ផ្លូវទឹកកម្ពុជា

លក្ខណៈអាកាសធាតុ និងសណ្ឋានដីនៃប្រទេសកម្ពុជា នាំឲ្យប្រទេសកម្ពុជាសម្បូរផ្លូវទឹក ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ផ្លូវទឹកប្រទេសកម្ពុជាចែកចេញជាបីក្រុម៖

ប្រព័ន្ធទន្លេមេគង្គ កែប្រែ

ប្រព័ន្ធទន្លេមេគង្គជាផ្លូវនាវាចរណ៍ដ៏សំខាន់។ ទឹកហូរពីតំបន់ខ្ពង់រាបទីបេប្រទេសចិនតែងនាំមកនូវដីល្បាប់ដ៏មានជីជាតិ សម្រាប់ដាំដំណាំនានា ហើយពេលទឹកស្រកវាជាកន្លែងនេសាទដ៏សកម្ម។ ប្រព័ន្ធនេះជាប្រភពផ្ដល់ទឹកសម្រាប់បញ្ចូលស្រែចំការ និងអាចទាញយកថាមពលវារីអគ្គិសនីបានថែមទៀត ដូចជានៅល្បាក់ខោន និងស្ទឹងព្រែកត្នោតជាដើម។
ប្រព័ន្ធទន្លេមេគង្គ មានតួទន្លេមេគង្គ ទន្លេបាសាក់ ទន្លេតូច និងដៃរបស់វា។

ទន្លេមេគង្គ កែប្រែ

ទន្លេមេគង្គ មានប្រភពនៅខ្ពង់រាបទីបេ ហើយហូរចាក់ទៅក្នុងសមុទ្រចិនខាងត្បូង (ប្រវែងសរុប៤២០០គីឡូម៉ែត)។ នៅលើទឹកដីកម្ពុជា ទន្លេនេះមានប្រវែង៥០០គីឡូម៉ែត ដោយហូរកាត់ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កណ្ដាល និងព្រៃវែង
ទន្លេនេះមានរបបទឹកទៀងទាត់ណាស់ គឺរដូវទឹកតម្លើងផ្ដើមពីខែមិថុនា ដល់តុលា ហើយរដូវទឹកសម្រកផ្ដើមពីខែវិច្ឆិកា ដល់ឧសភា។

ទន្លេតូច កែប្រែ

បែកចេញពីទន្លេមេគង្គលើ ត្រង់ពាមប្រធ្នស់(កំពង់ចាម) រួចមកភ្ជាប់ ទន្លេមេគង្គក្រោម វិញត្រង់ពាមរក៍(ព្រៃវែង)។ ទន្លេនេះមានបណ្ដោយ១០០គីឡូម៉ែត។

ទន្លេបាសាក់ កែប្រែ

ទន្លេបាសាក់ហូរកាត់ទីក្រុងតាខ្មៅ មានបណ្ដោយ១០០គីឡូម៉ែត គិតពីភ្នំពេញ ដល់ព្រំដែនវៀតណាម។ ដៃសំខាន់ៗរបស់វា ស្ទឹងព្រែកត្នោត និងស្ទឹងតាកែវ

ប្រព័ន្ធទន្លេសាប កែប្រែ

ប្រព័ន្ធទន្លេសាបមាន ទន្លេសាប បឹងទន្លេសាប និងដៃរបស់វា។
ទន្លេសាបមានប្រវែងប្រហែល១០០គីឡូម៉ែត គិតពីភ្នំពេញដល់ទីរួមខេត្តកំពង់ឆ្នាំង។ វាប្រៀបបានជាព្រែកមួយដ៏ធំសម្រាប់នាំទឹកទន្លេមេគង្គទៅចាក់ក្នុងបឹងទន្លេសាប(រដូវវស្សា) និងហូរនាំទឹកត្រឡប់មកកាន់ទន្លេមេគង្គវិញ(រដូវប្រាំង)។
នៅរដូវប្រាំងបឹងទន្លេសាបមានរាងដូចជាវីយ៉ូឡុង និងមានបណ្ដោយប្រហែល១៥០គីឡូម៉ែត ទទឹងមធ្យម៣២គីឡូម៉ែត និងផ្ទៃ៣០០០គីឡូម៉ែតការេ ហើយនៅរដូវវស្សា វាមានទិដ្ឋភាពដូចជាកូនសមុទ្រមួយដែលមានផ្ទៃប្រមាណ១០០០០គីឡូម៉ែតការេ។
ប្រព័ន្ធនេះបង្កើតបានជាផ្លូវនាវាចរណ៍ដ៏សំខាន់។ បឹងទន្លេសាប ជាអាងស្រូបយកទឹកទន្លេមេគង្គ មិនឲ្យទំនាបកណ្ដាលទទួលការលិចលង់ខ្លាំង និងជាជង្រុកត្រីដ៏ធំបំផុតរបស់ប្រទេសយើង។

ក្រុមផ្លូវទឹកតាមមាត់សមុទ្រ កែប្រែ

ក្រុមផ្លូវទឹកតាមមាត់សមុទ្រមានលក្ខណៈជារបបទឹកជ្រោះ ព្រោះវាមានប្រភពនៅតាមភ្នំខ្ពស់ៗ នៃជួរភ្នំក្រវាញ ហើយបណ្ដោយខ្លីថែមទៀត។
ផ្លូវទឹកទាំងអស់នេះពុំសូវមានសារៈសំខាន់ប៉ុន្មានទេ ចំពោះវិស័យនាវាចរណ៍។ ប៉ុន្ដែវាជាប្រភពផ្ដល់ទឹកសាបដល់អ្នករស់នៅតំបន់ឆ្នេរ ផ្ដល់ទឹកសម្រាប់ស្រោចដំណាំ និងជាកន្លែងសម្រាប់ងូតទឹកកំសាន្ដ(ទឹកឈូ)។ គេអាចទាញយកថាមពលវារីអគ្គិសនីពីផ្លូវទឹកទាំងនោះ៕

ស្ថានីយជលសាស្ត្រ កែប្រែ

ឯកសារពិគ្រោះ កែប្រែ

  • សៀវភៅសិក្សាសង្គមថ្នាក់ទី៩ ក្រសួងអប់រំឆ្នាំ១៩៩៩