ប្រាសាទព្រះធាតុទឹកឆា
ឈ្មោះ: | |
---|---|
អ្នកកសាង: | ព្រះបាទសូរ្យវរ្ម័នទី១ |
កាលបរិច្ឆេទកសាង: | ឆ្នាំ១០២៥នៃគ.ស |
ឧទ្ទិសថ្វាយ: | ព្រះសិវៈ |
ស្ថាបត្យកម្ម: | រចនាបថខ្មែរ |
ទីតាំង: | ភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម |
ប្រវត្តិប្រាសាទ
កែប្រែមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម បានដាក់សំណើទៅក្រសួងដើម្បីសុំជួសជុលប្រាសាទព្រះធាតុទឹកឆា ស្ថិតនៅក្នុងឃុំក្រូច ស្រុកព្រៃឈរ ដែលបាន និងកំពុងរងការប្រេះស្រាំពុកផុយ និងស្រុតនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីសង្គ្រោះ និងលើកសម្រស់ប្រាសាទមួយនេះឡើងវិញ។ លោក ជួន សុផាត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាមបានឲ្យដឹងថា ខាងមន្ទីរបានដាក់សំណើសុំជួសជុល ប្រាសាទព្រះធាតុទឹកឆា ទៅកាន់នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួចហើយ។ ប្រធានមន្ទីរ បានឲ្យដឹងថា ប្រាសាទព្រះធាតុទឹកឆាបានសាងសង់ក្នុងរជ្ជកាលព្រះបាទ សូរ្យវម៌្មទី១ (វរ័្មន) នៃគ្រឹស្តសករាជ១០២៥។ មានទទឹងប្រវែង៧,៣០ម៉ែត្រ បណ្តោយប្រវែង ៧,៨០ម៉ែត្រ និងកម្ពស់១០ម៉ែត្រ។ ជាប្រាសាទសង់ពីដីឥដ្ឋ ដែលមានទំហំធំជាងគេក្នុងចំណោមប្រាសាទចំនួនជាង៣០កន្លែង ដទៃផ្សេងទៀតដែលបានសាងសង់ដំណាលៗគ្នា លើផ្ទៃដីទំហំ១៥ហិកតា នៃតំបន់ទឹកឆា ស្រុកព្រៃឈរ ដែលមានចម្ងាយជាង៤០គីឡូម៉ែត្រ ពីក្រុងកំពង់ចាម។ លោក ថាំង ធាម ជាឆ្មាំប្រាសាទព្រះធាតុទឹកឆា បានឲ្យដឹងដែរថា នៅតំបន់ទឹកឆា មានប្រាសាទ និងស្រះទឹកបុរាណជាច្រើនកន្លែង ដូចជាប្រាសាទស្រី ប្រាសាទប្រុស ប្រាសាទស្រីគ្រប់លក្ខណ៍...ជាដើម។ ប៉ុន្តែប្រាសាទទាំងនោះបានបាក់បែក ជ្រុះធ្លាក់រាយប៉ាយសល់តែបំណែកថ្ម និងតួប្រាសាទមួយចំនួនប៉ុណ្ណេះ។ ដោយឡែកមានតែប្រាសាទព្រះធាតុទឹកឆានេះ ដែលនៅល្អជាងប្រាសាទផ្សេងទៀត ហើយតែងមានភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តជាប្រចាំនាថ្ងៃបុណ្យទាន។ ប្រាសាទព្រះធាតុទឹកឆា ហាក់ដូចជាបានស្រុតគ្រឹះតួប្រាសាទទាំងមូលក្នុងមួយឆ្នាំប្រហែល០.០៣ម៉ែត្រ។ ដោយសព្វថ្ងៃខុសនឹងគ្រឹះចាស់ដើមប្រមាណ០.៣០ម៉ែត្រ គឺបណ្តាលពីដំបូលបានជួសជុលតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ បានប្រេះ ទឹកភ្លៀងលិចជ្រាបចូលក្នុងប្រាសាទ និងម្យ៉ាងតួប្រាសាទក៏បានរងនូវការប្រេះស្រាំដោយសារការទម្លាក់គ្រាប់បែកតាំងពីសម័យសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ផងដែរ[១]។ ប្រាសាទព្រះធាតុទឹកឆា សាងសង់ក្នុងរាជព្រះបាទសូរ្យវម្ម៌ទេវៈទី១ (គ.ស.១០២៥) ប្រាសាទព្រះធាតុទឹកឆា មានទីតាំងស្ថិតនៅចន្លោះភូមិពីរជាប់គ្នា គឺភូមិថ្មដា ឃុំបឹងណាយ និងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ មានចម្ងាយ៣៩គ.ម ពីទីរួមខេត្តកំពង់ចាម ចូលពីផ្លូវជាតិ ១៣គ.ម ត្រង់ភូមិក្រូច ត្រូវបែក ចេញពីផ្លូវខេត្តបត់ទៅស្តាំតាមផ្លូវសសៀរបណ្តោយប្រឡាយទឹក៥គ.ម.ទៀត ទើបដល់ប្រាសាទព្រះធាតុទឹកឆា នេះ។
សិលាចារឹក
កែប្រែពាក្យ ទឹកឆា នេះទៀត ក៏ពុំមែនជាពាក្យទើបតែបង្កើតថ្មីដែរ គឺមានតាំងពីយូរណាស់ហើយ ទើបបានជាមានជាប់ហៅនៅក្នុងសៀវភៅ «សិលាចារឹកនៅប្រទេសកម្ពុជា» របស់លោក ហ្ស-សឺដែស [២] សរសេរកំណត់ឈ្មោះកន្លែងនេះថា «វត្តព្រះធាតុនៅទឹកឆា» (Vat Parh That de Tuk-C’a) ។ ដើម្បីនឹងយកជាសំអាង យើងតោងតែងនិយាយតាមសិលាចារឹកមួយ ដែលអ្នកស្រាវជ្រាវបានរកឃើញ ហើយនាំមកតម្កល់ទុកនៅសារមន្ទីរជាតិ នាក្រុងភ្នំពេញសព្វថ្ងៃ ។ សិលាចារឹកនេះ នៅមានរូបរាងល្អស្អាត អក្សរនៅច្បាស់ ជាបន្ទះក្រាស់ កម្ពស់ ១ ម៉ែត្រ (មិនគិតជើងតម្កល់) ទទឹងមុខ ០.៥០ម៉ែត្រកំពូលលើ មានឆ្លាក់ជារូប ព្រះគណេស ។ អក្សរចារឹកមានទាំងសងខាង គឺម្ខាងមាន ២៣ បន្ទាត់ ជាភាសាសំស្ក្រឹត និងម្ខាងទៀតមាន ១៦ បន្ទាត់ ជាភាសាខ្មែរ ។ សេចក្ដីក្នុងសិលាចារឹកនេះហើយ ជាទ្វារបើកចំហរ ឲ្យយើងមើលផ្លូវឃើញនូវប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ នៃទីកន្លែងនេះ។ សិលាចារឹកឲ្យការណ៍ថា ទីកន្លែងនេះកសាងឡើងតាំងពីមហាសករាជ ៩៤៧ ស័ក (គ.ស. ១០២៥) ក្នុងរជ្ជកាលព្រះបាទសូរ្យរម៌្មទី ១ ។ កាលនោះព្រះរាជា ទ្រង់ទទួលប្រោសព្រះរាជទានតាមសេចក្ដីក្រាបបង្គំទូលស្នើរអំពី អ្នកប្រាជ្ញម្នាក់ឈ្មោះ «ជង្ឃាល» ហើយដែលមានសន្មតនាមមួយទៀតថា លក្ស្មិន្ទ្របណ្ឌិត ។ លោក ជង្ឃាល បានរកឃើញទីដីមួយកន្លែងក្នុងតំបន់មួយហៅថា សិទ្ធិបុរ (ត្រង់កន្លែងទឹកឆាសព្វថ្ងៃ) មានទំនងស្រឡះល្អ ក៏ទូលស្នើចំពោះព្រះរាជាសុំទីនេះធ្វើជាអារាមសម្រាប់ធ្វើសក្ការបូជាចំពោះសាសនាព្រាហ្មណ៍ ដោយថ្វាយទាំងសេចក្ដីព្រាងសព្វគ្រប់ សម្រាប់រៀបចំកន្លែងនេះទុកជាស្នាដៃដ៏សំខាន់ផង ។ គ្រានោះ ព្រះបាទសូរ្យរម៌្មទី ១ ព្រះអង្គទ្រង់ប្រោសព្រះរាជានុញ្ញាត តាមសេចក្ដីសុំព្រមទាំងប្រទាននូវទ្រព្យសម្បត្តិជាច្រើនទៀត ដើម្បីជាមធ្យោបាយក្នុងការកសាងនេះផង ។ បណ្ឌិតជង្ឃាល ឬ លក្ស្មិន្ទ្របណ្ឌិត ចាប់ធ្វើកិច្ចការស្ថាបនានេះឡើង តាមកម្លាំងព្រះរាជទ្រព្យ និងតាមប្រាជ្ញារបស់លោកក្នុងការបញ្ចុះបញ្ចូលរកជំនួយអំពីអ្នកស្រុក លុះត្រាតែបានហើយស្រេចសព្វគ្រប់តាមគម្រោងដែលដាក់ថ្វាយព្រះរាជាទ្រង់ទត ។ នៅក្នុងប្រាសាទធំ មានតម្កល់សិវលិង្គមួយនៅកណ្ដាលសន្មតនាមលិង្គនោះថា «ស្រីភទ្រេស្វរៈ» និងទេវរូបពីរអមសងខាង មួយមាននាមថា «បរមេស្វរៈ» មួយទៀតថា«សរស្វតិ» ។ ចំពីមុខ ទិសខាងកើត មានគុហាមួយទៀតជាទេវស្ថានមានទំហំតូច ដែលសព្វថ្ងៃយើងឃើញបាក់ធ្លាក់ថ្មគរជាគំនរកប់ក្នុងព្រៃក្បែរប្រឡាយទឹកជ្រោះ មានតែស៊ុមទ្វារមួយនៅសល់គ្រាន់ជាការបង្ហាញហេតុ តែប៉ុណ្ណោះ ។ ស្ថាបត្យករបានចាត់ការជីកស្រះមួយយ៉ាងធំទូលាយ នៅចំហៀងខាងស្ដាំនៃប្រាសាទឲ្យឈ្មោះថា «លក្ស្មិន្ទ្រដាក» ហើយប្រតិស្ថានលិង្គមាសមួយ តម្កល់នៅកណ្ដាលស្រះផង ។ ព័ទ្ធជុំវិញនៃទីបរិវេណនេះមានការរៀបចំបានជាស្រុកភូមិមួយ យ៉ាងស្ដុកស្ដម្ភ ដោយប្រជុំអ្នកស្រុកជិតខាងឲ្យមករស់នៅជួបជុំកុះករគ្នាឡើងក្នុងសម័យនោះ ។ ដូច្នេះ បរិយាកាសក្រុងថ្មីនេះឯង ក៏បានជាសភាពអ៊ូអរឡើង ។ ក្រោយដែលរៀបចំរួចស្រេច លក្ស្មិន្ទ្របណ្ឌិត បាននាំព័ត៌មានចូលក្រាបបង្គំទូល ព្រះបាទសូរ្យរម៌្មទី ១ ព្រះអង្គក៏ទ្រង់ស្ដេចយាងប្រារព្ធពិធីសម្ពោធទីកន្លែងនេះយ៉ាងមហោឡារិក នៅក្នុងឆ្នាំ ៩៤៧ ស័ក (គ. ស. ១០២៥) ដែលយើងចង្អុលម្ដងមកហើយពីខាងលើ ។ ក្នុងព្រះរាជពិធីសម្ពោធនេះ ព្រះរាជាទ្រង់ប្រោសប្រទាននូវធនធានជា ប្រដាប់ប្រើប្រាស់, ពួកពលព្រះ ២៩ នាក់ ដីស្រែនៅជុំវិញប្រាសាទ និងស្រះទឹកនេះទាំងអស់ ព្រមទាំងទីលានធំៗ សម្រាប់ប្រកបពិធី ឬជាគ្រឿងលំអ, ទុកជាទ្រព្យផ្ទាល់នៃគុហានេះផង ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានប្រោសព្រះរាជទាននាមទីកន្លែងនេះថា «លក្ស្មិន្ទ្របថ» ដោយនិយមតាមនាមបណ្ឌិតអ្នកកសាង។ សេចក្ដីហូរហែដូចអធិប្បាយមកនេះហើយ ជាប្រវត្តិដើមនៃប្រាសាទ និងទីកន្លែងទឹកឆា[៣]។
ឯកសារយោង
កែប្រែ- ↑ ដកស្រង់ពី www.rasmeinews.com
- ↑ (Inscription du Cambodge par G. Cœdès)
- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2019-03-18. Retrieved 2018-12-07.