ប្រាសាទព្រះខ័ន

ប្រាសាទព្រះខ័ន

ឈ្មោះ: ប្រាសាទព្រះខ័ន
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: គ.ស ១១៩១
ឧទ្ទិសថ្វាយ: ព្រះពោធិសត្វលោកេស្វរៈ
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

កែប្រែ

ច្រកចូលសំខាន់របស់ប្រាសាទនេះស្ថិតនៅទិសខាងកើត ប៉ុន្តែភ្ញៀវទេសចរអាចចេញចូលពីទិសខាងលិច ឬទិសខាងជើងក៏បានដែរ។ នាខែវិច្ឆិកា ឆ្នាំ១៩៣៩ លោក មូរីស៍គ្លេសជាមន្ត្រីអភិរក្សអង្គរបានរកឃើញសិលាស្ដម្ភចារិកមួយផ្ទាំងកប់ដីនៅក្នុងបរិវេណនៃប្រាសាទនេះ។ ផ្ទាំងសិលាចារិកនោះមានកម្ពស់ ១,៨៥ម៉ែត្រ សរសេរជាភាសាសំស្រ្កឹតមានចំនួន ១៧៨ ស្លោកគាថា ដែលបរិយាយអំពី ការបួងសួង ការលើកសរសើរព្រះរាជា ការតម្កល់ព្រះបដិមា ការចូលរួមថែទាំនិងផ្តល់តង្វាយពីព្រាហ្មផ្សេងៗ ពីស្តេចជ្វា ស្តេចចាម ស្តេចយួន និងពីអ្នកភូមិនៅជុំវិញប្រាសាទ ពិធីអភិសេកព្រះ និងផ្តល់ព័ត៌មានអំពីបារាយណ៍ជយតដាកដែលមានប្រាសាទនាគព័ន្ធស្ថិតនៅចំកណ្តាល។ សិលាចារិកនេះនិពន្ធដោយព្រះអម្ចាស់ វិរកុមារ ជាព្រះបុត្រាព្រះបាទជ័យវរ្ម័នទី៧[]

ស្ថាបត្យកម្ម

កែប្រែ

ប្រាសាទព្រះខ័ន មានរាងបួនជ្រុងទ្រវែង មានវិមាត្រប្រវែង ៨០០ ម៉ែត្រ x ៧០០ ម៉ែត្រ សង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គទេ មហាក្សត្រក្រោយៗ បានសង់បន្ថែមបន្ដបន្ទាប់នៅគ្រិស្តសតវត្សទី ១២ - ១៣។ ក្បាច់រចនានៃប្រាសាទ មានលក្ខណៈដូចជាប្រាសាទបន្ទាយក្តី និង ប្រាសាទតាព្រហ្មដែរ។ ប្រាសាទព្រះខ័ន ស្ថិតនៅតាមផ្លូវវង់ធំ ដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅសតវត្យរ៍ទី១២ ក្នុងឆ្នាំ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ។ ប្រាសាទនេះ មានទំហំ ៥៦ ហិចតា។ តាមសិលាចារឹកថា ប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជ័យវរ្ម័នទី៧ បានផ្តួលរំលំពួកចាម។ ប្រាសាទនេះមានកំពែងបួនជាន់។ នៅកំពែងខាងក្រៅ ដែលបច្ចុប្បន្នរុំព័ទ្ធទៅដោយព្រៃ គឺជាកន្លែងដែលព្រះសង្ឃ និងសិស្សស្នាក់នៅក្នុងប្រាសាទនេះ។ នៅកំពែងជាន់ទីពីរ គឺជាកន្លែងគោរពសាសនា។ ប្រាសាទកណ្តាលជាកន្លែងព្រះពុទ្ធសាសនា ឯភាគខាងជើង និងខាងលិច គឺសម្រាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា គឺព្រះនារាយណ៍ (ព្រះវិស្ណុ) (ខាងលិច) និងព្រះឥសូរ (ព្រះសិវៈ) (ខាងជើង)។ នៅផ្នែកខាងត្បូង ជាកន្លែងសម្រាប់គោរពបុព្វជន។ ប្រាសាទព្រះខ័នត្រូវបានកសាងនៅលើតំបន់ដែលព្រះបាទជ័យវរ្ម័នទី៧ បានទទួលជ័យជំនះលើការឈ្លានពានរបស់ពួកចាម ក្នុង១១៩១នៃគ្រឹស្តសករាជ។ ឈ្មោះនៃប្រាសាទមានន័យថា ព្រះខ័នជ័យ (ដាវជ័យ) ដែលយកឈ្មោះពីបុរាណ ជ័យស្រី (ទីក្រុងជ័យជំនះដ៏ពិសិដ្ឋ)។ ទីតាំងដែលមានប្រាសាទសំខាន់បីគឺប្រាសាទព្រះខ័ន ប្រាសាទតាសោម និងប្រាសាទនាគព័ន្ធត្រូវបានគេដាក់ឈ្មោះថា នគរជយស្រី មានន័យថាទីក្រុងនៃព្រះខ័នជ័យ។ ប្រាសាទព្រះខ័នត្រូវបានកសាងនៅចំកណ្តាលអតីតនគរជយស្រីសម្រាប់ឧទ្ទិសថ្វាយជូនដល់ព្រះបិតារបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាមធរណិន្រ្ទវម្ម៌ ក្នុងទម្រង់ជាបដិមាព្រះពោធិសត្វអវលោកេស្វរៈ ដែលមាននាមថា ជយវម្ម៌ស្វេរ នៅឆ្នាំ១១៩១។ លើសពីនេះទៅទៀតនៅអឡុងពេលនៃការជួសជុលរាជធានីយសោធរបុរៈ ឬហៅថាក្រុងអង្គរធំដែលធ្លាប់ត្រូវបានដុតបំផ្លាញ់ដោយកងទ័ពចាម ហើយវាមានតួនាទីជាកន្លែងសម្រាប់ព្រះមហាក្សត្រធ្វើការផង ជាសកលវិទ្យាល័យផង និងសម្រាប់គោរពប្រតិបត្តិសាសនាចម្រុះទាំងព្រះពុទ្ធសាសនា និងព្រហ្មញសាសនាផង។ ប្រាសាទព្រះខ័នក៏ធ្លាប់ជាសមរភូមិប្រយុទ្ធប្រឡាក់ទៅដោយថ្លុកឈាមនៅពេលកងទ័ពចាមវាយលុបនិងគ្រប់គ្រងក្រុងអង្គរនៅឆ្នាំ១១៧៧ ប៉ុន្តែត្រូវបានព្រះបាទជយវម្ម៌ទី៧ ធ្វើសង្គ្រាមដណ្តើមយកជ័យបានមកវិញនៅឆ្នាំ១១៨១។ រូបភាពតូច

ឈ្មោះ

កែប្រែ

ព្រះខ័ន មានន័យថាដាវ។ តាមការស្រាវជ្រាវនៅពេលថ្មីៗ នេះ ប្រជាជនយល់ថា ប្រាសាទព្រះខ័ន ជាទីកន្លែងដាក់គ្រឿងសម្រាប់ធ្វើសឹក។ ដូច្នេះ ព្រះខ័ន គឺជាឈ្មោះទំនើបនៅរក្សា ឈ្មោះពីបុរាណ ពោលគឺ ជ័យស្រី នេះមានន័យថា ព្រះខ័ន និងមានន័យម៉្យាងទៀតថា ម្លូ []

កំពែងប្រាសាទ

កែប្រែ

កំពែងទី១ នៅតាមបណ្តោយកំពែងខាងក្រៅមានលម្អចម្លាក់គ្រុឌដ៏ធំចំនួន ៧២ឈរចាប់យកសត្វពស់នឹងក្រញុាំជើងទាំងពីរ រីឯស្លាបទាំងគូរលាតត្រដាងឡើងទៅលើចាប់កន្ទុយពស់។ ផ្នែកខាងលើកំពែងមានលម្អផ្ទាំងថ្មភក់តូចៗ ដាក់តម្រៀបគ្នារាងអង្កាញ់ៗដូចទឹករលក ហើយមានសោមលម្អរូបព្រះពុទ្ធសមាធិ ប៉ុន្តែត្រូវបានដាប់បំផ្លាញចោល។ ចំណែកឯកំពែងទី២នៃផ្នែកខាងកើតមានព្រះពន្លាកិត្តិយសដ៏ធំទូលាយ ដែលត្រូវបានប្រក់ដោយដំបូលឈើកាលពីមុន មានខ្លោងទ្វារចេញចូលបីគឺធំនៅចំកណ្តាលនៃព្រះពន្លាកិត្តិយស រីឯពីផ្សេងទៀតស្ថិតនៅផ្នែកម្ខាងៗនៃទ្វារកណ្តាលពីព្រះពន្លា។

សិលាចារឹក

កែប្រែ

តាមរយៈព័ត៌មានសិលាចារិកព្រះខ័ន បានឱ្យដឹងថា បដិមានៃរូបព្រះពុទ្ធ ព្រះឥសូរ និងព្រះវិស្ណុ ដែលត្រូវបានតម្កល់នៅក្នុងប្រាសាទនេះមានចំនួនដល់ទៅ ២០,៤០០ ដែលធ្វើអំពីមាស ប្រាក់ សំរិទ្ធ និងថ្ម (ប៉ុន្តែលោក ហ្សក សឺដែស្ត តថា បដិមាទេវៈផ្សេងៗមានចំនួន ៤៣០) និងភូមិចំនួន ១៣,៥០០ ដែលមានតួនាទីថែរក្សាផ្គត់ផ្គង់មូលនិធិសាសនាឱ្យមានដំណើរការល្អនៅប្រាសាទនេះ (ប៉ុន្តែលោកហ្សក សឺដែស្តថាស្បៀងអាហារជាច្រើនផ្តល់ដោយឃ្លាំងព្រះរាជទ្រព្យ ឬដោយភូមិចំនួន ៥៣២៥ ដែលមានមនុស្សទាំងពីរភេទចំនួន៨៧,៨៤០នាក់)។ មានបដិមាចំនួន ២៨៣ ត្រូវបានតម្កល់ជុំវិញបដិមាព្រះពោធិសត្វលោកេស្វរៈ ដែលតំណាងឱ្យដួងប្រលឹងព្រះបិតាព្រះរាជា។ មានសំណង់ប៉មចំនួន ៨៥សម្រាប់តម្កល់ព្រះបដិមាដល់ទៅ ៥២៥អង្គជាចំណុះប្រាសាទដ៏ធំនេះ។ សិលាចារឹកបានបន្តទៀតថា អ្នកនិពន្ធបានឧទ្ទឹសកុសលទៅកាន់អតីតព្រះរាជាព្រះនាម ធរណិន្ទ្រវរ្ម័ន ដែលជាព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ និងបួងសួងឱ្យព្រះមហាក្សត្រជំនាន់ក្រោយ ដែលបានជួយថែរក្សាសំណង់ព្រះពុទ្ធសានា ដែលមានទាសាទាសីចំនួន ៣០៦,៣៧២នាក់ សូមឱ្យទទួលផលបុណ្យគ្រប់ៗគ្នា[]។ខ្លឹមសារសិលាចារឹកបានឱ្យដឹងថា មានសាលាសំណាក់ដែលមានភ្លើងបំភ្លឺចំនួន ១២១ត្រូវបានកសាងតាមផ្លូវទូទាំងអាណាចក្រក្នុងនោះមាន៖

  1. ចំនួន ៥៧សាលាសំណាក់ ពីក្រុងអង្គរទីរាជធានីប្រទេសចាម្ប៉ា(ផាន់រ៉ាង ឬវិជ័យ)
  2. ចំនួន ១៧សាលាសំណាក់ ពីរាជធានីអង្គរទៅប្រាសាទភីម៉ៃនៅលើភ្នំកូរ៉ាត
  3. ចំនួន ៤៤សាលាសំណាក់ ស្ថិតនៅតាមផ្លូវផ្សេងៗទៀត ដែលគេមិនដឹងទីកន្លែងពិតប្រាកដ
  4. សាលាសំណាក់មួយនៅលើភ្នំជីសូរ និងពីរទៀតនៅមានភាពស្រពិចស្រពិលនៅឡើយ។

ចម្ងាយពីសាលាសំណក់មួយទៅសាលាសំណាក់មួយទៀតមានប្រវែង ១២ទៅ១៥គីឡូម៉ែត្រ ដែលត្រូវប្រើប្រាស់ពេលប្រហែលជា ៤ទៅ៥ម៉ោងដើរដោយថ្មើរជើង។ គេបានសម្គាល់បានចំនួន ៨ក្នុងចំណោម១៧ ដែលស្ថិតនៅតាមផ្លូវពីរាជធានីអង្គរទៅភីម៉ៃ បឹងមាលា តាព្រហ្ម និងបន្ទាយឆ្មារ[]។ សិលាចារឹកនៃប្រាសាទព្រះខ័នមានការរៀបរាប់ពីទីក្រុងដ៏រីចម្រើនដ៏ជឿនលឿនមួយ ដែលផ្តោតទៅលើសកម្មភាពសាសនា និងសេចក្តិត្រូវការនៃប្រាសាទនេះ ដង្វាយត្រូវបានរៀបចំសម្រាប់អាទិទេពហើយកម្រងផ្កាត្រូវបានលម្អសម្រាប់អាទិទេពទាំងនេះទៀតផង។ ម្ហូបអាហារត្រូវបានផ្គតផ្គង់ហើយនៅតាមខ្លោងទ្វារតែងមានអ្នកយាម និងមានក្រុមរបាំរាប់ពាន់នាកសម្តែងនៅប្រាសាទនេះ[]

ប្រាសាទដាវទេព

កែប្រែ

ប្រាសាទព្រះខ័ន និងទីក្រុងនៅជុំវិញ ត្រូវបានប្រសិទ្ធិនាមឡើង ដើម្បីឆ្លុះបញ្ចាំងពីភាពអស្ចារ្យនៃប្រាសាទនេះ។ ព្រះខ័នមានន័យថាដាវទេពជាភាសាខ្មែរជាពាក្យមួយនិយាយសំដៅដល់ជ័យជំនះរបស់ព្រះបាទជ័យវរ្ម័នទី៧ លើពួកជ្វាឈ្លានពានត្រង់ចំណុចនេះ។ ការប្រយុទ្ធគ្នានិងស្ទឹងឈាមនៃការប្រយុទ្ធគ្នានេះ ត្រូវបានចារលើសសរធ្វើអំពីថ្មភក់ ឬសិលាចារឹកដែលត្រូវបានរកឃើញនៅឆ្នាំ១៩៣៩នៅប្រាសាទនេះ។ សិលាចារឹកនេះក៏បានរៀបរាប់ផងដែរ អំពីប្រវត្តិសាស្រ្តដំបូងនៃប្រាសាទនេះ និងការប្រតិបត្តិសាសនាប្រចាំថ្ងៃនៃទីក្រុងនេះ[]

ការផ្លាស់ប្តូរសាសនា

កែប្រែ

ប្រាសាទមានការផ្លាស់ប្តូរជាបន្តបន្ទាប់ដោយបន្ថែមនូវទ្រង់ទ្រាយ និងការបាត់បង់នៃការតុបតែងលម្អទៅតាមពេលវេលា។ ជាក់ស្តែងប្រាសាទព្រះខ័នក៏បានទទួលរងនូវការផ្លាស់ប្តូរដែរ នៅក្នុងការផ្លាស់ប្តូរដ៏ធំពីព្រះពុទ្ធសាសនាទៅព្រហ្មញ្ញសាសនាបន្ទាប់ការសោយទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ នៅដើមសតវត្សទី១៣។ ចម្លាក់បែបព្រះពុទ្ធសាសនាត្រូវបានគេលុបបំបាត់ចោលហើយជួនកាលត្រូវដាកជំនួសចម្លាក់រូបតាបសហិណ្ឌូកំពង់ធ្វើសមាធិវិញ។ ការប្រែប្រួលនៃពេលវេលាបានបន្សល់ទុកតែផ្នែកសំខាន់ៗនៃប្រាសាទ ដែលជាទីសក្ការៈបំផុត ហើយត្រូវបានសម្អិតសម្អាងជាចម្លាក់ដ៏សម្បូរបែបនិងក្បាច់តែប៉ុណ្ណោះ។ ការផ្លាស់ប្តូរទ្រង់ទ្រាយសាសនាធ្វើឱ្យមានការប្រែប្រួលទ្រង់ទ្រាយប្រាសាទព្រះខ័នយ៉ាងខ្លាំង ប៉ុន្តែកត្តាសេដ្ឋកិច្ច និងបរិយាកាសសង្គមផ្សេងៗបាននាំទីក្រុងនេះទៅរកឱនភាព។ យុទ្ធនាការកសាងដ៏ធំរបស់ព្រះបាទជ័យវរ្ម័នទី៧បានធ្វើឱ្យអាណាចក្រទាំងមូលបាត់បង់ធនធាន ចំណែកប្រព័ន្ធទឹកស្មុកស្មាញរបស់ទ្រង់ទៅជាប្រើមិនកើត និងគ្មាននិរន្តរភាពផ្នែកបរិស្ថាន។ មកដល់សតវត្សរ៍ទី១៥ អង្គរត្រូវបានបោះបង់ចោលទាំងស្រុង[]

ទេវកថា

កែប្រែ

រូបចម្លាក់នៅប្រាសាទព្រះខ័នមានលក្ខណៈរស់រវើកបង្កប់ដោយនិមិត្តរូបដ៏ពិសិដ្ឋ។ ភស្តុងតាងនៃជំនឿអំពីកកើតលោកបានកំណត់អំពីទម្រង់អរិយធម៌ខ្មែរឃើញមាននៅគ្រប់ទីកន្លែងនៃប្រាសាទព្រះខ័ន និងប្រាសាទដទៃទៀតនៅក្នុងរាជធានីក្រុងអង្គរធំ។ នៅតាមស្ពានខាងកើតឆ្លងកសិណទឹកមានទេវតា(ឆ្លាក់ជារូបអ្នកប្រយុទ្ធ) និងរូបអសុរា(យក្ស)ប្រឡូកក្នុងសង្គ្រាមកូរសមុទ្រទឹកដោះដោយទាញពស់នាគរាជ។ នាគរាជ ឬស្តេចពស់ជានិមិត្តរូបនៃស្ពានរវាងឋានសួគ៌ នឹងផែនដី ដូច្នោះហើយបានជាលេចរូបរាងឡើងនៅលើបង្កាន់ដៃនៃស្ពានដើរទៅកាន់ប្រាសាទ។ នៅព័ន្ធជុំវិញប្រាសាទព្រះខ័នមានកំពែងខាងក្រៅមានរូបគ្រុឌចំនួន ៧២ឈរយាមការពារទីក្រុងទាំងមូល។ រូបមានលក្ខណៈពាក់កណ្តាលមនុស្សពាក់កណ្តាលជាបក្សីដ៏ធំអស្ចារ្យនៅក្នុងទេវកថាព្រហ្មញ្ញសាសនាទាំងនេះជាអ្នកឈ្នះនាគរាជហើយនៅក្នុងរឿងព្រេងជាច្រើននិទានថាបានលើកប្រាសាទព្រះខ័នទៅឋានសួគ៌ប្រៀបដូចជាទីក្រុងហោះ។ អ្នករបាំនៅលើចម្លាក់ជាប់ជញ្ជាំងទាំងនេះគឺជាអប្សរា ឬស្រីសួគ៌។ របាំមានសារៈសំខាន់ណាស់នៅក្នុងពិធីបដិសណ្ឋារកិច្ចនៅសម័យក្រោយការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧។ មានស្រ្តីរបាំរាប់ពាន់់នាក់សម្រាប់សម្តែងជាទៀងទាត់នៅក្នុងពិធីផ្សេងៗនៅក្នុងប្រាសាទព្រះខ័ន[]


រូបភាព

កែប្រែ

ឯកសារយោង

កែប្រែ
  1. សៀវភៅមគ្គុទេ្ទសក៍អាណាចក្រអង្គរភាគ២ របស់លោក ហែម សោភ័ន្ត បោះពុម្ពលើកដំបូងឆ្នាំ២០១៥ ទំព័រទី១៨២ និងទំព័រទី១៨៣។
  2. សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក កែវ ភួង
  3. អន រស្មី ឆ្នាំ២០១០ ទំព័រទី២៨២-២៨៣។
  4. លោក ហ្សក សឺដែស ឆ្នាំ១៩៤៧ ទំព័រទី១១៣-១១៤។
  5. មជ្ឈមណ្ឌលព័ត៌មាននៅក្បែរប្រាសាទព្រះខ័ន
  6. មជ្ឈមណ្ឌលព័ត៌មាននៅក្បែរប្រាសាទព្រះខ័ន
  7. មជ្ឈមណ្ឌលព័ត៌មាននៅក្បែរប្រាសាទព្រះខ័ន
  8. មជ្ឈមណ្ឌលព័ត៌មាននៅក្បែរប្រាសាទព្រះខ័ន