ្រង់បាបង្រួបបង្រួមជាតិ ដែលបែកបាក់គ្នានោះឱ្យមកប្រទេសឯករាជ្យភាពវិញ[២]។ រវាងឆ្នាំ៨០២នៃគ.សមានព្រះមហាក្សត្រមួយព្រះអង្គ ដែលពួកជ្វាប្លន់ចាប់នាំយកទៅជាឈ្លើយទៅស្រុកជ្វា ដែលជ្វាចូលមកលុកលុយប្រទេសខ្មែរនៅឆ្នាំ៧៨៧នៃគ.សនោះ បានយាងមកត្រឡប់យករាជ្យសម្បត្តិវិញ ដោយច្បាំងដណ្តើមយកជ័យជំនៈអំពីពួកជ្វាវិញ។ បន្ទាប់មកព្រះអង្គឈប់យកសួយសារអាករទៅថ្វាយស្តេចជ្វាដូចមុនហើយ[៣]។ ព្រះបាទជ័យវរ្ម័នទី២ ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាស្ដេចដែលបានបង្កើតឫសគល់នៃសម័យអង្គរក្នុងប្រវត្តិសាស្ត្រខ្មែរ ចាប់ផ្ដើមឡើងជាមួយក្បួនរីត៍ប្រសិទ្ធីយ៉ាងឱឡារិកធ្វើឡើងដោយជយវម៌្មទី២ (រជ្ជកាល៧៩០-៨៥០) ក្នុងឆ្នាំ ៨០២ លើភ្នំពិសិដ្ឋ មហេន្ទ្របវ៌ត បច្ចុប្បន្នត្រូវគេស្គាល់ថាជាភ្នំគូលែន ដើម្បីធ្វើពិធីប្រកាសឯករាជ្យពីការត្រួតត្រារបស់ជ្វា[៤]។ ក្នុងពិធីនេះ ព្រះបាទជ័យវរ្ម័នទី២ បានប្រកាសខ្លួនជា កម្រតេង ជគទ្តរាជ ជាភាសាខ្មែរឬ ទេវរាជ ជាភាសាសំស្ក្រឹត។ តាមរយៈប្រភពឯកសារខ្លះ ថាជយវម៌្មទី២បានគង់នៅជ្វាក្នុងពេលណាមួយកំឡុងរជ្ជកាលនៃពួកសៃលេន្ទ្រ រឺ ពួកស្ដេចភ្នំ ហេតុនេះហើយលទ្ធិទេវរាជ ត្រូវបាននាំចូលពីជ្វាត្រូវបានព្រះអង្គប្រកាសជាឱឡារិក។ ក្នុងសម័យនោះ ពួកសៃលេន្ទ្រតាមមើលទៅបានគ្រប់គ្រងលើកោះជ្វា កោះសមុរៈ ទៀបកោះម៉ាឡេនិងប៉ែកមួយចំនួននៃកម្វុជ[៥]។ ព្រះបាទជ័យវរ្ម័នទី២ មានឈ្មោះសម្រាប់រាជ្យថា ធូលីព្រះបាទ ធូលីជើងព្រះកម្រងតេងអញស្រីជ័យវរ្ម័នទេវៈ[៦]។
សិលាចារឹក
កែប្រែសិលាចារឹកដ៏មានតម្លៃបំផុតផ្ដោតលើព្រះបាទជ័យវរ្ម័នទី២ គឺជាសិលាចារឹកមួយដែលបានចុះកាលក្នុងឆ្នាំ១០៥២នៃគ.ស គឺពីរសតវត្សបន្ទាប់ពីការសោយទិវង្គតរបស់ព្រះអង្គ និងបានរកឃើញនៅប្រាសាទស្ដុកកក់ធំនៅប្រទេសថៃសម័យសព្វថ្ងៃនេះ។ នៅពេលព្រះបាទសម្ដេច បរមេស្វរៈ បានយាងមកពីជ្វាដើម្បីសោយរាជ្យនៅរាជធានីឥន្ទ្របុរៈ ដែលសិវកៃវល្យជាមហាព្រាហ្មណ៍ចេះដឹងតត្រកូល បានបំរើជារាជគ្រូរបស់ព្រះអង្ គនិងបានកាន់មុខនាទីជាព្រាហ្មណ៍របស់ព្រះករុណា ពោលក្នុងសិលាចារឹកនេះ ដោយប្រើនូវបច្ឆាមរណនាមរបស់ព្រះអង្គ។ តាមសិលាចារឹកមរណនាមរបស់ព្រះបាទជ័យវរ្ម័នទី២គឺ បរមេស្វរៈ ដែលប្រែថា ព្រះសិវៈដ៏ឧត្តុង្គឧត្តម ដ៏ប្រសើរ[៧]។ ព្រះករុណាព្រះបាទជ័យវរ្ម័នទី២ ទ្រង់ស្ថាបនារាជធានីលើភ្នំមហេន្ទ្របព៌ត(ភ្នំគូលែន)បានមានព្រះរាជគ្រូវិញ្ញូជន ដែលអ្នកផងទាំងពួងឱនសិរសាគោរពដល់បាតទា គេហៅឈ្មោះព្រះគ្រូថាជាព្រះរាជគ្រូសិវកៃល្យៈ។ ព្រះគ្រូហ៌រណ្យទាមៈជាមហាព្រាហ្មណ៍មានសព្វបញ្ញាញាណបានអញ្ជើញមកដល់ប្រៀបដូចព្រះព្រាហ្មណ៍ប្រកបដោយមេត្តាករុណា បានសម្តែងដោយការគោរពចំពោះព្រះមហាក្សត្រិយ៍នូវមន្តអាគមគាថាដ៏សក្តិសិទ្ធិដែលអ្នកដទៃពុំបានសម្តែងបានឡើយ។ ព្រាហ្មណ៍នោះបានទទួលនូវសេចក្តីអនុញ្ញាតពីព្រះមហាក្សត្រិយ៍ ដើម្បីបង្រៀនមន្តអាគមគាថាតាមពិធីនានា ដើម្បីបង្កើតឬទ្ធិអំណាចដល់អាចារ្យបុរោហិតសិវកៃវល្យៈ ដែលមានចិន្តាបាញ់ឆ្ពោះទៅកាន់កុសលធម៌។ គម្ពីសិល្ប៍សាស្រ្តដូចជា សិរច្ឆេទ វិនាស៌ខៈ សម្មើហៈ នយោត្តនៈ ដែលជាចតុមុខ(មុខបួន)នៃទុម្ពុរុ ព្រាហ្មណ៍នោះបានបង្រៀនដល់អាចារ្យសិវកៃវល្យៈឱ្យចេះចាំស្ទាត់ពីដើមដល់ចប់[៨]។ ព្រះបាទបរមេស្វរៈបានប្រតិស្ឋានព្រះកម្រតេងជគតរាជ(ទេវរាជ)នៅរាជធានីស្រីមហេន្ទ្របព៌ត។ ព្រះបាទបរមេស្វរៈទ្រង់បង្កើតសណ្តានអ្នកស្ថុករន្សី(នៅ)ភទ្របត្តនៈឱ្យបានទៅជាបុរោហិតធ្វើសក្ការៈបូជាព្រះកម្រតេងជគតដ៏រាជាតទៅអនាគត[៩]។
ពីធីទេវរាជ
កែប្រែនៅលើកំពូលភ្នំគូលែន ព្រះបាទជ័យវរ្ម័នទី២ បានរៀបចំពីធីថ្មីមួយ ដែលមានឈ្មោះថា ពិធីទេវរាជ ក្នុងគោលបំណងឱ្យប្រទេសខ្មែររួចពីចំណុះជ្វា ព្រមទាំងធ្វើឱ្យព្រះអង្គមានឋានៈជាស្តេចចក្រវាល។ គ្រានោះព្រះអង្គបានបញ្ជាឱ្យគេនិមន្តព្រាហ្មណ៍ម្នាក់ឈ្មោះ ហិរណ្យទាម ដែលមានចំណេះវិជ្ជាយ៉ាងច្រើនខាងមន្តអាគមនៅស្រុកជនបទ។ ព្រាហ្មណ៍នេះបានធ្វើពិធីមួយតាមគម្ពី វិនាសិខ ហើយបានអភិសេតព្រះបាទជ័យវរ្ម័នទី២ ឱ្យមានឋានៈជាទេវរាជ(ស្តេចអាទិទេព) ដែលពាក្យខ្មែរបុរាណហៅថា កម្រតេងជគត្តរាជ(ស្តេចដែលជាម្ចាស់នៃចក្រវាល)។ ព្រាហ្មណ៍សិវកៃវល្យ បានរៀនពីព្រាហ្មណ៍ ហិរណ្យទាមនូវគម្ពីបួនគឺ វិនាសិខ នយត្ថរ សម្មោហ និងសិរច្ឆេទ ព្រមទាំររបៀបរៀបពិធីទេវរាជផងដែរ។ ព្រះរាជាព្រមទាំងព្រាហ្មណ៍ហិរណ្យទាមបានធ្វើសច្ចាថា មានតែសមាជិកគ្រួសារនៃព្រាហ្មណ៍សិវលៃវល្យ ដែលអាចន្រារព្ធពិធីទេវរាជនេះបាន។ ដោយហេតុថាព្រះឥសូរមានលំនៅលើភ្នំកៃលាស សិវលិង្គដែលតំណាងឱ្យព្រះឥសូរផង ជាតំណាងឱ្យព្រះរាជាផងក៏ត្រូវយកទៅតម្កល់លើភ្នំដែរ។ ប្រសិនបើគ្មានភ្នំធម្មជាតិទេ គឺគេត្រូវកសាងប្រាសាទដែលមានខឿនច្រើនជាន់ឱ្យមានកម្ពស់ដូចភ្នំ ដែលគេហៅថា ប្រាសាទភ្នំ។ ប្រាសាទនេះត្រូវស្ថិតនៅចំកណ្តាលរាជធានី ដែលគេចាប់ទុកថានៅចំស្នូលនៃចក្រវាលថែមទៀត។ នៅលើភ្នំគូលែនគេបានសន្មតយកប្រាសាទអារាមរោងចិនជាប្រាសាទភ្នំទីមួយកសាងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២។ នៅទីនោះនៅសល់ខឿនប្រាសាទពីជាន់ធ្វើអំពីថ្មបាយក្រៀម និងព្រះសិវលិង្គមួយដែលមានរាងពិសេស[១០]។
អរិយធម៌ខ្មែរសម័យអង្គរ
កែប្រែនៅសម័យអង្គរខ្មែរមានឈ្មោះថាជាមហាអំណាចមួយនៅអាស៊ីអាគ្នេយ៍។ យ៉ាងណាមិញអរិយធម៌ខ្មែរបានឡើងដល់កម្រិតកំពូលនៅសម័យនោះជាពិសេសចាប់ពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៣។ ភាពរុងរឿងនេះគេអាចសម្គាល់ដោយផ្ទៃដីដ៏ធំទូលាយលាតសន្ធឹងសឹងតែអស់ផ្ទៃដីឥណ្ឌូចិនទាំងមូល ដោយមានប្រាសាទសិលាមានចំនួនរាប់ពាន់ ប្រកបដោយក្បាច់ចរនាគួរឱ្យកោតស្ងប់ស្ងែង ដោយផ្ទាំងសិលាចារឹកច្រើនសន្ធឹកសន្ធាប់ទាំងភាសាសំស្រ្កឹត និងភាសាខ្មែរបុរាណ ដោយរូបបដិមានច្រើនប្រភេទ និងវត្ថុបុរាណផ្សេងទៀត និងជាពិសេសដោយបរិក្ខារសង្ខរណ ដែលបានសេសសល់រហូតមកដលសព្វថ្ងៃដូចជា បារាណ៍ ទំនប់ទឹក ផ្លូវថ្នល់ បញ្តាញជលគតិ ស្ពាន។ល[១១]។
ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសម័យអង្គរ
កែប្រែស្ថាប័នព្រាហ្មណ៍បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរបុរាណជាពិសេសនៅក្នុងព្រះបរមរាជវាំង និងតាមប្រាង្គប្រាសាទបុរាណនានាដែលជាសាសនដ្ឋានជាតិ។ គេមិនអាចផ្តាច់ស្ថាប័ននេះចេញពិរបបរាជាធិបតេយ្យខ្មែរបានជាដាច់ខាត ដោយហេតុថាពួកព្រាហ្មណ៍នេះហើយ ដែលជាអ្នកទ្រទ្រង់ព្រះមហាក្សត្រ។ លើសពីនេះពួកព្រាហ្មណ៍ជាអ្នករៀបចំពិធីសាសនា និងថែរក្សាទំនៀមទម្លាប់ក្នុងព្រះបរមរាជាវាំងដូចជាពិធីអភិសេក និងព្រះរាជពិធីផ្សេងៗទៀតជាដើម[១២]។
ឯកសារយោង
កែប្រែ- ↑ សៀវភៅសង្គម របស់ក្រសួងអប់រំ យុវជននិកីឡា ឆ្នាំ២០១៧ ទំព័រទី១៤៦
- ↑ ប្រវត្តិសាស្រ្តកម្ពុជា រៀបរៀងដោយលោក ស៊ន សំណាង ជាឯកសារជំនួសស្មាតី
- ↑ ព្រះរាជពង្សាវតារនៃព្រះរាជណាក្រកម្ពុជា ដោយ វ.គោវិទ ឆ្នាំ១៩៦៧ ទំព័រទី១៣
- ↑ Albanese, Marilia, 2006, The Treasures of Angkor Italy White Star p.24
- ↑ Widyono, Benny,2008 Dancing in shadows Sihanouk the Khmer Rouge and the United Nations in Cambodia Rowman, 25 February 2013
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2021-06-02. Retrieved 2020-12-01.
- ↑ Sak-Humphry, “The Sdak Kok Thom Inscription,” p. 46
- ↑ សិលាចារឹកសតុកក់ធំ ជាភាសាសំស្រ្កឹត ប្រែសម្រួលពីភាសាបារាំងដោយលោកសាស្រ្តចារ្យបណ្ឌិត ឡុង សៀម
- ↑ សិលាចារឹកស្តុកក់ធំជាភាសាខ្មែរបុរាណ
- ↑ សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងារ ឆ្នាំ១៩៧៣ ទំព័រទី១៣៥-១៣៧
- ↑ សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ ភាគទី១ ទំព័រទី១៨៥
- ↑ សៀវភៅ ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ការគ្រប់គ្រងរដ្ឋនាសម័យអង្គរពីសតវត្សរ៍ទី៩ ដល់ទី១៤ សាស្រ្តាចារ្យបណ្ឌិត មីសែល ត្រាណេ ឆ្នាំ២០១៤ ទំព័រទី៥៧។