ពហុកីឡដ្ឋានជាតិអូឡាំពិក
ពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាពហុកីឡដ្ឋានរដ្ឋ មានទីតាំងនៅចំកណ្ដាលទីក្រុងភ្នំពេញ។ ពហុកីឡដ្ឋាននេះមានលទ្ឋភាពទទួលទស្សនិកជនបានប្រមាណ៥ម៉ឺននាក់ (ចំណុះអតិបរមា ៧មុឺននាក់)។ វាត្រូវបានគូរប្លង់ដោយលោក វណ្ណ មូលីវណ្ណ ដែកជាស្ថាបត្យករខ្មែរដ៏ល្បីមួយរូប។
ពហុកីឡដ្ឋានជាតិអូឡាំពិក | |
---|---|
ឈ្មោះពេញ | ពហុកីឡដ្ឋានជាតិអូឡាំពិក |
ទីតាំង | ភ្នំពេញ, កម្ពុជា |
កូអរដោនេ | 11°33′30.1″N 104°54′43.5″E / 11.558361°N 104.912083°E |
សាងសង់ | ១៩៦២ ដល់ ១៩៦៤ |
សម្ភោធ | ១៩៦៤ |
ជួសជុល | ២០០០ |
ម្ចាស់ | រដ្ឋ |
ប្រភេទផ្ទៃដី | ស្មៅសិប្បនិម្មិត |
ស្ថាបត្យករ | វណ្ណ មូលីវណ្ណ |
ម្ចាស់ផ្ទះក្រុម | ក្រុមកីឡាករជំរើសជាតិកម្ពុជា |
ចំនុះ | ៧០០០០ កៅអី |
ការស្ថាបនាពហុកីឡដ្ឋានជាតិបានចាប់ផ្ដើមនៅឆ្នាំ ១៩៦២ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (បច្ចុប្បន្នបានប្ដូរឈ្មោះជាកីឡាអាស៊ីអាគ្នេយ៍ ឬ ស៊ីហ្គេម (SEA Games)) នៅឆ្នាំ ១៩៦៣ ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានលុបចោលទៅវិញដោយសារបញ្ហានយោបាយនៅកម្ពុជា។ ពិធីសម្ពោធបានធ្វើឡើងនៅថ្ងៃទី ១២ ធ្នូ ១៩៦៤ ដំនាលគ្នានឹង បុរីកីឡាដែរ។ ពហុកីឡដ្ឋាននេះបានទទួលប្រារព្ឋការប្រកួតកីឡាហ្គានេហ្វូផងដែរ ចាប់ពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី៦ធ្នូ ១៩៦៦ ដោយអោយឈ្មោះព្រឹត្តិការណ៍នោះថា កីឡាហ្គានេហ្វូលើកទី១។ ពហុកីឡដ្ឋានជាតិត្រូវបានប្រើប្រាស់ជាកន្លែងទទួលស្វាគមន៍ប្រមុខរដ្ឋនៃបណ្ដាប្រទេសជាមិត្តមួយចំនួន ជាកន្លែងប្រារព្ឋពិធីផ្សេងៗរបស់រដ្ឋ និងជាកន្លែងហ្វឹកហ្វឺនក្រុមកីឡាករជម្រើសជាតិកម្ពុជា។
ពហុកីឡដ្ឋានបានរួមចំនែកតូចមួយក្នុងការប្រកួតជម្រុះរវាងកូរ៉េខាងជើងនិងអូស្ត្រាលី ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ ១៩៦៦ (1966 FIFA World Cup) ។ នៅពេលនោះ ទំនាក់ទំនងអន្តរជាតិរបស់កូរ៉េខាងជើងជាមួយប្រទេសភាគច្រើនមិនសូវល្អឡើយ ហើយជួបការលំបាកយ៉ាងខ្លាំងក្នុងការរកទីកន្លែងប្រកួតឲ្យបានសមស្រប។ ពេលនោះ ប្រមុខរដ្ឋសម្ដេចនរោត្តម សីហនុ ដែលជាមិត្តជាមួយមេដឹកនាំកូរ៉េខាងជើងគីម អ៊ីលស៊ុង បានស្នើថា ការប្រកួតនេះអាចធ្វើនៅភ្នំពេញបាន។ ការប្រកួតនេះប្រព្រឹត្តទៅ២ថ្ងៃ គឺនៅថ្ងៃទី ២១ វិច្ឆិកា ១៩៦៥ ដែលលទ្ឋផលអូស្ត្រាលីឈ្នះ៦ទល់១ និង នៅថ្ងៃទី ២៤ វិច្ឆិកា ១៩៦៥ ដែលកូរ៉េខាងជើងឈ្នះ៣ទល់១ ហើយបានទាក់ទាញទស្សនិកជនប្រមាណ៤ម៉ឺននាក់។
នៅសម័យខ្មែរក្រហម ពហុកីឡដ្ឋានជាតិ បានក្លាយជាគុកសម្រាប់មន្ត្រីរដ្ឋបាលនៅសម័យលន់ នល់។
ពហុកីឡដ្ឋានបានស្ថិតនៅក្នុងសភាពទ្រុឌទ្រោមរាប់ទសវត្សរ៍ក្រោយមករហូតដល់ឆ្នាំ២០០០។ ពហុកីឡដ្ឋានត្រូវបានអភិវឌ្ឍជួសជុលឡើងវិញដោយក្រុមហ៊ុន Yuanta Group របស់តៃវ៉ាន់។ ក្រុមហ៊ុនបានជួសជុលពហុកីឡដ្ឋាន តែបន្តសាងសង់ផ្ទះល្វែង និងស្តង់លក់ទំនិញនៅជុំវិញ នាំឲ្យទទួលការរិះគន់យ៉ាងខ្លាំងពីសាធារណជនទូទៅ។
នៅខែវិច្ឆិកានិងធ្នូ ឆ្នាំ២០០៧ អង្គការកីឡាបាល់ទះជនពិការពិភពលោក(World ParaVolley) បានប្រារព្ធការប្រកួតពានរង្វាន់ពិភពលោករបស់ខ្លួននៅពហុកីឡដ្ឋាននេះ។ នេះជាលើកទីមួយហើយដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំ ក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយនេះ។
ចាប់ពីឆ្នាំ២០០៧ ពហុកីឡដ្ឋានជាតិបានក្លាយជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋក្រុងភ្នំពេញ ដែលតែងតែមកហាត់ប្រាណ ក៏ដូចជាមកលេងកីឡាបាល់ទាត់ និងសកម្មភាពកីឡាផ្សេងៗទៀតជារៀងរាល់ថ្ងៃ។